អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

គ្រូ​បង្រៀន​ស្រុក​ស្រែ​ចង់​​ឲ្យ​​កូន​ខ្មែរ​​​ស្គាល់​តម្លៃ​នៃ​ការ​សិក្សា​

មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​សម្រេច​ចិត្ត​ ផ្អាក​ទៅ​បំពេញ​ការងារ​មួយ​រយៈ​ បើ​សិន​ជា​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឡើយ ​ តែ​ ប៉ិល​ ថាវរៈ​ អាយុ​៣២​ ជា​គ្រូ​បង្រៀន​វិញ​​ មិន​ខ្វល់​ថា​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​នោះ​ ត្រូវ​ទឹក​ជន់​លិច​កម្រិត​ណា​ នោះ​ទេ​ លោក​នឹង​ទៅ​កាន់​សាលា​របស់​ខ្លួន​ឯ​ស្រុក​សំឡូត​ ក្នុង​ខេត្ត​បាត់​ដំបង​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ​ ដើម្បី​ទៅ​បង្រៀន​សិស្ស​នៅ​ទី​នោះ។
ការ​សម្រេច​ចិត្ត​ដ៏​ប្រថុយ​ប្រថាន​​ទៅ​បំពេញ​ការងារ​ទាំង​ស្ថានភាព​ គ្រោះ​ធម្មជាតិ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ គឺ​ដោយសារ​លោក​មិន​ចង់​ឃើញ​សិស្ស​របស់​ខ្លួន​ ដែល​រស់​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ​រៀន​មិន​ទាន់​គេ។

ថាវរៈ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះវិហារ​ ​បាន​បួស​ជា​​សង្ឃ​​តាំង​​ពី​ក្មេង​ និង​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​បាត់ដំបង​កាល​ពី​១០​ឆ្នាំ​មុន​ ដោយ​គង់​នៅ​ក្នុង​វត្ត​សង្កែ​ ដើម្បី​ទទួល​បាន​ការ​អប់រំ​ ទាំង​ខ្លួន​​ស្ថិត​ក្នុង​ភេទ​បព្វជិត​។ ព្រះ​តេជគុណ​អង្គ​នេះ​បាន​ចូល​សិក្សា​នៅ​វិទ្យាល័យ​អ៊ឹងធួង​ ក្នុង​វត្ត​ពោធិ៍​វាល​ និង​បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០១០។
នៅ​ឆ្នាំ​ដដែល​នោះ​ដែរ​ ព្រះ​តេជគុណ​អង្គនេះ​បាន​ប្រឡង​ចូល​រៀន​គ្រូ​មធ្យម​ នៅ​សាលា​គរុកោសល្យ​ភូមិភាគ​​ខេត្ត​បាត់ដំបង​​ ដោយ​ចាប់​យក​ជំនាញ​ឯកទេស​ភាសា​អង់គ្លេស​ និង​អក្សរសាស្ត្រ​ខ្មែរ​ ហើយ​ក៏​បាន​ជាប់​​ដូច​បំណង។ ប៉ុន្តែ​លទ្ធផល​ដ៏​ល្អ​នេះ​ក៏​បាន​បង្ខំ​ឲ្យ​បព្វជិត​ដែល​បាន​បួស​តាំង​ពី​ តូច​ ត្រូវ​លា​ចាក​ព្រះ​ផ្នួស​ដែរ​ ដោយសារ​ការ​សិក្សា​ទាមទារ​ឲ្យ​មាន​ការ​ហាត់​រាំ​ និង​ធ្វើ​សកម្មភាព​ផ្សេង ដែល​ពិបាក​សម្រាប់​ភេទ​ជា​បព្វជិត។
ក្រោយ​ពី​សិក្សា​ចប់​រយៈពេល​ពីរ​ឆ្នាំ​ ថាវរៈ​ចាប់​បាន​ប៉ុស្តិ៍​បង្រៀន​នៅ​សាលា​វិទ្យាល័យ​អូរចំ​ ស្ថិត​ក្នុង​ភូមិ​អូរចំ​ ឃុំ​កំពង់ល្ពៅ​ ស្រុក​សំឡូត​ ដែល​ជា​តំបន់​ភ្នំ​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង។ លោក​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​លើ​ផ្លូវ​ភក់​ និង​ថ្ម​ជា​ច្រើន​ម៉ោង​ បើ​ចង់​មក​លេង​ទី​រួម​ខេត្ត​បាត់​ដំបង​ម្ដង​ៗ។
លោក​ថា៖ “នរណា​ក៏​ចង់​ចាប់​ប៉ុស្តិ៍​បង្រៀន​ជិត​ៗ​ដែរ​ ប៉ុន្តែ​គ្រូ​ថ្មី​ដូច​ខ្ញុំ​មិន​អាច​ទទួល​បាន​ប៉ុស្តិ៍​នៅ​ក្បែរ​ៗ​នេះ​ទេ។ ម្នាក់​ៗ​មាន​ការ​រារែក​ទៅ​បង្រៀន​នៅ​ទី​នោះ​​ ប៉ុន្តែ​ខ្ញុំ​វិញ​គិត​ថា​ បើ​ម្នាក់​ៗ​គិត​តែ​សម្រុក​មក​ធ្វើ​ការ​នៅ​ទី​ប្រជុំ​ជន​ តើ​បាន​នរណា​ជួយ​បង្រៀន​កូន​ខ្មែរ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល​ទៅ? ដូច្នេះ​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ប៉ុស្តិ៍​ទៅ​បង្រៀន​នៅ​ទី​នោះ​តែ​ម្ដង”។
ពេល​ចុះ​ទៅ​បង្រៀន​នៅ​វិទ្យាល័យ​របស់​ខ្លួន​ដំបូង​ ថាវរៈ​មាន​អារម្មណ៍​ស្រងេះស្រងោច​ជា​ខ្លាំង​ ដោយសារ​សាលា​របស់​លោក​នៅ​ក្បែរ​​ភ្នំ​ ស្ទើរ​ជាប់​ព្រំ​ដែន​ថៃ​ និង​ខេត្ត​ពោធិ៍សាត់​ឯ​ណោះ។ នៅ​ពេល​យប់​ម្ដង​ៗ​ មាន​ភាព​ស្ងាត់​ជ្រងំ​ លោក​ឮ​តែ​សំឡេង​សត្វ​យំ​ គ្មាន​ភ្លើង​អគ្គិសនី​ ឯ​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស​ក៏​ពិបាក​រក​ទៀត។
ភាព​លំបាក​ប៉ុន​ហ្នឹង​ហាក់​ពុំ​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ លោក​បែរ​ជា​ទទួល​ឲ្យ​សិស្ស​មួយ​ចំនួន​ ដែល​មាន​លំនៅឋាន​ឆ្ងាយ​ដាច់​ស្រយាល​ មក​ស្នាក់​នៅ​ជាមួយ​ទៀត​ផង​​ ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ទាំង​នោះ​ទទួល​បាន​ការ​អប់រំ​ដូច​អ្នក​នៅ​ទី​ប្រជុំ ​ជន​ដែរ។
ថាវរៈ​បន្ថែម​ថា៖ “សិស្ស​សាលា​ខ្លះ​មាន​ផ្ទះ​ចម្ងាយ​តែ​៦​ទៅ​៧​គីឡូ​ម៉ែត្រ​ទេ​ ប៉ុន្តែ​គាត់​ពិបាក​ធ្វើ​ដំណើរ​មក​កាន់​សាលា​ណាស់​ ដោយសារ​ផ្លូវ​មាន​ភាព​លំបាក​ ដំ​ថ្ម​កំប៉ិក​កំប៉ុក។ បើ​មាន​ភ្លៀង​ទៀត​ មិន​អាច​មក​សាលា​រួច​ទេ​ ម្ល៉ោះ​ហើយ​ទើប​គ្រូ​ៗ​សម្រេច​ឲ្យ​សិស្ស​មួយ​ចំនួន​មក​ស្នាក់​នៅ​ជាមួយ​គ្រូ ​ឯ​សាលា​តែ​ម្ដង​ទៅ”។
ពេល​ទៅ​បង្រៀន​៥​ខែ​ដំបូង​ គ្រូ​បង្រៀន​ស្រុក​ស្រែ​រូប​នេះ​ពុំ​ទទួល​បាន​ប្រាក់​ខែ​ទេ​ គ្រាន់​តែ​បាន​ប្រាក់​តំបន់​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ដូច្នេះ​លោក​ត្រូវ​តស៊ូ​ក្នុង​​ស្ថានភាព​​នោះ​ ព្រោះ​គ្រួសារ​នៅ​ខេត្ត​ព្រះ​វិហារ​មិន​មែន​មាន​​ជីវភាព​គ្រាន់​​បើ​ឯណា។
ប៉ុន្តែ​ការ​ចំណាយ​នានា​ហាក់​មិន​សំខាន់​ប៉ុន្មាន​ទេ​សម្រាប់​លោក​ អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​ឃើញ​កូន​ខ្មែរ​រស់​នៅ​តំបន់​ជនបទ​ ទទួល​បាន​ការ​អប់រំ​ដូច​អ្នក​នៅ​តាម​ទីប្រជុំជន​ដែរ​​ ជាពិសេស​ឃើញ​ពួក​គេ​ខិត​ខំ​សិក្សា​លើ​មុខ​ជំនាញ​ភាសា​អង់គ្លេស​ ដែល​លោក​បង្រៀន​ ឲ្យ​បាន​ខ្លាំង​ក្លា​ ពី​ព្រោះ​ភាសា​បរទេស​នេះអាច​នឹង​​ផ្ដល់​ឱកាស​ការងារ​ខ្ពស់។
លោក​បន្ថែម​ទៀត​ថា៖ “តាម​ការ​សង្កេត​របស់​ខ្ញុំ​ និង​របស់​​គ្រូ​ដទៃ​ទៀត​ កូន​អ្នក​ចម្ការ​ទាំង​នេះ​មិន​សូវ​ខិតខំ​រៀន​សូត្រ​ប៉ុន្មាន​ទេ។ សិស្ស​ខ្លះ​គិត​ថា​ ការ​សិក្សា​ទម្រាំ​បាន​ផល​មក​វិញ​ វា​ស៊ី​ពេល​យូរ​ មិន​ដូច​ធ្វើ​ចម្ការ​នោះ​ទេ។ ពេល​បង្រៀន​ម្ដង​ៗ​ ខ្ញុំ​ព្យាយាម​នាំ​យក​អ្វី​ៗ​ប្លែក​ៗ​ ពី​ពិភព​ខាង​ក្រៅ​ទៅ​ប្រាប់​ដល់​សិស្ស​ទាំង​អស់​នោះ​ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​ ប៉ុន្តែ​ហាក់​មិន​សូវ​បាន​ប្រយោជន៍​ប៉ុន្មាន​ទេ។ តែ​ទោះ​បី​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​បន្ត​ជំរុញ​ពួកគេ​ហើយ​ជំរុញ​ទៀត​ មិន​បោះ​បង់​ឡើយ”។
លោក​ថា​ បើ​ជា​សំណាង​ ថ្ងៃ​ណា​មួយ​​សិស្ស​ខ្លះ​ក្នុង​តំបន់​ព្រៃ​ភ្នំ​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ ផ្នត់​គំនិត​វិល​មក​ឲ្យ​តម្លៃ​លើ​ចំណេះ​ដឹង​វិញ​ លោក​នឹង​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។ ប៉ុន្តែ​លោក​ថា​ ការ​ងារ​ជួយ​ជំរុញ​កូន​ខ្មែរ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​នេះ​ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោក​នឹង​វិល​ត្រឡប់​ទៅ​រស់​នៅ​ឯ​​ស្រុក​កំណើត​វិញ​ក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​ជួយ​បង្រៀន​កូន​ខ្មែរ​នៅ​ទី​នោះ៕

0 comments: