​ អង្គការ​មិត្ត​សំឡាញ់​នឹង​រៀបចំ​ពិធី​រៃ​អង្គាស​មនុស្សធម៌​មួយ​​នា​ពេល​ដ៏​ ខ្លី​ខាង​មុខ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​​មាន​ឱកាស​​​ចូលរួម​​ផ្សារ​ភ្ជាប់ ​ទំនួល​ខុសត្រូវ​​របស់​​ពួកគេ​​នឹង​​សង្គម។ ​​ពាក់ព័ន្ធ​នឹង​ការរៀបចំពិធី​នេះ​ ​​អ្នក​យកព័ត៌មាន ​Sabay ​បាន​សុំ​​​ធ្វើ​បទ​សម្ភាស​​តាម​អ៊ីមែល​​ជាមួយ​នឹង​អ្នក​សម្របសម្រួល​ផ្នែក​ ទំនាក់ទំនង​អន្តរជាតិ​​នៃ​អង្គការ​មិត្ត​សំឡាញ់​អន្តរជាតិគឺ​លោក James Sutherland។ ​ខាងក្រោម​ជា​បទ​សម្ភាស​ន៍​ទាំង​ស្រុង៖
Sabay៖ តើ​​លោក​អាច​រៀបរាប់​ពី​មុខងារ ​និង​ស្ថាប័ន​របស់​លោក​​ដោយ​សង្ខេប​បាន​ទេ?
James Sutherland៖ ខ្ញុំ ​បាទ​ឈ្មោះ​ James Sutherland ​​ជា​អ្នក​សម្របសម្រួល​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​អង្គការ​ Friend-International។​​ ​​Friend International ​​គឺ​ជា​​ស្ថាប័ន​សង្គម​នាំមុខ​មួយ​ដែល​បង្កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នៅ ​ឆ្នាំ​១៩៩៤។ ​​អង្គការ​នេះ​ធ្វើ​ការ​ជាមួយ​​ក្មេងៗ​ ​យុវជន​វ័យ​ក្មេង​ ​​គ្រួសារ ​និង​សហគមន៍​ជន​អនាថា​​​ឲ្យ​ពួកគេ​​​អាច​ទទួល​បាន​​សេវាកម្ម​​​​មួយ​ចំនួន​ រួម​មាន​ការអប់រំ ​និង​​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​​ដើម្បី​កែប្រែ​ខ្លួន​ទៅ​ជា​បុគ្គល​មាន​ ប្រយោជន៍​នៃ​សង្គម។ ​​បច្ចុប្បន្ន​​នេះ​ស្ថាប័ន​នេះ​បាន​ទទួល​ការ​ស្ងើច​សរសើរ​ជា​ច្រើន​​ដោយសារ ​ការ​​ចូល​រួម​ចំណែក​នៅ​ក្នុង​​សង្គម​នេះ ​នឹង​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​ “អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពូល​ទាំង ១០០​ ក្នុង​លោក​ពីរ​ឆ្នាំ​ជាប់​គ្នា​ (២០១២ និង​ ២០១៣) ​ពី​ទិនានុប្បវត្តិ​សាកល​ (The Global Journal)។
Sabay៖​ ឮ​ថា ​​​អង្គការ​​របស់​លោក​​​នឹង​រៀបចំ​កម្មវិធី​រៃ​អង្គាស​មនុស្ស​ធម៌​មួយ​នា​ពេល​ខាង​មុខ។ ​តើ​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី?
​​James Sutherland៖ ការ ​រៃអង្គាស​មនុស្សធម៌​ខាង​មុខ​គឺ​ធ្វើ​ឡើង​ដើម្បី​រៃ​អង្គាស​​គាំទ្រ​ដល់​​​​ ​​​​​​កម្មវិធី​​មិត្ត​សំឡាញ់​របស់​អង្គការ​ Friends ​ក្នុង​ទីក្រុង​ភ្នំពេញ។​ មិត្ត​សំឡាញ់​ជា​កម្មវិធី​មួយ​​ផ្ដល់​ទាំង​អប់រំ ​និង​​សកម្មភាព​វប្បធម៌​ដទៃ​ដូចជា ​សិល្បៈ ​ការ​រាំ ​តន្ត្រី ​និង​សកម្មភាព​មួយ​ចំនួន​ទៀត​​ដើម្បី​ឲ្យ​យុវជន​អាច​បង្ហាញ​ពី​សមត្ថភាព​ ខ្លួន​ក្នុង​ដំណើរ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ដ៏​ល្អ​របស់​ប្រទេសជាតិ​ពួកគេ។ ​​កម្មវិធី​នេះ​​មាន​សិស្ស​ចូល​សិក្សា​​​ប្រហែល​ ៨០០ ​នាក់​រៀងរាល់​ថ្ងៃ។
លោក James Sutherland ​​​អ្នក​សម្របសម្រួល​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ
​នៃ​អង្គការ​ Friend-International
Sabay៖​​ លោក​អាច​ពន្យល់​បាន​ទេ​ថា ​ការ​រៃ​អង្គាស​មនុស្សធម៌​សំខាន់​ចំពោះ​សង្គម​​ប៉ុណ្ណា?
​​​​​James Sutherland៖​ ការ ​ជួយ​​​គ្នា​ជា​សភាវគតិ​របស់​មនុស្ស។ ​ជា​ស្ថាប័ន​សង្គម​មួយ​ យើង​​ចង់​​ពឹង​ផ្អែក​លើ​ថវិកា​ខ្លួន​ឯង ​និង​​រក្សា​​ស្ថិរភាព​​ផ្ទាល់​​​ខ្លួន​ផង​ដែរ ​ប៉ុន្តែ​​ការ​ធ្វើ​បែប​នោះ​តម្រូវ​ឲ្យ​មាន​ពេល​វេលា​ច្រើន ​ដូច្នេះ​​​​ការ​រៃអង្គាស​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​បំពេញ​ចន្លោះ​​​​ក្នុង​ ផ្នែក​ថវិកា​ ​​ដើម្បី​អាច​ឲ្យ​យើង​​​បន្ត​សកម្មភាព​ជួយ​ដល់​ជន​អនាថា​ ​និង​បង្កើត​ភាព​វិជ្ជមាន​​ដល់​ជីវិត​របស់​ពួកគេ។
​​Sabay៖ ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ ​តើ​លោក​ជួប​ផល​លំបាក​អ្វី​ខ្លះ​ ក្នុង​​ការ​បញ្ចុះបញ្ចូល​​​ឲ្យ​មនុស្ស​ទូទៅ​រួម​ចំណែក?
​​​James Sutherland៖ យើង ​បាន​ទទួល​ការ​គាំទ្រ​​ជា​ច្រើន​ហើយ​ដែរ​ពី​សំណាក់​តារា​សម្ដែង ​អ្នក​សិល្បៈ ​និង​ការ​​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​នានា​ដូចជា​ ក្រុមហ៊ុន​ Sabay ​ជាដើម​។ ​​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​គឺ​ មាន​ការ​ចូលរួម​ពី​​សំណាក់​សាធារណជន​ ​ដើម្បី​ឲ្យ​ពួកគេ​បាន​ដឹង​ និង​គាំទ្រ​​ព្រឹត្តិការណ៍​នានា​​ ដែល​ផ្ដល់​ប្រយោជន៍​ដល់​សង្គម។  ​ការ​បញ្ជ្រាប​ដល់​ស្រទាប់​មហាជន​ទូទៅ​ជា​រឿង​មួយ​ដ៏​លំបាក។
Sabay៖ តើ​លោក​យល់​យ៉ាង​ណា​ ចំពោះ​ផ្នត់គំនិត​ប្រជាជន​កម្ពុជា​ចំពោះ​សកម្មភាព​រៃ​អង្គាស​ដូច​អ្វី​ដែល​​លោក​កំពុង​ធ្វើ​នេះ?
​​James Sutherland៖ ប្រជាជន ​កម្ពុជា​​​ជា​មនុស្ស​ដែល​​មាន​សន្ដានចិត្ត​ល្អ ​និង​ចេះ​ឈឺឆ្អាល​ ​ប៉ុន្តែ​​វប្បធម៌​រៃអង្គាស​មិន​សូវ​មាន​ច្រើន​​នៅ​ក្នុង​​សង្គម​ខ្មែរ​នៅ​​ ឡើយ។ ​​ដូច្នេះ​យើង​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​ភាសាខ្មែរ​ផង​ដែរ ​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ការ​ងឿងឆ្ងល់ ​​និង​​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​ចំពោះ​យុវជន​វ័យ​ក្មេង​ កម្ពុជា។
Sabay៖ តើ​លោក​រំពឹង​ថា ​នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​ក្នុង​កម្មវិធី​ខាង​លើ?
​​​James Sutherland៖ យើង ​ចង់​ឲ្យ​កម្មវិធី​នេះ​ទទួល​ជោគជ័យ​​ខ្លាំង។ ​​កាល​ពី​ពេល​កន្លង​ទៅ​យើង​បាន​ធ្វើ​កម្មវិធី​ស្រដៀង​គ្នា​នេះ​ដែរ​ដោយ​​មាន ​មនុស្ស​ចូលរួម​ប្រហែល​ ១ ពាន់​នាក់។ ​ដូច្នេះ​ ​កម្មវិធី​លើក​នេះ​​ខ្ញុំ​សង្ឃឹម​ថា ​នឹង​មាន​អ្នក​ចូលរួម​ច្រើន​ជាង​​​លើក​មុន។
Sabay៖ តើ​កម្មវិធី​រៃ​អង្គាស​មនុស្សធម៌​នេះ​នឹង​ធ្វើ​ឡើង​នៅ​កន្លែង​​ណា​ ពេល​ណា​ដែរ?
James Sutherland៖ កម្មវិធី ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ២៣ ​មីនា ​​នៅ​​​អង្គការ​មិត្ត​សំឡាញ់​ អគារ​​លេខ ២៥១ ​ផ្លូវ​លេខ​ ១៣​ (ក្បែរ​សារមន្ទីរជាតិ) ​​ពី​ម៉ោង​​២ ​រសៀល​ដល់​ម៉ោង ៦ ល្ងាច។
​ ក្នុង​នាម​ជា​​ស្ថាប័ន​​មួយ​ដែល​តែង​រួម​ចំណែក​ចំពោះ​ការងារ​សង្គម​ ​ក្រុមហ៊ុន ​Sabay ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ចំពោះ​សកម្មភាព​មនុស្សធម៌​ខាង​លើ​ផង​ដែរ។ ​
ចុះ​អ្នក​វិញ​ ចង់​ចូល​រួម​​ការងារ​មនុស្សធម៌​នេះ​ដែរ​ឬ​ទេ?