អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, May 31, 2013

អៃយ៉ា​! ​Coca-Cola កំប៉ុង​ថ្មី​អាច​កាច់​ចែក​គ្នា​ជា២​ បាន​​​​ទៀត! Trackback

ថ្មី ​ៗ​នេះ​ក្រុម​ហ៊ុន​ Coca-Cola ​បាន​បង្កើត​គំនិត​ថ្មី​ទាក់​ទង​នឹង​កំប៉ុង​របស់​ខ្លួន​។ បើ​អ្នក​ញ៉ាំ​ Coca-Cola​ កំប៉ុង​ ហើយ​ចង់​ចែក​រំលែក​ជាមួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ ឬ​មិត្ត​ភក្តិ​ អ្នក​ប្រហែល​ជា​មិន​​ពិបាក​ព្រោះ​អ្នក​មាន​តែ​មួយ​កំប៉ុង​​ដួច​មុន​ទៀត​ទេ។ ពេល​នេះ​អ្នក​​អាច​ចែក​រំលែក​ Coca-Cola​ កំប៉ុង​ជាមួយ​មិត្ត​ភក្តិ​បាន​យ៉ាង​ងាយ​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ Coca-Cola​ បាន​បង្កើត​កំប៉ុង​ថ្មី​គឺ ​អាច​កាច់​ជា​២​បាន​​គ្រាន់​តែ​មួល​បន្តិច​ប៉ុណ្ណោះ។
គំនិត​ច្នៃ​ប្រឌិត​ ខាង​លើ​​គឺ​ជា​ គំនិត​ដើម​របស់​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ Ogilvy & Mather ​ដែល​​មាន​ការិយាល័យ​​នៅសិង្ហបុរី និង​បារាំង។ ​ក្រុមហ៊ុន​នេះ​ចង់​បង្កើត​ឡើង​នៅ​អ្វី​ដែល​ថ្មី​ និង​អាច​ទៅ​រួច។ ​ទោះ​​ជា​យ៉ាង​ណា​ ក្រុមហ៊ុន​ Coca-Cola ​​មិន​បាន​បញ្ជាក់​ថា ​នោះ​គឺ​ជា​គម្រោង​ផលិតផល​ពិត​របស់​ខ្លួន​ឬ​ យ៉ាង​ណា​ទេ។
ខាង​ក្រោម​ នេះ​ អ្នក​នឹង​បាន​ឃើញ​កំប៉ុង​ដ៏​វ័យ​ឆ្លាត​ថ្មី​របស់​ Coca-Cola​ ដែល​អ្នក​អាច​ញ៉ាំ​បាន​២​នាក់​ ក្នុង​កំប៉ុង​តែ​មួយ។ ចង់​ដឹង​ ចុច​លើ​វីដេអូ​ខាង​ក្រោម​ ដើម្បី​ដឹង​កាន់​តែ​ច្បាស់​៖
ចុះ​អ្នក​ចង់​ឲ្យ​ក្រុមហ៊ុន​ Coca-Cola ផលិត​កំប៉ុង​ថ្មី​នេះ​ដែរ​ឬ​អត់?

កុមារ​ពិការ​កម្ពុជាត្រូវ​បានលើក​ទឹក​ចិត្ត​​ពី​​លោក​ Nick Vujicic Trackback

កុមារកម្ពុជាមួយ ​រូបដែល​ពិការ​ដៃ​ជើង​​បាន​​ទទួល​ការ​គាំ​ទ្រ និង​លើក​ទឺក​ចិត្ត​​​ដោយ​ផ្ទាល់​ ពី​​វាគ្មិន​​ពិការ​ដៃជើង​ដ៏​ល្បី​ល្បាយ​ទូទាំង​ពិភពលោក ​គឺ​​លោក​ Nick Vujicic។ ​នេះ​បើតាម​រយៈ​រូប​ភាព​មួយ​សន្លឹក​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​បណ្ដាញ​សង្គម Facebook កាល​ពី​ព្រឹក​មិញ។
​កុមារី​​ ស៊ិន ស្រីហង់ បច្ចុប្បន្ន​កំពុង​រៀន​ថ្នាក់​ទី៤​ និង​ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​រាល់​ខែ​ រស់​នៅ​ឯ​ខេត្ត​បាត់​ដំបង។
បើ ​យោង​តាម​គណនី​ khmer Author chanbo keo នៅ​លើ​ Facebook កុមារី​អភព្វ​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​១០ ខែ​មករា​ ឆ្នាំ​២០០២​ នៅ​ភូមិ​ ស៊ុង​១​ ឃុំ​ស៊ុង​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង។ ​តែ​ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា​លោក​ Nick Vujicic និង​កុមារី  ស៊ិន​ ស្រីហង់​ ជួប​គ្នា​កាល​ពី​ពេល​ណា​ ឬ​នៅ​កន្លែង​ណា​នោះ​ទេ។
កុមារី  ស៊ិន​ ស្រីហង់​​ ជា​កូន​ស្រី​ទី​២​ ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់​ របស់​លោក​ ខឹម​ ផល្លា​ អាយុ​៥១​ ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ ឈិន​ ឈុនលី​ អាយុ​៤៨​ឆ្នាំ​ មាន​មុខ​របរ​ជា​កសិករ។
​កាល​ពី​សប្ដាហ៍​មុន​លោក​​ Nick Vujicic​ បាន​​ធ្វើ​ឲ្យ​​​​ព្រឹត្តិការណ៍​​មួយ​​នៅ​កោះ​ពេជ្រ​ ក្លាយ​ជា​​ព្រឹត្តិការណ៍​ដ៏​វិសេស​វិសាល​ និង​មិន​អាច​បំភ្លេច​បាន​​សម្រាប់​អ្នក​ចូល​រួម​ ព្រោះ​លោក​បាន​ផ្តល់​នូវ​ទស្សនៈ​ និង​គន្លឹះ​ល្អ​ៗ​ជាច្រើន​ដល់​យុវជន​កម្ពុជា៕

Wednesday, May 29, 2013

វត្ត​បូព៌​អាយុ​ជិត​ ៣០០​ឆ្នាំ​​​​ Trackback

ស្ថិត​ក្នុង​ទឹក​ដី​​​​ខេត្ត​សៀមរាប ​​​មើល​ជញ្ជាំង​ខាង​ក្រៅ​ នៃ​​​​​ព្រះ​វិហារ​វត្ត​បូព៌​​​​ មាន​សភាព​ទ្រុឌទ្រោម​​​បន្តិច​ ដោយ​សារ​តែ​​​​ព្រះវិហារ​មួយ​នេះ ​មាន​អាយុ​កាល​ជិត​ ៣០០​ឆ្នាំ​ទៅ​ហើយ​។ ទោះ​ជា​យ៉ាង​​នេះ​ក្ដី ​​​​ទាំង​​ភ្ញៀវទេសចរ​​ជាតិ​ និង​អន្តរជាតិ​ ​មិន​ដែល​​​រំលង​​ព្រះវិហារ​នេះ​ឡើយ​ ពោល​គឺ​គេ​​ចូល​​​ទស្សនាមិនលស់​ថ្ងៃ​ទេ។
ព្រះវិហារ សាលាឆាន់ វត្ត​បូព៌​ បាន​កសាង​ឡើង​ក្នុង​កំឡុង​សតវត្ស​ទី​១៩។​ ​​ផ្នែក​ខ្លះ​នៃ​ព្រះវិហារ​​​បាន​ប្រេះ​​បែក ​និង​ទ្រុឌ​ទ្រោម​ជាច្រើនកន្លែង ហើយ​ចេតិយ​មួយ​ចំនួន​ក្នុងវត្តក៏​មាន​អាយុ​ប្រហាក់​ប្រហែល​នឹង​ព្រះវិហារដែរ ​ហើយ​មាន​​​​ចេតិយ​ខ្លះ​បាក់​បែក​កំពូល​អស់​នៅ​សល់​តែ​ខឿន​​ប៉ុណ្ណោះ។
វត្ត​បូព៌​​ មាន​ទីតាំង​នៅ​ទិស​​ខាង​កើត​​ ​នៃ​ស្ទឹង​សៀម​រាប​ ស្ថិត​តាម​បណ្ដោយ​​​ផ្លូវ​សម្តេច​ទេព​វង្ស។
ព្រះវិហារវត្តបូព៌

សាលាឆាន់ វត្តបូព៌

ចង់​ប្រើ Khmer Unicode លើ Photoshop មានអី​ពិបាក! Trackback

កន្លង ​ទៅ​នេះ មាន​ប្រិយមិត្ត​ជា​ច្រើន​មាន​ចម្ងល់​ និង​បាន​សាកសួរ​ជុំវិញ​ការ​ប្រើអក្សរ​ខ្មែរ Khmer Unicode នៅ​លើ Photoshop។ ជា​ការ​ការ​ឆ្លើយតប​តាម​សំណូម​ពរ​ ដូច្នេះ​នៅ​ទំព័រ​នេះ​ Sabay នឹង​លើ​ក​ពី​វិធីសាស្រ្ត​ក្នុង​ការ​​ប្រើប្រាស់​ពុម្ព​អក្សរ Khmer Unicode ទៅ​លើ​កម្មវិធី Photoshop មក​ធ្វើ​ការ​បង្ហាញ​ជូន​ដូច​ត​ទៅ។
ដើម្បី ​វាយ Khmer Unicode នៅ​លើ Photoshop ពេញ​ដៃ​ពេញ​ជើង ត្រូវ​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​ចាប់​ផ្ដើម​ដោយ KH ឬ Nida ជា​មុន​សិន។
តែ​ប្រសិន​ពុំ​ទាន់​មាន​ទេ ប្រិយមិត្ត​អាច​ទាញ​យក​បាន​ក្នុង​ទំហំ​ត្រឹមតែ 4.48MB ប៉ុណ្ណោះ។ ដើម្បី​ទាញ​យក សូមចុច​ត្រង់​នេះ
+ របៀប​ដំឡើង៖
  • - ក្រោយ​ពី​ទាញ​យក​រួច ត្រូវ​ដំឡើង font ទាំង​នោះ​ដោយ​ចុច mouse ស្ដាំ​រួច​រើស​យក​ពាក្យ​ថា Install ឬ​មាន​វិធី​ម្យ៉ាង​ទៀត​ដោយ​ចម្លង (copy) ឯកសារ (font) ទាំង​អស់​​នោះ​ទៅ​ទុក​ក្នុង “C:\Windows\Fonts”។
  • - បន្ទាប់​ពី​បាន​ធ្វើ​តាម​ជំហាន​ខាង​លើ​ហើយ សូម​បើក​កម្មវិធី Photoshop ឡើង រួច​សាកល្បង​វាយ​បញ្ចូល​អក្សរ​ដោយ​រើស​យក​ឈ្មោះ font ដែល​បាន​ដំឡើង​នោះ។
  • ដោយ​ឡែក​សម្រាប់​កម្មវិធី Adobe Photoshop CS 6 វិញ​ពុំ​ចាំបាច់​ធ្វើ​ដូច្នោះ​ឡើយ គឺ​​គ្រាន់​តែ​ចុច​ទៅ​លើ​​ម៉ឺនុយ Edit -> Preference -> Type រួច​ជ្រើស​យក Middle Eastern ជំនួស​ឱ្យ East Asian វិញជា​ការ​ស្រេច​។
ប្រិយមិត្ត​អាច​សាកល្បង​ តើ​ជោគជ័យ​ដែរ​ឬ​យ៉ាង​ណា? បើ​មិនជោគជ័យ​ អាច​សាកសួរ​មក​ Sabay បន្ថែម​ទៀត។
នៅ​មាន​គន្លឹះ​ខ្លីៗ​ទាក់ទង​នឹង​ការប្រើប្រាស់​កុំព្យូទ័រ ក៏​ដូច​ជា​ទូរសព្ទ​ជា​ច្រើន​ទៀត ចុច​ត្រង់​នេះ​ ដើម្បីស្វែង​យល់បន្ថែម​ទៀត …

ដឹង​ទេ​ស្ថាបនិក Yahoo! ជា​ជន​ជាតិ​អ្វី? Trackback

ក្រុមហ៊ុន ​ល្បីៗ​លើ​​ពិភព​លោក ភាគ​ច្រើន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស្បែក​ស​ដូចជា​អាមេរិក និង​អឺរ៉ុប​​ និង​មិន​សូវ​មាន​ជន​ជាតិ​អាស៊ី​ស្បែក​លឿង​នោះទេ។ ចុះ​ចំណែក Yahoo វិញ​មាន​ស្ថាបនិក​ជា​ជនជាតិ​អ្វី​ដែរ? ចម្ងល់​​​នេះ​​​នឹង​លាត​ត្រដាង​ជូន​ប្រិយមិត្ត​​ឲ្យ​ដឹង​​តាម Sabay ដូច​ខាង​ក្រោម៖
ពាក់​វ៉ែនតា ​ក្នុង​ទឹក​មុខ​ញញឹម​​ស្រស់​ស្រាយ​ លោក Jerry Yang ជា​ជនជាតិ​​អាមេរិក​ ប៉ុន្តែ​ដើម​កំណើត​តៃវ៉ាន់។ លោក​កើត​នៅ​ថ្ងៃ​ទី៦ ខែ វិច្ឆិកា ឆ្នាំ​១៩៦៨។ បុរស​អាយុ ៤៤ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​ជំនួញ​លើ​ប្រព័ន្ធ Internet និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Yahoo ផង​ដែរ។
រូប​លោក​ និង​ដៃគូ​ស្ថាបនិក​របស់​លោកគឺ David Filo (បច្ចុប្បន្ន​ជា​ប្រធាន Yahoo) បាន​បង្កើត Yahoo! នៅ​​​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៩៥
ជីវិត និង ការសិក្សា៖
Yang កើត​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ១៩៦៨។ ពេល​មាន​អាយុ ១០ឆ្នាំ​ លោក​បាន​ផ្លាស់​ទៅរស់​នៅ​ក្នុង​ទី​ក្រុង​​ San Jose រដ្ឋ California ជា​មួយ​ម្ដាយ និង​ប្អូន​ប្រុស​របស់​លោក។ នៅ​អាមេរិក​ដំបូង​ ​លោក​ចេះ​តែ​ពាក្យ​អង់គ្លេស​មួយ​ម៉ាត់​គត់​រហូត​ដល់​រយៈ​ពេល ៣ឆ្នាំ​​ ទើប​ភាសា​អង់គ្លេស​របស់​លោកអាច​​និយាយ​បាន​ស្ទាត់​ជំនាញ រួច​គាត់​បាន​ផ្លាស់​ទៅ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​ជាន់​ខ្ពស់ Advance Placement ។
​លោក​បាន​បញ្ចប់​អនុវិទ្យាល័យ Sierranmont , ​វិទ្យាល័យ Piedmont Hills បន្ទាប់​មក​​រៀន​បរិញ្ញាបត្រ និង​អនុបណ្ឌិត​​ផ្នែក​វិស្វករ​អគ្គិសនី​នៃ​សាកលវិទ្យាល័យ Stanford។
ការងារ
ខណៈ​ពេល​រៀន​នៅ Stanford លោក Yang និង David Filo បាន​បង្កើត​គេហទំព័រ Internet មួយ​ឈ្មោះ Jerry and Dave’s Guide ទៅ​កាន់ WWW ក្នុង ​ឆ្នាំ​១៩៩៤។ ក្រោយ​មក​​បាន​ដាក់​ឈ្មោះ Yahoo! ក្នុង​ឆ្នាំ​១៩៩៥ ​​ភាព​ល្បីល្បាញ​របស់​ Yahoo! ក៏​ចាប់​ផ្ដើម​​មាន​តាំង​ពី​ពេល​នោះ​មក។
ដំណែង CEO របស់ Yahoo!
លោក Yang បាន​ធ្វើ​ជា​នាយក​ប្រតិបត្តិ (CEO) របស់ Yahoo! ក្នុង​ចន្លោះ​ខែមិថុនា ឆ្នាំ​២០០៧ ដល់​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​​គាត់​ត្រូវ​វិនិយោគិន​​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​​ការ​ មិន​បង្កើន​ប្រាក់​ចំណូល និង​តម្លៃ​ភាគហ៊ុន។ Yahoo! បាន​តែង​តាំង​លោក​ស្រី Carol Bartz ជា CEO ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០០៩។ ប្រាំ​ថ្ងៃ​ក្រោយ​មក​លោក Yang បាន​ប្រកាស​​លាលែង​​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០០៩។ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​​ក្រុមប្រឹក្សា​នាយក​របស់​ក្រុមហ៊ុន​លក់​ឧបករណ៍ Network CISCO ផង​ដែរ ​តែ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលានោះ​ទេ។
បន្ត​តាមដាន ជីវប្រវត្តិ​សង្ខេប​​របស់​បុគ្គល​បច្ចេកវិទ្យា​អន្តរជាតិ ​ស្នាដៃ​បុគ្គល​បច្ចេកវិទ្យា​ក្នុង​ស្រុក និង​ស្ថាប័ន​ល្បីៗ​ដទៃ​ទៀត

វត្តមាន​កម្ពុជា​ ក្នុង​នាម​ជា​សមាជិក​សហភាព​ទូរគមនាគមន៍​អន្តរជាតិ Trackback

កម្ពុជា​ដែល​ជា​សមាជិក​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) ទើប​តែ​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី ១៤៨ នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ និង​ទិវា​ពិភពលោក​សង្គម​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍ ១៧ ឧសភា កាលពី​ពេល​ថ្មីៗ​នេះ។
តើ ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​មាន​ប្រវត្តិ​កកើត​ឡើង​បែ​បណា ហើយ​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​របស់​សហភាព​នេះ​យ៉ាង​ដូចម្ដេច? សូម​បន្ត​តាម​ដាន​ប្រវត្តិ ដែល​ Sabay បង្ហាញ​ដូច​ខាង​ក្រោម​នេះ។
កើត​ដំបូង​មាន​តែ​ ២០ ប្រទេស​ប៉ុណ្ណោះ​ជា​សមាជិក
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ International Telecommunication Union (ITU) គឺ​ជា​ភ្នាក់ងារ​ពិសេស​មួយ​ឈាន​មុខ​គេ​របស់​អង្គការ​សហប្រជាជាតិ UN ដែល​ទទួលខុសត្រូវ​លើ​កិច្ចការ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (ICT)។
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ (ITU) បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ១៨៦៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​សមាជិក​ដំបូង​មាន​ចំនួន​ត្រឹម​តែ ២០ ប្រទេស​ប៉ុណ្ណោះ និង​មាន​ឈ្មោះ​ពេញ​ហៅថា «សហភាព​ទូរលេខ​អន្តរជាតិ (International Telegraph Union)។
ចាប់​តាំង​ពី​ឆ្នាំ១៩៣២ ត​រៀង​មក ទី​ភ្នាក់ងារ​នេះ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (International Telecommunication Union) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស និង​មាន​ការិយាល័យ​តំណាង​ចំនួន៥ ប្រចាំ​តាម​តំបន់​នៅ​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះ​រួមមាន៖
១. តំបន់​អាហ្វ្រិក (នៅ​ទីក្រុង Addis Ababa, ប្រទេស​អេត្យូពី)
២. តំបន់​អាមេរិក (នៅ​ទីក្រុង Brasilia, ប្រទេស​ប្រេស៊ីល)
៣.តំបន់​អារ៉ាប់​ (នៅ​ទីក្រុង Cairo, ប្រទេស​អេហ្ស៊ីប)
៤. តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (នៅ​ទីក្រុង​បាងកក, ប្រទេស​ថៃឡង់ដ៍)
៥.តំបន់​អឺរុប​និង​បណ្តា​រដ្ឋឯករាជ្យ Commonweal ”CIS”(នៅ​ទីក្រុង​ម៉ូស្គូ, ប្រទេស​រុស្ស៊ី)
ការ​ពង្រីក​វិសាលភាព​ និង​ការ​បង្កើនចំនួន​សមាជិក
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ (ITU) មាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់​ឥត​ឈប់ឈរ ដោយ​បច្ចុប្បន្ន ភ្នាក់ងារ​នេះ​មាន​សមាជិក រួមមាន​រដ្ឋ​ជា​សមាជិក​​ចំនួន​១៩៣​ប្រទេស​​​​ និង​ផ្នែកឯកជន​ចំនួន​ជាង​៧០០​ស្ថាប័ន ។
សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បាន​ដើរតួ​នាទី​យ៉ាង​​សកម្ម​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​សាកល រវាង​រដ្ឋាភិបាល​និង​ផ្នែក​ឯក​ជន​លើ​ការ​អភិវឌ្ឍ​បណ្ដាញ​និង​សេវា​​ដោយ​ឈរ​ លើ​ចក្ខុវិស័យ​របស់​ខ្លួន​គឺ​«ប្ដេជ្ញា​តភ្ជាប់​ទំនាក់​ទំនង​ពិភពលោក​ ទាំងមូល» ។
រចនា​សម្ព័ន្ធ​របស់ ITU រួមមាន​អង្គភាព​ស្នូល​ចំនួន​៣ ​គឺ ៖
១.​ការិយាល័យ​វិទ្យុ​គមនាគមន៍ (ITU-R)
២.ការិយាល័យ​ស្តង់ដារនីយកម្ម​ទូរគមនាគមន៍ ​(​ITU-T)
៣.ការិយាល័យ​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (ITU-D)
វត្តមាន​កម្ពុជា ជា​សមាជិក​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ
ព្រះរាជាណាចក្រ ​កម្ពុជា បាន​ចូល​ជា​សមាជិក​​ពេញ​សិទ្ធិ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ITU នេះ​នៅ​ថ្ងៃ​ទី​១០ ​ខែ​មេសា ឆ្នាំ១៩៥២។ កម្ពុជា​បាន​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ឋានៈ​ជា​រដ្ឋ​សមាជិក​បាន​យ៉ាងសកម្ម។ ជាក់ស្ដែង​កាល​ពី​ដើមខែ​ឧសភា​កន្លង​ទៅ​ថ្មី​នេះៗ កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកប​ដោយ​ជោគជ័យ​កិច្ច​ប្រជុំ​ត្រៀម​ ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​សន្និសីទ​ពិភពលោក​ WTDC-14 នៅ​ប្រទេស​អេហ្ស៊ីបឆ្នាំក្រោយ។ ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​ក្នុងរយៈ​កាល ២០ឆ្នាំ (១៩៩៣​ដល់​ឆ្នាំ២០១៣) ITU បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទាំង​​ ស្មារតី​និង​សម្ភារៈ ក្នុង​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស, ជំនួយ​ផ្នែក​បច្ចេកទេស រួម​ទាំង​ការ​ជួយ​រៀប​ចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ ICT ផង​ដែរ ។
អត្ថន័យ​នៃ​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍ ១៧ ឧសភា
ក្នុង ​ខែ​វិច្ឆិកា​ឆ្នាំ២០០៥ កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ស្តី​ពី​សង្គម​ព័ត៌មាន​ (WSIS) បាន​ដាក់​សំណើ​​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រកាស​យក​ថ្ងៃ១៧ ឧសភា នៅ​រៀងរាល់​ឆ្នាំ​ជា​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍​ចំ​ថ្ងៃ​ចុះ​ហត្ថ​លេខា​លើក​ដំបូង​លើ​អនុសញ្ញា​តេឡេក្រាម​ អន្តរជាតិ និង​ការ​ចាប់​បដិសន្ធិ​របស់​សហភាព​​ទូរគមនាគមន៍​​អន្តរជាតិ (ITU) ១៧ ឧសភា ១៨៦៥​ តែ​ម្តង ។
មួយ​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ២០០៦ នា​ទីក្រុង​ Antalya ប្រទេស​ទួកគី សន្និសីទ​កំពូល​របស់ ITU​ បាន​អនុម័ត​សម្រេច​យក​ថ្ងៃ​ទី១៧ ខែ​ឧសភា នៅ​រៀង​រាល់​ឆ្នាំ​ជា​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍ ។
គោលបំណង ​នៃ​ទិវា​នេះ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់ដឹង​នូវ​លទ្ធភាព​ដែល​ថា ការ​ប្រើ​​ប្រាស់​អ៊ីនធឺណិត​និង​ព័ត៌មាន​ផ្សេង​ទៀត​មាន​ជា​អាទិ ​ប​ច្ចេ​ក​វិទ្យា​គមនាគមន៍​​និង​ព័ត៌មាន​អាច​ជួយ​ដល់​សង្គម​និង​សេដ្ឋកិច្ច​ ក៏​ដូច​ជា​វិធី​មួយ​ដើម្បី​កាត់​បន្ថយ​​គម្លាត​ឌីជីថល។ ជាក់ស្ដែង​ទិវា​ពិភព​លោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍​ឆ្នាំ​នេះ គឺ​ស្ថិត​ក្រោម​ប្រធាន​​បទ«ប​ច្ចេ​ក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក»។
ប្រធានបទ ​នេះ​បាន​រំលេច​យ៉ាង​ច្បាស់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​ គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ សុវត្ថិភាព​ចរាចរណ៍។ តាម​រយៈ​ការ​ប្រារព្ធ​ទិវា​ពិភព​លោក​សង្គម​ព័ត៌មាន​​និង​ទូរគមនាគមន៍ ១៧ ឧសភា បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​​ដឹង​ដល់​សាធារណជន ពិសេស​អ្នកប្រើប្រាស់​ផ្លូ​វថ្នល់​ទាំងអស់​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ សារ​ការ​បាត់​ម្ចាស់​ការ​កើត​ចេញពី​ឥរិយាបថ​ខុស​ឆ្គង​របស់​អ្នក​បើក​បរ ដោយ​ប្រើប្រាស់​រាល់​ឧបករណ៍ ICT ដូចជា​ទូរសព្ទដៃ ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ជា​ដើម៕
ដើម្បី​បន្ត​អាន​ប្រវត្តិ​ស្ថាប័ន​បច្ចេកវិទ្យា​ផ្សេង​ទៀត សូម​ចុចត្រង់នេះ

Tuesday, May 7, 2013

Pacquiao កំណត់​​ថ្ងៃ​ចូល​សង្វៀន​ជា​ថ្មី Trackback

Manny Pacquiao នឹង​វិល​មក​កាន់​សង្វៀន​ប្រដាល់​ សាជាថ្មី​ ដោយ​ប៉ះ​ជា​មួយ​អ្នក​ប្រដាល់​មក​ពី​អាមេរិក Brandon Rios នៅ​ទីក្រុង​ម៉ាកាវ នា​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣​ខាង​មុខ​នេះ។
Pacquiao ក្នុង​ជំនួប​ទល់​នឹង Marquez កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១២
ជំនួប​នេះ​នឹង​ក្លាយ​ជា​ប្រកួត​លើក​ទី​១​សម្រាប់ Pacquiao ចាប់​តាំង​ពី​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​រូប​នេះ ត្រូវ​ Juan Manuel Marquez វាយ​ឲ្យ​សន្លប់​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ។ ក្រោយ​ចាញ់​អ្នក​ប្រដាល់​ម៉ិកស៊ិក​រូប​នោះ​មក មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ បាន​លើក​ឡើង​ថា​ Pacquiao អាច​នឹង​ចូល​និវត្តន៍​ពី​សង្វៀន​ប្រដាល់។
យ៉ាង ​ណា​ក្ដី អ្នក​ប្រដាល់​ប្រឡូក​ក្នុង​ឆាក​នយោបាយ វ័យ​៣៤ឆ្នាំ បាន​បដិសេធ​ចោល​នូវ​ពាក្យ​អេចអូច​ទាំង​អស់​នោះ ហើយ​នឹង​ឡើង​រេញ​ជា​ថ្មី​នៅ​ Cotai Arena ក្នុង​ទីក្រុង​ម៉ាកាវ។ វា​នឹង​ក្លាយ​ជា​ជំនួប​ក្រៅ​សហរដ្ឋ​អាមេរិក​លើក​ដំបូង​របស់​អ្នក​ប្រដាល់​ ហ្វីលីពីន​រូប​នេះ គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៦​មក។
នា ​ពេល​កន្លង​មក​ មាន​ការ​លើក​ឡើង​ជា​ច្រើន​ពី​ជំនួប​រវាង​ Pacquiao និង Mayweather ប៉ុន្តែ​ក្រោយ​​​ចាញ់​២​លើក​ជាប់​គ្នា​រួច​មក​ បាន​ធ្វើ​ឲ្យ​ជំនូប​រវាង​ម្ចាស់​ខ្សែ​ក្រវាត់​៨ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ នេះ ជាមួយ​អ្នក​ប្រដាល់​អាមេរិក​មិន​ដែល​ចាញ់ Floyd Mayweather ហាក់​ដូច​ជា​មិន​អាច​កើត​ឡើង​នោះ​ទេ។
Brandon Rios (ស្ដាំ) ពេល​ប្រកួត​ជាមួយ Mike Alvarado កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៣
អ្នក​ប្រដាល់​សំណព្វ​ចិត្ត​ក្នុង​ទ្វីប​អាស៊ី​ដែល​មាន​រហស្សនាម​ថា Pac Man មាន​កំណត់ត្រា​ប្រកួត ៦១ដង ដោយ​ឈ្នះ​៥៤ ស្មើ​២ និង​ចាញ់៥ ក្នុង​នោះ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៨ដង ខណៈ​អ្នក​ប្រដាល់​វ័យ​២៧ឆ្នាំ​ Brandon Rios មាន​កំណត់ត្រា​ឈ្នះ ៣១ ស្មើ​១ ចាញ់​១ និង​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ ២៣ដង។
តើ​ Pac Man អាច​ស្ដារ​កេរ្តិ៍ឈ្មោះ​ពី​ការ​ប្រកួត​នេះ បាន​វិញ​ឬ​យ៉ាង​ណា?
សូម​មើល​វីដេអូ​ទាក់ទង​នឹង Manny Pacquiao ដូច​ខាង​ក្រោម​នេះ៖

កែវ រំចង់ ទៅ​វ៉ៃ​នៅ​ថៃ​ចុង​សប្ដាហ៍​​នេះTrackback

អ្នក​ប្រដាល់​​លំដាប់​ខ្លាំង​របស់​កម្ពុជា កែវ រំចង់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​​អាទិត្យ​​ចុង​សប្ដាហ៍​នេះ​ដើម្បី​ចូល​រួម​ប្រកួត​កម្មវិធី​ដ៏​ធំ Thai Fight ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ថៃ​​។
លោក កែវ សំអាង ​ជា​ឪពុក​និង​គ្រូ​បង្វឹក​របស់​ កែវ រំចង់ ឲ្យ​ Sabay ដឹង ​ថា​ការ​ចេញ​ដំណើរ​​​គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ឧសភា ​ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ចន្ទ​ទី​១៣​ឧសភា។ លោក ថា​ការ​ប្រកួត​​ក្នុង​​កម្មវិធី​នោះ ​​​មួយ​ប្រកួត​មាន​៣​ទឹក។ ​បើ កែវ រំចង់ ឈ្នះ​វគ្គ​ដំបូង​នឹង​បន្ត​វាយ​វគ្គ​បន្ទាប់​ទៀត ពោល​​អ្នក​ឈ្នះ​ឡើង​ប៉ះ​អ្នក​ឈ្នះ​រហូត​រក​​​ឃើញ​​ជើង​ឯក​ក្នុង​ថ្ងៃ​តែ​មួយ ​នោះ​តែ​ម្ដង។ ​បើ​ រំចង់ គេ​អាច​​ឈ្នះ​ជើង​ឯក​នៅ​ថ្ងៃ​ដំបូង​នោះ​​​ គេ​នឹង​មិន​ទាន់​ត្រលប់​វិញ​ភ្លាម​ទេ គឺ​ត្រូវ​នៅ​​វាយ​ផ្ដាច់ព្រ័ត្រ​​​ទៀត​ ហើយ​​កម្មវិធី​ចប់​ថ្ងៃ​ទី​១៧​ឧសភា ​ឯណោះ។
ជំនួប​​អន្តរជាតិ​ក្នុង​​ស្រុក កែវ រំចង់ ​តែង​តែ​ធ្វើ​បាន​ល្អ​បំពេញ​ចិត្ត​អ្នក​គាំទ្រ​ជា​និច្ច ដូច​ជា​​ការ​បញ្ឈប់​ជើង​ខ្លាំង​ប្រេស៊ីល​ Adayton ​​នៅ​កម្មវិធី Khmer Fighter ​​ត្រឹម ​ទឹក​ទី​៣​ ​កាល​ពី​ជាង​១០​ថ្ងៃ​មុន​ជា​ដើម។ ​យ៉ាង​ណា​ក្ដី​លោក សំអាង ​​លម្អិត​​ថា​​ កែវ រំចង់ មិន​ធ្លាប់​ទៅ​ប្រកួត​នៅ​ថៃ​ទេ តែ​បើ​នៅ​អឺរ៉ុប​គឺ​ធ្លាប់​ ហើយ​ថែម​ទាំង​​​ឈ្នះ​ខ្សែ​ក្រវាត់​ផង។​ ថ្វី​បើ​​ ​រំចង់ ​មិន​ដែល​ទៅ​វ៉ៃ​នៅ​ថៃ​​ ​តែ​​បើ​វ៉ៃ​ជាមួយ​ថៃ​នៅ​ខ្មែរ​​គឺ​មាន​ជា​រឿយ​ៗ​​​។ ​លោក ​កែវ សំអាង ពិពណ៌នា​​ទៀត​ថា៖​ “​ខ្ញុំ ​មិន​ហ៊ាន​ថា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទុក​មុន​ទេ​ព្រោះ​ទៅ​ថៃ​​នេះ កម្មវិធី​គេ​​​ដាក់​សុទ្ធ​តែ​​កីឡាករ​​លំដាប់​​ៗ​​ប្រចាំ​​ប្រទេស ​ហើយ​ក្រៅ​ពី​កីឡាករ​ថៃ នៅ​​មាន​មក​ពី​ អឺរ៉ុប អាមេរិក​ខាង​​ត្បូង​អីចឹង​ទៅ​។ ​ខ្លាំង​ប៉ះ​ខ្លាំង ដូច្នេះ​លទ្ធផល​នឹង​ពឹង​លើ​ការ​​​តាំង​ចិត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​ខ្ញុំ​ទុក​​​​ចិត្ត​លើ រំចង់ ​​ព្រោះ​តាំង​ពី​​ដើម​មក​ខ្ញុំ​យល់​ចិត្ត​រំចង់.. រំចង់ តស៊ូ​ណាស់​​​“​
កែវ រំចង់ ក្រោយ​ជ័យជម្នះ នា​ពេល​កន្លង​មក ​
ប្រភព ​ដដែល​បន្ត​​​ថា​ រាល់​ថ្ងៃ​នេះ​កីឡាករ​វ័យ​២៤​ឆ្នាំ កែវ រំចង់ ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ហ្មត់​ចត់ ​ខណៈ​ដែល​កម្លាំង​និង​ស្ថានភាព​កាយ​សម្បទា​​​មិន​មាន​បញ្ហា​គួរឲ្យ​​បារម្ភ​ ​​ឡើយ​។ ​កែវ រំចង់ ជា​ធម្មតា ហ្វឹកហ្វឺន​មួយ​ថ្ងៃ​​​២​ម៉ោង ​តែ​ដើម្បី​ពង្រឹង​​ថ្វី​​ដៃ​ឲ្យ​​ល្អ​ទៀត​នោះ​​ ​​​ប្រមាណ​ជាង​កន្លះ​ខែ​មុន​ចេញ​ទៅ​​​ថៃ​​នេះ រំចង់ បាន​​ហាត់​​បុក​​កាន់​តែ​ច្រើន ​​ទៅ​លើ​បច្ចេកទេស ​និង​កម្លាំង​ស៊ុស ពោល​បន្ថែម​ម៉ោង​ហាត់​​មួយ​ម៉ោង​ទៀត​​រៀង​រាល់​ថ្ងៃ។
កែវ រំចង់​ អាច​ស្ពាយ​ជ័យជម្នះ​មក​ស្រុក​វិញ​ទេ? កុំ​ភ្លេច​​តាម​ដាន​​​​នៅ​ប៉ុស្តិ៍​លេខ៣ ថៃ​ នា​យប់​ថ្ងៃ​ចន្ទ។

ចេះ​ប្រើ​Shortcut លើ​Facebook​ហើយ​ឬ​នៅ? Trackback

វិធី ​សាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​មុខងារ​នានា ដែល​មាន​លើ​Social Network Facebook Sabay សូម​លើក​យក​Broswer ចំនួន​ពីរ​មក​បង្ហាញ​គឺ Chrome និង​Firefox ដើម្បី​ជម្រុញ​ឲ្យ​​មិត្តយុវវ័យ​ទាំង​អស់​ប្រើប្រាស់​Function លើ​Facebook ដែល​លេង​រាល់​ថ្ងៃ​បាន​កាន់​តែ​លឿន និង​រហ័ស​ជាង​មុន ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​​កុំព្យូទ័រ និង​ចំណេញ​ពេលវេលា។ តើ​ការ​ប្រើប្រាស់​Shortcut Key ខុស​គ្នា​យ៉ាង​ម៉េច សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ដូច​ខាងក្រោម។
សម្រាប់​ប្រិយមិត្ត​ប្រើប្រាស់ Chrome Browser ៖
Shortcutមុខងារ
Alt+1New Feed
Alt+2To see Profile
Alt+3Pop-Up of Friend Requests
Alt+4Pop-Up of Messages
Alt+5Pop-Up of Notifications
Alt+6Account Setting
Alt+7Privacey Setting
Alt+8To see own Facebook Profile
Alt+9Read latest terms of service agreement
Alt+?Search
Alt+MCreate new Message
ខាង​ក្រោម​ជា​ Shortcut FB សម្រាប់​ប្រិយមិត្ត​ប្រើប្រាស់ Firefox Browser ៖
Shortcutមុខងារ
Shift+Alt+1New Feed
Shift+Alt+2To see Profile
Shift+Alt+3Pop-Up of Friend Requests
Shift+Alt+4Pop-Up of Messages
Shift+Alt+5Pop-Up of Notifications
Shift+Alt+6Account Setting
Shift+Alt+7Privacy Setting
Shift+Alt+8To see own Facebook Profile
Shift+Alt+9Read latest terms of service agreement
Shift+ Alt+?Search

ដំឡើង Khmer Unicode ដោយ​មិន​ចាំ​បាច់ Root Trackback

ជា​ទូទៅ​ដើម្បី​ប្រើប្រាស់ Khmer Unicode បាន​ អ្នក​ប្រើប្រាស់​​ Android Device ទាំង​អស់​ចាំបាច់​ត្រូវ Root ទូរសព្ទ​ របស់​ខ្លួន ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ពី​ការ Root Android Device។ ​ប៉ុន្តែ​ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​ការ​ដំឡើង​ Khmer Unicode ដោយ​មិន​ចាំ​បាច់​ Root អ្វី​ឡើយ។ ចង់​ដឹង​ទេ គេ​ម៉េច​ទៅ?
ការ​ដំឡើង Khmer Unicode តាម​វិធី​ដោយ​មិន​បាច់ Root នេះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ទូរសព្ទ​នោះ​ប្រើ Android Version ចាប់​ពី Jelly Bean (Verion 4.1) ឡើង​ទៅ ហើយ​ប្រើ​បាន​គ្រប់ Samsung Device ទាំង​អស់ លើក​លែង​តែ Galaxy Note II  ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​តាម​វិធី​ផ្សេង​ទៀត។
ដើម្បី​ដំឡើង​ Khmer Unicode តាម​វិធី​ងាយ​ស្រួល​នេះ អ្នក​ប្រើប្រាស់​ចាំ​បាច់​ដំឡើង File Khmer.apk ទៅ​ក្នុង​ទូរសព្ទ​។ ចុច​ទី​នេះ ដើម្បី​ទាញ​យក។
បន្ទាប់ ​ពី​ដំឡើង​ File Khmer.apk ហើយ ប្រិយមិត្ត​ត្រូវ​ Restart ទូរសព្ទ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings->Display->Font style បន្ទាប់​មក​ជ្រើស​រើស​ពុម្ព​អក្សរ​ខ្មែរ។
សាក ​ល្បង​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដែល​ប្រើប្រាស់ Khmer Unicode។ ដើម្បី​ឲ្យ​ទូរសព្ទ​ដៃ​របស់​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​បាន ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី​ Keyboard មួយ​ចំនួន​ដូច​ជា៖ Phum Keyboard ឬ​ក៏ MultiLing Keyboard។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ទាំង​នេះ តាម​រយៈ Google Play Store បាន​ដោយ​មិន​គិត​ថ្លៃ។
នៅ​មាន​គន្លឹះ​ខ្លីៗ​ទៀត​ជា​ច្រើន បន្ត​ស្វែងយល់…

ងាយ​ៗ​មិន​ថា​​​ពី Limon ទៅ​​ Unicode និង Unicode ទៅ Limon Trackback

បច្ចុប្បន្ន ការ​​សម្រួល​អត្ថបទ ( Editing ) ដែល​ប្រើ​ពុម្ព​អក្សរ​យូនីកូដ នៅ​មាន​បញ្ហា​ព្រោះ​នៅ​តាម​​ស្ថាប័ន, ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទាន់​បាន​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​នេះ​ទាំង ​ស្រុង​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​បន្ត​​ប្រើ Limon។ ហេតុ​នេះ​​ហើយ​ទើប​នៅ​មាន​ការ​លំបាក​ខ្លះ​ៗ​ក្នុង ការ​បញ្ជូន​ឯកសារ​ទៅ​វិញ​ទៅ​មក ជា​ពុម្ព​អក្សរ​យូនីកូដ។
ដោយ ​សារ​មាន​ការ​ស្នើសុំ ឱ្យ​ជួយ​បង្ហាញ​ពី​របៀប​បម្លែង​ពុម្ព​អក្សរ​ពី Limon ទៅ Khmer Unicode ដូច្នេះ​នៅ​ទំព័រ​នេះ Sabay នឹង​ឆ្លើយ​​តាម​សំណើ​បស់​មិត្ត​អ្នក​អាន​។ ដើម្បី​បម្លែង គឺ​ត្រូវ​ប្រើ​កម្មវិធី​ជា​ជំនួយ​ដែល​មាន​ឈ្មោះ​ថា Khmer Converter 1.5.1។
កុំ​ឱ្យ​ខាត​ពេល សូម​តាមដាន​និង​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
  • ដំបូង​ត្រូវ​មាន​កម្មវិធី Khmer Converter 1.5.1 នេះ​នៅ​លើ​កុំព្យូទ័រ​ជា​មុន​សិន តែ​បើ​ពុំ​មាន​អាច​ ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក (​ទំហំ 6,8MB)
  • រួច ​ពី​ទាញ​យក​ហើយ សូម​ដំឡើង​វា​លើ​ម៉ាស៊ីន​របស់​អ្នក​ដោយ​ចុច mouse ស្ដាំ​ពី​លើ​ឯកសារ​ដែល​បាន​ទាញ​យក​នោះ ឬ double click ក៏​បាន។ បន្ទាប់​ពី​នោះ​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​ឡើង នៅ​លើ​នោះ​ដែរ​សូម​រើស​យក​ឃ្លា I accept the agreement រួច​ចុច​លើ​ប៊ូតុង Next → Next បន្ទាប់​មក​ធិក​យក Create a desktop icon រួច Next → Install រង់​ចាំ​ឱ្យ​ដំឡើង​សព្វ​គ្រប់ ជា​ចុង​ក្រោយ​ចុច​លើ​ប៊ូតុង Finish ជា​ការ​ស្រេច។
  • ក្រោយ ​ដំឡើង​រួច សូម​បើក​កម្មវិធី Khmer Converter ឡើង។ រួច​រើស​យក​ឯកសារ​ដែល​ចង់​បម្លែង​ដោយ​​ចុច​លើ​ប៊ូតុង​ត្រង់ Filename ដើម្បី​ទៅ Brows រក​មើល និង​ចុច​លើ​ប៊ូតុង Open ដើម្បី​នាំ​ឯកសារ​ចូល​ (ដូច​រូប​ខាង​ក្រោម) ។
(ចំណាំៈ កម្មវិធី​នេះ​អាច​បម្លែង​បាន​តែ​ឯកសារ​ដែល​មាន​ទ្រង់ទ្រាយ​ជា​អត្ថបទ​ធម្មតា និង​ជា​កម្មវិធី​ការិយាល័យ​ខ្មែរ Open Office ដែល​មាន​ប្រភេទ (.odt) និង​ឯកសារ HTMLPaint Text តែ​ប៉ុណ្ណោះ) តែប្រសិន​ប្រិយមិត្ត​យក​ឯកសារ MS Office នោះ​នឹង​មាន​បញ្ហា​ក្រោយ​បម្លែង​រួច​មើល​មិន​យល់។ ​​ប្រសិន​ពុំ​ទាន់​មាន​កម្មវិធី Open Office ទេ អាច​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ជា​មួយ​ទំហំ 129MB
  • ក្រោយ ​ពី​បាន​នាំ​ឯកសារ​ចូល​មក​កម្មវិធី​ហើយ អ្នក​អាច​ជ្រើសរើស​ប្រភេទ​ពុម្ព​អក្សរ (Font) ក៏​ដូច​ជា​ទំហំ​អក្សរ​បាន​ផង​ដែរ (ឧទាហរណ៍​យើង​រើស​យក Font Khmer OS Muol light ទំហំ 14)។ ហើយ​សូម​កំណត់​ទីតាំង​សម្រាប់​ទុក​ដាក់​ឯកសារ​នៅ​ពេល​បម្លែង​រួច​ដោយ​ចុច​លើ ​ប៊ូតុង Filename ផ្នែក Output File។ រួច​ហើយ​ចុច​លើ​ប៊ូតុង Convert ជា​ការ​ស្រេច។
ចុង​ក្រោយ​យើង​នឹង​បាន​លទ្ធផល​ដូច​រូប៖

ប្រិយមិត្ត​សាកល្បង​បើក​មើល​ឯកសារ​ដែល​ទើប​បម្លែង​រួច​នេះ​ទៅ​មើល៍ តើ​បាន​សម្រេច​ឬ​ទេ?
សូម ​បញ្ជាក់​ថា កម្មវិធី Khmer Converter 1.5.1 នេះ​​ក៏​អាច​បម្លែង​ពុម្ព​អក្សរ Khmer Unicode ទៅ​ជា Limon វិញ​បាន​ផង​ដែរ ដោយ​ប្រើ​ប្រាស់​ដោយ​ចូល​ទៅ​កាន់ Tab ខាង​ស្ដាំ​ឈ្មោះ​ថា “Unicode to Legacy” មើល​រូប​៖

នៅ​មាន​គន្លឹះ​ផ្សេងៗ​ជា​ច្រើន​ទៀត ចុច​ត្រង់​នេះ​ដើម្បី​តាមដាន​បន្ត

សារមន្ទីរ​អាមេរិក​នឹង​បញ្ជូន​រូបសំណាក​ប្រាសាទ​កោះ​កេរ​មក​កម្ពុជា​វិញ Trackback

​ បន្ទាប់​ពី​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​​ពីរ​រូប​មក​​ចរចា​​ជាមួយ​កម្ពុជា​កាល ​ពី​ ៦ សប្ដាហ៍​មុន​​រឿង​រូបសំណាក ​ដែល​​ត្រូវបាន​គេ​យក​ទៅ​លក់​នៅ​អាមេរិក​​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​​ សារមន្ទីរ​ Metropolitan Museum of Art ​របស់​អាមេរិក​​​បាន​និយាយ​ថា ​​ខ្លួន​នឹង​បញ្ជូន​រូប​សំណាក​ចំនួន​ពីរ​មក​កម្ពុជា​វិញ​ក្នុង​ពេល​ខាង​មុខ។

ការ​សម្រេច​ចិត្ត​នេះ ​ធ្វើ​ឡើង​ក្រោយ​​​មាន​​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មន្ត្រី​កម្ពុជា ​ និង​មន្ត្រី​សារមន្ទីរ។ ​លោក​ Thomas P. Campbell ​​អ្នក​គ្រប់គ្រង​សារមន្ទីរ​បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ ក្រោយ​កម្ពុជា​ផ្ដល់​​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា ​រូប​សំណាក​ទាំង​ពីរ​គឺ ​ត្រូវ​បាន​​​​គេ​លួច​យក​ចេញ​ពី​ប្រាសាទ​កោះ​កេរ​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​ ១៩៧០ ​មែន។
រូប​សំណាក​ឆ្មាំ​ប្រាសាទ​ដែល​សារមន្ទីរ​អាមេរិក​​គ្រោង​​បញ្ជូន​មក​កម្ពុជា​វិញ
​ រូប​សំណាក​ឆ្មាំ​ប្រាសាទ​ ដែល​​ត្រូវ​បាន​ដាក់​ឈរ​យាម​វិចិត្រសាល​អាស៊ីអាគ្នេយ៍ ​នៃ​​សារមន្ទីរ Metropolitan Museum of Art ​តាំង​ពី​ឆ្នាំ ១៩៩៤ ​មក​នឹង​ត្រូវ​​នាំ​យក​មក​កម្ពុជា​វិញ​ក្នុង​ពេល​ខាង​មុខ ​ប៉ុន្តែ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ​ដោយ​ខាង​សារមន្ទីរ​អាមេរិក​ប្រាប់​ដល់​ភាគី​កម្ពុជា​ថា ​ការ​បញ្ជូន​នឹង​ត្រូវ​ធ្វើ​ឡើង​ដរាប​ណា​មាន​ការ​រៀបចំ​បញ្ជូន​ដ៏​សមស្រប​ ត្រូវ​បាន​រៀបចំ​​ជាមុន​សិន។
ពាក់ព័ន្ធ ​នឹង​ការ​សម្រេច​ចិត្ត​របស់​សារមន្ទីរ​អាមេរិក​ ​ឯកឧត្ដម​ ចាន់ តានី ​​រដ្ឋលេខាធិការ​​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​កម្ពុជា​​​បាន​សម្ដែង​ក្ដី​ រីករាយ​យ៉ាង​​ខ្លាំង​​​ចំពោះ​ការ​បញ្ជូន​​​រូប​សំណាក​​ត្រលប់​មក​កម្ពុជា​​ វិញ​នេះ។ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដដែល​បាន​មាន​ប្រសាសន៍​ថា​ “សកម្មភាព​នេះ​បង្ហាញ​ពី​​ក្រមសីលធម៌​ដ៏​ខ្ពង់ខ្ពស់ ​និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​នៃ​សារមន្ទីរ Metropolitan Museum of Art ​ដូច​អ្វី​ដែល​គេ​ធ្លាប់​ស្គាល់”។
រូប​សំណាក​ដែល​កម្ពុជា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ Sotheby’s បញ្ជូន​ត្រឡប់​មក​វិញ
ក្រៅ​ពី​ករណី​ខាង​លើ ​កម្ពុជា​ក៏​​កំពុង​​​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដេញ​ថ្លៃ​អាមេរិក​ Sotheby’s បញ្ជូន ​ត្រឡប់​រូប​សំណាក​​​​​អ្នក​ប្រយុទ្ធ​នៃ​សាសនា​ហិណ្ឌូ​ ដែល​មាន​ដើម​កំណើត​នៅ​ប្រាសាទ​កោះ​កេរ​​ដូច​គ្នា​​​មក​វិញ​​​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​ខាង​លើ​បដិសេធ។ ​ទោះ​ជា​បែប​នេះ​ក្ដី ​មន្ត្រី​អាមេរិក​កំពុង​ដុតដៃដុត​ជើង​ចងក្រង​ឯកសារ​​ច្បាប់​​​​ដាក់​បណ្ដឹង​ ដល់​តុលាការ​សហព័ន្ធ​ក្នុង​​សង្កាត់​ Manhattan​ រួចរាល់​ហើយ​ ដើម្បី​​នាំ​យក​រូប​ចម្លាក់​នោះ​មក​កម្ពុជា​វិញ។ ​ការ​បើក​សវនាការ​​ជាមួយ​ក្រុមហ៊ុន​ Sotheby’s ​នឹង​ត្រូវ​​ដំណើរការ​​នៅ​ឆ្នាំ​ក្រោយ៕

Sunday, May 5, 2013

វិសុទ្ធ កវី ​កូនខ្មែរ​​ល្បីឈ្មោះ​ផ្នែក​​រចនា​រូប​ភាព​កុំព្យូទ័រ Trackback

អ្នក ​​រចនា​រូបភាព ដែល​​​ចាប់​កំណើត​ក្នុងត្រកូលពលរដ្ឋជនបទនាតំបន់​​​​ស្រែក​ចម្ការ​​តាម​​ដង​ ទន្លេ​មេគង្គ​​ កំពុង​សម្រេចបាន​នូវក្តីស្រមៃ​ក្នុងការ​​​មាន​​ឈ្មោះ​បោះ​សំឡេង​ ទាំង​ក្នុង​ឆាក​ជាតិ​ និង​អន្តរជាតិ​ តាម​រយៈ​ស្នាដៃ​ច្នៃ​ប្រឌិត​​ខ្ពស់​​របស់​​ខ្លួន។
យុវជន ​ កុយ វិសុទ្ធ ដែល​មាន​រហ័ស​​នាម​ថា វិសុទ្ធ កវី ​បាន​សម្រេច​គោល​បំណងរបស់​​ខ្លួន ដោយបាន​​ក្លាយ​ជា​អ្នក​រចនា​រូបភាព​ដ៏​ពូកែ​មួយ​រូប ​ល្បី​រន្ទឺ​ពាស​​ពេញ​ទំព័រ​ហ្វេស​បុក។ រូប​​ភាព​​របស់​​លោក​​ត្រូវ​​បាន​ស្ថាប័ន​​នានា​​​ ​​​ដូច​ជា​ស្ថានីយ​ទូរទស្សន៍​ គេហទំព័រ​​​អាស៊ាន​​ ឬ​​ស្ថាន​ទូត​អាមេរិក​​ យក​​រូប​របស់​លោក​ទៅ​ប្រើ​​ប្រាស់​​ទៀត​ផង។
វិសុទ្ធ កវី បាន​ប្រាប់ Sabay ថា កាល​ពី​​តូច​ រូបលោក​​​ចូល​ចិត្ត​គូរ​គំនូរ​បែប​ច្នៃ​ប្រឌិត​ផ្សេងៗ ដែល​និយាយ​ពី​ទេសភាព និង​វប្បធម៌​ស្រុក​ខ្មែរ ប៉ុន្តែ​នៅ​​ពេល​នោះ​ លោក​​មិន​​ទាន់​បាន​​ស្គាល់​ ឬ​​ប៉ះ​ពាល់​​កុំព្យូទ័រ​បន្តិច​​ណា​ឡើយ។ ពេល​នោះ​ វិសុទ្ធ កវី ​​​គ្រាន់​តែ​គូរ​គំនូរ​ផ្សេង​ៗ​​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។
យុវជន ​មក​ពី​ឃុំ​រកាកោង​២ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​រូប​នេះ បាន​បន្ត​ទៀត​ថា៖ “នៅ​ឆ្នាំ ២០០៨ ​ខ្ញុំ​ចាប់​ផ្ដើម​ចេះ​ប្រើ​កុំព្យូទ័រ និង​រៀន​កម្មវិធី​ Design បន្តិច​បន្តួច។ ពេល​នោះ​ ខ្ញុំ​រៀន​ឆាប់​ចេះ​ណាស់ ព្រោះ​គំនិត​ច្នៃ​ប្រឌិត​លើ​រូប​ភាព​ខ្ញុំ​មាន​ក្នុង​ខួរ​ក្បាល​រួច​ស្រេច​ ទៅ​ហើយ អ្វី​ដែល​ត្រូវ​រៀន​បន្ថែម​គឺ​បច្ចេកទេស​កាត់​ត​រូប​​ក្នុង​កុំ​ព្យូទ័រ​តែ​ ប៉ុណ្ណោះ”។
ខុស​ពី​អ្វី​ដែល​លោក​ធ្លាប់ ​បាន​គូរ​រូប​នៅ​លើក្រដាស់​កន្លង​ទៅ​​ ការ​រចនា​រូប​ភាពតាម​កម្មវិធី​​​ Design ក្នុង​កុំព្យូ​ទ័រ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ និង​លេច​ចេញ​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់។ កាល​ណា​លោក​​ស្រាវ​ជ្រៀវ​កាន់​តែ​​ច្រើន​ ​​កុំព្យូ​ទ័រ​​ហាក់​​បង្រៀន​លោក​កាន់​តែ​ច្រើន​ដែរ។
អ្នក រចនា រូប​ភាព​វ័យ​ក្មេង​រូប​នេះ​បន្ត​ទៀត​ថា ដើម​ឡើយ​ ស្នាដៃ និង​​គំនិត​រចនា​រូបភាព​ទាំង​អស់​របស់​លោក​ហាក់​នៅ​​​ក្មេង​ខ្ចី​​ណាស់​ ដែល​ធ្វើ​ឲ្យ​​មាន​អ្នក​រិះ​គន់​យ៉ាង​ច្រើន​ ប៉ុន្តែ​ វិសុទ្ធ កវី មិន​ដែល​អន់​ចិត្ត​នឹង​ពាក្យ​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ យុវជន​រូប​នេះ​យក​មតិ​រិះ​គន់​ទាំងនោះ​ ធ្វើ​ជា​មេរៀន​ដើម្បី​អភិវឌ្ឍ​​ខ្លួន​ឯង​ថែម​ទៀត​ផង។
ស្នាដៃ ​រចនា​រូបភាព​ចេះ​តែ​រីក​ចម្រើន បូក​ផ្សំ​ជាមួយ​គំនិត​បើក​ទូលាយ​​ស្វែង​យល់​ពី​មតិ​របស់​អ្នក​រិះ​គន់​ទាំង​ អស់ បាន​ធ្វើ​ឲ្យ​​រូប​ភាព​​របស់ វិសុទ្ធ កវី ​​ត្រូវ​បាន​គេ​​អនុញ្ញា​ត​ឲ្យ​យក​ទៅ​​​តាំង​ពិព័រណ៍នៅ​សហរដ្ឋអាមេរិក​ ដែល​​រៀប​​ចំ​ដោយ​ក្រុមហ៊ុន Bridge Entertainment។
“នៅ ​ទី​នោះ ​រូប​ភាព​ខ្ញុំ​មាន​គេ​គាំ​ទ្រ​ច្រើន​ណាស់ ព្រោះ​រូប​ទាំងនោះ​បញ្ជាក់​វប្បធម៌ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង”។ វិសុទ្ធ កវី បញ្ជាក់។
ឆ្លៀត ​ក្នុង​ឱកាស​បង្ហាញ​វត្តមាន​លើក​ដំបូង​ វិសុទ្ធ កវី មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ហ៊ុន​ឯក​ជន​មួយ ជួយ​ស្វែង​រក​ឯកសារ​មួយ​ចំនួន​ពី​សាកលវិទ្យាល័យ Boston ពាក់ព័ន្ធ​នឹង​ការ Design រូបភាព​ ថែម​ទៀត​ផង។ យុវជន មក​ពី​ស្រុក​ស្រែ​ចម្ការ​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​អ្នក​រចនា​រូប​ភាព គឺ​គំនិត​ច្នៃ​ប្រឌិត។ ចំណុច​មួយ​ទៀត​ គឺ​ត្រូវ​ចេះ​ស្រាវជ្រាវ​ឯក​សារ ឬ​ក៏​មើល​គំនិត​​ផ្សេងៗ​តាម​រយៈ​អ៊ីនធឺណិត ព្រោះ​សម័យ​ឥឡូវ​​ចង់​រៀន​អី​ក៏​បាន​ដែរ​ សំខាន់​ឲ្យ​តែ​​ខំប្រឹង។
រូប​ភាព​ខាង​ក្រោម​នេះ ជា​ស្នាដៃ​មួយ​ចំនួនរបស់​ វិសុទ្ធ កវី ដែល​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​ពី​​ខ្លួន​៖
១. រូបភាពរចនាក្នុងព្រះរាជពិធីព្រះបរមសពអតីតព្រះមហាវីរក្សត្រ ដែលត្រូវបានប្រើប្រាស់ជាសាធារណៈ     ក្នុងស្ថាប័ន​មួយ​ចំនួន​ និង​គ្រប់ស្ថានីយ៍ទូរទស្សន៍ ក្នុងប្រទេសកម្ពុជា។
២​.  ស្លាក​សញ្ញា​ទី​ក្រុង​ស្អាត​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ផ្លូ​វការ​ក្នុង​ការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅកម្ពុជា។
៣.  រូបភាពច្នៃប្រឌិតនៃសម្ព័ន្ធ​ភាពរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលត្រូវបានដាក់តាំងក្នុងស្ថានទូត    សហរដ្ឋអាមេរិកប្រចាំកម្ពុជា។
៤. ចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងស្នាដៃប្រចាំប្រទេស ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ     សហការជាមួយប្រទេសជប៉ុន ក្រោមប្រធានបទ កម្ពុជាជាទីស្រឡាញ់របស់ខ្ញុំ។
៥. ពិព័រណ៌ស្នាដៃច្នៃប្រឌិតក្នុងរដូវរងារដែលរៀបចំដោយក្រុមហ៊ុន Bridge Entertainment នៅ​១០​ទី​ក្រុង​ និង​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។
៦.រូបភាពរចនាមួយក្នុងចំនោមរូបភាពជាច្រើនទៀត​ដែលត្រូវបានទំព័រអាស៊ានប្រើប្រាស់ សម្រាប់​ការ​គាំ​ទ្រ​ស្នាដៃ និង​បង្ហាញ​ពី​វប្បធម៌ជាតិ។