អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, August 7, 2013

កតញ្ញូតាធម៌​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ចំពោះ​បុព្វការី​ជន

    ​នៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដ៏​មហស្ចារ្យ សង្គម​ខ្មែរ​ត្រូវការ​នូវ​ការផ្សះផ្សា​ជាតិ និង​សាមគ្គីភាព​ឡើងវិញ ដើម្បី​បំភ្លេច​វិនាសកម្ម​គ្រប់បែបយ៉ាង​ទាំង​ខាង​ជីវិត និង​សម្ភារៈ​ក្នុង​សង្គ្រាម​ខ្មែរ​-​ចាម ដែល​ទើបតែ​កន្លងផុតទៅ​។ ដើម្បី​ជាការ​ដឹងគុណ​កតញ្ញូតាធម៌​ចំពោះ​បុព្វការី​ជន​ដែល​បាន​ពលី​ជីវិត ដើម្បី​ទឹកដី​ព្រះអង្គ​បាន​សាងសង់​បូជនីយដ្ឋាន និង​ព្រះ​បដិមា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឥត​គណនា​។​

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សារមន្ទីរ ជាតិ​សៀមរាប (​ម​.​ត ២០១០)
    ​ចាប់តាំងពី​ពេល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឡើង​សោយរាជ​សម្បត្តិ​ជា​ព្រះមហាវីរក្សត្រ​នៅ​ទីក្រុង​ស្រី​ជ័យ ដែលជា​រាជធានី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឬ​នគរធំ អតីត​យ​សោធ​បុ​រៈ (​រាជធានី​សម័យ​ព្រះបាទ​យ​សោ​វរ្ម័ន​) នៅ​ឆ្នាំ ១១៨១​នៃ​គ្រិស្តសករាជ គេ​ឃើញ​មានការ​សាងសង់​មូលនិធិ​សាសនា​ជាច្រើន រួមទាំង​ព្រះ​បដិមា​រាប់ពាន់​ម៉ឺន​អង្គ ដើម្បី​ទ្ទិស​ដល់​ព្រះពុទ្ធ​អង្គ​នៃ​លទ្ធិ​មហាយាន និង​ព្រះអាទិទេព​នៃ​ព្រហ្មញ្ញសាសនា ក៏ប៉ុន្តែ​រូបចម្លាក់​ទាំងអស់​ក៏​តំណាង​ឲ្យ​បុព្វការី​ជន​ដែលមាន​មាតា បិតា ជីដូន ជីតា ឬក៏​មេទ័ព​គ្រូបាធ្យាយ ដូចជា ពួក​ព្រហ្ម​ណ៍​មានគុណ​ទាំងនោះ បាន​ចែក​ឋាន​ទៅហើយ​។ វា​មាន​អត្ថន័យ​ដ៏​វិសេសវិសាល និង​ធំធេង​ណាស់ ដែល​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ត្រូវបាន​កត់ត្រា​លើ​ផ្ទាំង​សិលាចារឹក​នៅ​ ប្រាសាទព្រះខ័ន និង​ប្រាសាទតាព្រហ្ម​ក្នុង​ចក្រភព​មហានគរ ដែល​ទើប​ងើប​ពី​សង្គ្រាម និង​ប្រឈមមុខ​នឹង​វិបត្តិ​អត្តសញ្ញាណ​ជាតិ​។​
​     ​តាម​ខ្លឹមសារ​នៃ​សិលាចារឹក យើង​អាច​បញ្ជាក់ថា យើង​ឃើញ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ព្រះមហាវីរក្សត្រ​អង្គ​នេះ ដើម្បី​សុខសន្តិភាព​បង្រួបបង្រួម ជំនឿ​សាសនា​បែប​ពុទ្ធ​និយម ព្រហ្ម​ណ៍​និយម និង​ប្រពៃណី​ខ្មែរ​សុទ្ធសាធ​ដែលជា​វិភាគទាន​ដ៏​ថ្លៃថ្លា និង​យ៉ាង​ធំធេង​ដល់​ឯកភាព​ជាតិខ្មែរ​ទាំងមូល​។ តាមរយៈ​ជំនឿ​សាសនា​នេះ ជាពិសេស​ការគោរព​បូជា​ចំពោះ​បុព្វការី​ជន​ក្រោមរូបភាព​ជា​ព្រះអាទិទេព ឬ​ជា​ព្រះ​ពោធិសត្វ​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន យើង​ឃើញ​ពី​ព្រះពុទ្ធសាសនា​មហាយាន យើង​ឃើញ​ពី​ព្រះរាជបំណង ឬ​ឆ​ន្ទះ​ពិតៗ​ដែល​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ព្រះករុណា​មេត្តាធម៌ សមភាព​និង​សមធម៌​ពិតៗ ដែលជា​មាគ៌ា​តែមួយគត់​នាំមក​នូវ​ភាពសុខដុមរមនា និង​សុខសន្តិភាព​រវាង​ខ្មែរ និង​ខ្មែរ​ឲ្យ​ចេះ​រួម​រួមគ្នា​កាន់តែ​ធំ​ឡើងៗ​ជា​លំដាប់ ប្រសើរ​ជាង​ការបះបោរ ឬ​ការបំផ្លិចបំផ្លាញ​គ្នាឯង​។​
​    ​ការខិតខំ​ប្រឹងប្រែង​រួបរួមគ្នា​តាំងពី​ក្នុង​ព្រះរាជវង្សានុវង្ស ពួក​ព្រាហ្មណ៍​បុរោហិត រហូតដល់​ប្រជារាស្ត្រ​ទូទៅ​ក្នុងការ​ស្ថាបនា​ខឿនវប្បធម៌​ជាតិ និង​ការអភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​ក្រោយពី​សង្គ្រាមរ៉ាំរ៉ៃ អាច​បញ្ជាក់​តាមរយៈ​ការកសាង​ទីក្រុង​អង្គរធំ និង​ប្រាសាទធំៗ ដូចជា​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​បាណន់​ជាដើម​។​
សិលាចារឹក​ព្រះខ័ន ឯកសារ​បារាំង​
    ​កតញ្ញូតាធម៌​របស់​ព្រះមហាវីរក្សត្រ​អង្គ​នេះ​ចំពោះ​បុព្វការី​ជន ដែលមាន​គុណបំណាច់​ដ៏​មហា​ធំធេង ជំ​ពោះ​ទ្រង់ និង​ជាតិ អាច​ឆ្លុះបញ្ចាំង​តាមរយៈ​ការស្ថាបនា​នូវ​ចម្លាក់​ដូនតា ដែល​បាន​ចែក​ឋាន​ទៅ​ក្រោមរូបភាព​ព្រះអាទិទេព​ឥណ្ឌា ដើម្បី​ជាទីគោរព​សក្ការៈបូជា​។ ឧទាហរណ៍​ជាក់ស្តែង ទ្រង់​បាន​កសាង​រូបចម្លាក់​ព្រះ​លោកេស្វរៈ​មួយ មាន​ព្រះនាម​ថា ស្រី​ជយ​វ​ម្មេ​ស្វា​រៈ ដែលជា​រូប​ព្រះបិតា​របស់​ព្រះអង្គ ដោយបាន​ធ្វើ​ពិធី​អភិសេក​នៅ​ឆ្នាំ ១១៨​។ មានន័យថា ព្រះអង្គ​ឧទ្ទិស​មគ្គផល ឬ​កុសល​ដែល​បានមកពី​ព្រះ​ទង្វើ​នេះ​ថ្វាយ​វិញ្ញាណក្ខន្ធ​ព្រះបិតា​របស់​ ព្រះអង្គ ហើយ​ពិធី​ឆ្លង​ព្រះ​បដិមា​ខាងលើនេះ​សព្វថ្ងៃ​នៅតែ​ជា​ប្រពៃណី​ពេញនិយម​របស់​ ពុទ្ធសាសនិក​ជន​ខ្មែរ​នៅឡើយ​។​
​    ​ក្នុងន័យ​នេះដែរ ក្នុង​ផ្ទាំង​សិលាចារឹក​ប្រាសាទព្រះខ័ន ព្រះអង្គ​ក៏​ត្រាស់​បញ្ជា​ឲ្យ​ចារ​គាថា​ទាំងនេះ​ផងដែរ​គឺ ’​ត្បិត​ប្រាសាទ​នេះ​តាមរយៈ​អំពើ​កុសល​ទាំងនោះ​ដែល​កាំរស្មី​នៃ​ព្រះអាទិត្យ ​ចែងចាំង សូម​ឲ្យ​រូប​ខ្ញុំព្រះករុណាខ្ញុំ​សោយ​ព្រះ​និព្វាន ដែល​អ្នក​ឯទៀត​មិនបាន​សម្រេច​បំណង ដើម្បី​ធ្វើ​ឲ្យ​សត្វលោក​ឆ្លង​ផុតពី​សមុទ្រ​នៃ​វដ្ត​សង្សារ​” (​គាថា CLXXI)​។​
​    ​“​នៅពេលដែល​មនុស្ស​បាន​បាត់បង់​ជា​យូរ​មកហើយ​នូវ​កូន ឬ​ភរិយា​នោះ ទោះបីជា​គេ​ស្រឡាញ់​អស់ពីដួងចិត្ត​ក៏ដោយ គេ​ក៏​ដឹង ហើយ​បន្ទាប់មក បើសិនជា​គេ​មានកូន ឬ​ភរិយា​ទៀត គឺ​ឈប់​ឈឺចាប់​តទៅទៀត​។ ក៏ប៉ុន្តែ​បើសិន​ថា ជា​គេ​បាន​បាត់បង់​ទោះជា​យូរយារ​មកហើយ​ក្តី ព្រះបិតា មាតា គេ​នៅតែ​ឈឺ​ចុកចាប់​ដោយ​ឥត​ស្រាកស្រាន្ត​ឡើយ ព្រោះ​អ្នក​ទាំងនោះ​មិនអាច​ជំនួស​បាន​” (​គាថា CCXXIV)​។​
​    ​“​ដូច្នោះ​ហើយ ដើម្បី​រំលឹក​គុណបិតា​មាតា​របស់ខ្ញុំ ព្រះករុណា​ខ្ញុំ​ដែលមាន​សន្តាន​ចិត្តល្អ​ពុំ​អាច​កាត់​តម្លៃ​បាន ហើយ​ប្រកបដោយ​ការគោរព​ឥត​គណនា​នោះ ខ្ញុំព្រះករុណាខ្ញុំ​សូម​ថ្វាយ​បុណ្យ​កុសល​ទាំងនេះ​ជូន​ចំពោះ​រូប​ពួកគាត់​។ ព្រះមហាក្សត្រ បើសិន​ជាមាន​កតញ្ញូតា​ធម៌​មែនពិត អាច​រក្សា និង​ទទួលបាន​នូវ​មគ្គផល​ទាំងនោះ ជាពិសេស​សម្រាប់​អ្នក​ដែល​ប្រតិបត្តិ​ធម៌ (​គាថា CLXXV)”​។​
​    ​សញ្ញាណ​នៃ​សក្ខីភាព​នៃ​ការដឹងគុណ ព្រមទាំង​សប្បុរសធម៌​របស់​ស្តេច​អង្គ​នេះ ក៏​អាច​បញ្ជាក់​តាម​ខ្លឹមសារ​នៃ​គាថា​ពីរ​ទៀត នៅ​សិលាចារឹក​ព្រះខ័ន ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ព្រះបិតា​ របស់​ព្រះអង្គ​។​
​    ​“​ព្រះរាជា​និង​ម្ចាស់​ភូមិករ​ទាំងឡាយ​ថ្វាយ​អំណោយ​ដោយ​ទឹកចិត្ត​បរិសុទ្ធ ​ជ្រះថ្លា ៥៣២៤ ភូមិ (​គាថា LXXIII)” ព្រមទាំង​មានការ​ចែកចាយ​អង្ករ​ដល់​បុគ្គល​ដែល​រស់នៅ​ជាមួយ​គ្រូ និង​អ្នករៀន (​គាថា CII)​។​
​    ​យោង​លើ​ទិន្នន័យ​ជាក់ស្តែង​ទាំងនេះ យើង​អាច​ស្វែងយល់​អំពី​គុណធម៌​ដ៏​មហិមា​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចំពោះ​បុព្វការី​ជន​ដែល​បាន​ឲ្យ​កំណើត​ព្រះអង្គ ហើយ​ដែល​បាន​កសាង​ប្រទេស​កម្ពុជា​ដោយ​សាច់​ស្រស់ ឈាម​ស្រស់​របស់ខ្លួន ព្រមទាំង​បាន​កសាង​វប្បធម៌ អារ្យធម៌​មួយ​ដ៏​មហា​រុងរឿង​ថ្កុំថ្កើង​៕ (​ម​.​ត្រា​ណេ​)

0 comments: