អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

ឪពុក​ជា​អតីត​តន្ត្រីករ​វីយោឡុង​​ដ៏ល្បី រី​ឯកូនស្រីជើងខ្លាំង​​​ល្បុក្កតោ

 
បើ​និយាយ​ពី​តន្ត្រីករ​វីយោឡុង​ឯក​រួម​ ជំនាន់​អធិរាជ​សំឡេង​មាស ​លោក ស៊ីន ស៊ីសាមុត ប្រហែល​ជា​ទស្សនិកជន ឬ​អ្នក​រួម​ជំនាន់​ភាគ​ច្រើន​បាន​ស្គាល់​ច្បាស់​ណាស់​ថា ជា​តន្ត្រីករ​រូប​ណា។ នោះ​ជា​លោក អ៊ុំ ដារ៉ា ដែល​សព្វ​ថ្ងៃ​មាន​វ័យ​កាន់​តែ​ចំណាស់​រស់ និង​រស់​នៅ​ជាមួយ​ជរាភាព​ជា​លក្ខណៈ​សាមញ្ញ​ក្រោម​ការ​ថែទាំ​យ៉ាង​ដិតដល់​ពី​ កូន​ចៅ។

កញ្ញា សំ ថារ័ត្ន និង​ឪពុក​,អតីត​តន្ត្រីករ​វីយោឡុង​ឯក​ជំនាន់​លោក ស៊ីន ស៊ីសាមុត
សមត្ថភាព និង​ស្នាដៃ​របស់​លោក បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បីល្បាញ រហូត​មាន​ការ​ប្រសិទ្ធិនាម​ថា “តន្ត្រីករ​វីយោឡុង​ឯក” ទៀត​ផង​ក្នុង​ទសវត្ស​៧០ ក្នុង​ចំណោម​តន្ត្រីករ​ផ្សេង​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា លោក អ៊ុំ ដារ៉ា មិន​ដែល​បោះបង់​ចោល​ឧបករណ៍​វីយោឡុង ដែល​លោក​ស្រលាញ់​ស្ទើរ​ស្មើ​ជីវិត​នោះ​ម្ដង​ណា​ឡើយ ខណៈ​ដែល​អ្នករួម​ជំនាន់​ភាគ​ច្រើន​បាន​មើល​រំលង​ទៅ​ហើយ​នោះ។
ថារ័ត្ន កូន​ស្រី​តន្រ្តីករ អ៊ុំ ដារ៉ា និង​តួ​សម្ដែង​ប្រុស​,កម្មវិធី​សម្ពោធ​រឿង​
ជាមួយ​គ្នា​នេះ បើ​ក្រឡេក​មក​មើល​កូន​ចៅ​នៃ​អតីត​តន្ត្រីករ​រូប​នេះ ហាក់​ដូច​ជា​មិន​មាន​កូន​ណា​ម្នាក់​ស្នង​ជំនាញ​តន្ត្រី​ពី​លោក​ឡើយ ដោយ​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​ជំនាញ​ផ្សេង​តាម​ចំណូល​ចិត្ត​របស់​ពូក​គេ​ទៅ​ វិញ។ ជាក់​ស្ដែង​ កញ្ញា សំ ថារ័ត្ន ដែល​ជា​កូន​ស្រី​បង្កើត​នោះ​បែរ​ជា​ចាប់​អារម្មណ៍​លើ​ក្បាច់​គុន​ល្បុក្កតោ​ ឯ​ណេះ​វិញ ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ជំនាញ​របស់​ឪពុក និង​មាន​ចំនួន​ស្ត្រី​តិចតួច​បំផុត​។
ប៉ុន្តែ​យ៉ាង​ណា ដោយ​ក្ដី​ស្រលាញ់ និង​ការ​ខិត​ខំ​ប្រឹងប្រែង​នោះ ថារ័ត្ន បាន​នាំ​មោទនភាព​ដល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​ដែរ ចំពោះ​អ្វី​ដែល​នាង​ស្រលាញ់ ដោយ​នាង​​បាន​នាំ​មរតក​ដូន​តា​មួយ​នេះ​ទៅ​កាន់​ឆាក​អន្តរជាតិ ដោយ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​នេះ ក៏​បាន​នាំ​ក្បាច់​កុន​ពិត​មក​សម្ដែង​ក្នុង​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា “កណ្ដាប់​ដៃ​ទីក្រុង ប៉ះ​ជង្គង់​ជនបទ”ទៀត​ផង។ ហើយ​នេះ​ក៏​ជា​ភាពយន្ត​ខ្មែរ​ដំបូង ដែល​ប្រើ​ក្បាច់​គុន​ខ្មែរ​ពិតៗ​មក​បង្ហាញ​ទស្សនិកជន​រួម​មាន “ល្បុក្កតោ” និង​យុទ្ធ​ក្រម “ខម” ជា​ដើម។
ថ្វីបើ​ជា​កូនស្រី តែ​ថារ័ត្ន អាច​បី​​​ឪពុក និង​ថែទាំ​លោក​អ្នក​មាន​គុណ​ បាន​យ៉ាង​ល្អ
លោក អ៊ុំ ដារ៉ា ដែល​បាន​ចំណាយ​ពេល​ស្ទើរ​​ពេញ​មួយ​ជីវិត​របស់​លោក ​លើ​​​វិថី​សិល្បៈ​តាំង​ពី​យុវវ័យ លុះ​វប្បធម៌​សិល្បៈ​​ត្រូវ​បាន​បំផ្លាញ ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ លោក​​អ៊ុំ ដារ៉ា បាន​សរសេរ​បទ​ចម្រៀង​បាន​ជាង​៥០​បទ​ ដែល​បទ​ចម្រៀង​សរសេរ​នោះ​ភាគ​ច្រើន​ឲ្យ​អ្នក​ស្រី​ រស់ សេរីសុទ្ធា ជា​អ្នក​ច្រៀង​។ បទ​ចម្រៀង​ដែល​លោក​សរសេរ​ដំបូង​នោះ​ គឺ​បទ “ឈប់​ស្រឡាញ់​អូន​ទៅ​” បទ​នេះ​សរសេរ​ក្នុង​ឆ្នាំ ​១៩៥៧ យក​ទៅ​ឲ្យ​អ្នក​ស្រី រស់ ​សេរី​សុទ្ធា ច្រៀង ប៉ុន្តែ​បទ​នេះ​ ថត​ចូល​ថាស​ក្នុង​ឆ្នាំ​១៩៧៤​៕

អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ


ស្ថិត​នៅ​លើ​ទីតាំង​មួយ​កន្លែង​​ក្បែរ​វត្ត​សំរោង​អណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ​ជាយ​រាជ​ធានី​ភ្នំពេញ​ ឃ្លាំង​ស្តុក​​ទំនិញ​មួយ​ត្រូវ​​បាន​សាង​សង់​​ដោយ មាន​​ដំបូល​​ប្រក់​ស័ង្កសី​ ក្នុង​ទំហំ​​ប្រមាណ​ ១៥​ គុណ​ ២៥ ម៉ែត្រ។ ​នៅ​ក្នុង​ឃ្លាំង​នេះ​​មិត្ត​យុវវ័យ​នឹង​ឃើញ​​​ទូរ​​កុង​តឺន័រ​កក​​ពីរ​ ត្រូវ​បាន​ដាក់​តម្រៀប​ក្បែរ​ៗ​​គ្នា​។ ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី​សាលម៉ុន និងត្រីធូណា។
លោក​ ម៉ៅ​ វុត្ថា​ ដែល​ដើម​ឡើយ​​គឺ​ជា​អតីត​ក្មេង​វត្ត​​រស់​នៅ​វត្ត​បទុមវតី​​ជាង​ ១០​ ឆ្នាំ​មក​នោះ​ បច្ចុប្បន្ន គឺ​ជា​អ្នកគ្រប់គ្រង​​ឃ្លាំង  និង​​ជា​នាយក​ក្រុមហ៊ុន​ Ks Seastar Co. Ltd ​ ដែល​​បាន​នាំ​ចូល​ត្រី​ទាំង​នេះ​​ពី​បរទេស។
តើ​លោក​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ទម្រាំ​មាន​​ថ្ងៃ​នេះ​?
ក្នុង​វ័យ​ ៣៣ ឆ្នាំ​​ លោក​ម៉ៅ​ វុត្ថា មាន​ស្រុក​កំណើត​ នៅ​ភូមិ ​ដាំស្ពៃ ​សង្កាត់​ស្លាកែត​ ក្រុង​-ខេត្ត​បាត់​ដំបង ​និង​ជា​កូន​កំព្រា​ឪពុក​តាំង​ពី​កុមារភាព។​
ជា​យុវជន​រស់​នៅ​ទី​ជនបទ​លោក ​ម៉ៅ វុត្ថា​​ ក៏​​មិន​ខុស​គ្នា​អ្វីពី​ ​យុវជន​ដ៏​ទៃ​ ​នោះ​ទេ។​ លោក​ ​​បាន​ ជួយ​កិច្ច​ការងារ​ធ្វើ​ស្រែ​ចម្ការ និងការងារផ្ទះ​ម្ដាយ ហើយ​ឆ្លៀត​ពេល​ទំនេរ​ខិត​ខំ​​សិក្សា​ ព្រោះ​លោក​គឺ​ជា​ក្តី​សង្ឃឹម​​ចុងក្រោយ​របស់​អ្នក​​ម្ដាយ​ ដោយ​សារ​​​​ជា​​កូន​ទោល​ក្នុង​គ្រួសារ​​។
នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ចាក​ចេញ​​ពី​ទី​កន្លែង​កំណើត​ និង​អ្នក​ម្ដាយ​ជា​ទី​គោរព​ មក​បន្ត​កា​សិក្សា​​ ក្នុង ​រាជ​ធានី​ភ្នំពេញ​ ដោយ​សុំ​កុដិព្រះសង្ឃ​នៅ​វត្ត​វត្តបទុមវតី​ ស្នាក់​អាស្រ័យ​ ដើម្បី​​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​​ លើ​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ​​បន្ទាប់​ពី​​​​លោក​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​ឌុប​។​​
លោក​ ម៉ៅ​ វុត្ថា​ បាន​រៀបរាប់​ថា​ ៖ “​​ដូច​លោក​ដឹង​ស្រាប់​ហើយ​ការ​ស្នាក់​នៅ​​​ ក្នុង​វត្ត​​​មិន​​​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​​ទេ​ តែ​ធ្វើ​ម៉េច​ យើង​​ជា​កូន​អ្នក​ក្រី​ក្រ​ត្រូវ​តែ​តស៊ូ។​​ ហើយ​ថ្ងៃ​ខ្លះ​ពេល​​ទៅ​សាកលវិទ្យាល័យ ​ខ្ញុំ​​​ត្រូវ​ដើរ​​ក៏​មាន​ដែរ​​”។​
តស៊ូ​រហូត​ទទួលបាន​​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​ខ្មែរ​​  លោកបានបន្តការសិក្សាកម្រិត​បរិញ្ញាបត្រ​បន្ថែមទៀតលើផ្នែក​អក្សរ​សាស្ត្រ​ អង់គ្លេស​​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ និង​​​ផ្នែក​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​នៅ​ដេប៉ាឌីម៉ង់​​ប្រព័ន្ធ​​ផ្សព្វ​ ផ្សាយ​ និង​សារគមាគមន៍​ នៃ​​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។
ឆ្លៀតពេលទំនេរពីការសិក្សា លោក​​បាន​ធ្វើការងារ​ក្រៅ​ម៉ោង​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ក្រសួង​កិច្ច​ការ​នារី  ​ ក្រោយមកលោកបានបម្រើ​ការងារជាបុគ្គលិក​នៅ​មណ្ឌល​ព័ត៌មាន ស្ត្រី​​កម្ពុជា​ នៅ​សាលា​ក្តី​ខ្មែរក្រហម​ ​​នៅ​អង្គការ​យុវ​តារា​កម្ពុជា​ ដែល​ផ្ដោត​សំខាន់​​ទៅ​​លើ​យុវជន​ និង​ការ​អភិវឌ្ឍ​សហគមន៍​  និង​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ ក្នុង​រយៈ​ពេល​ខ្លី។
លោក វុត្ថា ក្នុង​​ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី
រហូត​ដល់​ឆ្នាំ​២០១២​ ​​តាមរយៈការណែនាំរបស់មិត្តភក្តិឲ្យស្គាល់គ្នាជាមួយពាណិជ្ជករជនជាតិ ស៊ុយអែតម្នាក់ដែលមាន រោងចក្រកែច្នៃត្រីសាលម៉ុន នៅ ក្រុងបាងកក  លោកក៏​បានក្តោប​យក​ឱកាស​ និង​ប្រឡូក​​ចូល​ក្នុង​វិស័យអាជីវកម្ម ដោយធ្វើជាអ្នក​ផ្គត់​ផ្គង់ត្រី​ ក្នុង​ទីផ្សារ​កម្ពុជា។
​ក្រោយពេលបានបំពេញការងារសិក្សានៅរោងចក្រក្នុងក្រុងបាងកក និងធ្វើការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ស៊ីជម្រៅលើគូប្រជែងនានាជាពិសេសទាក់ទងនឹងតម្លៃ ការវេចខ្ចប់ ការថែរក្សាទុក​ត្រី និង​ការ​ដឹក​ជញ្ជូន​ លោកបានធ្វើអាជីវកម្មនេះមានដំណើរការយ៉ាងរលូននៅកម្ពុជា។​
“ត្រី ដែល​​ក្រុមហ៊ុនរបស់​ខ្ញុំ​នាំ​ចូល​មាន​ពី​រ​ប្រភេទ​ ក្នុង​នោះ​មានត្រី​សាលម៉ុន និង​ត្រី​ធូណា​បើនិយាយ​អំពី​ត្រី​​សាលម៉ុន ​ គេ​អាច​ចាត់​ទុក​ថា​ជា​ស្តេច​ត្រី​មួយ​ប្រភេទ​ ដែល​ផ្តល់​ជីវជាតិ​​ល្អ​បំផុត​សម្រាប់​សុខភាព​ ដោយ​សារ​វាមាន​សារធាតុ​ អូម៉េហ្គា៣ និងប្រូតេអ៊ីន​ច្រើន​ ជួយ​ដល់​សុខភាព​​ពិសេស​បេះដូង។ គេនិយមបរិភោគត្រីទាំងពីរប្រភេទនេះឆៅ តាមជនជាតិជប៉ុន ប៉ុន្តែ​គេ​ក៏​អាច​ចម្អិន​តាម​បែប​ម្ហូប​អាហារ​នានា​ប្រកប​ដោយ​ឱជារស​ សម្រាប់​បរិភោគ​ផង​ដែរ”។ ​នេះ​គឺ​ជាការ​លើក​ឡើង​របស់​លោក ម៉ៅ វុត្ថា ។
​លោក​បាន​បន្ថែម​​ថា ​ត្រី​ទាំង​អស់​​នេះ​ដឹក​មក​តាម​យន្តហោះ​បើ​ជា​ប្រភេទ​ស្រស់​ឬក្លាស្សេ ​និង​​តាម​​កប៉ាល់​ទឹក​បើ​ជា​ប្រភេទ​កក​ ​ព្រម​ទាំង​ចែក​ចាយ​បន្ត​ដល់​ក្រុមហ៊ុន ​និង​ផ្សារ​ទំនើប​នានា​។​ មក​ដល់​ពេល​នេះ​ការ​បញ្ជាទិញ​​ត្រី​ពី​អតិថិជន​ កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។​ជាក់​ស្ដែង​ពេល​ ចាប់​បើក​ដំណើរ​ការ​ដំបូង​​ក្រុមហ៊ុន​លក់​​អស់​ត្រឹម​២០ កេស(១កេស​ស្នើ​ នឹង​២០​គីឡូ​ក្រាម)​ប៉ុណ្ណោះ ​តែ​​បច្ចុប្បន្ន​បាន​កើន​ឡើង​ រហូតដល់​ ៦០ កេស ជា​ប្រភេទ​ត្រី​ស្រស់​ និង​ត្រី​កក​ជិត ២ តោន ក្នុង​មួយ​សប្ដាហ៍​។ លោក​ថា មាន​មូល​ហេតុ​ពីរ​ ដែល​ធ្វើ​ឲ្យ​ការ​បញ្ជាទិញ​មាន​ការ​​កើន​ឡើង​ គឺ​ ទី១ គុណ​ភាព​ត្រី​ល្អ​ ​ដោយ​សារ​ការ​រក្សាទុក​តាម​លក្ខណៈ​បច្ចេកទេស​ ទី២ ជាមួយ​នឹង​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ ​និង​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចំណី​អាហារ ​ពួក​គេ​ជ្រើស​រើស​យក​អាហារ​ណា​ដែល​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព។​​
បច្ចុប្បន្ន លោក ម៉ៅ​ វុត្ថា វ័យ ៣៣ ឆ្នាំ​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចូល​ត្រី​ មាន​​ប្រភព​ពី​​​ប្រទេស​ ន័រវេ និង​ប្រទេស​ឥណ្ឌូនេស៊ី ​កំពុង ​ទទួល​បាន​​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​​ពី​សំណាក់​អតិថិជន​​។​ក្រុមហ៊ុន​លោក​ ទទួល​បាន​​​​ប្រាក់​ចំណូល​​ក្នុង​រង្វង់​៥​ ទៅ​​ ៦ ម៉ឺនដុល្លារ​ ក្នុង​មួយ​ខែ។
យុទ្ធសាស្រ្ត​របស់​ក្រុម​ហ៊ុន ទៅ​ថ្ងៃ​អនាគត​ នឹង​បន្តកែ​ច្នៃម្ហូបឆ្អិនស្រាប់ និង​​ធ្វើ​ជា​ប្រហិត​​ ដើម្បី​​បម្រើ​ដល់​​អតិថិជន ព្រោះ​បច្ចុប្បន្នក្រុមហ៊ុន​ មាន​ចុង​ភៅស្រាប់។ ​ក្រុមហ៊ុន​នឹង​ផ្ដល់​ឱកាស​អាជីវកម្ម​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្នា ដែលមាន​បំណង​យក​ ​ម្ហូប​ឆ្អិន​ស្រាប់​ទៅ​​លក់​បន្ត ដោយ​ក្រុមហ៊ុន​មាន​រទេះ​រុញ​ផ្ដល់​ជូន​។​ មិន​ត្រឹម​ប៉ុណ្ណឹង​​ទៅ​ថ្ងៃ​អនាគត​ លោកក៏​គ្រោង​រៀប​ចំ​សង្វាក់​ផលិត​កម្ម​កែ​ច្នៃ​ផលិត​ផល​ត្រី​សាលម៉ុន​ដើម្បី ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។
លោក ​ម៉ៅ វុត្ថា​ ​បាន​រៀប​រាប់​ថា​ ថ្វី​ត្បិត​លោក​​​បាន​​ធ្វើ​ការងារ​សង្គម​ជាង ១០ ឆ្នាំ​​ក៏​ពិត​មែន​​តែ​បំណង​ប្រាថ្នា​ពិត​ប្រាកដ​​របស់​លោក​គឺ​​​ការ​រក​ស៊ី ​​ ព្រោះ​ការ​បង្កើត​មុខ​របរ​​នឹង​អាច​ជួយ​មនុស្ស​​បាន​ច្រើន​គ្នា។ ​ម្យ៉ាង​ការ​បង្កើត​មុខ​របរ​នេះ​ក៏​​ជា​ចំណុច​ដក​បទ​ពិសោធន៍​ពិត​ ​និង​​ការ​ធ្វើ​តេស្តទៅ​លើ​សមត្ថ​ភាព​របស់​យើង​ផង​ដែរ។
​លោក​​បាន​បន្ថែម​​ថា​ កត្តា​ ដែល​នាំ​ឲ្យ​លោក​ខិត​ខំ​ប្រឹង​ប្រែង​ដូច​សព្វ​ថ្ងៃ​ ដោយ​សារ​​​​លោក​ចង់​​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន​ឯង​ឲ្យ​មាន​​ភាព​ល្អ​ ប្រសើរ​​ ពិសេស​គឺ​តប​ស្នង​សង​គុណ​អ្នក​​ម្ដាយ​ ដែល​​បាន​ខិត​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ចិញ្ចឹម​បី​បាច់​លោក​​ឲ្យ​ មាន​អនាគត។​​​ លោក​​ថា​៖ “​ខ្ញុំ​នៅ​តែ​ចាំ​មិន​ភ្លេច​ គ្រា​ដែល​ម្ដាយ​​ខ្ញុំ​ជិះ​ឡាន​នៅ​​បាំង​ក្រោយ​​ ដែល​មាន​តម្លៃ​ថោក​ ពី​បាត់​ដំបង​មក​ភ្នំពេញ​​ ដើម្បី​មក​​លេង​កូន​​នៅ​វត្ត​​ ហើយ​ឆ្លៀត​ដាក់​​របស់​របរ​ខ្លះ​ៗ​យក​មក​លក់​នៅ​ភ្នំពេញ​​”។
ជា​ទី​បញ្ចប់​ លោក​ ម៉ៅ​ វុត្ថា​ បាន​ផ្តាំ​ផ្ញើ​ទៅ​យុវជន​ថា ​ត្រូវមានគោលដៅពិត​ប្រាកដ​ក្នុង​ចិត្ត​ និង​ប្រកាន់​​គោល​ជំហរ​មិន​បោះ​បង់។​ បើប្រកបអាជីវកម្ម ដែលមានគូរប្រជែងត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ របស់យើង និងគេ។ ត្រូវ​ដុស​ខាត់​ព្រលឹង​ ឆន្ទៈ​ និង​ទស្សនៈវិស័យ​របស់​ខ្លួន​តាម​​រយៈ​​ការ​កំណត់​គោល​ដៅ​ខ្លីៗ ហើយ​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធ​ភាព​ ដូច​សុភាសិត​ខ្មែរ​ពោល​ថា​ ព្យាយាម​គង់​អី​នឹង​បាន​សម្រេច៕
តើ​មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ដែរ?

គ្រូ​បង្រៀន​ស្រុក​ស្រែ​ចង់​​ឲ្យ​​កូន​ខ្មែរ​​​ស្គាល់​តម្លៃ​នៃ​ការ​សិក្សា​

មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​សម្រេច​ចិត្ត​ ផ្អាក​ទៅ​បំពេញ​ការងារ​មួយ​រយៈ​ បើ​សិន​ជា​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឡើយ ​ តែ​ ប៉ិល​ ថាវរៈ​ អាយុ​៣២​ ជា​គ្រូ​បង្រៀន​វិញ​​ មិន​ខ្វល់​ថា​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​នោះ​ ត្រូវ​ទឹក​ជន់​លិច​កម្រិត​ណា​ នោះ​ទេ​ លោក​នឹង​ទៅ​កាន់​សាលា​របស់​ខ្លួន​ឯ​ស្រុក​សំឡូត​ ក្នុង​ខេត្ត​បាត់​ដំបង​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ​ ដើម្បី​ទៅ​បង្រៀន​សិស្ស​នៅ​ទី​នោះ។
ការ​សម្រេច​ចិត្ត​ដ៏​ប្រថុយ​ប្រថាន​​ទៅ​បំពេញ​ការងារ​ទាំង​ស្ថានភាព​ គ្រោះ​ធម្មជាតិ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ គឺ​ដោយសារ​លោក​មិន​ចង់​ឃើញ​សិស្ស​របស់​ខ្លួន​ ដែល​រស់​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ​រៀន​មិន​ទាន់​គេ។

ថាវរៈ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះវិហារ​ ​បាន​បួស​ជា​​សង្ឃ​​តាំង​​ពី​ក្មេង​ និង​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​បាត់ដំបង​កាល​ពី​១០​ឆ្នាំ​មុន​ ដោយ​គង់​នៅ​ក្នុង​វត្ត​សង្កែ​ ដើម្បី​ទទួល​បាន​ការ​អប់រំ​ ទាំង​ខ្លួន​​ស្ថិត​ក្នុង​ភេទ​បព្វជិត​។ ព្រះ​តេជគុណ​អង្គ​នេះ​បាន​ចូល​សិក្សា​នៅ​វិទ្យាល័យ​អ៊ឹងធួង​ ក្នុង​វត្ត​ពោធិ៍​វាល​ និង​បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០១០។
នៅ​ឆ្នាំ​ដដែល​នោះ​ដែរ​ ព្រះ​តេជគុណ​អង្គនេះ​បាន​ប្រឡង​ចូល​រៀន​គ្រូ​មធ្យម​ នៅ​សាលា​គរុកោសល្យ​ភូមិភាគ​​ខេត្ត​បាត់ដំបង​​ ដោយ​ចាប់​យក​ជំនាញ​ឯកទេស​ភាសា​អង់គ្លេស​ និង​អក្សរសាស្ត្រ​ខ្មែរ​ ហើយ​ក៏​បាន​ជាប់​​ដូច​បំណង។ ប៉ុន្តែ​លទ្ធផល​ដ៏​ល្អ​នេះ​ក៏​បាន​បង្ខំ​ឲ្យ​បព្វជិត​ដែល​បាន​បួស​តាំង​ពី​ តូច​ ត្រូវ​លា​ចាក​ព្រះ​ផ្នួស​ដែរ​ ដោយសារ​ការ​សិក្សា​ទាមទារ​ឲ្យ​មាន​ការ​ហាត់​រាំ​ និង​ធ្វើ​សកម្មភាព​ផ្សេង ដែល​ពិបាក​សម្រាប់​ភេទ​ជា​បព្វជិត។
ក្រោយ​ពី​សិក្សា​ចប់​រយៈពេល​ពីរ​ឆ្នាំ​ ថាវរៈ​ចាប់​បាន​ប៉ុស្តិ៍​បង្រៀន​នៅ​សាលា​វិទ្យាល័យ​អូរចំ​ ស្ថិត​ក្នុង​ភូមិ​អូរចំ​ ឃុំ​កំពង់ល្ពៅ​ ស្រុក​សំឡូត​ ដែល​ជា​តំបន់​ភ្នំ​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង។ លោក​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​លើ​ផ្លូវ​ភក់​ និង​ថ្ម​ជា​ច្រើន​ម៉ោង​ បើ​ចង់​មក​លេង​ទី​រួម​ខេត្ត​បាត់​ដំបង​ម្ដង​ៗ។
លោក​ថា៖ “នរណា​ក៏​ចង់​ចាប់​ប៉ុស្តិ៍​បង្រៀន​ជិត​ៗ​ដែរ​ ប៉ុន្តែ​គ្រូ​ថ្មី​ដូច​ខ្ញុំ​មិន​អាច​ទទួល​បាន​ប៉ុស្តិ៍​នៅ​ក្បែរ​ៗ​នេះ​ទេ។ ម្នាក់​ៗ​មាន​ការ​រារែក​ទៅ​បង្រៀន​នៅ​ទី​នោះ​​ ប៉ុន្តែ​ខ្ញុំ​វិញ​គិត​ថា​ បើ​ម្នាក់​ៗ​គិត​តែ​សម្រុក​មក​ធ្វើ​ការ​នៅ​ទី​ប្រជុំ​ជន​ តើ​បាន​នរណា​ជួយ​បង្រៀន​កូន​ខ្មែរ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល​ទៅ? ដូច្នេះ​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ប៉ុស្តិ៍​ទៅ​បង្រៀន​នៅ​ទី​នោះ​តែ​ម្ដង”។
ពេល​ចុះ​ទៅ​បង្រៀន​នៅ​វិទ្យាល័យ​របស់​ខ្លួន​ដំបូង​ ថាវរៈ​មាន​អារម្មណ៍​ស្រងេះស្រងោច​ជា​ខ្លាំង​ ដោយសារ​សាលា​របស់​លោក​នៅ​ក្បែរ​​ភ្នំ​ ស្ទើរ​ជាប់​ព្រំ​ដែន​ថៃ​ និង​ខេត្ត​ពោធិ៍សាត់​ឯ​ណោះ។ នៅ​ពេល​យប់​ម្ដង​ៗ​ មាន​ភាព​ស្ងាត់​ជ្រងំ​ លោក​ឮ​តែ​សំឡេង​សត្វ​យំ​ គ្មាន​ភ្លើង​អគ្គិសនី​ ឯ​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស​ក៏​ពិបាក​រក​ទៀត។
ភាព​លំបាក​ប៉ុន​ហ្នឹង​ហាក់​ពុំ​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ លោក​បែរ​ជា​ទទួល​ឲ្យ​សិស្ស​មួយ​ចំនួន​ ដែល​មាន​លំនៅឋាន​ឆ្ងាយ​ដាច់​ស្រយាល​ មក​ស្នាក់​នៅ​ជាមួយ​ទៀត​ផង​​ ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ទាំង​នោះ​ទទួល​បាន​ការ​អប់រំ​ដូច​អ្នក​នៅ​ទី​ប្រជុំ ​ជន​ដែរ។
ថាវរៈ​បន្ថែម​ថា៖ “សិស្ស​សាលា​ខ្លះ​មាន​ផ្ទះ​ចម្ងាយ​តែ​៦​ទៅ​៧​គីឡូ​ម៉ែត្រ​ទេ​ ប៉ុន្តែ​គាត់​ពិបាក​ធ្វើ​ដំណើរ​មក​កាន់​សាលា​ណាស់​ ដោយសារ​ផ្លូវ​មាន​ភាព​លំបាក​ ដំ​ថ្ម​កំប៉ិក​កំប៉ុក។ បើ​មាន​ភ្លៀង​ទៀត​ មិន​អាច​មក​សាលា​រួច​ទេ​ ម្ល៉ោះ​ហើយ​ទើប​គ្រូ​ៗ​សម្រេច​ឲ្យ​សិស្ស​មួយ​ចំនួន​មក​ស្នាក់​នៅ​ជាមួយ​គ្រូ ​ឯ​សាលា​តែ​ម្ដង​ទៅ”។
ពេល​ទៅ​បង្រៀន​៥​ខែ​ដំបូង​ គ្រូ​បង្រៀន​ស្រុក​ស្រែ​រូប​នេះ​ពុំ​ទទួល​បាន​ប្រាក់​ខែ​ទេ​ គ្រាន់​តែ​បាន​ប្រាក់​តំបន់​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ដូច្នេះ​លោក​ត្រូវ​តស៊ូ​ក្នុង​​ស្ថានភាព​​នោះ​ ព្រោះ​គ្រួសារ​នៅ​ខេត្ត​ព្រះ​វិហារ​មិន​មែន​មាន​​ជីវភាព​គ្រាន់​​បើ​ឯណា។
ប៉ុន្តែ​ការ​ចំណាយ​នានា​ហាក់​មិន​សំខាន់​ប៉ុន្មាន​ទេ​សម្រាប់​លោក​ អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​ឃើញ​កូន​ខ្មែរ​រស់​នៅ​តំបន់​ជនបទ​ ទទួល​បាន​ការ​អប់រំ​ដូច​អ្នក​នៅ​តាម​ទីប្រជុំជន​ដែរ​​ ជាពិសេស​ឃើញ​ពួក​គេ​ខិត​ខំ​សិក្សា​លើ​មុខ​ជំនាញ​ភាសា​អង់គ្លេស​ ដែល​លោក​បង្រៀន​ ឲ្យ​បាន​ខ្លាំង​ក្លា​ ពី​ព្រោះ​ភាសា​បរទេស​នេះអាច​នឹង​​ផ្ដល់​ឱកាស​ការងារ​ខ្ពស់។
លោក​បន្ថែម​ទៀត​ថា៖ “តាម​ការ​សង្កេត​របស់​ខ្ញុំ​ និង​របស់​​គ្រូ​ដទៃ​ទៀត​ កូន​អ្នក​ចម្ការ​ទាំង​នេះ​មិន​សូវ​ខិតខំ​រៀន​សូត្រ​ប៉ុន្មាន​ទេ។ សិស្ស​ខ្លះ​គិត​ថា​ ការ​សិក្សា​ទម្រាំ​បាន​ផល​មក​វិញ​ វា​ស៊ី​ពេល​យូរ​ មិន​ដូច​ធ្វើ​ចម្ការ​នោះ​ទេ។ ពេល​បង្រៀន​ម្ដង​ៗ​ ខ្ញុំ​ព្យាយាម​នាំ​យក​អ្វី​ៗ​ប្លែក​ៗ​ ពី​ពិភព​ខាង​ក្រៅ​ទៅ​ប្រាប់​ដល់​សិស្ស​ទាំង​អស់​នោះ​ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​ ប៉ុន្តែ​ហាក់​មិន​សូវ​បាន​ប្រយោជន៍​ប៉ុន្មាន​ទេ។ តែ​ទោះ​បី​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​បន្ត​ជំរុញ​ពួកគេ​ហើយ​ជំរុញ​ទៀត​ មិន​បោះ​បង់​ឡើយ”។
លោក​ថា​ បើ​ជា​សំណាង​ ថ្ងៃ​ណា​មួយ​​សិស្ស​ខ្លះ​ក្នុង​តំបន់​ព្រៃ​ភ្នំ​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ ផ្នត់​គំនិត​វិល​មក​ឲ្យ​តម្លៃ​លើ​ចំណេះ​ដឹង​វិញ​ លោក​នឹង​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។ ប៉ុន្តែ​លោក​ថា​ ការ​ងារ​ជួយ​ជំរុញ​កូន​ខ្មែរ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​នេះ​ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោក​នឹង​វិល​ត្រឡប់​ទៅ​រស់​នៅ​ឯ​​ស្រុក​កំណើត​វិញ​ក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​ជួយ​បង្រៀន​កូន​ខ្មែរ​នៅ​ទី​នោះ៕

ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អំពាវនាវ​សុំ​ជំនួយ​ជា​ថ្មី​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​

លោក​វេជ្ជបណ្ឌិត​ Beat Richner​ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​អំពាវនាវ​សុំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​អន្តរជាតិ​មេត្តា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​មួយ​​​នេះសា​ជា​ថ្មី។

សេចក្ដី​អំពាវ​នាវ​ ដែល​ទើប​បង្ហោះ​កាល​ពី​មួយ​ម៉ោង​មុន​នេះ​បាន​ឲ្យ​ដឹង​ថា​ ដូច​យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​អន្តរជាតិ​លើ​ស្ថានការណ៍​ថ្មី​ ៗ​ក្នុង​ប្រទេស​កម្ពុជា​ មូលនិធិ​របស់​លោក​​កំពុង​ទទួល​បាន​ការ​បរិច្ចាគ​តិច​ទៅ​ៗ​ ជាង​ឆ្នាំ​២០១២​ នៅ​ពេល​ដូច​គ្នា។
លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា៖ “នេះ​ជា​ពេល​ដ៏​តឹង​តែង​មួយ​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​ ព្រោះ​ចំនួន​ក្មេង​ធ្លាក់​ខ្លួន​ឈឺ​ត្រូវ​បាន​នាំ​យក​មក​ព្យាបាល​​ច្រើន​ឡើង ​ៗ​ជា​បន្តបន្ទាប់​​នៅ​មន្ទីរ​ពេទ្យ​របស់​យើង”។
លោក​បង្ហាញ​ពី​ចំនួន​កុមារ​ឈឺ​ថា​ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ ទី​១៥​ ខែ​កញ្ញា​ កុមារ​ដែល​​អាច​សម្រាក​ព្យាបាល​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​មាន​ចំនួន​៦២០​ នាក់​ ខណៈ​ដែល​កុមារ​ឈឺ​ខ្លាំង​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ តែ​ម្ដង​មាន​២១៣​នាក់។ នៅ​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែ​កញ្ញា​ (រំលង​មួយ​ថ្ងៃ) កុមារ​អាច​សម្រាក​ព្យាបាល​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​កើន​ចំនួន​៣៣៥៩​នាក់​ ខណៈ​កុមារ​ឈឺ​ធ្ងន់​ត្រូវ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក៏កើន​ ចំនួន​៤០៥​នាក់។ មាន​ការ​វះកាត់​ចំនួន​៦៦​ និង​ការ​​សំរាល​កូន​ចំនួន​​៥៥។
លោក​បន្ថែម​ថា​ ការ​ព្យាបាល​ទាំង​អស់​គឺ​ពុំ​គិត​ថ្លៃ​ទេ​ សូម្បី​ថ្នាំ​ពេទ្យ​ក្ដី។ ចំណែក​ឪពុក​ម្ដាយ​របស់​កុមារ​ដែល​ឈឺ​​នោះ​ក៏​​ក្រី​ក្រ​ទៅ​​ទៀត​។  ពេទ្យ​គន្ធបុប្ផា​គឺ​កំពុង​ព្យាបាល​៨៥​ភាគ​រយ​នៃ​កុមារ​កម្ពុជា​ដែល​ធ្លាក់​ ខ្លួន​ឈឺ​ទាំ​ង​អស់​​ ក្នុង​ករណី​មាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ មន្ទីរ​ពេទ្យ​នេះ​នឹង​ព្យាបាល​កុមារ​កម្ពុជា​​រហូត​ដល់​៩២​ភាគ​រយ​ឯណោះ។
លោក​វេជ្ជបណ្ឌិត​ Beat Richner​ បន្ត​ថា​ ជា​រៀង​រាល់​ថ្ងៃ​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ត្រូវ​ចំណាយ​១២​ម៉ឺន​ដុល្លារ។ បើ​គ្មាន​ការ​បរិច្ចាគ​ និង​ការ​ចូលរួម​គាំទ្រ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទេ​ កុមារ​កម្ពុជា​ ដែល​មាន​ជំងឺ​​អាច​នឹង​ស្លាប់​បាន៕

ខ្ញុំ និងក្រុមគ្រួសារ បានរួមគ្នាធ្វើបុណ្យកឋិនទាន



ក្រសួង​សេដ្ឋកិច្ច​​ជ្រើស​រើស​​បុគ្គលិក​ជាប់​កិច្ច​សន្យា ​១​ឆ្នាំ​២០​រូប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​​ ចំនួន​ ២០​ រូប​ ដើម្បី​បម្រើ​ការងារ​ ក្នុង​អគ្គនាយក​ដ្ឋាន​​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សាធារណៈ​ ដោយ​ ក្នុង​នោះ​ ១២ រូប​ ត្រូវ​ធ្វើ​ការងារ​ផ្តោត​​លើ​​​ការ​វិភាគ​ម៉ាក្រូសេដ្ឋកិច្ច​ និង​៨ រូប​ទៀត​​ ផ្តោត​លើ​ការងារ​ស្ថិតិ​ និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច​។
​បេក្ខជន​ បេក្ខនារី​ ដែល​ត្រូវ​បាន​ជ្រើសរើស​ នឹង​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ បំប៉ន​ជំនាញ​ផេ្សង​សេដ្ឋកិច្ច​ផេ្សងៗ​តាម​ការ​ចាំ​បាច់ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ និង​សមត្ថភាព​ការងារ​ ជាមួយ​ប្រាក់​បៀវត្ស​សមរម្យ​។ បន្ទាប់​ពី​បញ្ចប់​ការងារ​​ឆ្នាំ​ទី​១​ មន្រ្តី​ទាំង​២០ ​រូប នឹង​ទទួល​បាន​​ការ​វាយ​តម្លៃ​​លើ​សមិទ្ធ​កម្ម​ការងារ​ ដើម្បី​ពិនិត្យ​លទ្ធផល​ដាក់​បញ្ចូល​ ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តីរាជ​ការ​ បម្រើ​​ការងារ​ ក្នុង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។
​​​​បេក្ខជន ​បេក្ខ​នារី​ ដែល​ទទួល​បាន​ការ​ជ្រើសរើស​ បឋម​នឹង​ត្រូវ​ចូល​រួម​ ការ​ប្រឡង​សរសេរ​ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ភាព​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​សមត្ថភាព​ភាសា​អង់គ្លេស ​(​ការ​ប្រឡង​ ​ភាសា​នឹង​ត្រូវ​លើក​លែង​ចំពោះ​បេក្ខ​ជន​ បេក្ខ​នារី​ ទាំង​ឡាយ​ណា​ ដែល​មាន​ពិន្ទុ​យ៉ាង​ហោច​ណាស់​ TOEFL ៥៣០​ ឬ​ IELTS ៥.0 ដែល​មាន​អាយុ​កាល​មិន​លើស​ពី​ ២ ឆ្នាំ​)។
បេក្ខ​ជន​មាន​ចំណាប់​អារម្មណ៍​អាច​ផ្ញើ​ប្រវត្តិ​រូប​​ការងារ​​ មក ​អ៊ី​មែល​មក​ narin_kruy@mef.gov.kh ដោយ​បញ្ជាក់​ពី​ជម្រើស​​ក្នុង​ subject Line: “Economic Policy”​ ឬ “Statistics” ។​ ការ​ទទួល​ពាក្យ​ចាប់​​ផ្តើម​ពី​ថ្ងៃ​ទី​ ១-៣០ វិច្ឆិកា​ ឆ្នាំ​២០១៣​ ត្រឹម​ម៉ោង​ ១៧:០០​។សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​ កញ្ញា​ គ្រុយ​ ណារិន​ ទូរសព្ទ​លេខ ០៧៧ ២០៦ ៥៦០​។ ​បេក្ខ​នារី​ នឹង​ទទួល​បាន​ការ​ផ្តល់​អាទិភាព​ជាពិសេស​ សម្រាប់​ការ​ជ្រើស​រើស​​​នេះ៕ ​

ក្រសួង​អប់រំ​​​បញ្ចូល​ភាសា​អង់គ្លេស​នៅ​ថ្នាក់​បឋម​សិក្សា

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​ ​បាន​ដាក់​​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ ​​នៅ​​ថ្នាក់​​បឋម​សិក្សា​​​ចាប់​ពី​ឆ្នាំ​២០១៣ ​នេះ​ទៅ។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ សំ​ សេរីរ័ត្ន​ ​អគ្គនាយក​ដ្ឋាន​អប់​រំ​ នៃ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​​។
​​
លោក​បាន​បន្ថែម​​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​​សិក្សា​ភាសា​អង់គ្លេស​នេះ​ ​​មាន​​​ចាប់​ពី​ថ្នាក់​ទី​៤​ ឡើង​ទៅ​។​
​​​​ទោះ​ជា​យ៉ាង​ណា​ សាលា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​អាច​ដាក់​​​បញ្ចូល​​មុខ​ វិជ្ជា​ថ្មី​​​មួយ​នេះ​បាន​​នៅ​ឡើយ​ទេ ​​​ដោយ​ហេតុ​ថា​ពុំ​ទាន់​មាន​គ្រូ​គ្រប់​គ្រាន់។ អ្នក​គ្រូ​ ទិត ឌូ​ នាយក​សាលា​បឋម​សិក្សា​ចារ​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង ​​បាន​បញ្ជាក់​ថា​ ៖ “​ខាង​ក្រសួង​អប់រំ​​ខេត្ត​ស្វាយរៀង​នឹង​ដាក់​ឱ្យ​​មាន​នៅ​សាលា​ខ្ញុំ​​​ ចាប់​ពី​ឆ្នាំ​២០១៤​។ បច្ចុប្បន្ន​​ ខាង​​ក្រសួង​កំពុង​សម្រិតសម្រាំង​​គ្រូ​ ដោយ​​បណ្ដុះ​បណ្ដាល​​គ្រូ​ដែល​មាន​ស្រាប់​នៅ​សាលា​ និង​ខ្លះ​ទៀត​គឺ​ជ្រើស​រើស​​គ្រូ​អនុវិទ្យាល័យ​​មក​បង្រៀន”។ ​អ្នក​គ្រូ​បន្ថែម​ទៀត​ថា​ ​នេះ​ជា​សញ្ញាណ​ល្អ​​សម្រាប់​​វិស័យ​អប់រំ​កម្ពុជា​ ព្រោះ​ថា ​​​សិស្ស​នឹង​​​បាន​ស្វែង​​យល់​ និង​ចេះ​ភាសា​អន្តរជាតិ​មួយ​នេះ​បាន​កាន់​តែ​ច្រើន​តាំង​ពី​ថ្នាក់​ក្រោម​ ឡើង​ទៅ។
លោក​ រ៉ុង​ ឈុន​ ប្រធាន​​សមាគម​ គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ​បាន​​ថ្លែង ​អបអរសាទរ​​ចំពោះ​គម្រោង​ថ្មី​ របស់​​ក្រសួង​អប់រំ ​និង​ចាត់​​ទុក​ថា​ នេះ​គឺ​ជា​ភាព​ចាំ​បាច់​មួយ​សម្រាប់​យុវជន​ បន្ទាប់​ពី​ភាសា​ជាតិ​ ខណៈ​រយៈ​ពេល​​ដ៏​ខ្លី​ខាង​មុខ​​អាស៊ាន​ទាំង​មូល​ នឹង​ធ្វើ​សមាហរណកម្ម​បញ្ចូល ​គ្នា​។​ លោក​​បាន​​បន្ថែម​​ថា​ បច្ចុប្បន្ន​​នេះ​ ភាសា​អង់គ្លេស​ ត្រូវ​បាន​ដាក់​បញ្ចូល​​ ក្នុង​កម្មវិធី​សិក្សា​ត្រឹម​អនុវិទ្យាល័យ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​វា​កាន់​​តែ​ងាយ​ស្រួល​បន្ថែម​ទៀត​សម្រាប់​​​កុមារ​នៅ​ក្មេង​ខ្ចី​ ក្នុង​ការចាប់​យកភាសា​អង់គ្លេស៕​​​​​​​​

ស្ទើរ​មិន​ជឿ​ ក្មេង​ឃ្វាល​គោ​​​ម្នាក់​ជាប់​អាហារូបករណ៍​រៀន​នៅ​សាលា​ល្បី​ប្រទេស​អូស្ត្រាលី!

ត្រឹម​តែ​អាយុ​១៣​ឆ្នាំ​សោះ​ កុមារ​កម្ពុជា​មួយ​រូប​បាន​ធ្វើ​ឲ្យ​ខ្លួន​ល្បី​លើ​ឆាក​អន្តរ​ជាតិ​ និង​​បី​ឆ្នាំ​ក្រោយ​មក​ គេ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​ថ្មី​ម្ដង​ទៀត​ នោះ​គឺ​ទទួល​បាន​អាហារូបករណ៍​ទាំង​វ័យ​ក្មេង​ ទៅ​សិក្សា​នៅ​សាលា​ល្បី​លំដាប់​អន្តរជាតិ​ ក្នុង​ប្រទេស​អូស្ត្រាលី។
ចន​ ចាន់​វិសាល​ អាយុ​១៧​ឆ្នាំ​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​វិទ្យាល័យ​ នៅ​សាលា​ Prince Alfred College ​ក្នុង​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន​គេ​កំពុង​រៀន​ថ្នាក់​ទី​១១​ ជាមួយ​នឹង​សិស្ស​បរទេស​ជា​ច្រើន​ ជាពិសេស​សិស្ស​អូស្ត្រាលី​តែ​ម្ដង។
ចន​ ចាន់​វិសាល​ អាយុ​១៧​ឆ្នាំ
វិសាល​ បាន​ថ្លែង​ប្រាប់​ពី​អូស្ត្រាលី​មក​ថា​ រូប​គេ​បាន​ជាប់​អាហារូបករណ៍​មក​រៀន​នៅ​ប្រទេស​នេះ​ គឺ ដោយសារ​មាន​គេ​ទាក់​ទង​ទៅ​អង្គការ​ដែល​​ខ្លួន​រស់​នៅ​ ប៉ុន្តែ​អាច​មក​ពី​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ​របស់​ខ្លួន​ធ្លាប់​ឡើង​ ច្រៀង​បទ​ “Tell Me Why”​ ជា​ភាសា​អង់គ្លេស​ លើ​ឆាក​អន្តរជាតិ​ ឲ្យ​ជន​បរទេស​រាប់​រយ​នាក់​​ស្ដាប់​កាល​ពី​ឆ្នាំ​២០០៩​ដែរ។
យុវជន​រូប​នេះ​មាន​បង​ប្អូន​សុទ្ធ​តែ​ប្រុស​ៗ​ចំនួន​បួន​នាក់​ ហើយ​ខ្លួន​គឺ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​មួយ​ ឯ​ខេត្ត​កំពង់ចាម​ ដែល​មាន​​ម្ដាយ​ជា​ស្ត្រី​មេ​ម៉ាយ។ វិសាល​ត្រូវ​ម្ដាយ​បញ្ជូន​ទៅ​ឃ្វាល​គោ​ក្របី​ឲ្យ​គេ ​តាំង​ពី​អាយុ​១០​ឆ្នាំ​ម្ល៉េះ​ដោយសារ​តែ​ភាព​ក្រី​ក្រ។
វិសាល​ថា៖ “ម្ដាយ​របស់​ខ្ញុំ​បាន​យក​ខ្ញុំ​ និង​ប្អូន​ប្រុស​របស់​ខ្ញុំ​ពីរ​​រូប​ទៀត​ឲ្យ​ទៅ​នៅ​ជាមួយ​អង្គការ​​ Sunrise Children’​s Village​ ឯ​ខេត្ត​កណ្ដាល​ឯណោះ។ គាត់​មិន​ដែល​មក​លេង​យើង​ទេ​ ដោយសារ​គាត់​ក្រ​ពេក​ គ្មាន​សោហ៊ុយ​នឹង​ធ្វើ​ដំណើរ​មក​ មាន​តែ​យើង​ទេ​ទៅ​លេង​គាត់​ឯ​ស្រុក​ ពេល​បុណ្យ​ទាន​ម្ដង​ៗ”។
ពេល​ទៅ​ដល់​អង្គការ​នោះ​ភ្លាម​ វិសាល​ដែល​បាន​រៀន​ថ្នាក់​ទី​៥​ទៅ​ហើយ​នៅ​ស្រុក​កំណើត​ បាន​បន្ត​រៀន​ថ្នាក់​ចំណេះ​ដឹង​ទូទៅ​នេះ​ទៀត។ លើស​ពី​នេះ​ គេ​បាន​រៀន​កុំព្យូទ័រ​ ជា​ពិសេស​​ភាសា​អង់គ្លេស​តែ​ម្ដង។ ពេល​ទំនេរ​ កុមារ​រូប​នេះ​បាន​រៀន​ច្រៀង​បទ​ភាសា​អង់គ្លេស និង​បាន​អនុវត្ត​និយាយ​ភាសា​អង់គ្លេស​ជាមួយ​នឹង​ជន​បរទេស​ ដែល​ទៅ​ទស្សនកិច្ច​នៅ​អង្គការ​របស់​ខ្លួន​ទៀត​ផង។ ពេល​ខ្លះ​ គេ​បាន​ច្រៀង​ជា​ភាសា​អង់គ្លេស​ឲ្យ​ជន​បរទេស​ទាំង​នោះ​ស្ដាប់​ទៀត​ផង។

ដោយ​មើល​ឃើញ​ពី​ទេពកោសល្យ​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ច្បាស់​ វិសាល​ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​នាំ​មុខ​ (Main Vocalist)​ នៅ​ពេល​អង្គការ​ Sunrise Children’​s Village ទៅ​សម្ដែង​នៅ​Opera ​House​ នៅ​ទី​ក្រុង​ Sydney ​ប្រទេស​អូស្ត្រាលី​​ ក្នុង​ឆ្នាំ​២០០៩។ វិសាល​ ដែល​មាន​អាយុ​ទើប​១៣​នៅ​ឡើយ​ ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ហ៊ោ​កញ្ជ្រៀវ​ ក្រោយ​ពី​គេ​ច្រៀង​បទ​ “Tell Me Why”​ចប់។ (ចុច​ត្រង់​នេះ​ មើល​​ការ​​សម្ដែង​របស់​​វិសាល​ ​កាល​​ពី​នៅ​កុមារ​)
យុវជន​រូប​នេះ​ថា៖ “ពេល​ដែល​សម្ដែង​នៅ​មុខ​ជន​បរទេស​រាប់​រយ​នាក់​កាល​ណោះ​ ខ្ញុំ​ភ័យ​ណាស់។ ខ្ញុំ​ធ្លាប់​តែ​សម្ដែង​តែ​មុខ​មនុស្ស​ពីរ​ ឬ​បី​នាក់​ ហើយ​មិន​ជា​ផ្លូវ​ការ​អីចឹង​ទេ។ ដើម្បី​បំបាត់​ភាព​ភ័យ​នេះ​ ខ្ញុំ​បាន​លួច​បិទ​ភ្នែក​ខ្លះ​ដែរ​ ពេល​ច្រៀង”។
វិសាល​បន្ថែម​ថា៖ “នៅ​ពេល​ច្រៀង​ចប់​ភ្លាម​ ខ្ញុំ​ឮ​គេ​ទះ​ដៃ​អបអរ​យ៉ាង​កង​រំពង​បែប​ហ្នឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​ និយាយ​ពី​អារម្មណ៍​របស់​ខ្ញុំ​យ៉ាង​ម៉េច​ទេ​ពេល​ហ្នឹង​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​រំភើប​ណាស់”។
បទ​ចម្រៀង​ “Tell Me Why”​ ច្រៀង​ដោយ​វិសាល​ក៏​បាន​បង្ហោះ​លើ​ Youtube​ ផង​ដែរ​ និង​មាន​មនុស្ស​ចូល​បើក​មើល​ពុំ​សូវ​ដាច់​។
កាល​ពី​ឆ្នាំ​ទៅ​មិញ​ វិសាល​ត្រូវ​បាន​គេ​ទាក់​ទង​​ផ្ដល់​អាហារូបករណ៍​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​មួយ​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ឈ្មោះ​ថា​ Prince Alfred College។ យុវជន​​នេះ​បាន​​រៀន​នៅ​ថ្នាក់​ទី​១០​ទៅ​ហើយ​ក្នុង​ស្រុក​ខ្មែរ​ ប៉ុន្តែ​ពេល​ប្ដូរ​ទៅ​សិក្សា​នៅ​បរទេស​ គេ​បាន​បន្ថយ​មក​រៀន​នៅ​ថ្នាក់​ទី​៩​វិញ​ ដើម្បី​ទុក​ពេល​មួយ​ឆ្នាំ​រៀន​ភាសា​អង់គ្លេស​បន្ថែម។ បច្ចុប្បន្ន​ វិសាល​រៀន​ថ្នាក់​ទី​១១​ហើយ ​នៅ​ក្នុង​ប្រទេស​នោះ។
វិសាល​បញ្ជាក់​បន្ថែម​ថា៖ “ការ​សិក្សា​នៅ​ទី​នេះ​គឺ​ស្រដៀង​នឹង​យើង​ដែរ​ ដូច​ជា​​មាន​ភូមិ​វិទ្យា​ ជីវវិទ្យា​ រូបវិទ្យា​ គណិតវិទ្យា​អីចឹង។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ខ្ញុំ​បាន​រៀន​ភ្លេង​បន្ថែម​ទៀត។ ខ្ញុំ​រៀន​ឧបករណ៍​ភ្លេង​ប៉្យាណូ​ ប៉ុន្តែ​ខ្ញុំ​ក៏​អាច​លេង​ស្គរ​ និង​ហ្គីតា​បាន​ដែរ”។
អាហារូបករណ៍​នេះ​បាន​រ៉ាប់រង​គ្រប់​បែប​យ៉ាង​​ ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ​ ការ​ហូប​ចុច​ និង​អ្វី​ៗ​ផ្សេង​ទៀត។ គេ​បាន​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ថ្មី​ ក្នុង​ទឹក​ដី​ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ។ នៅ​ពេល​រៀន​ចប់​វិទ្យាល័យ​ វិសាល​ថា​ គេ​នឹង​ទទួល​បាន​អាហារូបករណ៍​បន្ត​ទៅ​ថ្នាក់​ឧត្ដម​ទៀត។
យុវជន​រូប​នេះ​ថា៖ “ពេល​ចូល​វិទ្យាល័យ​ ខ្ញុំ​ត្រូវ​រង់​ចាំ​មើល​ជំនាញ​របស់​ខ្ញុំ​សិន។ បើ​ខ្ញុំ​បាន​ពិន្ទុ​ល្អ​ផ្នែក​ភ្លេង​ ខ្ញុំ​ចាប់​យក​ជំនាញ​តន្ត្រី​ ប៉ុន្តែ​បើ​ខ្ញុំ​ពូកែ​ខាង​គណិត​ ខ្ញុំ​នឹង​ចាប់​យក​ជំនាញ​ស្ថាបត្យកម្ម”។
នៅ​ពេល​រៀន​ចប់​ និង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ យុវជន​រូប​ឲ្យ​ដឹង​ថា​ គេ​អាច​នឹង​ជួប​ការ​លំបាក​បន្តិច​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ នោះ​គឺ​ចង់​បើ​អាជីវកម្ម​មួយ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​គេ​ថា​ ដំបូង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ឲ្យ​គេ​សិន​ ទម្រាំ​តែ​មាន​ដើម​ទុន​ ទើប​បង្កើត​អ្វី​មួយ​ដោយ​ខ្លួន​ឯង។ តែ​បើ​ទោះ​បី​មិន​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ក្ដី​ យុវជន​រូប​នេះ​ថា​ ​គេ​នឹង​មិន​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត។ យុវជន​រូប​នេះ​ថា​ កុមារ​ក្រី​ក្រ​ ឬ​កុមារ​កំព្រា​ក្នុង​ស្រុក​ខ្មែរ​ក៏​គួរ​តែ​មាន​គំនិត​ មិន​បាក់​ទឹក​ចិត្ត​ដូច​​រូប​គេ​ដែរ។