អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Saturday, November 16, 2013

តាក់ស៊ី​​ឡើង​ថ្លៃ​បណ្ដើរ​ៗ ខណៈ​ភ្នំពេញ​​អំពាវនាវ​រក្សា​តម្លៃដដែល​

​បញ្ហា​តាក់ស៊ី​ឡើង​ថ្លៃ​ ពេល​បុណ្យ​ទាន​ម្ដងៗ​​ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ ខណៈ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ជូន​ដំណឹង​​ឲ្យ​មាន​ការ​រក្សា​តម្លៃ​ដឹក​ ជញ្ជូន​​អ្នក​​ដំណើរ​​ ប៉ុន្តែ​តាក់ស៊ី​ថា​​មិន​ឡើង​ថ្លៃ មិន​បាន​ព្រោះ​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ ដោយ​មាន​​មូលហេតុ​ជា​ច្រើន។

ជាក់ស្ដែង​លោក ឈុន ឡៃ អ្នក​រត់​តាក់ស៊ី​ស្ទឹងត្រង់​ ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា  លោក​បាន​ឡើង​ថ្លៃ​បន្ថែម​៥​ពាន់​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ដោយសារ​ខែ​នេះ​ទឹក​លិច​ភូមិ ហើយ​រថយន្ត​លោក​ត្រូវ​ឆ្លង​​ដ​​កន្លែង​ទឹក​លិច​ដាច់ ទៅ​មក​១០​ម៉ឺន​រៀល​បាត់​ទៅ​ហើយ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្ត​ឡើង​ថ្លៃ។
លោក​​ថា​​ ​​ស្អែក​ខាន​ស្អែក​​អាច​​នឹង​ឡើង​​ជាង​នេះ​ទៀត​ ព្រោះ​លោក​ត្រូវ​ឡើង​មក​ដឹក​ម៉ូយ​ពី​ភ្នំពេញ​ដោយ​រថយន្ត​ទទេ ដោយសារ​គ្រប់​គ្នា​ទៅ​ស្រុក​ភូមិ​ បើ​មិន​យក​ចំណេញ​ដើម្បី​ផាត់​ថ្លៃ​ប្រេង​ចេញ​វិញ​ នោះ​លោក​នឹង​រកស៊ី​ខាត​មិន​ខាន។
លោក​បាន​បន្ថែម​ថា ធ្លាប់​​ឮ​សាលារាជ​ធានី​​ហាម​ដែរ ប៉ុន្តែ​លោក​គិត​ថា ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ប្រេង​ក៏​ថ្លៃ ហើយ​ស្ទះ​ផ្លូវ​ចេញ​ពី​ភ្នំពេញ​ទៀត​ផង។
លោក គុយ សាត់ អ្នក​រត់​តាក់ស៊ី ភ្នំពេញ ស្វាយ​រៀង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ម្សិល​មិញ​តម្លៃ​មួយ​ម៉ឺន​ដដែល ​ប៉ុន្តែ​ថ្ងៃ​នេះ​តាក់ស៊ី​ទាំងអស់​នឹង​ឡើង​ថ្លៃ​រហូត​ដល់​ភ្ជុំ​តែ​ម្ដង ព្រោះ​ថ្លៃ​កំពង់​​សាឡាង​អ្នក​លឿង​ឡើង​ថ្លៃ​ខុស​​ធម្មតា​ទៅ​ហើយ​។ ​ថ្ងៃ​ធម្មតា​​​​ គាត់​ចំណាយ​​ពី​​៨​ពាន់​ទៅ​​១ម៉ឺន​២​ពាន់​រៀល​ក្នុង​ការ​ឆ្លង​សាឡាង​ ប៉ុន្តែ​ម្សិល​មិញ​នេះ​ ការ​​​ចំណាយ​ឡើង​រហូត​​​៣​​ម៉ឺន​​រៀល​​​ឯណោះ។
លោក​បាន​បន្ថែម​ថា អ្វី​ដែល​​សំខាន់គឺ​​មាន​ប៉ូលិស​យក​លុយ​ តាម​ដង​ផ្លូវ​ជាតិ​ ៣​កន្លែង​ទៀត មួយ​កន្លែង​ថ្ងៃ​ធម្មតា​ ១ពាន់​រៀល​ទេ ប៉ុន្តែ​ឥឡូវ​៥០០០ ទៅ​១ម៉ឺន​រៀល​ទើប​​បាន​យក។ សរុប​មក​ ក្នុង​មួយ​ជើង​ចំណាយ​ជិត​៥​ម៉ឺន​រៀល នេះ​មិន​ទាន់​បូក​ថ្លៃ​បេន​ឡាន និង​ថ្លៃ​ប្រេង​ដែល​ពេល​បុណ្យ​បើក​ឡើង​មក​ឡាន​ទទេ ដូច្នេះ​រឿង​មិន​ឡើង​ថ្លៃ ជៀស​មិន​រួច​ទេ។
លោក វ៉ន ពៅ ប្រធាន​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា លោក​សង្កេត​ឃើញ​​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ ពេល​​បុណ្យ​ទាន​ម្ដង​ៗកុំ​ឲ្យ​ឡើង​ថ្លៃ​​​មធ្យោបាយ​​ដឹក​​ជញ្ជូន​​ ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​នោះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​អាជ្ញាធរ​ សមត្ថកិច្ច​ គ្មាន​ចំណាត់​ការ​ច្បាស់លាស់​ ​រដ្ឋ​គ្មាន​មធ្យោបាយ​សាធារណៈ​សម្រាប់​អ្នក​ក្រីក្រ រដ្ឋ​គ្មាន​យន្តការ​ដោះស្រាយ​ជាក់លាក់​ និង​បេន​ឡាន​នីមួយ​​ៗ​គឺ​ឡើង​ថ្លៃ​មួយ​ទ្វេ​ជា​​ពីរ​។ ​ហេតុ​ផល​នេះ​ធ្វើ​ឲ្យ​ការ​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ គ្មាន​ប្រសិទ្ធភាព​។
លោក​ វ៉ន ពៅ​ក៏​បាន​អំពាវនាវ​ថា៖​ “​អ្នក​រត់​តាក់ស៊ី​ទាំងអស់​ ឲ្យ​រក្សា​ឲ្យ​បាន​នូវ​ក្រម​សីលធម៌​ ក្នុង​ការ​ប្រកប​​មុខ​​របរ​​ កុំ​ឆ្លៀត​គេង​យក​ចំណេញ ​និង​សូម​ឲ្យ​បង​ប្អូន​អ្នក​ធ្វើ​ដំណើរ​កុំ​គិត​ពី​តម្លៃ​ពេក ត្រូវ​គិត​ពី​សុវត្ថិភាព​​ជា​ចម្បង”។
ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដល់​បណ្ដា​អាជីវករ​រកស៊ី​ដឹកជញ្ជូន​អ្នក​ ដំណើរ​ទាំងអស់​ឲ្យ​រក្សា​នូវ​តម្លៃ​ដឹក​ជញ្ជូន​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ​ ជៀសវាង​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ និង​ការ​បង្ខំ​ចិត្ត​ជិះ​ប្រកប​ដោយ​គ្រោះថ្នាក់​ជាយថាហេតុ​៕

0 comments: