​​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​​​អស់​រយៈ​ ពេល​ពីរ​ថ្ងៃ​​យ៉ាង​ស្វិតស្វាញ​​រួច​មក​ ​ទីបំផុត​​​​​ក្រុម​ Rebirth របស់​ ​ ​ប្រទេស​ថៃ​ ​​​បាន​គ្រង​តំណែង​ជើង​ឯក​​ MATIC 2014 ​​​ហើយ​ ​​ដោយ​បាន​​​យក​ឈ្នះ​​ក្រុម​ជា​ច្រើន​ក្នុង​វគ្គ​ជម្រុះ​​​​ និង​ចុង​ក្រោយ​បាន​បំបាក់​​ជើង​ខ្លាំង​របស់​កម្ពុជា​គឺ​ NeverCare ​​​នៅ​វគ្គ​ផ្ដាច់​ព្រាត់។
ក្រុម​ Rebirth ​ឈ្នះ​ពាន​​
​​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​សេវា​កម្សាន្ត​​​លក្ខណៈ អន្តរជាតិ​​ជា​ ប្រវត្តិសាស្ត្រ​​​ដែល​កម្ពុជា​ទទួល​​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ​​ ​​គឺ​មាន​ការ​ចូល​រួម​សុទ្ធ​តែ​ក្រុម​ខ្លាំង​​​ចំនួន​ ១៦​ ​​មក​ពី​​ ៧​ ប្រទេស​ និង​តំបន់​ផ្សេង​គ្នា។ ​ក្រុម​នីមួយ​ៗ​ ​បាន​បញ្ចេញ​​សមត្ថភាព​ប្រយុទ្ធ​​ដ៏​អស្ចារ្យ​រៀង​ៗ​ខ្លួន​ ​​ដើម្បី​ឆ្ពោះ​ទៅ​​​ដណ្ដើម​យក​តំណែង​ជើង​ឯក។ ​
​​ជា​លទ្ធផល​ Rebirth​ ក្រុម​របស់​ប្រទេស​ថៃ​​ ​​​​បាន​បំបាក់​ក្រុម​ខ្លាំង​ជា​បន្ត​បន្ទាប់​នៅ​វគ្គ​ជម្រុះ​​​​តាម​ពូល​ រួច​ក៏​​​បាន​​យក​ឈ្នះ​ក្រុម​​​ ​Medium’88 ​ដែល​​ជា​ជើង​ខ្លាំង​រួម​ជាតិ​​នៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ និង​​បន្ត​​លត់​ក្រុម​ ​YouWillKnow ​របស់​​កម្ពុជា​​នៅ​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ​ ​​ឆ្ពោះ​ទៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ជា​លទ្ធផល​ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​​ ​ក្រុម​​ជើង​ខ្លាំង​របស់​ថៃ​មួយ​នេះ​​ ​​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​កម្ពុជា​ NeverCare ​ក្នុង​លទ្ធផល​ ៥ ទល់​នឹង​ ៤។
​​ក្នុង​ការ​កាន់​តំណែង​​ជើង​ឯក​លើក​នេះ​​ ​ក្រុម Rebirth​​​ ​ជើង​ឯក​ MATIC ​បាន​ទទួល​ប្រាក់​រង្វាន់​ប្រមាណ​ ១១ ០០០​ពាន់​ដុល្លារ​អាមេរិក​ ខណៈ​ក្រុម​ជើង​ឯក​រង​​​ NeverCare​ ​បាន​ទទួល​​​​​ ៦០០០​ដុល្លារ។ ​ ​សម្រាប់​ក្រុម​លេខ​បី​វិញ​ ​បាន​ទៅ​លើ​ក្រុម​របស់​កម្ពុជា​​ ​ ​​​គឺ​ YouWillKnow​ ដោយ​​បាន​​យក​ឈ្នះ​ក្រុម​រួម​ជាតិ​ FiveMilitary​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ទទួល​​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ចំនួន​ ៤០០០​ ដុល្លារ។ ​​

​ដោយ​ឡែក​ ក្រុម FiveMilitary ​​​​ឈរ​នៅ​​​ចំណាត់​ថ្នាក់​លេខ​បួន​ ​​​​ទទួល​បាន​​​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​​ ២​០០០​ដុល្លារ​អាមេរិក។

​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​ឆ្នាំ​នេះ​​​ ​​ក្រុម​របស់​កម្ពុជា​​ទាំង​បី​ក្រុម​​​​សុទ្ធ​តែ​​​​បាន​​ឆ្លង​ផុត​វគ្គ​ ជម្រុះ​តាម​ពូល​​ វគ្គ​ពាក់​កណ្ដាល ​​​តែ​ចាញ់​នៅ​វគ្គ​​ផ្ដាច់​ព្រាត់។ ​​​ទោះ​ជា​យ៉ាង​ណា​ ក្នុង​ចំណោម​ ៤​ក្រុម​ដែល​ទទួល​ពាន​ មាន​បី​ក្រុម​ គឺ​ជា​ក្រុម​របស់​ប្រទេស​កម្ពុជា។​
​​
​​​​សមាជិក​​ក្រុម​ NeverCare​ ​​ជើង​ឯក​រង​ MATIC ​ឆ្នាំ ២០១៤​ ​បាន​បញ្ជាក់​​ទាំង​​ទឹក​មុខ​​ក្រៀម​ក្រំ​ថា​ ​​ក្រុម​របស់​គេ​ពិត​ជា​សោកស្ដាយ​​មែន​ទែន ​​ដែល​មិន​អាច​យក​ពាន​មក​ជូន​​​កម្ពុជា​បាន​ ព្រោះ​ថា​ក្រុម​របស់​​​​គេ​មិន​អាច​យក​ឈ្នះ​ក្រុម​ Rebirth របស់​ថៃ​ទាំង​ពីរ​លើក​​​ គឺ​ទាំង​នៅ​វគ្គ​ជម្រុះ​​​ ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​។

​​​Yaoun ​​ប្រធាន​ក្រុម​ NeverCare បាន​ទទួល​ស្គាល់​ថា​ ក្រុម​ Rebirth ថៃ​​គឺ​ពិត​ជា​​ក្រុម​ខ្លាំង​មែន​ ហើយ​រូប​គេ​ក៏​បាន​ថ្លែង​អំណរគុណ​​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​មក​​​ ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​របស់​គេ​ និង​​ក្រុម​កម្ពុជា​ផ្សេង​ទៀត។ ​​​​​​​​
​​​MAN ​ប្រធាន​ក្រុម​​​ Rebirth បាន​ថ្លែង​ទាំង​អារម្មណ៍​រីករាយ​ថា​ ​ជោគជ័យ​ថ្ងៃ​នេះ​​​ ​គឺ​បាន​បំពេញ​​​ក្តី​ស្រមៃ​របស់​គេ​​ ដែល​ធ្លាប់​គិត​​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ​ ពោល​គឺ​ចាប់​តាំង​ពី​ចូល​រួម​ប្រកួត​​ MATIC ​​នៅ​ប្រទេស​ម៉ាឡេស៊ី​មក​ម្ល៉េះ។ ​​​អ្វី​ដែល​បាន​ជំរុញ​ឱ្យ​ក្រុម​របស់​គេ​ឈ្នះ​ពាន​ថ្ងៃ​នេះ​ ​គឺ​​​​ការ​ធ្វើ​ការ​ជា​ក្រុម​​បាន​ល្អ​នៅ​លើ​សមរភូមិ​ប្រយុទ្ធ។
​ ​ អ្នក​គាំទ្រ​ក្រុម​ Rebirth ថៃ​
គេ​មិន​ភ្លេច​ទេ​ថា​ ជំនាញ​បាញ់​ Snap ​​​របស់​ក្រុម​ Rebirth ​បាន​ធ្វើ​ឱ្យ​ក្រុម​ខ្លាំង​កម្ពុជា​ ក៏​ដូច​ជា​ក្រុម​ខ្លាំង​​ផ្សេង​ៗ​ទៀត​ខ្លាចរអា​​ ជា​ពិសេស​គឺ​ជា​ជំនាញ​ដែល​​ក្រុម​នេះ​បាន​យក​មក​បំបាក់​ក្រុម​ទាំង​ឡាយ​​​នៅ ​លើ​សមរភូមិ​ប្រយុទ្ធ​ MATIC កាល​ពី​​ថ្ងៃ​ម្សិលមិញ​និង​ថ្ងៃ​នេះ។

​MAN ​បញ្ជាក់​ ៖ “​ជំនាញ​បាញ់​កាំភ្លើង​ Snap ​របស់​​ខ្ញុំ​ហាត់​បាន​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​​ ហើយ​ក្រុម​របស់​ខ្ញុំ​ក៏​មិន​​នឹក​ស្មាន​ដែរ​ថា​ ​ក្រុម​គេ​ផ្សេង​ៗ​​មិន​​​បាន​សម​នឹង​ជំនាញ​នេះ។ ​វា​ជា​ជំនួយ​​យ៉ាង​សំខាន់​សម្រាប់​ខ្ញុំ​​ក្នុង​ការ​ប្រកួត​លើក​នេះ”។ ​​​​​​​​
​​​​​​​​ក្រុម​ NeverCare ​របស់​កម្ពុជា​​​ដណ្ដើម​​​បាន​តំណែង​ជើង​ឯក​រង​​ MATIC​ ពីរ​ឆ្នាំ​ជាប់​ៗ​​​​គ្នា​ ពោល​គឺ​កាល​​ពី​​ឆ្នាំ​២០១៣​ ​​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ និង​​នៅ​ឆ្នាំ​២០១៤​ ​​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ​កាល​​ពី​ឆ្នាំ​២០១៣​ ក្រុម​ NeverCare របស់​កម្ពុជា​បាន​បំបាក់​​ក្រុម​ Rebirth ក្នុង​លទ្ធផល​ ៣-១​ នៅ​វគ្គ​ជម្រុះ​តាម​ពូល​ ខណៈ​ដែល​ឆ្នាំ​នេះ​ ​ក្រុម​ Rebirth ​​បាន​លត់​​ក្រុម​កម្ពុជា​វិញ​​រហូត​ដល់​ទៅ​ពីរ​លើក ​​គឺ​នៅ​វគ្គ​ជម្រុះ​តាម​ពូល​ និង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។
​​នៅ​​ឆ្នាំ​២០១៥​ ​​ប្រទេស​ចិន​ ​បាន​ទទួល​តំណែង​ស្នង​ពី​ប្រទេស​កម្ពុជា​​​​ ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​​​សេវា​កម្សាន្ត​ AK ​លក្ខណៈ​អន្តរជាតិ​ MATIC ​​ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​ដ៏​​ធំ​មួយ​ប្រចាំ​នៅ​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក៕​​​​​​​​
​(ប្រភពព័ត៌មានពី Sabay News)