អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 25, 2013

ផែន​ការ​គ្រប់​គ្រង ទេស​ចរណ៍​នៅ​អង្គរ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើ​រ​ការ

E-mailPrintPDF
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ ផែនការគ្រប់គ្រង ទេសចរណ៍ នៅតំបន់អង្គរ ត្រូវបាន ដាក់ឲ្យដំណើរការ ហើយ ក្រោមអធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថាទូតបារាំង ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល អូស្រ្តាលី និងរាជរដ្ឋាភិបាល កម្ពុជា ដែលគាំទ្រដោយអង្គការយូនីស្កូ បានផ្តួចផ្តើមគំនិត បង្កើតជាគម្រោងក្របខណ្ឌ គ្រប់គ្រងបេតិកភ័ណ្ឌនេះ តាំងពីឆ្នាំ ២០០៨ ដើម្បីឆ្លើយតប ទៅនឹងការកើនឡើង យ៉ាងខ្លាំង នៃអ្នកទេសចរណ៍ ភាពប្រឈមនៃបរិស្ថានថ្មីៗ និងការរីកចម្រើន យ៉ាងឆាប់រហ័ស របស់សហគមន៍ ដែលជាប់តំបន់បេតិកភ័ណ្ឌពិភពលោក អង្គរកម្ពុជា ។
ផែនការគ្រប់គ្រង ទេសចរណ៍ នឹងជួយសម្រួលដល់ការគ្រប់គ្រង និងការសម្របសម្រួល ការកើនឡើង យ៉ាងរហ័ស នៃ វិស័យទេសចរណ៍ ការកាត់បន្ថយ ការខូចខាត ដែលបណ្តាលមកពីអ្នកទេសចរណ៍ ការបង្កើតទំនាក់ទំនង រវាងអាជ្ញាធរ អប្សរា ឧស្សាហកម្មទេសចរណ៍ និងការផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជននៅក្នុងមូលដ្ឋាន។
លោកស្រី ផេននី រីឆាដស៍ ឯកអគ្គរាជទូត អូស្រ្តាលីប្រចាំកម្ពុជា បានមានប្រសាសន៍ នៅក្នុងសេចក្តីប្រកាសនោះ “ដោយ បានសំណូមពរ ដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តផែនការ គ្រប់គ្រងទេសចរណ៍នេះ ដោយមិនពន្យារពេល… ខ្ញុំសូម ជូនពរ រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការអនុវត្តន៍ផែនការគ្រប់គ្រង ទេសចរណ៍ ដើម្បីលើកស្ទួយ ដល់ វិស័យទេសចរណ៍ ដែលជួយដល់ជនក្រីក្រ និងដើម្បីទទួលបានការអភិរក្ស និងការពាររយៈពេលយូរ លើទីតាំង បេតិកភ័ណ្ឌ ពិភពលោក សម្រាប់មនុស្សគ្រប់គ្នា សម្រាប់ជាតិកម្ពុជា និងពលរដ្ឋកម្ពុជារាប់ពាន់នាក់ ដែលបានរស់នៅ ទាំងកាយទាំងចិត្តនៅលើទឹកដីដ៏មាន សារៈសំខាន់” ។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៍ថា “ វិស័យទេសចរណ៍ គឺជាកាំបិតមុខពីរ ហើយផែនការគ្រប់គ្រង ទេសចរណ៍ គឺជាក្បួនណែនាំ ដែលរួមបញ្ចូលគ្នា ដ៏ល្អមួយសម្រាប់គ្រប់គ្រងទេសចរណ៍ នៅអង្គរ… ការបង្កើតផែនការមួយ គឺមានសារៈសំខាន់ណាស់ ប៉ុន្តែ ការអនុវត្តន៍ផែនការនោះ រឹតតែជារឿងសំខាន់ ហើយ ជំហាន របស់យើង បន្ទាប់គឺការ អនុវត្តន៍ ផែនការគ្រប់គ្រងទេសចរណ៍ ប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាពមួយ ហើយខ្ញុំនឹងរង់ចាំមើលការអនុវត្តន៍ នេះ”៕

សម្តេចហ៊ុន សែនៈ ទំនាក់ទំនងកម្ពុជា-ចិន រឹងមាំដូចស្ពានឆ្លងកាត់ទន្លេទាំងអស់នៅកម្ពុជា

ភ្នំពេញ ៖ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ថា ទំនាក់ ទំនងមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសចិន នឹងពិតជាមានភាពរឹងមាំ ដូចទៅនឹងស្ពានទាំងអស់ នៅក្នុងទឹកកម្ពុជា។ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្ដ កណ្ដាល កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ថា “ ខ្ញុំសង្ឃឹមថា ទំនាក់ទំនង រវាងកម្ពុជា-ចិន នឹងរឹងមាំ ដូចជា ស្ពាន បេតុង ឆ្លងកាត់ទន្លេទាំងអស់ របស់យើង….យើងបានសាកល្បងទំនាក់ទំនង ចាប់តាំងពី ព្រះករុណាព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ដូចជា ប្រធានម៉ៅ និងនាយករដ្ឋមន្រ្តី ជូអេឡាយ ជាដើម”។ សម្តេចនាយករដ្ឋមន្រ្តី បន្តថា មកដល់បច្ចុប្បន្ននេះ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី និងសម្តេចផ្ទាល់ នៅ តែបន្តទំនាក់ទំនង ជាមួយមេដឹកនាំរបស់ចិន ដ៏ស្អិតរមួតបន្តទៀត។ សម្តេចតេជោ បន្តថា “ជំនាន់មុននេះ ប្រធានាធិបតីចិន ហ៊ូ ជិនតាវ និងនាយករដ្ឋមន្រ្តី វ៉េន ជាវប៉ាវ ហើយបន្តមកជាមួយ លោកប្រធានាធិបតី ស៊ិន ជីងពីង និងនាយករដ្ឋមន្រ្តី នី គីជាំង ចំពោះខ្ញុំផ្ទាល់ មានតាំងពីប្រធានាធិបតី ហ្សាង ជីមីង និង នាយករដ្ឋមន្រ្តី លីភឹង ហើយបន្ទាប់ទៅ ហ្សាង ជីមីង និងជូង យូជីង ហើយខ្ញុំតាមរយៈ ឯកឧត្តម ផាន់ ក្វាងសៀ ក៏សូម ផ្ញើជូននូវការអរគុណ ជាមួយជំនួយឧបត្ថម្ភគាំទ្រ របស់មិត្តចិន ដែលបានផ្តល់ចំពោះព្រះរាជាណាចក្រកម្ពុជា”។ សម្តេចបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅកម្ពុជា ដែលមានការរីកចម្រើនលូតលាស់ ដែលបានមកពីហិរញ្ញ ប្បទានរបស់មិត្តចិន និងប្រទេសជាដៃគូរពាក់ព័ន្ធនានា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើនខ្លាំង ក្នុងរយៈពេលជិត ២ ទសវត្សរ៍ ចុងក្រោយ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។ សម្តេចមានការពេញចិត្ត ចំពោះទំនាក់ទំនង រវាងមិត្តចិន និងកម្ពុជា ដែលមានជាមួយគ្នា តាំងពីយូររហូតមកដល់បច្ចុប្បន្ន ។
ក្នុងជំនួបទ្វេភាគី ក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ចិនកាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១២ ដែលបានធ្វើឡើង នៅរាជធានីភ្នំពេញ រវាងប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ និងលោក វិន ជាបាវ នាយករដ្ឋមន្ត្រីចិន សម្តេចតេជោបានស្នើ ប្រទេសចិន បន្តផ្តល់ នូវជំនួយសម្បទាន ដល់កម្ពុជា និងបានស្នើសុំ ប្រទេសចិន ឲ្យបន្តកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ប្រយោជន៍ ធ្វើយ៉ាងណា ឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ បាន ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ៕