អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ


ស្ថិត​នៅ​លើ​ទីតាំង​មួយ​កន្លែង​​ក្បែរ​វត្ត​សំរោង​អណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ​ជាយ​រាជ​ធានី​ភ្នំពេញ​ ឃ្លាំង​ស្តុក​​ទំនិញ​មួយ​ត្រូវ​​បាន​សាង​សង់​​ដោយ មាន​​ដំបូល​​ប្រក់​ស័ង្កសី​ ក្នុង​ទំហំ​​ប្រមាណ​ ១៥​ គុណ​ ២៥ ម៉ែត្រ។ ​នៅ​ក្នុង​ឃ្លាំង​នេះ​​មិត្ត​យុវវ័យ​នឹង​ឃើញ​​​ទូរ​​កុង​តឺន័រ​កក​​ពីរ​ ត្រូវ​បាន​ដាក់​តម្រៀប​ក្បែរ​ៗ​​គ្នា​។ ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី​សាលម៉ុន និងត្រីធូណា។
លោក​ ម៉ៅ​ វុត្ថា​ ដែល​ដើម​ឡើយ​​គឺ​ជា​អតីត​ក្មេង​វត្ត​​រស់​នៅ​វត្ត​បទុមវតី​​ជាង​ ១០​ ឆ្នាំ​មក​នោះ​ បច្ចុប្បន្ន គឺ​ជា​អ្នកគ្រប់គ្រង​​ឃ្លាំង  និង​​ជា​នាយក​ក្រុមហ៊ុន​ Ks Seastar Co. Ltd ​ ដែល​​បាន​នាំ​ចូល​ត្រី​ទាំង​នេះ​​ពី​បរទេស។
តើ​លោក​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ទម្រាំ​មាន​​ថ្ងៃ​នេះ​?
ក្នុង​វ័យ​ ៣៣ ឆ្នាំ​​ លោក​ម៉ៅ​ វុត្ថា មាន​ស្រុក​កំណើត​ នៅ​ភូមិ ​ដាំស្ពៃ ​សង្កាត់​ស្លាកែត​ ក្រុង​-ខេត្ត​បាត់​ដំបង ​និង​ជា​កូន​កំព្រា​ឪពុក​តាំង​ពី​កុមារភាព។​
ជា​យុវជន​រស់​នៅ​ទី​ជនបទ​លោក ​ម៉ៅ វុត្ថា​​ ក៏​​មិន​ខុស​គ្នា​អ្វីពី​ ​យុវជន​ដ៏​ទៃ​ ​នោះ​ទេ។​ លោក​ ​​បាន​ ជួយ​កិច្ច​ការងារ​ធ្វើ​ស្រែ​ចម្ការ និងការងារផ្ទះ​ម្ដាយ ហើយ​ឆ្លៀត​ពេល​ទំនេរ​ខិត​ខំ​​សិក្សា​ ព្រោះ​លោក​គឺ​ជា​ក្តី​សង្ឃឹម​​ចុងក្រោយ​របស់​អ្នក​​ម្ដាយ​ ដោយ​សារ​​​​ជា​​កូន​ទោល​ក្នុង​គ្រួសារ​​។
នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ចាក​ចេញ​​ពី​ទី​កន្លែង​កំណើត​ និង​អ្នក​ម្ដាយ​ជា​ទី​គោរព​ មក​បន្ត​កា​សិក្សា​​ ក្នុង ​រាជ​ធានី​ភ្នំពេញ​ ដោយ​សុំ​កុដិព្រះសង្ឃ​នៅ​វត្ត​វត្តបទុមវតី​ ស្នាក់​អាស្រ័យ​ ដើម្បី​​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​​ លើ​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ​​បន្ទាប់​ពី​​​​លោក​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​ឌុប​។​​
លោក​ ម៉ៅ​ វុត្ថា​ បាន​រៀបរាប់​ថា​ ៖ “​​ដូច​លោក​ដឹង​ស្រាប់​ហើយ​ការ​ស្នាក់​នៅ​​​ ក្នុង​វត្ត​​​មិន​​​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​​ទេ​ តែ​ធ្វើ​ម៉េច​ យើង​​ជា​កូន​អ្នក​ក្រី​ក្រ​ត្រូវ​តែ​តស៊ូ។​​ ហើយ​ថ្ងៃ​ខ្លះ​ពេល​​ទៅ​សាកលវិទ្យាល័យ ​ខ្ញុំ​​​ត្រូវ​ដើរ​​ក៏​មាន​ដែរ​​”។​
តស៊ូ​រហូត​ទទួលបាន​​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​ខ្មែរ​​  លោកបានបន្តការសិក្សាកម្រិត​បរិញ្ញាបត្រ​បន្ថែមទៀតលើផ្នែក​អក្សរ​សាស្ត្រ​ អង់គ្លេស​​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ និង​​​ផ្នែក​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​នៅ​ដេប៉ាឌីម៉ង់​​ប្រព័ន្ធ​​ផ្សព្វ​ ផ្សាយ​ និង​សារគមាគមន៍​ នៃ​​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។
ឆ្លៀតពេលទំនេរពីការសិក្សា លោក​​បាន​ធ្វើការងារ​ក្រៅ​ម៉ោង​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ក្រសួង​កិច្ច​ការ​នារី  ​ ក្រោយមកលោកបានបម្រើ​ការងារជាបុគ្គលិក​នៅ​មណ្ឌល​ព័ត៌មាន ស្ត្រី​​កម្ពុជា​ នៅ​សាលា​ក្តី​ខ្មែរក្រហម​ ​​នៅ​អង្គការ​យុវ​តារា​កម្ពុជា​ ដែល​ផ្ដោត​សំខាន់​​ទៅ​​លើ​យុវជន​ និង​ការ​អភិវឌ្ឍ​សហគមន៍​  និង​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ ក្នុង​រយៈ​ពេល​ខ្លី។
លោក វុត្ថា ក្នុង​​ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី
រហូត​ដល់​ឆ្នាំ​២០១២​ ​​តាមរយៈការណែនាំរបស់មិត្តភក្តិឲ្យស្គាល់គ្នាជាមួយពាណិជ្ជករជនជាតិ ស៊ុយអែតម្នាក់ដែលមាន រោងចក្រកែច្នៃត្រីសាលម៉ុន នៅ ក្រុងបាងកក  លោកក៏​បានក្តោប​យក​ឱកាស​ និង​ប្រឡូក​​ចូល​ក្នុង​វិស័យអាជីវកម្ម ដោយធ្វើជាអ្នក​ផ្គត់​ផ្គង់ត្រី​ ក្នុង​ទីផ្សារ​កម្ពុជា។
​ក្រោយពេលបានបំពេញការងារសិក្សានៅរោងចក្រក្នុងក្រុងបាងកក និងធ្វើការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ស៊ីជម្រៅលើគូប្រជែងនានាជាពិសេសទាក់ទងនឹងតម្លៃ ការវេចខ្ចប់ ការថែរក្សាទុក​ត្រី និង​ការ​ដឹក​ជញ្ជូន​ លោកបានធ្វើអាជីវកម្មនេះមានដំណើរការយ៉ាងរលូននៅកម្ពុជា។​
“ត្រី ដែល​​ក្រុមហ៊ុនរបស់​ខ្ញុំ​នាំ​ចូល​មាន​ពី​រ​ប្រភេទ​ ក្នុង​នោះ​មានត្រី​សាលម៉ុន និង​ត្រី​ធូណា​បើនិយាយ​អំពី​ត្រី​​សាលម៉ុន ​ គេ​អាច​ចាត់​ទុក​ថា​ជា​ស្តេច​ត្រី​មួយ​ប្រភេទ​ ដែល​ផ្តល់​ជីវជាតិ​​ល្អ​បំផុត​សម្រាប់​សុខភាព​ ដោយ​សារ​វាមាន​សារធាតុ​ អូម៉េហ្គា៣ និងប្រូតេអ៊ីន​ច្រើន​ ជួយ​ដល់​សុខភាព​​ពិសេស​បេះដូង។ គេនិយមបរិភោគត្រីទាំងពីរប្រភេទនេះឆៅ តាមជនជាតិជប៉ុន ប៉ុន្តែ​គេ​ក៏​អាច​ចម្អិន​តាម​បែប​ម្ហូប​អាហារ​នានា​ប្រកប​ដោយ​ឱជារស​ សម្រាប់​បរិភោគ​ផង​ដែរ”។ ​នេះ​គឺ​ជាការ​លើក​ឡើង​របស់​លោក ម៉ៅ វុត្ថា ។
​លោក​បាន​បន្ថែម​​ថា ​ត្រី​ទាំង​អស់​​នេះ​ដឹក​មក​តាម​យន្តហោះ​បើ​ជា​ប្រភេទ​ស្រស់​ឬក្លាស្សេ ​និង​​តាម​​កប៉ាល់​ទឹក​បើ​ជា​ប្រភេទ​កក​ ​ព្រម​ទាំង​ចែក​ចាយ​បន្ត​ដល់​ក្រុមហ៊ុន ​និង​ផ្សារ​ទំនើប​នានា​។​ មក​ដល់​ពេល​នេះ​ការ​បញ្ជាទិញ​​ត្រី​ពី​អតិថិជន​ កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។​ជាក់​ស្ដែង​ពេល​ ចាប់​បើក​ដំណើរ​ការ​ដំបូង​​ក្រុមហ៊ុន​លក់​​អស់​ត្រឹម​២០ កេស(១កេស​ស្នើ​ នឹង​២០​គីឡូ​ក្រាម)​ប៉ុណ្ណោះ ​តែ​​បច្ចុប្បន្ន​បាន​កើន​ឡើង​ រហូតដល់​ ៦០ កេស ជា​ប្រភេទ​ត្រី​ស្រស់​ និង​ត្រី​កក​ជិត ២ តោន ក្នុង​មួយ​សប្ដាហ៍​។ លោក​ថា មាន​មូល​ហេតុ​ពីរ​ ដែល​ធ្វើ​ឲ្យ​ការ​បញ្ជាទិញ​មាន​ការ​​កើន​ឡើង​ គឺ​ ទី១ គុណ​ភាព​ត្រី​ល្អ​ ​ដោយ​សារ​ការ​រក្សាទុក​តាម​លក្ខណៈ​បច្ចេកទេស​ ទី២ ជាមួយ​នឹង​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ ​និង​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចំណី​អាហារ ​ពួក​គេ​ជ្រើស​រើស​យក​អាហារ​ណា​ដែល​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព។​​
បច្ចុប្បន្ន លោក ម៉ៅ​ វុត្ថា វ័យ ៣៣ ឆ្នាំ​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចូល​ត្រី​ មាន​​ប្រភព​ពី​​​ប្រទេស​ ន័រវេ និង​ប្រទេស​ឥណ្ឌូនេស៊ី ​កំពុង ​ទទួល​បាន​​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​​ពី​សំណាក់​អតិថិជន​​។​ក្រុមហ៊ុន​លោក​ ទទួល​បាន​​​​ប្រាក់​ចំណូល​​ក្នុង​រង្វង់​៥​ ទៅ​​ ៦ ម៉ឺនដុល្លារ​ ក្នុង​មួយ​ខែ។
យុទ្ធសាស្រ្ត​របស់​ក្រុម​ហ៊ុន ទៅ​ថ្ងៃ​អនាគត​ នឹង​បន្តកែ​ច្នៃម្ហូបឆ្អិនស្រាប់ និង​​ធ្វើ​ជា​ប្រហិត​​ ដើម្បី​​បម្រើ​ដល់​​អតិថិជន ព្រោះ​បច្ចុប្បន្នក្រុមហ៊ុន​ មាន​ចុង​ភៅស្រាប់។ ​ក្រុមហ៊ុន​នឹង​ផ្ដល់​ឱកាស​អាជីវកម្ម​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្នា ដែលមាន​បំណង​យក​ ​ម្ហូប​ឆ្អិន​ស្រាប់​ទៅ​​លក់​បន្ត ដោយ​ក្រុមហ៊ុន​មាន​រទេះ​រុញ​ផ្ដល់​ជូន​។​ មិន​ត្រឹម​ប៉ុណ្ណឹង​​ទៅ​ថ្ងៃ​អនាគត​ លោកក៏​គ្រោង​រៀប​ចំ​សង្វាក់​ផលិត​កម្ម​កែ​ច្នៃ​ផលិត​ផល​ត្រី​សាលម៉ុន​ដើម្បី ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។
លោក ​ម៉ៅ វុត្ថា​ ​បាន​រៀប​រាប់​ថា​ ថ្វី​ត្បិត​លោក​​​បាន​​ធ្វើ​ការងារ​សង្គម​ជាង ១០ ឆ្នាំ​​ក៏​ពិត​មែន​​តែ​បំណង​ប្រាថ្នា​ពិត​ប្រាកដ​​របស់​លោក​គឺ​​​ការ​រក​ស៊ី ​​ ព្រោះ​ការ​បង្កើត​មុខ​របរ​​នឹង​អាច​ជួយ​មនុស្ស​​បាន​ច្រើន​គ្នា។ ​ម្យ៉ាង​ការ​បង្កើត​មុខ​របរ​នេះ​ក៏​​ជា​ចំណុច​ដក​បទ​ពិសោធន៍​ពិត​ ​និង​​ការ​ធ្វើ​តេស្តទៅ​លើ​សមត្ថ​ភាព​របស់​យើង​ផង​ដែរ។
​លោក​​បាន​បន្ថែម​​ថា​ កត្តា​ ដែល​នាំ​ឲ្យ​លោក​ខិត​ខំ​ប្រឹង​ប្រែង​ដូច​សព្វ​ថ្ងៃ​ ដោយ​សារ​​​​លោក​ចង់​​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន​ឯង​ឲ្យ​មាន​​ភាព​ល្អ​ ប្រសើរ​​ ពិសេស​គឺ​តប​ស្នង​សង​គុណ​អ្នក​​ម្ដាយ​ ដែល​​បាន​ខិត​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ចិញ្ចឹម​បី​បាច់​លោក​​ឲ្យ​ មាន​អនាគត។​​​ លោក​​ថា​៖ “​ខ្ញុំ​នៅ​តែ​ចាំ​មិន​ភ្លេច​ គ្រា​ដែល​ម្ដាយ​​ខ្ញុំ​ជិះ​ឡាន​នៅ​​បាំង​ក្រោយ​​ ដែល​មាន​តម្លៃ​ថោក​ ពី​បាត់​ដំបង​មក​ភ្នំពេញ​​ ដើម្បី​មក​​លេង​កូន​​នៅ​វត្ត​​ ហើយ​ឆ្លៀត​ដាក់​​របស់​របរ​ខ្លះ​ៗ​យក​មក​លក់​នៅ​ភ្នំពេញ​​”។
ជា​ទី​បញ្ចប់​ លោក​ ម៉ៅ​ វុត្ថា​ បាន​ផ្តាំ​ផ្ញើ​ទៅ​យុវជន​ថា ​ត្រូវមានគោលដៅពិត​ប្រាកដ​ក្នុង​ចិត្ត​ និង​ប្រកាន់​​គោល​ជំហរ​មិន​បោះ​បង់។​ បើប្រកបអាជីវកម្ម ដែលមានគូរប្រជែងត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ របស់យើង និងគេ។ ត្រូវ​ដុស​ខាត់​ព្រលឹង​ ឆន្ទៈ​ និង​ទស្សនៈវិស័យ​របស់​ខ្លួន​តាម​​រយៈ​​ការ​កំណត់​គោល​ដៅ​ខ្លីៗ ហើយ​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធ​ភាព​ ដូច​សុភាសិត​ខ្មែរ​ពោល​ថា​ ព្យាយាម​គង់​អី​នឹង​បាន​សម្រេច៕
តើ​មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ដែរ?

0 comments: