អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

ក្រសួង​អប់រំ​​​បញ្ចូល​ភាសា​អង់គ្លេស​នៅ​ថ្នាក់​បឋម​សិក្សា

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​ ​បាន​ដាក់​​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ ​​នៅ​​ថ្នាក់​​បឋម​សិក្សា​​​ចាប់​ពី​ឆ្នាំ​២០១៣ ​នេះ​ទៅ។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ សំ​ សេរីរ័ត្ន​ ​អគ្គនាយក​ដ្ឋាន​អប់​រំ​ នៃ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​​។
​​
លោក​បាន​បន្ថែម​​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​​សិក្សា​ភាសា​អង់គ្លេស​នេះ​ ​​មាន​​​ចាប់​ពី​ថ្នាក់​ទី​៤​ ឡើង​ទៅ​។​

​​​​ទោះ​ជា​យ៉ាង​ណា​ សាលា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​អាច​ដាក់​​​បញ្ចូល​​មុខ​ វិជ្ជា​ថ្មី​​​មួយ​នេះ​បាន​​នៅ​ឡើយ​ទេ ​​​ដោយ​ហេតុ​ថា​ពុំ​ទាន់​មាន​គ្រូ​គ្រប់​គ្រាន់។ អ្នក​គ្រូ​ ទិត ឌូ​ នាយក​សាលា​បឋម​សិក្សា​ចារ​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង ​​បាន​បញ្ជាក់​ថា​ ៖ “​ខាង​ក្រសួង​អប់រំ​​ខេត្ត​ស្វាយរៀង​នឹង​ដាក់​ឱ្យ​​មាន​នៅ​សាលា​ខ្ញុំ​​​ ចាប់​ពី​ឆ្នាំ​២០១៤​។ បច្ចុប្បន្ន​​ ខាង​​ក្រសួង​កំពុង​សម្រិតសម្រាំង​​គ្រូ​ ដោយ​​បណ្ដុះ​បណ្ដាល​​គ្រូ​ដែល​មាន​ស្រាប់​នៅ​សាលា​ និង​ខ្លះ​ទៀត​គឺ​ជ្រើស​រើស​​គ្រូ​អនុវិទ្យាល័យ​​មក​បង្រៀន”។ ​អ្នក​គ្រូ​បន្ថែម​ទៀត​ថា​ ​នេះ​ជា​សញ្ញាណ​ល្អ​​សម្រាប់​​វិស័យ​អប់រំ​កម្ពុជា​ ព្រោះ​ថា ​​​សិស្ស​នឹង​​​បាន​ស្វែង​​យល់​ និង​ចេះ​ភាសា​អន្តរជាតិ​មួយ​នេះ​បាន​កាន់​តែ​ច្រើន​តាំង​ពី​ថ្នាក់​ក្រោម​ ឡើង​ទៅ។
លោក​ រ៉ុង​ ឈុន​ ប្រធាន​​សមាគម​ គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ​បាន​​ថ្លែង ​អបអរសាទរ​​ចំពោះ​គម្រោង​ថ្មី​ របស់​​ក្រសួង​អប់រំ ​និង​ចាត់​​ទុក​ថា​ នេះ​គឺ​ជា​ភាព​ចាំ​បាច់​មួយ​សម្រាប់​យុវជន​ បន្ទាប់​ពី​ភាសា​ជាតិ​ ខណៈ​រយៈ​ពេល​​ដ៏​ខ្លី​ខាង​មុខ​​អាស៊ាន​ទាំង​មូល​ នឹង​ធ្វើ​សមាហរណកម្ម​បញ្ចូល ​គ្នា​។​ លោក​​បាន​​បន្ថែម​​ថា​ បច្ចុប្បន្ន​​នេះ​ ភាសា​អង់គ្លេស​ ត្រូវ​បាន​ដាក់​បញ្ចូល​​ ក្នុង​កម្មវិធី​សិក្សា​ត្រឹម​អនុវិទ្យាល័យ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​វា​កាន់​​តែ​ងាយ​ស្រួល​បន្ថែម​ទៀត​សម្រាប់​​​កុមារ​នៅ​ក្មេង​ខ្ចី​ ក្នុង​ការចាប់​យកភាសា​អង់គ្លេស៕​​​​​​​​

0 comments: