ជាមួយ ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ ក្នុង​ការ​ជំរុញ​ឲ្យ​សិស្ស​និស្សិត​ក្រីក្រ​នៅ​ជនបទ​ដាច់​ស្រយាល​​ដែល​ ចូលចិត្ត​និង​ចាប់​អារម្មណ៍​​មុខ​ជំនាញ​ព័ត៌មានវិទ្យា អង្គការ  Passerelles Numériques Cambodia (PN) ដែល​ប្ដូរ​ឈ្មោះ​ពី CIST គឺ​ជា​ស្ថាប័ន​បណ្តុះ​បណ្តាល​ដ៏​សំខាន់មួយ​នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​បណ្តុះបណ្តាល​មុខ​ជំនាញ​ព័ត៌មានវិទ្យា ​ដល់​​និស្សិត​ក្រីក្រ​កម្ពុជា​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​ តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ។
កញ្ញា Nimol Sahak បុគ្គលិក​ទំនាក់ទំនង​ការ​សិក្សា​របស់​អង្គការ PN បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ PN តែង​តែ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រី​ក្រ​កម្ពុជា​រាប់​រយ​នាក់ មក​តាម​បណ្តា​ខេ​ត្ត​នានាឲ្យ​ទទួល​ការ​អប់រំ​ជំនាញ​ព័ត៌មានវិទ្យា​​ដោយ​ឥត​ បង់​ថ្លៃ​ពី​អង្គការ។ ការ​បណ្ដុះបណ្ដាល​នេះ​មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ថ្លៃ​នោះ​ទេ គឺ​រាល់​ការ​ចំណាយ​ទាំង​អស់​ជា​បន្ទុក​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ​ផ្ទាល់​ ក្នុង​នោះ​រួម​មាន​ការ​ស្នាក់​នៅ ការ​ហូបចុក និង​សម្ភារៈ​ឧបទេស​សិក្សា​ដទៃ​ទៀត។
យ៉ាង ​ណា​ កញ្ញា​ថា មុន​ដែល​សិស្ស​ក្រី​ក្រ​ទាំង​នោះ​អាច​ទទួល​បាន​សិក្សា​​ទាំង​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត និង​សម្ភាសន៍​ប្រកប​ដោយ​តម្លាភាព និង​ម៉ត់ចត់​បំផុត​ដើម្បី​ស្វែងរក​និស្សិត​ដែល​ក្រីក្រ និង​ខ្វះ​លទ្ធភាព​ពិត​ប្រាកដ​​​។
“គោល​ ការណ៍​អង្គការ​គឺ​ព្យាយាម​ធ្វើ​យ៉ាង​ណា ឲ្យ​និស្សិត​ចេញ​ពី​ត្រកូល​អ្នក​ក្រខ្សត់​ទាំង​នេះ មាន​ជំនាញ​ច្បាស់​លាស់ ​ចេះ​ធ្វើ​ការ​ប្រកប​ដោយ​គុណភាព។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​កៅអី​អាហារូបករណ៍​ដល់​និស្សិត​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ ​សមត្ថភាព​ពួក​គេ​ជា​ច្រើន​ដំណាក់​កាល​ ជា​ពិសេស​គឺ​ស្ថានភាព​ជាក់​ស្ដែង​ដែល​ពួក​គេ​កំពុង​រស់​នៅ”​។
បន្ថែម ​ពី​នេះ ​និស្សិត​ជា​​នារី​ត្រូវ​បាន​លើក​ទឹកចិត្ត​តាម​រយៈ​ការ​កំណត់​ឲ្យ​​មាន​ ចំនួន ២​ ភាគ ៣ នៃ​ចំនួន​សរុប​វគ្គ​សិក្សា​ក្នុង​ឆ្នាំ​នីមួយៗ។
ក្រៅ ​ពី​សិក្សា​លើ​មុខ​​ជំនាញ​ដែល​មាន​ស្រាប់ អង្គការ​ក៏​មាន​វគ្គ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស និង​វគ្គ​ខ្លីៗ​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​អាកប្បកិរិយា​នៅ​កន្លែង​ធ្វើ​ ការ ក៏​ដូច​ជា​នៅ​ក្នុង​សង្គម​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​អ្វី​​ដែល​ជា​តម្រូវ​ការ​ទី​ផ្សារ​ការងារ​ បច្ចុប្បន្ន។
លទ្ធផល​ ជាក់​ស្ដែង​របស់ ​PN បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល លើ​គោល​ដៅ​បណ្តុះ​បណ្តាល​ដែល​អង្គការមួយ​នេះ បាន​កំណត់​និង​ផ្តោត​លើ​​និស្សិត​ក្រីក្រ​។ ជាក់​ស្ដែង កាល​ពី​ពេល​ថ្មីៗ​នេះ លោក Martin Hirsch ប្រធាន​ភ្នាក់ងារ​សេវាកម្ម​របស់​ប្រជាពលរដ្ឋ​បារាំង​បាន​ធ្វើ​ដំណើរ​ពី​ ប្រទេស​បារាំង​មក​ធ្វើ​​ទស្សនកិច្ច​ក្នុង​អង្គការ​​នេះ ថែម​ទាំង​បាន​បាន​ជជែក​សំណេះ​សំណាល​​ជាមួយ​និស្សិត​ និង​គ្រូ​បណ្ដុះបណ្ដាល​ជំនាញ​ទាំង​នោះ​ថែម​ទៀត​ផង។
លោក Martin Hirsch និយាយ​ថា ​លោក​ពិត​ជា​កោត​សរសើរ​ចំពោះ​ការងារ​របស់​អង្គការ​មួយ​នេះ ដែល​បាន​រួម​ចំណែក ជួយ​និស្សិត​ក្រីក្រ​កម្ពុជា​​តាម​រយៈ​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​មុខ​ ជំនាញ​ប្រកប​ដោយ​គុណភាព ដើម្បី​អាច​ឲ្យ​ពួកគេ​មាន​ឃ្លាត​​ឆ្ងាយ​ពី​ភាព​ក្រីក្រ និង​កសាង​ជីវភាព និង​អនាគត​កាន់​តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត។
Passerelles Numeriques Cambodia ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ផ្ដោត​លើ​ការ​បណ្ដុះ​បណ្ដាល​ការ​សិក្សា ​លើ​មុខ​ជំនាញ​ព័ត៌មានវិទ្យា​ចំនួន​ពីរ​គឺ​ ជំនាញ​​គ្រប់គ្រង​បណ្ដាញ Systems and Network Administrator (SNA) និង​​ជំនាញ​សរសេរ​កម្មវិធី​លើ​គេហទំព័រ Web Programmer​។
ស្ថិត​ក្នុង​គោល​ដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​បង្កើត​ឱកាស​ការងារ​ដល់​យុវវ័យ​កម្ពុជា តាម​រយៈ​សកម្មភាព​អប់រំ​ ​អង្គការ  PN ចាប់​តាំង​ពី​បង្កើត​ដំបូង​នៅ​ឆ្នាំ ២០០៥ រហូត​មក​ទល់​បច្ចុប្បន្ន​អង្គការ​បាន​បណ្ដុះបណ្ដាល​សិស្ស​និស្សិត​បាន​ចំនួន ៤៥៨ នាក់ ហើយ​សិស្ស​និស្សិត​មួយ​ចំនួន​ធំ​ក៏​កំពុង​តែ​ធ្វើ​កម្មសិក្សា និង​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ជា​ដៃគូ​ជាង ១៧០ ក្រុមហ៊ុន​ផង​ដែរ៕