អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, August 7, 2013

ពិធីបុណ្យចូលព្រះវស្សា


Chol Vosaបុណ្យចូល ​ព្រះវស្សា​ក៏ជា​បុណ្យ​ដ៏ធំមួយ​ដែលអាច​ចាត់ទុក​ថា ជា​បុណ្យ​ដែលមាន​សារៈសំខាន់​ណាស់​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ​នៅក្នុង​ ព្រះពុទ្ធ​សាសនា។ ជារៀង​រាល់ឆ្នាំ​នៅពេល​ដល់ថ្ងៃ​ខែដែល​ត្រូវប្រារឰ​ពីធី​បុណ្យ​ចូល​ព្រះវស្សា ប្រជាពលរដ្ឋ​ដែល​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏បាន​នាំគ្នា​ជ្រះថ្លា​រៀបចំ ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​សម្រាប់​ឧបត្ថម្ភ​ដល់​ភិក្ខុ​សង្ឃឆាន់ និង ប្រើប្រាស់​ក្នុង​រដូវកាល​ចូលកាន់​ព្រះវស្សា។ នៅប្រទេស ខ្មែរក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួសនិង មកសំណាក់នៅក្នុងវត្ត​ដើម្បីអប់រំខ្លួនឲ្យមាន​ចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា
ពាក្យ​ថា​ វស្សា មក​អំពី​ពា្យ​បាលី​ថា វស្ស ប្រែ ​ថា​ភ្លៀង​ ឬ​រដូវភ្លៀង​ ដែល​មាន​កំណត់​រយៈពេល​ ៤​ខែ​ គឺ​រាប់​ពីថ្ងៃ ១រោច ខែអាសាធ​ រហូត​ដល់​ថ្ងៃ ១៥កើត​ ខែកត្តិក​ រយៈ​ពេល​នោះ​ឯង​ ហៅថា​វស្សានរដូវ​ ។ បាន​ជា​ព្រះបរមសាស្តា​នៃ​យើង​ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះភិក្ខុសង្ឃ​ មាន​កិច្ច​ចូល​ចាំ​វស្សា​ នោះ​ពី​ព្រោះ​ហេតុ​ខាង​ដើម​ ២យ៉ាងគឺ​៖
- ភិក្ខុ​ទាំង​ឡាយ​ត្រាច់ចរ​ទៅ​កាន់​ទីកន្លែង​ផ្សេងៗ​ដទៃ​នោះ  មាន​គួរខ្លះ​ មិន​គួរ​ខ្លះ​ មាន​ការ​ ដើរ​ជាន់​នៅ​ភូតគាម  ពិជគាម​ និង​ធញ្ញជាតិ​ផ្សេងៗ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកស្រុក​រិះគន់​តិះ​ដៀល​ និង ពោល​នូវ​ទោស​ដែល​មាន​ប្រការផ្សេង​។
- ជា​រដូវ​ភ្លៀង​ជោក​ជាំ​ផង  ព្រះពុទ្ធអង្គ​មាន​បំណង​កុំ​ឲ្យ​បព្វជិត​ក្នុង​សាសនា  លំបាក​ក្នុង ការ​ធ្វើដំណើរ​ទៅមក​ គឺឲ្យ​នៅចាំ​វស្សា​តែមួយ​កន្លែង​អស់រយៈពេល​ ៣ ខែ ។
ដើម​កំណើត​នៃបុណ្យ​ចូល​ព្រះវស្សា
បុណ្យ ​ចូលព្រះ​វស្សានេះ​គឺមាន​ដើមកំណើត​តាំងពី​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ​ ទ្រង់​គង់នៅ​មានព្រះជន្ម​នៅឡើយ។ នៅក្នុង​សម័យកាល​នោះ​គឺមាន​រឿងរ៉ាវ​កើតឡើង​ក្នុង​ព្រះពុទ្ធ​សាសនា ទើប​ព្រះអង្គ​ទ្រង់​បញ្ញត្ដិ​នូវពិធី​បុណ្យចូលព្រះវស្សា​នេះឡើង។
នៅក្នុង​សម័យ​កាលនោះ ព្រះពុទ្ធ​ដ៏មាន​ព្រះភាគ​ទ្រង់​គង់នៅ​វត្ដ​វេឡុវ័ន​ជាវត្ដ​ដែល​សម្បូរ​ទៅដោយ​ ដើម​ឫស្សី ឬក៏​ហៅថា​ព្រៃឫស្សី​(កលន្ទកនិវាបស្ថាន​ទៀប​ក្រុង​រាជគ្រឹះ)។ គ្រានោះ​ឯងការ​នៅចាំ​វស្សា​ព្រះមាន​ព្រះភាគ​មិនទាន់​បាន​បញ្ញត្ដិ​នៅ ឡើយ​ទេ មានន័យ​ថា មិនទាន់​មាន​ពិធី​បុណ្យ​ចូល​ព្រះវស្សា​នៅឡើយ​ទេ។ ពួក​ភិក្ខុ​ទាំងឡាយ​នៅក្នុង​ព្រះពុទ្ធ​សាសនា​តែងតែ​ត្រាច់​ទៅតាម​ចារិក​ ផ្សេងៗ មានន័យ​ថាធ្វើ​ដំណើរ​ទៅតាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួនឯង ដោយ​ភិក្ខុខ្លះ​ធ្វើ​ដំណើរ​អស់​ហេមន្ដ​រដូវខ្លះ អស់​គិម្ហ​រដូវខ្លះ និង​អស់​វស្សាន​រដូវខ្លះ ដោយ​មិនមាន​ពេល​សម្រាក​ខែណា​មួយឱ្យ​ពិតប្រាកដ​នៅកន្លែង​ណាមួយ​នោះទេ ដោយ​ត្រាច់​ទៅតាម​ចិត្ដចង់។ ដូចនេះ​ហើយ​ពួក​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​តិះដៀល​ដល់ភិក្ខុ​នោះថា ពួក​ភិក្ខុ​ទាំងអស់​នេះ​ជាសមណៈ​ជាសក្យបុត្ដិយ៍ មិនសម​នឹងត្រាច់​ទៅកាន់​ចារិក​អស់​ហេមន្ដ​រដូវខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សា​រដូវខ្លះ ដោយ​មិនមាន​ពេល​សម្រាក​នោះទេ។ ហើយ​ការ​ត្រាច់នេះ​គឺ​ត្រាច់​ទៅដើរ​ជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវវត្ថុ​ដែលមាន​ជីវិត​មាន​ឥន្ទ្រីយ​តែ១ ញ៉ាំង​ឱ្យសត្វ​តូចៗ​ជាច្រើន​ឱ្យដល់​នូវសេចក្ដី​វិនាស​សោះ សូម្បី​ពួក​បរិព្វាជក​មាន​លទ្ធិ​ដទៃ(ពួក​ដែលកាន់​សាសនាផ្សេងៗ)​ក៏គេមាន ​រដូវ ​ចូល​វស្សា​ដែរ។ សូម្បី​តែ​ពួកសត្វស្លាប​នេះទៀត​សោត​ក៏គង់​ធ្វើ​សម្បុក​លើចុងឈើ​ទាំងឡាយ​ហើយ​ នឹង​សម្ងំ​ឈប់​សម្រាក​នៅចាំ​វស្សា​ដែរ ចម្លែក​តែពួក​សមណៈ​ជា សក្យបុត្គិយ៍​នេះ​មិនមាន​ចាំវស្ស​សោះ​អ៊‌ីចឹង។ កាល​មនុស្ស​ទាំងនោះ​កំពុង​ពោលពាក្យ​តិះដៀល​បន្ដុះបង្អាប់ ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮច្បាស់ ហើយ​ក៏បាន​យកពាក្យ​ទាំងនោះ​ទៅ​ក្រាប​ទូលសេចក្ដីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ ព្រះភាគ។ ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ធ្វើនូវ​ធម្មី​កថា​ក្នុងវេលា​នោះឯង​រួចហើយ ទើប​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកអនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ​តថា​គតអនុញ្ញាត​ឱ្យភិក្ខុ​ចូល​វស្សា ប៉ុន្ដែ​ទ្រង់​មិនទាន់​បាន​កំណត់​ថាពេលណា​ឱ្យចូល​វស្សា​នោះទេ។ ក្រោយមក​ទៀត​ភិក្ខុ​ទាំងឡាយ​ក៏នាំគ្នា​ឆ្ងល់ថា រដូវ​មានតែ​បីនោះ​ទេ តើ​ត្រូវ​ចូលរដូវ​មួយណា? ភិក្ខុ ​ទាំងនោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ​ព្រះត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឱ្យអ្នក​ទាំងឡាយ​ចូល​វស្សា​នៅក្នុង​ វស្សាន​រដូ​វ​(រដូវភ្លៀង)។ ​ថ្ងៃចូល​វស្សា​គឺមាន​២ដង គឺថ្ងៃ​បុរិមិកាវស្សា (ចូល​វស្សាមុន)និងថ្ងៃ​បច្ឆិមិកាវស្សា​(ចូលវស្សា​ក្រោយ) ភិក្ខុ​គួរចូល​វស្សា​ក្នុងថ្ងៃ​បន្ទាប់នៃ​ថ្ងៃពេញបូណ៍មី​ខែអាសាធ​ (ថ្ងៃ១រោចខែ អាសាធ)​ចូលវស្សា​មុន ហើយ​ថ្ងៃដែល​ចូលវស្សា​ទី២​គឺពេញបូណ៍មី​ខែអាសាធ​(ថ្ងៃ១រោច​ខែស្រាពណ៍) ដោយ​ត្រូវ​ចូល​ជារៀង​រាល់ឆ្នាំ ភិក្ខុណា​ដែល​មិនចូល​គឺត្រូវ​អាបត្ដិទុក្កដ​(ទោស) ហើយ​រយៈពេល​ដែល​ចូល​វស្សានេះ​គឺមាន​បីខែ​(ខែខ្មែរ)។ ចំពោះ​មូលហេតុ​ដែលចូល​ព្រះវស្សា​ចែកចេញ​ជាពីរ​នេះគឺ​ដោយសារ​តែភិក្ខុ​ ខ្លះមាន​ធុរៈ​សំខាន់​ដែល​មិនអាច​ចូលវស្សា​លើកទី១​បាន។ ដូចនេះ​ត្រូវលើក​ទៅ ចូល​វស្សា​លើកទី២​វិញ​ដែលមាន​រយៈពេល​បីខែ​ដូចគ្នា។
សារៈ​សំខាន់​នៃបុណ្យ​ចូល​ព្រះវស្សា
ពិធី ​បុណ្យចូល​ព្រះវស្សា​មានសារៈ​សំខាន់​ណាស់​ចំពោះ​ភិក្ខុសង្ឃ​ សាមណេរ​ដែល​បានចូល​បួស​ជា​សមណៈ​ព្រោះ​ថាកាល​ព្រះវស្សា​ដែល​ព្រះពុទ្ធ​ទ្រង់​ បញ្ញាត្ដិ​កាល​ត្រីមាស​៣ខែនេះ​ដូចជា ៖
  • ធ្វើឱ្យ​ភិក្ខុ​សាមណេរ​ទទួលបាន​សង្រួម​នៅក្នុង​ឥន្ដ្រី​សំវរៈ
  • បានផ្ដល់​ឱកាស​ដល់ភិក្ខុ​មាន​សិទ្ធិ​ទទួល​អនុមោទនា​នៃទាយក​ទាយិកា
  • ទទួល​បាន​អានិសង្ឃ​នៃការ​កាន់​ព្រះវស្សា
  • បង្កើន​សេចក្ដី​ជ្រះថ្លា​ដល់ពុទ្ធ​បរិស័ទ​ទាំងអស់
  • អាចបង្កើត​សាមគ្គីភាព​រវាងភិក្ខុ និង​ភិក្ខុ​នៅក្នុង​អាវាស។
កិច្ចដែលភិក្ខុត្រួវប្រតិបត្តិក្នុងពេលចូលព្រះវស្សា៖
តាម ​ព្រះពុទ្ធ​បញ្ញត្ដិ ព្រះអង្គ​ទ្រង់​ហាម​មិនឱ្យ​ភិក្ខុ​សង្ឃ​ទាំងអស់​ដែលគង់​ក្នុង​អារាមនីមួយៗ​ ចេញពី​វត្ដ​ដោយ​កន្លង​រាត្រី​បាន​នោះទេ ក្នុងកាល​នៃការ​ចូលកាន់​ព្រះវស្សា​៣ខែ​នោះ។ ប៉ុន្ដែ​ដោយមាន​ការទូល​សុំពី​ពួក​បរិស័ទ និងភិក្ខុ​សង្ឃ ព្រះមាន​ព្រះភាគ​ទ្រង់​អនុញ្ញាត​សត្ដហៈ​ចំនួន​៧ថ្ងៃ ដោយ​មានហេតុ​កើតឡីង​ចំពោះ​ភិក្ខុ​ដូចជា ៖
  • មាតា ឬ​បិតាឈឺ
  • គ្រូ​ឧបជ្ឈយ៍មាន​អាពាធ
  • មានការ​និមន្ដ​ពីពុទ្ធបរិស័ទ
បើមិន ​មានហេតុ​ទាំងអស់​ខាងលើ​នោះទេ ភិក្ខុ​មិនអាច​និមន្ដ​ចេញពី​អារាម​ដោយ​កន្លង​រាត្រី​បាន​នោះទេ។ ​ ភិក្ខុ​ដែល​លើក​សត្តហៈ​ចេញ​ទៅ​ក្រៅ​វត្ត​រួចហើយ​ ត្រូវ​តែ​ត្រឡប់​មក​វត្ត​វិញ​ ខាង​ក្នុង​អរុណ​នៃ​ថ្ងៃ​ទី​ប្រាំពីរ​ (គឺអាច​នៅ​ក្រៅ​វត្ត​តែ​ត្រឹម​ ៦​រាត្រី​) ។ ភិក្ខុ​មិន​ត្រូវ​នៅ​ក្រៅ​វត្ត​ឲ្យ​ហួស​អរុណ​នៃ​ថ្ងៃ​ទី​៧ឲ្យ​សោះ​ ពុំ​នោះ​សោត​នឹង​ត្រូវ​ដាច់​វស្សា​នឹង​ត្រូវ​អាបត្តិ​ទុក្កដ​ មិន​អាច​ទទួល​អានិសង្ស​កឋិន​ និង​ សង្ឃលាភ​ផ្សេង ៗ​ ដែល​កើតឡើង​ក្នុង​វត្ត​នោះ​ បាន​ទៀតផង​។
ការ ​ចូលវស្សា​មិន​ចំពោះតែ​ភិក្ខុទេ​ សាមណេរ​ក៏​ត្រូវ​ចូលវស្សា​ដែរ​ ទើប​ត្រូវ​តាម​ពុទ្ធានុញ្ញាត​ចែក​នូវសង្ឃលាភ​ តែ​សាមណេរ​មិន​មាន​កិច្ច​ដោយ​ការ​បវរណា​ឡើយ​ គ្រាន់​តែ​ឲ្យ​អធិដ្ឋាន​ចូលវស្សា​ប៉ុណ្ណោះ​ ។
ការប្រារព្ធពិធី​បុណ្យ​ចូល​ព្រះវស្សា
ពិធី​បុណ្យ​ចូល​ព្រះវស្សា​នេះគេ​ប្រារឰ​ដោយ​ចែកចេញ​ជាពីរ​ផ្នែក គឺ​ផ្នែក​ពុទ្ធបរិស័ទ និងផ្នែក​ព្រះសង្ឃ។
.ផ្នែក​ពុទ្ធ​បរិស័ទ ៖ នៅល្ងាច​ថ្ងៃ១៥កើត​ខែជេស្ន នាំគ្នា​ប្រារឰ​កិច្ចថ្វាយ​បង្គំ​ព្រះសមាទាន​សីល បន្ទាប់មក​និមន្ដ​ព្រះសង្ឃ ចំរើន​ព្រះបរិត្ដ និង​សម្ដែង​ធម៌​ទេសនា។ លុះព្រឹក​ឡើង​ថ្ងៃ១រោច​ខែអាសាធ ពេកព្រឹក​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ ហើយ​ថ្ងៃត្រង់​វេរចង្ហាន់​បិណ្ឌបាទ​ព្រមទាំង​សំពត់​សាដក និង​បរិក្ខារ​ផ្សេងៗ​មាន​ទាន ធូប ប្រេង តែ ស្ករ​ជាដើម ប្រគេន​ព្រះសង្ឃ​ដោយ​ឆ្លង​ជាកិច្ច​បង្ហើយ​បុណ្យ។
.ផ្នែក​ព្រះសង្ឃ ៖ នៅល្ងាច​ថ្ងៃ១រោច​ខែអាសាធ​វេលា​ម៉ោង​៦យប់​ព្រះសង្ឃ​ទាំងអស់ក្នុង​វត្ដអារាម​ ផ្សេងៗ បានជួប​ជុំគ្នា​នៅក្នុង​ព្រះវិហារ ដើម្បី​ប្រារឰ​ពិធី​ចូលកាន់​ព្រះវស្សា ដោយមាន​ព្រះគ្រូ​ចៅអធិការ​ជាអ្នក​ដឹកនាំ​កិច្ចនោះ។ ជាដំបូង​ភិក្ខុ​ទាំងអស់​នាំគ្នា​ថ្វាយ​បង្គំ​ព្រះបន្ទាប់​មកធ្វើ​ពិធី​កំណត់ ​ការ​ចូលកាន់​ព្រះវស្សា​តែម្ដង។
តំណម៖
ក្នុងរយៈ​ពេល​ចូលវស្សា​ ៣ ខែ​នេះ​ ពុទ្ធបរិស័ទ​តែង​មាន​តំណម​ ដូចជា​ មិនរៀប​មង្គល​ការ​កូនចៅ​ និង​មិន​សង់​ផ្ទះ​ថ្មីជាដើម​ ដោយ​ចាត់​ទុកថា​ថ្ងៃ​ទាំង​អស់ក្នុងកំណត់ ៣​ ខែនោះ ជា​ថ្ងៃ​ឥត​មាន​ឫក្ស​ល្អ​ ឥត​មាន​ជោគជ័យ​ និង​ឥត​មាន​សិរីសួស្ដី​ ៕

ចូលរួមបោះឆ្នោតទាំអស់គ្នា ព្រោះថាមួយ​សំឡេង​របស់​អ្នក​ អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ផ្លាស់​ប្ដូរ


url
យុទ្ធនាការ ​ឃោសនា​បោះឆ្នោត​បាន​ចាប់​ផ្ដើម​នៅថ្ងៃ​នេះ​ វា​គឺ​ជា​ពេល​វេលា​មួយ​ដែល​គណបក្ស​នយោបាយ​ទាំងឡាយ​ផ្សព្វផ្សាយ​ពី​គោល​ នយោបាយ​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ​ ដូចជា​៖ ខិត្តប័ណ្ណ​ ផ្ទាំងបដា​ បិទ​រូបភាព​លើ​រថយន្ដ​ តាម​បណ្ដាញសង្គម​ ។ល។ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ម្ចាស់ឆ្នោត​នៅ​ទូទាំង​ប្រទេសកម្ពុជា ។
ប្រៀប ​ដូច​ជា​ការ​លក់​ដូរ​ទំនិញ​អញ្ចឹង​ដែរ​ អ្នកលក់​ផលិតផល​ម្នាក់ៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ អ្នកទិញ​ច្រើន​ ពោល​គឺ​គេ​ប្រើប្រាស់​គ្រប់​វិធីសាស្ដ្រ​ ដើម្បី​ឲ្យ​មាន​ការ​ជឿជាក់​ ប៉ុន្តែ​ការឃោសនា​ដែល​មិន​ស្រប​តាម​ការ​ពិត​គឺ​ជា​បញ្ហា​ដែល​អ្នកទិញ​ត្រូវ​ តែ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុននឹង​សម្រេច​ចិត្តទិញ​។
ងាក ​មកមើល​ការ​បោះឆ្នោត​វិញ​ក៏​ដូច្នោះ​ដែរ​ យើង​ជា​ម្ចាស់​ឆ្នោត​ យើង​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការជ្រើសរើស​បេក្ខជន​ ដែលគួរជា​ទី​ពេញ​ចិត្ត​ និង​ អាច​បម្រើ​យើង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​សង្គម​បែប​ប្រជាធិបតេយ្យ​។ ការស្ដាប់​តែ​មួយ​ជ្រុង​ ឬ ក៏មើល​ទៅ​តែ​ម្ខាង​នោះ​ វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​នូវ​ការ​ពិត​នោះ​ទេ​ ជា​ម្ចាស់ឆ្នោត​មួយ​សំឡេង​​របស់​អ្នក​មាន​តម្លៃ​ណាស់​ មិន​អាច​កាត់​ថ្លៃ​បាន​ទេ​ ពិសេស​នោះ​អាច​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ផ្លាស់ប្ដូរ ។
ម្ចាស់ឆ្នោត ​ទាំងឡាយ​គួរ​តែ​ប្រើ​សម្បជញ្ញៈ​របស់​ខ្លួន​ មិន​ត្រូវ​ភ្លេច​ខ្លួន​នោះ​ឡើយ​ ក្នុង​ការ​ជ្រើសរើស​មេដឹក​នាំ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិខ្មែរ​ ។ កុំបោះឆ្នោត​ឲ្យ​គេ​ ក៏​ព្រោះ​តែ​គិត​ថា​ជា​បក្ខពួក​ខ្លួន​ ឬ ដោយ​ហេតុ​ផលផ្សេងៗ​ ដែល​មិនឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​ជាក់​ស្ដែង​ក្នុង​សង្គម​ជាតិ​ ត្រូវ​ជ្រើស​យក​បេក្ខជន​ដែលមាន​សមត្ថភាព​ពិត​ ដែលអាច​បម្រើ​យើង​ប្រកប​ដោយ​សក្ដានុពល​ ។
មួយ ​សំឡេង​របស់អ្នក​ នឹង​ធ្វើ​ឲ្យ​សង្គម​អ្នក​មាន​ការ​ផ្លាស់ប្ដូរ​ មាន​វឌ្ឍនភាព​ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​សិទ្ធិ​របស់អ្នក​បាន​ត្រឹមត្រូវ​ និង ប្រកប​ទៅ​ដោយ​ការពិចារណា​ខ្ពស់បំផុត​ ៕
Poster 2013

ព្រះ​ពុម្ព​ខ្មែរ​ដំបូងបង្អស់​

    ​ជា​មែកធាង​មួយ​ដែល​ពុទ្ធ​សិល្បៈ ឬ​ពុទ្ធបដិមា​សាស្ត្រ ព្រះ​ពុម្ព​ធ្វើ​អំពី​ដី​ដុត ដោយ​ប្រើ​ពុម្ព ក៏ដូចជា​ចម្លាក់​បែប​ពុទ្ធ​និយម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ ត្រូវ​បែង​ចែកជា​បី​ដំណាក់កាល​ធំៗ​គឺ សម័យ​បុ​រេ​អង្គរ សម័យអង្គរ និង​ក្រោយ​អង្គរ​។​
​    ​ក្នុង​អត្ថបទ​ដ៏​ខ្លី​នេះ យើង​នឹងមិន​និយាយ​អំពី​ប្រភព​នៃ​ព្រះពុទ្ធ​ទេ ព្រោះ​កត្តា​ពេលវេលា ក៏ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់​អំពី​ចំណាស់​នៃ​ការ​សាង​ព្រះ​ពុម្ព​នោះឡើយ ដើម្បី​មូលហេតុ​សាសនា​នៅ​អតីត​កម្ពុជា រួមមាន​ប្រទេស​ខ្មែរ ថៃ លាវ និង​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន​។​
​    ​និយាយ​មួយបែប​ទៀត វត្ថុ​ចម្បង​របស់​យើង​គឺ​ការកែតម្រូវ​នូវ​ទ្រឹស្តី​មួយ​ដែល​និយាយថា ព្រះ​ពុម្ព​ដែលមាន​ចំណាស់​ចាស់​ជាងគេ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ គឺ​សិល្បៈ​មន​។ ហើយ​ម្យ៉ាងវិញទៀត ប្រហែលជា​ដោយសារតែ​ប្រការ​នេះហើយ ទើប​អ្នកស្រាវជ្រាវ​ថៃ​បាន​សន្និដ្ឋាន​ដោយ​ប្រញាប់ប្រញាល់​ថា ជា​សិល្បៈ​ទ្វារ​វ​តី​។​
​    ​តាមពិតទៅ ព្រះ​ពុម្ព​ខ្មែរ​មាន​ទំនាក់ទំនង​នឹង​ព្រះ​ពុម្ព ដែល​បាន​នាំចូល​ពី​ឥណ្ឌា ជាពិសេស​ក្នុង​គ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដំបូង​បង្អស់ ដែល​បាន​ចាប់បដិសន្ធិ​ក្រោយ​ឥទ្ធិពល​នៃ​វប្បធម៌​ឥណ្ឌា​នា​ដើម​ស​.​វ​ទី​១​នៃ ​គ​.​ស​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការគិត​ខុស​ដូច្នោះ ព្រោះថា មុន​ទសវត្សរ៍​មិនទាន់មាន​របកគំហើញ​ខាង​បុរាណវិទ្យា នៅ​ប្រទេស​វៀតណាម​ខាងត្បូង អតីត​ទឹកដី​ហ្វូ​-​ណន​ទាំង​នៅ​អង្គរបុរី ដែលជា​រាជធានី​ដ៏​សំខាន់​របស់​ហ្វូ​-​ណន​។​
​    ​ចាប់តាំងពី​ឆ្នាំ ១៩៨៩ រហូតដល់​សព្វថ្ងៃ គេ​អាច​ឃើញ​ព្រះ​ពុម្ព​តូច ធំ​មួយចំនួន​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅតាម​ស្ថានីយ​ប្រវត្តិសាស្ត្រ ស្ថិតនៅក្នុង​ដែនដី​សណ្ត​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេមេគង្គ ព្រមទាំង​នៅ​អង្គរបុរី​។​
​    ​នៅក្នុង​ស្ថានីយ​បុ​រេ​អង្គរ​ទាំងពីរ​នេះ យើង​សង្កេតឃើញថា ព្រះ​ពុម្ព​នា​សម័យ​នោះ មាន​ចំនួន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅនឹង​សម័យ​បាយ័ន​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​។ ភាគច្រើន ព្រះពុទ្ធ​អង្គរ​ស្ថិតក្នុង​ឥរិយាបថ​ប​ដិ​ហារ មារវិជ័យ បរិនិព្វាន និង​សម្មាធិ ដែល​ដូច​ទើប​ពោល សុទ្ធសឹងតែ​សាង​អំពី​ដី​ដុត លើកលែងតែ​ករណីខ្លះ​តែប៉ុណ្ណោះ គេ​ឃើញ​ព្រះ​ពុម្ព​ខ្លះ​ធ្វើំ​ពី​លោហៈ ឬ​កែវ ក៏ប៉ុន្តែ​ត្រូវបាន​គេ​ពាក់​ជា​បណ្តោង​នៅ​ក​ទៅវិញ​។​
១- ព្រះ​ពុម្ព​នៅ​អង្គរបុរី​
ពុម្ព និង ព្រះ​ពុម្ព ដី​ដុត អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

​     ​សូមជម្រាបថា ដូច​ពោល​នៅ​ខាងលើ ព្រះ​ពុម្ព​ដែល​យើង​បាន​រកឃើញ​នៅ​អង្គរបុរី ភាគច្រើន​ស្ថិត​ក្រៅពី​ស្រទាប់ដី​វប្បធម៌ ពោលគឺ​មិនបាន​មក​ដោយ​ការធ្វើ​កំណាយ​តាម​វិធីសាស្ត្រ​នោះទេ​។ ព្រោះថា ត្រូវបាន​អ្នកស្រុក​ជីក​បាន​នៅតាម​ខឿន​ព្រះ​ចេតិយ​ចាស់ៗ​ដោយ​ខុសច្បាប់​។​
ប្រភេទ​ព្រះ​ពុម្ព ដី​ដុត អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

២- ព្រះ​ពុម្ព​នៅ​ម្តុំ​អូរ​កែវ​
​     ​សម្រាប់​ព្រះ​ពុម្ព​បុ​រេ​អង្គរ ក្នុង​ស្ថានីយ​ប្រវត្តិសាស្ត្រ​ស្ថិតក្នុង​ប្រទេស​វៀតណាម​ខាងត្បូង ក៏មាន​អាយុកាល និង​លក្ខណៈ​ដូចគ្នា​ទៅនឹង​ព្រះ​ពុម្ព នៅ​អង្គរបុរី ឬ​នៅក្នុង​ខេត្ត​នគរ​ស្រី​ធម្មរាជ​ប្រទេស​ថៃ​បច្ចុប្បន្ន​ដែរ​។​
១- អង្គរបុរី (​ទីតាំង​ដដែល​), ២- អូរ​កែវ (Cf. ឡេ ធី​លាង​), ៣- ខេត្ត ស្រី​នគរ​ធម្មរាជ និង ប​ច្ចឹ​ម​បុរី នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ
    ​ជា​សេចក្តីសន្និដ្ឋាន ជាដំបូង​ហើយ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ពិនិត្យ​ជា​ត្រួសៗ​នូវ​ព្រះ​ពុម្ព​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ​ មួយចំនួន យើង​ឃើញថា​ព្រះ​ពុម្ព​ទាំងនោះ មាន​អាយុកាល​ច្រើនជាង​ព្រះ​ពុម្ព​មន​។ ព្រោះថា វត្ថុ​ជាទី​សក្ការៈ​ទាំងនោះ ដែល​តំណាង​ឲ្យ​ឆាកជីវិត​ផ្សេងៗ​របស់​ព្រះសម្មាសម្ពុទ្ធ​អង្គ ត្រូវបាន​សាង​ឡើង​ក្នុងសម័យ​វប្បធម៌​ហ្វូ​-​ណន ពោលគឺ​មុន​ការ​លេចធ្លោ​ឡើង​នៃ​រដ្ឋ​មន​នៅ​ដើម​ស​.​វ​ទី​៧ នៅលើ​ទឹកដី​ចាស់​របស់​ហ្វូ​-​ណន​។ ម្យ៉ាងវិញទៀត ព្រះ​ពុម្ព​របស់​ជនជាតិ​មន ថ្វីត្បិតតែ​ជនជាតិ​នេះ ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ ដូច​ជនជាតិខ្មែរ ក៏ប៉ុន្តែ​មាន​លក្ខណៈ​ខុសប្លែក​ពី​ខ្មែរ​បន្តិច​។​
ព្រះ​ពុម្ព ឥរិយាបថ​ព្រះ​បរិនិព្វាន អង្គរបុរី (​ទីតាំង​ដដែល​)
​     ​ក្រៅពីនេះ ក្រោយពី​បានធ្វើ​ការសិក្សា​ប្រៀបធៀប​ព្រះ​ពុម្ព​មួយចំនួន យើង​ក៏​អាច​សម្គាល់​ផងដែរ​ថា ក្នុងដំណាក់កាល​ដំបូង ទាំង​ពុទ្ធ​សិល្បៈ​របស់​ហ្វូ​-​ណន ទាំង​សិល្បៈ​របស់​មន​ទ្វារ​វ​តី សុទ្ធសឹងតែ​ប្រសូត​ចេញពី​មូលដ្ឋាន​រូប​តែមួយ គឺ​ឥទ្ធិពល​ឥណ្ឌា​។ ហើយ​គឺ​ប្រការ​នេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​រក​អត្តសញ្ញាណ​របស់​ព្រះ​ពុម្ព​ទាំង​នោះបាន ជាពិសេស​នៅ​គ្រា​ដំបូងបង្អស់​នៃ​ប្រវត្តិ​សិល្បៈ​មន​។ ក៏ប៉ុន្តែ​បន្ទាប់មក សិល្បៈ​ពុទ្ធ​និយម​របស់​មន ក៏មាន​អត្តសញ្ញាណ​របស់ខ្លួន​យ៉ាង​ប្រាកដ ហើយ​លើសពីនេះ​ទៀត ថែមទាំង​បាន​ជះឥទ្ធិពល​លើ​សិល្បៈ​ខ្មែរ​នា​សម័យ​ចេនឡា​ថែម​ទៀតផង មុន​រលត់​សង្ខា​នា​ស​.​វ​ទី​១១​នៃ​គ​.​ស​៕ (​ម​.​ត្រា​ណេ​)

កតញ្ញូតាធម៌​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ចំពោះ​បុព្វការី​ជន

    ​នៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដ៏​មហស្ចារ្យ សង្គម​ខ្មែរ​ត្រូវការ​នូវ​ការផ្សះផ្សា​ជាតិ និង​សាមគ្គីភាព​ឡើងវិញ ដើម្បី​បំភ្លេច​វិនាសកម្ម​គ្រប់បែបយ៉ាង​ទាំង​ខាង​ជីវិត និង​សម្ភារៈ​ក្នុង​សង្គ្រាម​ខ្មែរ​-​ចាម ដែល​ទើបតែ​កន្លងផុតទៅ​។ ដើម្បី​ជាការ​ដឹងគុណ​កតញ្ញូតាធម៌​ចំពោះ​បុព្វការី​ជន​ដែល​បាន​ពលី​ជីវិត ដើម្បី​ទឹកដី​ព្រះអង្គ​បាន​សាងសង់​បូជនីយដ្ឋាន និង​ព្រះ​បដិមា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឥត​គណនា​។​
ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សារមន្ទីរ ជាតិ​សៀមរាប (​ម​.​ត ២០១០)
    ​ចាប់តាំងពី​ពេល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឡើង​សោយរាជ​សម្បត្តិ​ជា​ព្រះមហាវីរក្សត្រ​នៅ​ទីក្រុង​ស្រី​ជ័យ ដែលជា​រាជធានី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឬ​នគរធំ អតីត​យ​សោធ​បុ​រៈ (​រាជធានី​សម័យ​ព្រះបាទ​យ​សោ​វរ្ម័ន​) នៅ​ឆ្នាំ ១១៨១​នៃ​គ្រិស្តសករាជ គេ​ឃើញ​មានការ​សាងសង់​មូលនិធិ​សាសនា​ជាច្រើន រួមទាំង​ព្រះ​បដិមា​រាប់ពាន់​ម៉ឺន​អង្គ ដើម្បី​ទ្ទិស​ដល់​ព្រះពុទ្ធ​អង្គ​នៃ​លទ្ធិ​មហាយាន និង​ព្រះអាទិទេព​នៃ​ព្រហ្មញ្ញសាសនា ក៏ប៉ុន្តែ​រូបចម្លាក់​ទាំងអស់​ក៏​តំណាង​ឲ្យ​បុព្វការី​ជន​ដែលមាន​មាតា បិតា ជីដូន ជីតា ឬក៏​មេទ័ព​គ្រូបាធ្យាយ ដូចជា ពួក​ព្រហ្ម​ណ៍​មានគុណ​ទាំងនោះ បាន​ចែក​ឋាន​ទៅហើយ​។ វា​មាន​អត្ថន័យ​ដ៏​វិសេសវិសាល និង​ធំធេង​ណាស់ ដែល​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ត្រូវបាន​កត់ត្រា​លើ​ផ្ទាំង​សិលាចារឹក​នៅ​ ប្រាសាទព្រះខ័ន និង​ប្រាសាទតាព្រហ្ម​ក្នុង​ចក្រភព​មហានគរ ដែល​ទើប​ងើប​ពី​សង្គ្រាម និង​ប្រឈមមុខ​នឹង​វិបត្តិ​អត្តសញ្ញាណ​ជាតិ​។​
​     ​តាម​ខ្លឹមសារ​នៃ​សិលាចារឹក យើង​អាច​បញ្ជាក់ថា យើង​ឃើញ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ព្រះមហាវីរក្សត្រ​អង្គ​នេះ ដើម្បី​សុខសន្តិភាព​បង្រួបបង្រួម ជំនឿ​សាសនា​បែប​ពុទ្ធ​និយម ព្រហ្ម​ណ៍​និយម និង​ប្រពៃណី​ខ្មែរ​សុទ្ធសាធ​ដែលជា​វិភាគទាន​ដ៏​ថ្លៃថ្លា និង​យ៉ាង​ធំធេង​ដល់​ឯកភាព​ជាតិខ្មែរ​ទាំងមូល​។ តាមរយៈ​ជំនឿ​សាសនា​នេះ ជាពិសេស​ការគោរព​បូជា​ចំពោះ​បុព្វការី​ជន​ក្រោមរូបភាព​ជា​ព្រះអាទិទេព ឬ​ជា​ព្រះ​ពោធិសត្វ​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន យើង​ឃើញ​ពី​ព្រះពុទ្ធសាសនា​មហាយាន យើង​ឃើញ​ពី​ព្រះរាជបំណង ឬ​ឆ​ន្ទះ​ពិតៗ​ដែល​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ព្រះករុណា​មេត្តាធម៌ សមភាព​និង​សមធម៌​ពិតៗ ដែលជា​មាគ៌ា​តែមួយគត់​នាំមក​នូវ​ភាពសុខដុមរមនា និង​សុខសន្តិភាព​រវាង​ខ្មែរ និង​ខ្មែរ​ឲ្យ​ចេះ​រួម​រួមគ្នា​កាន់តែ​ធំ​ឡើងៗ​ជា​លំដាប់ ប្រសើរ​ជាង​ការបះបោរ ឬ​ការបំផ្លិចបំផ្លាញ​គ្នាឯង​។​
​    ​ការខិតខំ​ប្រឹងប្រែង​រួបរួមគ្នា​តាំងពី​ក្នុង​ព្រះរាជវង្សានុវង្ស ពួក​ព្រាហ្មណ៍​បុរោហិត រហូតដល់​ប្រជារាស្ត្រ​ទូទៅ​ក្នុងការ​ស្ថាបនា​ខឿនវប្បធម៌​ជាតិ និង​ការអភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​ក្រោយពី​សង្គ្រាមរ៉ាំរ៉ៃ អាច​បញ្ជាក់​តាមរយៈ​ការកសាង​ទីក្រុង​អង្គរធំ និង​ប្រាសាទធំៗ ដូចជា​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​បាណន់​ជាដើម​។​
សិលាចារឹក​ព្រះខ័ន ឯកសារ​បារាំង​
    ​កតញ្ញូតាធម៌​របស់​ព្រះមហាវីរក្សត្រ​អង្គ​នេះ​ចំពោះ​បុព្វការី​ជន ដែលមាន​គុណបំណាច់​ដ៏​មហា​ធំធេង ជំ​ពោះ​ទ្រង់ និង​ជាតិ អាច​ឆ្លុះបញ្ចាំង​តាមរយៈ​ការស្ថាបនា​នូវ​ចម្លាក់​ដូនតា ដែល​បាន​ចែក​ឋាន​ទៅ​ក្រោមរូបភាព​ព្រះអាទិទេព​ឥណ្ឌា ដើម្បី​ជាទីគោរព​សក្ការៈបូជា​។ ឧទាហរណ៍​ជាក់ស្តែង ទ្រង់​បាន​កសាង​រូបចម្លាក់​ព្រះ​លោកេស្វរៈ​មួយ មាន​ព្រះនាម​ថា ស្រី​ជយ​វ​ម្មេ​ស្វា​រៈ ដែលជា​រូប​ព្រះបិតា​របស់​ព្រះអង្គ ដោយបាន​ធ្វើ​ពិធី​អភិសេក​នៅ​ឆ្នាំ ១១៨​។ មានន័យថា ព្រះអង្គ​ឧទ្ទិស​មគ្គផល ឬ​កុសល​ដែល​បានមកពី​ព្រះ​ទង្វើ​នេះ​ថ្វាយ​វិញ្ញាណក្ខន្ធ​ព្រះបិតា​របស់​ ព្រះអង្គ ហើយ​ពិធី​ឆ្លង​ព្រះ​បដិមា​ខាងលើនេះ​សព្វថ្ងៃ​នៅតែ​ជា​ប្រពៃណី​ពេញនិយម​របស់​ ពុទ្ធសាសនិក​ជន​ខ្មែរ​នៅឡើយ​។​
​    ​ក្នុងន័យ​នេះដែរ ក្នុង​ផ្ទាំង​សិលាចារឹក​ប្រាសាទព្រះខ័ន ព្រះអង្គ​ក៏​ត្រាស់​បញ្ជា​ឲ្យ​ចារ​គាថា​ទាំងនេះ​ផងដែរ​គឺ ’​ត្បិត​ប្រាសាទ​នេះ​តាមរយៈ​អំពើ​កុសល​ទាំងនោះ​ដែល​កាំរស្មី​នៃ​ព្រះអាទិត្យ ​ចែងចាំង សូម​ឲ្យ​រូប​ខ្ញុំព្រះករុណាខ្ញុំ​សោយ​ព្រះ​និព្វាន ដែល​អ្នក​ឯទៀត​មិនបាន​សម្រេច​បំណង ដើម្បី​ធ្វើ​ឲ្យ​សត្វលោក​ឆ្លង​ផុតពី​សមុទ្រ​នៃ​វដ្ត​សង្សារ​” (​គាថា CLXXI)​។​
​    ​“​នៅពេលដែល​មនុស្ស​បាន​បាត់បង់​ជា​យូរ​មកហើយ​នូវ​កូន ឬ​ភរិយា​នោះ ទោះបីជា​គេ​ស្រឡាញ់​អស់ពីដួងចិត្ត​ក៏ដោយ គេ​ក៏​ដឹង ហើយ​បន្ទាប់មក បើសិនជា​គេ​មានកូន ឬ​ភរិយា​ទៀត គឺ​ឈប់​ឈឺចាប់​តទៅទៀត​។ ក៏ប៉ុន្តែ​បើសិន​ថា ជា​គេ​បាន​បាត់បង់​ទោះជា​យូរយារ​មកហើយ​ក្តី ព្រះបិតា មាតា គេ​នៅតែ​ឈឺ​ចុកចាប់​ដោយ​ឥត​ស្រាកស្រាន្ត​ឡើយ ព្រោះ​អ្នក​ទាំងនោះ​មិនអាច​ជំនួស​បាន​” (​គាថា CCXXIV)​។​
​    ​“​ដូច្នោះ​ហើយ ដើម្បី​រំលឹក​គុណបិតា​មាតា​របស់ខ្ញុំ ព្រះករុណា​ខ្ញុំ​ដែលមាន​សន្តាន​ចិត្តល្អ​ពុំ​អាច​កាត់​តម្លៃ​បាន ហើយ​ប្រកបដោយ​ការគោរព​ឥត​គណនា​នោះ ខ្ញុំព្រះករុណាខ្ញុំ​សូម​ថ្វាយ​បុណ្យ​កុសល​ទាំងនេះ​ជូន​ចំពោះ​រូប​ពួកគាត់​។ ព្រះមហាក្សត្រ បើសិន​ជាមាន​កតញ្ញូតា​ធម៌​មែនពិត អាច​រក្សា និង​ទទួលបាន​នូវ​មគ្គផល​ទាំងនោះ ជាពិសេស​សម្រាប់​អ្នក​ដែល​ប្រតិបត្តិ​ធម៌ (​គាថា CLXXV)”​។​
​    ​សញ្ញាណ​នៃ​សក្ខីភាព​នៃ​ការដឹងគុណ ព្រមទាំង​សប្បុរសធម៌​របស់​ស្តេច​អង្គ​នេះ ក៏​អាច​បញ្ជាក់​តាម​ខ្លឹមសារ​នៃ​គាថា​ពីរ​ទៀត នៅ​សិលាចារឹក​ព្រះខ័ន ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ព្រះបិតា​ របស់​ព្រះអង្គ​។​
​    ​“​ព្រះរាជា​និង​ម្ចាស់​ភូមិករ​ទាំងឡាយ​ថ្វាយ​អំណោយ​ដោយ​ទឹកចិត្ត​បរិសុទ្ធ ​ជ្រះថ្លា ៥៣២៤ ភូមិ (​គាថា LXXIII)” ព្រមទាំង​មានការ​ចែកចាយ​អង្ករ​ដល់​បុគ្គល​ដែល​រស់នៅ​ជាមួយ​គ្រូ និង​អ្នករៀន (​គាថា CII)​។​
​    ​យោង​លើ​ទិន្នន័យ​ជាក់ស្តែង​ទាំងនេះ យើង​អាច​ស្វែងយល់​អំពី​គុណធម៌​ដ៏​មហិមា​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចំពោះ​បុព្វការី​ជន​ដែល​បាន​ឲ្យ​កំណើត​ព្រះអង្គ ហើយ​ដែល​បាន​កសាង​ប្រទេស​កម្ពុជា​ដោយ​សាច់​ស្រស់ ឈាម​ស្រស់​របស់ខ្លួន ព្រមទាំង​បាន​កសាង​វប្បធម៌ អារ្យធម៌​មួយ​ដ៏​មហា​រុងរឿង​ថ្កុំថ្កើង​៕ (​ម​.​ត្រា​ណេ​)

ទំនាក់ទំនង​វប្បធម៌​ខ្មែរ និង​ស្រីលង្កា ប្រភពដើម​នៃ​ភាសាបាលី​

អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩)

    ​គំនូស​យ័ន្ត​តាំងពី​បុរាណកាល​តែងតែ​ត្រូវបាន​ជនជាតិខ្មែរ​ចាត់ទុកថា វត្ថុ​ស័ក្តិ​សិទ្ធ ដែល​អាច​នាំមក​នូវ​សិរី​មង្គល ឬ​ការពារ​នូវ​ឧបទ្រពចង្រៃ​គ្រប់​ប្រភេទ ឬក៏​ជាការ​ប្រមូលផ្តុំ​នូវ​ថាមពល​អាថ៌កំបាំង​តាមរយៈ​សញ្ញា​និមិត្ត​ពិសិដ្ឋ​ ដែល​ជំរុញ​ឲ្យ​សាសនិក​ឈានទៅរក​ការរំដោះ​ទុក្ខ ពោលគឺ​ការ​ត្រាសដឹង​។ ខាងលើនេះ គឺជា​គុណសម្បត្តិ​ដ៏​វិសេសវិសាល និង​មូលហេតុ​នៃ​ការប្រើប្រាស់​យ័ន្ត​ខ្មែរ​ដែល​បាន​ឲ្យ​កំណើត​ទៅ​យ័ន្ត​ថៃ និង​លាវ​/​ឡាវ ចាប់តាំងពី​ចុង​ស​.​វ​ទី​១៣​មក​។​
​    ​តាម​ឯកសារ​ស្រាវជ្រាវ យ័ន្ត​ខ្មែរ​ដែលមាន​ច្រើន​ប្រភេទ​ត្រូវបាន​នាំចូល​ក្នុង​អតីត​ទឹកដី​ខ្មែរ តាំងពី​សម័យ​នគរ​ភ្នំ ឬ​ហ្វូ​-​ណន តាមរយៈ​ការផ្សព្វផ្សាយ​នៃ​លទ្ធិ​សាសនា​ឥណ្ឌា​ធំៗ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។ ថ្វីត្បិតតែ​មាន​ប្រភពពី​ឥណ្ឌា ដែលជា​ទឹកដី​កំណើត​ក្តី ក៏ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា​មិនមាន​ការនិយម​ប្រភេទ​យ័ន្ត​ដូច​នៅ​កម្ពុជា​ឡើយ ដូច​ករណី​អាវ និង​មួក​យ័ន្ត​ជាដើម​។
អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩​នៃ​គ​.​ស​) ឯកសារ សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​

​     ​នេះ​ស​ឲ្យ​ឃើញថា យ័ន្ត​ខ្មែរ​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ផលិតឡើង​ដោយ​គ្រូខ្មែរ​យ៉ាងពិតៗ ដែល​ចេះ​បង្កើត​នូវ​គំនូស​យ័ន្ត​គ្រប់​ប្រភេទ ដោយ​ទេពកោសល្យ​ខ្ពស់​។ ជា​រៀង​រាល់ដង នៅពេលដែល​យាង​ទៅណា​ម្តងៗ ជាពិសេស​នៅពេល​ធ្វើសឹក​សង្គ្រាម ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​និយម​ប្រើ​អាវ និង​មួក​យ័ន្ត ហើយ​ការនិយម​យ័ន្ត​នេះ​បានក្លាយ​ទៅជា​ទម្លាប់​យ៉ាងសំខាន់​មួយ​សម្រាប់​ ព្រះមហាក្សត្រ​ខ្មែរ និង​ថៃ ដែលជា​និច្ចកាល គឺធ្វើឡើង​សម្រាប់​ការពារ​នៅលើ​សមរភូមិ​។​
​    ​ដូចនេះ​គោលបំណង​របស់​ការនិយម​អាវ ឬ​ពួក​យ័ន្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ ដូច​ករណី​អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង កាលពី​ពាក់កណ្តាល​ស​.​វ​ទី​១៩ គឺ​ដើម្បី​ការពារ​ព្រះ​សុវត្ថិភាព និង​បង្កើន​ឆ​ន្ទះ​ដ៏​ម៉ោះ​មុត ដែលជា​វិធានការ​ចាំបាច់ ក្នុងការ​ធ្វើសឹក​សង្គ្រាម​មួយ​ដែល​អាច​នឹង​កើតមានឡើង ដូចជា​ការធ្វើដំណើរ​ជិត​ឆ្ងាយ តាមរយៈ​ការទទួល​នូវ​អំណោយ​ស័ក្តិសិទ្ធិ​នៃ​គំនូស​យ័ន្ត ដែល​ទ្រង់​គ្រង​លើ​ព្រះកាយ​។​
​    ​វត្តមាន​របស់​អាវ​យ័ន្ត​ខាងលើ គឺជា​តឹកតាង​ជាក់ស្តែង​មួយ​បង្ហាញ​ឲ្យ​ដឹងថា ខ្មែរ​ចូលចិត្ត​ប្រជាប្រិយ និយម​យ័ន្ត ហើយ​ទម្លាប់​នេះ​បាន​ក្លាយទៅជា​វប្បធម៌​ជាតិ​យ៉ាង​ប្រាកដ​៕ (​ម​.​ត្រា​ណេ​)

