អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, January 19, 2014

ជើង​​ខ្លាំង​ដែល​ កែវ រំចង់ នឹង​​ប៉ះ​​​​នៅ Thai Fight គឺ​អ្នក​ប្រដាល់​ថៃ​ដ៏​​គ្រោះ​ថ្នាក់​​ Saiyok

 ​​ ​កែវ រំចង់ នឹង​ធ្វើ​​ដំណើរ​​ទៅ​កាន់​​ការ​ប្រកួត​ប្រដាល់​សេរី​ដ៏​ធំ​​របស់​ថៃ Thai Fight ​ ​​យប់​​​ថ្ងៃ​ទី​​​២២​កុម្ភៈ​ខែ​ក្រោយ ហើយ​​​​​បើ​តាម​ប្រភព​គួរឲ្យ​ទុក​ចិត្ត​​បាន​​​​ថា​​ដៃ​គូ​របស់​ រំចង់ ដែល​ប្រិយមិត្ត​​កំពុង​ទន្ទឹង​ចង់​ដឹង​នោះ​គឺ Saiyok Pumphanmuang ជើង​ខ្លាំង​របស់​​​ថៃ ខណៈ​ការ​ប្រកួត​នឹង​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​លេខ​៣​​ថៃ​​​ចាប់​ពី​ម៉ោង​​ ៤:៤៥​​ល្ងាច​​​​ត​ទៅ​​។

ដឹង​អ្វី​ខ្លះ​ជុំ​វិញ​អ្នក​ប្រដាល់​ល្បី​​​ កែវ រំចង់ ?
Saiyok ជា​​​អ្នក​ប្រដាល់​ថៃ​​ដែល​មាន​កម្លាំង​ខ្លាំង​​និង​សម្បូរ​ស្នៀត​វាយ ពិសេស​​ការ​វាយ​​​កែង​ដោយ​មិន​សំចៃ​​យ៉ាង​​​​គ្រោះ​ថ្នាក់​តែ​ម្ដង​​។ ​ការ​វាយ​នៅ Thai Fight ជា​ច្រើន​ដង​ Saiyok ​តែង​តែ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ស្ទើរ​គ្រប់​​ប្រកួត​ ដូច្នេះ​ការ​​ដែល​​ កែវ រំចង់ របស់​​ខ្មែរ​ចូល​ទៅ​កាន់​រេញ Thai Fight ​លើក​ដំបូង​នេះ ​មុខ​តែ​នឹង​​​តាន​តឹង​ខ្លាំង​ ហើយ​ថា​មិន​ត្រូវ​ប្រសិន​បើ​ រំចង់ ហ៊ាន​តែ​ប្រហែស​ Saiyok ក្នុង​​ភាព​ជា​​ម្ចាស់​ទឹក​ដី​មុខ​តែ​នឹង​ផ្ដល់​មេរៀន​ជូរចត់​​ឲ្យ​ជា​​​មិន ​ខាន​​។
(រូបថត៖ ​FB, Khmer Boxing)
ក្នុង​ការ​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដើម្បី​យក​រង្វាន់​រថយន្ត​មួយ​គ្រឿង​​នៅ Thai Fight ​កាល​ថ្ងៃ​ទី​២២​ធ្នូ​កន្លង​ទៅ​ Saiyok ​បាន​បាត់បង់​​ជើង​ឯក​​ដោយ​ការ​ចាញ់​ Sudsakorn Sor Klinmee យ៉ាង​ប្រផុតប្រផើយ​ជា​ទី​បំផុត ពោល​​​ស្មើ​ពិន្ទុ​ក្រោយ​​ចប់​ការ​ប្រកួត​ដែល​​​វាយ​៣​​ទឹក តែ​​ត្រូវ​បាន​​អាជ្ញាកណ្ដាល​ប្រកាស​ឲ្យ​ចាញ់​ពិន្ទុ​​​ក្រោយ​​ប្រកួត​​​មួយ ​ទឹក​បន្ថែម។ ​ថ្វី​បើ​ Saiyok ​របូត​ជើង​ឯក​ក្រោម​​​ដៃ Sudsakhorn ​យ៉ាង​តានតឹង​ តែ​​បើ​ផ្អែក​លើ​​កំណត់ត្រា​វាយ​នៅ Thai Fight ​របស់​កំពូល​អ្នក​ប្រដាល់​ថៃ​ទាំង​ពីរ​នេះ​វិញ​ឃើញ​ថា Saiyok ​​ធ្វើ​បាន​​​ល្អ​​ជាង​ដោយ​សារ​​​ការ​ប្រកួត​ស្ទើរ​ទាំង​អស់​គឺ​បាន​ផ្ដួល​​ ដៃ​​គូ​បរទេស​ឲ្យ​ដួល​មុន​ចប់​ទឹក​ទី​បី ខណៈ​ដែល Sudsakhorn ​ភាគ​ច្រើន​អាច​ត្រឹម​​ឈ្នះ​ពិន្ទុ។ ​​ទន្ទឹម​នេះ​​ក្រុម​អ្នក​តាម​ដាន​ស្អិត​នឹង​ប្រដាល់​​ឲ្យ​ដឹង​ថា​​ថ្វី​បើ​ ​ Sudsakhorn ​​ជា​​ជើង​ឯក​ Thai Fight ​​មែន​តែ​បើ​​ឲ្យ​​ រំចង់ ជួប Sudsakhorn ​គឺ​ស្រួល​ខ្លួន​ជាង​ជួប Saiyok​​។
រី​ឯ​ កែវ រំចង់ នៅ​ Khmer Fighter ២​លើក​ចុង​ក្រោយ​​បាន​​ម៉ាត់​ផ្ដួល​កីឡាករ​​មក​ពី​ឡាត​វី Vitalijs Serbejs  ​នៅ​ទឹក​ទី​១ និង​បន្ត​ផ្ដួល​កីឡាករ​អាល្លឺម៉ង់​​ Saif Eddine Harnafi ក្នុង​ទឹក​ទី​២​នៅ​ខែ​បន្ទាប់ ដើម្បី​​ស្ដារ​មុខ​មាត់​មក​វិញ​នូវ​ការ​ចាញ់​​ចាញ់​ពិន្ទុ វង្ស ណយ ម្ដង​និង​​សន្លប់​ទឹក​ទី​២​ម្ដង​នៅ​ បាយ័ន​៕
(ប្រភពព័ត៌មានពី Sabay News)

វីរបុរស​បាល់ទាត់​សិង្ហបុរី Duric រិះ​គន់​ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា

កីឡាករ​វ័យ​៤៤​ឆ្នាំ​​ Aleksander Duric ដែល​បាន​ក្លាយ​ជា​វីរបុរស​បាល់ទាត់​សិង្ហបុរី​បាន​រិះ​គន់​​អំពី​ពហុ​ កីឡដ្ឋាន​ជាតិ​អូឡាំពិក​ថា​ជា​ឧបសគ្គ​សម្រាប់​​​ក្រុម Tampines Rovers របស់​លោក ទោះ​ជា​​​ឈ្នះ​ក្រុម​ស្វាយរៀង​កាល​ពី​ថ្ងៃ​សុក្រ១-០។
បន្ទាប់​ពី​ការ​ប្រកួត​ចប់ Duric បាន​ឆ្លើយ​តប​នឹង​Sabay អំពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ​ថា ទី​លាន​បាល់ទាត់​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​របស់​លោក ប៉ុន្តែ​លោក​ក៏​បាន​កោត​សរសើរ​ចំពោះ​ក្រុម​ម្ចាស់​ផ្ទះ ស្វាយ​រៀង​ដែល​លេង​បាន​យ៉ាង​ល្អ​។
អត្ថបទ​ពាក់ព័ន្ធ៖
សារ របស់ Duric ឆ្លើយ តប នឹង Sabay
លោក​បាន​និយាយ​ថា ៖«ពួក​យើង​មាន​បញ្ហា​ធំ​​ជាមួយ​ទីលាន គឺ​ទីលាន​អន់​មែន​ទែន​ដែល​ធ្វើ​ឱ្យ​យើង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​​ក្នុង​ ការ​លេង​បាល់​។ យ៉ាង​ណា​ក្ដី ពួក​យើង​ភ្ញាក់​ផ្អើល​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ស្វាយរៀង ពួក​គេ​ជា​ក្រុម​ដ៏​ល្អ ​រៀប​ចំ​ក្រុម​បាន​ល្អ​​និង​​មាន​កីឡាករ​ល្អ​ៗ​ច្រើន»។
ការ​លើក​ឡើង​របស់​លោក Duric អាច​មាន​ន័យ​ថា ប្រសិន​បើ​ទី​លាន​បាល់ទាត់​ល្អ​ជាង​នេះ ក្រុម​របស់​លោក​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ។ នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុម Tampines Rover ត្រូវ​ប្រកួត​នឹង​ក្រុម​ណាហ្គា​ខប​វេលា​ម៉ោង​៤​កន្លះ​ដែល​មាន​ការ​ផ្សាយ​ ផ្ទាល់​ដោយ​ទូរទស្សន៍​អប្សរា។
Aleksander Duric កើត​នៅ​ឆ្នាំ​១៩៧០​ដែល​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ឈ្នះ​ពាន​ រង្វាន់ AFF Suzuki Cup ឆ្នាំ​២០១២។ អាជីព​បាល់ទាត់​របស់​លោក​ធ្លាប់​នៅ​ក្លិប Home United, ក្លិប Geylang United, ក្លិប Singapore Armed Forces និង​ចាប់​ពី​ឆ្នាំ​២០១១​ដល់​សព្វ​ថ្ងៃ​នេះ​នៅ​ក្លិប Tampines Rovers៕
កីឡាករ Duric កាល​ចែក​រំលែក​បទ​ពិសោធន៍​ដល់ U19 កម្ពុជា
(ប្រភពព័ត៌មានពី Sabay News)

ការ​កកើត អ៊ីនធឺណិត​កាហ្វេ

 អ៊ីនធឺណិត​កាហ្វេ​ (Internet cafe) ឬ cybercafe គឺ​ជា​ទីកន្លែង​ដែល​ផ្ដល់​ការ​ភ្ជាប់​ប្រើ​សេវា​អ៊ីនធឺណិត​ជា​សាធារណៈ​ឥត​ គិត​ថ្លៃ។ អាច​និយាយ​បាន​ថា ជា​អាជីវកម្ម​ផ្ដល់​អាហារ​សម្រន់ និង​ភេសជ្ជៈ​ និង​​ផ្តល់​សេវា​អ៊ីនធឺណិត​ នៅ​តាម​ហាង​កាហ្វេ។

ហាង​អ៊ីនធឺណិត​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ ដល់​អ្នក​ចូល​ទៅ​ញាំ ​ព្រោះ​ផ្ដល់​ជូន​សេវា​អ៊ីនធឺណិត​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ គេ​អាច​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន​ ភ្ជាប់​អ៊ីនធឺណិត​ប្រើ​បាន​ដោយ​សេរី ដូច​ជា ​ប្រើ​ដើម្បី​បើក​អាន​សារព័ត៌មាន​អនឡាញ ផ្ញើ​សារ​អេឡិចត្រូនិក ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ ស្ដាប់​តន្ត្រី​អនឡាញ និង​លេង​ហ្គេម​អនឡាញ​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ ហាង​ធំៗ​មួយ​ចំនួន​ក៏​បាន​បំពាក់​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ទី​នោះ​ស្រាប់ ងាយស្រួល​ប្រើ​ដោយ​មិន​ចាំបាច់​មាន​ឧបករណ៍​អេឡិចត្រូនិក​យក​តាម​ខ្លួន​ក៏​ បាន។
+ ប្រវត្តិ​របស់​អ៊ីនធឺណិត​កាហ្វេ (Internet cafe)៖
- ឆ្នាំ ១៩៨៨៖ ដើម​កំណើត​មាន​កាហ្វេ​អ៊ីនធឺណិត​ដំបូង គឺ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ហាង​ដំបូង​គេ​នោះ​មាន​ឈ្មោះ​ថា Electronic Cafe បាន​បើក​បម្រើ​​ភ្ញៀវ​នៅ​មុខ​សាកលវិទ្យាល័យ Hongik University គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ​​ខាង​ត្បូង​ពីរ​នាក់​គឺ Ahn Sang-Su និង Keum Nuri នៅ​ទីក្រុង​សេអ៊ូល។ ដំបូង​នោះ ហាង​បាន​បំពាក់ Computer 16bit ភ្ជាប់​អ៊ីនធឺណិត​សម្រាប់​បម្រើ​ដល់​ភ្ញៀវ។ បើក​បាន​ប្រហែល ២-៣ឆ្នាំ​ក្រោយ​មក ទើប​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​ចាប់​ផ្ដើម​បើក​ជា​បន្តបន្ទាប់។
- ឆ្នាំ ១៩៩១៖ ហាង​កាហ្វេ​អនឡាញ​អាមេរិក​ចាប់​បើក​ ដំណើរការ​ដោយ Wayne Gregori នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ដែល​មាន​ឈ្មោះ Sfnet Coffeehouse Network​ ហើយ​នៅ ឆ្នាំ ១៩៩៤ អាជីវកម្ម​កាហ្វេ​អ៊ីនធឺណិត​នៅ​អាមេរិក​រីក​ដុះដាល​យ៉ាង​ខ្លាំង​ឡើងៗ។
- ឆ្នាំ ១៩៩៦៖ ហាង​កាហ្វេ​អ៊ីនធឺណិត​ចំនួន ៣ ទៀត​បាន​បើក​ដំណើរការ​ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ Internet Cafetm គ្រប់គ្រង​ដោយ Arthur Perey ហាង @ Cafe និង Heroic Sandwich។ ទន្ទឹម​នោះ ហាង​កាហ្វេ​នៅ​កូរ៉េ​ខាង​ត្បូង​ក៏​កាន់​តែ​រីក​សាយ​ច្រើន​កន្លែង​ដែរ។
- ចាប់​ពី​ឆ្នាំ ២០០៥ Internet Cafe កាន់​តែ​ពេញ​និយម និង​ត្រូវ​បាន​បើក​ដំណើរការ​ច្រើន​ទីតាំង​ខុសៗ​គ្នា​នៅ​អាមេរិក។ ក្រោយៗ​មក​ហាង​កាហ្វេ​ត្រូវ​បាន​ពង្រីក​​កាន់​តែ​ច្រើន​ឡើង​ៗ​ តាម​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក ហើយ​មាន​មនុស្ស​​ម្នាៗ​ជា​ច្រើន ចូល​ញាំ​ដើម្បី​ប្រើ​អ៊ីនធឺណិត​នៅ​ទីនោះ​ទៅ​តាម​តម្រូវ​ការ​ខ្លួន​ឧទាហរណ៍ ដើម្បី​បើក webmail ឬ​សេវាកម្ម​ផ្ញើ​សារ​ផ្សេងៗ និង​ឆែក​មើល​ព័ត៌មាន​ជា​ដើម។
ហាង​កាហ្វេ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន គឺ​មាន​ការ​ដាក់​ឧបករណ៍​ឱ្យ​ប្រើ​នៅ​ទីនោះ​ស្រាប់ ងាយ​ស្រួល​ប្រើ​ដោយ​ពុំ​ចាំបាច់​មាន​ឧបករណ៍​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន​ក៏​ បាន។ ហាង​មួយ​ចំនួន​នៅ​តាម​បណ្ដា​ប្រទេស​ដូច​ជា៖ ឥណ្ឌា​ ចិន​ តៃវ៉ាន់​ ហុងកុង​កូរ៉េ​ខាង​ត្បូង និង​ហ្វីលីពីន​គឺ​មាន​ការ​រីក​ដុះដាល​ខាង​ផ្ដល់​សេវាកម្ម​ហ្គេម​ដោយ​ការ​ បំពាក់​ប្រព័ន្ធ​កុំព្យូទ័រ (LAN gaming)។
មិន​ត្រឹម​ជា​អាជីវកម្ម​រក​ចំណូល​មួយ​មុខ​ទេ តែ​ក៏​មាន​ការ​ដាក់​ឱ្យ​ប្រើ​នៅ​តាម​ទី​សាធារណៈ បណ្ណាល័យ សាល​ប្រលានយន្តហោះ​ និង​​កិន្លែង​​ជា​ច្រើន​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន។ ក៏​ឃើញ​មាន សណ្ឋាគារ រមណីយដ្ឋាន នាវា​កម្សាន្ត​ជា​ច្រើន​ ផ្ដល់​សេវា​អ៊ីនធឺណិត​ប្រើ ហើយ​មាន​ទម្រង់​ខុសៗ​គ្នា ដូច​ជា​ប្រើ​នៅ​ក្នុង​បន្ទប់​ដែល​មាន Wi-Fi, ឬ browser ដែល​មាន​នៅ​តាម​ទូរសព្ទ​ក្នុង​បន្ទប់​ជា​ដើម៕ ​
(ប្រភពព័ត៌មានពី Sabay News)

Open Office កម្មវិធី​​មាន​ប្រយោជន៍​សម្រាប់​ខ្មែរ​​​​​​ តែ​​មាន​​អ្នក​ស្គាល់​តិច​​​!

​​កម្មវិធី​​ការិយាល័យ​​​​​​ខ្មែរ​ ឬ​​​ Open Office ​គឺ​ជា​ប្រភេទ​កម្មវិធី​ការិយាល័យ​ដែល​បក​ប្រែ​ឡើង​ដោយ​ជនជាតិ​ខ្មែរ​ ​ហើយ​មាន​មុខងារ​​​​ដូច​​កម្មវិធី​ការិយាល័យ​របស់​ក្រុមហ៊ុន​ Microsoft គឺ​​ ​MS Office ដែរ​​​​​​ តែ​រហូត​មក​ដល់​ពេល​នេះ​​ ​​មិន​ទាន់​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​នៅ​ឡើយ​ទេ។
​កម្មវិធី​ Open Office មាន​ កម្មវិធី​​ដំណើរការ​អត្ថបទ​ (Open Office Writer), កម្មវិធី​សៀវភៅ​បញ្ជី​ (Spreadsheet), កម្មវិធី​​ធ្វើ​បទ​បង្ហាញ​ (Presentation), កម្មវិធី​រូប​មន្ត​គណិតវិទ្យា​ (Formula), កម្មវិធី​សម្រាប់​គំនូរ​ (Drawing) ​និង​កម្មវិធី​​ផ្សេង​ៗ​ជា​ច្រើន​ទៀត។
កម្មវិធី​ OpenOffice
​កម្មវិធី​​​ Open Office មាន​លក្ខណៈ​ពិសេស​បំផុត​នោះ​​គឺ​ថា​ ​នៅ​ពេល​ដំឡើង​ជា​មួយ​ Add-on​ Khmer Spelling Checker ​គឺ​អាច​​​​កំណត់​​​កំហុស​អក្ខរាវិរុទ្ធ​​​​​​​​ពាក្យ​ខ្មែរ​ ឬ​អង់គ្លេស​បាន​ ​​ពោល​​គឺ​មាន​បន្ទាត់​ក្រហម​រត់​នៅ​ពីក្រោម​ចំពោះ​ពាក្យ​ដែល​ខុស​​ ខណៈ​ដែល​ Ms Office អាច​កំណត់​កំហុស​អក្ខរាវិរុទ្ធ​​​បាន​តែ​ពាក្យ​អង់គ្លេស​​​ប៉ុណ្ណោះ។ ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កម្មវិធី​នេះ​អាច​តម្រៀប​​អក្សរ​បាន​ល្អ​​ថែម​ទៀត​ផង។ ​​​​​​​​​​​​​​​​​
ពាក្យ​​ជា​ភាសា​អង់គ្លេស​ និង​ខ្មែរ​​ដែល​ខុស​​​​​អក្ខរាវិរុទ្ធ​​នឹង​​​លោត​បន្ទាប់​​ក្រហម​ពី​ក្រោម​​
​​​​​លោក​ ​ខេង ពិសិដ្ឋ​​ ប្រធាន​គ្រប់គ្រង​​​គម្រោង​​​ Open School Program និង​ Khmer OS ​​​និង​ជា​អ្នក​ផ្ដួច​ផ្ដើម​​គម្រោង​បក​ប្រែ​កម្មវិធី​នេះ​​​ឡើង​​​បាន​​ ប្រាប់​ Sabay ថា​ ​​កម្មវិធី​​ Open Office ​​​ជា​កម្មវិធី​ដ៏​​ល្អ​សម្រាប់​​​ប្រជាពលរដ្ឋ​​ខ្មែរ​​​ដែល​មិន​សូវ​​ចេះ​ ភាសា​អង់គ្លេស​​​​​​សម្រាប់​ប្រើ​ប្រាស់​​ធ្វើ​ការងារ​​ការិយាល័យ​​ ​​តែ​កម្មវិធី​នេះ​​​ទទួល​ការ​គាំ​​ទ្រ​មិន​ទាន់​​​​ច្រើន​​នោះ​ទេ​ ​បើ​​ទោះ​ជា​​​ ​គម្រោង​មួយ​នេះ​​កំពុង​​​ទទួល​​​បាន​ការ​សហការ​ពី​​​ក្រសួង​អប់រំ​​​ក្ដី។
​​ប្រធាន​​គ្រប់​គ្រង​គម្រោង​​រូប​នេះ​ ​បាន​បញ្ជាក់​ដូច្នេះ​ថា​ ​៖ “​យើង​បាន​ធ្វើ​អនុស្សរណៈ​យោគយល់​គ្នា​ជា​មួយ​ក្រសួង​អប់រំ​​​​កាល​ពី​ឆ្នាំ ​២០០៧​ ហើយ​​រហូត​មក​ដល់​ពេល​នេះ​​ ខាង​ក្រសួង​បាន​ជំរុញ​ឱ្យ​​​​មន្ត្រី​រាជការ​របស់​ក្រសួង​​ប្រើ​ប្រាស់​ និង​​​​​បាន​ដាក់​បញ្ចូល​ទៅ​​ក្នុង​​កម្មវិធី​សិក្សា​កុំព្យូទ័រ​​នៅ​ថ្នាក់ ​វិទ្យាល័យ​​​ ​តែ​​បើ​តាម​ការ​​វាយ​តម្លៃ​​​របស់​ខ្ញុំ​ គឺ​មាន​អ្នក​ចេះ​ប្រើ​ប្រាស់​​​​បាន​​ប្រហែល​មិន​ដល់​​ ៣០% ផង​”។
​​អ្វី​ដែល​ជា​បញ្ហា​នាំ​ឱ្យ​មាន​អ្នក​ប្រើ​ប្រាស់​​កម្មវិធី​នេះ​​តិច​​ ​​ ​លោក​​ ពិសិដ្ឋ​ បាន​អះអាង​ថា​ គឺ​បណ្ដាល​មក​ពី​នៅ​កម្ពុជា​​ ក្រុមហ៊ុន​ Microsoft ​មិន​ទាន់​ដាក់​​កំហិត​លើ​​​​​អ្នក​ប្រើ​ប្រាស់​​កម្មវិធី​ Ms Office ​ឱ្យ​ទិញ​​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​​នោះ​ទេ​ ដូច្នេះ​មនុស្ស​ភាគ​ច្រើន​​​​​ ​មិន​ទាន់​មើល​ឃើញ​​ពី​តម្លៃ​នៃ​កម្មវិធី​សម្រាប់​ខ្មែរ​មួយ​នេះ ​​ដែល​អ្នក​ប្រើ​ប្រាស់​អាច​ទាញ​យក​​​បាន​ដោយ​ឥត​គិត​ថ្លៃ។​
​​លោក​ ពិសិដ្ឋ​ បាន​រៀប​រាប់​​ពី​ប្រវត្តិ​នៃ​ការ​​​​បក​ប្រែ​កម្មវិធី​នេះ​​​ថា​ ​​​​កម្មវិធី​​ Open Office នេះ ​​​​ត្រូវ​បាន​​​បក​ប្រែ​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​២០០៤​ ដែល​មាន​រូប​លោក​ និង​​សមាជិក​​មួយ​ចំនួន​ទៀត​ជា​អ្នក​ចងក្រង​ ​សទ្ទានុក្រម​​ និង​បក​ប្រែ​​​​ជា​ភាសា​ខ្មែរ​​ក្រោម​គម្រោង​ Khmer OS Project។ ​​ជា​លទ្ធផល​​ គម្រោង​នេះ​បាន​សម្រេច​បាន​ក្នុង​រយៈពេល​​​​ ៦​ ទៅ​ ​៧ ខែ​​​​ក្រោយ​ពី​បង្កើត​​ ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​​​ថវិកា​​ពី​បណ្ដា​អង្គការ​អន្តរជាតិ​ និង​ក្រុម​ហ៊ុន​ឯកជន​មួយ​ចំនួន។
​រហូត​មក​ដល់​ពេល​នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ពិសិដ្ឋ​ ​កម្មវិធី​​នេះ​បាន​​​ធ្វើ​កំណែ​ប្រែ​ជា​ច្រើន​​លើក​ច្រើន​សារ​មក​ហើយ​ ហើយ​ក្រុម​ការងារ​របស់​លោក​នៅ​តែ​បន្ត​​កែ​ប្រែ​​​ទៀត​នៅ​ពេល​​អនាគត។ ​​​​
(ប្រភពព័ត៌មានពី Sabay News)

មាន​រថយន្ត​ណា​ដែល​ម៉ូដ​ប្លែក​ជាង​នេះ​ទេ​ម៉ា​​ស្រុក​ខ្មែរ?

អាច​ចាត់​ទុក​ថា​ជា​រថយន្ត​ដ៏​ចម្លែក​ បំផុត​នៅ​ស្រុក​ខ្មែរ​ក៏​អាច​ថា​បាន​ដែរ បើ​មើល​លើ​រូបរាង​និង​ការ​រចនា​ដ៏​ចម្លែក​ខុស​គេ​ខុស​ឯង​របស់​រថយន្ត​មួយ​ នេះ។
រថយន្ត​ដ៏​ចម្លែក​មិន​មាន​ឈ្មោះ​និង​មិន​មាន​ប្រភព​ច្បាស់លាស់​នេះ ត្រូវ​បាន​ប្រិយមិត្ត​ជា​ច្រើន​ចែក​រំលែក​តៗ​គ្នា ដើម្បី​ជា​ការ​កម្សាន្ត​​​ភ្នែក​​ និងក៏​ជា​​បង្ហាញ​ការ​ចាប់​អារម្មណ៍​សម្រាប់​រថយន្ត​ដែល​គេ​កម្រ​បាន​ឃើញ​​ នៅ​ស្រុក​ខ្មែរ​នេះ​។
ប្រិយមិត្ត​មួយ​រូប​បាន​ពិពណ៌នា​រថយន្ត​​ដ៏​ចម្លែក​​ខុស​គេ​ខុស​ឯង​នេះ​ ថា ម៉ាស្រុក​ខ្មែរ​មាន​តែ​មួយ​ទេ បើ​មាន​ពីរ​ក៏​កាប់​ចោល​មួយ​ដែរ។
ប្រិយមិត្ត​ក៏​ប្រហែល​ជា​​ចាប់​អារម្មណ៍​ដែរ​មិន​អីចឹង?
(ប្រភពព័ត៌មានពី Sabay News)

MATIC ២០១៤​ រក​ឃើញ​ជើង​ឯក​ហើយ!

​​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​​​អស់​រយៈ​ ពេល​ពីរ​ថ្ងៃ​​យ៉ាង​ស្វិតស្វាញ​​រួច​មក​ ​ទីបំផុត​​​​​ក្រុម​ Rebirth របស់​ ​ ​ប្រទេស​ថៃ​ ​​​បាន​គ្រង​តំណែង​ជើង​ឯក​​ MATIC 2014 ​​​ហើយ​ ​​ដោយ​បាន​​​យក​ឈ្នះ​​ក្រុម​ជា​ច្រើន​ក្នុង​វគ្គ​ជម្រុះ​​​​ និង​ចុង​ក្រោយ​បាន​បំបាក់​​ជើង​ខ្លាំង​របស់​កម្ពុជា​គឺ​ NeverCare ​​​នៅ​វគ្គ​ផ្ដាច់​ព្រាត់។
ក្រុម​ Rebirth ​ឈ្នះ​ពាន​​
​​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​សេវា​កម្សាន្ត​​​លក្ខណៈ អន្តរជាតិ​​ជា​ ប្រវត្តិសាស្ត្រ​​​ដែល​កម្ពុជា​ទទួល​​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ​​ ​​គឺ​មាន​ការ​ចូល​រួម​សុទ្ធ​តែ​ក្រុម​ខ្លាំង​​​ចំនួន​ ១៦​ ​​មក​ពី​​ ៧​ ប្រទេស​ និង​តំបន់​ផ្សេង​គ្នា។ ​ក្រុម​នីមួយ​ៗ​ ​បាន​បញ្ចេញ​​សមត្ថភាព​ប្រយុទ្ធ​​ដ៏​អស្ចារ្យ​រៀង​ៗ​ខ្លួន​ ​​ដើម្បី​ឆ្ពោះ​ទៅ​​​ដណ្ដើម​យក​តំណែង​ជើង​ឯក។ ​
​​ជា​លទ្ធផល​ Rebirth​ ក្រុម​របស់​ប្រទេស​ថៃ​​ ​​​​បាន​បំបាក់​ក្រុម​ខ្លាំង​ជា​បន្ត​បន្ទាប់​នៅ​វគ្គ​ជម្រុះ​​​​តាម​ពូល​ រួច​ក៏​​​បាន​​យក​ឈ្នះ​ក្រុម​​​ ​Medium’88 ​ដែល​​ជា​ជើង​ខ្លាំង​រួម​ជាតិ​​នៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ និង​​បន្ត​​លត់​ក្រុម​ ​YouWillKnow ​របស់​​កម្ពុជា​​នៅ​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ​ ​​ឆ្ពោះ​ទៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ជា​លទ្ធផល​ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​​ ​ក្រុម​​ជើង​ខ្លាំង​របស់​ថៃ​មួយ​នេះ​​ ​​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​កម្ពុជា​ NeverCare ​ក្នុង​លទ្ធផល​ ៥ ទល់​នឹង​ ៤។
​​ក្នុង​ការ​កាន់​តំណែង​​ជើង​ឯក​លើក​នេះ​​ ​ក្រុម Rebirth​​​ ​ជើង​ឯក​ MATIC ​បាន​ទទួល​ប្រាក់​រង្វាន់​ប្រមាណ​ ១១ ០០០​ពាន់​ដុល្លារ​អាមេរិក​ ខណៈ​ក្រុម​ជើង​ឯក​រង​​​ NeverCare​ ​បាន​ទទួល​​​​​ ៦០០០​ដុល្លារ។ ​ ​សម្រាប់​ក្រុម​លេខ​បី​វិញ​ ​បាន​ទៅ​លើ​ក្រុម​របស់​កម្ពុជា​​ ​ ​​​គឺ​ YouWillKnow​ ដោយ​​បាន​​យក​ឈ្នះ​ក្រុម​រួម​ជាតិ​ FiveMilitary​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ទទួល​​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ចំនួន​ ៤០០០​ ដុល្លារ។ ​​

​ដោយ​ឡែក​ ក្រុម FiveMilitary ​​​​ឈរ​នៅ​​​ចំណាត់​ថ្នាក់​លេខ​បួន​ ​​​​ទទួល​បាន​​​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​​ ២​០០០​ដុល្លារ​អាមេរិក។

​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​ឆ្នាំ​នេះ​​​ ​​ក្រុម​របស់​កម្ពុជា​​ទាំង​បី​ក្រុម​​​​សុទ្ធ​តែ​​​​បាន​​ឆ្លង​ផុត​វគ្គ​ ជម្រុះ​តាម​ពូល​​ វគ្គ​ពាក់​កណ្ដាល ​​​តែ​ចាញ់​នៅ​វគ្គ​​ផ្ដាច់​ព្រាត់។ ​​​ទោះ​ជា​យ៉ាង​ណា​ ក្នុង​ចំណោម​ ៤​ក្រុម​ដែល​ទទួល​ពាន​ មាន​បី​ក្រុម​ គឺ​ជា​ក្រុម​របស់​ប្រទេស​កម្ពុជា។​
​​
​​​​សមាជិក​​ក្រុម​ NeverCare​ ​​ជើង​ឯក​រង​ MATIC ​ឆ្នាំ ២០១៤​ ​បាន​បញ្ជាក់​​ទាំង​​ទឹក​មុខ​​ក្រៀម​ក្រំ​ថា​ ​​ក្រុម​របស់​គេ​ពិត​ជា​សោកស្ដាយ​​មែន​ទែន ​​ដែល​មិន​អាច​យក​ពាន​មក​ជូន​​​កម្ពុជា​បាន​ ព្រោះ​ថា​ក្រុម​របស់​​​​គេ​មិន​អាច​យក​ឈ្នះ​ក្រុម​ Rebirth របស់​ថៃ​ទាំង​ពីរ​លើក​​​ គឺ​ទាំង​នៅ​វគ្គ​ជម្រុះ​​​ ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​។

​​​Yaoun ​​ប្រធាន​ក្រុម​ NeverCare បាន​ទទួល​ស្គាល់​ថា​ ក្រុម​ Rebirth ថៃ​​គឺ​ពិត​ជា​​ក្រុម​ខ្លាំង​មែន​ ហើយ​រូប​គេ​ក៏​បាន​ថ្លែង​អំណរគុណ​​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​មក​​​ ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​របស់​គេ​ និង​​ក្រុម​កម្ពុជា​ផ្សេង​ទៀត។ ​​​​​​​​
​​​MAN ​ប្រធាន​ក្រុម​​​ Rebirth បាន​ថ្លែង​ទាំង​អារម្មណ៍​រីករាយ​ថា​ ​ជោគជ័យ​ថ្ងៃ​នេះ​​​ ​គឺ​បាន​បំពេញ​​​ក្តី​ស្រមៃ​របស់​គេ​​ ដែល​ធ្លាប់​គិត​​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ​ ពោល​គឺ​ចាប់​តាំង​ពី​ចូល​រួម​ប្រកួត​​ MATIC ​​នៅ​ប្រទេស​ម៉ាឡេស៊ី​មក​ម្ល៉េះ។ ​​​អ្វី​ដែល​បាន​ជំរុញ​ឱ្យ​ក្រុម​របស់​គេ​ឈ្នះ​ពាន​ថ្ងៃ​នេះ​ ​គឺ​​​​ការ​ធ្វើ​ការ​ជា​ក្រុម​​បាន​ល្អ​នៅ​លើ​សមរភូមិ​ប្រយុទ្ធ។
​ ​ អ្នក​គាំទ្រ​ក្រុម​ Rebirth ថៃ​
គេ​មិន​ភ្លេច​ទេ​ថា​ ជំនាញ​បាញ់​ Snap ​​​របស់​ក្រុម​ Rebirth ​បាន​ធ្វើ​ឱ្យ​ក្រុម​ខ្លាំង​កម្ពុជា​ ក៏​ដូច​ជា​ក្រុម​ខ្លាំង​​ផ្សេង​ៗ​ទៀត​ខ្លាចរអា​​ ជា​ពិសេស​គឺ​ជា​ជំនាញ​ដែល​​ក្រុម​នេះ​បាន​យក​មក​បំបាក់​ក្រុម​ទាំង​ឡាយ​​​នៅ ​លើ​សមរភូមិ​ប្រយុទ្ធ​ MATIC កាល​ពី​​ថ្ងៃ​ម្សិលមិញ​និង​ថ្ងៃ​នេះ។

​MAN ​បញ្ជាក់​ ៖ “​ជំនាញ​បាញ់​កាំភ្លើង​ Snap ​របស់​​ខ្ញុំ​ហាត់​បាន​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​​ ហើយ​ក្រុម​របស់​ខ្ញុំ​ក៏​មិន​​នឹក​ស្មាន​ដែរ​ថា​ ​ក្រុម​គេ​ផ្សេង​ៗ​​មិន​​​បាន​សម​នឹង​ជំនាញ​នេះ។ ​វា​ជា​ជំនួយ​​យ៉ាង​សំខាន់​សម្រាប់​ខ្ញុំ​​ក្នុង​ការ​ប្រកួត​លើក​នេះ”។ ​​​​​​​​
​​​​​​​​ក្រុម​ NeverCare ​របស់​កម្ពុជា​​​ដណ្ដើម​​​បាន​តំណែង​ជើង​ឯក​រង​​ MATIC​ ពីរ​ឆ្នាំ​ជាប់​ៗ​​​​គ្នា​ ពោល​គឺ​កាល​​ពី​​ឆ្នាំ​២០១៣​ ​​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ និង​​នៅ​ឆ្នាំ​២០១៤​ ​​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ​កាល​​ពី​ឆ្នាំ​២០១៣​ ក្រុម​ NeverCare របស់​កម្ពុជា​បាន​បំបាក់​​ក្រុម​ Rebirth ក្នុង​លទ្ធផល​ ៣-១​ នៅ​វគ្គ​ជម្រុះ​តាម​ពូល​ ខណៈ​ដែល​ឆ្នាំ​នេះ​ ​ក្រុម​ Rebirth ​​បាន​លត់​​ក្រុម​កម្ពុជា​វិញ​​រហូត​ដល់​ទៅ​ពីរ​លើក ​​គឺ​នៅ​វគ្គ​ជម្រុះ​តាម​ពូល​ និង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។
​​នៅ​​ឆ្នាំ​២០១៥​ ​​ប្រទេស​ចិន​ ​បាន​ទទួល​តំណែង​ស្នង​ពី​ប្រទេស​កម្ពុជា​​​​ ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​​​សេវា​កម្សាន្ត​ AK ​លក្ខណៈ​អន្តរជាតិ​ MATIC ​​ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​ដ៏​​ធំ​មួយ​ប្រចាំ​នៅ​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក៕​​​​​​​​
​(ប្រភពព័ត៌មានពី Sabay News)

សត្វ​ហ្វូក​សមុទ្រ​រាប់​សែន​​ក្បាល​​ឡើងគោកដេក​សំដិល​ថ្ងៃ​​ដូច​មនុស្ស

ប្រសិន​បើ​ប្រិយមិត្ត​​មើល​រូបភាព​​នេះ ​ពី​ចម្ងាយ មិត្ត​អ្នកអាន​គិត​ថា ​សត្វ Penguin រាប់ពាន់​ក្បាល​​ទាំង​នេះ កំពុង​ហែល​ឡើង​គោក​ដើម្បី​រក​កន្លែង​សម្រាក​ក្បែរ​ផ្ទាំង​ថ្ម​ជា​ច្រើន​ ដែល​ស្ថិត​នៅ​ជាប់​ឆ្នេរ​​សមុទ្រ។ ក៏ប៉ុន្តែ​ នៅ​ពេល​​​​ប្រិយមិត្ត​ពិនិត្យ​កាន់តែ​ច្បាស់ រូបភាព​​ដែល​មិត្ត​អ្នកអាន​គិត​ថា​​ជា​ដុំ​ថ្ម​នោះ ​វា​មិនមែន​ជា​ដុំ​ថ្ម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​សត្វ​ហ្វូក​សមុទ្រ​រាប់ពាន់​ក្បាល​កំពុង​ដេក​សំដិល​ថ្ងៃ​ទៅវិញ។


អ្នក​ថត​រូប បាន​ផ្ដិត​យក​រូបភាព​ដ៏​កម្រ​ទាំង​នេះ ​​​ពី​ជីវិត​សត្វ​សមុទ្រ​ខាងលើ​ ដែល​កំពុង​រស់​នៅ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​​ត្រជាក់​ស្ថិត​នៅ​ឆ្នេរ St Andrews ភាគ​ខាងត្បូង​កោះ Georgia។ គេ​បាន​វាយតម្លៃ​ថា​​  យ៉ាង​ហោច​ណាស់​មាន​សត្វ Penguin ៣ សែន​ក្បាល និង​សត្វ​ហ្វូក​ចំនួន​៤​​ពាន់​ក្បាល​​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ​នេះ។ ទិដ្ឋភាព​នេះ​​ពិត​ជា​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ការ​រស់​នៅ​តាម​បែប ​ធម្មជាតិ​របស់​​ពួកវា​  ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ទំនាក់ទំនង  ការ​ស្វែង​រក​ទីជម្រក ការបន្តពូជ និង​ការ​ផ្ដល់​កំណើត​ឲ្យ​កូន​ៗរបស់​វា​​៕​



បុរស​ចំណាស់​​​អ៊ីរ៉ង់ ​​​អត់​ងូតទឹក​៦​០ឆ្នាំ

មាន​រឿង​ដ៏​ហួសចិត្ត​មួយ​បាន​កើត​ឡើង​លើ​​ ​បុរស​ចំណាស់​អ៊ីរ៉ង់​ម្នាក់ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ​អស់​រយៈ​ពេល​៦០​ឆ្នាំ​មក​នេះ គាត់​មិនបាន​​ងូតទឹក​​ទាល់​តែ​សោះ។
រៀបរាប់​ពី​ជីវិត​ឯកជន​របស់​គាត់ លោក​តា​​​Amou Haji មាន​ វ័យ​៨០ ឆ្នាំ ​ខាងលើ​បាន​រស់​នៅ​​​ក្នុង​ខេត្ត​មួយ​នៅ​ភាគ​ខាងត្បូង​អ៊ីរ៉ង់។ គាត់​បាន​កើត​មាន​រឿង​ចម្លែក​មួយ ​​នៅ​ក្នុង​ខ្លួន​ដោយ​​​មាន​ជំនឿ​ថា ការ​ងូតទឹក​នឹង​​ធ្វើ​គាត់​មាន​ជំងឺ។  ហេតុដូច្នេះ មាន​តែ​ការ​តម​ងូតទឹក​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​​​រស់​នៅ​យ៉ាង​មាន​ សុភមង្គល​រហូត​មកដល់​សព្វ​ថ្ងៃ។
ជា​រៀងរាល់​ថ្ងៃ​ ទោះបី​ជា​គ្មាន​ប្រពន្ធ​កូន​ក្តី គាត់​ហាក់​បាន​ចំណាយ​ពេល​វេលា​រស់​នៅ​​ដោយ​​ស្មោកគ្រោក​នេះ​យ៉ាង​រីករាយ​ បំផុត​​ក្នុង​រូង​មួយ​ដូច​ជា​ផ្នូរ​ខ្មោច។ ភាព​ស្រស់​ស្អាត ទឹក​ស្អាត និង​អាហារ​​ឆ្ញាញ់ៗ ដែល​មនុស្ស​ទូទៅ​ទទួលទាន​ គឺ​ជា​អ្វី​ដែល​គាត់​ស្អប់​បំផុត។ ដូច្នេះ​​  ​ទម្លាប់​​និង​​អាហារ​ដែល​គាត់​ត្រូវការ​​  គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​​ជក់​ខ្សៀ​ជា​មួយ​លាមក​​សត្វ​កាំប្រមា និង​​សាច់សត្វ​ងាប់​នោះ​ឡើយ​។​​​
​ជីវិត​រស់​នៅ​ដ៏​ចម្លែក​របស់​គាត់ ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​បុរស​ចំណាស់​​​ឥណ្ឌា​​ម្នាក់​ គឺ​លោកតា  Kailash Singh វ័យ​៦៦​ឆ្នាំ​ បាន​កើត​រឿង​ចម្លែក​ដូចគ្នា​នេះ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ​លោក​តា Kailash បដិសេធន៍​​ងូតទឹក​ត្រឹមតែ​៣៨​ឆ្នាំ ប៉ុណ្ណោះ ដែល​នេះ​​ធ្វើ​ឲ្យ​លោកតា ​​​Amou Haji ​​បាន​អួត​ខ្លួន​ឯង​ថា គាត់​គឺ​ជា​មនុស្ស​តែ​មួយ​គត់​ក្នុង​លោក​ដែល​អាច​បំបែក​កំណត់ត្រា​នេះ​បាន៕
លោក​តា​​​Amou Haji កំពុង​ជក់​​​​​ខ្សៀ​ជា​មួយ​លាមកសត្វ​កាប្រមា​
 (ប្រភពព័ត៌មានពី Sabay News)

ស៊ីតុណ្ហភាព នឹងចុះត្រជាក់ខ្លាំង នៅថ្ងៃទី២២ ខែមករា

 សម្រាប់រដូវរងានាឆ្នាំនេះ ស៊ីតុណ្ហភាព ដែលចុះត្រជាក់ខ្លំាងគេ នឹងកើតឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ខាងមុខ ស្ថិតនៅតាមបណ្តា ខេត្ត មួយចំនួន នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ LookingTODAT នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤នេះ។
លោក ចាន់ យុត្ថា បានថ្លែងថា ក្រោយពីមានការតាមដានស្តីអំពីអាកាសធាតុ ឃើញថា ស៊ីតុណ្ហភាព ត្រជាក់ខ្លាំង នឹងកើតឡើងនៅថ្ងៃទី២២ ខែមករា ខាងមុខនេះ។ ស្ថានភាពស៊ីតុណ្ហភាពដូចខាងក្រោម ៖
- ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគីរី មណ្ឌលគិរី : សីតុណ្ហភាពអប្បរមា អាចនឹងចុះដល់ 11-13C ។
- ខេត្តបន្ទាយមានជ័យ សៀមរាប  បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង :14-16C
- រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ធំ ក្រចេះ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង :17-18C
- ខេត្តតាកែវ កំពត ព្រះសីហនុ កោះកុង: 19-21C។
- នៅថ្ងៃទី 23 សីតុណ្ហភាពអប្បរមា នឹងងើបឡើងបន្តិចវិញ ហើយចាប់ពីថ្ងៃ
ទី 24 ទៅ នឹងកើនឡើង ជាបន្តបន្ទាប់។
- រដូវរំហើយឆ្នាំនេះ អាចនឹងបញ្ចប់នៅថ្ងៃទី24 ខែមករា ឆ្នាំ 2014៕