អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Saturday, November 16, 2013

ហេតុផល​ទាំង​២៤ ដែល​ចាំបាច់​ត្រូវ​ក្លាយ​ជា​គ្រូ​បង្រៀន

ប្រសិនជាអ្នកមិនដឹងថា តួនាទីរបស់អ្នកដែលត្រូវក្លាយជាគ្រូបង្រៀន មានលក្ខណៈរបៀបណាទេ អ្នកនឹងមិនអាចប្រកប​វិជ្ជាជីវះរបស់ខ្លួនដោយល្អប្រសើរបានឡើយ ទោះសម្រាប់ថ្ងៃនេះឬទៅអនាគតក៏ដោយ។ ជាពិសេសកូនសិស្សទាំងឡាយ មករៀនពីអ្នក ភាគច្រើនណាស់ដែលគ្រាន់តែចាំមើលគំរូពីអ្នកតែប៉ុណ្ណោះ។ តើអ្នកដឹងថា ដើម្បីក្លាយជាគ្រូបង្រៀន តើត្រូវ​បំពេញនូវលក្ខខ័ណ្ឌអ្វី​ខ្លះ​ និងយ៉ាងដូចម្ដេចឬទេ?

គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)
រាជធានីភ្នំពេញ (ផ្សាយឡើងវិញ) - ការបង្រៀន គឺជាតម្រូវការដ៏ពិសេសមួយរបស់មនុស្ស។ ប៉ុន្តែវាមិនមែនជាមុខរបរ ដែលសក្តិសមចំពោះមនុស្សគ្រប់គ្នាឡើយ។ ជាក់ស្តែងមានគ្រូបង្រៀនថ្មីៗជាច្រើន បានសម្រេចលាឈប់​ពីការងារ​បង្រៀន​របស់ខ្លួនក្រោយរយៈពេល ២ ទៅ ៣ ឆ្នាំ ដំបូងនៃការបង្រៀនរបស់ខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ការបង្រៀន​ក៏ត្រូវបានគេមើលឃើញ ពីផល តបស្នងជាច្រើនត្រលប់មកវិញដែរ នៅក្នុងពេលដំណាលគ្នា​នៃការប្រកបអាជីព​ជា​គ្រូ​បង្រៀននេះ។ ក្មេងៗ និងមនុស្ស ទាំងអស់ នៅលើពិភពលោកមិនថាតែសិស្សសាលារដ្ឋ ឬឯកជនឡើយ តែងពឹងផ្អែកជា​សំខាន់ទៅលើ អ្នកដែលមាននាទី ជាគ្រូបង្រៀន និង បណ្ណារក្ខ ។
ហេតុផល ឬផលប្រយោជន៍នៃការប្រកបអាជីពជាគ្រូបង្រៀន មានដូចខាងក្រោម ៖
១. ដើម្បីជួយផ្តួចផ្តើម ឬបណ្តុះពន្លកនៃការចេះដឹងរបស់ក្មេងៗ។
២. ដើម្បីអនុវត្តនូវគុណធម៌ដ៏មានតម្លៃបំផុតបីយ៉ាងនៅក្នុងជីវិតរបស់ពួកគេ រួមមានដូចជា សន្តានចិត្តល្អ ភាពអត់ធ្មត់ និង ការយល់ដឹង ។
៣. ដើម្បីទទួលនូវបទពិសោធន៍នៃភាពរីករាយដែលកើតចេញពីការឃើញក្មេងៗ រៀនអាន សរសេរ និងធ្វើកិច្ចការ ដែល​គ្រូបានដាក់ឲ្យ ដូចជា គណិតវិទ្យា តែងសេចក្តី និពន្ធរឿង តែងកំណាព្យ ឬចម្រៀងជាដើម ព្រមទាំងការ តម្រែ តម្រង់ ពួក​គេឲ្យស្ថិតនៅលើគន្លងមួយឆ្ពោះទៅកាន់ភាពជោគជ័យទាំងការសិក្សា និង ទាំងឆាកជីវិតរបស់ពួកគេ។
៤. ដើម្បីចែករំលែក នូវសេចក្តីស្រលាញ់របស់អ្នក លើការសិក្សាពីចិត្តសាស្រ្តរបស់ក្មេងៗ និង ជួយសិស្សានុសិស្ស ឲ្យរក​ឃើញនូវសក្តានុពលរបស់ពួកគេ ។
៥. ដើម្បីបានមើលឃើញពីពិភពលោកថ្មីមួយដែលកើតចេញពីការយល់ដឹងរបស់ក្មេងៗ ឬដើម្បីបានរៀននូវអ្វីដែលថ្មី ត្រលប់មកវិញ៖ នៅពេលបង្រៀន ព្រមទាំងបានរៀនអ្វីមួយមកវិញពីពួកគេទាំងនោះ។ ការបង្រៀនអ្នកដទៃ គឺធ្វើឲ្យ លោកអ្នក មានឱកាសបានរៀនសូត្រលើប្រធានបទថ្មីៗ បានយ៉ាងប្រសើរជាង កិច្ចការងារផ្សេងទៀត។ នៅពេលដែល លោកអ្នកកំពុងតែធ្វើការងារណាមួយ ហើយបន្ទាប់មកលោកអ្នកមានឱកាសបង្ហាត់បង្រៀនអ្នកដទៃ គឺមានន័យថា លោកអ្នកនឹងបានយល់កាន់តែច្បាស់ ពីកិច្ចការទាំងនោះ។ បើលោកអ្នកចង់ច្បាស់លាស់ នូវមុខវិជ្ជាដែលលោកអ្នក នឹងត្រូវរៀននៅថ្នាក់បណ្ឌិត លោកអ្នកគួរតែចំណាយពេលប្រឡូកនឹងការងារទាំងនោះ ឲ្យបានមុនយ៉ាងតិច៣ឆ្នាំ ទើបជាការប្រសើរ ។
