អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, June 2, 2013

Global Art ​ដំបូង​ជោគជ័យនៅ​កម្ពុជា ខណៈ​កុមារ​​ជាង ៥០០នាក់ ចូល​រួម​ប្រកួត​ផាត់​ពណ៌


 ទោះ ​បី​ជា​លើក​ដំបូង​នៅ​កម្ពុជា​យ៉ាងណា​ក្ដី ប៉ុន្តែ​ការ​ប្រកួត​ផាត់​ពណ៌ ឬ​ Global Art បាន​ទទួល​ជោគជ័យ​ព្រោះ​មាន​អ្នក​ចូលរួម​ច្រើន​ដល់​ទៅ​ជាង ៥០០នាក់​។ នេះ​បើ​យោង​តាម​អ្នក​ស្រី យឹម រ៉ាដែត អ្នក​គ្រប់​គ្រង​ទូទៅ​កម្មវិធី​នេះ។
នៅ ​ក្នុង​ជំនួប​មួយ អ្នក​គ្រប់គ្រង​កម្មវិធី​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា Global Art គឺ​បង្កើត​ឡើង​ក្នុង​គោល​បំណង​បំផុស​ការ​ចាប់​អារម្មណ៍​ពី​ឪពុក​ម្ដាយ​ ឲ្យ​ស្វែង​យល់​អំពី​គំនិត​ច្នៃ​ប្រឌិត​របស់​កូន។ ម្យ៉ាង​ទៀត នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​កុមារ​បាន​បង្ហាញ​ពី​ទេពកោសល្យ និង​ក្ដី​ស្រមៃ​របស់​ពូក​គេ​ផង​ដែរ។ អ្នក​ស្រី​និយាយ​ថា ” ពេល​ខ្លះ​យើង​អត់​ដឹង​ថា ក្មេង​មាន​ទេពកោសល្យ​យ៉ាង​ម៉េច​ទេ ហើយ​ពូក​គេ​ ក៏​គ្មាន​ឱកាស​បាន​បញ្ចេញ​មក​ក្រៅ​ដែរ ទើប​យើង​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ”។
ទន្ទឹម​គ្នា​នឹង​ចំណុច​ខ្វះ​ ខាត​មួយ​ចំនួន អ្នក​គ្រប់គ្រង​ខាង​លើ នៅ​តែ​ទទួល​ស្គាល់​ថា Global Art ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក ខណៈ​មាន​កុមារ​ចូលរួម​ប្រកួតប្រជែង​រហូត​ ៥៧០​នាក់ និង​មាន​ឪពុក​ម្ដាយ​របស់​ពូក​គេ​ ចូលរួម​ជា​ច្រើន​ទៀត។ ក្មេង​ទាំង​អស់​ត្រូវ​បាន​បែង​ចែក​ជា​បី​ក្រុម​ទៅ​តាម​អាយុ​របស់​ពួក​គេ ក្នុង​នោះ​បាន​រក​ឃើញ​ជយលាភី​សម្រាប់​ក្រុម​នីមួយៗ​រួច​ហើយ​ដែរ។
អ្នក ​ស្រី​បន្ត​ថា “យើង​ត្រៀម​បញ្ជូន​ជយលាភី​ទាំង​៣​នាក់​នេះ​ ទៅ​ចូលរួម​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​លើ​កោះ​បាលី​ប្រទេស​ ឥណ្ឌូណេស៊ី​ជា​បន្ត​ទៀត”។ អ្នក​ស្រី​មិន​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា យ៉ាង​ណា​នោះ​ទេ ចំពោះ​ការ​ប្រកួត​ប្រជែង​លក្ខណៈ​អន្តរជាតិ​លើក​នេះ។ ប៉ុន្តែ​នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត ​អ្នក​ស្រីបញ្ជាក់​ថា នឹង​ខិតខំ​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ជាង​ឆ្នាំ​នេះ។
Global Art ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​នេះ​នៅ​មជ្ឈមណ្ឌល​ សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ដែល​មាន​ទីតាំង​ក្នុង​វិទ្យាស្ថាន​ភាសាបរទេស IFL ដោយមានប្រទេសចំនួន១៧ផ្សេងទៀត ជាដៃគូ។ ទោះ​យ៉ាង​ណា អ្នក​គ្រប់គ្រង​កម្មវិធី​អ្នក​ស្រី យឹម រ៉ាដែត ស្នើ​ឲ្យ​ឪពុក​ម្ដាយ​ទាំង​អស់​បញ្ជូន​កូន​ចូលរួម​ប្រកួត​ប្រជែង​បាន​កាន់​តែ ​ច្រើន​នា​ឆ្នាំ​ក្រោយៗ​ទៀត៕

0 comments: