កម្ពុជា​ដែល​ជា​សមាជិក​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) ទើប​តែ​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី ១៤៨ នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ និង​ទិវា​ពិភពលោក​សង្គម​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍ ១៧ ឧសភា កាលពី​ពេល​ថ្មីៗ​នេះ។
តើ ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​មាន​ប្រវត្តិ​កកើត​ឡើង​បែ​បណា ហើយ​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​របស់​សហភាព​នេះ​យ៉ាង​ដូចម្ដេច? សូម​បន្ត​តាម​ដាន​ប្រវត្តិ ដែល​ Sabay បង្ហាញ​ដូច​ខាង​ក្រោម​នេះ។
កើត​ដំបូង​មាន​តែ​ ២០ ប្រទេស​ប៉ុណ្ណោះ​ជា​សមាជិក
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ International Telecommunication Union (ITU) គឺ​ជា​ភ្នាក់ងារ​ពិសេស​មួយ​ឈាន​មុខ​គេ​របស់​អង្គការ​សហប្រជាជាតិ UN ដែល​ទទួលខុសត្រូវ​លើ​កិច្ចការ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (ICT)។
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ (ITU) បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ១៨៦៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​សមាជិក​ដំបូង​មាន​ចំនួន​ត្រឹម​តែ ២០ ប្រទេស​ប៉ុណ្ណោះ និង​មាន​ឈ្មោះ​ពេញ​ហៅថា «សហភាព​ទូរលេខ​អន្តរជាតិ (International Telegraph Union)។
ចាប់​តាំង​ពី​ឆ្នាំ១៩៣២ ត​រៀង​មក ទី​ភ្នាក់ងារ​នេះ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (International Telecommunication Union) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស និង​មាន​ការិយាល័យ​តំណាង​ចំនួន៥ ប្រចាំ​តាម​តំបន់​នៅ​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះ​រួមមាន៖
១. តំបន់​អាហ្វ្រិក (នៅ​ទីក្រុង Addis Ababa, ប្រទេស​អេត្យូពី)
២. តំបន់​អាមេរិក (នៅ​ទីក្រុង Brasilia, ប្រទេស​ប្រេស៊ីល)
៣.តំបន់​អារ៉ាប់​ (នៅ​ទីក្រុង Cairo, ប្រទេស​អេហ្ស៊ីប)
៤. តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (នៅ​ទីក្រុង​បាងកក, ប្រទេស​ថៃឡង់ដ៍)
៥.តំបន់​អឺរុប​និង​បណ្តា​រដ្ឋឯករាជ្យ Commonweal ”CIS”(នៅ​ទីក្រុង​ម៉ូស្គូ, ប្រទេស​រុស្ស៊ី)
ការ​ពង្រីក​វិសាលភាព​ និង​ការ​បង្កើនចំនួន​សមាជិក
សហភាព ​ទូរគមនាគមន៍​អន្តរជាតិ (ITU) មាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់​ឥត​ឈប់ឈរ ដោយ​បច្ចុប្បន្ន ភ្នាក់ងារ​នេះ​មាន​សមាជិក រួមមាន​រដ្ឋ​ជា​សមាជិក​​ចំនួន​១៩៣​ប្រទេស​​​​ និង​ផ្នែកឯកជន​ចំនួន​ជាង​៧០០​ស្ថាប័ន ។
សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បាន​ដើរតួ​នាទី​យ៉ាង​​សកម្ម​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​សាកល រវាង​រដ្ឋាភិបាល​និង​ផ្នែក​ឯក​ជន​លើ​ការ​អភិវឌ្ឍ​បណ្ដាញ​និង​សេវា​​ដោយ​ឈរ​ លើ​ចក្ខុវិស័យ​របស់​ខ្លួន​គឺ​«ប្ដេជ្ញា​តភ្ជាប់​ទំនាក់​ទំនង​ពិភពលោក​ ទាំងមូល» ។
រចនា​សម្ព័ន្ធ​របស់ ITU រួមមាន​អង្គភាព​ស្នូល​ចំនួន​៣ ​គឺ ៖
១.​ការិយាល័យ​វិទ្យុ​គមនាគមន៍ (ITU-R)
២.ការិយាល័យ​ស្តង់ដារនីយកម្ម​ទូរគមនាគមន៍ ​(​ITU-T)
៣.ការិយាល័យ​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (ITU-D)
វត្តមាន​កម្ពុជា ជា​សមាជិក​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ
ព្រះរាជាណាចក្រ ​កម្ពុជា បាន​ចូល​ជា​សមាជិក​​ពេញ​សិទ្ធិ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ITU នេះ​នៅ​ថ្ងៃ​ទី​១០ ​ខែ​មេសា ឆ្នាំ១៩៥២។ កម្ពុជា​បាន​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ឋានៈ​ជា​រដ្ឋ​សមាជិក​បាន​យ៉ាងសកម្ម។ ជាក់ស្ដែង​កាល​ពី​ដើមខែ​ឧសភា​កន្លង​ទៅ​ថ្មី​នេះៗ កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកប​ដោយ​ជោគជ័យ​កិច្ច​ប្រជុំ​ត្រៀម​ ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​សន្និសីទ​ពិភពលោក​ WTDC-14 នៅ​ប្រទេស​អេហ្ស៊ីបឆ្នាំក្រោយ។ ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​ក្នុងរយៈ​កាល ២០ឆ្នាំ (១៩៩៣​ដល់​ឆ្នាំ២០១៣) ITU បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទាំង​​ ស្មារតី​និង​សម្ភារៈ ក្នុង​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស, ជំនួយ​ផ្នែក​បច្ចេកទេស រួម​ទាំង​ការ​ជួយ​រៀប​ចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ ICT ផង​ដែរ ។
អត្ថន័យ​នៃ​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍ ១៧ ឧសភា
ក្នុង ​ខែ​វិច្ឆិកា​ឆ្នាំ២០០៥ កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ស្តី​ពី​សង្គម​ព័ត៌មាន​ (WSIS) បាន​ដាក់​សំណើ​​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រកាស​យក​ថ្ងៃ១៧ ឧសភា នៅ​រៀងរាល់​ឆ្នាំ​ជា​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍​ចំ​ថ្ងៃ​ចុះ​ហត្ថ​លេខា​លើក​ដំបូង​លើ​អនុសញ្ញា​តេឡេក្រាម​ អន្តរជាតិ និង​ការ​ចាប់​បដិសន្ធិ​របស់​សហភាព​​ទូរគមនាគមន៍​​អន្តរជាតិ (ITU) ១៧ ឧសភា ១៨៦៥​ តែ​ម្តង ។
មួយ​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ២០០៦ នា​ទីក្រុង​ Antalya ប្រទេស​ទួកគី សន្និសីទ​កំពូល​របស់ ITU​ បាន​អនុម័ត​សម្រេច​យក​ថ្ងៃ​ទី១៧ ខែ​ឧសភា នៅ​រៀង​រាល់​ឆ្នាំ​ជា​ទិវា​ពិភពលោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍ ។
គោលបំណង ​នៃ​ទិវា​នេះ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់ដឹង​នូវ​លទ្ធភាព​ដែល​ថា ការ​ប្រើ​​ប្រាស់​អ៊ីនធឺណិត​និង​ព័ត៌មាន​ផ្សេង​ទៀត​មាន​ជា​អាទិ ​ប​ច្ចេ​ក​វិទ្យា​គមនាគមន៍​​និង​ព័ត៌មាន​អាច​ជួយ​ដល់​សង្គម​និង​សេដ្ឋកិច្ច​ ក៏​ដូច​ជា​វិធី​មួយ​ដើម្បី​កាត់​បន្ថយ​​គម្លាត​ឌីជីថល។ ជាក់ស្ដែង​ទិវា​ពិភព​លោក​សង្គម​ព័ត៌មាន និង​ទូរគមនាគមន៍​ឆ្នាំ​នេះ គឺ​ស្ថិត​ក្រោម​ប្រធាន​​បទ«ប​ច្ចេ​ក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក»។
ប្រធានបទ ​នេះ​បាន​រំលេច​យ៉ាង​ច្បាស់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​ គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ សុវត្ថិភាព​ចរាចរណ៍។ តាម​រយៈ​ការ​ប្រារព្ធ​ទិវា​ពិភព​លោក​សង្គម​ព័ត៌មាន​​និង​ទូរគមនាគមន៍ ១៧ ឧសភា បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​​ដឹង​ដល់​សាធារណជន ពិសេស​អ្នកប្រើប្រាស់​ផ្លូ​វថ្នល់​ទាំងអស់​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ សារ​ការ​បាត់​ម្ចាស់​ការ​កើត​ចេញពី​ឥរិយាបថ​ខុស​ឆ្គង​របស់​អ្នក​បើក​បរ ដោយ​ប្រើប្រាស់​រាល់​ឧបករណ៍ ICT ដូចជា​ទូរសព្ទដៃ ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ជា​ដើម៕
ដើម្បី​បន្ត​អាន​ប្រវត្តិ​ស្ថាប័ន​បច្ចេកវិទ្យា​ផ្សេង​ទៀត សូម​ចុចត្រង់នេះ