អ្នក ​សិក្សា​ជំនាញ​អគ្គិសនី​ និង​អេឡិចត្រូនិក​​ភាគ​ច្រើន​​​ ​​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​​​គឺ​ជា​​ ​បុរស​ៗ​​​។ គេ​ច្រើន​ហៅ​ជំនាញ​ទាំង​ពីរ​នេះ​ថា​ ជា​ជំនាញ​សម្រាប់​​បុរស​ៗ​​ ពោល​គឺ​កម្រ​​ឃើញ​មាន​នារី​សិក្សា​ណាស់។ ​នេះ​ជា​រឿង​ចម្លែក​ដែរ​ ដែល​មាន​​យុវតី​ម្នាក់​សម្រេច​ចិត្ត​រៀន​ជំនាញ​​អេឡិចត្រូនិក​ផង និង​អគ្គិសនី​ផង​ ហើយ​​អ្វី​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ​នោះ​គឺ​កញ្ញា​ បាន​ប្រឡង​ប្រជែង​ជា​មួយ​​សិស្ស​​បុរស​ៗ​ជា​ច្រើន​នាក់​ទៀត​ រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ទូទាំង​ប្រទេស​​ក្នុង​កម្មវិធី​ Work Skill 2012​ លើ​ជំនាញ​អគ្គិសនី។
កញ្ញា​ វឿន ស៊ីនាថ​​ ​ជា​អ្នក​ស្រុក​កំពង់​ចាម​ ​ស្រុក​ក្រូច​ឆ្មា​ ​មាន​វ័យ​ប្រមាណ​​ ២០​​ឆ្នាំ​ ​បាន​​រៀប​រាប់​ប្រាប់​ sabay ថា​ កញ្ញា​​ជា​សិស្ស​​មជ្ឈមណ្ឌល​ក្រម​ង៉ុយ​ ​ដែល​ទើប​តែ​បាន​ប្រឡង​ជាប់​បាន​​ចំណាត់​ថ្នាក់​លេខ​៣​ ទូទាំង​ប្រទេស​ ​​ក្នុង​កម្មវិធី​ Work Skill 2012 កាល​ពី​ពេលខែ​កញ្ញា​​កន្លង​ទៅ​​លើ​ជំនាញ​អគ្គិសនី។ កញ្ញា​ ប្រាប់​ថា​ នេះ​គឺ​ជា​សមិទ្ធផល​​សិក្សា​​ដែល​ទទួល​បាន​​ផ្លែផ្កា​​​ដ៏​គាប់​ប្រសើរ​ បើ​ទោះ​បី​ជា​​កញ្ញា​មិន​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ​ក្ដី។
ស៊ីនាថ ​​អនុវត្តការងារ​ជាក់​ស្ដែង​​ពេល​ប្រឡង​ថ្នាក់​ជាតិ​ Work Skill 2012
ស៊ីនាថ បាន​បន្ថែម​ទៀត​ថា​ ​​ថ្វី​ត្បិត​តែ​កញ្ញា​ជា​ស្ត្រី​​ ហើយ​ជំនាញ​អគ្គិសនី​គឺ​ជំនាញ​​សម្រាប់​ប្រុស​ៗ​ តែ​សម្រាប់​កញ្ញា​ មិន​បាន​គិត​ថា​​ទាល់​តែ​ប្រុស​ៗ​ ទើប​រៀន​បាន​នោះ​ទេ។ ​កញ្ញា​ បាន​ប្រាប់​ទៀត​ថា​ ​៖”​តាម​ពិត​ទៅ​បង! ខ្ញុំ​មិន​មែន​ចូល​ចិត្ត​ជំនាញ​​អគ្គិសនី​ទេ​ ពោល​គឺ​គ្មាន​​​ចំណង់​ចង់​រៀន​កាល​ពី​តូច​នោះ​ឡើយ​​ តែ​ដល់​ឡើង​មក​រៀន​ទៅ​ក៏​ចេះ​តែ​ខំ​ទៅ​រហូត​ដល់​ទទួល​បាន​​លទ្ធផល​​​​ ប៉ុណ្ណេះ”។
ស៊ីនាថ​ រំលឹក​ប្រវត្តិ​សិក្សា​របស់​ខ្លួន​​ថា​ ​ខ្លួន​​ប្រឡង​មិន​បាន​លទ្ធផល​ល្អ​ប្រសើរ​​​ទេ​កាល​ពី​រៀន​នៅ​​ថ្នាក់​បាក់​ ឌុប​​ក្នុង​ឆ្នាំ​សិក្សា​​២០១០​​ ពោល​គឺ​ទទួល​បាន​ត្រឹម​តែ​និទ្ទេស​ E ​ប៉ុណ្ណោះ។ ​កញ្ញា​ បន្ត​ថា​ កាល​ពី​រៀន​នៅ​បឋមសិក្សា​​ទទួល​បាន​ល្អ​គ្រាន់​បើ​​​​តែ​ដល់​ពេល​ឡើង​មក​រៀន ​នៅ​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​មិន​សូវ​បាន​លទ្ធផល​ល្អ​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​ថា​​ គ្រួសារ​ពុំ​មាន​លុយ​គ្រប់​គ្រាន់​ឲ្យ​ប្អូន​រៀន​បន្ថែម​ក្រៅ​ម៉ោង​ ​និង​ម្យ៉ាង​ទៀត​គឺ​​ប្អូន​ត្រូវ​​ជួយ​ធ្វើ​ស្រែ​ចម្ការ​ឪពុក​ម្ដាយ​​ទៀត។
ថ្វី ​ត្បិត​តែ​ជា​កូន​​កសិករ​​​ ដែល​ឪពុក​ម្ដាយ​ពុំ​មាន​ជីវភាព​​ធូរធារ​​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​​ការ ​សិក្សា​​ដល់​ប្អូន​​​​​ ​តែ​បន្ទាប់​ពី​​បាន​មក​រៀន​ជំនាញ​អគ្គិសនី​ និង​អេឡិចត្រូនិក​​នៅ​មជ្ឈមណ្ឌល​ក្រម​ក្រម​ង៉ុយ​រួច​មក​ ប្អូន​បាន​​​ប្រឹង​ប្រែង​រៀន​សូត្រ​រហូត​ទទួល​លទ្ធផល​ល្អ​ប្រសើរ។
ស៊ីនាថ ​ បញ្ជាក់​ ៖”​​លទ្ធផល​បាន​ល្អ​នេះ​ មិន​មែន​​បាន​មក​ពី​ណា​ទេ​​​ គឺ​បាន​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​តែ​ម្ដង។ ខ្ញុំ​គ្មាន​ដុង​ពី​កំណើត​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ធ្លាប់​គិត​ចង់​រៀន​ជំនាញ​នេះ​ដែរ។ តែ​ដល់​បាន​រៀន​ទៅ​ ខ្ញុំ​ខំ​ជា​និច្ច​។ ពេល​ព្រឹក​ខ្ញុំ​រៀន​​​​ពី​ម៉ោង​ ៩ ដល់​ ១២​ ដល់​ពេល​រសៀល​ពី​ម៉ោង​ ២​ រហូត​ដល់​ម៉ោង​ ៤​ និង​ពេល​យប់​ពី​ម៉ោង​ ៧​ រហូត​ដល់​ម៉ោង​ ១១​ ឬ​១២​យប់​ឯណោះ…រៀន​ទាំង​ទ្រឹស្ដី​ ទាំង​អនុវត្តន៍​តែ​ម្ដង”។
នៅ ​ពេល​ដែល​សួរ​ថា​ តើ​ប្អូន​មាន​កង្វល់​​​ទេ ​ថា​ប្អូន​អាច​នឹង​មិន​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​ងារ ព្រោះ​ថា​ជំនាញ​នេះ​គេ​ត្រូវ​ការ​តែ​ប្រុស​ៗ​​នោះ? ស៊ីនាថ ប្រាប់​ទាំង​មិន​ស្ទាក់​ស្ទើរ​ថា​ ​មិន​​បារម្ភ​សូម្បី​តែ​បន្តិច​នោះ​ទេ​​។ ស៊ី នាថ លើក​ឡើង​ដូច្នេះ ៖”​អត់​ភ័យ​ទេ! ខ្ញុំ​អត់​បារម្ភ​ខ្លាច​គេ​មិន​​​ឲ្យ​ធ្វើ​​ការ​ងារ​នោះ​ទេ​។ ទីផ្សារ​ការ​ងារ​នឹង​កាន់​តែ​សម្បូរ​នៅ​ពេល​ដែល​គេ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ឆ្នាំ​២០១៥​ ដូច្នេះ​មិន​ថា​ស្រី មិន​ថា​ប្រុស​ទេ គេ​ប្រាកដ​ជា​ត្រូវ​ការ​ទាំង​អស់​ហើយ ម្យ៉ាង​ទៀត​ស្រុក​ខ្មែរ​អ្នក​រៀន​ និង​អ្នក​ជំនាញ​ផ្នែក​នេះ​នៅ​មាន​តិច​នៅ​​ឡើយ”។

