អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, January 19, 2014

ការ​កកើត អ៊ីនធឺណិត​កាហ្វេ

 អ៊ីនធឺណិត​កាហ្វេ​ (Internet cafe) ឬ cybercafe គឺ​ជា​ទីកន្លែង​ដែល​ផ្ដល់​ការ​ភ្ជាប់​ប្រើ​សេវា​អ៊ីនធឺណិត​ជា​សាធារណៈ​ឥត​ គិត​ថ្លៃ។ អាច​និយាយ​បាន​ថា ជា​អាជីវកម្ម​ផ្ដល់​អាហារ​សម្រន់ និង​ភេសជ្ជៈ​ និង​​ផ្តល់​សេវា​អ៊ីនធឺណិត​ នៅ​តាម​ហាង​កាហ្វេ។

ហាង​អ៊ីនធឺណិត​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ ដល់​អ្នក​ចូល​ទៅ​ញាំ ​ព្រោះ​ផ្ដល់​ជូន​សេវា​អ៊ីនធឺណិត​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ គេ​អាច​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន​ ភ្ជាប់​អ៊ីនធឺណិត​ប្រើ​បាន​ដោយ​សេរី ដូច​ជា ​ប្រើ​ដើម្បី​បើក​អាន​សារព័ត៌មាន​អនឡាញ ផ្ញើ​សារ​អេឡិចត្រូនិក ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ ស្ដាប់​តន្ត្រី​អនឡាញ និង​លេង​ហ្គេម​អនឡាញ​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ ហាង​ធំៗ​មួយ​ចំនួន​ក៏​បាន​បំពាក់​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ទី​នោះ​ស្រាប់ ងាយស្រួល​ប្រើ​ដោយ​មិន​ចាំបាច់​មាន​ឧបករណ៍​អេឡិចត្រូនិក​យក​តាម​ខ្លួន​ក៏​ បាន។
+ ប្រវត្តិ​របស់​អ៊ីនធឺណិត​កាហ្វេ (Internet cafe)៖
- ឆ្នាំ ១៩៨៨៖ ដើម​កំណើត​មាន​កាហ្វេ​អ៊ីនធឺណិត​ដំបូង គឺ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ហាង​ដំបូង​គេ​នោះ​មាន​ឈ្មោះ​ថា Electronic Cafe បាន​បើក​បម្រើ​​ភ្ញៀវ​នៅ​មុខ​សាកលវិទ្យាល័យ Hongik University គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ​​ខាង​ត្បូង​ពីរ​នាក់​គឺ Ahn Sang-Su និង Keum Nuri នៅ​ទីក្រុង​សេអ៊ូល។ ដំបូង​នោះ ហាង​បាន​បំពាក់ Computer 16bit ភ្ជាប់​អ៊ីនធឺណិត​សម្រាប់​បម្រើ​ដល់​ភ្ញៀវ។ បើក​បាន​ប្រហែល ២-៣ឆ្នាំ​ក្រោយ​មក ទើប​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​ចាប់​ផ្ដើម​បើក​ជា​បន្តបន្ទាប់។
- ឆ្នាំ ១៩៩១៖ ហាង​កាហ្វេ​អនឡាញ​អាមេរិក​ចាប់​បើក​ ដំណើរការ​ដោយ Wayne Gregori នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ដែល​មាន​ឈ្មោះ Sfnet Coffeehouse Network​ ហើយ​នៅ ឆ្នាំ ១៩៩៤ អាជីវកម្ម​កាហ្វេ​អ៊ីនធឺណិត​នៅ​អាមេរិក​រីក​ដុះដាល​យ៉ាង​ខ្លាំង​ឡើងៗ។
- ឆ្នាំ ១៩៩៦៖ ហាង​កាហ្វេ​អ៊ីនធឺណិត​ចំនួន ៣ ទៀត​បាន​បើក​ដំណើរការ​ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ Internet Cafetm គ្រប់គ្រង​ដោយ Arthur Perey ហាង @ Cafe និង Heroic Sandwich។ ទន្ទឹម​នោះ ហាង​កាហ្វេ​នៅ​កូរ៉េ​ខាង​ត្បូង​ក៏​កាន់​តែ​រីក​សាយ​ច្រើន​កន្លែង​ដែរ។
- ចាប់​ពី​ឆ្នាំ ២០០៥ Internet Cafe កាន់​តែ​ពេញ​និយម និង​ត្រូវ​បាន​បើក​ដំណើរការ​ច្រើន​ទីតាំង​ខុសៗ​គ្នា​នៅ​អាមេរិក។ ក្រោយៗ​មក​ហាង​កាហ្វេ​ត្រូវ​បាន​ពង្រីក​​កាន់​តែ​ច្រើន​ឡើង​ៗ​ តាម​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក ហើយ​មាន​មនុស្ស​​ម្នាៗ​ជា​ច្រើន ចូល​ញាំ​ដើម្បី​ប្រើ​អ៊ីនធឺណិត​នៅ​ទីនោះ​ទៅ​តាម​តម្រូវ​ការ​ខ្លួន​ឧទាហរណ៍ ដើម្បី​បើក webmail ឬ​សេវាកម្ម​ផ្ញើ​សារ​ផ្សេងៗ និង​ឆែក​មើល​ព័ត៌មាន​ជា​ដើម។
ហាង​កាហ្វេ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន គឺ​មាន​ការ​ដាក់​ឧបករណ៍​ឱ្យ​ប្រើ​នៅ​ទីនោះ​ស្រាប់ ងាយ​ស្រួល​ប្រើ​ដោយ​ពុំ​ចាំបាច់​មាន​ឧបករណ៍​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន​ក៏​ បាន។ ហាង​មួយ​ចំនួន​នៅ​តាម​បណ្ដា​ប្រទេស​ដូច​ជា៖ ឥណ្ឌា​ ចិន​ តៃវ៉ាន់​ ហុងកុង​កូរ៉េ​ខាង​ត្បូង និង​ហ្វីលីពីន​គឺ​មាន​ការ​រីក​ដុះដាល​ខាង​ផ្ដល់​សេវាកម្ម​ហ្គេម​ដោយ​ការ​ បំពាក់​ប្រព័ន្ធ​កុំព្យូទ័រ (LAN gaming)។
មិន​ត្រឹម​ជា​អាជីវកម្ម​រក​ចំណូល​មួយ​មុខ​ទេ តែ​ក៏​មាន​ការ​ដាក់​ឱ្យ​ប្រើ​នៅ​តាម​ទី​សាធារណៈ បណ្ណាល័យ សាល​ប្រលានយន្តហោះ​ និង​​កិន្លែង​​ជា​ច្រើន​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន។ ក៏​ឃើញ​មាន សណ្ឋាគារ រមណីយដ្ឋាន នាវា​កម្សាន្ត​ជា​ច្រើន​ ផ្ដល់​សេវា​អ៊ីនធឺណិត​ប្រើ ហើយ​មាន​ទម្រង់​ខុសៗ​គ្នា ដូច​ជា​ប្រើ​នៅ​ក្នុង​បន្ទប់​ដែល​មាន Wi-Fi, ឬ browser ដែល​មាន​នៅ​តាម​ទូរសព្ទ​ក្នុង​បន្ទប់​ជា​ដើម៕ ​
(ប្រភពព័ត៌មានពី Sabay News)

0 comments: