​ បន្ទាប់​ពី​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​​ពីរ​រូប​មក​​ចរចា​​ជាមួយ​កម្ពុជា​កាល ​ពី​ ៦ សប្ដាហ៍​មុន​​រឿង​រូបសំណាក ​ដែល​​ត្រូវបាន​គេ​យក​ទៅ​លក់​នៅ​អាមេរិក​​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​​ សារមន្ទីរ​ Metropolitan Museum of Art ​របស់​អាមេរិក​​​បាន​និយាយ​ថា ​​ខ្លួន​នឹង​បញ្ជូន​រូប​សំណាក​ចំនួន​ពីរ​មក​កម្ពុជា​វិញ​ក្នុង​ពេល​ខាង​មុខ។

ការ​សម្រេច​ចិត្ត​នេះ ​ធ្វើ​ឡើង​ក្រោយ​​​មាន​​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មន្ត្រី​កម្ពុជា ​ និង​មន្ត្រី​សារមន្ទីរ។ ​លោក​ Thomas P. Campbell ​​អ្នក​គ្រប់គ្រង​សារមន្ទីរ​បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ ក្រោយ​កម្ពុជា​ផ្ដល់​​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា ​រូប​សំណាក​ទាំង​ពីរ​គឺ ​ត្រូវ​បាន​​​​គេ​លួច​យក​ចេញ​ពី​ប្រាសាទ​កោះ​កេរ​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​ ១៩៧០ ​មែន។
រូប​សំណាក​ឆ្មាំ​ប្រាសាទ​ដែល​សារមន្ទីរ​អាមេរិក​​គ្រោង​​បញ្ជូន​មក​កម្ពុជា​វិញ
​ រូប​សំណាក​ឆ្មាំ​ប្រាសាទ​ ដែល​​ត្រូវ​បាន​ដាក់​ឈរ​យាម​វិចិត្រសាល​អាស៊ីអាគ្នេយ៍ ​នៃ​​សារមន្ទីរ Metropolitan Museum of Art ​តាំង​ពី​ឆ្នាំ ១៩៩៤ ​មក​នឹង​ត្រូវ​​នាំ​យក​មក​កម្ពុជា​វិញ​ក្នុង​ពេល​ខាង​មុខ ​ប៉ុន្តែ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ​ដោយ​ខាង​សារមន្ទីរ​អាមេរិក​ប្រាប់​ដល់​ភាគី​កម្ពុជា​ថា ​ការ​បញ្ជូន​នឹង​ត្រូវ​ធ្វើ​ឡើង​ដរាប​ណា​មាន​ការ​រៀបចំ​បញ្ជូន​ដ៏​សមស្រប​ ត្រូវ​បាន​រៀបចំ​​ជាមុន​សិន។
ពាក់ព័ន្ធ ​នឹង​ការ​សម្រេច​ចិត្ត​របស់​សារមន្ទីរ​អាមេរិក​ ​ឯកឧត្ដម​ ចាន់ តានី ​​រដ្ឋលេខាធិការ​​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​កម្ពុជា​​​បាន​សម្ដែង​ក្ដី​ រីករាយ​យ៉ាង​​ខ្លាំង​​​ចំពោះ​ការ​បញ្ជូន​​​រូប​សំណាក​​ត្រលប់​មក​កម្ពុជា​​ វិញ​នេះ។ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដដែល​បាន​មាន​ប្រសាសន៍​ថា​ “សកម្មភាព​នេះ​បង្ហាញ​ពី​​ក្រមសីលធម៌​ដ៏​ខ្ពង់ខ្ពស់ ​និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​នៃ​សារមន្ទីរ Metropolitan Museum of Art ​ដូច​អ្វី​ដែល​គេ​ធ្លាប់​ស្គាល់”។
រូប​សំណាក​ដែល​កម្ពុជា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ Sotheby’s បញ្ជូន​ត្រឡប់​មក​វិញ
ក្រៅ​ពី​ករណី​ខាង​លើ ​កម្ពុជា​ក៏​​កំពុង​​​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដេញ​ថ្លៃ​អាមេរិក​ Sotheby’s បញ្ជូន ​ត្រឡប់​រូប​សំណាក​​​​​អ្នក​ប្រយុទ្ធ​នៃ​សាសនា​ហិណ្ឌូ​ ដែល​មាន​ដើម​កំណើត​នៅ​ប្រាសាទ​កោះ​កេរ​​ដូច​គ្នា​​​មក​វិញ​​​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​ខាង​លើ​បដិសេធ។ ​ទោះ​ជា​បែប​នេះ​ក្ដី ​មន្ត្រី​អាមេរិក​កំពុង​ដុតដៃដុត​ជើង​ចងក្រង​ឯកសារ​​ច្បាប់​​​​ដាក់​បណ្ដឹង​ ដល់​តុលាការ​សហព័ន្ធ​ក្នុង​​សង្កាត់​ Manhattan​ រួចរាល់​ហើយ​ ដើម្បី​​នាំ​យក​រូប​ចម្លាក់​នោះ​មក​កម្ពុជា​វិញ។ ​ការ​បើក​សវនាការ​​ជាមួយ​ក្រុមហ៊ុន​ Sotheby’s ​នឹង​ត្រូវ​​ដំណើរការ​​នៅ​ឆ្នាំ​ក្រោយ៕