អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, May 5, 2013

វិសុទ្ធ កវី ​កូនខ្មែរ​​ល្បីឈ្មោះ​ផ្នែក​​រចនា​រូប​ភាព​កុំព្យូទ័រ Trackback

អ្នក ​​រចនា​រូបភាព ដែល​​​ចាប់​កំណើត​ក្នុងត្រកូលពលរដ្ឋជនបទនាតំបន់​​​​ស្រែក​ចម្ការ​​តាម​​ដង​ ទន្លេ​មេគង្គ​​ កំពុង​សម្រេចបាន​នូវក្តីស្រមៃ​ក្នុងការ​​​មាន​​ឈ្មោះ​បោះ​សំឡេង​ ទាំង​ក្នុង​ឆាក​ជាតិ​ និង​អន្តរជាតិ​ តាម​រយៈ​ស្នាដៃ​ច្នៃ​ប្រឌិត​​ខ្ពស់​​របស់​​ខ្លួន។
យុវជន ​ កុយ វិសុទ្ធ ដែល​មាន​រហ័ស​​នាម​ថា វិសុទ្ធ កវី ​បាន​សម្រេច​គោល​បំណងរបស់​​ខ្លួន ដោយបាន​​ក្លាយ​ជា​អ្នក​រចនា​រូបភាព​ដ៏​ពូកែ​មួយ​រូប ​ល្បី​រន្ទឺ​ពាស​​ពេញ​ទំព័រ​ហ្វេស​បុក។ រូប​​ភាព​​របស់​​លោក​​ត្រូវ​​បាន​ស្ថាប័ន​​នានា​​​ ​​​ដូច​ជា​ស្ថានីយ​ទូរទស្សន៍​ គេហទំព័រ​​​អាស៊ាន​​ ឬ​​ស្ថាន​ទូត​អាមេរិក​​ យក​​រូប​របស់​លោក​ទៅ​ប្រើ​​ប្រាស់​​ទៀត​ផង។
វិសុទ្ធ កវី បាន​ប្រាប់ Sabay ថា កាល​ពី​​តូច​ រូបលោក​​​ចូល​ចិត្ត​គូរ​គំនូរ​បែប​ច្នៃ​ប្រឌិត​ផ្សេងៗ ដែល​និយាយ​ពី​ទេសភាព និង​វប្បធម៌​ស្រុក​ខ្មែរ ប៉ុន្តែ​នៅ​​ពេល​នោះ​ លោក​​មិន​​ទាន់​បាន​​ស្គាល់​ ឬ​​ប៉ះ​ពាល់​​កុំព្យូទ័រ​បន្តិច​​ណា​ឡើយ។ ពេល​នោះ​ វិសុទ្ធ កវី ​​​គ្រាន់​តែ​គូរ​គំនូរ​ផ្សេង​ៗ​​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។
យុវជន ​មក​ពី​ឃុំ​រកាកោង​២ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​រូប​នេះ បាន​បន្ត​ទៀត​ថា៖ “នៅ​ឆ្នាំ ២០០៨ ​ខ្ញុំ​ចាប់​ផ្ដើម​ចេះ​ប្រើ​កុំព្យូទ័រ និង​រៀន​កម្មវិធី​ Design បន្តិច​បន្តួច។ ពេល​នោះ​ ខ្ញុំ​រៀន​ឆាប់​ចេះ​ណាស់ ព្រោះ​គំនិត​ច្នៃ​ប្រឌិត​លើ​រូប​ភាព​ខ្ញុំ​មាន​ក្នុង​ខួរ​ក្បាល​រួច​ស្រេច​ ទៅ​ហើយ អ្វី​ដែល​ត្រូវ​រៀន​បន្ថែម​គឺ​បច្ចេកទេស​កាត់​ត​រូប​​ក្នុង​កុំ​ព្យូទ័រ​តែ​ ប៉ុណ្ណោះ”។
ខុស​ពី​អ្វី​ដែល​លោក​ធ្លាប់ ​បាន​គូរ​រូប​នៅ​លើក្រដាស់​កន្លង​ទៅ​​ ការ​រចនា​រូប​ភាពតាម​កម្មវិធី​​​ Design ក្នុង​កុំព្យូ​ទ័រ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ និង​លេច​ចេញ​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់។ កាល​ណា​លោក​​ស្រាវ​ជ្រៀវ​កាន់​តែ​​ច្រើន​ ​​កុំព្យូ​ទ័រ​​ហាក់​​បង្រៀន​លោក​កាន់​តែ​ច្រើន​ដែរ។
អ្នក រចនា រូប​ភាព​វ័យ​ក្មេង​រូប​នេះ​បន្ត​ទៀត​ថា ដើម​ឡើយ​ ស្នាដៃ និង​​គំនិត​រចនា​រូបភាព​ទាំង​អស់​របស់​លោក​ហាក់​នៅ​​​ក្មេង​ខ្ចី​​ណាស់​ ដែល​ធ្វើ​ឲ្យ​​មាន​អ្នក​រិះ​គន់​យ៉ាង​ច្រើន​ ប៉ុន្តែ​ វិសុទ្ធ កវី មិន​ដែល​អន់​ចិត្ត​នឹង​ពាក្យ​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ យុវជន​រូប​នេះ​យក​មតិ​រិះ​គន់​ទាំងនោះ​ ធ្វើ​ជា​មេរៀន​ដើម្បី​អភិវឌ្ឍ​​ខ្លួន​ឯង​ថែម​ទៀត​ផង។
ស្នាដៃ ​រចនា​រូបភាព​ចេះ​តែ​រីក​ចម្រើន បូក​ផ្សំ​ជាមួយ​គំនិត​បើក​ទូលាយ​​ស្វែង​យល់​ពី​មតិ​របស់​អ្នក​រិះ​គន់​ទាំង​ អស់ បាន​ធ្វើ​ឲ្យ​​រូប​ភាព​​របស់ វិសុទ្ធ កវី ​​ត្រូវ​បាន​គេ​​អនុញ្ញា​ត​ឲ្យ​យក​ទៅ​​​តាំង​ពិព័រណ៍នៅ​សហរដ្ឋអាមេរិក​ ដែល​​រៀប​​ចំ​ដោយ​ក្រុមហ៊ុន Bridge Entertainment។
“នៅ ​ទី​នោះ ​រូប​ភាព​ខ្ញុំ​មាន​គេ​គាំ​ទ្រ​ច្រើន​ណាស់ ព្រោះ​រូប​ទាំងនោះ​បញ្ជាក់​វប្បធម៌ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង”។ វិសុទ្ធ កវី បញ្ជាក់។
ឆ្លៀត ​ក្នុង​ឱកាស​បង្ហាញ​វត្តមាន​លើក​ដំបូង​ វិសុទ្ធ កវី មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ហ៊ុន​ឯក​ជន​មួយ ជួយ​ស្វែង​រក​ឯកសារ​មួយ​ចំនួន​ពី​សាកលវិទ្យាល័យ Boston ពាក់ព័ន្ធ​នឹង​ការ Design រូបភាព​ ថែម​ទៀត​ផង។ យុវជន មក​ពី​ស្រុក​ស្រែ​ចម្ការ​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​អ្នក​រចនា​រូប​ភាព គឺ​គំនិត​ច្នៃ​ប្រឌិត។ ចំណុច​មួយ​ទៀត​ គឺ​ត្រូវ​ចេះ​ស្រាវជ្រាវ​ឯក​សារ ឬ​ក៏​មើល​គំនិត​​ផ្សេងៗ​តាម​រយៈ​អ៊ីនធឺណិត ព្រោះ​សម័យ​ឥឡូវ​​ចង់​រៀន​អី​ក៏​បាន​ដែរ​ សំខាន់​ឲ្យ​តែ​​ខំប្រឹង។
រូប​ភាព​ខាង​ក្រោម​នេះ ជា​ស្នាដៃ​មួយ​ចំនួនរបស់​ វិសុទ្ធ កវី ដែល​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​ពី​​ខ្លួន​៖
១. រូបភាពរចនាក្នុងព្រះរាជពិធីព្រះបរមសពអតីតព្រះមហាវីរក្សត្រ ដែលត្រូវបានប្រើប្រាស់ជាសាធារណៈ     ក្នុងស្ថាប័ន​មួយ​ចំនួន​ និង​គ្រប់ស្ថានីយ៍ទូរទស្សន៍ ក្នុងប្រទេសកម្ពុជា។
២​.  ស្លាក​សញ្ញា​ទី​ក្រុង​ស្អាត​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ផ្លូ​វការ​ក្នុង​ការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅកម្ពុជា។
៣.  រូបភាពច្នៃប្រឌិតនៃសម្ព័ន្ធ​ភាពរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលត្រូវបានដាក់តាំងក្នុងស្ថានទូត    សហរដ្ឋអាមេរិកប្រចាំកម្ពុជា។
៤. ចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងស្នាដៃប្រចាំប្រទេស ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ     សហការជាមួយប្រទេសជប៉ុន ក្រោមប្រធានបទ កម្ពុជាជាទីស្រឡាញ់របស់ខ្ញុំ។
៥. ពិព័រណ៌ស្នាដៃច្នៃប្រឌិតក្នុងរដូវរងារដែលរៀបចំដោយក្រុមហ៊ុន Bridge Entertainment នៅ​១០​ទី​ក្រុង​ និង​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។
៦.រូបភាពរចនាមួយក្នុងចំនោមរូបភាពជាច្រើនទៀត​ដែលត្រូវបានទំព័រអាស៊ានប្រើប្រាស់ សម្រាប់​ការ​គាំ​ទ្រ​ស្នាដៃ និង​បង្ហាញ​ពី​វប្បធម៌ជាតិ។