ដឹង​អ្វី​ខ្លះ​ជុំ​វិញ​អ្នក​ប្រដាល់​ល្បី​​​ កែវ រំចង់ ?
Saiyok ជា​​​អ្នក​ប្រដាល់​ថៃ​​ដែល​មាន​កម្លាំង​ខ្លាំង​​និង​សម្បូរ​ស្នៀត​វាយ ពិសេស​​ការ​វាយ​​​កែង​ដោយ​មិន​សំចៃ​​យ៉ាង​​​​គ្រោះ​ថ្នាក់​តែ​ម្ដង​​។ ​ការ​វាយ​នៅ Thai Fight ជា​ច្រើន​ដង​ Saiyok ​តែង​តែ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ស្ទើរ​គ្រប់​​ប្រកួត​ ដូច្នេះ​ការ​​ដែល​​ កែវ រំចង់ របស់​​ខ្មែរ​ចូល​ទៅ​កាន់​រេញ Thai Fight ​លើក​ដំបូង​នេះ ​មុខ​តែ​នឹង​​​តាន​តឹង​ខ្លាំង​ ហើយ​ថា​មិន​ត្រូវ​ប្រសិន​បើ​ រំចង់ ហ៊ាន​តែ​ប្រហែស​ Saiyok ក្នុង​​ភាព​ជា​​ម្ចាស់​ទឹក​ដី​មុខ​តែ​នឹង​ផ្ដល់​មេរៀន​ជូរចត់​​ឲ្យ​ជា​​​មិន ​ខាន​​។
(រូបថត៖ ​FB, Khmer Boxing)
ក្នុង​ការ​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដើម្បី​យក​រង្វាន់​រថយន្ត​មួយ​គ្រឿង​​នៅ Thai Fight ​កាល​ថ្ងៃ​ទី​២២​ធ្នូ​កន្លង​ទៅ​ Saiyok ​បាន​បាត់បង់​​ជើង​ឯក​​ដោយ​ការ​ចាញ់​ Sudsakorn Sor Klinmee យ៉ាង​ប្រផុតប្រផើយ​ជា​ទី​បំផុត ពោល​​​ស្មើ​ពិន្ទុ​ក្រោយ​​ចប់​ការ​ប្រកួត​ដែល​​​វាយ​៣​​ទឹក តែ​​ត្រូវ​បាន​​អាជ្ញាកណ្ដាល​ប្រកាស​ឲ្យ​ចាញ់​ពិន្ទុ​​​ក្រោយ​​ប្រកួត​​​មួយ ​ទឹក​បន្ថែម។ ​ថ្វី​បើ​ Saiyok ​របូត​ជើង​ឯក​ក្រោម​​​ដៃ Sudsakhorn ​យ៉ាង​តានតឹង​ តែ​​បើ​ផ្អែក​លើ​​កំណត់ត្រា​វាយ​នៅ Thai Fight ​របស់​កំពូល​អ្នក​ប្រដាល់​ថៃ​ទាំង​ពីរ​នេះ​វិញ​ឃើញ​ថា Saiyok ​​ធ្វើ​បាន​​​ល្អ​​ជាង​ដោយ​សារ​​​ការ​ប្រកួត​ស្ទើរ​ទាំង​អស់​គឺ​បាន​ផ្ដួល​​ ដៃ​​គូ​បរទេស​ឲ្យ​ដួល​មុន​ចប់​ទឹក​ទី​បី ខណៈ​ដែល Sudsakhorn ​ភាគ​ច្រើន​អាច​ត្រឹម​​ឈ្នះ​ពិន្ទុ។ ​​ទន្ទឹម​នេះ​​ក្រុម​អ្នក​តាម​ដាន​ស្អិត​នឹង​ប្រដាល់​​ឲ្យ​ដឹង​ថា​​ថ្វី​បើ​ ​ Sudsakhorn ​​ជា​​ជើង​ឯក​ Thai Fight ​​មែន​តែ​បើ​​ឲ្យ​​ រំចង់ ជួប Sudsakhorn ​គឺ​ស្រួល​ខ្លួន​ជាង​ជួប Saiyok​​។
រី​ឯ​ កែវ រំចង់ នៅ​ Khmer Fighter ២​លើក​ចុង​ក្រោយ​​បាន​​ម៉ាត់​ផ្ដួល​កីឡាករ​​មក​ពី​ឡាត​វី Vitalijs Serbejs  ​នៅ​ទឹក​ទី​១ និង​បន្ត​ផ្ដួល​កីឡាករ​អាល្លឺម៉ង់​​ Saif Eddine Harnafi ក្នុង​ទឹក​ទី​២​នៅ​ខែ​បន្ទាប់ ដើម្បី​​ស្ដារ​មុខ​មាត់​មក​វិញ​នូវ​ការ​ចាញ់​​ចាញ់​ពិន្ទុ វង្ស ណយ ម្ដង​និង​​សន្លប់​ទឹក​ទី​២​ម្ដង​នៅ​ បាយ័ន​៕
(ប្រភពព័ត៌មានពី Sabay News)