អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, December 31, 2013

ក្រសួង​ព័ត៌មាន​រើស​​​មន្ត្រី​ក្រប​ខណ្ឌ​ជាង​ ៨០នាក់​ (ចំណងដៃសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៤)

ក្រសួង​ព័ត៌មាន​បាន​ប្រកាស​​ជ្រើស​រើស​បុគ្គលិក​ជា​ច្រើន​នាក់​ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ ក្នុង​ក្រប​ខណ្ឌ​​​​​សម្រាប់​ឆ្នាំ២០១៤​ ខាង​មុខ។​ យោង​តាម​សេចក្ដី​ជូន​​​ដំណឹង​ ដែល​​ចុះ​ហត្ថលេខា​ ដោយ​ ឯកឧត្ដម ខៀវ​ កញារីទ្ធ រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ការ​ជ្រើស​រើស​នេះ​ បែង​ចែក​ជា​បី​កម្រិត​ មាន​ កម្រិត​ ឧត្ដម  មធ្យម និង​បឋម​។
សូម​អាន​​សេចក្ដី​ជូនដំណឹង​លំអិត៖​​

សួស្តីឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤


សូមអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤
ល្អប្រណីត សូមប្រសិទ្ធពរបវរ​សួស្តីសិរីមង្គលវិបុលសុខ​គ្រប់​ប្រការដល់ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប សូមឱ្យទទួលបាននូវ​សេចក្តីសុខ សេចក្តីចម្រើន និងមាននូវសុភមង្គលគ្រប់ៗគ្នា និង​គ្រប់ៗ​ក្រុមគ្រួសារ ហើយសូមឱ្យប្រជាពលរដ្ឋខ្មែរ​ទាំងអស់ក្នុង​ព្រះរាជាណាចក្រកម្ពុជា ទទួលទានមានបាន ទៅទីកន្លែងណាៗ​សូមឱ្យទេវតាឆ្នាំចាស់ ទេវតាឆ្នាំថ្មីតាមជួយថែរក្សាការពារ​គ្រប់​ពេល​វេលា ព្រមទាំងមានសុវត្ថិភាពល្អក្នុងការធ្វើដំណើរទៅមក​ ។
ឆ្នាំថ្មីសូមឱ្យមាននូវអ្វីៗគ្រប់បែបយ៉ាង និងសូមឱ្យទទួលបាននូវ ការជោគជ័យគ្រប់ភារកិច្ចទាំងឡាយទាំងពួងនៅក្នុងជីវិត ។

Tuesday, November 19, 2013

អស្ចារ្យ​ណាស់​សូម្បី​តែ​គេហទំព័រ​ YouTube ក៏​មាន​បក​ប្រែ​ភាសាខ្មែរ​ដែរ

YouTube ​ ជា​គេហទំព័រដ៏​ល្បីល្បាញ​​មួយ ដែល​មាន​ការ​ពេញ​និយម​គ្រប់​ស្រទាប់​វ័យ​ទាំង​អស់​ ព្រោះ​ថា​គេហទំព័រ​មួយ​​នេះ​បានប្រមូល​ផ្តុំ​ដោយ​​បទ​ចម្រៀង​ និង​​វីដេអូដ៏​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រិយមិត្ត​ទស្សនា​កម្សាន្ត​។ ​កាន់​តែ​ពិសេស និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយថ្មីៗ​នេះ យុវជន​ខ្មែរ​មួយ​ក្រុម​បាន​បក​ប្រែ​​ភាសាជាតិ​របស់​ខ្មែរ​ ​នៅ​​លើ​​គេហទំព័រ​ដ៏​ល្បី​ល្បាញ​បំផុត​លើ​ពិភពលោក​មួយ​នេះ។

លោក​ ពេជ្រ វីរៈ ​ប្រធាន​ Google Business Group ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ ពិត​ណាស់​​ដែល​មាន​ការ​ការ​បក​ប្រែ​ភាសាជាតិ​ខ្មែរ​ នៅ​​លើ​គេហទំព័រ​កម្សាន្ត​ដ៏​ល្បី​ល្បាញ​បំផុត​របស់​ពិភពលោក​ YouTube កាល​ពី​ពេល​ថ្មីៗ​នេះ។
YouTube មាន​ការ​ពេញ​និយម​​បំផុត​ ព្រោះ​វា​ជា​​គេហទំព័រ​មួយ​ដែល​មាន​ប្រមូល​ផ្តុំ​ដោយវីដេអូ​​កម្សាន្ត​ដូចជា ​ចម្រៀង​ ភាពយន្ត​ និង​ឯកសារ​រាប់​លាន​ សម្រាប់​ឲ្យ​​ប្រិយមិត្ត​អាច​ចូល​ឆែក​កម្សាន្ត​បាន​យ៉ាង​រីករាយ​។ បន្ថែម​ពី​នោះ YouTube ត្រូវ​គេ​ចាត់​ទុក​ដូចជា​ម៉ាស៊ីន​ដែល​អាច​ដោះស្រាយ​​រាល់​ចម្ងល់​ទាំង​ឡាយ​​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
លោក​បន្ត​ថា​ YouTube បាន​ដាក់​បញ្ចូល​​នូវ​ការ​បក​ប្រែ​ជា​ភាសាខ្មែរ​តាំង​ពី​ថ្ងៃ ច័ន្ទ​ សប្ដាហ៍​មុន​មក​ម៉្លេះ។ ដោយ​ហេតុ​ថា​មាន​ការ​សហការ​រវាង​ YouTube និង Google Translate ទើប​អាច​បក​ប្រែ​រាល់​អក្សរ​ដែល​រត់​នៅ​លើ​វីដេអូ​គេហទំព័រ​ YouTube នោះ។
លោក​ ពេជ្រ វីរៈ បាន​បន្ថែម​ថា​ សម្រាប់​លោក​គឺ​តែង​តែ​ជំរុញ​ជានិច្ច​ក្នុង​ការ​បកប្រែ​ភាសាខ្មែរ​ក្នុង​ Google Translate ឲ្យ​កាន់​តែ​លក្ខណៈ​ស្តង់ដាបន្ថែម​ទៀត ដោយ​​តែង​តែ​យក​ពេល​វេលា​ទៅ​បង្ហាត់​បង្រៀន​ការ​បក​ប្រែ​នៅ​តាម​ហាងកាហ្វេ , សាកល​វិទ្យាល័យ​ , អង្គការ​ ឫ ស្ថាប័ន​ផ្សេង​ៗ ដើម្បី​ឲ្យ​ការ​បក​ប្រែ​ជា​ភាសាខ្មែរ​​ត្រូវ​តាម​វេយ្យាករណ៍​ខ្មែរ និង ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។
ដូចនេះ​លោក​រំពឹង​ទុក​ថា រាល់ការ​​បក​ប្រែ​ទាំង​ឡាយ​មិន​ថា​នៅ​លើ​ Google Translate ឫ នៅ​លើ​គេហទំព័រ YouTube និង គេហទំព័រ​ផ្សេង​ៗ​ទេ​ សង្ឃឹម​ថា​នឹង​មាន​ការ​អភិវឌ្ឍ​បន្តិច​ម្តងៗ​រហូត​ទទួល​បាន​ជោគ​ជ័យ​និង​ផ្លូវការ។​
អាន​អត្ថបទ៖ Microsoft គ្រោង​បង្កើត​ប្រព័ន្ធ​បកប្រែ​ជា​ភាសា​ខ្មែរ​​មិន​ឲ្យ​ចាញ់ Google

ចេតិយ​ភ្នំ​យ៉ាត ​ពី​ចាស់​ទ្រុឌ​ទ្រោម​ទៅ​ជា​ពណ៌​មាស​​ ចាយអស់​​១៥​ម៉ឺន​ដុល្លារ​

អ្នក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ប៉ៃលិន​បី​ឆ្នាំ​មុន​ ប្រាកដ​ជា​ប្រទះ​ឃើញ​ចេតិយ​ដ៏​ចំណាស់​ទ្រុឌ​ទ្រោម​មួយ ​នៅ​ខ្នង​ភ្នំ​យ៉ាត​ ជា​មិន​ខាន។ ក្នុង​ចន្លោះ​៣​ឆ្នាំ​នេះ​ បើ​អ្នក​មិន​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ទីនោះ​​ម្ដង​ទៀត​ទេ​ កុំ​គិត​ថា​ ចេតិយអង្គ​ជូឡាមុនី​នេះ​នៅ​ចាស់​ទ្រុឌ​ទ្រោម​ទៀត​ឲ្យ​សោះ​ណា។ ​ចេតិយ​នេះ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ ដោយ​មាន​ប៉ាត​មាស​នៅ​ពី​ខាង​ក្រៅ​ផង​ ធ្វើ​ឲ្យ​ចេតិយ​នេះ​ទាក់​ទាញ​មនុស្ស​ទៅ​ទស្សនា​ពុំ​សូវ​ដាច់។
មើល​រូប​ភាព​ពេល​មិន​ទាន់​ជួស​ជុល​ និង​ក្រោយ​​​ជួស​ជុល​ហើយ​បន្តិច​មើល៍​ យ៉ាង​ម៉េច​ដែរ​ ចង់​ទៅ​កម្សាន្ត​នៅ​ទី​នោះ​អត់?

បាយ​ក្តាំង​​​ក្រៀម​កំពុង​មាន​ទីផ្សារ​!


​ច្រក​នៅ​​ក្នុងការ៉ុង​ ​និង​ដាក់​ ក្នុង​កញ្ឆេរ​​ធំៗ​​ នៅ​លើ​រ៉ឺម៉ក​ម៉ូតូ​ យ៉ាង​ពេញ​ តាម​រយៈរូបភាព​ខាង​ក្រោម​​​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​ ទីផ្សារ​បាយ​ក្តាំង​​ក្រៀម​ ដែល​ដើម​ឡើម​​​មនុស្ស​ម្នា​ជា​ច្រើន​​ហាក់​ពុំ​ចាប់​អារម្មណ៍​ទៅ​នឹង​តម្លៃ​ ប៉ុន្មាន​នោះ​​ បច្ចុប្បន្ន​កំពុង​មាន​​ទីផ្សារ ​ព្រោះ​ជា​រើយ​ៗ​មាន​អ្នក​ដើរ​ប្រមូល​ទិញ​ យក​ទៅ​ច្នៃ​តាម​​ទៅ​តាម​តម្រូវ​ការ​។​  ​​បាយ​ក្តាំង​​​ក្រៀម​​ទាំង​នោះ​​បើ​នៅ​ល្អ​ នឹង​យក​ទៅ​​កែ​ច្នៃ​ធ្វើ​បាយ​ក្តាំង​បំពង​ តែ​បើ​​អន់​នឹង​យក​ទៅ​​បបរ​ធ្វើ​ជា​ចំណី​ជ្រូក​។

Saturday, November 16, 2013

ហេតុផល​ទាំង​២៤ ដែល​ចាំបាច់​ត្រូវ​ក្លាយ​ជា​គ្រូ​បង្រៀន

ប្រសិនជាអ្នកមិនដឹងថា តួនាទីរបស់អ្នកដែលត្រូវក្លាយជាគ្រូបង្រៀន មានលក្ខណៈរបៀបណាទេ អ្នកនឹងមិនអាចប្រកប​វិជ្ជាជីវះរបស់ខ្លួនដោយល្អប្រសើរបានឡើយ ទោះសម្រាប់ថ្ងៃនេះឬទៅអនាគតក៏ដោយ។ ជាពិសេសកូនសិស្សទាំងឡាយ មករៀនពីអ្នក ភាគច្រើនណាស់ដែលគ្រាន់តែចាំមើលគំរូពីអ្នកតែប៉ុណ្ណោះ។ តើអ្នកដឹងថា ដើម្បីក្លាយជាគ្រូបង្រៀន តើត្រូវ​បំពេញនូវលក្ខខ័ណ្ឌអ្វី​ខ្លះ​ និងយ៉ាងដូចម្ដេចឬទេ?

គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)
រាជធានីភ្នំពេញ (ផ្សាយឡើងវិញ) - ការបង្រៀន គឺជាតម្រូវការដ៏ពិសេសមួយរបស់មនុស្ស។ ប៉ុន្តែវាមិនមែនជាមុខរបរ ដែលសក្តិសមចំពោះមនុស្សគ្រប់គ្នាឡើយ។ ជាក់ស្តែងមានគ្រូបង្រៀនថ្មីៗជាច្រើន បានសម្រេចលាឈប់​ពីការងារ​បង្រៀន​របស់ខ្លួនក្រោយរយៈពេល ២ ទៅ ៣ ឆ្នាំ ដំបូងនៃការបង្រៀនរបស់ខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ការបង្រៀន​ក៏ត្រូវបានគេមើលឃើញ ពីផល តបស្នងជាច្រើនត្រលប់មកវិញដែរ នៅក្នុងពេលដំណាលគ្នា​នៃការប្រកបអាជីព​ជា​គ្រូ​បង្រៀននេះ។ ក្មេងៗ និងមនុស្ស ទាំងអស់ នៅលើពិភពលោកមិនថាតែសិស្សសាលារដ្ឋ ឬឯកជនឡើយ តែងពឹងផ្អែកជា​សំខាន់ទៅលើ អ្នកដែលមាននាទី ជាគ្រូបង្រៀន និង បណ្ណារក្ខ ។
ហេតុផល ឬផលប្រយោជន៍នៃការប្រកបអាជីពជាគ្រូបង្រៀន មានដូចខាងក្រោម ៖
១. ដើម្បីជួយផ្តួចផ្តើម ឬបណ្តុះពន្លកនៃការចេះដឹងរបស់ក្មេងៗ។
២. ដើម្បីអនុវត្តនូវគុណធម៌ដ៏មានតម្លៃបំផុតបីយ៉ាងនៅក្នុងជីវិតរបស់ពួកគេ រួមមានដូចជា សន្តានចិត្តល្អ ភាពអត់ធ្មត់ និង ការយល់ដឹង ។
៣. ដើម្បីទទួលនូវបទពិសោធន៍នៃភាពរីករាយដែលកើតចេញពីការឃើញក្មេងៗ រៀនអាន សរសេរ និងធ្វើកិច្ចការ ដែល​គ្រូបានដាក់ឲ្យ ដូចជា គណិតវិទ្យា តែងសេចក្តី និពន្ធរឿង តែងកំណាព្យ ឬចម្រៀងជាដើម ព្រមទាំងការ តម្រែ តម្រង់ ពួក​គេឲ្យស្ថិតនៅលើគន្លងមួយឆ្ពោះទៅកាន់ភាពជោគជ័យទាំងការសិក្សា និង ទាំងឆាកជីវិតរបស់ពួកគេ។
៤. ដើម្បីចែករំលែក នូវសេចក្តីស្រលាញ់របស់អ្នក លើការសិក្សាពីចិត្តសាស្រ្តរបស់ក្មេងៗ និង ជួយសិស្សានុសិស្ស ឲ្យរក​ឃើញនូវសក្តានុពលរបស់ពួកគេ ។
៥. ដើម្បីបានមើលឃើញពីពិភពលោកថ្មីមួយដែលកើតចេញពីការយល់ដឹងរបស់ក្មេងៗ ឬដើម្បីបានរៀននូវអ្វីដែលថ្មី ត្រលប់មកវិញ៖ នៅពេលបង្រៀន ព្រមទាំងបានរៀនអ្វីមួយមកវិញពីពួកគេទាំងនោះ។ ការបង្រៀនអ្នកដទៃ គឺធ្វើឲ្យ លោកអ្នក មានឱកាសបានរៀនសូត្រលើប្រធានបទថ្មីៗ បានយ៉ាងប្រសើរជាង កិច្ចការងារផ្សេងទៀត។ នៅពេលដែល លោកអ្នកកំពុងតែធ្វើការងារណាមួយ ហើយបន្ទាប់មកលោកអ្នកមានឱកាសបង្ហាត់បង្រៀនអ្នកដទៃ គឺមានន័យថា លោកអ្នកនឹងបានយល់កាន់តែច្បាស់ ពីកិច្ចការទាំងនោះ។ បើលោកអ្នកចង់ច្បាស់លាស់ នូវមុខវិជ្ជាដែលលោកអ្នក នឹងត្រូវរៀននៅថ្នាក់បណ្ឌិត លោកអ្នកគួរតែចំណាយពេលប្រឡូកនឹងការងារទាំងនោះ ឲ្យបានមុនយ៉ាងតិច៣ឆ្នាំ ទើបជាការប្រសើរ ។
៦. ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ទៅកាន់ភាពប្រសើរថ្លៃថ្លា ដូចៗគ្នា ក្នុងមួយឆាកជីវិតរបស់ក្មេងៗ ដូចដែលលោកគ្រូ អ្នកគ្រូ របស់លោកអ្នកធ្លាប់បានផ្តល់ ចំពោះលោកអ្នកកាលពីមុនមក ។
៧. ដើម្បីឲ្យជីវិតកាន់តែមានការអភិវឌ្ឍជាងមុន៖ ការបង្រៀន មិនត្រឹមតែធ្វើឲ្យលោកអ្នក មានការអភិវឌ្ឍ នៅថ្ងៃនេះ ប៉ុណ្ណោះទេ តែវាក៏មានសារប្រយោជន៍ខ្លាំងក្លាណាស់ដែរ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។
៨. ដើម្បីជួយឲ្យក្មេងៗ យល់ដឹងពីវិសាលភាពនៃវប្បធម៌ និងតម្លៃនានាដែលធ្វើឲ្យប្រទេសយើង មានសភាព កាន់តែ រឹងមាំ និងមោទនភាពជាងមុន ។
៩. ដើម្បីបានបម្រើក្មេងៗ មនុស្សនៅក្នុង សហគមន៍ ប្រទេសជាតិ និង ពិភពលោករបស់លោកអ្នក ។
១០. ដើម្បីកែប្រែសេចក្តីស្រលាញ់ នៃការរៀនសូត្ររបស់លោកអ្នក ទៅជាសេចក្តីស្រលាញ់ខាងការបង្រៀន ឬការចែក​ចាយចំណេះ ទៅវិញ ។
១១. ដើម្បីបានចែករំលែកនូវចំណង់ ឬសេចក្តីប៉ងប្រាថ្នារបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានចំណូលចិត្ត ចង់​ឃើញ​ក្មេងៗធំឡើង ជាមួយនឹងការចេះដឹង លោកអ្នកត្រូវតែធ្វើខ្លួនលោកអ្នក ឲ្យក្លាយទៅជាគ្រូបង្រៀនដ៏ល្អម្នាក់ នៅក្នុងថ្នាក់រៀន សហគមន៍ ឬក៏នៅក្នុងពិភពលោករបស់លោកអ្នក ។
១២. ជួយបង្កើនឲ្យសិស្សានុសិស្សកាន់តែមានសក្តានុពលខ្លាំងឡើង៖ បើទោះណាជាសិស្សានុសិស្ស មិនបានទទួល ភាព​ជោគជ័យ នៅក្នុងការសិក្សារបស់ខ្លួនទាំងអស់គ្នាក៏ដោយ ក៏គ្រូបង្រៀននៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជម្រុញ​ឲ្យ​សិស្សានុសិស្ស កាន់តែមានសក្តានុពលខ្លាំងឡើង ជាងមុនជាលំដាប់ មិនថាតែ ចំណេះដឹង ការលត់ដំ អត្តចរិត សីលធម៌ ទេពកោសល្យ ឬគំនិតបង្កើតថ្មី...។ល។ ព្រោះថា សិស្សខ្លះបានទទួលជោគជ័យក្នុងជីវិត នៅកំឡុងពេលដែលកំពុង​រៀន​សូត្រជាមួយគ្រូ ឯសិស្សខ្លះទៀត មានភាពជោគជ័យនៅក្រោយ ពេលចេញពី សាលារៀន ឬចាកចេញពីគ្រូទៅ ដែល​ទ្រព្យវិជ្ជា និង ចរិយាសម្បត្តិ ទាំងប៉ុន្មានសុទ្ធតែគ្រូបង្រៀន បានផ្តល់ឲ្យ ទាំងអស់ នៅពេលដែលពួកគេកំពុងសិក្សា​នៅ​ឡើយ ។
១៣. ដើម្បីជួយឲ្យសិស្សានុសិស្សឆាប់ទទួលបាននូវជ័យជំនះក្នុងជីវិត៖ ស្រដឿងគ្នានឹងលក្ខណៈខាងលើនេះដែរ ភាព ជោគជ័យរបស់សិស្ស គឺកាតាលីករដែលជួយជម្រុញឲ្យលោកគ្រូអ្នកគ្រូ នៅតែមានចិត្តចង់បន្តការបង្រៀនរបស់ពួកគាត់។ សិស្សានុសិស្សដែលមិនសូវមានការយល់ដឹងពីគំនិត បញ្ញាតិ្តនេះ ពួកគេត្រូវតែរៀនសិក្សាវាដោយខ្លួនឯង ព្រោះថា វា​ជា​មធ្យោបាយក្នុងការជួយពន្លឿន ការយល់ដឹងរបស់ពួកគេ។ ហើយនៅពេល ដែល សិស្សានុសិស្ស ឬមនុស្សណាម្នាក់​ស្ថិត​ក្នុងជំពូកមនុស្សដែលពិបាកអប់រំ (មិនអាចបង្រៀនបាន) រឿងនេះនឹងធ្វើឲ្យ លោកគ្រូអ្នកគ្រូ មានការឈឺក្បាលក្នុង​ការ​បង្រៀនមិនខាន ។
១៤. ដើម្បីទទួលបាននូវសំណើចជាប្រចាំ និងនៅតែក្មេងវ័យ៖ ការបង្រៀនសិស្ស គឺអាចធ្វើឲ្យលោកអ្នក មានឱកាស នឹង​ទទួលបាននូវសំណើចជាច្រើន ចេញពីការងារបង្រៀនប្រចាំ ថ្ងៃរបស់លោកអ្នក។ ពេលខ្លះលោកអ្នកអស់សំណើច ដោយ​ខ្លួនឯងចំពោះទង្វើរខុសឆ្គង ដោយអចេតនាណាមួយ របស់លោកអ្នកក្នុងការបង្រៀន។ ពេលខ្លះ សិស្សានុសិស្សរបស់​លោកអ្នក បានចែករំលែកសំណើចជាមួយលោកអ្នក។ ជួនកាលលោកអ្នក ឬក៏សិស្សានុសិស្ស និយាយស្តី ឬចេញ​កាយ​វិកាអ្វីមួយបែបជាកំប្លុកកំប្លែង គួរឲ្យចង់សើចទាំងអស់គ្នាដោយមិនដឹងខ្លួន ។ ក្នុងនាមលោកអ្នក ជាគ្រូបង្រៀន សូមស្វែង​រកឲ្យឃើញពីភាពកំប្លុកកំប្លែងទាំងនោះ ដើម្បីជីវិតស្រស់ថ្លារបស់លោកអ្នក ។
១៥. ដើម្បីទទួលបាននូវការឈប់សម្រាកជាក់លាក់មួយ៖ ការងារបង្រៀន គឺលោកអ្នកតែងតែ បានទទួលការឈប់ សម្រាក​ជាទៀងទាត់រៀងរាល់ឆ្នាំ។ ពេលបុណ្យជាតិនិងអន្តរជាតិម្តងៗ លោកអ្នកនឹងមានពេល ឈប់សម្រាក ឬរៀបចំ​ដំណើរ​កម្សាន្ត​ជាមួយនឹងគ្រួសារ ។
១៦. ដើម្បីទទួលការគោរពពីមនុស្សនៅក្នុងសហគមន៍៖ ការងារជាគ្រូបង្រៀន តែងតែទទួលបាន ការគោរពសរសើរ យ៉ាង​ច្រើនពីមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលលោកអ្នកធ្លាប់បានបង្រៀនតែម្តង។ សិស្ស ល្អគឺ ពួកគេមិនដែលរមិលគុណចំពោះលោកគ្រូអ្នកគ្រូរបស់ខ្លួនឡើយ ។
១៧. ដើម្បីមានឱកាសនៅជិតឯកសារ និងការអប់រំ៖ លោកអ្នកដែលស្រលាញ់ការអប់រំ ការអាន ឬការស្រាវជ្រាវ ឯកសារ អ្វីដែលសក្តិសមបំផុតសម្រាប់លោកអ្នក គឺ ការងារគ្រូបង្រៀន ។ លោកអ្នកនឹងមានឱកាស អាន ស្រាវជ្រាវ ចងក្រង ឬតែង​និពន្ធឯកសារដោយខ្លួនឯង មានឱកាសបានទទួលការបណ្តុះបណ្តាលបន្ថែម ពីសាលាលើការងារ ដែលកំពុងធ្វើ និង អាជីពថ្មីៗដែលជាប់ពាក់ព័ន្ធផ្សេងទៀត ។
១៨. ដើម្បីមានឱកាសតាមដាននៅជាមួយកូនៗរបស់លោកអ្នក៖ ការធ្វើជាគ្រូបង្រៀន គឺលោកអ្នកមានឱកាសច្រើន នៅ​ជិតកូនៗរបស់លោកអ្នក ។ លោកអ្នកមានសមត្ថភាព តាមដានការសិក្សារបស់កូនៗ ហើយក៏អាចមានឱកាស បង្ហាត់​បង្រៀន​កូនឲ្យរៀនបានពូកែជាងអ្នកដទៃផងដែរ។
១៩. ដើម្បីបានធ្វើការនៅក្នុងម្លប់ប្រកបដោយផាសុកភាព៖ ការងារគ្រូបង្រៀនភាគច្រើន គឺស្ថិតនៅក្នុងម្លប់ និងស្ថិតក្នុង​ទី​កន្លែងមួយដែលមានផាសុកភាពល្អ ។ លោកគ្រូអ្នកគ្រូច្រើនតែមានឱកាស ស្លៀកពាក់បានសមរម្យប្រកបដោយ
អនាម័យ និងគោរពតាមឯកសណ្ឋានសាលាដើម្បីធ្វើជាគំរូល្អដល់សិស្ស ។
២០. ដើម្បីទទួលបានស្ថិរភាពការងារ៖ ការងារជាគ្រូបង្រៀន គឺជាមុខរបរមួយប្រភេទដែលសង្គមត្រូវចាំបាច់ជាប្រចាំ ព្រោះ​ថាមនុស្សចាប់កំនើតឡើងជារៀងរាល់ថ្ងៃ ពួកគេត្រូវការរៀនសូត្រ និងចង់ទទួលបានការអភិវឌ្ឍ ជាប្រចាំតាមរយៈការ​អប់រំ​មួយប្រភេទនេះ។ និយោជកតែងតែចង់បាន លោកគ្រូអ្នកគ្រូទាំងឡាយណា ដែលមានបទ ពិសោធន៍ ច្រើននៅក្នុង​ការ​បង្រៀន។ ពួកគេក៏តែងតែផ្តល់ឱកាសផងដែរ ដល់អ្នកចាប់អាជីពជាគ្រូបង្រៀនក្នុងជំនាន់ ថ្មី។
២១. ជាជំហានទីមួយ នៅក្នុងការចាប់អាជីពសំខាន់ៗទាំងឡាយក្នុងសង្គម៖ អ្នកនិពន្ធ អ្នកប្រៀនប្រដៅខាងសាសនា អ្នក​នយោបាយ សិល្បៈករ អ្នកចាត់ចែងកម្មវិធី អ្នកអត្ថាធិប្បាយកម្មវិធី អ្នកកាសែត អ្នកដឹកនាំទាំងឡាយភាគច្រើន សុទ្ធតែ​ចេញ​ពីការងារជាគ្រូបង្រៀន ។ ឧទាហរណ៍ដូចជា ព្រះពុទ្ធលោកបានកាន់ការជាគ្រូបង្រៀន ដល់សព្វសត្វ ទាំងអស់ ក្នុង​រយៈពេល ៤៥ ព្រះវស្សា ។ ឯកឧត្តម ជ័យ ចាប មុននឹងបានកាន់ការជាមន្ត្រីរាជការ ដ៏សំខាន់ មួយរូបនាពេលនេះ ក៏ព្រោះ​តែលោកធ្លាប់ជាគ្រូបង្រៀន ប្រកបដោយបទពិសោធន៍ ខ្ពស់អស់រយៈពេល ជាច្រើនឆ្នាំ និង ធ្លាប់ជាអ្នកល្បីល្បាញ ខាង​កិច្ចការតែងនិពន្ធ ជាពិសេសចម្រៀង និង កំណាព្យ ។
២២. ដើម្បីជួយមនុស្សបានច្រើននានា៖ គ្រូបង្រៀន គឺជាបុគ្គលមួយរូប ដែលមានឱកាសច្រើនជាងគេ ក្នុងការជួយ​ស្រោច​ស្រង់មនុស្ស បង្ហាញផ្លូវត្រូវដល់មនុស្សគ្រប់ប្រភេទ ដោយគ្មានការរើសអើង។ បើទោះណា ជាពេលខ្លះ លោកមិនសូវជា​មានធនធានច្រើនយ៉ាងណាក៏ដោយ ក៏លោកនៅតែមានឱកាសជួយសិស្សរបស់ខ្លួន ទៅកាន់ភាពថ្កុំថ្កើងរុងរឿងបានដែរ តាមរយៈការបង្រៀន ការផ្ទេរចំណេះដឹងរបស់ខ្លួន បានទៅដល់សិស្សានុសិស្ស គ្រប់ៗគ្នា ។
២៣. ដើម្បីបង្កើនកម្លាំងពលកម្មដ៏រឹងមាំរបស់ជាតិ ក៏ដូចជាពិភពលោកទាំងមូល៖ គ្រូបង្រៀន គឺជាមាតាបីតាទី២របស់ សិស្សា​នុសិស្ស ដែលមានអានុភាពខ្លាំងក្លាបំផុត ខាងការពង្រឹងសមត្ថភាពចេះដឹងរបស់សិស្ស ដើម្បីដើរឲ្យទាន់ នឹងតម្រូវ​ការ ទីផ្សារការងាររបស់ជាតិ ក៏ដូចជាពិភពលោក ។
២៤. ដើម្បីបំពេញជាមនុស្សដែលមានអរិយធម៌ខ្ពស់របស់ជាតិក៏ដូចជាពិភពលោក៖ បុគ្គលដែលម្នាក់ៗ មិនដែលគេចផុត​ការងារជាគ្រូបង្រៀនឡើយ។ ព្រោះថា មនុស្សយើង គឺជាសត្វដែលមានប្រាជ្ញាខ្ពស់ជាងសត្វផ្សេងទៀត។ មនុស្ស​មាន​សមត្ថភាព អាចផ្ទេរមត៌កអ្វីៗដែលខ្លួនធ្លាប់មាន មុនពេលខ្លួនលាចាកលោកនេះទៅ។ បើមនុស្សមិនធ្លាប់ បានដើរតួនាទី​ជាគ្រូបង្រៀនគេទេ នោះមនុស្សមិនទាន់បានបំពេញភារកិច្ច ជាសត្វដែលមានប្រាជ្ញា លើសគេបាន ឡើយ ៕
(សូមរងចាំអាន វគ្គបន្ត)

៥ចំណុច ដែល​ជួយ​ឲ្យ​កូន​លោក​អ្នក ចូលចិត្ត​«អាន​សៀវភៅ»

ឪពុកម្តាយតែងមាន វិធីសាស្ត្រល្អជានិច្ច សម្រាប់ណែនាំឲ្យកូនៗ ចូលចិត្ត និងពូកែអានសៀវភៅ ។ តើឪពុកម្តាយ នៅ ប្រទេសជឿនលឿនមាន វិធីសាស្ត្រអ្វីខ្លះដែលអាចជួយឲ្យ កូនៗពូកែខាងការអានសៀវភៅ? ដើម្បីជាគតិ ដែលអាច​ជួយឲ្យកូនៗ ពូកែខាងការអានសៀវភៅ មនោរម្យព័ងអាំងហ្វូ សូមប្រែសម្រួលជូន ដោយដកស្រង់ ពីឯកសារមួយចំនួន​ដែលរៀបរាប់ថា ប្រជាជននៅបណ្តាប្រទេសបស្ចឹមលោក និងអាស៊ីមួយចំនួនឲ្យតម្លៃលើការអានខ្លាំងណាស់។

កុមារមកអានសៀវភៅ នៅអង្គការផ្ទះបាយកុមារ ។ រូបថត MONOROOM.info/ ជា ប៊ុនធឿន
រាជធានីភ្នំពេញ - ដើម្បីឲ្យកូនៗលោកអ្នក ពូកែខាងការអានសៀវភៅ៖
១. ត្រូវចេះដឹកនាំពួកគេ ឲ្យធ្វើទស្សនៈកិច្ច ក្នុងបណ្ណាល័យ ឲ្យបានញឹកញាប់៖
ព្រោះ បណ្ណាល័យទាំងឡាយ បានផ្គត់ផ្គង់សៀវភៅច្រើនប្រភេទ សម្រាប់ឲ្យកូនៗលោកអ្នកបានអាន។ មិនតែប៉ុណ្ណោះ បណ្ណាល័យ គឺជាកន្លែងសម្រាប់សិក្សា ស្រាវជ្រាវរៀនសូត្រ និង ជាន្លែងដែលអាចលាតត្រដាងនូវរឿងរ៉ាវ ច្រើនប្រភេទ តាមរយៈសៀវភៅនានាដល់ អ្នករាល់គ្នាដោយ មិនរើសមុខ និងមិន ប្រកាន់ពេលវេលា។ នៅពេលលោកអ្នកបាន ជូន​កូនៗទៅទស្សនកិច្ច បណ្ណាល័យ លោកអ្នកគួរស្នើសុំបណ្ណារក្ខ ឲ្យជួយ ធ្វើបណ្ណសមាជិកបណ្ណាល័យ ដល់កូនៗរបស់ លោកអ្នក ។ ប៉ុន្តែក្នុងករណីដែល លោកអ្នក មិនបានស្នើសុំបណ្ណសមាជិក របស់បណ្ណាល័យ ដល់កូនៗនៅឡើយទេ លោកអ្នកអាចប្រើប្រាស់ បណ្ណសមាជិកបណ្ណាល័យ របស់លោកអ្នកជំនួសមួយ ពេលសិនក៏បាន ។
២. ត្រូវចេះណែនាំពួកគេ ឲ្យស្គាល់ បណ្ណារក្ខឲ្យបានច្បាស់៖
ពេលបានទៅដល់ បណ្ណាល័យហើយ លោកអ្នកដែល ជា ឪពុកម្តាយ និងអាណាព្យាបាល គួរណែនាំខ្លួនលោកអ្នក និង​កូនៗឲ្យបណ្ណារក្ខបានស្គាល់ ។ ព្រោះថា បណ្ណារក្ខអាចជួយ ជ្រើសរើសសៀវភៅដែលល្អ បំផុតសម្រាប់លោកអ្នក និង​កូនៗបាន ។ សៀវភៅដែលបណ្ណារក្ខ លោក អាចនឹងណែនាំ មានដូចជា រឿងព្រេង រឿង កំប្លែង កំណាព្យ ពាក្យស្លោក សុភាសិត សៀវភៅចិត្តសាស្ត្រ-សុខភាព-សុភាវ ធម៌-សុជីវធម៌-សីលធម៌-ច្បាប់-វប្ប ធម៌ ....។ មិនតែប៉ុណ្ណោះ បណ្ណារក្ខ លោកថែមទាំងអាចជួយ បង្ហាញនូវ កម្មវិធីផ្សេង ទៀត ព្រមទាំង សេវាដែលផ្តល់ដោយ បណ្ណាល័យទៀតផង ។
៣. ត្រូវចេះបង្កើនឯកសារអ្វី ដែលទាក់ទងដល់ ការកម្សាន្តបែបអប់រំ បន្ថែមទៅលើសៀវភៅ ដែលមានស្រាប់៖
បន្ថែមពីការណែនាំ ឲ្យកូនៗចូលចិត្តអានសៀវភៅ។ដើម្បី ឲ្យតម្លៃសៀវភៅ និងបណ្ណាល័យមាន លក្ខណៈកាន់ តែប្រសើរ ថែមទៀតនោះ ។ លោកអ្នកគួរតែ មានការថតចម្លងទុក ប្រើប្រាស់ ជាខ្សែអាត់សម្លេង ខ្សែអាត់រូបភាព ដែលមានចលនា ដែលទាក់ទងនឹងរឿងរ៉ាវ ក្នុងសៀវភៅទាំងនោះ ។ ក្រៅពីនោះ លោកអ្នកក៏អាចស្វែងរក សៀវភៅ ដទៃទៀតក្រៅពី ភា សាខ្មែរ ដូចជាភាសាអង់គ្លេសផងដែរ ព្រមទាំងកម្មវិធីដែលអាចជួយកូនៗ លោកអ្នកកាន់តែមាន ភាពស្ទាត់ជំនាញ ខាង ការសៀវភៅរបស់ពួកគេ ។ នៅខណៈដែលលោកអ្នកត្រូវការជំនួយ សម្រាប់ខ្លួនលោកអ្នក និងគ្រួសារ សូមស្វែង យល់ ពីបណ្ណារក្ខនូវកម្មវិធី សម្រាប់ជួយឲ្យមានការចេះអាន និងការចេះសរសេរនៅ ក្នុងចំណោះសហគមន៍ លោកអ្នក ។ មិនតែ ប៉ុណ្ណោះ លោកអ្នក ក៏អាចស្វែងយល់ ពីធនធានឪពុកម្តាយ របស់លោកអ្នកបានដែរ ។
៤. ត្រូវចេះផ្តល់ឱកាស ឲ្យកូនៗលោកអ្នកបានអាន រឿងកម្សាន្ត ៖
ក. សម្រាប់ទារក និង កូនអាយុពី ២ ទៅ ៣ ឆ្នាំ ៖ បណ្ណាល័យជាច្រើន មានម៉ោងនិទានរឿងជាក្រុម ហើយរឿងទាំងនោះ មានលក្ខណៈខ្លី ៗ សមរម្យសម្រាប់ចំណែក នៃការអភិឌ្ឍស្មារតីផ្ចង់អារម្មណ៍ របស់កុមារ ។ ក្នុងពេលនិទានរឿង សូម​ដាក់កូនតូចជាង គេរបស់លោកអ្នក នៅលើភ្លៅ ហើយរីករាយនឹងស្តាប់ ការនិទានរឿងទាំងនោះ ជាមួយគ្នា។ អ្នកនិទាន​រឿងនឹងបង្ហាញឲ្យកូនៗលោកអ្នកនូវ សកម្មភាពកាយវិការ តាមរយៈម្រាមដៃ ទឹកមុខ សម្លេង និងដំណើរ តាមចង្វាក់ភ្លេង ឬតាមលំនាំសាច់រឿងទៀតផង ។ មិនតែប៉ុណ្ណោះ អ្នកនិពន្ធ ឬបណ្ណារក្ខថែមទាំងអាចផ្តល់នូវ អត្ថប្រយោជន៍ ដល់លោកអ្នកតាមរយៈ ការខ្ចីសៀវភៅយកទៅអាន នៅផ្ទះបានថែមទៀតផង ។
ខ. សម្រាប់កុមារដែលត្រៀមចូលសាលា៖ បណ្ណាល័យអាចផ្តល់ នូវពេលវេលា សម្រាប់អានរឿងទាំងឡាយ លើសពី ២ដងក្នុងមួយសប្តាហ៍ ។ សម្រាប់ពេលមើលរឿងទាំងនេះ លោកអ្នក និងកូនៗ តែងតែអានសៀវភៅផ្សេងៗ គ្នាដែល​ទាក់ទងនឹងប្រធានបទតែមួយ ។ លោកអ្នកប្រហែល ជាអាចលេងល្បែង ច្រៀងចម្រៀង សម្តែងដោយប្រើអាយ៉ង ឬធ្វើ សកម្មភាពផ្សេង ដែលទាក់ទង នឹងប្រធានបទ ។ លោកអ្នកថែមអាច យកគំនិតពីសៀវភៅ ដែលបានអាន និងឧបករណ៍ ជំនួយនានាមកអនុវត្តន៍ ជាមួយកូនៗលោកអ្នក នៅឯផ្ទះថែមទៀតផង ។
គ. សម្រាប់សមាជិក គ្រួសារទាំងអស់៖ គ្រប់សមាជិក នៅក្នុងគ្រួសារ ពួកគេអាចអានទាំងអស់គ្នា ឬអាចនិទានរឿង ឬ​ស្តាប់ការនិទានរឿងទាំងអស់គ្នា នៅក្នុងបណ្ណាល័យ។ បណ្ណាល័យមួយចំនួន គេបានថែរក្សាទុករាល់ប្រវត្តិសកម្មភាព នៃគ្រួសារឆ្នើមៗជុំវិញ ការចូលរួមសកម្មភាពអំណាន សកម្មភាពនិទានរឿង និងសកម្មភាពសម្តែង សិល្បៈអប់រំ ក៏ដូចជា សកម្មភាពភាពយន្ត វប្បធម៌របស់បណ្ណាល័យ ។
៥. ត្រូវចេះរៀបចំឲ្យកូនមាន ឱកាសអានសៀវភៅ នៅពេលវិស្សមកាល៖
ក្រោយពីបានឈប់សម្រាក ពីការសិក្សានៅឯសាលា មួយរយៈ កុមារមួយចំនួនអាចភ្លេចនូវមេរៀន មួយចំនួនរបស់ខ្លួន ជាពិសេសពួកគេអាច នឹងភ្លេចការអាននូវមេរៀន ឬភ្លេចនូវការប្រកបនូវ ពាក្យពេចន៍មួយចំនួន ។ ព្រោះថា ពួកគេបាន ឃ្លាតឆ្ងាយ ពីសាលា និងលោកគ្រូអ្នកគ្រូរបស់ពួកគេ ។ អ្វីដែលអាចជួយឲ្យកុមា របាត់ភាពអផ្សុក អាចរំឭកមេរៀនចាស់ របស់គេបាន គឺមានតែបណ្ណាល័យ របស់ពួកគេប៉ុណ្ណោះ ។ ព្រោះថា បណ្ណាល័យអាចជួយរក្សាទុក នូវរាល់ចំណាប់ អារម្មណ៍របស់កុមារ ក្នុងការអានសៀវភៅ នារដូវក្តៅឬក្នុងពេលវិស្សមកាល។ តាមការអង្កេត ក្មេងៗនៅបឋមសិក្សា និង​មធ្យមសិក្សា ពិតជាមានចំណាប់អារម្មណ៍ក្នុងការអានសៀវភៅ ដែលទាក់ទងនឹងមុខវិជ្ជារបស់ពួកគេ ក្នុងរដូវក្តៅនេះ។ គ្រូបង្រៀន ឬបណ្ណារក្ខ អាចផ្តល់ជូននូវសៀវភៅ កំណត់ហេតុមួយក្បាល ឬសៀវភៅអំណាន មួយក្បាលសម្រាប់ជា​រង្វាន់ ពួកគេនៅពេលវិស្សមកាល ។
ចំពោះការអានឮៗឲ្យកុមារ បានស្តាប់ក៏មានសារសំខាន់ ខ្លាំងណាស់ដែរ។ ព្រោះថា វាអាចជួយឲ្យកុមារ​ ចម្រើនខាង​ការ​ស្តាប់ ការនិយាយ និងការពេញចិត្តក្នុងការអានសៀវភៅ នៅក្នុងបណ្ណាល័យ។ នៅក្នុងប្រទេសជឿនលឿនទាំងឡាយ គេច្រៀនតែបង្កើត ក្រុមអំណានសម្រាប់កុមារ ដែលមានឈ្មោះថា (អានឲ្យខ្ញុំស្តាប់) សម្រាប់ពង្រីកការចេះដឹង របស់កុមារ មុននឹងចាប់ផ្តើមចូលរៀន នៅក្នុងសាលា៕

ក្ដាម​ខ្ទិះ​លឿង​ខ្ចី​លក់​ប្រាណ​នៅ​កៀន​វត្ត

ក្ដាម​សមុទ្រ​ដែល​ស្រោច​ដោយ​ខ្ទិះ​ដូង​ ​ខ្លួន​ឡើង​ពណ៌​លឿង​រលោង មាន​ទាំង​គ្រឿង​ឈ្ងុយ​អប់​ជាប់​ពី​លើ​ផង​ លម្អ​ដោយ​ស្លឹក​ខ្លឹម​ពណ៌​បៃតង​ស្រស់​ កំពុង​បញ្ចេញ​សម្រស់​ ធ្វើ​ឲ្យ​ទប់​ចិត្ត​លេប​ទឹក​មាត់​មិន​បាន។
គ្រាន់​តែ​ខាំ​មួយ​ក្រឹប​ ជាតិ​ខ្ទិះ​​​​​​មិន​ប្រៃ​ពេក​ មិន​ផ្អែម​ពេក​​ ជ្រាប​ពេញ​អណ្ដាត។ សាច់​ក្ដាម​ពណ៌​ស​ទន់​​​ចូល​ជាតិ​សព្វ​គ្រឿង រី​ឯ​ដង្កៀប​ក្ដាម​វិញ​មាន​សាច់​ឡើង​ណែន គ្រាន់​តែ​ចាប់​កាច់​ភ្លាម​ទឹក​ខ្ទិះ​គ្រឿង​ក៏​ហូរ​ចេញ​មក។ ចំណែក​គ្រឿង​វិញ​មាន​​បង្កប់​ទៅ​​ដោយ​​​​​ខ្ទឹម​ រមៀត​ មាន​​ក្លិន​ប្រហើរ តែ​មិន​ស្កាត​ជាប់​ធ្មេញ​ ឬ​អណ្ដាត​  ញុំា​ហើយ​មិន​ទ្រាន់​សោះ។ ចុះ​មាន​អ្នក​ណា​ចូល​ចិត្ត​ជញ្ជក់​ជើង​ក្ដាម​ទេ?
ពេល​ខ្លះ​ញុំា​ទៅ​ប៉ះ​ស្លឹក​ខ្ទឹម​មួយៗ​ ពិត​ជា​បង្កើន​ឱជារស​ហិល​ប្រហើរ​តិចៗ​​ថែម​មួយ​កម្រិត​ទៀត។ ពេល​ញុំា​កុំ​ភ្លេច​យក​ខ្ទិះ​គ្រឿង​នោះ​យក​ទៅ​ស្រូប​ញុំា​ជា​មួយ​បាយ​ណា៎​ ​ព្រោះ​វា​ក៏​​ឆ្ងាញ់​ដែរ! ធានា​ថា​បាន​ញុំា​ក្ដាម​ខ្ទិះ​នេះ​ហើយ ប្រាកដ​ជា​បាយ​ឆ្ងាញ់ ​និង​​មិន​អាច​បំភ្លេច​នូវ​រសជាតិ​វា​បាន​ឡើយ។
ចង់​ភ្លក្ស​រសជាតិ​ក្តាម​ខ្ទិះ​បែប​ស្រុក​ស្រែ​នេះ​ អ្នក​អាច​ទៅ​រក​បាន​នៅ​ផ្ទះ​ហាង​ម្ហូប​ស្រែ​ក្បែរ​វត្ត​ ទល់​មុខ​វត្ត​មហា​មន្ត្រី៕

រដូវ​បុណ្យទាន​ ប្រហុក​​អាំង​​ស្រុក​​ស្រែ​​​ឡើង​​ចាង​​ហើយ​​តើ!


ប្រហុក​ខ្ចប់​ដោយ​ស្លឹក​ចេក​ស្រស់ៗ​​កំពុង​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ក្រមៅ​ដោយ​សារ​តែ​អំណាច​រងើក​ភ្លើង​ពណ៌​ក្រហម​​ បាន​​បង្ហើរ​ក្លិន​​ឈ្ងុយ​របស់ ​ខ្លួន​ទាក់​ចិត្តប្រជាជន​ខ្មែរ​ដែល​មាន​វប្បធម៌​និយម​​បរិភោគ​​ម្ហូប​​នេះ។ បើ​អ្នក​​ទ្រាន់​​នឹង​អាហារ​នៅ​រដូវ​បុណ្យ​ភ្ជុំ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​​ តោះ​ទៅ​សាក​ភ្លក្ស​​ប្រហុក​អាំង​កាត់​ខ្លាញ់​ម្តង​​មើល៍!
គ្រាន់​តែ​ហែក​កញ្ចប់​ស្លឹក​ចេក​ចេញ​ភ្លាម​ ក្លិន​ឈ្ងុយ​គ្រឿង​ប្រហុក​ និង​ស្លឹក​ក្រូច​​សើច​ហើរ​មក​ប៉ះ​ច្រមុះ​អ្នក​​មុន​គេ។​ ចំណែក​ឯ​សាច់​ប្រហុក​វិញ​ពណ៌​លឿង​ស្រស់​ ហើយ​ត្រប់​ពុត​លំញង​​សម្ងំ​លាក់​ខ្លួន​ពួន​យក​ជាតិ​អប់​​ក្លិន​ក្នុង​ប្រហុក ​អាំង​នោះ​តែ​ម្ដង។ ដាក់​ទឹម​នឹង​​អន្លក់​បៃតង​ស្រស់​ខ្ចី ប្រហុក​អាំង​បែប​ស្រែ​​កំពុង​អន្ទង​ចិត្ត​អ្នក​ញុំា​ ឃើញ​ហើយ​លេប​ទឹក​មាត់​មិន​ញុំា​មិន​បាន​​ទេ។
គ្រាន់​តែ​ហៀប​​ដាក់​ចូល​ទៅ​ក្នុង​មាត់​​​ ក្លិន​ឈ្ងុយ​ងប់​​ពេញ​ច្រមុះ​តែ​ម្ដង​​។ សាច់​ប្រហុក​ និង​សាច់​ជ្រូក​ជញ្ជ្រំ​ចូល​ជាតិ​គ្នា​បាន​ល្អ គ្មាន​ឆ្អឹង មិន​ស្កាត​ ហើយ​រស​ជាតិ​មិន​ប្រៃ​ពេក​ និង​មិន​ជូរ​ពេក។ ទំពា​ក្រឹបៗ​ប៉ះ​នឹង​គ្រាប់​ក្រសាំង​មួយៗ ហើយ​ប៉ះ​នឹង​អន្លក់​ត្រួយ​ខ្ចី​ស្រួយ​ស្រឹប​ទៀត​ រឹត​បង្កើន​រស​ជាតិ​ ​និង​មាន​អារម្មណ៍​ថា​កំពុង​ញុំា​អាហារ​បែប​ស្រុក​ស្រែ​ថ្មីៗ​ និង​ស្រស់​អីចឹង!
អ្នក​ស្រី​ កុក​ លក្ខណា ម្ចាស់​តូប​​ម្ហូប​ស្រែ​ក្បែរ​វត្ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រហុក​អាំង​នេះ​គឺ​ប្រើ​ប្រាប់​ប្រហុក​សាច់​ត្រី​កំភ្លាញ​មក​ពី​សៀម​រាប ហើយ​គ្មាន​ឆ្អឹង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​បាន​យ៉ាង​ជិត​ស្និទ្ធ​មិន​បារម្ភ​រឿង​ស្លាក់​ ឆ្អឹង​​ឡើយ។ គាត់​បាន​បន្ត​ទៀត​ថា បើ​សិន​ចង់​ឲ្យ​ប្រហុក​កាន់​តែ​មាន​រសជាតិ​ងំ​ឈ្ងុយ​ទៅ​ទៀត​នោះ​ ត្រូវ​ខ្ចប់​អាំង​នឹង​ស្លឹក​រមៀត​។ ដោយ​ឡែក​ ប្រហុក​អាំង​​មួយ​កញ្ចប់​នេះ​មាន​តម្លៃ​៤០០០​រៀល។
​ប្រហុក​​អាំង​នេះ​​មាន​លក់​នៅ​ផ្ទះ​លេខ ៣៤៦ ផ្លូវ​១៦៣ សង្កាត់​​អូឡាំពិក​ ភ្នំពេញ (ទល់​មុខ​វត្ត​​មហា​មន្ត្រី)៕

តាក់ស៊ី​​ឡើង​ថ្លៃ​បណ្ដើរ​ៗ ខណៈ​ភ្នំពេញ​​អំពាវនាវ​រក្សា​តម្លៃដដែល​

​បញ្ហា​តាក់ស៊ី​ឡើង​ថ្លៃ​ ពេល​បុណ្យ​ទាន​ម្ដងៗ​​ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ ខណៈ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ជូន​ដំណឹង​​ឲ្យ​មាន​ការ​រក្សា​តម្លៃ​ដឹក​ ជញ្ជូន​​អ្នក​​ដំណើរ​​ ប៉ុន្តែ​តាក់ស៊ី​ថា​​មិន​ឡើង​ថ្លៃ មិន​បាន​ព្រោះ​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ ដោយ​មាន​​មូលហេតុ​ជា​ច្រើន។
ជាក់ស្ដែង​លោក ឈុន ឡៃ អ្នក​រត់​តាក់ស៊ី​ស្ទឹងត្រង់​ ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា  លោក​បាន​ឡើង​ថ្លៃ​បន្ថែម​៥​ពាន់​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ដោយសារ​ខែ​នេះ​ទឹក​លិច​ភូមិ ហើយ​រថយន្ត​លោក​ត្រូវ​ឆ្លង​​ដ​​កន្លែង​ទឹក​លិច​ដាច់ ទៅ​មក​១០​ម៉ឺន​រៀល​បាត់​ទៅ​ហើយ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្ត​ឡើង​ថ្លៃ។
លោក​​ថា​​ ​​ស្អែក​ខាន​ស្អែក​​អាច​​នឹង​ឡើង​​ជាង​នេះ​ទៀត​ ព្រោះ​លោក​ត្រូវ​ឡើង​មក​ដឹក​ម៉ូយ​ពី​ភ្នំពេញ​ដោយ​រថយន្ត​ទទេ ដោយសារ​គ្រប់​គ្នា​ទៅ​ស្រុក​ភូមិ​ បើ​មិន​យក​ចំណេញ​ដើម្បី​ផាត់​ថ្លៃ​ប្រេង​ចេញ​វិញ​ នោះ​លោក​នឹង​រកស៊ី​ខាត​មិន​ខាន។
លោក​បាន​បន្ថែម​ថា ធ្លាប់​​ឮ​សាលារាជ​ធានី​​ហាម​ដែរ ប៉ុន្តែ​លោក​គិត​ថា ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ប្រេង​ក៏​ថ្លៃ ហើយ​ស្ទះ​ផ្លូវ​ចេញ​ពី​ភ្នំពេញ​ទៀត​ផង។
លោក គុយ សាត់ អ្នក​រត់​តាក់ស៊ី ភ្នំពេញ ស្វាយ​រៀង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ម្សិល​មិញ​តម្លៃ​មួយ​ម៉ឺន​ដដែល ​ប៉ុន្តែ​ថ្ងៃ​នេះ​តាក់ស៊ី​ទាំងអស់​នឹង​ឡើង​ថ្លៃ​រហូត​ដល់​ភ្ជុំ​តែ​ម្ដង ព្រោះ​ថ្លៃ​កំពង់​​សាឡាង​អ្នក​លឿង​ឡើង​ថ្លៃ​ខុស​​ធម្មតា​ទៅ​ហើយ​។ ​ថ្ងៃ​ធម្មតា​​​​ គាត់​ចំណាយ​​ពី​​៨​ពាន់​ទៅ​​១ម៉ឺន​២​ពាន់​រៀល​ក្នុង​ការ​ឆ្លង​សាឡាង​ ប៉ុន្តែ​ម្សិល​មិញ​នេះ​ ការ​​​ចំណាយ​ឡើង​រហូត​​​៣​​ម៉ឺន​​រៀល​​​ឯណោះ។
លោក​បាន​បន្ថែម​ថា អ្វី​ដែល​​សំខាន់គឺ​​មាន​ប៉ូលិស​យក​លុយ​ តាម​ដង​ផ្លូវ​ជាតិ​ ៣​កន្លែង​ទៀត មួយ​កន្លែង​ថ្ងៃ​ធម្មតា​ ១ពាន់​រៀល​ទេ ប៉ុន្តែ​ឥឡូវ​៥០០០ ទៅ​១ម៉ឺន​រៀល​ទើប​​បាន​យក។ សរុប​មក​ ក្នុង​មួយ​ជើង​ចំណាយ​ជិត​៥​ម៉ឺន​រៀល នេះ​មិន​ទាន់​បូក​ថ្លៃ​បេន​ឡាន និង​ថ្លៃ​ប្រេង​ដែល​ពេល​បុណ្យ​បើក​ឡើង​មក​ឡាន​ទទេ ដូច្នេះ​រឿង​មិន​ឡើង​ថ្លៃ ជៀស​មិន​រួច​ទេ។
លោក វ៉ន ពៅ ប្រធាន​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា លោក​សង្កេត​ឃើញ​​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ ពេល​​បុណ្យ​ទាន​ម្ដង​ៗកុំ​ឲ្យ​ឡើង​ថ្លៃ​​​មធ្យោបាយ​​ដឹក​​ជញ្ជូន​​ ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​នោះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​អាជ្ញាធរ​ សមត្ថកិច្ច​ គ្មាន​ចំណាត់​ការ​ច្បាស់លាស់​ ​រដ្ឋ​គ្មាន​មធ្យោបាយ​សាធារណៈ​សម្រាប់​អ្នក​ក្រីក្រ រដ្ឋ​គ្មាន​យន្តការ​ដោះស្រាយ​ជាក់លាក់​ និង​បេន​ឡាន​នីមួយ​​ៗ​គឺ​ឡើង​ថ្លៃ​មួយ​ទ្វេ​ជា​​ពីរ​។ ​ហេតុ​ផល​នេះ​ធ្វើ​ឲ្យ​ការ​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ គ្មាន​ប្រសិទ្ធភាព​។
លោក​ វ៉ន ពៅ​ក៏​បាន​អំពាវនាវ​ថា៖​ “​អ្នក​រត់​តាក់ស៊ី​ទាំងអស់​ ឲ្យ​រក្សា​ឲ្យ​បាន​នូវ​ក្រម​សីលធម៌​ ក្នុង​ការ​ប្រកប​​មុខ​​របរ​​ កុំ​ឆ្លៀត​គេង​យក​ចំណេញ ​និង​សូម​ឲ្យ​បង​ប្អូន​អ្នក​ធ្វើ​ដំណើរ​កុំ​គិត​ពី​តម្លៃ​ពេក ត្រូវ​គិត​ពី​សុវត្ថិភាព​​ជា​ចម្បង”។
ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដល់​បណ្ដា​អាជីវករ​រកស៊ី​ដឹកជញ្ជូន​អ្នក​ ដំណើរ​ទាំងអស់​ឲ្យ​រក្សា​នូវ​តម្លៃ​ដឹក​ជញ្ជូន​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ​ ជៀសវាង​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ និង​ការ​បង្ខំ​ចិត្ត​ជិះ​ប្រកប​ដោយ​គ្រោះថ្នាក់​ជាយថាហេតុ​៕

Friday, November 15, 2013

ឪពុក​ជា​អតីត​តន្ត្រីករ​វីយោឡុង​​ដ៏ល្បី រី​ឯកូនស្រីជើងខ្លាំង​​​ល្បុក្កតោ

 
បើ​និយាយ​ពី​តន្ត្រីករ​វីយោឡុង​ឯក​រួម​ ជំនាន់​អធិរាជ​សំឡេង​មាស ​លោក ស៊ីន ស៊ីសាមុត ប្រហែល​ជា​ទស្សនិកជន ឬ​អ្នក​រួម​ជំនាន់​ភាគ​ច្រើន​បាន​ស្គាល់​ច្បាស់​ណាស់​ថា ជា​តន្ត្រីករ​រូប​ណា។ នោះ​ជា​លោក អ៊ុំ ដារ៉ា ដែល​សព្វ​ថ្ងៃ​មាន​វ័យ​កាន់​តែ​ចំណាស់​រស់ និង​រស់​នៅ​ជាមួយ​ជរាភាព​ជា​លក្ខណៈ​សាមញ្ញ​ក្រោម​ការ​ថែទាំ​យ៉ាង​ដិតដល់​ពី​ កូន​ចៅ។

កញ្ញា សំ ថារ័ត្ន និង​ឪពុក​,អតីត​តន្ត្រីករ​វីយោឡុង​ឯក​ជំនាន់​លោក ស៊ីន ស៊ីសាមុត
សមត្ថភាព និង​ស្នាដៃ​របស់​លោក បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បីល្បាញ រហូត​មាន​ការ​ប្រសិទ្ធិនាម​ថា “តន្ត្រីករ​វីយោឡុង​ឯក” ទៀត​ផង​ក្នុង​ទសវត្ស​៧០ ក្នុង​ចំណោម​តន្ត្រីករ​ផ្សេង​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា លោក អ៊ុំ ដារ៉ា មិន​ដែល​បោះបង់​ចោល​ឧបករណ៍​វីយោឡុង ដែល​លោក​ស្រលាញ់​ស្ទើរ​ស្មើ​ជីវិត​នោះ​ម្ដង​ណា​ឡើយ ខណៈ​ដែល​អ្នករួម​ជំនាន់​ភាគ​ច្រើន​បាន​មើល​រំលង​ទៅ​ហើយ​នោះ។
ថារ័ត្ន កូន​ស្រី​តន្រ្តីករ អ៊ុំ ដារ៉ា និង​តួ​សម្ដែង​ប្រុស​,កម្មវិធី​សម្ពោធ​រឿង​
ជាមួយ​គ្នា​នេះ បើ​ក្រឡេក​មក​មើល​កូន​ចៅ​នៃ​អតីត​តន្ត្រីករ​រូប​នេះ ហាក់​ដូច​ជា​មិន​មាន​កូន​ណា​ម្នាក់​ស្នង​ជំនាញ​តន្ត្រី​ពី​លោក​ឡើយ ដោយ​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​ជំនាញ​ផ្សេង​តាម​ចំណូល​ចិត្ត​របស់​ពូក​គេ​ទៅ​ វិញ។ ជាក់​ស្ដែង​ កញ្ញា សំ ថារ័ត្ន ដែល​ជា​កូន​ស្រី​បង្កើត​នោះ​បែរ​ជា​ចាប់​អារម្មណ៍​លើ​ក្បាច់​គុន​ល្បុក្កតោ​ ឯ​ណេះ​វិញ ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ជំនាញ​របស់​ឪពុក និង​មាន​ចំនួន​ស្ត្រី​តិចតួច​បំផុត​។
ប៉ុន្តែ​យ៉ាង​ណា ដោយ​ក្ដី​ស្រលាញ់ និង​ការ​ខិត​ខំ​ប្រឹងប្រែង​នោះ ថារ័ត្ន បាន​នាំ​មោទនភាព​ដល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​ដែរ ចំពោះ​អ្វី​ដែល​នាង​ស្រលាញ់ ដោយ​នាង​​បាន​នាំ​មរតក​ដូន​តា​មួយ​នេះ​ទៅ​កាន់​ឆាក​អន្តរជាតិ ដោយ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​នេះ ក៏​បាន​នាំ​ក្បាច់​កុន​ពិត​មក​សម្ដែង​ក្នុង​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា “កណ្ដាប់​ដៃ​ទីក្រុង ប៉ះ​ជង្គង់​ជនបទ”ទៀត​ផង។ ហើយ​នេះ​ក៏​ជា​ភាពយន្ត​ខ្មែរ​ដំបូង ដែល​ប្រើ​ក្បាច់​គុន​ខ្មែរ​ពិតៗ​មក​បង្ហាញ​ទស្សនិកជន​រួម​មាន “ល្បុក្កតោ” និង​យុទ្ធ​ក្រម “ខម” ជា​ដើម។
ថ្វីបើ​ជា​កូនស្រី តែ​ថារ័ត្ន អាច​បី​​​ឪពុក និង​ថែទាំ​លោក​អ្នក​មាន​គុណ​ បាន​យ៉ាង​ល្អ
លោក អ៊ុំ ដារ៉ា ដែល​បាន​ចំណាយ​ពេល​ស្ទើរ​​ពេញ​មួយ​ជីវិត​របស់​លោក ​លើ​​​វិថី​សិល្បៈ​តាំង​ពី​យុវវ័យ លុះ​វប្បធម៌​សិល្បៈ​​ត្រូវ​បាន​បំផ្លាញ ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ លោក​​អ៊ុំ ដារ៉ា បាន​សរសេរ​បទ​ចម្រៀង​បាន​ជាង​៥០​បទ​ ដែល​បទ​ចម្រៀង​សរសេរ​នោះ​ភាគ​ច្រើន​ឲ្យ​អ្នក​ស្រី​ រស់ សេរីសុទ្ធា ជា​អ្នក​ច្រៀង​។ បទ​ចម្រៀង​ដែល​លោក​សរសេរ​ដំបូង​នោះ​ គឺ​បទ “ឈប់​ស្រឡាញ់​អូន​ទៅ​” បទ​នេះ​សរសេរ​ក្នុង​ឆ្នាំ ​១៩៥៧ យក​ទៅ​ឲ្យ​អ្នក​ស្រី រស់ ​សេរី​សុទ្ធា ច្រៀង ប៉ុន្តែ​បទ​នេះ​ ថត​ចូល​ថាស​ក្នុង​ឆ្នាំ​១៩៧៤​៕

អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ


ស្ថិត​នៅ​លើ​ទីតាំង​មួយ​កន្លែង​​ក្បែរ​វត្ត​សំរោង​អណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ​ជាយ​រាជ​ធានី​ភ្នំពេញ​ ឃ្លាំង​ស្តុក​​ទំនិញ​មួយ​ត្រូវ​​បាន​សាង​សង់​​ដោយ មាន​​ដំបូល​​ប្រក់​ស័ង្កសី​ ក្នុង​ទំហំ​​ប្រមាណ​ ១៥​ គុណ​ ២៥ ម៉ែត្រ។ ​នៅ​ក្នុង​ឃ្លាំង​នេះ​​មិត្ត​យុវវ័យ​នឹង​ឃើញ​​​ទូរ​​កុង​តឺន័រ​កក​​ពីរ​ ត្រូវ​បាន​ដាក់​តម្រៀប​ក្បែរ​ៗ​​គ្នា​។ ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី​សាលម៉ុន និងត្រីធូណា។
លោក​ ម៉ៅ​ វុត្ថា​ ដែល​ដើម​ឡើយ​​គឺ​ជា​អតីត​ក្មេង​វត្ត​​រស់​នៅ​វត្ត​បទុមវតី​​ជាង​ ១០​ ឆ្នាំ​មក​នោះ​ បច្ចុប្បន្ន គឺ​ជា​អ្នកគ្រប់គ្រង​​ឃ្លាំង  និង​​ជា​នាយក​ក្រុមហ៊ុន​ Ks Seastar Co. Ltd ​ ដែល​​បាន​នាំ​ចូល​ត្រី​ទាំង​នេះ​​ពី​បរទេស។
តើ​លោក​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ទម្រាំ​មាន​​ថ្ងៃ​នេះ​?
ក្នុង​វ័យ​ ៣៣ ឆ្នាំ​​ លោក​ម៉ៅ​ វុត្ថា មាន​ស្រុក​កំណើត​ នៅ​ភូមិ ​ដាំស្ពៃ ​សង្កាត់​ស្លាកែត​ ក្រុង​-ខេត្ត​បាត់​ដំបង ​និង​ជា​កូន​កំព្រា​ឪពុក​តាំង​ពី​កុមារភាព។​
ជា​យុវជន​រស់​នៅ​ទី​ជនបទ​លោក ​ម៉ៅ វុត្ថា​​ ក៏​​មិន​ខុស​គ្នា​អ្វីពី​ ​យុវជន​ដ៏​ទៃ​ ​នោះ​ទេ។​ លោក​ ​​បាន​ ជួយ​កិច្ច​ការងារ​ធ្វើ​ស្រែ​ចម្ការ និងការងារផ្ទះ​ម្ដាយ ហើយ​ឆ្លៀត​ពេល​ទំនេរ​ខិត​ខំ​​សិក្សា​ ព្រោះ​លោក​គឺ​ជា​ក្តី​សង្ឃឹម​​ចុងក្រោយ​របស់​អ្នក​​ម្ដាយ​ ដោយ​សារ​​​​ជា​​កូន​ទោល​ក្នុង​គ្រួសារ​​។
នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ចាក​ចេញ​​ពី​ទី​កន្លែង​កំណើត​ និង​អ្នក​ម្ដាយ​ជា​ទី​គោរព​ មក​បន្ត​កា​សិក្សា​​ ក្នុង ​រាជ​ធានី​ភ្នំពេញ​ ដោយ​សុំ​កុដិព្រះសង្ឃ​នៅ​វត្ត​វត្តបទុមវតី​ ស្នាក់​អាស្រ័យ​ ដើម្បី​​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​​ លើ​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ​​បន្ទាប់​ពី​​​​លោក​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​ឌុប​។​​
លោក​ ម៉ៅ​ វុត្ថា​ បាន​រៀបរាប់​ថា​ ៖ “​​ដូច​លោក​ដឹង​ស្រាប់​ហើយ​ការ​ស្នាក់​នៅ​​​ ក្នុង​វត្ត​​​មិន​​​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​​ទេ​ តែ​ធ្វើ​ម៉េច​ យើង​​ជា​កូន​អ្នក​ក្រី​ក្រ​ត្រូវ​តែ​តស៊ូ។​​ ហើយ​ថ្ងៃ​ខ្លះ​ពេល​​ទៅ​សាកលវិទ្យាល័យ ​ខ្ញុំ​​​ត្រូវ​ដើរ​​ក៏​មាន​ដែរ​​”។​
តស៊ូ​រហូត​ទទួលបាន​​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​ខ្មែរ​​  លោកបានបន្តការសិក្សាកម្រិត​បរិញ្ញាបត្រ​បន្ថែមទៀតលើផ្នែក​អក្សរ​សាស្ត្រ​ អង់គ្លេស​​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ និង​​​ផ្នែក​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​នៅ​ដេប៉ាឌីម៉ង់​​ប្រព័ន្ធ​​ផ្សព្វ​ ផ្សាយ​ និង​សារគមាគមន៍​ នៃ​​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។
ឆ្លៀតពេលទំនេរពីការសិក្សា លោក​​បាន​ធ្វើការងារ​ក្រៅ​ម៉ោង​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ក្រសួង​កិច្ច​ការ​នារី  ​ ក្រោយមកលោកបានបម្រើ​ការងារជាបុគ្គលិក​នៅ​មណ្ឌល​ព័ត៌មាន ស្ត្រី​​កម្ពុជា​ នៅ​សាលា​ក្តី​ខ្មែរក្រហម​ ​​នៅ​អង្គការ​យុវ​តារា​កម្ពុជា​ ដែល​ផ្ដោត​សំខាន់​​ទៅ​​លើ​យុវជន​ និង​ការ​អភិវឌ្ឍ​សហគមន៍​  និង​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ ក្នុង​រយៈ​ពេល​ខ្លី។
លោក វុត្ថា ក្នុង​​ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី
រហូត​ដល់​ឆ្នាំ​២០១២​ ​​តាមរយៈការណែនាំរបស់មិត្តភក្តិឲ្យស្គាល់គ្នាជាមួយពាណិជ្ជករជនជាតិ ស៊ុយអែតម្នាក់ដែលមាន រោងចក្រកែច្នៃត្រីសាលម៉ុន នៅ ក្រុងបាងកក  លោកក៏​បានក្តោប​យក​ឱកាស​ និង​ប្រឡូក​​ចូល​ក្នុង​វិស័យអាជីវកម្ម ដោយធ្វើជាអ្នក​ផ្គត់​ផ្គង់ត្រី​ ក្នុង​ទីផ្សារ​កម្ពុជា។
​ក្រោយពេលបានបំពេញការងារសិក្សានៅរោងចក្រក្នុងក្រុងបាងកក និងធ្វើការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ស៊ីជម្រៅលើគូប្រជែងនានាជាពិសេសទាក់ទងនឹងតម្លៃ ការវេចខ្ចប់ ការថែរក្សាទុក​ត្រី និង​ការ​ដឹក​ជញ្ជូន​ លោកបានធ្វើអាជីវកម្មនេះមានដំណើរការយ៉ាងរលូននៅកម្ពុជា។​
“ត្រី ដែល​​ក្រុមហ៊ុនរបស់​ខ្ញុំ​នាំ​ចូល​មាន​ពី​រ​ប្រភេទ​ ក្នុង​នោះ​មានត្រី​សាលម៉ុន និង​ត្រី​ធូណា​បើនិយាយ​អំពី​ត្រី​​សាលម៉ុន ​ គេ​អាច​ចាត់​ទុក​ថា​ជា​ស្តេច​ត្រី​មួយ​ប្រភេទ​ ដែល​ផ្តល់​ជីវជាតិ​​ល្អ​បំផុត​សម្រាប់​សុខភាព​ ដោយ​សារ​វាមាន​សារធាតុ​ អូម៉េហ្គា៣ និងប្រូតេអ៊ីន​ច្រើន​ ជួយ​ដល់​សុខភាព​​ពិសេស​បេះដូង។ គេនិយមបរិភោគត្រីទាំងពីរប្រភេទនេះឆៅ តាមជនជាតិជប៉ុន ប៉ុន្តែ​គេ​ក៏​អាច​ចម្អិន​តាម​បែប​ម្ហូប​អាហារ​នានា​ប្រកប​ដោយ​ឱជារស​ សម្រាប់​បរិភោគ​ផង​ដែរ”។ ​នេះ​គឺ​ជាការ​លើក​ឡើង​របស់​លោក ម៉ៅ វុត្ថា ។
​លោក​បាន​បន្ថែម​​ថា ​ត្រី​ទាំង​អស់​​នេះ​ដឹក​មក​តាម​យន្តហោះ​បើ​ជា​ប្រភេទ​ស្រស់​ឬក្លាស្សេ ​និង​​តាម​​កប៉ាល់​ទឹក​បើ​ជា​ប្រភេទ​កក​ ​ព្រម​ទាំង​ចែក​ចាយ​បន្ត​ដល់​ក្រុមហ៊ុន ​និង​ផ្សារ​ទំនើប​នានា​។​ មក​ដល់​ពេល​នេះ​ការ​បញ្ជាទិញ​​ត្រី​ពី​អតិថិជន​ កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។​ជាក់​ស្ដែង​ពេល​ ចាប់​បើក​ដំណើរ​ការ​ដំបូង​​ក្រុមហ៊ុន​លក់​​អស់​ត្រឹម​២០ កេស(១កេស​ស្នើ​ នឹង​២០​គីឡូ​ក្រាម)​ប៉ុណ្ណោះ ​តែ​​បច្ចុប្បន្ន​បាន​កើន​ឡើង​ រហូតដល់​ ៦០ កេស ជា​ប្រភេទ​ត្រី​ស្រស់​ និង​ត្រី​កក​ជិត ២ តោន ក្នុង​មួយ​សប្ដាហ៍​។ លោក​ថា មាន​មូល​ហេតុ​ពីរ​ ដែល​ធ្វើ​ឲ្យ​ការ​បញ្ជាទិញ​មាន​ការ​​កើន​ឡើង​ គឺ​ ទី១ គុណ​ភាព​ត្រី​ល្អ​ ​ដោយ​សារ​ការ​រក្សាទុក​តាម​លក្ខណៈ​បច្ចេកទេស​ ទី២ ជាមួយ​នឹង​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ ​និង​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចំណី​អាហារ ​ពួក​គេ​ជ្រើស​រើស​យក​អាហារ​ណា​ដែល​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព។​​
បច្ចុប្បន្ន លោក ម៉ៅ​ វុត្ថា វ័យ ៣៣ ឆ្នាំ​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចូល​ត្រី​ មាន​​ប្រភព​ពី​​​ប្រទេស​ ន័រវេ និង​ប្រទេស​ឥណ្ឌូនេស៊ី ​កំពុង ​ទទួល​បាន​​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​​ពី​សំណាក់​អតិថិជន​​។​ក្រុមហ៊ុន​លោក​ ទទួល​បាន​​​​ប្រាក់​ចំណូល​​ក្នុង​រង្វង់​៥​ ទៅ​​ ៦ ម៉ឺនដុល្លារ​ ក្នុង​មួយ​ខែ។
យុទ្ធសាស្រ្ត​របស់​ក្រុម​ហ៊ុន ទៅ​ថ្ងៃ​អនាគត​ នឹង​បន្តកែ​ច្នៃម្ហូបឆ្អិនស្រាប់ និង​​ធ្វើ​ជា​ប្រហិត​​ ដើម្បី​​បម្រើ​ដល់​​អតិថិជន ព្រោះ​បច្ចុប្បន្នក្រុមហ៊ុន​ មាន​ចុង​ភៅស្រាប់។ ​ក្រុមហ៊ុន​នឹង​ផ្ដល់​ឱកាស​អាជីវកម្ម​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្នា ដែលមាន​បំណង​យក​ ​ម្ហូប​ឆ្អិន​ស្រាប់​ទៅ​​លក់​បន្ត ដោយ​ក្រុមហ៊ុន​មាន​រទេះ​រុញ​ផ្ដល់​ជូន​។​ មិន​ត្រឹម​ប៉ុណ្ណឹង​​ទៅ​ថ្ងៃ​អនាគត​ លោកក៏​គ្រោង​រៀប​ចំ​សង្វាក់​ផលិត​កម្ម​កែ​ច្នៃ​ផលិត​ផល​ត្រី​សាលម៉ុន​ដើម្បី ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។
លោក ​ម៉ៅ វុត្ថា​ ​បាន​រៀប​រាប់​ថា​ ថ្វី​ត្បិត​លោក​​​បាន​​ធ្វើ​ការងារ​សង្គម​ជាង ១០ ឆ្នាំ​​ក៏​ពិត​មែន​​តែ​បំណង​ប្រាថ្នា​ពិត​ប្រាកដ​​របស់​លោក​គឺ​​​ការ​រក​ស៊ី ​​ ព្រោះ​ការ​បង្កើត​មុខ​របរ​​នឹង​អាច​ជួយ​មនុស្ស​​បាន​ច្រើន​គ្នា។ ​ម្យ៉ាង​ការ​បង្កើត​មុខ​របរ​នេះ​ក៏​​ជា​ចំណុច​ដក​បទ​ពិសោធន៍​ពិត​ ​និង​​ការ​ធ្វើ​តេស្តទៅ​លើ​សមត្ថ​ភាព​របស់​យើង​ផង​ដែរ។
​លោក​​បាន​បន្ថែម​​ថា​ កត្តា​ ដែល​នាំ​ឲ្យ​លោក​ខិត​ខំ​ប្រឹង​ប្រែង​ដូច​សព្វ​ថ្ងៃ​ ដោយ​សារ​​​​លោក​ចង់​​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន​ឯង​ឲ្យ​មាន​​ភាព​ល្អ​ ប្រសើរ​​ ពិសេស​គឺ​តប​ស្នង​សង​គុណ​អ្នក​​ម្ដាយ​ ដែល​​បាន​ខិត​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ចិញ្ចឹម​បី​បាច់​លោក​​ឲ្យ​ មាន​អនាគត។​​​ លោក​​ថា​៖ “​ខ្ញុំ​នៅ​តែ​ចាំ​មិន​ភ្លេច​ គ្រា​ដែល​ម្ដាយ​​ខ្ញុំ​ជិះ​ឡាន​នៅ​​បាំង​ក្រោយ​​ ដែល​មាន​តម្លៃ​ថោក​ ពី​បាត់​ដំបង​មក​ភ្នំពេញ​​ ដើម្បី​មក​​លេង​កូន​​នៅ​វត្ត​​ ហើយ​ឆ្លៀត​ដាក់​​របស់​របរ​ខ្លះ​ៗ​យក​មក​លក់​នៅ​ភ្នំពេញ​​”។
ជា​ទី​បញ្ចប់​ លោក​ ម៉ៅ​ វុត្ថា​ បាន​ផ្តាំ​ផ្ញើ​ទៅ​យុវជន​ថា ​ត្រូវមានគោលដៅពិត​ប្រាកដ​ក្នុង​ចិត្ត​ និង​ប្រកាន់​​គោល​ជំហរ​មិន​បោះ​បង់។​ បើប្រកបអាជីវកម្ម ដែលមានគូរប្រជែងត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ របស់យើង និងគេ។ ត្រូវ​ដុស​ខាត់​ព្រលឹង​ ឆន្ទៈ​ និង​ទស្សនៈវិស័យ​របស់​ខ្លួន​តាម​​រយៈ​​ការ​កំណត់​គោល​ដៅ​ខ្លីៗ ហើយ​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធ​ភាព​ ដូច​សុភាសិត​ខ្មែរ​ពោល​ថា​ ព្យាយាម​គង់​អី​នឹង​បាន​សម្រេច៕
តើ​មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ដែរ?

គ្រូ​បង្រៀន​ស្រុក​ស្រែ​ចង់​​ឲ្យ​​កូន​ខ្មែរ​​​ស្គាល់​តម្លៃ​នៃ​ការ​សិក្សា​

មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​សម្រេច​ចិត្ត​ ផ្អាក​ទៅ​បំពេញ​ការងារ​មួយ​រយៈ​ បើ​សិន​ជា​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឡើយ ​ តែ​ ប៉ិល​ ថាវរៈ​ អាយុ​៣២​ ជា​គ្រូ​បង្រៀន​វិញ​​ មិន​ខ្វល់​ថា​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​នោះ​ ត្រូវ​ទឹក​ជន់​លិច​កម្រិត​ណា​ នោះ​ទេ​ លោក​នឹង​ទៅ​កាន់​សាលា​របស់​ខ្លួន​ឯ​ស្រុក​សំឡូត​ ក្នុង​ខេត្ត​បាត់​ដំបង​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ​ ដើម្បី​ទៅ​បង្រៀន​សិស្ស​នៅ​ទី​នោះ។
ការ​សម្រេច​ចិត្ត​ដ៏​ប្រថុយ​ប្រថាន​​ទៅ​បំពេញ​ការងារ​ទាំង​ស្ថានភាព​ គ្រោះ​ធម្មជាតិ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ គឺ​ដោយសារ​លោក​មិន​ចង់​ឃើញ​សិស្ស​របស់​ខ្លួន​ ដែល​រស់​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ​រៀន​មិន​ទាន់​គេ។

ថាវរៈ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះវិហារ​ ​បាន​បួស​ជា​​សង្ឃ​​តាំង​​ពី​ក្មេង​ និង​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​បាត់ដំបង​កាល​ពី​១០​ឆ្នាំ​មុន​ ដោយ​គង់​នៅ​ក្នុង​វត្ត​សង្កែ​ ដើម្បី​ទទួល​បាន​ការ​អប់រំ​ ទាំង​ខ្លួន​​ស្ថិត​ក្នុង​ភេទ​បព្វជិត​។ ព្រះ​តេជគុណ​អង្គ​នេះ​បាន​ចូល​សិក្សា​នៅ​វិទ្យាល័យ​អ៊ឹងធួង​ ក្នុង​វត្ត​ពោធិ៍​វាល​ និង​បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០១០។
នៅ​ឆ្នាំ​ដដែល​នោះ​ដែរ​ ព្រះ​តេជគុណ​អង្គនេះ​បាន​ប្រឡង​ចូល​រៀន​គ្រូ​មធ្យម​ នៅ​សាលា​គរុកោសល្យ​ភូមិភាគ​​ខេត្ត​បាត់ដំបង​​ ដោយ​ចាប់​យក​ជំនាញ​ឯកទេស​ភាសា​អង់គ្លេស​ និង​អក្សរសាស្ត្រ​ខ្មែរ​ ហើយ​ក៏​បាន​ជាប់​​ដូច​បំណង។ ប៉ុន្តែ​លទ្ធផល​ដ៏​ល្អ​នេះ​ក៏​បាន​បង្ខំ​ឲ្យ​បព្វជិត​ដែល​បាន​បួស​តាំង​ពី​ តូច​ ត្រូវ​លា​ចាក​ព្រះ​ផ្នួស​ដែរ​ ដោយសារ​ការ​សិក្សា​ទាមទារ​ឲ្យ​មាន​ការ​ហាត់​រាំ​ និង​ធ្វើ​សកម្មភាព​ផ្សេង ដែល​ពិបាក​សម្រាប់​ភេទ​ជា​បព្វជិត។
ក្រោយ​ពី​សិក្សា​ចប់​រយៈពេល​ពីរ​ឆ្នាំ​ ថាវរៈ​ចាប់​បាន​ប៉ុស្តិ៍​បង្រៀន​នៅ​សាលា​វិទ្យាល័យ​អូរចំ​ ស្ថិត​ក្នុង​ភូមិ​អូរចំ​ ឃុំ​កំពង់ល្ពៅ​ ស្រុក​សំឡូត​ ដែល​ជា​តំបន់​ភ្នំ​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង។ លោក​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​លើ​ផ្លូវ​ភក់​ និង​ថ្ម​ជា​ច្រើន​ម៉ោង​ បើ​ចង់​មក​លេង​ទី​រួម​ខេត្ត​បាត់​ដំបង​ម្ដង​ៗ។
លោក​ថា៖ “នរណា​ក៏​ចង់​ចាប់​ប៉ុស្តិ៍​បង្រៀន​ជិត​ៗ​ដែរ​ ប៉ុន្តែ​គ្រូ​ថ្មី​ដូច​ខ្ញុំ​មិន​អាច​ទទួល​បាន​ប៉ុស្តិ៍​នៅ​ក្បែរ​ៗ​នេះ​ទេ។ ម្នាក់​ៗ​មាន​ការ​រារែក​ទៅ​បង្រៀន​នៅ​ទី​នោះ​​ ប៉ុន្តែ​ខ្ញុំ​វិញ​គិត​ថា​ បើ​ម្នាក់​ៗ​គិត​តែ​សម្រុក​មក​ធ្វើ​ការ​នៅ​ទី​ប្រជុំ​ជន​ តើ​បាន​នរណា​ជួយ​បង្រៀន​កូន​ខ្មែរ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល​ទៅ? ដូច្នេះ​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ប៉ុស្តិ៍​ទៅ​បង្រៀន​នៅ​ទី​នោះ​តែ​ម្ដង”។
ពេល​ចុះ​ទៅ​បង្រៀន​នៅ​វិទ្យាល័យ​របស់​ខ្លួន​ដំបូង​ ថាវរៈ​មាន​អារម្មណ៍​ស្រងេះស្រងោច​ជា​ខ្លាំង​ ដោយសារ​សាលា​របស់​លោក​នៅ​ក្បែរ​​ភ្នំ​ ស្ទើរ​ជាប់​ព្រំ​ដែន​ថៃ​ និង​ខេត្ត​ពោធិ៍សាត់​ឯ​ណោះ។ នៅ​ពេល​យប់​ម្ដង​ៗ​ មាន​ភាព​ស្ងាត់​ជ្រងំ​ លោក​ឮ​តែ​សំឡេង​សត្វ​យំ​ គ្មាន​ភ្លើង​អគ្គិសនី​ ឯ​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស​ក៏​ពិបាក​រក​ទៀត។
ភាព​លំបាក​ប៉ុន​ហ្នឹង​ហាក់​ពុំ​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ លោក​បែរ​ជា​ទទួល​ឲ្យ​សិស្ស​មួយ​ចំនួន​ ដែល​មាន​លំនៅឋាន​ឆ្ងាយ​ដាច់​ស្រយាល​ មក​ស្នាក់​នៅ​ជាមួយ​ទៀត​ផង​​ ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ទាំង​នោះ​ទទួល​បាន​ការ​អប់រំ​ដូច​អ្នក​នៅ​ទី​ប្រជុំ ​ជន​ដែរ។
ថាវរៈ​បន្ថែម​ថា៖ “សិស្ស​សាលា​ខ្លះ​មាន​ផ្ទះ​ចម្ងាយ​តែ​៦​ទៅ​៧​គីឡូ​ម៉ែត្រ​ទេ​ ប៉ុន្តែ​គាត់​ពិបាក​ធ្វើ​ដំណើរ​មក​កាន់​សាលា​ណាស់​ ដោយសារ​ផ្លូវ​មាន​ភាព​លំបាក​ ដំ​ថ្ម​កំប៉ិក​កំប៉ុក។ បើ​មាន​ភ្លៀង​ទៀត​ មិន​អាច​មក​សាលា​រួច​ទេ​ ម្ល៉ោះ​ហើយ​ទើប​គ្រូ​ៗ​សម្រេច​ឲ្យ​សិស្ស​មួយ​ចំនួន​មក​ស្នាក់​នៅ​ជាមួយ​គ្រូ ​ឯ​សាលា​តែ​ម្ដង​ទៅ”។
ពេល​ទៅ​បង្រៀន​៥​ខែ​ដំបូង​ គ្រូ​បង្រៀន​ស្រុក​ស្រែ​រូប​នេះ​ពុំ​ទទួល​បាន​ប្រាក់​ខែ​ទេ​ គ្រាន់​តែ​បាន​ប្រាក់​តំបន់​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ដូច្នេះ​លោក​ត្រូវ​តស៊ូ​ក្នុង​​ស្ថានភាព​​នោះ​ ព្រោះ​គ្រួសារ​នៅ​ខេត្ត​ព្រះ​វិហារ​មិន​មែន​មាន​​ជីវភាព​គ្រាន់​​បើ​ឯណា។
ប៉ុន្តែ​ការ​ចំណាយ​នានា​ហាក់​មិន​សំខាន់​ប៉ុន្មាន​ទេ​សម្រាប់​លោក​ អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​ឃើញ​កូន​ខ្មែរ​រស់​នៅ​តំបន់​ជនបទ​ ទទួល​បាន​ការ​អប់រំ​ដូច​អ្នក​នៅ​តាម​ទីប្រជុំជន​ដែរ​​ ជាពិសេស​ឃើញ​ពួក​គេ​ខិត​ខំ​សិក្សា​លើ​មុខ​ជំនាញ​ភាសា​អង់គ្លេស​ ដែល​លោក​បង្រៀន​ ឲ្យ​បាន​ខ្លាំង​ក្លា​ ពី​ព្រោះ​ភាសា​បរទេស​នេះអាច​នឹង​​ផ្ដល់​ឱកាស​ការងារ​ខ្ពស់។
លោក​បន្ថែម​ទៀត​ថា៖ “តាម​ការ​សង្កេត​របស់​ខ្ញុំ​ និង​របស់​​គ្រូ​ដទៃ​ទៀត​ កូន​អ្នក​ចម្ការ​ទាំង​នេះ​មិន​សូវ​ខិតខំ​រៀន​សូត្រ​ប៉ុន្មាន​ទេ។ សិស្ស​ខ្លះ​គិត​ថា​ ការ​សិក្សា​ទម្រាំ​បាន​ផល​មក​វិញ​ វា​ស៊ី​ពេល​យូរ​ មិន​ដូច​ធ្វើ​ចម្ការ​នោះ​ទេ។ ពេល​បង្រៀន​ម្ដង​ៗ​ ខ្ញុំ​ព្យាយាម​នាំ​យក​អ្វី​ៗ​ប្លែក​ៗ​ ពី​ពិភព​ខាង​ក្រៅ​ទៅ​ប្រាប់​ដល់​សិស្ស​ទាំង​អស់​នោះ​ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​ ប៉ុន្តែ​ហាក់​មិន​សូវ​បាន​ប្រយោជន៍​ប៉ុន្មាន​ទេ។ តែ​ទោះ​បី​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​បន្ត​ជំរុញ​ពួកគេ​ហើយ​ជំរុញ​ទៀត​ មិន​បោះ​បង់​ឡើយ”។
លោក​ថា​ បើ​ជា​សំណាង​ ថ្ងៃ​ណា​មួយ​​សិស្ស​ខ្លះ​ក្នុង​តំបន់​ព្រៃ​ភ្នំ​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ ផ្នត់​គំនិត​វិល​មក​ឲ្យ​តម្លៃ​លើ​ចំណេះ​ដឹង​វិញ​ លោក​នឹង​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។ ប៉ុន្តែ​លោក​ថា​ ការ​ងារ​ជួយ​ជំរុញ​កូន​ខ្មែរ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​នេះ​ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោក​នឹង​វិល​ត្រឡប់​ទៅ​រស់​នៅ​ឯ​​ស្រុក​កំណើត​វិញ​ក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​ជួយ​បង្រៀន​កូន​ខ្មែរ​នៅ​ទី​នោះ៕

ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អំពាវនាវ​សុំ​ជំនួយ​ជា​ថ្មី​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​

លោក​វេជ្ជបណ្ឌិត​ Beat Richner​ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​អំពាវនាវ​សុំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​អន្តរជាតិ​មេត្តា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​មួយ​​​នេះសា​ជា​ថ្មី។

សេចក្ដី​អំពាវ​នាវ​ ដែល​ទើប​បង្ហោះ​កាល​ពី​មួយ​ម៉ោង​មុន​នេះ​បាន​ឲ្យ​ដឹង​ថា​ ដូច​យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​អន្តរជាតិ​លើ​ស្ថានការណ៍​ថ្មី​ ៗ​ក្នុង​ប្រទេស​កម្ពុជា​ មូលនិធិ​របស់​លោក​​កំពុង​ទទួល​បាន​ការ​បរិច្ចាគ​តិច​ទៅ​ៗ​ ជាង​ឆ្នាំ​២០១២​ នៅ​ពេល​ដូច​គ្នា។
លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា៖ “នេះ​ជា​ពេល​ដ៏​តឹង​តែង​មួយ​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​ ព្រោះ​ចំនួន​ក្មេង​ធ្លាក់​ខ្លួន​ឈឺ​ត្រូវ​បាន​នាំ​យក​មក​ព្យាបាល​​ច្រើន​ឡើង ​ៗ​ជា​បន្តបន្ទាប់​​នៅ​មន្ទីរ​ពេទ្យ​របស់​យើង”។
លោក​បង្ហាញ​ពី​ចំនួន​កុមារ​ឈឺ​ថា​ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ ទី​១៥​ ខែ​កញ្ញា​ កុមារ​ដែល​​អាច​សម្រាក​ព្យាបាល​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​មាន​ចំនួន​៦២០​ នាក់​ ខណៈ​ដែល​កុមារ​ឈឺ​ខ្លាំង​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ តែ​ម្ដង​មាន​២១៣​នាក់។ នៅ​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែ​កញ្ញា​ (រំលង​មួយ​ថ្ងៃ) កុមារ​អាច​សម្រាក​ព្យាបាល​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​កើន​ចំនួន​៣៣៥៩​នាក់​ ខណៈ​កុមារ​ឈឺ​ធ្ងន់​ត្រូវ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក៏កើន​ ចំនួន​៤០៥​នាក់។ មាន​ការ​វះកាត់​ចំនួន​៦៦​ និង​ការ​​សំរាល​កូន​ចំនួន​​៥៥។
លោក​បន្ថែម​ថា​ ការ​ព្យាបាល​ទាំង​អស់​គឺ​ពុំ​គិត​ថ្លៃ​ទេ​ សូម្បី​ថ្នាំ​ពេទ្យ​ក្ដី។ ចំណែក​ឪពុក​ម្ដាយ​របស់​កុមារ​ដែល​ឈឺ​​នោះ​ក៏​​ក្រី​ក្រ​ទៅ​​ទៀត​។  ពេទ្យ​គន្ធបុប្ផា​គឺ​កំពុង​ព្យាបាល​៨៥​ភាគ​រយ​នៃ​កុមារ​កម្ពុជា​ដែល​ធ្លាក់​ ខ្លួន​ឈឺ​ទាំ​ង​អស់​​ ក្នុង​ករណី​មាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ មន្ទីរ​ពេទ្យ​នេះ​នឹង​ព្យាបាល​កុមារ​កម្ពុជា​​រហូត​ដល់​៩២​ភាគ​រយ​ឯណោះ។
លោក​វេជ្ជបណ្ឌិត​ Beat Richner​ បន្ត​ថា​ ជា​រៀង​រាល់​ថ្ងៃ​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ត្រូវ​ចំណាយ​១២​ម៉ឺន​ដុល្លារ។ បើ​គ្មាន​ការ​បរិច្ចាគ​ និង​ការ​ចូលរួម​គាំទ្រ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទេ​ កុមារ​កម្ពុជា​ ដែល​មាន​ជំងឺ​​អាច​នឹង​ស្លាប់​បាន៕

ខ្ញុំ និងក្រុមគ្រួសារ បានរួមគ្នាធ្វើបុណ្យកឋិនទាន



ក្រសួង​សេដ្ឋកិច្ច​​ជ្រើស​រើស​​បុគ្គលិក​ជាប់​កិច្ច​សន្យា ​១​ឆ្នាំ​២០​រូប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​​ ចំនួន​ ២០​ រូប​ ដើម្បី​បម្រើ​ការងារ​ ក្នុង​អគ្គនាយក​ដ្ឋាន​​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សាធារណៈ​ ដោយ​ ក្នុង​នោះ​ ១២ រូប​ ត្រូវ​ធ្វើ​ការងារ​ផ្តោត​​លើ​​​ការ​វិភាគ​ម៉ាក្រូសេដ្ឋកិច្ច​ និង​៨ រូប​ទៀត​​ ផ្តោត​លើ​ការងារ​ស្ថិតិ​ និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច​។
​បេក្ខជន​ បេក្ខនារី​ ដែល​ត្រូវ​បាន​ជ្រើសរើស​ នឹង​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ បំប៉ន​ជំនាញ​ផេ្សង​សេដ្ឋកិច្ច​ផេ្សងៗ​តាម​ការ​ចាំ​បាច់ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ និង​សមត្ថភាព​ការងារ​ ជាមួយ​ប្រាក់​បៀវត្ស​សមរម្យ​។ បន្ទាប់​ពី​បញ្ចប់​ការងារ​​ឆ្នាំ​ទី​១​ មន្រ្តី​ទាំង​២០ ​រូប នឹង​ទទួល​បាន​​ការ​វាយ​តម្លៃ​​លើ​សមិទ្ធ​កម្ម​ការងារ​ ដើម្បី​ពិនិត្យ​លទ្ធផល​ដាក់​បញ្ចូល​ ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តីរាជ​ការ​ បម្រើ​​ការងារ​ ក្នុង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។
​​​​បេក្ខជន ​បេក្ខ​នារី​ ដែល​ទទួល​បាន​ការ​ជ្រើសរើស​ បឋម​នឹង​ត្រូវ​ចូល​រួម​ ការ​ប្រឡង​សរសេរ​ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ភាព​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​សមត្ថភាព​ភាសា​អង់គ្លេស ​(​ការ​ប្រឡង​ ​ភាសា​នឹង​ត្រូវ​លើក​លែង​ចំពោះ​បេក្ខ​ជន​ បេក្ខ​នារី​ ទាំង​ឡាយ​ណា​ ដែល​មាន​ពិន្ទុ​យ៉ាង​ហោច​ណាស់​ TOEFL ៥៣០​ ឬ​ IELTS ៥.0 ដែល​មាន​អាយុ​កាល​មិន​លើស​ពី​ ២ ឆ្នាំ​)។
បេក្ខ​ជន​មាន​ចំណាប់​អារម្មណ៍​អាច​ផ្ញើ​ប្រវត្តិ​រូប​​ការងារ​​ មក ​អ៊ី​មែល​មក​ narin_kruy@mef.gov.kh ដោយ​បញ្ជាក់​ពី​ជម្រើស​​ក្នុង​ subject Line: “Economic Policy”​ ឬ “Statistics” ។​ ការ​ទទួល​ពាក្យ​ចាប់​​ផ្តើម​ពី​ថ្ងៃ​ទី​ ១-៣០ វិច្ឆិកា​ ឆ្នាំ​២០១៣​ ត្រឹម​ម៉ោង​ ១៧:០០​។សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​ កញ្ញា​ គ្រុយ​ ណារិន​ ទូរសព្ទ​លេខ ០៧៧ ២០៦ ៥៦០​។ ​បេក្ខ​នារី​ នឹង​ទទួល​បាន​ការ​ផ្តល់​អាទិភាព​ជាពិសេស​ សម្រាប់​ការ​ជ្រើស​រើស​​​នេះ៕ ​

ក្រសួង​អប់រំ​​​បញ្ចូល​ភាសា​អង់គ្លេស​នៅ​ថ្នាក់​បឋម​សិក្សា

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​ ​បាន​ដាក់​​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ ​​នៅ​​ថ្នាក់​​បឋម​សិក្សា​​​ចាប់​ពី​ឆ្នាំ​២០១៣ ​នេះ​ទៅ។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ សំ​ សេរីរ័ត្ន​ ​អគ្គនាយក​ដ្ឋាន​អប់​រំ​ នៃ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​​។
​​
លោក​បាន​បន្ថែម​​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​​សិក្សា​ភាសា​អង់គ្លេស​នេះ​ ​​មាន​​​ចាប់​ពី​ថ្នាក់​ទី​៤​ ឡើង​ទៅ​។​
​​​​ទោះ​ជា​យ៉ាង​ណា​ សាលា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​អាច​ដាក់​​​បញ្ចូល​​មុខ​ វិជ្ជា​ថ្មី​​​មួយ​នេះ​បាន​​នៅ​ឡើយ​ទេ ​​​ដោយ​ហេតុ​ថា​ពុំ​ទាន់​មាន​គ្រូ​គ្រប់​គ្រាន់។ អ្នក​គ្រូ​ ទិត ឌូ​ នាយក​សាលា​បឋម​សិក្សា​ចារ​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង ​​បាន​បញ្ជាក់​ថា​ ៖ “​ខាង​ក្រសួង​អប់រំ​​ខេត្ត​ស្វាយរៀង​នឹង​ដាក់​ឱ្យ​​មាន​នៅ​សាលា​ខ្ញុំ​​​ ចាប់​ពី​ឆ្នាំ​២០១៤​។ បច្ចុប្បន្ន​​ ខាង​​ក្រសួង​កំពុង​សម្រិតសម្រាំង​​គ្រូ​ ដោយ​​បណ្ដុះ​បណ្ដាល​​គ្រូ​ដែល​មាន​ស្រាប់​នៅ​សាលា​ និង​ខ្លះ​ទៀត​គឺ​ជ្រើស​រើស​​គ្រូ​អនុវិទ្យាល័យ​​មក​បង្រៀន”។ ​អ្នក​គ្រូ​បន្ថែម​ទៀត​ថា​ ​នេះ​ជា​សញ្ញាណ​ល្អ​​សម្រាប់​​វិស័យ​អប់រំ​កម្ពុជា​ ព្រោះ​ថា ​​​សិស្ស​នឹង​​​បាន​ស្វែង​​យល់​ និង​ចេះ​ភាសា​អន្តរជាតិ​មួយ​នេះ​បាន​កាន់​តែ​ច្រើន​តាំង​ពី​ថ្នាក់​ក្រោម​ ឡើង​ទៅ។
លោក​ រ៉ុង​ ឈុន​ ប្រធាន​​សមាគម​ គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ​បាន​​ថ្លែង ​អបអរសាទរ​​ចំពោះ​គម្រោង​ថ្មី​ របស់​​ក្រសួង​អប់រំ ​និង​ចាត់​​ទុក​ថា​ នេះ​គឺ​ជា​ភាព​ចាំ​បាច់​មួយ​សម្រាប់​យុវជន​ បន្ទាប់​ពី​ភាសា​ជាតិ​ ខណៈ​រយៈ​ពេល​​ដ៏​ខ្លី​ខាង​មុខ​​អាស៊ាន​ទាំង​មូល​ នឹង​ធ្វើ​សមាហរណកម្ម​បញ្ចូល ​គ្នា​។​ លោក​​បាន​​បន្ថែម​​ថា​ បច្ចុប្បន្ន​​នេះ​ ភាសា​អង់គ្លេស​ ត្រូវ​បាន​ដាក់​បញ្ចូល​​ ក្នុង​កម្មវិធី​សិក្សា​ត្រឹម​អនុវិទ្យាល័យ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​វា​កាន់​​តែ​ងាយ​ស្រួល​បន្ថែម​ទៀត​សម្រាប់​​​កុមារ​នៅ​ក្មេង​ខ្ចី​ ក្នុង​ការចាប់​យកភាសា​អង់គ្លេស៕​​​​​​​​

ស្ទើរ​មិន​ជឿ​ ក្មេង​ឃ្វាល​គោ​​​ម្នាក់​ជាប់​អាហារូបករណ៍​រៀន​នៅ​សាលា​ល្បី​ប្រទេស​អូស្ត្រាលី!

ត្រឹម​តែ​អាយុ​១៣​ឆ្នាំ​សោះ​ កុមារ​កម្ពុជា​មួយ​រូប​បាន​ធ្វើ​ឲ្យ​ខ្លួន​ល្បី​លើ​ឆាក​អន្តរ​ជាតិ​ និង​​បី​ឆ្នាំ​ក្រោយ​មក​ គេ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​ថ្មី​ម្ដង​ទៀត​ នោះ​គឺ​ទទួល​បាន​អាហារូបករណ៍​ទាំង​វ័យ​ក្មេង​ ទៅ​សិក្សា​នៅ​សាលា​ល្បី​លំដាប់​អន្តរជាតិ​ ក្នុង​ប្រទេស​អូស្ត្រាលី។
ចន​ ចាន់​វិសាល​ អាយុ​១៧​ឆ្នាំ​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​វិទ្យាល័យ​ នៅ​សាលា​ Prince Alfred College ​ក្នុង​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន​គេ​កំពុង​រៀន​ថ្នាក់​ទី​១១​ ជាមួយ​នឹង​សិស្ស​បរទេស​ជា​ច្រើន​ ជាពិសេស​សិស្ស​អូស្ត្រាលី​តែ​ម្ដង។
ចន​ ចាន់​វិសាល​ អាយុ​១៧​ឆ្នាំ
វិសាល​ បាន​ថ្លែង​ប្រាប់​ពី​អូស្ត្រាលី​មក​ថា​ រូប​គេ​បាន​ជាប់​អាហារូបករណ៍​មក​រៀន​នៅ​ប្រទេស​នេះ​ គឺ ដោយសារ​មាន​គេ​ទាក់​ទង​ទៅ​អង្គការ​ដែល​​ខ្លួន​រស់​នៅ​ ប៉ុន្តែ​អាច​មក​ពី​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ​របស់​ខ្លួន​ធ្លាប់​ឡើង​ ច្រៀង​បទ​ “Tell Me Why”​ ជា​ភាសា​អង់គ្លេស​ លើ​ឆាក​អន្តរជាតិ​ ឲ្យ​ជន​បរទេស​រាប់​រយ​នាក់​​ស្ដាប់​កាល​ពី​ឆ្នាំ​២០០៩​ដែរ។
យុវជន​រូប​នេះ​មាន​បង​ប្អូន​សុទ្ធ​តែ​ប្រុស​ៗ​ចំនួន​បួន​នាក់​ ហើយ​ខ្លួន​គឺ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​មួយ​ ឯ​ខេត្ត​កំពង់ចាម​ ដែល​មាន​​ម្ដាយ​ជា​ស្ត្រី​មេ​ម៉ាយ។ វិសាល​ត្រូវ​ម្ដាយ​បញ្ជូន​ទៅ​ឃ្វាល​គោ​ក្របី​ឲ្យ​គេ ​តាំង​ពី​អាយុ​១០​ឆ្នាំ​ម្ល៉េះ​ដោយសារ​តែ​ភាព​ក្រី​ក្រ។
វិសាល​ថា៖ “ម្ដាយ​របស់​ខ្ញុំ​បាន​យក​ខ្ញុំ​ និង​ប្អូន​ប្រុស​របស់​ខ្ញុំ​ពីរ​​រូប​ទៀត​ឲ្យ​ទៅ​នៅ​ជាមួយ​អង្គការ​​ Sunrise Children’​s Village​ ឯ​ខេត្ត​កណ្ដាល​ឯណោះ។ គាត់​មិន​ដែល​មក​លេង​យើង​ទេ​ ដោយសារ​គាត់​ក្រ​ពេក​ គ្មាន​សោហ៊ុយ​នឹង​ធ្វើ​ដំណើរ​មក​ មាន​តែ​យើង​ទេ​ទៅ​លេង​គាត់​ឯ​ស្រុក​ ពេល​បុណ្យ​ទាន​ម្ដង​ៗ”។
ពេល​ទៅ​ដល់​អង្គការ​នោះ​ភ្លាម​ វិសាល​ដែល​បាន​រៀន​ថ្នាក់​ទី​៥​ទៅ​ហើយ​នៅ​ស្រុក​កំណើត​ បាន​បន្ត​រៀន​ថ្នាក់​ចំណេះ​ដឹង​ទូទៅ​នេះ​ទៀត។ លើស​ពី​នេះ​ គេ​បាន​រៀន​កុំព្យូទ័រ​ ជា​ពិសេស​​ភាសា​អង់គ្លេស​តែ​ម្ដង។ ពេល​ទំនេរ​ កុមារ​រូប​នេះ​បាន​រៀន​ច្រៀង​បទ​ភាសា​អង់គ្លេស និង​បាន​អនុវត្ត​និយាយ​ភាសា​អង់គ្លេស​ជាមួយ​នឹង​ជន​បរទេស​ ដែល​ទៅ​ទស្សនកិច្ច​នៅ​អង្គការ​របស់​ខ្លួន​ទៀត​ផង។ ពេល​ខ្លះ​ គេ​បាន​ច្រៀង​ជា​ភាសា​អង់គ្លេស​ឲ្យ​ជន​បរទេស​ទាំង​នោះ​ស្ដាប់​ទៀត​ផង។

ដោយ​មើល​ឃើញ​ពី​ទេពកោសល្យ​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ច្បាស់​ វិសាល​ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​នាំ​មុខ​ (Main Vocalist)​ នៅ​ពេល​អង្គការ​ Sunrise Children’​s Village ទៅ​សម្ដែង​នៅ​Opera ​House​ នៅ​ទី​ក្រុង​ Sydney ​ប្រទេស​អូស្ត្រាលី​​ ក្នុង​ឆ្នាំ​២០០៩។ វិសាល​ ដែល​មាន​អាយុ​ទើប​១៣​នៅ​ឡើយ​ ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ហ៊ោ​កញ្ជ្រៀវ​ ក្រោយ​ពី​គេ​ច្រៀង​បទ​ “Tell Me Why”​ចប់។ (ចុច​ត្រង់​នេះ​ មើល​​ការ​​សម្ដែង​របស់​​វិសាល​ ​កាល​​ពី​នៅ​កុមារ​)
យុវជន​រូប​នេះ​ថា៖ “ពេល​ដែល​សម្ដែង​នៅ​មុខ​ជន​បរទេស​រាប់​រយ​នាក់​កាល​ណោះ​ ខ្ញុំ​ភ័យ​ណាស់។ ខ្ញុំ​ធ្លាប់​តែ​សម្ដែង​តែ​មុខ​មនុស្ស​ពីរ​ ឬ​បី​នាក់​ ហើយ​មិន​ជា​ផ្លូវ​ការ​អីចឹង​ទេ។ ដើម្បី​បំបាត់​ភាព​ភ័យ​នេះ​ ខ្ញុំ​បាន​លួច​បិទ​ភ្នែក​ខ្លះ​ដែរ​ ពេល​ច្រៀង”។
វិសាល​បន្ថែម​ថា៖ “នៅ​ពេល​ច្រៀង​ចប់​ភ្លាម​ ខ្ញុំ​ឮ​គេ​ទះ​ដៃ​អបអរ​យ៉ាង​កង​រំពង​បែប​ហ្នឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​ និយាយ​ពី​អារម្មណ៍​របស់​ខ្ញុំ​យ៉ាង​ម៉េច​ទេ​ពេល​ហ្នឹង​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​រំភើប​ណាស់”។
បទ​ចម្រៀង​ “Tell Me Why”​ ច្រៀង​ដោយ​វិសាល​ក៏​បាន​បង្ហោះ​លើ​ Youtube​ ផង​ដែរ​ និង​មាន​មនុស្ស​ចូល​បើក​មើល​ពុំ​សូវ​ដាច់​។
កាល​ពី​ឆ្នាំ​ទៅ​មិញ​ វិសាល​ត្រូវ​បាន​គេ​ទាក់​ទង​​ផ្ដល់​អាហារូបករណ៍​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​មួយ​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ឈ្មោះ​ថា​ Prince Alfred College។ យុវជន​​នេះ​បាន​​រៀន​នៅ​ថ្នាក់​ទី​១០​ទៅ​ហើយ​ក្នុង​ស្រុក​ខ្មែរ​ ប៉ុន្តែ​ពេល​ប្ដូរ​ទៅ​សិក្សា​នៅ​បរទេស​ គេ​បាន​បន្ថយ​មក​រៀន​នៅ​ថ្នាក់​ទី​៩​វិញ​ ដើម្បី​ទុក​ពេល​មួយ​ឆ្នាំ​រៀន​ភាសា​អង់គ្លេស​បន្ថែម។ បច្ចុប្បន្ន​ វិសាល​រៀន​ថ្នាក់​ទី​១១​ហើយ ​នៅ​ក្នុង​ប្រទេស​នោះ។
វិសាល​បញ្ជាក់​បន្ថែម​ថា៖ “ការ​សិក្សា​នៅ​ទី​នេះ​គឺ​ស្រដៀង​នឹង​យើង​ដែរ​ ដូច​ជា​​មាន​ភូមិ​វិទ្យា​ ជីវវិទ្យា​ រូបវិទ្យា​ គណិតវិទ្យា​អីចឹង។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ខ្ញុំ​បាន​រៀន​ភ្លេង​បន្ថែម​ទៀត។ ខ្ញុំ​រៀន​ឧបករណ៍​ភ្លេង​ប៉្យាណូ​ ប៉ុន្តែ​ខ្ញុំ​ក៏​អាច​លេង​ស្គរ​ និង​ហ្គីតា​បាន​ដែរ”។
អាហារូបករណ៍​នេះ​បាន​រ៉ាប់រង​គ្រប់​បែប​យ៉ាង​​ ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ​ ការ​ហូប​ចុច​ និង​អ្វី​ៗ​ផ្សេង​ទៀត។ គេ​បាន​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ថ្មី​ ក្នុង​ទឹក​ដី​ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ។ នៅ​ពេល​រៀន​ចប់​វិទ្យាល័យ​ វិសាល​ថា​ គេ​នឹង​ទទួល​បាន​អាហារូបករណ៍​បន្ត​ទៅ​ថ្នាក់​ឧត្ដម​ទៀត។
យុវជន​រូប​នេះ​ថា៖ “ពេល​ចូល​វិទ្យាល័យ​ ខ្ញុំ​ត្រូវ​រង់​ចាំ​មើល​ជំនាញ​របស់​ខ្ញុំ​សិន។ បើ​ខ្ញុំ​បាន​ពិន្ទុ​ល្អ​ផ្នែក​ភ្លេង​ ខ្ញុំ​ចាប់​យក​ជំនាញ​តន្ត្រី​ ប៉ុន្តែ​បើ​ខ្ញុំ​ពូកែ​ខាង​គណិត​ ខ្ញុំ​នឹង​ចាប់​យក​ជំនាញ​ស្ថាបត្យកម្ម”។
នៅ​ពេល​រៀន​ចប់​ និង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ យុវជន​រូប​ឲ្យ​ដឹង​ថា​ គេ​អាច​នឹង​ជួប​ការ​លំបាក​បន្តិច​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ នោះ​គឺ​ចង់​បើ​អាជីវកម្ម​មួយ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​គេ​ថា​ ដំបូង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ឲ្យ​គេ​សិន​ ទម្រាំ​តែ​មាន​ដើម​ទុន​ ទើប​បង្កើត​អ្វី​មួយ​ដោយ​ខ្លួន​ឯង។ តែ​បើ​ទោះ​បី​មិន​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ក្ដី​ យុវជន​រូប​នេះ​ថា​ ​គេ​នឹង​មិន​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត។ យុវជន​រូប​នេះ​ថា​ កុមារ​ក្រី​ក្រ​ ឬ​កុមារ​កំព្រា​ក្នុង​ស្រុក​ខ្មែរ​ក៏​គួរ​តែ​មាន​គំនិត​ មិន​បាក់​ទឹក​ចិត្ត​ដូច​​រូប​គេ​ដែរ។

Thursday, November 7, 2013

ល្អប្រណីត.com



គេហទំព័រល្អប្រណីត.com  គឺមានព័ត៌មានថ្មីៗ និងឯកសារល្អៗសម្រាប់លោកអ្នកជាអ្នកសិក្សា ស្រាវជ្រាវចង់ចេះ ចង់ដឹង ។ ដូច្នេះលោកគ្រាន់ តែចូលមកកាន់គេហទំព័រល្អប្រណីត​ដូចខាង ក្រោមនេះជាការស្រច៖  ​​
www.laorbronet.blogspot.com


Wednesday, October 23, 2013

ការពិនិត្យ​​​សុខភាព​​​មាត់ធ្មេញ​​​ដល់ក្មេងៗ​​​ជាលើកទី២​​​ក្នុងឆ្នាំ២០១៣ នៅសាលា​​​អន្តរជាតិហ្រ្គីន

រូបភាពគេហទំព័រ ដើមអម្ពិលសាលាអន្តរជាតិ ហ្រ្គីន នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ បានរៀបចំកម្មវិធីពិនិត្យ សុខភាព មាត់ធ្មេញ ដល់សិស្សានុសិស្សតូចៗ របស់ខ្លួន ។ 
រូបភាពគេហទំព័រ ដើមអម្ពិល
លោកស្រី គង់ ស្រីថល នាយិកាសាលាអន្តរជាតិ ហ្រ្គីន បានឱ្យដឹងថា កម្មវិធីនេះ ធ្វើឡើង ២ដងក្នុងមួយឆ្នាំ ដើម្បីឱ្យក្មេងៗ ចេះពីរបៀប​​​ថែរក្សាមាត់ធ្មេញ ដោយខ្លួនឯង ព្រមទាំង បង្រៀន កុមារ ឱ្យមាន​​​អនាម័យ និងទម្លាប់ល្អ ក្នុងការ​​​រស់នៅ​​​ក្នុងសង្គម។
រូបភាពគេហទំព័រ ដើមអម្ពិលលោកស្រី​​​បន្ថែមថា ៖“បើសិនជាយើង​​​ពិនិត្យឃើញថា ធ្មេញកុមារមានបញ្ហា ឬខូច យើងនឹង ផ្តល់ដំណឹង ដល់មាតាបិតា អាណាព្យាបាល ដើម្បីនាំកូន​​​ទៅព្យាបាល ទាន់ពេលវេលា” ។
រូបភាពគេហទំព័រ ដើមអម្ពិល
ការពិនិត្យ​​​សុខភាព​​​មាត់ធ្មេញ របស់ក្មេងៗ រយៈពេល​​​មួយថ្ងៃ នៅសាលា​​​អន្តរជាតិ ហ្រ្គីន ត្រូវបាន​​​ធ្វើទៅលើ សិស្សានុសិស្ស ២០នាក់ ដោយអញ្ជើញ អ្នកជំនាញ ផ្នែកនេះ មកពីគ្លីនិក សោភ័ណ្ឌ ។
សាលាអន្តរជាតិ ហ្រ្គីន បានបង្កើត​​​ឡើងតាំងពី​​​ដើមឆ្នាំ២០១១ ដោយបណ្តុះ​​​បណ្តាល ភាសាខ្មែរ ចិន និងអង្គគ្លេស ដល់សិស្សានុសិស្ស នៅកម្រិត​​​ថ្នាក់មត្តេយ្យ និង បឋមសិក្សា តាមស្តង់ដារអប់រំ របស់ប្រទេសសិង្ហបុរី និងមាន គ្រូជំនាញខ្មែរ និងបរទេសប្រមាណ២០នាក់ ។ សាលាបានយកចិត្តទុកដាក់ ខ្ពស់បំផុត ទៅលើសុខភាព របស់សិស្សាសិស្ស។

របៀប​ថែទាំខ្លួន​គ្រាមាន​គ្រោះ​ទឹកជំនន់


បើនិយាយ​អំពី​ទឹកជំនន់ គឺ​ពិតជា​បាតុភូត​កើតមាន​ជារៀងរាល់ឆ្នាំ​នៅលើ​ទឹកដី​កម្ពុជា ជាពិសេស​ប្រទេស​ដែលនៅតាម​ដងទន្លេមេគង្គ។ ប្រជាជន​ភាគច្រើន​មិនគិត​ថា ទឹកជំនន់​ជាគ្រោះធម្មជាតិ​នោះទេ ជាហេតុ​ធ្វើឱ្យ​ពួកគេមិន​អើពើ និង​ប្រុងប្រយ័ត្ន​អ្វីទាំងអស់។ តែទឹ​កជំនន់ឆ្នាំនេះ​គឺជា​គ្រោះធម្មជាតិ។ ទស្សនាវដ្ដី សុខភាព​យើង សូមចូល​រួមចំណែក​ទប់ស្កាត់ និង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​ផលិតអត្ថបទ​នេះឡើង។ 
រូបភាពទស្សនាវដ្តីសុខភាពយើង
អត្ថបទ​ដែល​លោកអ្នក​កំពុង​កាន់អាន​នេះ អាចជា​ព័ត៌មាន​សំខាន់​ណាស់​សម្រាប់​អ្នកដែល​រស់នៅ និង​ធ្វើការ​នៅតាម​តំបន់​លិចទឹក។ សូម​ធ្វើការ​បែងចែក​របៀប​នៃការ​យល់ដឹង​ទៅតាម​ដំណាក់​កាល មុន​ទឹកជំនន់ ពេល​ទឹកជំនន់ និងក្រោយ​ទឹកជំនន់។
ប្រការ​ត្រូវធ្វើ​មុនពេល​មានគ្រោះ​ទឹកជំនន់
ការប៉ាន់​ប្រមាណ​ទំហំទឹ​កជំនន់ គឺជាការ​លំបាក​ខ្លាំងណាស់។ ហេតុនេះ​កម្រិត​នៃការ​ត្រៀម ឬ​ប្រុងប្រយ័ត្ន​ពិតជា​ពិបាក​ព្រៀងទុក។ ប៉ុន្ដែ​លោកអ្នក​ត្រូវមាន​វិធាន​ការការពារ​មួយចំនួន​ដូចតទៅ។
  • ត្រៀម​ទុកជាស្រេច​នូវបង្វិច ឬ​ឧបករណ៍​សម្រាប់​យកចេញ ឬ​ដឹកជញ្ជូន​ចេញក្នុង​ករណីមានការ​ជម្លៀស​ចេញពី​លំនៅដ្ឋាន ទឹកលិច​(សម្លៀក​បំពាក់ ឱសថ ថ្នាំសង្កូវ សម្ភារៈ​ថែទាំកុមារ​តូចៗ​ជាដើម)។
  • សូម​សាកសួរ​យោបល់ពី​អ្នកជំនាញ​ខាងអគ្គិសនី អំពី​របៀប​កាត់ផ្ដាច់​អគ្គិសនី​ក្នុងផ្ទះ​(ក្នុង​ករណី​មានប្រើ​ចរន្ដអគ្គិសនី)។
  • ត្រៀម​ជម្លៀស​ខ្លួនចេញ​ពីលំនៅដ្ឋាន ដែល​លោកអ្នក​ត្រូវតែ​ធ្វើទៅ​រកទីតាំង​សុវត្ថិភាព ឬ​លំនៅដ្ឋាន​បណ្ដោះ​អាសន្ន​មួយ មិនមាន​ទឹកលិច។ សូម​គិតគូរ​អំពីមធ្យោបាយ​ដឹកជញ្ជូន និង​ការចំណាយ​នានា​ដែលអាច​កើតមាន​ទុកជាមុន​ផង។
  • សូម​គិតទុក​ជាមុន​នូវការ​ត្រៀមទឹក និង​ចំណី​អាហារ​សម្រាប់​ទទួលទាន។ ការ​ទទួលទាន​ទឹកមិន​ស្អាត និង​ចំណី​អាហារ មិន​គ្រប់គ្រាន់ អាច​នាំឱ្យ​មានជម្ងឺ​តម្កាត់។
  • សូម​ត្រៀមកូន​វិទ្យុតូច​មួយ​នៅជាប់​នឹងខ្លួន​ដែលអាច​ទទួល​ព័ត៌មាន​បាន​ រហ័ស​ទាន់ចិត្ដ​ពីស្ថានីយវិទ្យុ និង​សារព័ត៌មាន​ផ្សេងៗ អំពី​ស្ថានភាព​ទឹកឡើង និងការ​ជួយ​សង្គ្រោះ​នានា។ ហើយ​ត្រូវគិត​អំពីថ្មពិល​សម្រាប់​ដាក់ប្ដូរ ឬ​បញ្ចូល​សម្រាប់​ស្ដាប់វិទ្យុ​នោះផង។
  • សូមលើក​វត្ថុ សម្ភារៈ ឧបករណ៍ និង​សង្ហារិម​ទាំងឡាយ​ដែលនៅ​ផ្ទាល់នឹងដី​ដាក់លើទីតាំង​ខ្ពស់។ ហើយ​ធានា​ឱ្យបាន​ថា សារធាតុ​ពុល ឬ​បំពុល ដូចជាថ្នាំ​សម្លាប់​សត្វ​ល្អិត ប្រេងឥន្ធនៈ​(ប្រេងកាត ប្រេង​សាំង ប្រេង​ម៉ាស៊ីន) ថ្នាំដាក់​រុក្ខជាតិ​ដំណាំនានា និង​គ្រឿងឆេះ​នានា ដាក់​នៅកន្លែង​សុវត្ថិភាព​មួយ។
  • ជាចុងក្រោយ​បើអាច​ធ្វើបាន សូម​ត្រៀមការ​ទប់ស្កាត់​ការជ្រាប​ចូលនៃទឹក​ទៅក្នុង​ផ្ទះ តាមរយៈ​ការទប់​បាវដី ឬ​វិធី ប្រសិទ្ធភាព​នានា។
ប្រការ​ត្រូវធ្វើ​ពេលកំពុង​មានគ្រោះ​ទឹកជំនន់
  • សូមស្ដាប់​ការណែនាំ និង​អនុសាសន៍​របស់​សាលាឃុំ​ស្រុក​ដែល​លោកអ្នក​ស្នាក់នៅ និង​ក្រសួង​ទទួលបន្ទុក ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ និង​តាមរយៈ​វិទ្យុ ទូរទស្សន៍​(សម័យ​ទំនើបនេះ អាច​តាមប្រព័ន្ធ​អ៊ិនធ័រណែត)។
  • សូមកុំ​រង់ចាំ​រហូតដល់​ថ្នល់លិច ឬ​ទឹកហូរ​ដាច់អស់ ដែលធ្វើ​ដំណើរ​លែងកើត ទើប​ចាកចេញពី​លំនៅដ្ឋាន។ ជីវិត​របស់ លោកអ្នក​មានតម្លៃថ្លៃ​ជាងរថយន្ដ​និងម៉ូតូ​របស់​លោកអ្នក។
  • សូមដាក់​ឱ្យមានការ​ឃ្លាំមើល និង​យាមកាម​លំនៅដ្ឋាន​របស់​លោកអ្នក​ដោយ​មនុស្ស ឬ​វិធីផ្សេងៗ​តាមដែល​អាចធ្វើ​ទៅបាន។
  • សូមគោរព​តាមការ​ចង្អុល​បង្ហាញ​របស់​មន្ដ្រីសមត្ថកិច្ច​ដែល​ពាក់ពន្ធ័​ នឹងរដ្ឋាករទឹក អគ្គិសនី និងស្ថាប័ន​សាម៉ីនានា បូករួម​ទាំងអ្នក​ជំនាញ​ផ្សេងៗ​ទៀតផងដែរ។
  • សូម​ចុះឈ្មោះ​ទៅក្នុង​បញ្ជី​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់ ដើម្បី​ទទួលបាន​ឱកាស​គាំទ្រ ឬឧបត្ថម្ភ​ពីស្ថាប័ន​សង្គ្រោះ គ្រោះ​មហន្ដរាយ​ដែលផ្ដល់​ការ​ឧបត្ថម្ភ​ពេលមាន​ទឹកជំនន់ និង​ក្រោយពេល​មាន​ទឹកជំនន់។
  • សូម​ស្វែងរក​ទីជម្រក​មាន​សុវត្ថិភាព​នៅតាម​ទីទួល ផ្លូវជាតិ និង​ទីវត្ដអារាម​ខ្ពស់ ដែល​មិនលិចទឹក តែសូម​ប្រុងប្រយ័ត្ន​ចំពោះ​ទីតាំង​ហាមឃាត់​មួយចំនួន​ដែល​សម្រាប់​សាធារណៈ​ ប្រើប្រាស់។
  • សូម​ហៅរក​ជំនួយពេល​ត្រូវការ​អ្វីមួយ សាកសួរ​អ្នកជំនាញ ឬ​សមត្ថកិច្ច​ទាក់ទង​នឹងការ​សង្គ្រោះ​គ្រោះទឹក​ជំនន់។ អ្វីដែល​ជាការ​សំខាន់​ផងដែរ គឺបន្ដ​ស្ដាប់ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ជាប្រចាំ។
  • សូម​ទទួលទាន​ចំណី​អាហារ និងទឹក​ដែលស្អាត​មាន​អនាម័យ គ្មាន​ជាតិពុល គ្មាន​មេរោគ តាមវិធី​ចម្អិន និង​ដាក់ ហាលថ្ងៃ​ដើម្បី​សម្លាប់​មេរោគ។
រូបភាពទស្សនាវដ្តីសុខភាពយើង
ប្រការ​ត្រូវធ្វើ​ក្រោយពេល​មានគ្រោះ​ទឹកជំនន់
  • សូម​រួសរាន់​ទៅចុះ​ឈ្មោះក្នុង​បញ្ជីអ្នក​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅតាម ​ភូមិសង្កាត់​ដែល​ស្នាក់នៅ ដើម្បី​ទទួលបាន​ជំនួយ​សង្គ្រោះ ប្រសិន​បើមាន ឬក៏​ដើម្បី​ទទួល​ព័ត៌មាន​នានា។
  • សូម​តាមដាន​ព័ត៌មាន សេចក្ដី​ណែនាំ និង​អនុសាសន៍​របស់​សាលាឃុំ​ស្រុក និង​ក្រសួង​ពាក់ព័ន្ធ​នឹងការ​សង្គ្រោះ​អ្នក​រងគ្រោះ ដោយសារ​ទឹកជំនន់។
  • ពេលទឹក​ស្រកសូមវិល​ទៅរក​លំនៅដ្ឋាន​វិញដោយ​ប្រុងប្រយ័ត្ន ករណី​ចាំបាច់​ត្រូវស្នើ​សុំការ​ផ្ដល់​យោបល់ ឬ​ប្រឹក្សា​អំពី អ្នក​ជំនាញ​នានា។
  • សូម​បន្ដស្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ជាប្រចាំ​នៅប៉ុន្មាន​ ថ្ងៃក្រោយ​ពីជួប​គ្រោះទឹកជំនន់ ប្រយោជន៍​ទទួលបាន​ព័ត៌មាន​ដំបូន្មាន និង​ចំណេះដឹង​នានា​(ការថែទាំ​សុខភាព សន្ដិសុខ សុវត្ថិភាព។ល។)
  • សូម​បោះបង់​ចោលនូវ​ចំណី​អាហារ​ដែល​នៅសេសសល់​ក្នុងផ្ទះ ដែលប៉ះ​ជាមួយ​ទឹកជំនន់ ទោះបីជា​នៅល្អ​ក្ដី ខូចក្ដី បើ​លោកអ្នក​ទទួលទាន​អាចឆ្លង​មេរោគ នាំឱ្យ​បង្កជម្ងឺ​តម្កាត់​នានា។
  • សូម​ប្រយ័ត្ន​ប្រយែង​ក្នុងការ​ទទួលទាន​ទឹក ដែលសម្បូរ​ទៅដោយ​មេរោគ​នានា ដូចជា​គ្រុន​ពោះវៀន អាសន្ន​រោគ ព្រូន ។ល។ និងអាច​មានសារធាតុ​ពុល​ផ្សេងៗ​ទៀត។
  • សូម​ធ្វើការ​សម្អាត​លំនៅដ្ឋាន​ឱ្យល្អ​មុនពេល​ចូលស្នាក់​នៅដោយ​ ការសម្លាប់​មេរោគ ដាក់​ថ្នាំសម្លាប់​ដង្កូវទឹក ថ្នាំសម្លាប់​សត្វ ល្អិត ឬ​ថ្នាំលាង​សម្អាត​មេរោគ ទៅតាម​អនុសាសន៍​និង​គោលការណ៍​នៃការធ្វើ​អនាម័យ។
បណ្ដាំ​ផ្ដាំផ្ញើ ៖ សង្ឃឹមថា​អត្ថបទ​មួយនេះ​ជាចំណងដៃ​សម្រាប់​ប្រជាពលរដ្ឋ និងសង្គម​ជាតិខ្មែរ​ទាំងមូល​ក្នុងការ​អនុវត្ដ និង​គ្រាន់ ជាគំនិត​ថែទាំ​សុខភាព និង​ការពារ​សុវត្ថិភាព​របស់​ខ្លួន និង​អ្នក​រងគ្រោះ។ សូមឱ្យ​ប្រទេសជាតិខ្មែរ​ទាំងមូល​គេចផុត​ពីគ្រោះទឹក​ជំនន់ និង​ទទួលបាន​សេចក្ដីសុខ​ចម្រុង​ចម្រើន​រៀងតទៅ។ ហើយសូម​ប្រជាពលរដ្ឋខ្មែរ​ព្យាយាម​ថែទាំ​សុខភាព និង​សុវត្ថិភាព​របស់ខ្លួន ចៀសវាង​ជម្ងឺ​តម្កាត់ និងការ​លង់ទឹក​ដែលឈាន​ដល់ការ​បាត់បង់​ជីវិត។

វិធី​ជ្រើសរើស​សម្ភារៈ​ផ្ទះបាយ

ការ​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​ នៅក្នុង​ផ្ទះបាយ​ជារឿង​មួយដ៏​សំខាន់​សម្រាប់​ចុងភៅឬ​មេផ្ទះ​គ្រប់រូប។ ព្រោះ​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​មានសារៈ​ប្រយោជន៍​ណាស់​សម្រាប់​ គេហដ្ឋាន​នីមួយៗ​ដែល​មិនអាច​ខ្វះបាន។ សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ក៏ជា​ផ្នែកដ៏​ធំមួយ​សម្រាប់​សោភ័ណភាព​ នៃគេហដ្ឋាន រីឯការ​ជ្រើសរើស​ក៏មិនមែន​ជារឿង​ដែល​លំបាក​នោះទេ។រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​រៀបចំ​គេហដ្ឋាន នឹង​ពន្យល់​ពីវិធី​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ។
វិធី​ជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ
ជាធម្មតា​នៅក្នុង​ផ្ទះបាយ​ត្រូវតែ​មាន​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់​ទាំងអស់ មិនថា​ផ្ទះតូច​ឬក៏ផ្ទះធំ​នោះទេ ដែល​រួមមាន ៖
  • កែវ ៖ មានកែវ​គ្រប់​ប្រភេទ ដូចជា​កែវស្រា​ទៅតាម​ប្រភេទ​ស្រា កែវ​ទទួលទាន​ទឹក​សម្រាប់មនុស្ស​ធំ កូន​ក្មេង និង​កែវ សម្រាប់​ដាក់​ទឹក​ទទួល​ភ្ញៀវ។
  • ចាន ៖ មាន​ចានដាក់​បាយ ចាន​ស៊ុប ចាន​សម្រាប់​ដាក់ម្ហូប ចានដាក់​បង្អែម និង​ចានផ្សេងៗ​ជាច្រើន។
  • ស្លាប​ព្រា ៖ មាន​ស្លាបព្រា​បង្អែម ស្លាប​ព្រាបាយ មាន​សម វែក​សម្ល វែក​ឆា វែក​បាយ វែក​ស៊ុប​ជាដើម។
  • ឆ្នាំង ៖ មានឆ្នាំង​ដាំបាយ​តូច ឬ​ធំ ទៅតាម​ចំនួន​មនុស្ស។ ឆ្នាំង​សម្លតូច​ធំទៅតាម​ប្រភេទ​ឆ្នាំង ឆ្នាំង​ស៊ុប ឆ្នាំង​សម្រាប់ ធ្វើ​បង្អែម ខ្ទះ​សម្រាប់​ចៀនឆា​មានខ្ទះ​តូច​ខ្ទះធំ។
  • កាំបិត ៖ មាន​កាំបិត​តូចធំ កាំបិត​សម្រាប់​ធ្វើត្រី កាំបិត​ចិតបន្លែ កាំបិត​ចិតផ្លែ​ឈើ កាំបិត​ហាន់សាច់ជ្រូក​សាច់ត្រី មាន​ជ្រញ់​សម្រាប់​ធ្វើត្រី ហាន់​សាច់ កាត់​បន្លែ មាន​ទៅតាម​ប្រភេទ​ជ្រញ់នីមួយៗ ត្បាល់​តូចធំ។
  • កញ្ច្រែង ៖ មាន​កញ្ច្រែង​ដាក់​សាច់ត្រី សាច់ជ្រូក សម្រាប់​ដាក់បន្លែ ដាក់​ផ្លែឈើ​ប្រើ​ទៅតាម​ទំហំ​របស់​កញ្ច្រែង។
  • ទូ ៖ ទូទឹកកក ទូ​ដាក់ចាន​ឆ្នាំង ដាក់​កញ្ច្រែង ដាក់​គ្រឿងផ្សំ និង​ទូដាក់​កែវ​ជាដើម។
  • ចង្ក្រាន ៖ មាន​ចង្ក្រាន​អគ្គិសនី ចង្ក្រាន​ធ្យូង ចង្ក្រាន​អាំងសាច់​ជាដើម។
រូបភាពទស្សនាវដ្តីសុខភាពយើង
វិធី​រៀបចំ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ
ដើម្បី​ឱ្យសម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះបាយ​មាន​របៀប ងាយស្រួល​នៅក្នុង​ការ​ស្វែងរក​នៅពេល​ដែល​ត្រូវការ​យកមក​ប្រើប្រាស់ លោកអ្នក​ត្រូវតែ​មានការ​រៀបចំ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ទំហំ និង​ទីកន្លែង​ផ្ទះបាយ​របស់​លោកអ្នក។
  • ផ្ទះ​វីឡា ៖ ជាទូទៅ​ផ្ទះវីឡា​គឺមាន​ផ្ទះបាយ​ធំ​ទូលាយ​ដោយ​មាន​ជាថ្នាក់ និង​កន្លែង​ដាក់​របស់របរ​បានច្រើន។ ចាន​ឆ្នាំង ត្រូវ​រៀបចំ​ទៅតាម​លេខរៀង ដូចជា​ចាន​សម្ល ចាន​បាយ ស្លាប​ព្រា សម កាំបិត ចង្កឹះដាក់​ទៅតាម​លេខរៀង​របស់វា​ឱ្យស្អាត។ ការ​រៀបចំ​កែវទឹក​កែវស្រា​ដាក់​ជាជួរមួយៗ​ទៅតាម​លេខរៀង ដាក់​ដោយឡែក​ពីគ្នា។ ចំណែកឯ​គ្រឿងផ្សំ​ត្រូវតែ​រៀប​ទៅតាម​លំដាប់ របស់​គ្រឿងផ្សំ ហើយ​ចំពោះ​គ្រឿងផ្សំ​ត្រូវតែ​ដាក់​នៅជិត​ចង្ក្រាន​ជានិច្ច ព្រោះ​ធ្វើឱ្យ​មាន​ភាព​ងាយស្រួល​នៅក្នុង​ពេលចម្អិន​ម្ហូប។
  • ផ្ទះ​ល្វែង ៖ ជាទូទៅ​សម្រាប់ផ្ទះ​ល្វែង​មិនសូវ​ជាមាន​កន្លែង​ធំទូលាយ​ប៉ុន្មាន​នោះទេ ដូចនេះនៅពេល​ដែលទិញ​របស់​របរ ត្រូវមើល​ថា តើមាន​កន្លែង​សម្រាប់​ដាក់​គ្រប់គ្រាន់​ដែរឬ​ទេ។ ហើយ​ទូផ្ទះល្វែង​មិនត្រូវ​ទិញ​សម្ភារៈ​ធំពេក​នោះទេ។ ត្រូវ​រៀបចំ​ចានធំ ហើយ​ធ្ងន់​មិនត្រូវ​ដាក់​នៅលើ​ធ្នើរខ្ពស់​ពេកនោះ​ទេ ព្រោះ​ធ្ងន់យូរៗ​អាចធ្លាក់​បាក់បែក ដូចនេះ​ត្រូវដាក់​នៅកន្លែង​ណាដែល​អាច​ទទួល​របស់​ធ្ងន់បាន ដូចជា​នៅថ្នាក់​ខាង​ក្រោមៗ។ ការ​រៀបចំ​ផ្ទះល្វែង​ត្រូវ​រៀបចំ​ទៅតាម​លំដាប់ ដូចជា​ទូដាក់​សម្ភារៈ ទូទឹកកក ទូ​ដាក់ចាន ឆ្នាំង​ជាដើម។ ចំណែក​ឯគ្រឿង​ផ្សំ​ត្រូវរៀប​ចំដាក់​តាម​លំដាប់​ហើយ​ត្រូវដាក់​ដោយ​ឡែក ហើយ​នៅជិត​ចង្ក្រាន ចំពោះ​កែវ​ត្រូវដាក់​ក្នុង ទូ​ឬដាក់​លើតុ​ដាច់​ដោយឡែក​ពីគេ។
  • ផ្ទះ​ឈើ ៖ សម្រាប់​ផ្ទះឈើ​តូចត្រូវ​វ៉ៃដែក​គោល​សម្រាប់​ព្យួរ​ឆ្នាំងព្យួរ​របស់​របរ​ ផ្សេងៗ ទៅតាម​លេខ​រៀង ត្រូវ​រៀបចំ​ផ្ទះបាយ​ឱ្យដាច់​ដោយឡែក​ពីផ្ទះ​លោកអ្នក​រស់នៅ ហើយ​ចំពោះ​ការរៀបចំ​ក៏មិន​ខុសពី​ផ្ទះធំ​ប៉ុន្មាន​នោះ​ទេ គឺ​ត្រូវមាន​ទូធំ​ល្មម​ជាថ្នាក់ៗ ដោយ​ថ្នាក់​ទីមួយ​សម្រាប់ដាក់​កែវ ថ្នាក់​ទីពីរ​សម្រាប់​ដាក់ចាន មាន​ចានបាយ ចាន​សម្ល ចាន​ស៊ុប និង​កូនចាន​ចង្កឹះ​ជាដើម។ ចំណែក​ឯជាន់ទីបី​ត្រូវដាក់​កញ្ច្រែង​តូចធំ​ទៅតាម​លំដាប់ និង​ជាន់ទីបួន​ទុក​សម្រាប់​ដាក់ឆ្នាំង​តូចឆ្នាំង​ធំទៅតាម​លំដាប់ រីឯ​ចង្ក្រាន​មិនត្រូវ​ដាក់​ជិតជញ្ជាំង​ពេកនោះ​ទេ។ ចំណែក​ឯគ្រឿងផ្សំ​វិញត្រូវ​ដាក់​នៅជិត​កន្លែង​ធ្វើម្ហូប ដើម្បី​ឱ្យ​ងាយស្រួល​នៅក្នុង​ការ​យកមក​ប្រើប្រាស់។ រីឯ​ផ្ទះឈើ​ដែលធ្វើ​ដូចជា​លក្ខណៈ​ផ្ទះបុរាណ​លាយ​សម័យ​ហើយ​ធំទូលាយ ត្រូវ​រៀបធំ​ដូចជា​ផ្ទះវីឡា​ដែរ។
រូបភាពទស្សនាវដ្តីសុខភាពយើង
 សារៈ​ប្រយោជន៍​នៃការ​ជ្រើសរើស​សម្ភារៈ​ផ្ទះបាយ
លោកអ្នក​ត្រូវ​រៀបចំ​ទុកដាក់​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ បានស្អាត​ល្អ ហើយ​មាន​របៀប​រៀបរយ​ល្អ គឺអាច​ធ្វើឱ្យ​ផ្ទះស្អាត មាន​អនាម័យ ធ្វើឱ្យ​មាន​អារម្មណ៍​ចង់​រស់នៅ អាចធ្វើ​ឱ្យមាន​សុខភាព​ល្អ គ្រួសារ​មាន​សុភមង្គល និងអាច​ចៀសផុត​ពីការ​កើតជម្ងឺ​ផ្សេងៗ​បាន​ថែមទៀត​ផង។
ដំបូន្នាន​អ្នក​ជំនាញ
ដើម្បី​ឱ្យ​សុខភាព​ល្អ និង​ផ្ទះស្អាត​រួមទាំង​ចង់ឱ្យ​គ្រួសារ​មាន​សុភមង្គល​នោះ លោកអ្នក​ត្រូវតែចេះ​រៀបចំ​ទុកដាក់​ផ្ទះ​សម្បែង​ឱ្យបាន​ស្អាតល្អ ជាពិសេស​ផ្ទះបាយ​ឬក៏​បន្ទប់ទឹក​ត្រូវតែ​មានក្លិន​ក្រអូប​ជានិច្ច។ បើសិនជា​លោកអ្នក​មានការ​មមាញឹក និង​ការងារ​ច្រើន នៅពេល​ដែល​ទំនេរ​ពីការងារ​លោកអ្នក​គួរតែ​ឆ្លៀតពេល​ពី២០​ទៅ៣០​នាទី ដើម្បី​រៀបចំ​ផ្ទះ​លោកអ្នក​ឱ្យស្អាត។

និស្ស័យ​ពី​កំណើត

ជាធម្មជាតិ​បុគ្គល​គ្រប់រូប​តែងតែ​ ទទួលបាន​លក្ខណៈ​សម្បត្ដិ​ផ្សេងៗ​គ្នា ទាំង​សរីរាង្គ​កាយ និង​ទំនោរ​ផ្លូវចិត្ដ។ និស្ស័យ ជាពាក្យ​មួយម៉ាត់​ដែល​ប្រជាពលរដ្ឋ​យើង​និយាយ​ជា​ញឹកញាប់ ដើម្បី​សម្គាល់​ទៅលើ​ការបាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា បាន​រួមរស់​ជាមួយ​គ្នា ធ្វើអ្វីៗ​ចុះសម្រុង​គ្នា​ជាដើម។ ចុះអ្នក​ចិត្ដវិទូ លោក​បកស្រាយ​យ៉ាង​ដូចម្ដេច​ដែរអំពី​និស្ស័យ។ ហើយ​និស្ស័យ​កើតមាន​លើ​មនុស្សពីពេល​ណា និង​តាមរយៈ​អ្វី? 
រូបភាពតស្សនាវដ្ដីសុខភាពយើង
ឆ្លើយតប​នឹង​សំណួរ​ខាងលើ​លោក​សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ ឯកទេស​ចិត្ដវិទ្យា​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​បកស្រាយ​អំពី​និស្ស័យ​ជូន​ប្រិយ​​​​​មិត្ដ​អ្នកអាន​ក្នុង​ទស្សនាវដ្ដី សុខភាពយើង។
អ្វីជា​និស្ស័យ?
និស្ស័យ​ជាឫកពា​ដែលមាន​លក្ខណៈ​ខុសគ្នា​ពី​អត្ដចរិត ដែលអាច​ទទួលបាន​ពីឥទ្ធិពល​នៃការ​អប់រំ​របស់​គ្រួសារ មិត្ដភក្ដិ មជ្ឈដ្ឋាន​ជុំវិញ សាលារៀន និង​សង្គម​នៅពេល​ដែល​បុគ្គលនោះ​ដឹងក្ដី ឬធំ​ពេញវ័យ។ ឥទ្ធិពល​នេះអាច​ឱ្យគេ​ក្លាយជា​មនុស្ស​ស្លូតបូត រម្យទម សុភាព​រាបសារ ឬ​កោងកាច ព្រហើន​ច្រឡើស​បើស ខ្ជិលច្រអូស​ជាដើម។ អត្ដចរិត​កើតឡើង​លើមនុស្ស​ក្រោយ​និស្ស័យ​មួយ​ជំហាន ដែល​អត្ដចរិត​នោះគេ​អាចធ្វើ​ការ​កែប្រែ​បានតាម​របត់នៃ​ការ​រស់នៅ​ក្នុង​ មជ្ឈដ្ឋាន។ និស្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​សរីរ បេះដូង ទឹកប្រមាត់ អ័រម៉ូន​ជាដើម។ ឧទាហរណ៍​បុគ្គល​មាន​ឫកពា​ឆេវឆាវ ឆាប់ខឹង​ច្រឡោត ស្រគត់​ស្រគំ ស្ងប់​ស្ងៀម ប្រុសតែ​មាន​សារជាតិ​ដូចស្រី ឬស្រី​តែមាន​សារជាតិ​ដូចជា​ប្រុស ស្ទក់ៗ​ទុយមុយ មាន​សភាព​ស្រស់ស្រាយ ញញឹម​ប្រិមប្រិយ​ជាប់​ជានិច្ច​ជាដើម។
លោកប៉ាវ លូវ អ្នក​ប្រាជ្ញ​ផ្នែកចិត្ដ​វិទ្យា​បាន​រកឃើញ​និស្ស័យ​របស់​មនុស្ស​មាន៤​គឺ
  • មនុស្សចិត្ដ​នឹងនរ គឺគេ​មិនងាយ​ផ្លាស់ប្ដូរ​ការគិត មិនងាយ​ជឿជាក់​តាម​អ្នកដទៃ
  • មនុស្ស​ឆេវឆាវ គឺជា​បុគ្គល​ដែលឆាប់​ខឹង ឆាប់បាត់ ខ្វះ​ហេតុផល
  • មនុស្ស​មានការ​សម្រេច​ចិត្ដខ្ពស់ គឺជា​មនុស្ស​មាន​ឧត្ដមគតិ មានការ​គិត​ល្អិតល្អន់ មាន​ហេតុផល​មុន​សម្រេច​ចិត្ដ
  • មនុស្ស​ទុក្ខ​ក្រៀមក្រំ ជាមនុស្ស​ដែលមាន​ភាព​ខ្វាយខ្វល់​ច្រើន រស់នៅ​ដាច់ឆ្ងាយ​ពីអ្នកដទៃ។

  • រូបភាពតស្សនាវដ្ដីសុខភាពយើង
    និស្ស័យ​កើតឡើង​ពេលណា ដោយ​សារអ្វី? ជាការ​ពិតណាស់ និស្ស័យ​របស់​មនុស្ស​គេអាច​បណ្ដុះបាន​ចាប់ពី​ពេល​តាំងគក៌​រហូតក្មេង​ ចាប់ផ្ដើម​ដឹងក្ដី ទាំងខាង​ផ្លូវចិត្ដ ឫកពា ចំណង់​ចំណូល​ចិត្ដ​ជាដើម។ មាតាបិតា​ត្រូវត្រៀម​លក្ខណៈជាស្រេច​នូវកត្ដា​ផ្លូវចិត្ដ សេដ្ឋកិច្ច លំនៅ​ដ្ឋាន និង​សង្គម ដែលអាច​ជះឥទ្ធិពល​ដល់កូន​ក្នុងផ្ទៃ និងកូន​ដែល​កំពុង​ចាប់ផ្ដើម​វិវត្ដន៍​ផ្នែក​ស្មារតី។
    1. កត្ដា​ផ្លូវចិត្ដ ៖ ឪពុកម្ដាយ​ជាមនុស្ស​សំខាន់​ក្នុងការ​តម្រង់​និស្ស័យ​កូន(តាមរយៈ​អារម្មណ៍​ របស់​ម្ដាយ)។ មិនឈ្លោះ​គ្នា ឬគ្មាន​ភាពល្អក់​កករ បង្កភាព​ស្និទ្ធស្នាល និងការ​ថ្នាក់ថ្នម​ផ្លូវកាយ​ផ្លូវចិត្ដ និយាយ​រឿង​សប្បាយៗ ផ្ដល់​នូវភាព​កក់ក្ដៅ​រីករាយ​ឱ្យបាន​ច្រើនតាម​ដែលអាច​ធ្វើបាន។ ប្ដី​ត្រូវរក​សៀវភៅ​ផ្សេងៗ​ដូចជា​រឿង​និទាន​កុមារ ទស្សនាវដ្ដី ឬ​អត្ថបទ​អប់រំ​ល្អៗ សម្រាប់​ភរិយា​អាន ឬ​អានឱ្យ​ភរិយា និង​កូនស្ដាប់​ជារៀងរាល់​ថ្ងៃ។ លើសពី​នេះ​មាតា​គួរមើល​ទូរទស្សន៍ ឬវីដេអូ​ដែល​ផ្ដោត​សំខាន់​ទៅលើ​វីរភាព​អង់អាច ក្លាហាន​មាន​ឧត្ដមគតិ។ ទាំងនេះ​កូនអាច​មាន​សតិក្លាហាន មិន​កោងកាច មាន​ហេតុផល ឆ្លាតវៃ ឆាប់ចេះ​និយាយ កាយ​សម្បទា​រឹងប៉ឹង មាន​ទំនាក់ទំនង​ល្អរវាង​អន្ដរបុគ្គល​ជាដើម។
    2. កត្ដា​សេដ្ឋកិច្ច ៖ សំខាន់​ណាស់​សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពេលដែល​ស្ដ្រី​ពពោះ និង​ក្រោយពេល​សម្រាល។ ការ​បំប៉ន​សុខភាព​មាតា និង​ទារក ថវិកា​ត្រៀម​ត្រូវមាន​ជា​ចាំបាច់។ ត្រូវគិត​ពីរបប​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និង​កម្រិត​ប្រភេទ​អាហារ ដែលគួរ​បរិភោគ។ លើសពី​នេះចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​ក៏ជា​កត្ដា​សំខាន់ ព្រោះ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​ទារក​ក្នុងផ្ទៃ (ករណី​មិនទាន់​សម្រាល)។ របប​អាហារ និង​ការប្រើ​ឱសថ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ទៀងទាត់ ដើម្បី​តាមដាន​សុខភាព។
    3. ពាក់ព័ន្ធ​លំនៅ​ដ្ឋាន ៖ លំនៅ​ដ្ឋាន​គួរ​សម្អាត​ឱ្យបាន​ស្អាត ប្រកប​ដោយ​ផាសុកភាព ពិសេស​ត្រូវចាប់​អារម្មណ៍​ចំពោះ​បន្ទប់ដេក​គួរបិទ​រូបក្មេង​ស្អាតៗ បន្ទប់គួរ​លាបពណ៌​ពងមាន់ ពណ៌​ផ្ទៃមេឃ​ស្រាល ឬពណ៌​ស៊ីជម្ពូ​ជាដើម។ ទាំងនេះ​គឺ​រួមចំណែក​ឱ្យម្ដាយ​មាន​អារម្មណ៍​ល្អស្រស់​ថ្លា។
    4. កត្ដា​សង្គម ៖ ក្មេង​ទើបនឹង​កើត និង​មិនទាន់​ដឹងក្ដី ពុំទាន់​ឆ្លងផុត​ដំណាក់​កាលនៃ​ការពត់​និស្ស័យ​ទេ។ ដូច្នេះ​កត្ដា​ជុំ​វិញ ដែល​ក្មេងបាន​ជួប បានឮ បានឃើញ​នូវ​ឥរិយាបថ រឿង​ភាពយន្ដ សកម្មភាព​ទាំងឡាយ​របស់​មនុស្ស​ក្នុង​សង្គម។ ក្នុងនោះ​រួមទាំង​ឪពុកម្ដាយ ញាតិ​សន្ដាន និង​អ្នកដទៃ ពិសេស​អ្វីដែល​នៅក្បែរ និង​ដក់ជាប់​ក្នុង​អារម្មណ៍ ជា​ចំណែក​មួយនៃ​ការបណ្ដុះ​និស្ស័យ​របស់ក្មេង។
    ប្រការ​ចាំបាច់​គួរ​ចៀសវាង
    ថ្វីត្បិត​កូនក្នុង​ផ្ទៃ​ពុំទាន់​ឃើញ​ពន្លឺថ្ងៃ ក្មេង​ទើបកើត​ពុំអាច​ហាស្ដី ឬ​ពុំអាច​វិភាគ​អ្វីបាន ប៉ុន្ដែ​ទារក​ឬក្មេង​អាច​ទទួល​ឥទ្ធិពល គ្រប់យ៉ាង​ដែលម្ដាយ​បានជួប ឬវា​ផ្ទាល់បាន​ប្រទះ។ ដូច្នេះ​ព្រឹត្ដិការណ៍​ខ្លះដែល​មិនគួរ​ភព​ប្រសព្វ គឺ​ជម្លោះ​ផ្សេងៗ មិនគួរ​ទៅ​សួរសុខ​ទុក្ខ ឬទៅ​ទីកន្លែង​មានអ្នក​ជម្ងឺ​ធ្ងន់ធ្ងរ​ដែលអាច​ប៉ះពាល់​អារម្មណ៍ មិន​គប្បី​មើល​ហេតុការណ៍​រន្ធត់ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ជាដើម ។ មិនគួរ​មើល​ទូរទស្សន៍ ឬ​វីដេអូ​ប្រភេទ​រឿងខ្មោច រឿងធ្វើ​ទារុណកម្ម រឿងកាច​សាហាវ មានកាត់​ក្បាល ខ្វេះភ្នែក ឬរឿង ដែល​បង្ហាញពី​ការធ្វើ​ទុក្ខបុក​ម្នេញ​ពោរពេញ​ដោយការ​ឈឺចាប់ និង​ទុក្ខសោក​សៅ​នោះទេ។
    ដំបូន្មាន​អ្នកផ្ដល់​ប្រឹក្សា
    គូស្វាមី​ភរិយា​គ្រប់គ្នា​តែងតែ​ប្រាថ្នា​មានបុត្រ​ដែល​ឆ្លាតវៃ មាន​សុខភាពល្អ​ទាំងកាយ​ទាំងចិត្ដ ស្លូតបូត ស្របតាម​គន្លង​ធម៌។ ប៉ុន្ដែ​ឪពុកម្ដ្កាយ​ស្ទើរមួយ​រយភាគ​រយ​មិនសូវ​យកចិត្ដ​ទុកដាក់ ឬ​គិតគូរ​លើការ​អប់រំ​តាំងពី​ក្នុងផ្ទៃ​នោះទេ។ លុះកូន​កើតមក​ធំដឹងក្ដី​មិនឆ្លាត មិនស្ដាប់​ការ​ទូន្មាន ទើបមាន​វិប្បដិសារី។ ដូច្នេះ​អាណាព្យាបាល​គ្រប់គ្នា​ត្រូវតែ​យកចិត្ដ​ទុកដាក់ ជាពិសេស​ចំពោះ​ទារក​តាំងពី​ក្នុង ឧទរ​រហូត​ពេញវ័យ ទើបការ​បណ្ដុះ​ពូជ​ធនធាន​មនុស្សម្នាក់​មាន​សុពលភាព​ស្របតាម​ក្ដីប្រាថ្នា។

    វិធី​លម្ហែ​អារម្មណ៍

    លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​តែងតែ ​មាន​អារម្មណ៍​តានតឹង និង​មិនមាន​ភាព​សប្បាយ​រីករាយ​ដូច​លោកអ្នក​ដែលមាន​អារម្មណ៍​ស្រស់ថ្លា និង​រីករាយ​គ្រប់​ពេលវេលា​នោះទេ។ នេះ​គឺជាបញ្ហា​ចោទ​យ៉ាង​សំខាន់​ដែល​លោកអ្នក​មួយចំនួន​នោះ​មិនទាន់​បាន​ ជ្រាបច្បាស់​ពីវិធី​សាស្ដ្រ​អ្វីខ្លះ ដើម្បី​ឱ្យខ្លួន​ចៀសផុត​ពីបញ្ហា​ផ្លូវចិត្ដ​ទាំងនោះ។រូបភាពទស្សនាវដ្ដីសុខភាពយើង
    នៅពេល​នេះ ប្រិយមិត្ដ​នឹងបាន​ជ្រាប​ពីវិធី​លម្ហែ​អារម្មណ៍​ដើម្បី​បំបាត់​បញ្ហា​ ផ្លូវចិត្ដ ដែល​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ អត្ថា​ធិប្បាយ​នៅលើទំព័រ​ទស្សនាវដ្ដី សុខភាពយើង។
    ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​សំខាន់
    វិបត្ដិ​ផ្លូវចិត្ដ​នឹង​បណ្ដាល​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ស្មុគស្មាញ តានតឹង ស្ដ្រេស ពិបាក​ដោះស្រាយ ធុញថប់ និង​គិតច្រើន​ទៅលើ​រឿង​ការងារ​ក៏ដូចជា​រឿង​ក្រុមគ្រួសារ។ លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ត្រូវធ្វើ​យ៉ាងណា​ថែទាំ​សុខភាព​ផ្លូវចិត្ដ និង​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន​ស្បើយ ដើម្បី​បញ្ចៀស​ពីវិបត្ដិ​ផ្លូវចិត្ដ​ទាំងឡាយ។ ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​ដែល​សំខាន់​សម្រាប់​លោកអ្នក ហើយ​លោកអ្នក​ត្រូវដឹង និង​បាន​ស្វែងយល់​ពីការ​ថែទាំ​សុខភាព​ផ្លូវចិត្ដដោយ​ខ្លួនឯង​ទើប​អាច​ចៀសផុត ​ពីបញ្ហា​នេះបាន។ ខាងក្រោម​នេះជា​ប្រការ​ដែល​លោកអ្នក​គប្បី​ប្រតិបត្ដិ និង​មិនគួរ​ប្រតិបត្ដិ ៖
    • ប្រការ​មិនគួរ​ធ្វើ ៖ គ្រប់ប្រភេទ​នៃជម្ងឺ​ផ្លូវចិត្ដ​ទាំងអស់​ផ្ដើមចេញ​ជាអាការ ដូចជា​បណ្ដាល​ឱ្យលោកអ្នក​ឈឺក្បាល គេង មិនលក់ និង​គិតទៅ​លើបញ្ហា​ស្មុគស្មាញ​ច្រើន​ជាដើម។ ដូចនេះ​ប្រការ​ដែល​លោកអ្នក​មិនគួរ​ប្រតិបត្ដិ គឺការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ផ្ដេសផ្ដាស ព្រោះ​ថ្នាំ​ងងុយគេង​ដែល​ប្រើប្រាស់​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​អាច​ បណ្ដាល​ឱ្យ​ញៀន និង​បង្កឱ្យ​មាន​បញ្ហាសុខភាព​ថែមទៀត​ផង។ មួយ​វិញទៀត​លោកអ្នក​មួយចំនួន​នៅពេល​ដែលមាន​វិបត្ដិ​ដំណេក​ក៏ទទួលទាន​សុរា​ បន្ដិចបន្ដួច ដើម្បី​ឱ្យ​គេងលក់ ហើយ​មួយចំនួន​ទៀត​ពិបាកចិត្ដ​ខ្លាំង ពិបាក​ដោះស្រាយ​បញ្ហាក៏​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំញៀន ដើម្បី​ភាព​សប្បាយ និង​បំបាត់​អារម្មណ៍​តានតឹង។ រីឯ​លោកអ្នក​មួយចំនួន​ទៀត​នោះ​ឈានទៅ​រកការ​លេងល្បែង ប្រព្រឹត្ដ​អំពើ​ពាលា ប៉ោឡែ ដោយសារ​ការ​ពិបាកចិត្ដ និង​ធុញថប់​ទៀតផង។ ប្រការ​ទាំងនេះ​សុទ្ធតែ​ជាប្រការ​គួរ​ចៀសវាង​ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​ ផ្លូវចិត្ដ ព្រោះ​វាអាច​ជាដើម​ហេតុ​កាន់តែ​ធ្វើឱ្យ​សុខភាព​របស់លោកអ្នក​មាន​បញ្ហា​ទាំង​ ផ្លូវកាយ និង​ផ្លូវចិត្ដ។
    • ប្រការ​គួរធ្វើ ៖ នេះជា​ប្រការ​សំខាន់​សម្រាប់​លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​គួរ​ ប្រតិបត្ដិ​ក្នុងការ​ដោះស្រាយ​នូវ​អារម្មណ៍ តានតឹង ភាព​ស្មុគស្មាញ និង​បញ្ហា​ពិបាក​ដោះស្រាយ។ លោកអ្នក​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​សមស្រប និង​គ្រប់គ្រាន់ ទាំងក្នុង​នាម​ជានិស្សិត ជាមន្ដ្រី​រាជការ ជា​អ្នកជំនួញ ឬ​ជាអ្នក​ការិយាល័យ ដើម្បី​ផ្ដល់​ចំណី​អាហារ​ផ្នែក​សុខភាព​ផ្លូវចិត្ដ​ឱ្យបាន​ត្រឹមត្រូវ និង​មានភាព​រឹងមាំ។ សូម​លោកអ្នក​កុំ​ប្រើប្រាស់​ពេលវេលា​នោះ​ដោយដាក់​សម្ពាធ​ទៅលើ​ខួរក្បាល​ ច្រើនពេក។ និយាយ​ជារួម​លោកអ្នក​ត្រូវ​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​ក្នុងការ​សម្រាក​ លម្ហែកាយ និង​ចិត្ដ នៅក្នុង​ចុង​សប្ដាហ៍ ឬ​ពេលវេលា​ឈប់​សម្រាក​ណាមួយ។ លោកអ្នក​មិនត្រូវ​បិទឱកាស​ខ្លួនឯង​ក្នុងការ​សម្រាក​លម្ហែ​ខួរក្បាល​នោះទេ។ បើ​មិនមាន​ការឈប់​សម្រាក​លម្ហែ​អារម្មណ៍ បញ្ហា​សុខភាព​ផ្លូវចិត្ដ​នឹងអាច​កើតមាន​ឡើង​នៅពេល​ណាមួយ​ដែល​លោកអ្នក​ទទួល​ អារម្មណ៍​ថា​តានតឹង។
    រូបភាពទស្សនាវដ្ដីសុខភាពយើង
    វិធី​លម្ហែ​អា​រម្មណ៍
    លោកអ្នក​អាច​ជ្រើសរើស​ការ​លម្ហែ​សម្រាក​កាយ និង​ចិត្ដ តាម​វិធី​ជាច្រើន​ដែល​លោកអ្នក​ចូលចិត្ដ ដូចជា​ការ​ចំណាយ​ពេលវេលា​នៅចុង​សប្ដាហ៍ ឬ​ថ្ងៃឈប់​សម្រាក​ណាមួយ​ដើម្បី​ដើរ​លម្ហែកម្សាន្ដ​នៅតាម​រមណីយដ្ឋាន ការ​ជួបជុំ​ជជែក​ជាមួយ​មិត្ដភក្ដិ​រឿង​សប្បាយៗ ការ​ដើរ​កម្សាន្ដ ស្ទូចត្រី និង​ការដើរ​កម្សាន្ដ​នៅតាម​ទីជនបទ​ដែលមាន​បរិយាកា​សស្រស់​ស្រាយ​ ខ្យល់បរិសុទ្ធ​ពីធម្មជាតិ។ ការ​ដើរ​កម្សាន្ដ​ជាមួយ​មិត្ដភក្ដិ​ឬ​ក្រុមគ្រួសារ​នៅតាម​ចម្ការ បង្កើត​កម្មវិធី​ជប់លៀង​ក្នុង​ឱកាស​ណាមួយ​ជួប​ជាមួយ​មិត្ដភក្ដិ​ ស្និទ្ធស្នាល ជជែក​ពិភាក្សា​ឬ​ប្រាប់ពី​បញ្ហា​លំបាក​ក្នុងចិត្ដ​ជាមួយ​មិត្ដ​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ និង​ជួយ​លើក​ទឹកចិត្ដ​គ្នា​ទៅវិញ​ទៅមក។ បើសិន​ជា លោកអ្នក​មិនមាន​ពេល​ច្រើន​ក្នុងការ​ដើរ​កម្សាន្ដ​ចេញ​ទៅក្រៅ លោកអ្នក​អាច​ជ្រើសរើស​វិធីហាត់​ប្រាណ​ណាមួយ​ក៏បាន ដើម្បី​សម្រួល​ដល់​សុខភាព​រាងកាយ​ក៏ដូចជា​ផ្លូវចិត្ដ​ផងដែរ។ ការធ្វើ​លំហាត់​ប្រាណ​មាន​វិធី​ជាច្រើន ដូចជា​ការ​ដើរ រត់ រាំ ឬការ​ហាត់​កីឡាកាយ វប្បកម្ម និង​ការធ្វើ​លំហាត់ប្រាណ តាមវិធី​សម្មាធិ វិធី​យូហ្គា ឬវិធី​ហាត់​ថៃជិ នេះក៏​ជាវិធី​មួយដែល​ជួយ​កាត់បញ្ហា​ផ្លូវចិត្ដ​ផងដែរ។ វិធីសាស្ដ្រ​ដែល​ការពារ​កុំឱ្យ​មាន​បញ្ហា​ផ្លូវចិត្ដ​នេះ គឺ​អាស្រ័យ​ទៅលើ​ចំណង់​ចំណូលចិត្ដ និង​ពេលវេលា​សមស្រប​ណាមួយ​របស់​លោកអ្នក។
    ការ​លើក​ទឹកចិត្ដ
    គ្រប់ពេល​ដែល​មនុស្ស​នៅជិត​ខ្លួនមាន​បញ្ហា​ផ្លូវចិត្ដ លោកអ្នក​អាច​បញ្ចេញ​ការ​លើកទឹក​ចិត្ដ​របស់ខ្លួន​ទៅដល់​មិត្ដភក្ដិ​ឬ មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន ព្រោះនេះ​គឺកត្ដា​រួមចំណែក​មួយ​ដែលជួយ​ស្រោចស្រង់​អារម្មណ៍ និង​សុខភាព​ផ្លូវចិត្ដ​របស់​មនុស្ស​ម្នាក់។ បើសិន​ជាការ​ជ្រើសរើស​យកវិធី​លម្ហែ​អារម្មណ៍​ហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ ទៀតនោះ គឺ​ត្រូវតែ​មានការ​ជួយ​លើក​ទឹកចិត្ដ​ពីមនុស្ស​ដែល​នៅជុំវិញ​ខ្លួន ដូចជា​សហគមន៍ មិត្ដភក្ដិ ក្រុមគ្រួសារ ជាពិសេស​គឺមនុស្ស​ជាទី​ស្រឡាញ់​រាប់អាន ដើម្បី​មានអ្នក​ផ្ដល់​កម្លាំងចិត្ដ និង​លើក​ទឹកចិត្ដ។ ក្នុង​ដំណាក់​កាល​ចុងក្រោយ​នៅតែ​មិនអាច​ស្រោចស្រង់​បានទៀ​តនោះ គឺ​មានតែ​ការ​សម្រាក និង​ព្យាបាល​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ដ ទើបអាច​ជួយ​ដោះស្រាយ​បញ្ហានេះ​បាន។
    ដំបូន្មាន​អ្នក​ជំនាញ
    លោកអ្នក​ត្រូវ​បែងចែក​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​ក្នុងការ​សម្រាក​លម្ហែ​ អារម្មណ៍ រឿង​ការងារ និង​រឿង​ដទៃទៀត។ លោកអ្នក​មិនអាច​យកបញ្ហា​ទាំងនោះ​មក​លាយឡំ​គ្នា​ក្នុងពេល​តែមួយ​បាន​នោះទេ ព្រោះ​វានឹង​បណ្ដាល​ឱ្យអារម្មណ៍​របស់​លោកអ្នក​កាន់តែ​មានភាព​ស្មុគស្មាញ និង​មិនអាច​ទទួលបាន​ឱកាស​រីករាយ​នោះទេ។