អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, September 13, 2013

ស្លោកជីវិត

រស់នៅឲ្យដូចជាថ្ងៃចុងក្រោយ ស្លាប់ឲ្យដូចជាកំពុងរស់នៅ។
Live as if it is the last day. Die like you are still alive.
បើថ្ងៃនេះត្រឹមត្រូវ ថ្ងៃស្អែកក៏មិនខុស។
If today, you are right, tomorroe, you will not be wrong.
អនាគតអាស្រ័យលើខួរក្បាលនិងដៃពីរ របស់យើង មិនមែនឥទ្ធិពលនៃជោគជតាទេ។
Our future lies in our hands and our brain, not fate.
កុំប្រាកដប្រជានឹងជីវិតរហូតសម្លាប់ខ្លួន កុំច្របូកច្របល់រហូតដល់វិកលចរិត។
Do not take life so seriously that you commit suicide. Do not be so wild that you become insane.
រក្សាប្រវត្តិជីវិតឲ្យសស្អាត មិនប្រមាទក្នុងតួនាទី ថ្ងៃមួយសំណាងល្អនឹងចូលមកគោះទ្វារ។
Keep your life clean; be cautious in your duties, and one day good luck will knock on your door.
កេរ្តិ័ឈ្មោះដូចខ្យល់ជំនោរត្រជាក់រំភើយ មិនមានខ្លួនប្រាណឲ្យកាន់យកគ្រប់គ្រង។
Fame is like a cool breeze with no tangible form.
រស់នៅដូចមនុស្សធម្មតា តែចូរប្រើបញ្ញា ដូចអ្នកប្រាជ្ញ។
Live a simple life, but be as bright as a wise man.
សច្ចភាពការខ្លួនរបស់វាបានជានិច្ច។
The truth can always protect itself.
ខ្លឹមសារនៃវត្ថុទាំងពួង គឺភាពមិនមានខ្លឹមសារ។
The substance of all things is “nothing”.
លោកនេះក៏ដូចស្ពាន យើងគ្រាន់តែដើរឆ្លងហើយ ក៏ត្រូវចាកចេញទៅ។
This world is like a bridge that we all cross and leave behind.

Thursday, September 5, 2013

ព្រះសង្ឃ និងក្រុមយុវជនបានដាំកូនឈើ និងផ្ដល់សៀវភៅនៅខេត្តកោះកុង

 ព្រះសង្ឃ និងយុវជនពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងអញ្ជើញមកពីបណ្តាសាកលវិទ្យាល័យ ក្រុមហ៊ុន អង្គការ សមាគមនានាទៅដាំកូនឈើ និង ផ្តល់សៀវភៅអាននៅវត្តកណ្តោល និងសាលាបឋមសិក្សាកណ្តោល និង អនុវិទ្យាល័យកណ្តោលនៅភូមិកណ្តោល ឃុំកណ្តោល ស្រុក បទុមសាគរ ខេត្តកោះកុង ។

 
 

































Wednesday, August 7, 2013

ពិធីបុណ្យចូលព្រះវស្សា


Chol Vosaបុណ្យចូល ​ព្រះវស្សា​ក៏ជា​បុណ្យ​ដ៏ធំមួយ​ដែលអាច​ចាត់ទុក​ថា ជា​បុណ្យ​ដែលមាន​សារៈសំខាន់​ណាស់​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ​នៅក្នុង​ ព្រះពុទ្ធ​សាសនា។ ជារៀង​រាល់ឆ្នាំ​នៅពេល​ដល់ថ្ងៃ​ខែដែល​ត្រូវប្រារឰ​ពីធី​បុណ្យ​ចូល​ព្រះវស្សា ប្រជាពលរដ្ឋ​ដែល​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏បាន​នាំគ្នា​ជ្រះថ្លា​រៀបចំ ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​សម្រាប់​ឧបត្ថម្ភ​ដល់​ភិក្ខុ​សង្ឃឆាន់ និង ប្រើប្រាស់​ក្នុង​រដូវកាល​ចូលកាន់​ព្រះវស្សា។ នៅ​ប្រទេស ខ្មែរ​ក៏​ដូច​ជា​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា​ក្នុង​លោក​ដែរ​ ពេល​ចូលវស្សា​នេះ​ ជា​ឱកាស​សំខាន់​បំផុត​ដែល​យុវជន​នាំ​គ្នា​ចូល​បួស​ និង មក​សំណាក់​នៅ​ក្នុងវត្ត​ដើម្បី​អប់រំ​ខ្លួន​ឲ្យ​មាន​ចរិយាសម្បត្តិ​ល្អ​ តាម​គន្លង​ព្រះពុទ្ធសាសនា​ ។
ពាក្យ​ថា​ វស្សា​ មក​អំពី​ពា្យ​បាលី​ថា វស្ស ប្រែ ​ថា​ភ្លៀង​ ឬ​រដូវភ្លៀង​ ដែល​មាន​កំណត់​រយៈពេល​ ៤​ខែ​ គឺ​រាប់​ពីថ្ងៃ ១រោច ខែអាសាធ​ រហូត​ដល់​ថ្ងៃ ១៥កើត​ ខែកត្តិក​ រយៈ​ពេល​នោះ​ឯង​ ហៅថា​វស្សានរដូវ​ ។ បាន​ជា​ព្រះបរមសាស្តា​នៃ​យើង​ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះភិក្ខុសង្ឃ​ មាន​កិច្ច​ចូល​ចាំ​វស្សា​ នោះ​ពី​ព្រោះ​ហេតុ​ខាង​ដើម​ ២យ៉ាងគឺ​៖
១- ភិក្ខុ​ទាំង​ឡាយ​ត្រាច់ចរ​ទៅ​កាន់​ទីកន្លែង​ផ្សេងៗ​ដទៃ​នោះ  មាន​គួរខ្លះ​ មិន​គួរ​ខ្លះ​ មាន​ការ​ ដើរ​ជាន់​នៅ​ភូតគាម  ពិជគាម​ និង​ធញ្ញជាតិ​ផ្សេងៗ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកស្រុក​រិះគន់​តិះ​ដៀល​ និង ពោល​នូវ​ទោស​ដែល​មាន​ប្រការផ្សេង​។
២- ជា​រដូវ​ភ្លៀង​ជោក​ជាំ​ផង  ព្រះពុទ្ធអង្គ​មាន​បំណង​កុំ​ឲ្យ​បព្វជិត​ក្នុង​សាសនា  លំបាក​ក្នុង ការ​ធ្វើដំណើរ​ទៅមក​ គឺឲ្យ​នៅចាំ​វស្សា​តែមួយ​កន្លែង​អស់រយៈពេល​ ៣ ខែ ។
ដើម​កំណើត​នៃបុណ្យ​ចូល​ព្រះវស្សា៖
បុណ្យ ​ចូលព្រះ​វស្សានេះ​គឺមាន​ដើមកំណើត​តាំងពី​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ​ ទ្រង់​គង់នៅ​មានព្រះជន្ម​នៅឡើយ។ នៅក្នុង​សម័យកាល​នោះ​គឺមាន​រឿងរ៉ាវ​កើតឡើង​ក្នុង​ព្រះពុទ្ធ​សាសនា ទើប​ព្រះអង្គ​ទ្រង់​បញ្ញត្ដិ​នូវពិធី​បុណ្យចូលព្រះវស្សា​នេះឡើង។
នៅក្នុង​សម័យ​កាលនោះ ព្រះពុទ្ធ​ដ៏មាន​ព្រះភាគ​ទ្រង់​គង់នៅ​វត្ដ​វេឡុវ័ន​ជាវត្ដ​ដែល​សម្បូរ​ទៅដោយ​ ដើម​ឫស្សី ឬក៏​ហៅថា​ព្រៃឫស្សី​(កលន្ទកនិវាបស្ថាន​ទៀប​ក្រុង​រាជគ្រឹះ)។ គ្រានោះ​ឯងការ​នៅចាំ​វស្សា​ព្រះមាន​ព្រះភាគ​មិនទាន់​បាន​បញ្ញត្ដិ​នៅ ឡើយ​ទេ មានន័យ​ថា មិនទាន់​មាន​ពិធី​បុណ្យ​ចូល​ព្រះវស្សា​នៅឡើយ​ទេ។ ពួក​ភិក្ខុ​ទាំងឡាយ​នៅក្នុង​ព្រះពុទ្ធ​សាសនា​តែងតែ​ត្រាច់​ទៅតាម​ចារិក​ ផ្សេងៗ មានន័យ​ថាធ្វើ​ដំណើរ​ទៅតាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួនឯង ដោយ​ភិក្ខុខ្លះ​ធ្វើ​ដំណើរ​អស់​ហេមន្ដ​រដូវខ្លះ អស់​គិម្ហ​រដូវខ្លះ និង​អស់​វស្សាន​រដូវខ្លះ ដោយ​មិនមាន​ពេល​សម្រាក​ខែណា​មួយឱ្យ​ពិតប្រាកដ​នៅកន្លែង​ណាមួយ​នោះទេ ដោយ​ត្រាច់​ទៅតាម​ចិត្ដចង់។ ដូចនេះ​ហើយ​ពួក​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​តិះដៀល​ដល់ភិក្ខុ​នោះថា ពួក​ភិក្ខុ​ទាំងអស់​នេះ​ជាសមណៈ​ជាសក្យបុត្ដិយ៍ មិនសម​នឹងត្រាច់​ទៅកាន់​ចារិក​អស់​ហេមន្ដ​រដូវខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សា​រដូវខ្លះ ដោយ​មិនមាន​ពេល​សម្រាក​នោះទេ។ ហើយ​ការ​ត្រាច់នេះ​គឺ​ត្រាច់​ទៅដើរ​ជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវវត្ថុ​ដែលមាន​ជីវិត​មាន​ឥន្ទ្រីយ​តែ១ ញ៉ាំង​ឱ្យសត្វ​តូចៗ​ជាច្រើន​ឱ្យដល់​នូវសេចក្ដី​វិនាស​សោះ សូម្បី​ពួក​បរិព្វាជក​មាន​លទ្ធិ​ដទៃ(ពួក​ដែលកាន់​សាសនាផ្សេងៗ)​ក៏គេមាន ​រដូវ ​ចូល​វស្សា​ដែរ។ សូម្បី​តែ​ពួកសត្វស្លាប​នេះទៀត​សោត​ក៏គង់​ធ្វើ​សម្បុក​លើចុងឈើ​ទាំងឡាយ​ហើយ​ នឹង​សម្ងំ​ឈប់​សម្រាក​នៅចាំ​វស្សា​ដែរ ចម្លែក​តែពួក​សមណៈ​ជា សក្យបុត្គិយ៍​នេះ​មិនមាន​ចាំវស្ស​សោះ​អ៊‌ីចឹង។ កាល​មនុស្ស​ទាំងនោះ​កំពុង​ពោលពាក្យ​តិះដៀល​បន្ដុះបង្អាប់ ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮច្បាស់ ហើយ​ក៏បាន​យកពាក្យ​ទាំងនោះ​ទៅ​ក្រាប​ទូលសេចក្ដីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ ព្រះភាគ។ ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ធ្វើនូវ​ធម្មី​កថា​ក្នុងវេលា​នោះឯង​រួចហើយ ទើប​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកអនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ​តថា​គតអនុញ្ញាត​ឱ្យភិក្ខុ​ចូល​វស្សា ប៉ុន្ដែ​ទ្រង់​មិនទាន់​បាន​កំណត់​ថាពេលណា​ឱ្យចូល​វស្សា​នោះទេ។ ក្រោយមក​ទៀត​ភិក្ខុ​ទាំងឡាយ​ក៏នាំគ្នា​ឆ្ងល់ថា រដូវ​មានតែ​បីនោះ​ទេ តើ​ត្រូវ​ចូលរដូវ​មួយណា? ភិក្ខុ ​ទាំងនោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ​ព្រះត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឱ្យអ្នក​ទាំងឡាយ​ចូល​វស្សា​នៅក្នុង​ វស្សាន​រដូ​វ​(រដូវភ្លៀង)។ ​ថ្ងៃចូល​វស្សា​គឺមាន​២ដង គឺថ្ងៃ​បុរិមិកាវស្សា (ចូល​វស្សាមុន)និងថ្ងៃ​បច្ឆិមិកាវស្សា​(ចូលវស្សា​ក្រោយ) ភិក្ខុ​គួរចូល​វស្សា​ក្នុងថ្ងៃ​បន្ទាប់នៃ​ថ្ងៃពេញបូណ៍មី​ខែអាសាធ​ (ថ្ងៃ១រោចខែ អាសាធ)​ចូលវស្សា​មុន ហើយ​ថ្ងៃដែល​ចូលវស្សា​ទី២​គឺពេញបូណ៍មី​ខែអាសាធ​(ថ្ងៃ១រោច​ខែស្រាពណ៍) ដោយ​ត្រូវ​ចូល​ជារៀង​រាល់ឆ្នាំ ភិក្ខុណា​ដែល​មិនចូល​គឺត្រូវ​អាបត្ដិទុក្កដ​(ទោស) ហើយ​រយៈពេល​ដែល​ចូល​វស្សានេះ​គឺមាន​បីខែ​(ខែខ្មែរ)។ ចំពោះ​មូលហេតុ​ដែលចូល​ព្រះវស្សា​ចែកចេញ​ជាពីរ​នេះគឺ​ដោយសារ​តែភិក្ខុ​ ខ្លះមាន​ធុរៈ​សំខាន់​ដែល​មិនអាច​ចូលវស្សា​លើកទី១​បាន។ ដូចនេះ​ត្រូវលើក​ទៅ ចូល​វស្សា​លើកទី២​វិញ​ដែលមាន​រយៈពេល​បីខែ​ដូចគ្នា។
សារៈ​សំខាន់​នៃបុណ្យ​ចូល​ព្រះវស្សា៖
ពិធី ​បុណ្យចូល​ព្រះវស្សា​មានសារៈ​សំខាន់​ណាស់​ចំពោះ​ភិក្ខុសង្ឃ​ សាមណេរ​ដែល​បានចូល​បួស​ជា​សមណៈ​ព្រោះ​ថាកាល​ព្រះវស្សា​ដែល​ព្រះពុទ្ធ​ទ្រង់​ បញ្ញាត្ដិ​កាល​ត្រីមាស​៣ខែនេះ​ដូចជា ៖
  • ធ្វើឱ្យ​ភិក្ខុ​សាមណេរ​ទទួលបាន​សង្រួម​នៅក្នុង​ឥន្ដ្រី​សំវរៈ
  • បានផ្ដល់​ឱកាស​ដល់ភិក្ខុ​មាន​សិទ្ធិ​ទទួល​អនុមោទនា​នៃទាយក​ទាយិកា
  • ទទួល​បាន​អានិសង្ឃ​នៃការ​កាន់​ព្រះវស្សា
  • បង្កើន​សេចក្ដី​ជ្រះថ្លា​ដល់ពុទ្ធ​បរិស័ទ​ទាំងអស់
  • អាចបង្កើត​សាមគ្គីភាព​រវាងភិក្ខុ និង​ភិក្ខុ​នៅក្នុង​អាវាស។
កិច្ចដែលភិក្ខុត្រួវប្រតិបត្តិក្នុងពេលចូលព្រះវស្សា៖
តាម ​ព្រះពុទ្ធ​បញ្ញត្ដិ ព្រះអង្គ​ទ្រង់​ហាម​មិនឱ្យ​ភិក្ខុ​សង្ឃ​ទាំងអស់​ដែលគង់​ក្នុង​អារាមនីមួយៗ​ ចេញពី​វត្ដ​ដោយ​កន្លង​រាត្រី​បាន​នោះទេ ក្នុងកាល​នៃការ​ចូលកាន់​ព្រះវស្សា​៣ខែ​នោះ។ ប៉ុន្ដែ​ដោយមាន​ការទូល​សុំពី​ពួក​បរិស័ទ និងភិក្ខុ​សង្ឃ ព្រះមាន​ព្រះភាគ​ទ្រង់​អនុញ្ញាត​សត្ដហៈ​ចំនួន​៧ថ្ងៃ ដោយ​មានហេតុ​កើតឡីង​ចំពោះ​ភិក្ខុ​ដូចជា ៖
  • មាតា ឬ​បិតាឈឺ
  • គ្រូ​ឧបជ្ឈយ៍មាន​អាពាធ
  • មានការ​និមន្ដ​ពីពុទ្ធបរិស័ទ
បើមិន ​មានហេតុ​ទាំងអស់​ខាងលើ​នោះទេ ភិក្ខុ​មិនអាច​និមន្ដ​ចេញពី​អារាម​ដោយ​កន្លង​រាត្រី​បាន​នោះទេ។ ​ ភិក្ខុ​ដែល​លើក​សត្តហៈ​ចេញ​ទៅ​ក្រៅ​វត្ត​រួចហើយ​ ត្រូវ​តែ​ត្រឡប់​មក​វត្ត​វិញ​ ខាង​ក្នុង​អរុណ​នៃ​ថ្ងៃ​ទី​ប្រាំពីរ​ (គឺអាច​នៅ​ក្រៅ​វត្ត​តែ​ត្រឹម​ ៦​រាត្រី​) ។ ភិក្ខុ​មិន​ត្រូវ​នៅ​ក្រៅ​វត្ត​ឲ្យ​ហួស​អរុណ​នៃ​ថ្ងៃ​ទី​៧ឲ្យ​សោះ​ ពុំ​នោះ​សោត​នឹង​ត្រូវ​ដាច់​វស្សា​នឹង​ត្រូវ​អាបត្តិ​ទុក្កដ​ មិន​អាច​ទទួល​អានិសង្ស​កឋិន​ និង​ សង្ឃលាភ​ផ្សេង ៗ​ ដែល​កើតឡើង​ក្នុង​វត្ត​នោះ​ បាន​ទៀតផង​។
ការ ​ចូលវស្សា​មិន​ចំពោះតែ​ភិក្ខុទេ​ សាមណេរ​ក៏​ត្រូវ​ចូលវស្សា​ដែរ​ ទើប​ត្រូវ​តាម​ពុទ្ធានុញ្ញាត​ចែក​នូវសង្ឃលាភ​ តែ​សាមណេរ​មិន​មាន​កិច្ច​ដោយ​ការ​បវរណា​ឡើយ​ គ្រាន់​តែ​ឲ្យ​អធិដ្ឋាន​ចូលវស្សា​ប៉ុណ្ណោះ​ ។
ការប្រារព្ធពិធី​បុណ្យ​ចូល​ព្រះវស្សា៖
ពិធី​បុណ្យ​ចូល​ព្រះវស្សា​នេះគេ​ប្រារឰ​ដោយ​ចែកចេញ​ជាពីរ​ផ្នែក គឺ​ផ្នែក​ពុទ្ធបរិស័ទ និងផ្នែក​ព្រះសង្ឃ។
១.ផ្នែក​ពុទ្ធ​បរិស័ទ ៖ នៅល្ងាច​ថ្ងៃ១៥កើត​ខែជេស្ន នាំគ្នា​ប្រារឰ​កិច្ចថ្វាយ​បង្គំ​ព្រះសមាទាន​សីល បន្ទាប់មក​និមន្ដ​ព្រះសង្ឃ ចំរើន​ព្រះបរិត្ដ និង​សម្ដែង​ធម៌​ទេសនា។ លុះព្រឹក​ឡើង​ថ្ងៃ១រោច​ខែអាសាធ ពេកព្រឹក​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ ហើយ​ថ្ងៃត្រង់​វេរចង្ហាន់​បិណ្ឌបាទ​ព្រមទាំង​សំពត់​សាដក និង​បរិក្ខារ​ផ្សេងៗ​មាន​ទាន ធូប ប្រេង តែ ស្ករ​ជាដើម ប្រគេន​ព្រះសង្ឃ​ដោយ​ឆ្លង​ជាកិច្ច​បង្ហើយ​បុណ្យ។
២.ផ្នែក​ព្រះសង្ឃ ៖ នៅល្ងាច​ថ្ងៃ១រោច​ខែអាសាធ​វេលា​ម៉ោង​៦យប់​ព្រះសង្ឃ​ទាំងអស់ក្នុង​វត្ដអារាម​ ផ្សេងៗ បានជួប​ជុំគ្នា​នៅក្នុង​ព្រះវិហារ ដើម្បី​ប្រារឰ​ពិធី​ចូលកាន់​ព្រះវស្សា ដោយមាន​ព្រះគ្រូ​ចៅអធិការ​ជាអ្នក​ដឹកនាំ​កិច្ចនោះ។ ជាដំបូង​ភិក្ខុ​ទាំងអស់​នាំគ្នា​ថ្វាយ​បង្គំ​ព្រះបន្ទាប់​មកធ្វើ​ពិធី​កំណត់ ​ការ​ចូលកាន់​ព្រះវស្សា​តែម្ដង។
តំណម៖
ក្នុងរយៈ​ពេល​ចូលវស្សា​ ៣ ខែ​នេះ​ ពុទ្ធបរិស័ទ​តែង​មាន​តំណម​ ដូចជា​ មិនរៀប​មង្គល​ការ​កូនចៅ​ និង​មិន​សង់​ផ្ទះ​ថ្មីជាដើម​ ដោយ​ចាត់​ទុកថា​ថ្ងៃ​ទាំង​អស់ក្នុងកំណត់ ៣​ ខែនោះ ជា​ថ្ងៃ​ឥត​មាន​ឫក្ស​ល្អ​ ឥត​មាន​ជោគជ័យ​ និង​ឥត​មាន​សិរីសួស្ដី​ ៕

ចូលរួមបោះឆ្នោតទាំអស់គ្នា ព្រោះថាមួយ​សំឡេង​របស់​អ្នក​ អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ផ្លាស់​ប្ដូរ


url
យុទ្ធនាការ ​ឃោសនា​បោះឆ្នោត​បាន​ចាប់​ផ្ដើម​នៅថ្ងៃ​នេះ​ វា​គឺ​ជា​ពេល​វេលា​មួយ​ដែល​គណបក្ស​នយោបាយ​ទាំងឡាយ​ផ្សព្វផ្សាយ​ពី​គោល​ នយោបាយ​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ​ ដូចជា​៖ ខិត្តប័ណ្ណ​ ផ្ទាំងបដា​ បិទ​រូបភាព​លើ​រថយន្ដ​ តាម​បណ្ដាញសង្គម​ ។ល។ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ម្ចាស់ឆ្នោត​នៅ​ទូទាំង​ប្រទេសកម្ពុជា ។
​ប្រៀប ​ដូច​ជា​ការ​លក់​ដូរ​ទំនិញ​អញ្ចឹង​ដែរ​ អ្នកលក់​ផលិតផល​ម្នាក់ៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ អ្នកទិញ​ច្រើន​ ពោល​គឺ​គេ​ប្រើប្រាស់​គ្រប់​វិធីសាស្ដ្រ​ ដើម្បី​ឲ្យ​មាន​ការ​ជឿជាក់​ ប៉ុន្តែ​ការឃោសនា​ដែល​មិន​ស្រប​តាម​ការ​ពិត​គឺ​ជា​បញ្ហា​ដែល​អ្នកទិញ​ត្រូវ​ តែ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុននឹង​សម្រេច​ចិត្តទិញ​។
ងាក ​មកមើល​ការ​បោះឆ្នោត​វិញ​ក៏​ដូច្នោះ​ដែរ​ យើង​ជា​ម្ចាស់​ឆ្នោត​ យើង​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការជ្រើសរើស​បេក្ខជន​ ដែលគួរជា​ទី​ពេញ​ចិត្ត​ និង​ អាច​បម្រើ​យើង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​សង្គម​បែប​ប្រជាធិបតេយ្យ​។ ការស្ដាប់​តែ​មួយ​ជ្រុង​ ឬ ក៏មើល​ទៅ​តែ​ម្ខាង​នោះ​ វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​នូវ​ការ​ពិត​នោះ​ទេ​ ជា​ម្ចាស់ឆ្នោត​មួយ​សំឡេង​​របស់​អ្នក​មាន​តម្លៃ​ណាស់​ មិន​អាច​កាត់​ថ្លៃ​បាន​ទេ​ ពិសេស​នោះ​អាច​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ផ្លាស់ប្ដូរ ។
​ម្ចាស់ឆ្នោត ​ទាំងឡាយ​គួរ​តែ​ប្រើ​សម្បជញ្ញៈ​របស់​ខ្លួន​ មិន​ត្រូវ​ភ្លេច​ខ្លួន​នោះ​ឡើយ​ ក្នុង​ការ​ជ្រើសរើស​មេដឹក​នាំ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិខ្មែរ​ ។ កុំបោះឆ្នោត​ឲ្យ​គេ​ ក៏​ព្រោះ​តែ​គិត​ថា​ជា​បក្ខពួក​ខ្លួន​ ឬ ដោយ​ហេតុ​ផលផ្សេងៗ​ ដែល​មិនឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​ជាក់​ស្ដែង​ក្នុង​សង្គម​ជាតិ​ ត្រូវ​ជ្រើស​យក​បេក្ខជន​ដែលមាន​សមត្ថភាព​ពិត​ ដែលអាច​បម្រើ​យើង​ប្រកប​ដោយ​សក្ដានុពល​ ។
មួយ ​សំឡេង​របស់អ្នក​ នឹង​ធ្វើ​ឲ្យ​សង្គម​អ្នក​មាន​ការ​ផ្លាស់ប្ដូរ​ មាន​វឌ្ឍនភាព​ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​សិទ្ធិ​របស់អ្នក​បាន​ត្រឹមត្រូវ​ និង ប្រកប​ទៅ​ដោយ​ការពិចារណា​ខ្ពស់បំផុត​ ៕
Poster 2013

ព្រះ​ពុម្ព​ខ្មែរ​ដំបូងបង្អស់​

    ​ជា​មែកធាង​មួយ​ដែល​ពុទ្ធ​សិល្បៈ ឬ​ពុទ្ធបដិមា​សាស្ត្រ ព្រះ​ពុម្ព​ធ្វើ​អំពី​ដី​ដុត ដោយ​ប្រើ​ពុម្ព ក៏ដូចជា​ចម្លាក់​បែប​ពុទ្ធ​និយម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ ត្រូវ​បែង​ចែកជា​បី​ដំណាក់កាល​ធំៗ​គឺ សម័យ​បុ​រេ​អង្គរ សម័យអង្គរ និង​ក្រោយ​អង្គរ​។​
​    ​ក្នុង​អត្ថបទ​ដ៏​ខ្លី​នេះ យើង​នឹងមិន​និយាយ​អំពី​ប្រភព​នៃ​ព្រះពុទ្ធ​ទេ ព្រោះ​កត្តា​ពេលវេលា ក៏ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់​អំពី​ចំណាស់​នៃ​ការ​សាង​ព្រះ​ពុម្ព​នោះឡើយ ដើម្បី​មូលហេតុ​សាសនា​នៅ​អតីត​កម្ពុជា រួមមាន​ប្រទេស​ខ្មែរ ថៃ លាវ និង​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន​។​
​    ​និយាយ​មួយបែប​ទៀត វត្ថុ​ចម្បង​របស់​យើង​គឺ​ការកែតម្រូវ​នូវ​ទ្រឹស្តី​មួយ​ដែល​និយាយថា ព្រះ​ពុម្ព​ដែលមាន​ចំណាស់​ចាស់​ជាងគេ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ គឺ​សិល្បៈ​មន​។ ហើយ​ម្យ៉ាងវិញទៀត ប្រហែលជា​ដោយសារតែ​ប្រការ​នេះហើយ ទើប​អ្នកស្រាវជ្រាវ​ថៃ​បាន​សន្និដ្ឋាន​ដោយ​ប្រញាប់ប្រញាល់​ថា ជា​សិល្បៈ​ទ្វារ​វ​តី​។​
​    ​តាមពិតទៅ ព្រះ​ពុម្ព​ខ្មែរ​មាន​ទំនាក់ទំនង​នឹង​ព្រះ​ពុម្ព ដែល​បាន​នាំចូល​ពី​ឥណ្ឌា ជាពិសេស​ក្នុង​គ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដំបូង​បង្អស់ ដែល​បាន​ចាប់បដិសន្ធិ​ក្រោយ​ឥទ្ធិពល​នៃ​វប្បធម៌​ឥណ្ឌា​នា​ដើម​ស​.​វ​ទី​១​នៃ ​គ​.​ស​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការគិត​ខុស​ដូច្នោះ ព្រោះថា មុន​ទសវត្សរ៍​មិនទាន់មាន​របកគំហើញ​ខាង​បុរាណវិទ្យា នៅ​ប្រទេស​វៀតណាម​ខាងត្បូង អតីត​ទឹកដី​ហ្វូ​-​ណន​ទាំង​នៅ​អង្គរបុរី ដែលជា​រាជធានី​ដ៏​សំខាន់​របស់​ហ្វូ​-​ណន​។​
​    ​ចាប់តាំងពី​ឆ្នាំ ១៩៨៩ រហូតដល់​សព្វថ្ងៃ គេ​អាច​ឃើញ​ព្រះ​ពុម្ព​តូច ធំ​មួយចំនួន​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅតាម​ស្ថានីយ​ប្រវត្តិសាស្ត្រ ស្ថិតនៅក្នុង​ដែនដី​សណ្ត​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេមេគង្គ ព្រមទាំង​នៅ​អង្គរបុរី​។​
​    ​នៅក្នុង​ស្ថានីយ​បុ​រេ​អង្គរ​ទាំងពីរ​នេះ យើង​សង្កេតឃើញថា ព្រះ​ពុម្ព​នា​សម័យ​នោះ មាន​ចំនួន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅនឹង​សម័យ​បាយ័ន​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​។ ភាគច្រើន ព្រះពុទ្ធ​អង្គរ​ស្ថិតក្នុង​ឥរិយាបថ​ប​ដិ​ហារ មារវិជ័យ បរិនិព្វាន និង​សម្មាធិ ដែល​ដូច​ទើប​ពោល សុទ្ធសឹងតែ​សាង​អំពី​ដី​ដុត លើកលែងតែ​ករណីខ្លះ​តែប៉ុណ្ណោះ គេ​ឃើញ​ព្រះ​ពុម្ព​ខ្លះ​ធ្វើំ​ពី​លោហៈ ឬ​កែវ ក៏ប៉ុន្តែ​ត្រូវបាន​គេ​ពាក់​ជា​បណ្តោង​នៅ​ក​ទៅវិញ​។​
១- ព្រះ​ពុម្ព​នៅ​អង្គរបុរី​
ពុម្ព និង ព្រះ​ពុម្ព ដី​ដុត អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

​     ​សូមជម្រាបថា ដូច​ពោល​នៅ​ខាងលើ ព្រះ​ពុម្ព​ដែល​យើង​បាន​រកឃើញ​នៅ​អង្គរបុរី ភាគច្រើន​ស្ថិត​ក្រៅពី​ស្រទាប់ដី​វប្បធម៌ ពោលគឺ​មិនបាន​មក​ដោយ​ការធ្វើ​កំណាយ​តាម​វិធីសាស្ត្រ​នោះទេ​។ ព្រោះថា ត្រូវបាន​អ្នកស្រុក​ជីក​បាន​នៅតាម​ខឿន​ព្រះ​ចេតិយ​ចាស់ៗ​ដោយ​ខុសច្បាប់​។​
ប្រភេទ​ព្រះ​ពុម្ព ដី​ដុត អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

២- ព្រះ​ពុម្ព​នៅ​ម្តុំ​អូរ​កែវ​
​     ​សម្រាប់​ព្រះ​ពុម្ព​បុ​រេ​អង្គរ ក្នុង​ស្ថានីយ​ប្រវត្តិសាស្ត្រ​ស្ថិតក្នុង​ប្រទេស​វៀតណាម​ខាងត្បូង ក៏មាន​អាយុកាល និង​លក្ខណៈ​ដូចគ្នា​ទៅនឹង​ព្រះ​ពុម្ព នៅ​អង្គរបុរី ឬ​នៅក្នុង​ខេត្ត​នគរ​ស្រី​ធម្មរាជ​ប្រទេស​ថៃ​បច្ចុប្បន្ន​ដែរ​។​
១- អង្គរបុរី (​ទីតាំង​ដដែល​), ២- អូរ​កែវ (Cf. ឡេ ធី​លាង​), ៣- ខេត្ត ស្រី​នគរ​ធម្មរាជ និង ប​ច្ចឹ​ម​បុរី នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ
​
    ​ជា​សេចក្តីសន្និដ្ឋាន ជាដំបូង​ហើយ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ពិនិត្យ​ជា​ត្រួសៗ​នូវ​ព្រះ​ពុម្ព​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ​ មួយចំនួន យើង​ឃើញថា​ព្រះ​ពុម្ព​ទាំងនោះ មាន​អាយុកាល​ច្រើនជាង​ព្រះ​ពុម្ព​មន​។ ព្រោះថា វត្ថុ​ជាទី​សក្ការៈ​ទាំងនោះ ដែល​តំណាង​ឲ្យ​ឆាកជីវិត​ផ្សេងៗ​របស់​ព្រះសម្មាសម្ពុទ្ធ​អង្គ ត្រូវបាន​សាង​ឡើង​ក្នុងសម័យ​វប្បធម៌​ហ្វូ​-​ណន ពោលគឺ​មុន​ការ​លេចធ្លោ​ឡើង​នៃ​រដ្ឋ​មន​នៅ​ដើម​ស​.​វ​ទី​៧ នៅលើ​ទឹកដី​ចាស់​របស់​ហ្វូ​-​ណន​។ ម្យ៉ាងវិញទៀត ព្រះ​ពុម្ព​របស់​ជនជាតិ​មន ថ្វីត្បិតតែ​ជនជាតិ​នេះ ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ ដូច​ជនជាតិខ្មែរ ក៏ប៉ុន្តែ​មាន​លក្ខណៈ​ខុសប្លែក​ពី​ខ្មែរ​បន្តិច​។​
ព្រះ​ពុម្ព ឥរិយាបថ​ព្រះ​បរិនិព្វាន អង្គរបុរី (​ទីតាំង​ដដែល​)
​     ​ក្រៅពីនេះ ក្រោយពី​បានធ្វើ​ការសិក្សា​ប្រៀបធៀប​ព្រះ​ពុម្ព​មួយចំនួន យើង​ក៏​អាច​សម្គាល់​ផងដែរ​ថា ក្នុងដំណាក់កាល​ដំបូង ទាំង​ពុទ្ធ​សិល្បៈ​របស់​ហ្វូ​-​ណន ទាំង​សិល្បៈ​របស់​មន​ទ្វារ​វ​តី សុទ្ធសឹងតែ​ប្រសូត​ចេញពី​មូលដ្ឋាន​រូប​តែមួយ គឺ​ឥទ្ធិពល​ឥណ្ឌា​។ ហើយ​គឺ​ប្រការ​នេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​រក​អត្តសញ្ញាណ​របស់​ព្រះ​ពុម្ព​ទាំង​នោះបាន ជាពិសេស​នៅ​គ្រា​ដំបូងបង្អស់​នៃ​ប្រវត្តិ​សិល្បៈ​មន​។ ក៏ប៉ុន្តែ​បន្ទាប់មក សិល្បៈ​ពុទ្ធ​និយម​របស់​មន ក៏មាន​អត្តសញ្ញាណ​របស់ខ្លួន​យ៉ាង​ប្រាកដ ហើយ​លើសពីនេះ​ទៀត ថែមទាំង​បាន​ជះឥទ្ធិពល​លើ​សិល្បៈ​ខ្មែរ​នា​សម័យ​ចេនឡា​ថែម​ទៀតផង មុន​រលត់​សង្ខា​នា​ស​.​វ​ទី​១១​នៃ​គ​.​ស​៕ (​ម​.​ត្រា​ណេ​)

កតញ្ញូតាធម៌​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ចំពោះ​បុព្វការី​ជន

    ​នៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដ៏​មហស្ចារ្យ សង្គម​ខ្មែរ​ត្រូវការ​នូវ​ការផ្សះផ្សា​ជាតិ និង​សាមគ្គីភាព​ឡើងវិញ ដើម្បី​បំភ្លេច​វិនាសកម្ម​គ្រប់បែបយ៉ាង​ទាំង​ខាង​ជីវិត និង​សម្ភារៈ​ក្នុង​សង្គ្រាម​ខ្មែរ​-​ចាម ដែល​ទើបតែ​កន្លងផុតទៅ​។ ដើម្បី​ជាការ​ដឹងគុណ​កតញ្ញូតាធម៌​ចំពោះ​បុព្វការី​ជន​ដែល​បាន​ពលី​ជីវិត ដើម្បី​ទឹកដី​ព្រះអង្គ​បាន​សាងសង់​បូជនីយដ្ឋាន និង​ព្រះ​បដិមា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឥត​គណនា​។​
ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សារមន្ទីរ ជាតិ​សៀមរាប (​ម​.​ត ២០១០)
    ​ចាប់តាំងពី​ពេល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឡើង​សោយរាជ​សម្បត្តិ​ជា​ព្រះមហាវីរក្សត្រ​នៅ​ទីក្រុង​ស្រី​ជ័យ ដែលជា​រាជធានី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឬ​នគរធំ អតីត​យ​សោធ​បុ​រៈ (​រាជធានី​សម័យ​ព្រះបាទ​យ​សោ​វរ្ម័ន​) នៅ​ឆ្នាំ ១១៨១​នៃ​គ្រិស្តសករាជ គេ​ឃើញ​មានការ​សាងសង់​មូលនិធិ​សាសនា​ជាច្រើន រួមទាំង​ព្រះ​បដិមា​រាប់ពាន់​ម៉ឺន​អង្គ ដើម្បី​ទ្ទិស​ដល់​ព្រះពុទ្ធ​អង្គ​នៃ​លទ្ធិ​មហាយាន និង​ព្រះអាទិទេព​នៃ​ព្រហ្មញ្ញសាសនា ក៏ប៉ុន្តែ​រូបចម្លាក់​ទាំងអស់​ក៏​តំណាង​ឲ្យ​បុព្វការី​ជន​ដែលមាន​មាតា បិតា ជីដូន ជីតា ឬក៏​មេទ័ព​គ្រូបាធ្យាយ ដូចជា ពួក​ព្រហ្ម​ណ៍​មានគុណ​ទាំងនោះ បាន​ចែក​ឋាន​ទៅហើយ​។ វា​មាន​អត្ថន័យ​ដ៏​វិសេសវិសាល និង​ធំធេង​ណាស់ ដែល​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ត្រូវបាន​កត់ត្រា​លើ​ផ្ទាំង​សិលាចារឹក​នៅ​ ប្រាសាទព្រះខ័ន និង​ប្រាសាទតាព្រហ្ម​ក្នុង​ចក្រភព​មហានគរ ដែល​ទើប​ងើប​ពី​សង្គ្រាម និង​ប្រឈមមុខ​នឹង​វិបត្តិ​អត្តសញ្ញាណ​ជាតិ​។​
​     ​តាម​ខ្លឹមសារ​នៃ​សិលាចារឹក យើង​អាច​បញ្ជាក់ថា យើង​ឃើញ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ព្រះមហាវីរក្សត្រ​អង្គ​នេះ ដើម្បី​សុខសន្តិភាព​បង្រួបបង្រួម ជំនឿ​សាសនា​បែប​ពុទ្ធ​និយម ព្រហ្ម​ណ៍​និយម និង​ប្រពៃណី​ខ្មែរ​សុទ្ធសាធ​ដែលជា​វិភាគទាន​ដ៏​ថ្លៃថ្លា និង​យ៉ាង​ធំធេង​ដល់​ឯកភាព​ជាតិខ្មែរ​ទាំងមូល​។ តាមរយៈ​ជំនឿ​សាសនា​នេះ ជាពិសេស​ការគោរព​បូជា​ចំពោះ​បុព្វការី​ជន​ក្រោមរូបភាព​ជា​ព្រះអាទិទេព ឬ​ជា​ព្រះ​ពោធិសត្វ​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន យើង​ឃើញ​ពី​ព្រះពុទ្ធសាសនា​មហាយាន យើង​ឃើញ​ពី​ព្រះរាជបំណង ឬ​ឆ​ន្ទះ​ពិតៗ​ដែល​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ព្រះករុណា​មេត្តាធម៌ សមភាព​និង​សមធម៌​ពិតៗ ដែលជា​មាគ៌ា​តែមួយគត់​នាំមក​នូវ​ភាពសុខដុមរមនា និង​សុខសន្តិភាព​រវាង​ខ្មែរ និង​ខ្មែរ​ឲ្យ​ចេះ​រួម​រួមគ្នា​កាន់តែ​ធំ​ឡើងៗ​ជា​លំដាប់ ប្រសើរ​ជាង​ការបះបោរ ឬ​ការបំផ្លិចបំផ្លាញ​គ្នាឯង​។​
​    ​ការខិតខំ​ប្រឹងប្រែង​រួបរួមគ្នា​តាំងពី​ក្នុង​ព្រះរាជវង្សានុវង្ស ពួក​ព្រាហ្មណ៍​បុរោហិត រហូតដល់​ប្រជារាស្ត្រ​ទូទៅ​ក្នុងការ​ស្ថាបនា​ខឿនវប្បធម៌​ជាតិ និង​ការអភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​ក្រោយពី​សង្គ្រាមរ៉ាំរ៉ៃ អាច​បញ្ជាក់​តាមរយៈ​ការកសាង​ទីក្រុង​អង្គរធំ និង​ប្រាសាទធំៗ ដូចជា​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​បាណន់​ជាដើម​។​
​
សិលាចារឹក​ព្រះខ័ន ឯកសារ​បារាំង​
    ​កតញ្ញូតាធម៌​របស់​ព្រះមហាវីរក្សត្រ​អង្គ​នេះ​ចំពោះ​បុព្វការី​ជន ដែលមាន​គុណបំណាច់​ដ៏​មហា​ធំធេង ជំ​ពោះ​ទ្រង់ និង​ជាតិ អាច​ឆ្លុះបញ្ចាំង​តាមរយៈ​ការស្ថាបនា​នូវ​ចម្លាក់​ដូនតា ដែល​បាន​ចែក​ឋាន​ទៅ​ក្រោមរូបភាព​ព្រះអាទិទេព​ឥណ្ឌា ដើម្បី​ជាទីគោរព​សក្ការៈបូជា​។ ឧទាហរណ៍​ជាក់ស្តែង ទ្រង់​បាន​កសាង​រូបចម្លាក់​ព្រះ​លោកេស្វរៈ​មួយ មាន​ព្រះនាម​ថា ស្រី​ជយ​វ​ម្មេ​ស្វា​រៈ ដែលជា​រូប​ព្រះបិតា​របស់​ព្រះអង្គ ដោយបាន​ធ្វើ​ពិធី​អភិសេក​នៅ​ឆ្នាំ ១១៨​។ មានន័យថា ព្រះអង្គ​ឧទ្ទិស​មគ្គផល ឬ​កុសល​ដែល​បានមកពី​ព្រះ​ទង្វើ​នេះ​ថ្វាយ​វិញ្ញាណក្ខន្ធ​ព្រះបិតា​របស់​ ព្រះអង្គ ហើយ​ពិធី​ឆ្លង​ព្រះ​បដិមា​ខាងលើនេះ​សព្វថ្ងៃ​នៅតែ​ជា​ប្រពៃណី​ពេញនិយម​របស់​ ពុទ្ធសាសនិក​ជន​ខ្មែរ​នៅឡើយ​។​
​    ​ក្នុងន័យ​នេះដែរ ក្នុង​ផ្ទាំង​សិលាចារឹក​ប្រាសាទព្រះខ័ន ព្រះអង្គ​ក៏​ត្រាស់​បញ្ជា​ឲ្យ​ចារ​គាថា​ទាំងនេះ​ផងដែរ​គឺ ’​ត្បិត​ប្រាសាទ​នេះ​តាមរយៈ​អំពើ​កុសល​ទាំងនោះ​ដែល​កាំរស្មី​នៃ​ព្រះអាទិត្យ ​ចែងចាំង សូម​ឲ្យ​រូប​ខ្ញុំព្រះករុណាខ្ញុំ​សោយ​ព្រះ​និព្វាន ដែល​អ្នក​ឯទៀត​មិនបាន​សម្រេច​បំណង ដើម្បី​ធ្វើ​ឲ្យ​សត្វលោក​ឆ្លង​ផុតពី​សមុទ្រ​នៃ​វដ្ត​សង្សារ​” (​គាថា CLXXI)​។​
​    ​“​នៅពេលដែល​មនុស្ស​បាន​បាត់បង់​ជា​យូរ​មកហើយ​នូវ​កូន ឬ​ភរិយា​នោះ ទោះបីជា​គេ​ស្រឡាញ់​អស់ពីដួងចិត្ត​ក៏ដោយ គេ​ក៏​ដឹង ហើយ​បន្ទាប់មក បើសិនជា​គេ​មានកូន ឬ​ភរិយា​ទៀត គឺ​ឈប់​ឈឺចាប់​តទៅទៀត​។ ក៏ប៉ុន្តែ​បើសិន​ថា ជា​គេ​បាន​បាត់បង់​ទោះជា​យូរយារ​មកហើយ​ក្តី ព្រះបិតា មាតា គេ​នៅតែ​ឈឺ​ចុកចាប់​ដោយ​ឥត​ស្រាកស្រាន្ត​ឡើយ ព្រោះ​អ្នក​ទាំងនោះ​មិនអាច​ជំនួស​បាន​” (​គាថា CCXXIV)​។​
​    ​“​ដូច្នោះ​ហើយ ដើម្បី​រំលឹក​គុណបិតា​មាតា​របស់ខ្ញុំ ព្រះករុណា​ខ្ញុំ​ដែលមាន​សន្តាន​ចិត្តល្អ​ពុំ​អាច​កាត់​តម្លៃ​បាន ហើយ​ប្រកបដោយ​ការគោរព​ឥត​គណនា​នោះ ខ្ញុំព្រះករុណាខ្ញុំ​សូម​ថ្វាយ​បុណ្យ​កុសល​ទាំងនេះ​ជូន​ចំពោះ​រូប​ពួកគាត់​។ ព្រះមហាក្សត្រ បើសិន​ជាមាន​កតញ្ញូតា​ធម៌​មែនពិត អាច​រក្សា និង​ទទួលបាន​នូវ​មគ្គផល​ទាំងនោះ ជាពិសេស​សម្រាប់​អ្នក​ដែល​ប្រតិបត្តិ​ធម៌ (​គាថា CLXXV)”​។​
​    ​សញ្ញាណ​នៃ​សក្ខីភាព​នៃ​ការដឹងគុណ ព្រមទាំង​សប្បុរសធម៌​របស់​ស្តេច​អង្គ​នេះ ក៏​អាច​បញ្ជាក់​តាម​ខ្លឹមសារ​នៃ​គាថា​ពីរ​ទៀត នៅ​សិលាចារឹក​ព្រះខ័ន ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ព្រះបិតា​ របស់​ព្រះអង្គ​។​
​    ​“​ព្រះរាជា​និង​ម្ចាស់​ភូមិករ​ទាំងឡាយ​ថ្វាយ​អំណោយ​ដោយ​ទឹកចិត្ត​បរិសុទ្ធ ​ជ្រះថ្លា ៥៣២៤ ភូមិ (​គាថា LXXIII)” ព្រមទាំង​មានការ​ចែកចាយ​អង្ករ​ដល់​បុគ្គល​ដែល​រស់នៅ​ជាមួយ​គ្រូ និង​អ្នករៀន (​គាថា CII)​។​
​    ​យោង​លើ​ទិន្នន័យ​ជាក់ស្តែង​ទាំងនេះ យើង​អាច​ស្វែងយល់​អំពី​គុណធម៌​ដ៏​មហិមា​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចំពោះ​បុព្វការី​ជន​ដែល​បាន​ឲ្យ​កំណើត​ព្រះអង្គ ហើយ​ដែល​បាន​កសាង​ប្រទេស​កម្ពុជា​ដោយ​សាច់​ស្រស់ ឈាម​ស្រស់​របស់ខ្លួន ព្រមទាំង​បាន​កសាង​វប្បធម៌ អារ្យធម៌​មួយ​ដ៏​មហា​រុងរឿង​ថ្កុំថ្កើង​៕ (​ម​.​ត្រា​ណេ​)

ទំនាក់ទំនង​វប្បធម៌​ខ្មែរ និង​ស្រីលង្កា ប្រភពដើម​នៃ​ភាសាបាលី​