អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 17, 2013

ស្វែង សុជាតា ទម្លាយ​អាថ៌​កំបាំង​នៅ​ភូមា Trackback

អ្នក​នាង ស្វែង សុជាតា បាន​សម្រេច​ពុះ​ទម្លាយ​អាថ៌​កំបាំង​របស់​អ្នក​នាង​នៅ​ភូមា ខណៈ​ជួប​ការ​សង្ស័យ​ថា អ្នក​នាង ទំនង​ជា​ជួប​អ្នក​ពិសេស ឬ​អាច​ថា ជា​គូស្នេហ៍​នៅ​ទី​នោះ ក្រោយ​បាក់​បែក​ស្នេហ៍​ជាមួយ​លោក គង់ សុផារ៉ា ។
ការ​សង្ស័យ​បែប​នេះ ស្រប​ពេល​ គេ​សម្គាល់​ឃើញ​ថា តារា​សម្ដែង អ្នក​នាង ស្វែង សុជាតា ឡើង​ចុះ​ប្រទេស​ភូមា​នា​រយៈ​កាល​ចុង​ក្រោយ ខណៈ​នៅ​ពេល​មុន ជា​ពេល​នៅ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ លោក គង់ សុផារ៉ា នៅ​ឡើយ ​អ្នក​នាង រមែង​ឡើង​ចុះ​វៀតណាម​​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់។
សកម្មភាព​ខុស​ប្លែក​​នេះ ទស្សនិកជន​យល់​មួយ​ផ្នែក​ថា អ្នក​នាង ស្វែង សុជាតា ទៅ​ភូមា ដើម្បី​យក​ពេល​ព្យាបាល​របួស​បេះដូង​ដែល​ខ្ទេច​ខ្ទាំ​ក្នុង​គ្រា​កន្លង​មក។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ មាន​ការ​លើក​ឡើង​ថា ត្រឹម​តែ​ដើរ​កម្សាន្ត​បំភ្លេច​ទុក្ខ គេ​ជឿ​ថា ភូមា ទំនង​មិន​ជា​ជម្រើស​តែ​មួយ​របស់​អ្នក​នាង​ឡើយ ព្រោះ​ប្រទេស​ដែល​ល្បី​ខាង​ទេសចរណ៍​មាន​ដូច​ជា ថៃ វៀតណាម និង​ម៉ាឡេស៊ី​ជា​ដើម ទើប​សម​ជា​ជម្រើស​របស់​អ្នក​នាង​ច្រើន​ជាង។
ដូច្នេះ​ហើយ បើ​មិន​មាន​អ្នក​ពិសេស​លាក់​ទុក​នៅ​ទី​នោះ​ទេ គេ​ជឿ​ថា អ្នក​នាង ស្វែង សុជាតា មិន​ចំណាយ​កម្លាំង​ឡើង​ចុះ​ភូមា​ញឹក​ញាប់​ដូច្នេះ​ទេ។
ជំនួប ​ជាមួយ Sabay ក្នុង​គ្រា​កន្លង​មក អ្នក​នាង ស្វែង សុជាតា បើក​កកាយ​លើ​បញ្ហា​នេះ។ អ្នក​នាង​បាន​ទទួល​ស្គាល់​ថា នៅ​ភូមា ពិត​ជា​មាន​មនុស្ស​ពិសេស​របស់​អ្នក​នាង​មែន។ ក្រៅ​ពី​នោះ អ្នក​នាង ស្វែង សុជាតា នៅ​បាន​ទទួល​ស្គាល់​ថា អ្នក​ពិសេស​ដែល​អ្នកនាង​ហៅ​ថា មិត្ត​ល្អ​នោះ គឺ​ជា​បុរស​ថែម​ទៀត​ផង។
យ៉ាង ​ណា​ក៏​ដោយ តារា​សម្ដែង​ឆ្នាសឆ្នើម​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា អ្នក​ពិសេស​នោះ គឺ​ពិសេស​ត្រឹម​ជា​មិត្ត មិន​មែន​ក្នុង​ផ្លូវ​ស្នេហា​ឡើយ។ អ្នក​មេម៉ាយ កូន​២រូប​នេះ ថ្លែង​ថា “គាត់​គឺ​ជា​ Best Friend ​មិន​មែន Boy Friend ទេ កុំ​ច្រឡំ”។ ការ​បញ្ជាក់​បែប​នេះ អ្នក​នាង ស្វែង សុជាតា ខ្លាច​មាន​ការ​ភ័ន្ត​ច្រឡំ​ថា អ្នក​ពិសេស​នោះ គឺ​ជា​គូស្នេហ៍​ថ្មី​ ដែល​មក​ព្យាបាល​របួស​បេះដូង​របស់​អ្នក​នាង ក្រោយ​បែក​បែក​ស្នេហ៍​ជាមួយ​លោក គង់ សុផារ៉ា។
អ្នក​នាង ស្វែង សុជាតា ប្រាប់​ថា បន្ត​ថា មិត្ត​ល្អ​របស់​អ្នក​នាង មាន​ប្រពន្ធ​នឹង​កូន​រួច​ហើយ មិន​មែន​នៅ​ទំនេរ​ខ្លួន​មួយ​ឡើយ ហើយ​ការ​រាប់​អាន​របស់​អ្នក​នាង ក៏​បើក​ចំហ​មិន​លាក់​លៀម​ចំពោះ​ភរិយា​មិត្ត​ល្អ​នោះ​ដែរ។ អ្នក​នាង បញ្ជាក់​ថា “ពួក​យើង​រាប់​អាន​គ្នា​ដូច​បង​ប្អូន ដែល​ជួន​កាល​ខ្ញុំ​ទៅ​លេង​ពួក​គេ​នៅ​ភូមា ហើយ​ជួន​កាល ពួក​គេ​ក៏​មក​លេង​ខ្ញុំ​នៅ​ភ្នំ​ពេញ​នេះ​ដែរ មិន​មាន​អ្វី​លាក់​លៀម​នោះ​ទេ”។
តាម​ការ​បញ្ជាក់​របស់ អ្នក​នាង ស្វែង សុជាតា ដែរ បុរស​ជា Best Friend របស់​អ្នកនាង គឺ​ជា​ជនជាតិ​អូស្ត្រាលី មិន​មែន​ភូមា​ទេ គ្រាន់​តែ​រូប​គេ បាន​មក​ធ្វើ​ការ​នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា។ ទោះ​យ៉ាង​ណា អ្នក​នាង បដិសេធ​មិន​បញ្ចេញ​ឈ្មោះ និង​រួម​ទាំង​កិច្ចការ​ដែល​មិត្ត​ល្អ​រូប​នោះ​របស់​អ្នក​នាង​កំពុង​ប្រកប ក្នុង​គោរព​សិទ្ធិ​បុគ្គល​របស់​មិត្ត។
ដំណើរ​ទៅ​ភូមា​របស់​អ្នក​នាង ស្វែង សុជាតា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​របួស​បេះ​ដូង​របស់​អ្នក​នាង ក្រោម​ស្នាដៃ​លោក គង់ សុផារ៉ា។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាង ស្វែង សុជាតា ប្រាប់​ថា មិន​ចង់​រំលឹក​ពី​រឿង​នោះ​ឡើង​វិញ​ទេ រឿង​ដែល​កន្លង​ហួស​ទៅ​ហើយ ឲ្យ​វា​ហួស​ទៅ​ចុះ។ ម្យ៉ាង​រឿង​ស្នេហា​ថ្មី បាន​ជួប​ប្រសព្វ​ពេល​ណា​ទៀត គឺ​ពេល​ហ្នុង​ចុះ៕

0 comments: