​ ថ្ងៃ​ចន្ទ​ ទី​២៥​ កុម្ភៈ​នេះ​ ត្រូវ​នឹង​ថ្ងៃ​១៥​កើត​ ខែ​មាឃ ​គឺ​​​ជា​ថ្ងៃ​បុណ្យ​ “មាឃ​បូជា” ដែល​​​ជា​បុណ្យ​ធំ​មួយ ​និង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​ព្រះ​ ពុទ្ធសាសនា។
ផ្អែក ​តាម​ភិក្ខុ​ព្រះមហា សាសន​សុធោ​ រស់ សម្បត្តិ​ ​គង់​​នៅ​វត្ត​​​ថាន់​​​មាន​សង្ឃដីកា​​រៀប​រាប់​ទាក់​ទិន​នឹង​ពិធី​បុណ្យ​ មាឃបូជា​ ថា​ នៅ​វស្សា​ទី​ពីរ​ក្រោយ​ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​ ​គឺ​ចំ​ថ្ងៃ​១៥ ​​កើត​ខែ​មាឃ ​ព្រះ​​សម្មាសម្ពុទ្ធ​​​ទ្រង់​​បាន​ប្រារព្ធ​ធ្វើ​នូវ​ ចតុរង្គសន្និបាត ដែល​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ទ្រង់​ប្រកាស ​នូវ​ធម្មនុញ្ញ​នៃ​ព្រះ​ពុទ្ធសាសនា
ព្រះ​ភិក្ខុ​​​ មាន​សង្ឃដីកា​បន្ត​​ទៀត​ថា​ នៅ​វស្សា​ទី​៤៥​ ក្រោយ​ព្រះ​​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង​ ​គឺ​​ចំ​​ថ្ងៃ​១៥​ កើត ​ខែ​មាឃ ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ប្រកាស​ដាក់​អាយុ​ សង្ខារ​ ដោយ​ព្រម​តាម​ការ​និមន្ត​របស់​មារ។ នៅ​ក្នុង​វស្សា​ទី​ពីរ​ ក្រោយ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​ ញេយ្យធម៌​ ដ៏​បវរ​ព្រះ​អង្គ​ទ្រង់​គង់​នៅ​វត្ត​វេឡុវ័ន ដែល​​នៅ​​ពេល​នោះ​ ទ្រង់​មាន​ឱកាស​បំពេញ​ពុទ្ធ​បំណង​ក្នុង​ការ​ប្រកាស​ពី​ច្បាប់​វិន័យ​ របស់​ពុទ្ធ​សាសនា ប៉ុន្តែ​​ក្នុង​ថ្ងៃ​ខែ​តែ​មួយ​​ ​នៃ​​វស្សា​ទី​៤៥ ក្រោយ​ព្រះ​អង្គ​​បាន​ត្រាស់​ដឹង ​គឺ​​ជា​ថ្ងៃ​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​សម្រាប់​ ពុទ្ធបរិស័ទ​ ​ព្រោះ​មារ​ ដែល​តាម​ផ្ចាញ់​ព្រះ​អង្គ​តាំង​ពី​ទ្រង់​ទើប​តែ​ចេញ​សាង​ ព្រះផ្នួស​មក​ ​នោះ​មាន​ឱកាស​និមន្ត​ព្រះ​ពុទ្ធ​ឱ្យ​យាង​ចូល​និព្វាន​ជា​លើក​ ទី​បី។
ព្រះ ​ភិក្ខុ​ រស់ សម្បត្តិ​​ មាន​សង្ឃ​ដីកា​​ទៀត​ថា​ ក្នុង​ការ​និមន្ត​លើក​ទី​បី​នេះ​ ព្រះ​ពុទ្ធ​ទ្រង់​មិន​អាច​ពន្យារ​ពេល​ បាន​ទៀត​​ទេ​​ ​ព្រោះ​ទ្រង់​បាន​សន្យា​នឹង​មា​ តាំង​ពី​ព្រះអង្គ​ទើប​នឹង​បាន​ត្រាស់​ ដឹង​មក​ម្ល៉េះថា​ ​គឺ​ពេល​ទ្រង់​បំពេញ​ពុទ្ធ​បំណង​​​បាន​​បី​ប្រការ​ ក្រោយ​ត្រាស់​ដឹង​​ហើយនោះ ​ព្រះអង្គ​នឹង​ព្រម​ទទួល​ការ​និមន្ត​នេះ។
ពុទ្ធ​បំណង​ទាំង​បី​ប្រការ​នោះ​​មាន៖
- ព្រះ​អង្គ ​ខំ​បំពេញ​បុណ្យ​កុសល​គ្រប់​ៗ​ជាតិ​ដើម្បី​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ។
- ព្រះ​អង្គ​ត្រាស់​ដឹង​​ ដើម្បី​សំដែង​ព្រះធម៌​ប្រោស​ដល់​ញាតិ​ទាំង​ឡាយ​របស់​ ទ្រង់។
- ព្រះ​អង្គ​ត្រាស់​ដឹង​ ដើម្បី​សំដែង​ព្រះ​ធម៌​ប្រោស​សត្វ​ក្នុង​លោក និង​ផ្សព្វផ្សាយ​ព្រះ​ធម៌។
បី ​ខែ​ក្រោយ​ការ​និមន្ត​​​​របស់​មារ​​នោះ​ ​ព្រះ​អង្គ​ក៏​យាង​ចូល​និព្វាន​ទៅ ដូច្នេះ​ហើយ​ទើប​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​ទាំង​អស់​កំណត់​យក​ថ្ងៃ​១៥​កើត​ ខែ​មាឃ​ប្រារព្ធ​ធ្វើ​បុណ្យ​ “មាឃបូជា” ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ប្រារព្ធ​នូវ​ “ចតុរង្គសន្និបាត” និង “ព្រះ​ពុទ្ធ​ដាក់​អាយុ​សង្ខារ”៕​