៦. ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ទៅកាន់ភាពប្រសើរថ្លៃថ្លា ដូចៗគ្នា ក្នុងមួយឆាកជីវិតរបស់ក្មេងៗ ដូចដែលលោកគ្រូ អ្នកគ្រូ របស់លោកអ្នកធ្លាប់បានផ្តល់ ចំពោះលោកអ្នកកាលពីមុនមក ។
៧. ដើម្បីឲ្យជីវិតកាន់តែមានការអភិវឌ្ឍជាងមុន៖ ការបង្រៀន មិនត្រឹមតែធ្វើឲ្យលោកអ្នក មានការអភិវឌ្ឍ នៅថ្ងៃនេះ ប៉ុណ្ណោះទេ តែវាក៏មានសារប្រយោជន៍ខ្លាំងក្លាណាស់ដែរ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។
៨. ដើម្បីជួយឲ្យក្មេងៗ យល់ដឹងពីវិសាលភាពនៃវប្បធម៌ និងតម្លៃនានាដែលធ្វើឲ្យប្រទេសយើង មានសភាព កាន់តែ រឹងមាំ និងមោទនភាពជាងមុន ។
៩. ដើម្បីបានបម្រើក្មេងៗ មនុស្សនៅក្នុង សហគមន៍ ប្រទេសជាតិ និង ពិភពលោករបស់លោកអ្នក ។
១០. ដើម្បីកែប្រែសេចក្តីស្រលាញ់ នៃការរៀនសូត្ររបស់លោកអ្នក ទៅជាសេចក្តីស្រលាញ់ខាងការបង្រៀន ឬការចែក​ចាយចំណេះ ទៅវិញ ។
១១. ដើម្បីបានចែករំលែកនូវចំណង់ ឬសេចក្តីប៉ងប្រាថ្នារបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានចំណូលចិត្ត ចង់​ឃើញ​ក្មេងៗធំឡើង ជាមួយនឹងការចេះដឹង លោកអ្នកត្រូវតែធ្វើខ្លួនលោកអ្នក ឲ្យក្លាយទៅជាគ្រូបង្រៀនដ៏ល្អម្នាក់ នៅក្នុងថ្នាក់រៀន សហគមន៍ ឬក៏នៅក្នុងពិភពលោករបស់លោកអ្នក ។
១២. ជួយបង្កើនឲ្យសិស្សានុសិស្សកាន់តែមានសក្តានុពលខ្លាំងឡើង៖ បើទោះណាជាសិស្សានុសិស្ស មិនបានទទួល ភាព​ជោគជ័យ នៅក្នុងការសិក្សារបស់ខ្លួនទាំងអស់គ្នាក៏ដោយ ក៏គ្រូបង្រៀននៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជម្រុញ​ឲ្យ​សិស្សានុសិស្ស កាន់តែមានសក្តានុពលខ្លាំងឡើង ជាងមុនជាលំដាប់ មិនថាតែ ចំណេះដឹង ការលត់ដំ អត្តចរិត សីលធម៌ ទេពកោសល្យ ឬគំនិតបង្កើតថ្មី...។ល។ ព្រោះថា សិស្សខ្លះបានទទួលជោគជ័យក្នុងជីវិត នៅកំឡុងពេលដែលកំពុង​រៀន​សូត្រជាមួយគ្រូ ឯសិស្សខ្លះទៀត មានភាពជោគជ័យនៅក្រោយ ពេលចេញពី សាលារៀន ឬចាកចេញពីគ្រូទៅ ដែល​ទ្រព្យវិជ្ជា និង ចរិយាសម្បត្តិ ទាំងប៉ុន្មានសុទ្ធតែគ្រូបង្រៀន បានផ្តល់ឲ្យ ទាំងអស់ នៅពេលដែលពួកគេកំពុងសិក្សា​នៅ​ឡើយ ។
១៣. ដើម្បីជួយឲ្យសិស្សានុសិស្សឆាប់ទទួលបាននូវជ័យជំនះក្នុងជីវិត៖ ស្រដឿងគ្នានឹងលក្ខណៈខាងលើនេះដែរ ភាព ជោគជ័យរបស់សិស្ស គឺកាតាលីករដែលជួយជម្រុញឲ្យលោកគ្រូអ្នកគ្រូ នៅតែមានចិត្តចង់បន្តការបង្រៀនរបស់ពួកគាត់។ សិស្សានុសិស្សដែលមិនសូវមានការយល់ដឹងពីគំនិត បញ្ញាតិ្តនេះ ពួកគេត្រូវតែរៀនសិក្សាវាដោយខ្លួនឯង ព្រោះថា វា​ជា​មធ្យោបាយក្នុងការជួយពន្លឿន ការយល់ដឹងរបស់ពួកគេ។ ហើយនៅពេល ដែល សិស្សានុសិស្ស ឬមនុស្សណាម្នាក់​ស្ថិត​ក្នុងជំពូកមនុស្សដែលពិបាកអប់រំ (មិនអាចបង្រៀនបាន) រឿងនេះនឹងធ្វើឲ្យ លោកគ្រូអ្នកគ្រូ មានការឈឺក្បាលក្នុង​ការ​បង្រៀនមិនខាន ។
១៤. ដើម្បីទទួលបាននូវសំណើចជាប្រចាំ និងនៅតែក្មេងវ័យ៖ ការបង្រៀនសិស្ស គឺអាចធ្វើឲ្យលោកអ្នក មានឱកាស នឹង​ទទួលបាននូវសំណើចជាច្រើន ចេញពីការងារបង្រៀនប្រចាំ ថ្ងៃរបស់លោកអ្នក។ ពេលខ្លះលោកអ្នកអស់សំណើច ដោយ​ខ្លួនឯងចំពោះទង្វើរខុសឆ្គង ដោយអចេតនាណាមួយ របស់លោកអ្នកក្នុងការបង្រៀន។ ពេលខ្លះ សិស្សានុសិស្សរបស់​លោកអ្នក បានចែករំលែកសំណើចជាមួយលោកអ្នក។ ជួនកាលលោកអ្នក ឬក៏សិស្សានុសិស្ស និយាយស្តី ឬចេញ​កាយ​វិកាអ្វីមួយបែបជាកំប្លុកកំប្លែង គួរឲ្យចង់សើចទាំងអស់គ្នាដោយមិនដឹងខ្លួន ។ ក្នុងនាមលោកអ្នក ជាគ្រូបង្រៀន សូមស្វែង​រកឲ្យឃើញពីភាពកំប្លុកកំប្លែងទាំងនោះ ដើម្បីជីវិតស្រស់ថ្លារបស់លោកអ្នក ។
១៥. ដើម្បីទទួលបាននូវការឈប់សម្រាកជាក់លាក់មួយ៖ ការងារបង្រៀន គឺលោកអ្នកតែងតែ បានទទួលការឈប់ សម្រាក​ជាទៀងទាត់រៀងរាល់ឆ្នាំ។ ពេលបុណ្យជាតិនិងអន្តរជាតិម្តងៗ លោកអ្នកនឹងមានពេល ឈប់សម្រាក ឬរៀបចំ​ដំណើរ​កម្សាន្ត​ជាមួយនឹងគ្រួសារ ។
១៦. ដើម្បីទទួលការគោរពពីមនុស្សនៅក្នុងសហគមន៍៖ ការងារជាគ្រូបង្រៀន តែងតែទទួលបាន ការគោរពសរសើរ យ៉ាង​ច្រើនពីមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលលោកអ្នកធ្លាប់បានបង្រៀនតែម្តង។ សិស្ស ល្អគឺ ពួកគេមិនដែលរមិលគុណចំពោះលោកគ្រូអ្នកគ្រូរបស់ខ្លួនឡើយ ។
១៧. ដើម្បីមានឱកាសនៅជិតឯកសារ និងការអប់រំ៖ លោកអ្នកដែលស្រលាញ់ការអប់រំ ការអាន ឬការស្រាវជ្រាវ ឯកសារ អ្វីដែលសក្តិសមបំផុតសម្រាប់លោកអ្នក គឺ ការងារគ្រូបង្រៀន ។ លោកអ្នកនឹងមានឱកាស អាន ស្រាវជ្រាវ ចងក្រង ឬតែង​និពន្ធឯកសារដោយខ្លួនឯង មានឱកាសបានទទួលការបណ្តុះបណ្តាលបន្ថែម ពីសាលាលើការងារ ដែលកំពុងធ្វើ និង អាជីពថ្មីៗដែលជាប់ពាក់ព័ន្ធផ្សេងទៀត ។
១៨. ដើម្បីមានឱកាសតាមដាននៅជាមួយកូនៗរបស់លោកអ្នក៖ ការធ្វើជាគ្រូបង្រៀន គឺលោកអ្នកមានឱកាសច្រើន នៅ​ជិតកូនៗរបស់លោកអ្នក ។ លោកអ្នកមានសមត្ថភាព តាមដានការសិក្សារបស់កូនៗ ហើយក៏អាចមានឱកាស បង្ហាត់​បង្រៀន​កូនឲ្យរៀនបានពូកែជាងអ្នកដទៃផងដែរ។
១៩. ដើម្បីបានធ្វើការនៅក្នុងម្លប់ប្រកបដោយផាសុកភាព៖ ការងារគ្រូបង្រៀនភាគច្រើន គឺស្ថិតនៅក្នុងម្លប់ និងស្ថិតក្នុង​ទី​កន្លែងមួយដែលមានផាសុកភាពល្អ ។ លោកគ្រូអ្នកគ្រូច្រើនតែមានឱកាស ស្លៀកពាក់បានសមរម្យប្រកបដោយ
អនាម័យ និងគោរពតាមឯកសណ្ឋានសាលាដើម្បីធ្វើជាគំរូល្អដល់សិស្ស ។
២០. ដើម្បីទទួលបានស្ថិរភាពការងារ៖ ការងារជាគ្រូបង្រៀន គឺជាមុខរបរមួយប្រភេទដែលសង្គមត្រូវចាំបាច់ជាប្រចាំ ព្រោះ​ថាមនុស្សចាប់កំនើតឡើងជារៀងរាល់ថ្ងៃ ពួកគេត្រូវការរៀនសូត្រ និងចង់ទទួលបានការអភិវឌ្ឍ ជាប្រចាំតាមរយៈការ​អប់រំ​មួយប្រភេទនេះ។ និយោជកតែងតែចង់បាន លោកគ្រូអ្នកគ្រូទាំងឡាយណា ដែលមានបទ ពិសោធន៍ ច្រើននៅក្នុង​ការ​បង្រៀន។ ពួកគេក៏តែងតែផ្តល់ឱកាសផងដែរ ដល់អ្នកចាប់អាជីពជាគ្រូបង្រៀនក្នុងជំនាន់ ថ្មី។
២១. ជាជំហានទីមួយ នៅក្នុងការចាប់អាជីពសំខាន់ៗទាំងឡាយក្នុងសង្គម៖ អ្នកនិពន្ធ អ្នកប្រៀនប្រដៅខាងសាសនា អ្នក​នយោបាយ សិល្បៈករ អ្នកចាត់ចែងកម្មវិធី អ្នកអត្ថាធិប្បាយកម្មវិធី អ្នកកាសែត អ្នកដឹកនាំទាំងឡាយភាគច្រើន សុទ្ធតែ​ចេញ​ពីការងារជាគ្រូបង្រៀន ។ ឧទាហរណ៍ដូចជា ព្រះពុទ្ធលោកបានកាន់ការជាគ្រូបង្រៀន ដល់សព្វសត្វ ទាំងអស់ ក្នុង​រយៈពេល ៤៥ ព្រះវស្សា ។ ឯកឧត្តម ជ័យ ចាប មុននឹងបានកាន់ការជាមន្ត្រីរាជការ ដ៏សំខាន់ មួយរូបនាពេលនេះ ក៏ព្រោះ​តែលោកធ្លាប់ជាគ្រូបង្រៀន ប្រកបដោយបទពិសោធន៍ ខ្ពស់អស់រយៈពេល ជាច្រើនឆ្នាំ និង ធ្លាប់ជាអ្នកល្បីល្បាញ ខាង​កិច្ចការតែងនិពន្ធ ជាពិសេសចម្រៀង និង កំណាព្យ ។
២២. ដើម្បីជួយមនុស្សបានច្រើននានា៖ គ្រូបង្រៀន គឺជាបុគ្គលមួយរូប ដែលមានឱកាសច្រើនជាងគេ ក្នុងការជួយ​ស្រោច​ស្រង់មនុស្ស បង្ហាញផ្លូវត្រូវដល់មនុស្សគ្រប់ប្រភេទ ដោយគ្មានការរើសអើង។ បើទោះណា ជាពេលខ្លះ លោកមិនសូវជា​មានធនធានច្រើនយ៉ាងណាក៏ដោយ ក៏លោកនៅតែមានឱកាសជួយសិស្សរបស់ខ្លួន ទៅកាន់ភាពថ្កុំថ្កើងរុងរឿងបានដែរ តាមរយៈការបង្រៀន ការផ្ទេរចំណេះដឹងរបស់ខ្លួន បានទៅដល់សិស្សានុសិស្ស គ្រប់ៗគ្នា ។
២៣. ដើម្បីបង្កើនកម្លាំងពលកម្មដ៏រឹងមាំរបស់ជាតិ ក៏ដូចជាពិភពលោកទាំងមូល៖ គ្រូបង្រៀន គឺជាមាតាបីតាទី២របស់ សិស្សា​នុសិស្ស ដែលមានអានុភាពខ្លាំងក្លាបំផុត ខាងការពង្រឹងសមត្ថភាពចេះដឹងរបស់សិស្ស ដើម្បីដើរឲ្យទាន់ នឹងតម្រូវ​ការ ទីផ្សារការងាររបស់ជាតិ ក៏ដូចជាពិភពលោក ។
២៤. ដើម្បីបំពេញជាមនុស្សដែលមានអរិយធម៌ខ្ពស់របស់ជាតិក៏ដូចជាពិភពលោក៖ បុគ្គលដែលម្នាក់ៗ មិនដែលគេចផុត​ការងារជាគ្រូបង្រៀនឡើយ។ ព្រោះថា មនុស្សយើង គឺជាសត្វដែលមានប្រាជ្ញាខ្ពស់ជាងសត្វផ្សេងទៀត។ មនុស្ស​មាន​សមត្ថភាព អាចផ្ទេរមត៌កអ្វីៗដែលខ្លួនធ្លាប់មាន មុនពេលខ្លួនលាចាកលោកនេះទៅ។ បើមនុស្សមិនធ្លាប់ បានដើរតួនាទី​ជាគ្រូបង្រៀនគេទេ នោះមនុស្សមិនទាន់បានបំពេញភារកិច្ច ជាសត្វដែលមានប្រាជ្ញា លើសគេបាន ឡើយ ៕
(សូមរងចាំអាន វគ្គបន្ត)

៥ចំណុច ដែល​ជួយ​ឲ្យ​កូន​លោក​អ្នក ចូលចិត្ត​«អាន​សៀវភៅ»

ឪពុកម្តាយតែងមាន វិធីសាស្ត្រល្អជានិច្ច សម្រាប់ណែនាំឲ្យកូនៗ ចូលចិត្ត និងពូកែអានសៀវភៅ ។ តើឪពុកម្តាយ នៅ ប្រទេសជឿនលឿនមាន វិធីសាស្ត្រអ្វីខ្លះដែលអាចជួយឲ្យ កូនៗពូកែខាងការអានសៀវភៅ? ដើម្បីជាគតិ ដែលអាច​ជួយឲ្យកូនៗ ពូកែខាងការអានសៀវភៅ មនោរម្យព័ងអាំងហ្វូ សូមប្រែសម្រួលជូន ដោយដកស្រង់ ពីឯកសារមួយចំនួន​ដែលរៀបរាប់ថា ប្រជាជននៅបណ្តាប្រទេសបស្ចឹមលោក និងអាស៊ីមួយចំនួនឲ្យតម្លៃលើការអានខ្លាំងណាស់។

កុមារមកអានសៀវភៅ នៅអង្គការផ្ទះបាយកុមារ ។ រូបថត MONOROOM.info/ ជា ប៊ុនធឿន
រាជធានីភ្នំពេញ - ដើម្បីឲ្យកូនៗលោកអ្នក ពូកែខាងការអានសៀវភៅ៖
១. ត្រូវចេះដឹកនាំពួកគេ ឲ្យធ្វើទស្សនៈកិច្ច ក្នុងបណ្ណាល័យ ឲ្យបានញឹកញាប់៖
ព្រោះ បណ្ណាល័យទាំងឡាយ បានផ្គត់ផ្គង់សៀវភៅច្រើនប្រភេទ សម្រាប់ឲ្យកូនៗលោកអ្នកបានអាន។ មិនតែប៉ុណ្ណោះ បណ្ណាល័យ គឺជាកន្លែងសម្រាប់សិក្សា ស្រាវជ្រាវរៀនសូត្រ និង ជាន្លែងដែលអាចលាតត្រដាងនូវរឿងរ៉ាវ ច្រើនប្រភេទ តាមរយៈសៀវភៅនានាដល់ អ្នករាល់គ្នាដោយ មិនរើសមុខ និងមិន ប្រកាន់ពេលវេលា។ នៅពេលលោកអ្នកបាន ជូន​កូនៗទៅទស្សនកិច្ច បណ្ណាល័យ លោកអ្នកគួរស្នើសុំបណ្ណារក្ខ ឲ្យជួយ ធ្វើបណ្ណសមាជិកបណ្ណាល័យ ដល់កូនៗរបស់ លោកអ្នក ។ ប៉ុន្តែក្នុងករណីដែល លោកអ្នក មិនបានស្នើសុំបណ្ណសមាជិក របស់បណ្ណាល័យ ដល់កូនៗនៅឡើយទេ លោកអ្នកអាចប្រើប្រាស់ បណ្ណសមាជិកបណ្ណាល័យ របស់លោកអ្នកជំនួសមួយ ពេលសិនក៏បាន ។
២. ត្រូវចេះណែនាំពួកគេ ឲ្យស្គាល់ បណ្ណារក្ខឲ្យបានច្បាស់៖
ពេលបានទៅដល់ បណ្ណាល័យហើយ លោកអ្នកដែល ជា ឪពុកម្តាយ និងអាណាព្យាបាល គួរណែនាំខ្លួនលោកអ្នក និង​កូនៗឲ្យបណ្ណារក្ខបានស្គាល់ ។ ព្រោះថា បណ្ណារក្ខអាចជួយ ជ្រើសរើសសៀវភៅដែលល្អ បំផុតសម្រាប់លោកអ្នក និង​កូនៗបាន ។ សៀវភៅដែលបណ្ណារក្ខ លោក អាចនឹងណែនាំ មានដូចជា រឿងព្រេង រឿង កំប្លែង កំណាព្យ ពាក្យស្លោក សុភាសិត សៀវភៅចិត្តសាស្ត្រ-សុខភាព-សុភាវ ធម៌-សុជីវធម៌-សីលធម៌-ច្បាប់-វប្ប ធម៌ ....។ មិនតែប៉ុណ្ណោះ បណ្ណារក្ខ លោកថែមទាំងអាចជួយ បង្ហាញនូវ កម្មវិធីផ្សេង ទៀត ព្រមទាំង សេវាដែលផ្តល់ដោយ បណ្ណាល័យទៀតផង ។
៣. ត្រូវចេះបង្កើនឯកសារអ្វី ដែលទាក់ទងដល់ ការកម្សាន្តបែបអប់រំ បន្ថែមទៅលើសៀវភៅ ដែលមានស្រាប់៖
បន្ថែមពីការណែនាំ ឲ្យកូនៗចូលចិត្តអានសៀវភៅ។ដើម្បី ឲ្យតម្លៃសៀវភៅ និងបណ្ណាល័យមាន លក្ខណៈកាន់ តែប្រសើរ ថែមទៀតនោះ ។ លោកអ្នកគួរតែ មានការថតចម្លងទុក ប្រើប្រាស់ ជាខ្សែអាត់សម្លេង ខ្សែអាត់រូបភាព ដែលមានចលនា ដែលទាក់ទងនឹងរឿងរ៉ាវ ក្នុងសៀវភៅទាំងនោះ ។ ក្រៅពីនោះ លោកអ្នកក៏អាចស្វែងរក សៀវភៅ ដទៃទៀតក្រៅពី ភា សាខ្មែរ ដូចជាភាសាអង់គ្លេសផងដែរ ព្រមទាំងកម្មវិធីដែលអាចជួយកូនៗ លោកអ្នកកាន់តែមាន ភាពស្ទាត់ជំនាញ ខាង ការសៀវភៅរបស់ពួកគេ ។ នៅខណៈដែលលោកអ្នកត្រូវការជំនួយ សម្រាប់ខ្លួនលោកអ្នក និងគ្រួសារ សូមស្វែង យល់ ពីបណ្ណារក្ខនូវកម្មវិធី សម្រាប់ជួយឲ្យមានការចេះអាន និងការចេះសរសេរនៅ ក្នុងចំណោះសហគមន៍ លោកអ្នក ។ មិនតែ ប៉ុណ្ណោះ លោកអ្នក ក៏អាចស្វែងយល់ ពីធនធានឪពុកម្តាយ របស់លោកអ្នកបានដែរ ។
៤. ត្រូវចេះផ្តល់ឱកាស ឲ្យកូនៗលោកអ្នកបានអាន រឿងកម្សាន្ត ៖
ក. សម្រាប់ទារក និង កូនអាយុពី ២ ទៅ ៣ ឆ្នាំ ៖ បណ្ណាល័យជាច្រើន មានម៉ោងនិទានរឿងជាក្រុម ហើយរឿងទាំងនោះ មានលក្ខណៈខ្លី ៗ សមរម្យសម្រាប់ចំណែក នៃការអភិឌ្ឍស្មារតីផ្ចង់អារម្មណ៍ របស់កុមារ ។ ក្នុងពេលនិទានរឿង សូម​ដាក់កូនតូចជាង គេរបស់លោកអ្នក នៅលើភ្លៅ ហើយរីករាយនឹងស្តាប់ ការនិទានរឿងទាំងនោះ ជាមួយគ្នា។ អ្នកនិទាន​រឿងនឹងបង្ហាញឲ្យកូនៗលោកអ្នកនូវ សកម្មភាពកាយវិការ តាមរយៈម្រាមដៃ ទឹកមុខ សម្លេង និងដំណើរ តាមចង្វាក់ភ្លេង ឬតាមលំនាំសាច់រឿងទៀតផង ។ មិនតែប៉ុណ្ណោះ អ្នកនិពន្ធ ឬបណ្ណារក្ខថែមទាំងអាចផ្តល់នូវ អត្ថប្រយោជន៍ ដល់លោកអ្នកតាមរយៈ ការខ្ចីសៀវភៅយកទៅអាន នៅផ្ទះបានថែមទៀតផង ។
ខ. សម្រាប់កុមារដែលត្រៀមចូលសាលា៖ បណ្ណាល័យអាចផ្តល់ នូវពេលវេលា សម្រាប់អានរឿងទាំងឡាយ លើសពី ២ដងក្នុងមួយសប្តាហ៍ ។ សម្រាប់ពេលមើលរឿងទាំងនេះ លោកអ្នក និងកូនៗ តែងតែអានសៀវភៅផ្សេងៗ គ្នាដែល​ទាក់ទងនឹងប្រធានបទតែមួយ ។ លោកអ្នកប្រហែល ជាអាចលេងល្បែង ច្រៀងចម្រៀង សម្តែងដោយប្រើអាយ៉ង ឬធ្វើ សកម្មភាពផ្សេង ដែលទាក់ទង នឹងប្រធានបទ ។ លោកអ្នកថែមអាច យកគំនិតពីសៀវភៅ ដែលបានអាន និងឧបករណ៍ ជំនួយនានាមកអនុវត្តន៍ ជាមួយកូនៗលោកអ្នក នៅឯផ្ទះថែមទៀតផង ។
គ. សម្រាប់សមាជិក គ្រួសារទាំងអស់៖ គ្រប់សមាជិក នៅក្នុងគ្រួសារ ពួកគេអាចអានទាំងអស់គ្នា ឬអាចនិទានរឿង ឬ​ស្តាប់ការនិទានរឿងទាំងអស់គ្នា នៅក្នុងបណ្ណាល័យ។ បណ្ណាល័យមួយចំនួន គេបានថែរក្សាទុករាល់ប្រវត្តិសកម្មភាព នៃគ្រួសារឆ្នើមៗជុំវិញ ការចូលរួមសកម្មភាពអំណាន សកម្មភាពនិទានរឿង និងសកម្មភាពសម្តែង សិល្បៈអប់រំ ក៏ដូចជា សកម្មភាពភាពយន្ត វប្បធម៌របស់បណ្ណាល័យ ។
