អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 25, 2013

ផែន​ការ​គ្រប់​គ្រង ទេស​ចរណ៍​នៅ​អង្គរ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើ​រ​ការ

E-mailPrintPDF
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ ផែនការគ្រប់គ្រង ទេសចរណ៍ នៅតំបន់អង្គរ ត្រូវបាន ដាក់ឲ្យដំណើរការ ហើយ ក្រោមអធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថាទូតបារាំង ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល អូស្រ្តាលី និងរាជរដ្ឋាភិបាល កម្ពុជា ដែលគាំទ្រដោយអង្គការយូនីស្កូ បានផ្តួចផ្តើមគំនិត បង្កើតជាគម្រោងក្របខណ្ឌ គ្រប់គ្រងបេតិកភ័ណ្ឌនេះ តាំងពីឆ្នាំ ២០០៨ ដើម្បីឆ្លើយតប ទៅនឹងការកើនឡើង យ៉ាងខ្លាំង នៃអ្នកទេសចរណ៍ ភាពប្រឈមនៃបរិស្ថានថ្មីៗ និងការរីកចម្រើន យ៉ាងឆាប់រហ័ស របស់សហគមន៍ ដែលជាប់តំបន់បេតិកភ័ណ្ឌពិភពលោក អង្គរកម្ពុជា ។
ផែនការគ្រប់គ្រង ទេសចរណ៍ នឹងជួយសម្រួលដល់ការគ្រប់គ្រង និងការសម្របសម្រួល ការកើនឡើង យ៉ាងរហ័ស នៃ វិស័យទេសចរណ៍ ការកាត់បន្ថយ ការខូចខាត ដែលបណ្តាលមកពីអ្នកទេសចរណ៍ ការបង្កើតទំនាក់ទំនង រវាងអាជ្ញាធរ អប្សរា ឧស្សាហកម្មទេសចរណ៍ និងការផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជននៅក្នុងមូលដ្ឋាន។
លោកស្រី ផេននី រីឆាដស៍ ឯកអគ្គរាជទូត អូស្រ្តាលីប្រចាំកម្ពុជា បានមានប្រសាសន៍ នៅក្នុងសេចក្តីប្រកាសនោះ “ដោយ បានសំណូមពរ ដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តផែនការ គ្រប់គ្រងទេសចរណ៍នេះ ដោយមិនពន្យារពេល… ខ្ញុំសូម ជូនពរ រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការអនុវត្តន៍ផែនការគ្រប់គ្រង ទេសចរណ៍ ដើម្បីលើកស្ទួយ ដល់ វិស័យទេសចរណ៍ ដែលជួយដល់ជនក្រីក្រ និងដើម្បីទទួលបានការអភិរក្ស និងការពាររយៈពេលយូរ លើទីតាំង បេតិកភ័ណ្ឌ ពិភពលោក សម្រាប់មនុស្សគ្រប់គ្នា សម្រាប់ជាតិកម្ពុជា និងពលរដ្ឋកម្ពុជារាប់ពាន់នាក់ ដែលបានរស់នៅ ទាំងកាយទាំងចិត្តនៅលើទឹកដីដ៏មាន សារៈសំខាន់” ។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៍ថា “ វិស័យទេសចរណ៍ គឺជាកាំបិតមុខពីរ ហើយផែនការគ្រប់គ្រង ទេសចរណ៍ គឺជាក្បួនណែនាំ ដែលរួមបញ្ចូលគ្នា ដ៏ល្អមួយសម្រាប់គ្រប់គ្រងទេសចរណ៍ នៅអង្គរ… ការបង្កើតផែនការមួយ គឺមានសារៈសំខាន់ណាស់ ប៉ុន្តែ ការអនុវត្តន៍ផែនការនោះ រឹតតែជារឿងសំខាន់ ហើយ ជំហាន របស់យើង បន្ទាប់គឺការ អនុវត្តន៍ ផែនការគ្រប់គ្រងទេសចរណ៍ ប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាពមួយ ហើយខ្ញុំនឹងរង់ចាំមើលការអនុវត្តន៍ នេះ”៕

0 comments: