អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, May 29, 2013

វត្ត​បូព៌​អាយុ​ជិត​ ៣០០​ឆ្នាំ​​​​ Trackback

ស្ថិត​ក្នុង​ទឹក​ដី​​​​ខេត្ត​សៀមរាប ​​​មើល​ជញ្ជាំង​ខាង​ក្រៅ​ នៃ​​​​​ព្រះ​វិហារ​វត្ត​បូព៌​​​​ មាន​សភាព​ទ្រុឌទ្រោម​​​បន្តិច​ ដោយ​សារ​តែ​​​​ព្រះវិហារ​មួយ​នេះ ​មាន​អាយុ​កាល​ជិត​ ៣០០​ឆ្នាំ​ទៅ​ហើយ​។ ទោះ​ជា​យ៉ាង​​នេះ​ក្ដី ​​​​ទាំង​​ភ្ញៀវទេសចរ​​ជាតិ​ និង​អន្តរជាតិ​ ​មិន​ដែល​​​រំលង​​ព្រះវិហារ​នេះ​ឡើយ​ ពោល​គឺ​គេ​​ចូល​​​ទស្សនាមិនលស់​ថ្ងៃ​ទេ។
ព្រះវិហារ សាលាឆាន់ វត្ត​បូព៌​ បាន​កសាង​ឡើង​ក្នុង​កំឡុង​សតវត្ស​ទី​១៩។​ ​​ផ្នែក​ខ្លះ​នៃ​ព្រះវិហារ​​​បាន​ប្រេះ​​បែក ​និង​ទ្រុឌ​ទ្រោម​ជាច្រើនកន្លែង ហើយ​ចេតិយ​មួយ​ចំនួន​ក្នុងវត្តក៏​មាន​អាយុ​ប្រហាក់​ប្រហែល​នឹង​ព្រះវិហារដែរ ​ហើយ​មាន​​​​ចេតិយ​ខ្លះ​បាក់​បែក​កំពូល​អស់​នៅ​សល់​តែ​ខឿន​​ប៉ុណ្ណោះ។
វត្ត​បូព៌​​ មាន​ទីតាំង​នៅ​ទិស​​ខាង​កើត​​ ​នៃ​ស្ទឹង​សៀម​រាប​ ស្ថិត​តាម​បណ្ដោយ​​​ផ្លូវ​សម្តេច​ទេព​វង្ស។
ព្រះវិហារវត្តបូព៌

សាលាឆាន់ វត្តបូព៌

ចង់​ប្រើ Khmer Unicode លើ Photoshop មានអី​ពិបាក! Trackback

កន្លង ​ទៅ​នេះ មាន​ប្រិយមិត្ត​ជា​ច្រើន​មាន​ចម្ងល់​ និង​បាន​សាកសួរ​ជុំវិញ​ការ​ប្រើអក្សរ​ខ្មែរ Khmer Unicode នៅ​លើ Photoshop។ ជា​ការ​ការ​ឆ្លើយតប​តាម​សំណូម​ពរ​ ដូច្នេះ​នៅ​ទំព័រ​នេះ​ Sabay នឹង​លើ​ក​ពី​វិធីសាស្រ្ត​ក្នុង​ការ​​ប្រើប្រាស់​ពុម្ព​អក្សរ Khmer Unicode ទៅ​លើ​កម្មវិធី Photoshop មក​ធ្វើ​ការ​បង្ហាញ​ជូន​ដូច​ត​ទៅ។
ដើម្បី ​វាយ Khmer Unicode នៅ​លើ Photoshop ពេញ​ដៃ​ពេញ​ជើង ត្រូវ​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​ចាប់​ផ្ដើម​ដោយ KH ឬ Nida ជា​មុន​សិន។
តែ​ប្រសិន​ពុំ​ទាន់​មាន​ទេ ប្រិយមិត្ត​អាច​ទាញ​យក​បាន​ក្នុង​ទំហំ​ត្រឹមតែ 4.48MB ប៉ុណ្ណោះ។ ដើម្បី​ទាញ​យក សូមចុច​ត្រង់​នេះ
+ របៀប​ដំឡើង៖
  • - ក្រោយ​ពី​ទាញ​យក​រួច ត្រូវ​ដំឡើង font ទាំង​នោះ​ដោយ​ចុច mouse ស្ដាំ​រួច​រើស​យក​ពាក្យ​ថា Install ឬ​មាន​វិធី​ម្យ៉ាង​ទៀត​ដោយ​ចម្លង (copy) ឯកសារ (font) ទាំង​អស់​​នោះ​ទៅ​ទុក​ក្នុង “C:\Windows\Fonts”។
  • - បន្ទាប់​ពី​បាន​ធ្វើ​តាម​ជំហាន​ខាង​លើ​ហើយ សូម​បើក​កម្មវិធី Photoshop ឡើង រួច​សាកល្បង​វាយ​បញ្ចូល​អក្សរ​ដោយ​រើស​យក​ឈ្មោះ font ដែល​បាន​ដំឡើង​នោះ។
  • ដោយ​ឡែក​សម្រាប់​កម្មវិធី Adobe Photoshop CS 6 វិញ​ពុំ​ចាំបាច់​ធ្វើ​ដូច្នោះ​ឡើយ គឺ​​គ្រាន់​តែ​ចុច​ទៅ​លើ​​ម៉ឺនុយ Edit -> Preference -> Type រួច​ជ្រើស​យក Middle Eastern ជំនួស​ឱ្យ East Asian វិញជា​ការ​ស្រេច​។
ប្រិយមិត្ត​អាច​សាកល្បង​ តើ​ជោគជ័យ​ដែរ​ឬ​យ៉ាង​ណា? បើ​មិនជោគជ័យ​ អាច​សាកសួរ​មក​ Sabay បន្ថែម​ទៀត។
នៅ​មាន​គន្លឹះ​ខ្លីៗ​ទាក់ទង​នឹង​ការប្រើប្រាស់​កុំព្យូទ័រ ក៏​ដូច​ជា​ទូរសព្ទ​ជា​ច្រើន​ទៀត ចុច​ត្រង់​នេះ​ ដើម្បីស្វែង​យល់បន្ថែម​ទៀត …

ដឹង​ទេ​ស្ថាបនិក Yahoo! ជា​ជន​ជាតិ​អ្វី? Trackback

ក្រុមហ៊ុន ​ល្បីៗ​លើ​​ពិភព​លោក ភាគ​ច្រើន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស្បែក​ស​ដូចជា​អាមេរិក និង​អឺរ៉ុប​​ និង​មិន​សូវ​មាន​ជន​ជាតិ​អាស៊ី​ស្បែក​លឿង​នោះទេ។ ចុះ​ចំណែក Yahoo វិញ​មាន​ស្ថាបនិក​ជា​ជនជាតិ​អ្វី​ដែរ? ចម្ងល់​​​នេះ​​​នឹង​លាត​ត្រដាង​ជូន​ប្រិយមិត្ត​​ឲ្យ​ដឹង​​តាម Sabay ដូច​ខាង​ក្រោម៖
ពាក់​វ៉ែនតា ​ក្នុង​ទឹក​មុខ​ញញឹម​​ស្រស់​ស្រាយ​ លោក Jerry Yang ជា​ជនជាតិ​​អាមេរិក​ ប៉ុន្តែ​ដើម​កំណើត​តៃវ៉ាន់។ លោក​កើត​នៅ​ថ្ងៃ​ទី៦ ខែ វិច្ឆិកា ឆ្នាំ​១៩៦៨។ បុរស​អាយុ ៤៤ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​ជំនួញ​លើ​ប្រព័ន្ធ Internet និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Yahoo ផង​ដែរ។
រូប​លោក​ និង​ដៃគូ​ស្ថាបនិក​របស់​លោកគឺ David Filo (បច្ចុប្បន្ន​ជា​ប្រធាន Yahoo) បាន​បង្កើត Yahoo! នៅ​​​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៩៥
ជីវិត និង ការសិក្សា៖
Yang កើត​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ១៩៦៨។ ពេល​មាន​អាយុ ១០ឆ្នាំ​ លោក​បាន​ផ្លាស់​ទៅរស់​នៅ​ក្នុង​ទី​ក្រុង​​ San Jose រដ្ឋ California ជា​មួយ​ម្ដាយ និង​ប្អូន​ប្រុស​របស់​លោក។ នៅ​អាមេរិក​ដំបូង​ ​លោក​ចេះ​តែ​ពាក្យ​អង់គ្លេស​មួយ​ម៉ាត់​គត់​រហូត​ដល់​រយៈ​ពេល ៣ឆ្នាំ​​ ទើប​ភាសា​អង់គ្លេស​របស់​លោកអាច​​និយាយ​បាន​ស្ទាត់​ជំនាញ រួច​គាត់​បាន​ផ្លាស់​ទៅ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​ជាន់​ខ្ពស់ Advance Placement ។
​លោក​បាន​បញ្ចប់​អនុវិទ្យាល័យ Sierranmont , ​វិទ្យាល័យ Piedmont Hills បន្ទាប់​មក​​រៀន​បរិញ្ញាបត្រ និង​អនុបណ្ឌិត​​ផ្នែក​វិស្វករ​អគ្គិសនី​នៃ​សាកលវិទ្យាល័យ Stanford។
ការងារ
ខណៈ​ពេល​រៀន​នៅ Stanford លោក Yang និង David Filo បាន​បង្កើត​គេហទំព័រ Internet មួយ​ឈ្មោះ Jerry and Dave’s Guide ទៅ​កាន់ WWW ក្នុង ​ឆ្នាំ​១៩៩៤។ ក្រោយ​មក​​បាន​ដាក់​ឈ្មោះ Yahoo! ក្នុង​ឆ្នាំ​១៩៩៥ ​​ភាព​ល្បីល្បាញ​របស់​ Yahoo! ក៏​ចាប់​ផ្ដើម​​មាន​តាំង​ពី​ពេល​នោះ​មក។
ដំណែង CEO របស់ Yahoo!
លោក Yang បាន​ធ្វើ​ជា​នាយក​ប្រតិបត្តិ (CEO) របស់ Yahoo! ក្នុង​ចន្លោះ​ខែមិថុនា ឆ្នាំ​២០០៧ ដល់​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​​គាត់​ត្រូវ​វិនិយោគិន​​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​​ការ​ មិន​បង្កើន​ប្រាក់​ចំណូល និង​តម្លៃ​ភាគហ៊ុន។ Yahoo! បាន​តែង​តាំង​លោក​ស្រី Carol Bartz ជា CEO ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០០៩។ ប្រាំ​ថ្ងៃ​ក្រោយ​មក​លោក Yang បាន​ប្រកាស​​លាលែង​​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០០៩។ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​​ក្រុមប្រឹក្សា​នាយក​របស់​ក្រុមហ៊ុន​លក់​ឧបករណ៍ Network CISCO ផង​ដែរ ​តែ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលានោះ​ទេ។
បន្ត​តាមដាន ជីវប្រវត្តិ​សង្ខេប​​របស់​បុគ្គល​បច្ចេកវិទ្យា​អន្តរជាតិ ​ស្នាដៃ​បុគ្គល​បច្ចេកវិទ្យា​ក្នុង​ស្រុក និង​ស្ថាប័ន​ល្បីៗ​ដទៃ​ទៀត

វត្តមាន​កម្ពុជា​ ក្នុង​នាម​ជា​សមាជិក​សហភាព​ទូរគមនាគមន៍​អន្តរជាតិ Trackback

កម្ពុជា​ដែល​ជា​សមាជិក​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) ទើប​តែ​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី ១៤៨ នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ និង​ទិវា​ពិភពលោក​សង្គម​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍ ១៧ ឧសភា កាលពី​ពេល​ថ្មីៗ​នេះ។
តើ ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​មាន​ប្រវត្តិ​កកើត​ឡើង​បែ​បណា ហើយ​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​របស់​សហភាព​នេះ​យ៉ាង​ដូចម្ដេច? សូម​បន្ត​តាម​ដាន​ប្រវត្តិ ដែល​ Sabay បង្ហាញ​ដូច​ខាង​ក្រោម​នេះ។
កើត​ដំបូង​មាន​តែ​ ២០ ប្រទេស​ប៉ុណ្ណោះ​ជា​សមាជិក
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ International Telecommunication Union (ITU) គឺ​ជា​ភ្នាក់ងារ​ពិសេស​មួយ​ឈាន​មុខ​គេ​របស់​អង្គការ​សហប្រជាជាតិ UN ដែល​ទទួលខុសត្រូវ​លើ​កិច្ចការ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (ICT)។
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ (ITU) បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ១៨៦៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​សមាជិក​ដំបូង​មាន​ចំនួន​ត្រឹម​តែ ២០ ប្រទេស​ប៉ុណ្ណោះ និង​មាន​ឈ្មោះ​ពេញ​ហៅថា «សហភាព​ទូរលេខ​អន្តរជាតិ (International Telegraph Union)។
ចាប់​តាំង​ពី​ឆ្នាំ១៩៣២ ត​រៀង​មក ទី​ភ្នាក់ងារ​នេះ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (International Telecommunication Union) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស និង​មាន​ការិយាល័យ​តំណាង​ចំនួន៥ ប្រចាំ​តាម​តំបន់​នៅ​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះ​រួមមាន៖
១. តំបន់​អាហ្វ្រិក (នៅ​ទីក្រុង Addis Ababa, ប្រទេស​អេត្យូពី)
២. តំបន់​អាមេរិក (នៅ​ទីក្រុង Brasilia, ប្រទេស​ប្រេស៊ីល)
៣.តំបន់​អារ៉ាប់​ (នៅ​ទីក្រុង Cairo, ប្រទេស​អេហ្ស៊ីប)
៤. តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (នៅ​ទីក្រុង​បាងកក, ប្រទេស​ថៃឡង់ដ៍)
៥.តំបន់​អឺរុប​និង​បណ្តា​រដ្ឋឯករាជ្យ Commonweal ”CIS”(នៅ​ទីក្រុង​ម៉ូស្គូ, ប្រទេស​រុស្ស៊ី)
ការ​ពង្រីក​វិសាលភាព​ និង​ការ​បង្កើនចំនួន​សមាជិក
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ (ITU) មាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់​ឥត​ឈប់ឈរ ដោយ​បច្ចុប្បន្ន ភ្នាក់ងារ​នេះ​មាន​សមាជិក រួមមាន​រដ្ឋ​ជា​សមាជិក​​ចំនួន​១៩៣​ប្រទេស​​​​ និង​ផ្នែកឯកជន​ចំនួន​ជាង​៧០០​ស្ថាប័ន ។
សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បាន​ដើរតួ​នាទី​យ៉ាង​​សកម្ម​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​សាកល រវាង​រដ្ឋាភិបាល​និង​ផ្នែក​ឯក​ជន​លើ​ការ​អភិវឌ្ឍ​បណ្ដាញ​និង​សេវា​​ដោយ​ឈរ​ លើ​ចក្ខុវិស័យ​របស់​ខ្លួន​គឺ​«ប្ដេជ្ញា​តភ្ជាប់​ទំនាក់​ទំនង​ពិភពលោក​ ទាំងមូល» ។
រចនា​សម្ព័ន្ធ​របស់ ITU រួមមាន​អង្គភាព​ស្នូល​ចំនួន​៣ ​គឺ ៖
១.​ការិយាល័យ​វិទ្យុ​គមនាគមន៍ (ITU-R)
២.ការិយាល័យ​ស្តង់ដារនីយកម្ម​ទូរគមនាគមន៍ ​(​ITU-T)
៣.ការិយាល័យ​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (ITU-D)
វត្តមាន​កម្ពុជា ជា​សមាជិក​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ
ព្រះរាជាណាចក្រ ​កម្ពុជា បាន​ចូល​ជា​សមាជិក​​ពេញ​សិទ្ធិ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ITU នេះ​នៅ​ថ្ងៃ​ទី​១០ ​ខែ​មេសា ឆ្នាំ១៩៥២។ កម្ពុជា​បាន​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ឋានៈ​ជា​រដ្ឋ​សមាជិក​បាន​យ៉ាងសកម្ម។ ជាក់ស្ដែង​កាល​ពី​ដើមខែ​ឧសភា​កន្លង​ទៅ​ថ្មី​នេះៗ កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកប​ដោយ​ជោគជ័យ​កិច្ច​ប្រជុំ​ត្រៀម​ ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​សន្និសីទ​ពិភពលោក​ WTDC-14 នៅ​ប្រទេស​អេហ្ស៊ីបឆ្នាំក្រោយ។ ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​ក្នុងរយៈ​កាល ២០ឆ្នាំ (១៩៩៣​ដល់​ឆ្នាំ២០១៣) ITU បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទាំង​​ ស្មារតី​និង​សម្ភារៈ ក្នុង​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស, ជំនួយ​ផ្នែក​បច្ចេកទេស រួម​ទាំង​ការ​ជួយ​រៀប​ចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ ICT ផង​ដែរ ។
អត្ថន័យ​នៃ​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍ ១៧ ឧសភា
ក្នុង ​ខែ​វិច្ឆិកា​ឆ្នាំ២០០៥ កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ស្តី​ពី​សង្គម​ព័ត៌មាន​ (WSIS) បាន​ដាក់​សំណើ​​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រកាស​យក​ថ្ងៃ១៧ ឧសភា នៅ​រៀងរាល់​ឆ្នាំ​ជា​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍​ចំ​ថ្ងៃ​ចុះ​ហត្ថ​លេខា​លើក​ដំបូង​លើ​អនុសញ្ញា​តេឡេក្រាម​ អន្តរជាតិ និង​ការ​ចាប់​បដិសន្ធិ​របស់​សហភាព​​ទូរគមនាគមន៍​​អន្តរជាតិ (ITU) ១៧ ឧសភា ១៨៦៥​ តែ​ម្តង ។
មួយ​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ២០០៦ នា​ទីក្រុង​ Antalya ប្រទេស​ទួកគី សន្និសីទ​កំពូល​របស់ ITU​ បាន​អនុម័ត​សម្រេច​យក​ថ្ងៃ​ទី១៧ ខែ​ឧសភា នៅ​រៀង​រាល់​ឆ្នាំ​ជា​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍ ។
គោលបំណង ​នៃ​ទិវា​នេះ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់ដឹង​នូវ​លទ្ធភាព​ដែល​ថា ការ​ប្រើ​​ប្រាស់​អ៊ីនធឺណិត​និង​ព័ត៌មាន​ផ្សេង​ទៀត​មាន​ជា​អាទិ ​ប​ច្ចេ​ក​វិទ្យា​គមនាគមន៍​​និង​ព័ត៌មាន​អាច​ជួយ​ដល់​សង្គម​និង​សេដ្ឋកិច្ច​ ក៏​ដូច​ជា​វិធី​មួយ​ដើម្បី​កាត់​បន្ថយ​​គម្លាត​ឌីជីថល។ ជាក់ស្ដែង​ទិវា​ពិភព​លោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍​ឆ្នាំ​នេះ គឺ​ស្ថិត​ក្រោម​ប្រធាន​​បទ«ប​ច្ចេ​ក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក»។
ប្រធានបទ ​នេះ​បាន​រំលេច​យ៉ាង​ច្បាស់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​ គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ សុវត្ថិភាព​ចរាចរណ៍។ តាម​រយៈ​ការ​ប្រារព្ធ​ទិវា​ពិភព​លោក​សង្គម​ព័ត៌មាន​​និង​ទូរគមនាគមន៍ ១៧ ឧសភា បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​​ដឹង​ដល់​សាធារណជន ពិសេស​អ្នកប្រើប្រាស់​ផ្លូ​វថ្នល់​ទាំងអស់​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ សារ​ការ​បាត់​ម្ចាស់​ការ​កើត​ចេញពី​ឥរិយាបថ​ខុស​ឆ្គង​របស់​អ្នក​បើក​បរ ដោយ​ប្រើប្រាស់​រាល់​ឧបករណ៍ ICT ដូចជា​ទូរសព្ទដៃ ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ជា​ដើម៕
ដើម្បី​បន្ត​អាន​ប្រវត្តិ​ស្ថាប័ន​បច្ចេកវិទ្យា​ផ្សេង​ទៀត សូម​ចុចត្រង់នេះ