៥. ត្រូវចេះរៀបចំឲ្យកូនមាន ឱកាសអានសៀវភៅ នៅពេលវិស្សមកាល៖
ក្រោយពីបានឈប់សម្រាក ពីការសិក្សានៅឯសាលា មួយរយៈ កុមារមួយចំនួនអាចភ្លេចនូវមេរៀន មួយចំនួនរបស់ខ្លួន ជាពិសេសពួកគេអាច នឹងភ្លេចការអាននូវមេរៀន ឬភ្លេចនូវការប្រកបនូវ ពាក្យពេចន៍មួយចំនួន ។ ព្រោះថា ពួកគេបាន ឃ្លាតឆ្ងាយ ពីសាលា និងលោកគ្រូអ្នកគ្រូរបស់ពួកគេ ។ អ្វីដែលអាចជួយឲ្យកុមា របាត់ភាពអផ្សុក អាចរំឭកមេរៀនចាស់ របស់គេបាន គឺមានតែបណ្ណាល័យ របស់ពួកគេប៉ុណ្ណោះ ។ ព្រោះថា បណ្ណាល័យអាចជួយរក្សាទុក នូវរាល់ចំណាប់ អារម្មណ៍របស់កុមារ ក្នុងការអានសៀវភៅ នារដូវក្តៅឬក្នុងពេលវិស្សមកាល។ តាមការអង្កេត ក្មេងៗនៅបឋមសិក្សា និង​មធ្យមសិក្សា ពិតជាមានចំណាប់អារម្មណ៍ក្នុងការអានសៀវភៅ ដែលទាក់ទងនឹងមុខវិជ្ជារបស់ពួកគេ ក្នុងរដូវក្តៅនេះ។ គ្រូបង្រៀន ឬបណ្ណារក្ខ អាចផ្តល់ជូននូវសៀវភៅ កំណត់ហេតុមួយក្បាល ឬសៀវភៅអំណាន មួយក្បាលសម្រាប់ជា​រង្វាន់ ពួកគេនៅពេលវិស្សមកាល ។
ចំពោះការអានឮៗឲ្យកុមារ បានស្តាប់ក៏មានសារសំខាន់ ខ្លាំងណាស់ដែរ។ ព្រោះថា វាអាចជួយឲ្យកុមារ​ ចម្រើនខាង​ការ​ស្តាប់ ការនិយាយ និងការពេញចិត្តក្នុងការអានសៀវភៅ នៅក្នុងបណ្ណាល័យ។ នៅក្នុងប្រទេសជឿនលឿនទាំងឡាយ គេច្រៀនតែបង្កើត ក្រុមអំណានសម្រាប់កុមារ ដែលមានឈ្មោះថា (អានឲ្យខ្ញុំស្តាប់) សម្រាប់ពង្រីកការចេះដឹង របស់កុមារ មុននឹងចាប់ផ្តើមចូលរៀន នៅក្នុងសាលា៕

ក្ដាម​ខ្ទិះ​លឿង​ខ្ចី​លក់​ប្រាណ​នៅ​កៀន​វត្ត

ក្ដាម​សមុទ្រ​ដែល​ស្រោច​ដោយ​ខ្ទិះ​ដូង​ ​ខ្លួន​ឡើង​ពណ៌​លឿង​រលោង មាន​ទាំង​គ្រឿង​ឈ្ងុយ​អប់​ជាប់​ពី​លើ​ផង​ លម្អ​ដោយ​ស្លឹក​ខ្លឹម​ពណ៌​បៃតង​ស្រស់​ កំពុង​បញ្ចេញ​សម្រស់​ ធ្វើ​ឲ្យ​ទប់​ចិត្ត​លេប​ទឹក​មាត់​មិន​បាន។
គ្រាន់​តែ​ខាំ​មួយ​ក្រឹប​ ជាតិ​ខ្ទិះ​​​​​​មិន​ប្រៃ​ពេក​ មិន​ផ្អែម​ពេក​​ ជ្រាប​ពេញ​អណ្ដាត។ សាច់​ក្ដាម​ពណ៌​ស​ទន់​​​ចូល​ជាតិ​សព្វ​គ្រឿង រី​ឯ​ដង្កៀប​ក្ដាម​វិញ​មាន​សាច់​ឡើង​ណែន គ្រាន់​តែ​ចាប់​កាច់​ភ្លាម​ទឹក​ខ្ទិះ​គ្រឿង​ក៏​ហូរ​ចេញ​មក។ ចំណែក​គ្រឿង​វិញ​មាន​​បង្កប់​ទៅ​​ដោយ​​​​​ខ្ទឹម​ រមៀត​ មាន​​ក្លិន​ប្រហើរ តែ​មិន​ស្កាត​ជាប់​ធ្មេញ​ ឬ​អណ្ដាត​  ញុំា​ហើយ​មិន​ទ្រាន់​សោះ។ ចុះ​មាន​អ្នក​ណា​ចូល​ចិត្ត​ជញ្ជក់​ជើង​ក្ដាម​ទេ?
ពេល​ខ្លះ​ញុំា​ទៅ​ប៉ះ​ស្លឹក​ខ្ទឹម​មួយៗ​ ពិត​ជា​បង្កើន​ឱជារស​ហិល​ប្រហើរ​តិចៗ​​ថែម​មួយ​កម្រិត​ទៀត។ ពេល​ញុំា​កុំ​ភ្លេច​យក​ខ្ទិះ​គ្រឿង​នោះ​យក​ទៅ​ស្រូប​ញុំា​ជា​មួយ​បាយ​ណា៎​ ​ព្រោះ​វា​ក៏​​ឆ្ងាញ់​ដែរ! ធានា​ថា​បាន​ញុំា​ក្ដាម​ខ្ទិះ​នេះ​ហើយ ប្រាកដ​ជា​បាយ​ឆ្ងាញ់ ​និង​​មិន​អាច​បំភ្លេច​នូវ​រសជាតិ​វា​បាន​ឡើយ។
ចង់​ភ្លក្ស​រសជាតិ​ក្តាម​ខ្ទិះ​បែប​ស្រុក​ស្រែ​នេះ​ អ្នក​អាច​ទៅ​រក​បាន​នៅ​ផ្ទះ​ហាង​ម្ហូប​ស្រែ​ក្បែរ​វត្ត​ ទល់​មុខ​វត្ត​មហា​មន្ត្រី៕

រដូវ​បុណ្យទាន​ ប្រហុក​​អាំង​​ស្រុក​​ស្រែ​​​ឡើង​​ចាង​​ហើយ​​តើ!


ប្រហុក​ខ្ចប់​ដោយ​ស្លឹក​ចេក​ស្រស់ៗ​​កំពុង​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ក្រមៅ​ដោយ​សារ​តែ​អំណាច​រងើក​ភ្លើង​ពណ៌​ក្រហម​​ បាន​​បង្ហើរ​ក្លិន​​ឈ្ងុយ​របស់ ​ខ្លួន​ទាក់​ចិត្តប្រជាជន​ខ្មែរ​ដែល​មាន​វប្បធម៌​និយម​​បរិភោគ​​ម្ហូប​​នេះ។ បើ​អ្នក​​ទ្រាន់​​នឹង​អាហារ​នៅ​រដូវ​បុណ្យ​ភ្ជុំ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​​ តោះ​ទៅ​សាក​ភ្លក្ស​​ប្រហុក​អាំង​កាត់​ខ្លាញ់​ម្តង​​មើល៍!
គ្រាន់​តែ​ហែក​កញ្ចប់​ស្លឹក​ចេក​ចេញ​ភ្លាម​ ក្លិន​ឈ្ងុយ​គ្រឿង​ប្រហុក​ និង​ស្លឹក​ក្រូច​​សើច​ហើរ​មក​ប៉ះ​ច្រមុះ​អ្នក​​មុន​គេ។​ ចំណែក​ឯ​សាច់​ប្រហុក​វិញ​ពណ៌​លឿង​ស្រស់​ ហើយ​ត្រប់​ពុត​លំញង​​សម្ងំ​លាក់​ខ្លួន​ពួន​យក​ជាតិ​អប់​​ក្លិន​ក្នុង​ប្រហុក ​អាំង​នោះ​តែ​ម្ដង។ ដាក់​ទឹម​នឹង​​អន្លក់​បៃតង​ស្រស់​ខ្ចី ប្រហុក​អាំង​បែប​ស្រែ​​កំពុង​អន្ទង​ចិត្ត​អ្នក​ញុំា​ ឃើញ​ហើយ​លេប​ទឹក​មាត់​មិន​ញុំា​មិន​បាន​​ទេ។
គ្រាន់​តែ​ហៀប​​ដាក់​ចូល​ទៅ​ក្នុង​មាត់​​​ ក្លិន​ឈ្ងុយ​ងប់​​ពេញ​ច្រមុះ​តែ​ម្ដង​​។ សាច់​ប្រហុក​ និង​សាច់​ជ្រូក​ជញ្ជ្រំ​ចូល​ជាតិ​គ្នា​បាន​ល្អ គ្មាន​ឆ្អឹង មិន​ស្កាត​ ហើយ​រស​ជាតិ​មិន​ប្រៃ​ពេក​ និង​មិន​ជូរ​ពេក។ ទំពា​ក្រឹបៗ​ប៉ះ​នឹង​គ្រាប់​ក្រសាំង​មួយៗ ហើយ​ប៉ះ​នឹង​អន្លក់​ត្រួយ​ខ្ចី​ស្រួយ​ស្រឹប​ទៀត​ រឹត​បង្កើន​រស​ជាតិ​ ​និង​មាន​អារម្មណ៍​ថា​កំពុង​ញុំា​អាហារ​បែប​ស្រុក​ស្រែ​ថ្មីៗ​ និង​ស្រស់​អីចឹង!
អ្នក​ស្រី​ កុក​ លក្ខណា ម្ចាស់​តូប​​ម្ហូប​ស្រែ​ក្បែរ​វត្ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រហុក​អាំង​នេះ​គឺ​ប្រើ​ប្រាប់​ប្រហុក​សាច់​ត្រី​កំភ្លាញ​មក​ពី​សៀម​រាប ហើយ​គ្មាន​ឆ្អឹង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​បាន​យ៉ាង​ជិត​ស្និទ្ធ​មិន​បារម្ភ​រឿង​ស្លាក់​ ឆ្អឹង​​ឡើយ។ គាត់​បាន​បន្ត​ទៀត​ថា បើ​សិន​ចង់​ឲ្យ​ប្រហុក​កាន់​តែ​មាន​រសជាតិ​ងំ​ឈ្ងុយ​ទៅ​ទៀត​នោះ​ ត្រូវ​ខ្ចប់​អាំង​នឹង​ស្លឹក​រមៀត​។ ដោយ​ឡែក​ ប្រហុក​អាំង​​មួយ​កញ្ចប់​នេះ​មាន​តម្លៃ​៤០០០​រៀល។
​ប្រហុក​​អាំង​នេះ​​មាន​លក់​នៅ​ផ្ទះ​លេខ ៣៤៦ ផ្លូវ​១៦៣ សង្កាត់​​អូឡាំពិក​ ភ្នំពេញ (ទល់​មុខ​វត្ត​​មហា​មន្ត្រី)៕

តាក់ស៊ី​​ឡើង​ថ្លៃ​បណ្ដើរ​ៗ ខណៈ​ភ្នំពេញ​​អំពាវនាវ​រក្សា​តម្លៃដដែល​

​បញ្ហា​តាក់ស៊ី​ឡើង​ថ្លៃ​ ពេល​បុណ្យ​ទាន​ម្ដងៗ​​ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ ខណៈ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ជូន​ដំណឹង​​ឲ្យ​មាន​ការ​រក្សា​តម្លៃ​ដឹក​ ជញ្ជូន​​អ្នក​​ដំណើរ​​ ប៉ុន្តែ​តាក់ស៊ី​ថា​​មិន​ឡើង​ថ្លៃ មិន​បាន​ព្រោះ​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ ដោយ​មាន​​មូលហេតុ​ជា​ច្រើន។
ជាក់ស្ដែង​លោក ឈុន ឡៃ អ្នក​រត់​តាក់ស៊ី​ស្ទឹងត្រង់​ ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា  លោក​បាន​ឡើង​ថ្លៃ​បន្ថែម​៥​ពាន់​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ដោយសារ​ខែ​នេះ​ទឹក​លិច​ភូមិ ហើយ​រថយន្ត​លោក​ត្រូវ​ឆ្លង​​ដ​​កន្លែង​ទឹក​លិច​ដាច់ ទៅ​មក​១០​ម៉ឺន​រៀល​បាត់​ទៅ​ហើយ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្ត​ឡើង​ថ្លៃ។
លោក​​ថា​​ ​​ស្អែក​ខាន​ស្អែក​​អាច​​នឹង​ឡើង​​ជាង​នេះ​ទៀត​ ព្រោះ​លោក​ត្រូវ​ឡើង​មក​ដឹក​ម៉ូយ​ពី​ភ្នំពេញ​ដោយ​រថយន្ត​ទទេ ដោយសារ​គ្រប់​គ្នា​ទៅ​ស្រុក​ភូមិ​ បើ​មិន​យក​ចំណេញ​ដើម្បី​ផាត់​ថ្លៃ​ប្រេង​ចេញ​វិញ​ នោះ​លោក​នឹង​រកស៊ី​ខាត​មិន​ខាន។
លោក​បាន​បន្ថែម​ថា ធ្លាប់​​ឮ​សាលារាជ​ធានី​​ហាម​ដែរ ប៉ុន្តែ​លោក​គិត​ថា ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ប្រេង​ក៏​ថ្លៃ ហើយ​ស្ទះ​ផ្លូវ​ចេញ​ពី​ភ្នំពេញ​ទៀត​ផង។
លោក គុយ សាត់ អ្នក​រត់​តាក់ស៊ី ភ្នំពេញ ស្វាយ​រៀង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ម្សិល​មិញ​តម្លៃ​មួយ​ម៉ឺន​ដដែល ​ប៉ុន្តែ​ថ្ងៃ​នេះ​តាក់ស៊ី​ទាំងអស់​នឹង​ឡើង​ថ្លៃ​រហូត​ដល់​ភ្ជុំ​តែ​ម្ដង ព្រោះ​ថ្លៃ​កំពង់​​សាឡាង​អ្នក​លឿង​ឡើង​ថ្លៃ​ខុស​​ធម្មតា​ទៅ​ហើយ​។ ​ថ្ងៃ​ធម្មតា​​​​ គាត់​ចំណាយ​​ពី​​៨​ពាន់​ទៅ​​១ម៉ឺន​២​ពាន់​រៀល​ក្នុង​ការ​ឆ្លង​សាឡាង​ ប៉ុន្តែ​ម្សិល​មិញ​នេះ​ ការ​​​ចំណាយ​ឡើង​រហូត​​​៣​​ម៉ឺន​​រៀល​​​ឯណោះ។
លោក​បាន​បន្ថែម​ថា អ្វី​ដែល​​សំខាន់គឺ​​មាន​ប៉ូលិស​យក​លុយ​ តាម​ដង​ផ្លូវ​ជាតិ​ ៣​កន្លែង​ទៀត មួយ​កន្លែង​ថ្ងៃ​ធម្មតា​ ១ពាន់​រៀល​ទេ ប៉ុន្តែ​ឥឡូវ​៥០០០ ទៅ​១ម៉ឺន​រៀល​ទើប​​បាន​យក។ សរុប​មក​ ក្នុង​មួយ​ជើង​ចំណាយ​ជិត​៥​ម៉ឺន​រៀល នេះ​មិន​ទាន់​បូក​ថ្លៃ​បេន​ឡាន និង​ថ្លៃ​ប្រេង​ដែល​ពេល​បុណ្យ​បើក​ឡើង​មក​ឡាន​ទទេ ដូច្នេះ​រឿង​មិន​ឡើង​ថ្លៃ ជៀស​មិន​រួច​ទេ។
លោក វ៉ន ពៅ ប្រធាន​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា លោក​សង្កេត​ឃើញ​​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ ពេល​​បុណ្យ​ទាន​ម្ដង​ៗកុំ​ឲ្យ​ឡើង​ថ្លៃ​​​មធ្យោបាយ​​ដឹក​​ជញ្ជូន​​ ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​នោះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​អាជ្ញាធរ​ សមត្ថកិច្ច​ គ្មាន​ចំណាត់​ការ​ច្បាស់លាស់​ ​រដ្ឋ​គ្មាន​មធ្យោបាយ​សាធារណៈ​សម្រាប់​អ្នក​ក្រីក្រ រដ្ឋ​គ្មាន​យន្តការ​ដោះស្រាយ​ជាក់លាក់​ និង​បេន​ឡាន​នីមួយ​​ៗ​គឺ​ឡើង​ថ្លៃ​មួយ​ទ្វេ​ជា​​ពីរ​។ ​ហេតុ​ផល​នេះ​ធ្វើ​ឲ្យ​ការ​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ គ្មាន​ប្រសិទ្ធភាព​។
លោក​ វ៉ន ពៅ​ក៏​បាន​អំពាវនាវ​ថា៖​ “​អ្នក​រត់​តាក់ស៊ី​ទាំងអស់​ ឲ្យ​រក្សា​ឲ្យ​បាន​នូវ​ក្រម​សីលធម៌​ ក្នុង​ការ​ប្រកប​​មុខ​​របរ​​ កុំ​ឆ្លៀត​គេង​យក​ចំណេញ ​និង​សូម​ឲ្យ​បង​ប្អូន​អ្នក​ធ្វើ​ដំណើរ​កុំ​គិត​ពី​តម្លៃ​ពេក ត្រូវ​គិត​ពី​សុវត្ថិភាព​​ជា​ចម្បង”។
ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដល់​បណ្ដា​អាជីវករ​រកស៊ី​ដឹកជញ្ជូន​អ្នក​ ដំណើរ​ទាំងអស់​ឲ្យ​រក្សា​នូវ​តម្លៃ​ដឹក​ជញ្ជូន​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ​ ជៀសវាង​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ និង​ការ​បង្ខំ​ចិត្ត​ជិះ​ប្រកប​ដោយ​គ្រោះថ្នាក់​ជាយថាហេតុ​៕