មនុស្ស​​​ប្រហែល​​ ៦​​សែន​នាក់​មិន​ជក់​បារី​ទេ ប៉ុន្តែ​ពួកគេ​បាន​ស្លាប់​ដោយសារ​ ស្រូប​ផ្សែង​បារី​ពី​គេ​ នៅ​ទូទាំង​ពិភព​លោក​ ក្នុង​មួយ​ឆ្នាំ​ៗ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្កការ​អាដ្រា​។
យោងទៅតាម ​ទិន្នន័យ​ក្រសួង​ផែនការ​ ដែល​វិភាគ​ដោយ​អង្គការ​ដេលី​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា ៨០​ភាគរយ​នៃ​កុមារ​ និង​ស្ត្រី​៧៥% កំពុង​​ទទួល​រង​​ការ​ស្រូប​​ផ្សែង​បារី​​ពី​គេ​នៅ​កម្ពុជា​ ។

ទី ​កន្លែង​ដែល​ប្រជាជន​ស្រូប​ផ្សែង​បារី​ច្រើន​ជាង​គេ គឺ​​នៅ​តាម​ ភោជនីយដ្ឋាន​ អាហារដ្ឋាន​ ហាង​កាហ្វេ មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ និង​កន្លែង​ធ្វើការ​មួយ​ចំនួន​​ទៀត។
លោក​ប្រធាន​អង្គការ ADRA ដែល​ធ្វើការ​ ផ្សព្វផ្សាយ​ផល​ប៉ះពាល់​នៃ​ផ្សែង​​បារី បាន ​ថ្លែង​ឲ្យ​ដឹង​ថា ​កុមារ​ជា​ជន រងគ្រោះ​ ពី​ផ្សែង​បារី​ខ្លាំង​ជាង​គេ​បំផុត ​ព្រោះ​កុមារ​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មនុស្ស​ចាស់​ ដូច្នេះ​ គេ​ត្រូវ​​ស្រូប​ដោយ​ ​គ្មាន​លទ្ធភាព​តវ៉ា​​អ្វី​បន្តិច​សោះ​ឡើយ​ ។
​អង្គការ​អាដ្រា និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ពិសេស​រដ្ឋាភិបាល បាន​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សុខភាព​សាធារណៈ​ សំដៅ​កាត់បន្ថយ​​ការ​បង្ហុយ​ផ្សែង​បារី​ នៅ​តាម​ទី​សាធារណៈ​​​។
ប្រជាជន​កម្ពុជា​ជិត​១​ម៉ឺន​នាក់​ ក្នុង​ចំណោម​ប្រជាជន​ ៦​លាន​នាក់ ស្លាប់​នៅ​ទូទាំង​ពិភព​លោក​ បាន​ស្លាប់​ដោយសារ​ការ​ជក់​បារី៕