អំពី​ប្រវត្តិ​ព្រះពុទ្ធសាសនា

មង្គលសូត្រ ៣៨ ប្រការ

http://khmerbuddhism.files.wordpress.com/2012/02/buddha-and-devas.jpgមង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ ឃើញ​មាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​អ៊ិន​ធើ​ណិត​ជា​ច្រើន​កន្លែង​ហើយ​ ប៉ុន្តែ​សូម​យក​មក​ដាក់​ផ្សាយ​ក្នុង​ទីនេះ​ម្តង​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ប្រតិបត្តិ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជួប​បាន​ឃើញ ឬ​ អ្នក​ដែល​ធ្លាប់​បាន​ប្រទះ​បាន​អា​ន​ហើយ​នឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​បាន​ភ្លឺ​ ស្រឡះ​ច្បាស់​ឡើង​ថែ​មទៀត។ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​ នឹង​បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា​ ព្រោះ​ថា​មង្គល​ទាំង​ឡាយ​មិន​អាច​កើត​ឡើង​ពី​ការ​បួង​សួង​បន់​ស្រន់​ឡើយ គឺ​កើត​ចេញ​ពី​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​ បដិបត្តិ​ត្រឹម​ត្រូវ​តាម​ផ្លូវ​សម្មា​ទិដ្ឋិ​ មង្គលសូត្រ​នោះ ​មាន​ដូច​​តទៅ​នេះ​៖
 ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)​ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​ ។​
 អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំវិញទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ​ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា (យ៉ាង​នេះ) ថា
 ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ
ទេវតា​និង​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំង​ឡាយ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា សំដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម
(ព្រះដ៏មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំ​ដែងតប​ពាក្យ​ទេវតា​នោះ​ដោយ​ពុទ្ធភា​សិត​ជា​គា​ថា​យ៉ាង​នេះ​ថា)
 អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ
កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ទាំង​ឡាយ​១ កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ​១ កិរិយា​បូជា​ដល់​បុគ្គល ដែល​គួរ​បូជា​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។
 បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អត្តសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ
កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ​១ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ ទុក​ហើយ​ក្នុង​កាល​មុន​១ កិរិយា​ដំកល់​ខ្លួ​ន​ដោយ​ប្រពៃ១​ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ។
 ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ
ភាវៈ​នៃ​បុគ្គល​បាន​ស្តាប់ បាន​រៀន​ហើយ​ដោយ​ច្រើន​១ សិល្ប៍​សាស្ត្រ​គឺ​សេចក្តី​ឆ្លៀវ​ឆ្លាស់​ក្នុង​ហត្ថកម្ម​ របស់​អ្នក​បួស​និង​គ្រហស្ថ១​ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ​១​វាចា​ដែល​បុគ្គល​ពោល​ត្រឹម​ត្រូវ​១ ទាំង​៤នេះ​ ជា​មង្គល​ដ៏​ឧត្តម ។
 មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ
កិរិយា​បំរើ​នូវ​មាតា​១ កិរិយា​បំរើនូវ​បិតា​១ សេចក្តី​សង្រ្គោះ​ដល់​បុត្រ​និង​ភរិយា​១ ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។
 ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ
កិរិយា​បរិច្ចាគទាន​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌១ សេចក្តី​សង្រ្គោះ ដល់​ញាតិ​ទាំង​ឡាយ១​ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស​១ ទាំង​៤នេះ ជា​មង្គល​ដ៏​ឧត្តម ។
 អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ
កិរិយា​មិន​ត្រេក​អ​​រក្នុង​បាប និង​កិរិយា​វៀរ​ចាក​បាប​១ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង​១ សេចក្តី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ​។
 គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ
សេចក្តី​គោរព​ចំពោះ​បុគ្គល ដែល​គួរគោរព​១ កិរិយា​ប្រព្រឹត្ត​បន្ទាប​នូវ​ខ្លួន​១ សេចក្តី​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន​១ ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន១ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល​១ ទាំង​៥​នេះ ជា​មង្គល​ដ៏​ឧត្តម ។
 ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ
សេចក្តី​អត់​ធន់​១ ភាវៈ​នៃ​បុគ្គល​ដែល គេ​ប្រដៅ​បាន​ដោយ​ងាយ​១ កិរិយា​បាន​ឃើញ​បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ​១ ធម្មសាកច្ឆា​គឺ​កិរិយា សន្ទនា​ទៅ​វិញ​ទៅ​មក នូវធម៌​តាម​កាល​១ ទាំង​៤​នេះ ជា​មង្គ​ល​ដ៏​ឧត្តម ។
 តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ
សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​១ កិរិយា​ឃើញ​នូវ​អរិយសច្ចៈ​ទាំង​ឡាយ១​ កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។
 ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ
ចិត្ត​នៃ​បុគ្គល​ឯ​ណា ដែល​លោក​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ មិ​ន​រំភើប​ញាប់​ញ័រ​១ មិន​មាន​សេចក្តី​សោក​១ មាន​ធុលី​គឺ​រាគៈ​ទៅ​ប្រោស​ហើយ​១ ជា​ចិត្ត​ក្សេម​ក្សាន្ត​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។
 ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ
ទេវតា​និង​មនុស្ស​ទាំង​ឡាយ ធ្វើ​នូវ​មង្គល​ទាំង​ឡាយ ប្រាកដ​ដូច្នេះ​ហើយ ជា​អ្នក​មិន​ចាល​ចាញ់​ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សេរី​សួស្តី​ក្នុង​ទី​ទាំង​ពួង (ម្នាល​ទេវ​តា ចូរ​អ្នក​ប្រ​កាន់​ជឿ​ថា) មង្គល​ទាំង​៣៨​ប្រការ មាន​កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ជា​ដើម​នោះ របស់​ទេវតា​និង​មនុស្ស ទាំង​អម្បាល​ណោះ​ ជា​មង្គល​ដ៏​ឧត្តម​ ។ (ចប់)
សេចក្តី​ដក​ស្រង់​ជា​សម្រាយ​សុទ្ធ​ងាយ​ចង​ចាំ «មង្គល​៣៨​ប្រការ​»
១. កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ (អសេវនា ចពាលានំ )
២. កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ (បណ្ឌិតានញ្ច សេវនា )
៣. កិរិយា​បូជា​ដល់​បុគ្គ​ល​ដែល​គួរ​បូជា (បូជា ចបូជនីយានំ )
៤. កិរិយា​រស់​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ (បដិរូប​ទេស​វា​សោ ច )
៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ​ កតបុញ្ញតា )
៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (អត្ត​សម្មា​បណី​ធិ ច )
៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀន​សូត្រ​ចេះ​ដឹង​ច្រើន (ពា​ហុ​សច្ច )
៨. សេចក្តី​ឆ្លៀវ​ឆ្លាត​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​ទាំង​ពួង ( សិប្បៈ )
៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ច សុសិក្ខិតោ )
១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភា​សិតា ច យា វាចា )
១១-១២. កិរិយា​បម្រើ ឬ ទំនុក​បម្រុង​មាតា​និង​បិតា (មាតាបិតុ ឧបដ្ឋានំ )
១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (បុត្តទារ​ស្ស​សង្គហោ )
១៤. ការ​ងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់ ( អនាកុលា ចកម្មន្តា )
១៥. កិរិយា​បរិច្ចាគ​ទាន​ (ទានំ )
១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (ធម្មចរិយា )
១៧. កិរិ​យា​សង្គ្រោះ​ញាតិ​ទាំង​ឡាយ ( ញាតកានញ្ច សង្គហោ )
១៨. កិរិយា​ប្រ​កប​ការ​ងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស ( អនវជ្ជានិ កម្មានិ )
១៩. កិរិយា​មិន​ត្រេក​អរ​ក្នុង​បាប​និង​កិរិយា​វៀរ​ចាក​បាប ( អារតី វិរតីបាបា )
២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជបានា ច សញ្ញាមោ )
២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំង​ឡាយ ( អប្បមាទោ ចធម្មេសុ )
២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គាររោ ច )
២៣. កិរិយា​ប្រព្រឹត្ត​បន្ទាប​ខ្លួន​( និវាតោ ច )
២៤. សេចក្តី​សណ្តោស​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន (សន្តុ​ដ្ឋី ច )
២៥. ភាព​ជា​អ្នក​ដឹង​ឧបការ​គុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ( កត​ញ្ញូ​តា )
២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវនំ )
២៧. សេចក្តី​អត់​ធ្មត់ (ខន្តិ ច )
២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀន​ប្រដៅ​បាន​ដោយ​ងាយ (សោវ​ចស្សតា )
២៩. កិរិយា​បាន​ឃើញ បាន​ជួប​នូវ​ស​មណៈ​ទាំង​ឡាយ​ដែល​មាន​ឥន្ទ្រីយ៍​ស្ងប់​រំងាប់​ហើយ​(សមណា​នញ្ច ទស្សនំ )
៣០. កិរិយា​សន្ទនា​សាក​សួរ​នូវ​ធម៌​តាម​កាល (កាលេន​ធម្មសា​កច្ឆា)
៣១. សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌ ( តបោ ច )
៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (ព្រហ្ម​ចរិ​យញ្ច )
៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំង​ឡាយ​(បរិយ​សច្ចាន ទស្សនំ )
៣៤. កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់​ខ្ពស់ ( និព្វាន​សច្ឆិរិយា ​ច ​)
៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុជ្ឋស្ស លោក​ធម្មេហិ​ចិត្តំ​យស្ស ន កម្បតិ )
៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយ​សោក​ចំពោះ​អារម្មណ៍ (អ​សោកំ )
៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាត​ចាក​កិលេស ( វីរជំ )
៣៨. ចិត្ត​ក្សេម​ក្សាន្ត​ (ខេមំ)