​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ ​​យោធា​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ជិត​​របស់​ខ្លួន​ទៅ ​ក្នុង​សមុទ្រ​ខាងកើត​ (សមុទ្រ​ជប៉ុន)​ បើ​ទោះ​ជា​ស្ថានភាព​​​ភាព​តានតឹង​កំពុង​កើន​ឡើង​ក្រោយ​ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៣ ​របស់​ខ្លួន​ក៏​ដោយ។
យោធា ​មួយ​ក្រុម​របស់​កូរ៉េខាងជើង​​បាន​បាញ់​សាកល្បង​កាំជ្រួច​ប្រភេទ​ KN-02 ​ដែល​គេ​ប៉ាន់ស្មាន​ថា ​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ១២០ ​គ.ម។ ​
“ការ ​បាញ់​នេះ​ទំនង​ជា​ការ​សាកល្បង​សមត្ថភាព​កាំជ្រួច​ចម្ងាយ​ជិត​របស់​គេ [កូរ៉េខាងជើង]។ ​​សកម្មភាព​នេះ​ធ្វើ​ឡើង​ក្នុង​កម្រិត​យោធា​មួយ​ក្រុម​ប៉ុណ្ណោះ ​មិន​មែន​កម្រិត​ជាតិ​នោះ​ទេ។” ​​នេះ​ជា​សម្ដី​របស់​ប្រភព​យោធា​ក្រុង​សេអ៊ូល​​ដែល​ចុះ​ផ្សាយ​ដោយ​ សារព័ត៌មាន​កូរ៉េខាងត្បូង។
ការ​បាញ់​​សាកល្បង​កាំភ្លើង​ធំ​​របស់​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​ទី ២៦ ​កុម្ភៈ​កន្លង​ទៅ
ការ ​ធ្វើ​តេស្ត​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ដំណើរ​ទស្សនកិច្ច​មើល​ការ​សាកល្បង ​កាំភ្លើង​ធំ​​គ្រាប់​ពិត​ពី​សំណាក់​មេដឹកនាំ​វ័យក្មេង​ក្រុង​ព្យុងយ៉ាង ​គីម ជុងអ៊ុន ​នៅ​ក្បែរ​ព្រំដែន​ជម្លោះ​ជាមួយ​កូរ៉េខាងត្បូង​គឺ ​សមុទ្រ​លឿង។
​​មុន​នេះ ​កូរ៉េខាងជើង​បាន​គំរាម​​​បង្កាត់​ភ្លើង​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ជា​លើក​ទី​ ពីរ​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ​​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​​នា​ ពេល​ថ្មីៗ​មក​លើ​ខ្លួន ​និង​សមយុទ្ធ​យោធា​រួម​គ្នា​របស់​អាមេរិក-កូរ៉េខាងត្បូង។
​ ទោះ​ជា​មាន​ការ​គំរាមកំហែង​បែប​នេះ ​ក៏​ស្ថានភាព​រវាង​សត្រូវ​ចាស់​វស្សា​ទាំង​ពីរ​​នៅ​ស្ងប់ស្ងាត់ ​ខណៈ​ដែល​ក្រុង​សេអ៊ូល​ថា ​នោះ​គ្រាន់​ជា​​ការ​ដាក់​សម្ពាធ​ចិត្តសាស្ត្រ​ពី​ទីក្រុង​ព្យុងយ៉ាង​មក​លើ​ ខ្លួន​ប៉ុណ្ណោះ។
​ក្រឡេក​មើល ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ពន្ធភាព​របស់​កូរ៉េខាងត្បូង​វិញ​ក៏​មាន​ការ​ បារម្ភ​ពី​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​ដូច​គ្នា។ ​​ព័ត៌មាន​ក្ដៅៗ​ ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ CNN ​ថា ​​លោក ​Chuck Hagel ​​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បាន​ ប្រកាស​គម្រោង​បង្កើន​ខែល​ការពារ​មីស៊ីល​​ ១៤ ​បន្ថែម​ទៀត​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០១៧៕