អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, June 6, 2013

សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា

  សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
        សាលាពុទ្ធិកសិក្សា ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា ដោយក្តីបារម្ភផ្នែកវប្បធម៌ និងអក្សរ​សាស្ត្រនៃរាជការខ្មែរ និងក្តីបារម្ភរបស់រដ្ឋការអាណាព្យាបាលបារាំងខ្លាចបាត់បង់ការគ្រប់គ្រង មក​ប្រទេសខ្មែរដោយសារមនោគមន៍វិជ្ជា និងឥទ្ធិពលនយោបាយសៀមមកលើកុលបុត្រខ្មែរ និងបាន​ក្លាយជាស្ថាប័នដ៏សំខាន់សម្រាប់វប្បធម៌និងអក្សរសាស្ត្រជាតិខ្មែរ។
        ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យើងនៅចាំបានថា បន្ទាប់ពីបានដណ្តើមយកខេត្ត អយុធ្យា និងសុខោទ័យរបស់ខ្មែរ ហើយបង្កើតបានជារដ្ឋសៀម នាសតវត្យទី១៣ មក ពួកគេនៅបានបន្ត​ទន្រ្ទានយកទឹកដីខ្មែរ ជាបន្តបន្ទាប់រហូតអាណាចក្រខ្មែរមិនអាចទប់ទល់បាន។ ចាប់តាំងពីបែកក្រុង​អង្គរមក ខ្មែរបានធ្លាក់ទៅក្នុងឪនភាពគ្រប់យ៉ាង។ គម្ពីរក្បួនខ្នាត និងអ្ន្កប្រាជ្ញរបស់ខ្មែរត្រូវបច្ចាមិត្ត​បំផ្លាញ ឬរឹបអូសយកស្ទើរគ្មានសល់។ វិស័យអប់រំស្ទើរសូន្យ ហើយមានតែបន្តិចបន្តួចនៅតាមវត្ត​​អារាមតែប៉ុណ្ណោះ។ ប្រទេសកម្ពុជាបានក្លាយជាកម្មវត្ថុនៃការដណ្តើមគ្នារវាងយួននិងសៀម។

         បន្ទាប់ពីការព្យាយាមយ៉ាងលំបាករបស់ព្រះបាទអង្គ ឌួង មក ឆ្នាំ១៨៦៣ បារាំងបានយល់ព្រម​ដាក់អាណានិគមន៍លើប្រទេសខ្មែរ (បន្ទាប់ពីបានធ្វើអាណានិគមន៍លើវៀតណាម)។ ទោះមាន​បារាំងជាអាណានិគមន៍ហើយក្តី ក៏ប្រទេសសៀមនៅតែមិនដែលបោះបង់គំនិតចង់លេបត្របាក់ទឹក​ដីខ្មែរ ម្តងណាឡើយ។ អតីតកុលសម្ព័ន្ទចិននិរទេសខ្លួនមករស់នៅលើទឹកដីខ្មែរ អម្បូរមួយនេះបាន​ប្រើប្រាស់គ្រប់រូបភាពគឺ ទាំងរូបភាពកងទ័ពនិងមនោគមន៍វិជ្ជា។
          បន្ទាប់ពីប្រទេសកម្ពុជាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងមក ខេមរជន ជាពិសេស​ព្រះសង្ឃតែងតែទៅបន្តការសិក្សានៅប្រទេសសៀមច្រើនឡើងៗ ដែលក្នុងនោះមានទាំងសម្តេច​ព្រះសង្ឃនាយក និល ទៀង អតីតសម្តេចព្រះសង្ឍរាជគណៈមហានិកាយ និងសម្តេចព្រះសគុន្ធា​ធិ​បតី ប៉ាន អតីតសម្តេចសង្ឃរាជទី១គណៈធម្មយុត្តិកនិកាយផងដែរ។
         ប្រការនេះធ្វើឲ្យអាណាព្យាបាលបារាំងមានក្តីបារម្ភខ្លាចខ្មែរទទួលមនោគមន៍វិជ្ជា និងឥទ្ធិពល​នយោបាយពីសៀម ធ្វើឲ្យពួកគេពិបាកគ្រប់គ្រង ហើយក៏អាននឹងធ្វើឲ្យប្រទេសខ្មែរ របូតចេញពីដៃ​របស់ពួកគេផង។
          ចំណែករាជការខ្មែរដែលកាលនោះមានព្រះករុណា ស៊ីសុវត្ថិ ជាប្រមុខនោះ មានក្តីបារម្ភខ្លាំង​ឡើងៗ ដោយឃើញនូវសភាពគ្រោះថ្នាក់នៃអត្តសញ្ញាណវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន រងការគំរាមកំហែងធ្ងន់ធ្ងរទៅៗ ដោយសារកុលបុត្រខ្មែរ ជាពិសេសព្រះសង្ឃទៅសិក្សាភាសាបាលី​ គម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនា នៅប្រទេសសៀម។ រាជការខ្មែរក៏មានបំណងចង់ឲ្យប្រទេស​ កម្ពុជាមានឯករាជ្យផ្នែកវប្បធម៌និងអក្សរសាស្ត្រឡើត។
         នៅឆ្នាំ១៩០៩ តំណាងរដ្ឋការបារាំង, ក្សត្រខ្មែរព្រះបាទ ស៊ីសុវត្ថិ និងសម្តេចព្រះសង្ឃរាជ និល​ ទៀង និងកុង្សីយ៍ សេនាបតីខ្មែរ បានព្រមព្រៀងគ្នា និងត្រូវបង្កើតសាលាបាលីនៅក្នុងប្រទេសកម្ពុជា ហើយគប្បីមានសាលានៅនគរវត្ត១ និងនៅវិហារព្រះកែវក្រុងភ្នំពេញ១
         ដោយហេតុនេះទើបសាលាបាលី ឈ្មោះថា បរមពុទ្ធវចនបរិយត្តិបាសាន ជាសាលាបាលីដំបូង​ត្រូវបានបង្កើតនៅនគរវត្ត (ខេត្តសៀមរាប) ដោយព្រះរាជប្រកាស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩០៩ ហើយមានព្រះពុទ្ធវង្ស អ៊ីង ទេពម៉ី ជាចាងហ្វាង។ កាលនោះព្រះករុណាបានប្រគល់ព្រះពន្លាមុខ​ នាគមុខនគរវត្តឲ្យបង្រៀនព្រះបរិយត្តិបានពីរឆ្នាំ។
        ដោយសារ សាលាបាលីនេះមានទីតាំងនៅឆ្ងាយពីទីក្រុង ជាហេតុនាំឲ្យដំណើរការមិនបានល្អ​ហើយក៏ត្រូវបានបិទទៅវិញនៅថ្ងៃទី៦មិថុនា ឆ្នាំ១៩១១។
        ដោយបានរៀនសូត្រនូវបទពិសោធន៍បរាជ័យកន្លងមក ទើបនៅឆ្នាំ១៩១៤ សាលាបាលី១ទៀត​ត្រូវបានបង្កើតឡើង នៅភ្នំពេញ ហើយមានឈ្មោះថា អរមពុទ្ធវចនបរិយត្តិមន្ទីរ (បរមពុទ្ធវចនបរិ​យត្តិមន្ទីរ) តាមប្រកាសលេខ៨៥ ចុះថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ១៩១៤ ក្រោមព្រះរាជូបត្ថម្ភនៃព្រះករុណាព្រះ​បាទ ស៊ីសុវត្ថិ។ ព្រះករុណា បានប្រទានមន្ទីរព្រះសទ្ធម្ម និងថែវភាគខ្លះនៃវិហារព្រះកែវបរកត ធ្វើជា​កន្លែងសិក្សាភាសាបាលីបណ្តោះអាសន្ន។ សាលាបាលីនេះ ដំបូងឡើយមាន៣ថ្នាក់ ហើយបាន​ចាប់ផ្តើមបើកសម្ពោធនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីព្រះករុណា ស៊ីសុវត្ថិ និង តំណាងរដ្ឋការបារាំង។ ស្ថាប័ននេះបង្រៀនភាសាបាលី, សំស្រ្កឹត, ឡាតាំងនិងសៀមមកជា​ភាសាខ្មែរ។
         រាជការខ្មែរបានចេញសរាចរលេខ៤ ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩១៦ ហាមឃាត់ភិក្ខុ សាមណេរ និងគ្រហស្ថខ្មែរកុំឲ្យទៅសិក្សាព្រះត្រៃបិដកនៅប្រទេសក្រៅ​ (សំដៅជាពិសេសប្រទេសសៀម) ហើយបានជំរុញឲ្យមកសិក្សានៅសាលាបាលីរបស់ខ្មែរនៅភ្នំពេញវិញ។ ខែមេសា​ ឆ្នាំ១៩២២ សាលាបាលីនេះបានក្លាយជាសាលាបាលីជាន់ខ្ពស់។
         គ្រឹស្តសករាជ ១៩២៦ សាលាផ្សារសួន ជាសាលាបឋមសិក្សាបារាំង-ខ្មែរ ដែលជាសាលា​ សម្រាប់កុមារីត្រូវបានរាជការយកធ្វើជាសាលាបាលីជាន់ខ្ពស់រហូតមកដល់សព្វថ្ងៃ។
         តាំងពីសាលានេះកើតមក មានព្រះសង្ឃជាច្រើនបានបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ ហើយ​ព្រះសង្ឃជាច្រើនបានទទួលសញ្ញាបត្រ ដែលផ្តល់នូវគុណភាពយ៉ាងគាប់ប្រសើរជាពេលមុនៗ។ នៅតាមវត្តអារាមនានា បើទោះជាមានវត្តខ្លះត្រូវបានហួងហែងដោយគំនិតបុរាណនិយមជ្រុលក្តី ក៏​ព្រះសង្ឃភាគច្រើនមានក្តីសោមនស្ស ហើយចៅអធិការតាមវត្តធំៗបានសំណូមពរឲ្យបង្កើតសាលា​ បាលីរងនានានៅតាមវត្តរបស់ខ្លួន និងឲ្យមានការតែងតាំងព្រះសង្ឃដែលបានរៀនចប់ពីសាលា​បាលីជាន់ខ្ពស់ ទៅបង្ហាត់បង្រៀននៅទីនោះ។ ដោយហេតុនេះ តាមរយៈសាលាបាលីនេះ ទ្រឹស្តី​ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
         សាលាបាលី បានក្លាយទៅជាទីប្រជុំអ្នកប្រាជ្ញជាតិខ្មែរដែលបានបង្រៀនទាំងវិជ្ជា ផ្លូវលោក និងផ្លូវធម៌ និងភាសាបាលី, សំស្រ្កឹត, បារាំង, ឡាតាំង,សៀម, ឡាវ។
         ពីឆ្នាំ១៩២២ ដល់ ឆ្នាំ ១៩៥៤ សាលានេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាលាបារាំង​ចុងបូព៌ា ហើយកាលនោះសាលានេះមានតែ៤ថ្នាក់ប៉ុណ្ណោះ។
         ថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ១៩៤៨ សាលាបាលីជាន់ខ្ពស់នេះ ត្រូវបានរដ្ឋបាលបារាំងប្រគល់មកឲ្យ​រដ្ឋាភិបាលខ្មែរជាអ្នកគ្រប់គ្រងវិញ។
         មុនទសវត្ស៍១៩៣០ សាលាពុទ្ធិកបឋមសិក្សា មិនទាន់បើកជាផ្លូវការនៅឡើយ លុះឆ្នាំ១៩៣៣ សាលាបាលីរង ត្រូវបានបើកទូទាំងប្រទេស ហើយនៅឆ្នាំ១៩៥៧ បានផ្លាស់ឈ្មោះមកជា សាលា​ពុទ្ធិកបឋមសិក្សា មាន៣៧៤សាលា ហើយនៅក្នុងសម័យសង្គមរាស្ត្រនិយម បាកកើតឡើងដល់​ទៅ៦៦៧សាលា។ ទោះយ៉ាងណាសាលាបាលីជាន់ខ្ពស់គ្រានោះមានតែមួយគត់នៅឡើយ។
        តាមព្រះរាជប្រកាសលេខ២៦៥ ន.ស ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៥៥ បង្គាប់សាលាបាលីជាន់​ខ្ពស់មាននាមថា គ្រឹះស្ថានមធ្យមសិក្សានៃពុទ្ធសាសនា ហើយព្រះរាជប្រកាស លេខ ៣៨៨ ន.ស ចុះថ្ងៃទី៤ កក្កដា ឆ្នាំ១៨៥៥ បានប្រែឈ្មោះទៅជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតវិញ។
        ព្រះរាជក្រឹត្យលេខ ២៦៥ ន.ស ចុះថ្ងៃទី១៨ ឧសភា ១៩៥៥ រៀបចំឲ្យមានពុទ្ធិកមធ្យមសិក្សា និងរៀបចំឡើងវិញនូវកម្មវិធីសិក្សាសាជាថ្មី ក្នុងបំណងផ្សព្វផ្សាយមធ្យមសិក្សា និងដើម្បីបណ្តុះ​ បណ្តាលសិស្សសម្រាប់ត្រៀមខ្លួនចូលរៀនមហាវិទ្យាល័យពុទ្ធសាសនា។
       ឆ្នាំ១៩៥៣ សម្តេចព្រះពោធិវ័ង្ស ហួត តាត (ជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់សម្តេច ព្រះមហាសង្ឃ​រាជ ជួន ណាត) ក្នុងឋានៈជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ បាននិមន្តទៅធ្វើទស្សនកិច្ចនៅ​ប្រទេសឥណ្ឌា ស្រីលង្កា និងប្រទេសសៀមរយៈពេល១ខែគត់ ដោយមានការគាំទ្រពីរាជការខ្មែរ​សម្តេចនរោត្តម សីហនុ ដើម្បីពិនិត្យមើលការសិក្សាព្រះពុទ្ធសាសនានៅបណ្តាប្រទេសទាំងនោះ។ លុះត្រឡប់មកវិញ ព្រះអង្គបានរាយការណ៍ថ្វាយព្រះប្រមុខរដ្ឋខ្មែរ សីហនុ ដោយប្រៀបធៀបពុទ្ធិក​សិក្សានៅបណ្តាប្រទេសទាំងនោះ និងនៅប្រទេសកម្ពុជា។ ព្រះករុណាបានបញ្ជាក្រសួងធម្មការឲ្យ​ចាត់ការពិនិត្យដោយរួសរាន់។ ក្រសួងនេះបាន ចាត់តាំងគណៈកម្មការ១ ដោយមានរដ្ឋមន្ត្រី សម្តេច​ព្រះសង្ឃនាយកទាំងពីគណៈ និងបញ្ញវ័ន្តមួយចំនួនទៀត ដើម្បីពិនិត្យមើលរបាយការណ៍របស់​សម្តេចព្រះ ពោធិវ័ង្ស ហួត តាត ។ គណៈកម្មការនេះក្រោយមកបានព្រមព្រៀងគ្នាថា និងបង្កើតពុទ្ធិ​កមហាវិទ្យាល័យមួយដែលមានឈ្មោះថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ រួចបាននាំយក​សេចក្តីព្រមព្រៀងនេះទៅទូលថ្វាយសម្តេច សីហនុ ។​ ដោយសារព្រះអង្គរជាព្រះអគ្គពុទ្ធសាសនូ​បត្ថម្ភស្រាប់ផងនោះ ទ្រង់មានព្រះទ័យរីករាយក្រៃពេក។
        បន្ទាប់ពីគណៈរដ្ឋមន្ត្រី រដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជាណាចក្រ បានជំនុំព្រមព្រៀងគ្នារួច​មក​សម្តេចសីហនុ បានយល់ព្រម និងបានចេញព្រះរាជក្រឹត្យលេខ ៨៧៩ ន.ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ​១៩៥៤ ឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យនៅកម្ពុជទេស មានឈ្មោះថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហ​នុរាជ គឺប្រើព្រះនាមរបស់ព្រះអង្គ។
         សាលានេះ មានទីតាំងនៅក្នុងផ្សារសួនចាស់ ដែលជាព្រះរាជអំណោយរបស់ព្រះអង្គ នៅជ្រុង​វិធីឧកញ៉ាឈុននិងតិរវិថីស៊ីសុវត្ថិពោលគឺខាងជើងសាលាបាលីជាន់ខ្ពស់។
         ចាប់ពីពេលនោះមក សាលាបាលីបានប្រសូតនូវបណ្ឌិតអក្សរសាស្រ្តជាច្រើន។ វិស័យសិក្សា​ព្រះពុទ្ធសាសនាបានស្គាល់នូវវឌ្ឍនភាពយ៉ាងអស្ចារ្យ។ សញ្ញាបត្រមានកិត្តិនាមល្បីល្បាញយ៉ាង​ខ្ទរ​ខ្ទារនៅតាមបណ្តាប្រទេសក្នុងតំបន់។
           ថ្ងៃ១៨មីនា ១៩៧០ ឧត្តមសេនីយ៍៍ លន់ នល់, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និងអ៊ិនតាំ បាន​ដឹកនាំរដ្ឋប្រហារមួយទម្លាក់សម្តេច នរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ ដោយចោទព្រះអង្គ​ថា បានអនុញ្ញាតឲ្យវៀតណាមខាងជើងប្រើប្រាស់ទឹកដីខ្មែរ ធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង​១, អំពើពុករលួយនៃមនុស្សនៅជុំវិញព្រះអង្គ១ និងភាពផ្តាច់ការរបស់ព្រះអង្គ១។
          ព្រឹត្តិការណ៍នេះ បានរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមទូទាំងប្រទេស។ វិស័យសិក្សាព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតបានធ្លាក់ចុះក្នុងឪនភាពជាលំដាប់។
          ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានកាន់កាប់ដោយពួកខ្មែរក្រហម ការប្រតិបត្តិព្រះពុទ្ធ​សាសនាត្រូវបានហាមឃាត់, ពុទ្ធិកសិក្សាទាំងថ្នាក់បឋម ថ្នាក់មធ្យម និងថ្នាក់ឧត្តម ត្រូវបានបិទទ្វារ​ទាំងស្រុង។
         ថ្ងៃទី៧ មករា ១៩៧៩ ពួកខ្មែរក្រហមត្រូវបានបណ្តេញចេញពីអំណាចដោយកងទ័ពវៀត​ណាម និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ វិស័យព្រះពុទ្ធសាសនាត្រូវបានដំណើរការឡើង​វិញ។
        ឆ្នាំ១៩៨៩ លេខាមជ្ឈិមបក្សនៃរដ្ឋកម្ពុជា ប្រកាសលេខ២៩២ ដ.ខមប ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ អនុញ្ញាតឲ្យបើកពុទ្ធិកបឋមសិក្សាឡើងវិញ។ ឆ្នាំ១៩៩២ រដ្ឋសភាបានអនុម័តច្បាប់បង្កើត​ក្រសួងធម្មការឡើងវិញ ដើម្បីគ្រប់គ្រង និងដឹកនាំវិស័យសាសនា វិស័យពុទ្ធិកសិក្សានិងស្តារឡើង​វិញនូវពុទ្ធសាសនបណ្ឌិត្យ។
        ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩២ រដ្ឋាភិបាលបានប្រកាសឲ្យក្រសួងធម្មការបង្កើតឡើងវិញនូវពុទ្ធិក​ សិក្សាហើយពុទ្ធិកមធ្យមសិក្សាដែលត្រូវបានបង្កើតឡើងវិញនេះ ដំបូងឡើយធ្វើនៅទីក្រុងភ្នំពេញ គឺ​ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ បន្ទាប់ពីនោះមក សាលាពុទ្ធិសិក្សានានាត្រូវបានបើកជាបន្តបន្ទាប់ទូ​ទាំងប្រទេសដូចជា នៅខេត្តបាង់ដំបង, ព្រៃវែងនិងកំពង់ចាមជាដើម។
        សំណើរលេខ ៧៤៣/៩៦ ក.ធ.ស ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៦ សុំបើកពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជឡើងវិញ។ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩៧ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវ​បានអនុញ្ញាតឲ្យបើកឡើងវិញតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧។
        តាមអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០០៦ បានប្តូរពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ ទៅជា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលក្នុងនោះមានដូចជា ពុទ្ធិកមហា​វិទ្យាល័យទស្សនវិជ្ជា និងសាសនា, ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា, ពុទ្ធិក​មហាវិទ្យាល័យ បាលី-សំស្រ្កឹត និងភាសាបរទេស, ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ  ជាពិសេសផ្នែក​អក្សរសាស្ត្រ។
         សាលាបាលី ឬសាលាពុទ្ធិកសិក្សាទាំងនេះ បានបំពេញតួនាទីយ៉ាងសំខាន់ក្រៃលែងសម្រាប់​ព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់វប្បធម៌ និងអក្សរសាស្ត្រជាតិ ហើយបានបណ្តុះឲ្យមានសមណៈ​ និស្សិតថ្នាក់បរិញ្ញាបត្រជាច្រើនអង្គជារៀងរាល់ឆ្នាំ។
          ស្ថាប័នដែលជាដៃគូដ៏ប្រសើរបំផុតរបស់សាលាបាលី ឬសាលពុទ្ធិកសិក្សា គឺព្រះរាជបណ្ណា​ល័យ និងមន្ទីរ/វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ស្ថាប័នទាំង៣នេះត្រូវបានគេមើលឃើញថា ជាត្រី​មុម (ជ្រុង៣) សម្រាប់វប្បធម៌និងអក្សរសាស្រ្តជាតិខ្មែរតាំងពីសម័យអាណានិគមន៍បារាំងរៀងមក។
          ព្រះរាជបណ្ណាល័យ ត្រូវបានបង្កើតឡើងតាមប្រកាសចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩២៥។ ប៉ុន្តែ​ ដើមឡើយបណ្ណាល័យនេះមានឈ្មោះថា «ខេមរបណ្ណាល័យ» បង្កើតឡើងតាមព្រះរាជប្រកាសចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩២១​ ហើយត្រូវបានប្រគល់ទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរពុទ្ធ​ សាសនបណ្ឌិត្យ និងបានប្រែឈ្មោះថា «បណ្ណាល័យនៃពុទ្ធសាសនបណ្ឌិត្យ» តាមរាជប្រកាសចុះ​ថ្ងៃ​ទី១១ ខែកុម្ភៈ១៩៤៣។ ចំណែកមន្ទីពុទ្ធសាសនបណ្ឌិត្យ ឬវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​បង្កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ១៩៣០។


ដកស្រង់ពីឯកសារស្រាវជ្រាវរបស់សាស្ត្រាចារ្យ ស៊ិន សុវណ្ណនិ ទំព័រ២៦

0 comments: