អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, August 7, 2013

ព្រះ​ពុម្ព​ខ្មែរ​ដំបូងបង្អស់​

    ​ជា​មែកធាង​មួយ​ដែល​ពុទ្ធ​សិល្បៈ ឬ​ពុទ្ធបដិមា​សាស្ត្រ ព្រះ​ពុម្ព​ធ្វើ​អំពី​ដី​ដុត ដោយ​ប្រើ​ពុម្ព ក៏ដូចជា​ចម្លាក់​បែប​ពុទ្ធ​និយម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ ត្រូវ​បែង​ចែកជា​បី​ដំណាក់កាល​ធំៗ​គឺ សម័យ​បុ​រេ​អង្គរ សម័យអង្គរ និង​ក្រោយ​អង្គរ​។​
​    ​ក្នុង​អត្ថបទ​ដ៏​ខ្លី​នេះ យើង​នឹងមិន​និយាយ​អំពី​ប្រភព​នៃ​ព្រះពុទ្ធ​ទេ ព្រោះ​កត្តា​ពេលវេលា ក៏ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់​អំពី​ចំណាស់​នៃ​ការ​សាង​ព្រះ​ពុម្ព​នោះឡើយ ដើម្បី​មូលហេតុ​សាសនា​នៅ​អតីត​កម្ពុជា រួមមាន​ប្រទេស​ខ្មែរ ថៃ លាវ និង​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន​។​
​    ​និយាយ​មួយបែប​ទៀត វត្ថុ​ចម្បង​របស់​យើង​គឺ​ការកែតម្រូវ​នូវ​ទ្រឹស្តី​មួយ​ដែល​និយាយថា ព្រះ​ពុម្ព​ដែលមាន​ចំណាស់​ចាស់​ជាងគេ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ គឺ​សិល្បៈ​មន​។ ហើយ​ម្យ៉ាងវិញទៀត ប្រហែលជា​ដោយសារតែ​ប្រការ​នេះហើយ ទើប​អ្នកស្រាវជ្រាវ​ថៃ​បាន​សន្និដ្ឋាន​ដោយ​ប្រញាប់ប្រញាល់​ថា ជា​សិល្បៈ​ទ្វារ​វ​តី​។​
​    ​តាមពិតទៅ ព្រះ​ពុម្ព​ខ្មែរ​មាន​ទំនាក់ទំនង​នឹង​ព្រះ​ពុម្ព ដែល​បាន​នាំចូល​ពី​ឥណ្ឌា ជាពិសេស​ក្នុង​គ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដំបូង​បង្អស់ ដែល​បាន​ចាប់បដិសន្ធិ​ក្រោយ​ឥទ្ធិពល​នៃ​វប្បធម៌​ឥណ្ឌា​នា​ដើម​ស​.​វ​ទី​១​នៃ ​គ​.​ស​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការគិត​ខុស​ដូច្នោះ ព្រោះថា មុន​ទសវត្សរ៍​មិនទាន់មាន​របកគំហើញ​ខាង​បុរាណវិទ្យា នៅ​ប្រទេស​វៀតណាម​ខាងត្បូង អតីត​ទឹកដី​ហ្វូ​-​ណន​ទាំង​នៅ​អង្គរបុរី ដែលជា​រាជធានី​ដ៏​សំខាន់​របស់​ហ្វូ​-​ណន​។​
​    ​ចាប់តាំងពី​ឆ្នាំ ១៩៨៩ រហូតដល់​សព្វថ្ងៃ គេ​អាច​ឃើញ​ព្រះ​ពុម្ព​តូច ធំ​មួយចំនួន​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅតាម​ស្ថានីយ​ប្រវត្តិសាស្ត្រ ស្ថិតនៅក្នុង​ដែនដី​សណ្ត​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេមេគង្គ ព្រមទាំង​នៅ​អង្គរបុរី​។​
​    ​នៅក្នុង​ស្ថានីយ​បុ​រេ​អង្គរ​ទាំងពីរ​នេះ យើង​សង្កេតឃើញថា ព្រះ​ពុម្ព​នា​សម័យ​នោះ មាន​ចំនួន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅនឹង​សម័យ​បាយ័ន​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​។ ភាគច្រើន ព្រះពុទ្ធ​អង្គរ​ស្ថិតក្នុង​ឥរិយាបថ​ប​ដិ​ហារ មារវិជ័យ បរិនិព្វាន និង​សម្មាធិ ដែល​ដូច​ទើប​ពោល សុទ្ធសឹងតែ​សាង​អំពី​ដី​ដុត លើកលែងតែ​ករណីខ្លះ​តែប៉ុណ្ណោះ គេ​ឃើញ​ព្រះ​ពុម្ព​ខ្លះ​ធ្វើំ​ពី​លោហៈ ឬ​កែវ ក៏ប៉ុន្តែ​ត្រូវបាន​គេ​ពាក់​ជា​បណ្តោង​នៅ​ក​ទៅវិញ​។​
១- ព្រះ​ពុម្ព​នៅ​អង្គរបុរី​

ពុម្ព និង ព្រះ​ពុម្ព ដី​ដុត អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

​     ​សូមជម្រាបថា ដូច​ពោល​នៅ​ខាងលើ ព្រះ​ពុម្ព​ដែល​យើង​បាន​រកឃើញ​នៅ​អង្គរបុរី ភាគច្រើន​ស្ថិត​ក្រៅពី​ស្រទាប់ដី​វប្បធម៌ ពោលគឺ​មិនបាន​មក​ដោយ​ការធ្វើ​កំណាយ​តាម​វិធីសាស្ត្រ​នោះទេ​។ ព្រោះថា ត្រូវបាន​អ្នកស្រុក​ជីក​បាន​នៅតាម​ខឿន​ព្រះ​ចេតិយ​ចាស់ៗ​ដោយ​ខុសច្បាប់​។​
ប្រភេទ​ព្រះ​ពុម្ព ដី​ដុត អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

២- ព្រះ​ពុម្ព​នៅ​ម្តុំ​អូរ​កែវ​
​     ​សម្រាប់​ព្រះ​ពុម្ព​បុ​រេ​អង្គរ ក្នុង​ស្ថានីយ​ប្រវត្តិសាស្ត្រ​ស្ថិតក្នុង​ប្រទេស​វៀតណាម​ខាងត្បូង ក៏មាន​អាយុកាល និង​លក្ខណៈ​ដូចគ្នា​ទៅនឹង​ព្រះ​ពុម្ព នៅ​អង្គរបុរី ឬ​នៅក្នុង​ខេត្ត​នគរ​ស្រី​ធម្មរាជ​ប្រទេស​ថៃ​បច្ចុប្បន្ន​ដែរ​។​
១- អង្គរបុរី (​ទីតាំង​ដដែល​), ២- អូរ​កែវ (Cf. ឡេ ធី​លាង​), ៣- ខេត្ត ស្រី​នគរ​ធម្មរាជ និង ប​ច្ចឹ​ម​បុរី នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ
    ​ជា​សេចក្តីសន្និដ្ឋាន ជាដំបូង​ហើយ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ពិនិត្យ​ជា​ត្រួសៗ​នូវ​ព្រះ​ពុម្ព​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ​ មួយចំនួន យើង​ឃើញថា​ព្រះ​ពុម្ព​ទាំងនោះ មាន​អាយុកាល​ច្រើនជាង​ព្រះ​ពុម្ព​មន​។ ព្រោះថា វត្ថុ​ជាទី​សក្ការៈ​ទាំងនោះ ដែល​តំណាង​ឲ្យ​ឆាកជីវិត​ផ្សេងៗ​របស់​ព្រះសម្មាសម្ពុទ្ធ​អង្គ ត្រូវបាន​សាង​ឡើង​ក្នុងសម័យ​វប្បធម៌​ហ្វូ​-​ណន ពោលគឺ​មុន​ការ​លេចធ្លោ​ឡើង​នៃ​រដ្ឋ​មន​នៅ​ដើម​ស​.​វ​ទី​៧ នៅលើ​ទឹកដី​ចាស់​របស់​ហ្វូ​-​ណន​។ ម្យ៉ាងវិញទៀត ព្រះ​ពុម្ព​របស់​ជនជាតិ​មន ថ្វីត្បិតតែ​ជនជាតិ​នេះ ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ ដូច​ជនជាតិខ្មែរ ក៏ប៉ុន្តែ​មាន​លក្ខណៈ​ខុសប្លែក​ពី​ខ្មែរ​បន្តិច​។​
ព្រះ​ពុម្ព ឥរិយាបថ​ព្រះ​បរិនិព្វាន អង្គរបុរី (​ទីតាំង​ដដែល​)
​     ​ក្រៅពីនេះ ក្រោយពី​បានធ្វើ​ការសិក្សា​ប្រៀបធៀប​ព្រះ​ពុម្ព​មួយចំនួន យើង​ក៏​អាច​សម្គាល់​ផងដែរ​ថា ក្នុងដំណាក់កាល​ដំបូង ទាំង​ពុទ្ធ​សិល្បៈ​របស់​ហ្វូ​-​ណន ទាំង​សិល្បៈ​របស់​មន​ទ្វារ​វ​តី សុទ្ធសឹងតែ​ប្រសូត​ចេញពី​មូលដ្ឋាន​រូប​តែមួយ គឺ​ឥទ្ធិពល​ឥណ្ឌា​។ ហើយ​គឺ​ប្រការ​នេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​រក​អត្តសញ្ញាណ​របស់​ព្រះ​ពុម្ព​ទាំង​នោះបាន ជាពិសេស​នៅ​គ្រា​ដំបូងបង្អស់​នៃ​ប្រវត្តិ​សិល្បៈ​មន​។ ក៏ប៉ុន្តែ​បន្ទាប់មក សិល្បៈ​ពុទ្ធ​និយម​របស់​មន ក៏មាន​អត្តសញ្ញាណ​របស់ខ្លួន​យ៉ាង​ប្រាកដ ហើយ​លើសពីនេះ​ទៀត ថែមទាំង​បាន​ជះឥទ្ធិពល​លើ​សិល្បៈ​ខ្មែរ​នា​សម័យ​ចេនឡា​ថែម​ទៀតផង មុន​រលត់​សង្ខា​នា​ស​.​វ​ទី​១១​នៃ​គ​.​ស​៕ (​ម​.​ត្រា​ណេ​)

0 comments: