​ ​ការ​ប្រញាប់​ព្យាបាល​នៅ​ពេល​ដែល​ដឹង​ថា ​ខ្លួន​ឆ្លង​វីរុស​ហ៊ីវ​អាច​ជួយ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១០ ​នាក់​ ជា​សះស្បើយ​បាន។ ​នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស​បារាំង។
​​​ការ​សិក្សា​នេះ​​ធ្វើ​ឡើង​លើ​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​អ្នក​ស្រាវជ្រាវ​ ឲ្យ​ឈ្មោះ​ថា​ Visconti។ ​អ្នក​ចូលរួម​ទាំង​នោះ​សុទ្ធ​តែ​ទើប​​នឹង​ឆ្លង​វីរុស​ HIV ​ជំហាន​​ដំបូង​ ពោល​គឺ ​១០ ​សប្ដាហ៍​ចុះ​ក្រោម។ ​ពួកគេ​​បាន​ប្រើប្រាស់​ថ្នាំ​​ប្រឆាំង​មេរោគ​ម៉្យាង​ឈ្មោះ​ Antiretroviral ​​ក្នុង​រយៈពេល ៣ ឆ្នាំ ​និង​ក្រោយ​មក​បញ្ឈប់។
​ ​​​​​​​ម្នាក់​ក្នុង​ចំណោម​​អ្នក​ផ្ទុក​វីរុស HIV ​១០​​នាក់​ ​មាន​សុខភាព​ធម្មតា​ដោយ​វីរុស​​​មិនអាច​រីក​រាលដាល​បន្ថែម​ក្នុង​ប្រព័ន្ធ​ ភាព​ស៊ាំ​ឡើយ។ ​ជា​ធម្មតា​ នៅ​ពេល​អ្នក​ជំងឺ​ឈប់​ប្រើ​ថ្នាំ ​វីរុស​នឹង​កើន​ឥទ្ធិពល​ខ្លាំងក្លា​វិញ។ ​
​ ​លោក​វេជ្ជបណ្ឌិត Asier Saez-Cirion ​មក​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ប៉ារីស​​បាន​និយាយ​ថា “ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ដែល​ទទួល​​បាន​ការ​ព្យាបាល​នេះ​មិន​​​​អាច​​ទប់ទល់ ​នឹង​វីរុស​បាន​ទេ ​ប៉ុន្តែ​មួយ​ចំនួន​នៃ​ពួកគេ​អាច​ទប់ទល់​បាន។”
​ ​បើ​ទោះ​នេះ​ជា​ ពន្លឺ​ដ៏​ល្អ​សម្រាប់​ការ​ព្យាបាល​ជំហាន​ដំបូង​ ក៏​ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ច្បាស់​ថា ហេតុអ្វី​បាន​ជា​ការ​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​លើ​មនុស្ស​ម្នាក់​ក្នុង​ ចំណោម​ ១០ ​នាក់​ប៉ុណ្ណោះ ហើយ​ចំណុច​មួយ​ទៀត​​ដែល​ស្រពិចស្រពិល​ដែរ​​នោះ​​គឺ ​ថា​អ្នក​ជំងឺ​ម្នាក់​ដែល​​អាច​ធូរស្បើយ​ពី​វីរុស​ HIV ​នេះ​​បាន​ ​អាច​នឹង​មាន​ឱកាស​កើតឡើង​វិញ​ដែរ​ឬ​ទេ?​ ​ហើយ​បើ​អាច​កើត​មាន​វិញ​ តើ​ក្នុង​រយៈពេល​ប៉ុន្មាន?
​មុន​នេះ​​មាន​ព័ត៌មាន​ដែរ​ថា ​ទារិកា​នៅ ​សហរដ្ឋ​​អាមេរិក​ម្នាក់​​ដែល​ផ្ទុក​វីរុស​​ HIV ត្រូវ​បាន​គ្រូពេទ្យ​ព្យាបាល​ជា​សះស្បើយ​ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ឱសថ​វេជ្ជសាស្ត្រ​ស្តង់ដារ​ ក្នុង​វិធី​ព្យាបាល​ Cocktails ​ដោយ​ប្រើ​ថ្នាំ​ច្រើន​មុខ​បញ្ចូល​គ្នា៕