ស៊ីនាថ បាន​ទទួល​​សញ្ញាបត្រ​​ប្រឡង​បាន​​លេខ​៣​ ក្នុង​កម្មវិធី​ Work Skill 2012
កម្មវិធី ​​ជំនាញ​កម្ពុជា​​​ Work ​​Skill​​ ​ជា​កម្មវិធី​ប្រកួត​ប្រជែង​​​​ជ្រើស​រើស​សិស្ស​ឆ្នើម​ដែល​​​បាន​ប្រមូល​​ ផ្ដុំ​ទៅ​ដោយ​និស្សិត​ និង​សិស្ស​ជំនាញ​បច្ចេកទេស​អគ្គិសនី​  ​​​ឆ្នើម​ជ្រើស​ចេញ​ពី​ ​​​គ្រឹះស្ថាន​អប់រំ​​​រដ្ឋ​ និង​ឯកជន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ ​ជា​ច្រើន​មក​ប្រកួត​ប្រជែង​លើ​ការ​អនុវត្តន៍​ជាក់​ស្ដែង ហើយ​កម្មវិធី​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១០។ ​សាលា​ទាំង​នោះ​មាន​ដូច​ជា​ ​​​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (​NPIC)​ មជ្ឈមណ្ឌល​ក្រម ង៉ុយ​ និង​មជ្ឈមណ្ឌល​កម្ពុជា-ថៃ​​ជា​ដើម។ ​កម្មវិធី​នេះ ​​​ខាង​សាលា​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​​គ្រឹះ​ស្ថាន​ច្រើន​ជាង​នេះចូល​រួម។
អ្នក ​ដែល​ប្រឡង​ជាប់​លេខ​ ១​​  ត្រូវ​ទៅ​ប្រឡង​បន្ត​ថ្នាក់​តំបន់​អាស៊ាន​ ដែល​​ប្រទេស​ម៉ាឡេស៊ី​​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ​សម្រាប់​ឆ្នាំ​​២០១២​នេះ​ គឺ​ចំណាត់​ពី​លេខ​ ១ ​ដល់​លេខ​ ៣​ បាន​ទៅ​លើ​សិស្ស​​មជ្ឈមណ្ឌល​ក្រម​ង៉ុយ​ទាំង​អស់។
 
ស៊ីនាថ ​​អនុវត្តការងារ​ជាក់​ស្ដែង​​ពេល​ប្រឡង​ថ្នាក់​ជាតិ​ Work Skill 2012
កញ្ញា ​ ​ស៊ីនាថ​​​​ បាន​បន្ត​​ទៀត​ថា​ ​សព្វ​ថ្លៃ​ខ្លួន​កំពុង​រៀន​ផង​ និង​បង្រៀន​សិស្ស​ផង​​​នៅ​មជ្ឈមណ្ឌល​ក្រម​ង៉ុយ។ កញ្ញា​ បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ ៤០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។ ក្រៅ​ពី​នេះ​សាលា​ ក៏​បាន​ផ្ដល់​​បាយ​ និង​​កន្លែង​ស្នាក់​នៅ​​ឲ្យ​ផង​ដែរ។
យុវតី ​ម្នាក់​​​នេះ​ ​បាន​ប្រាប់​ពី​បំណង​ទៅ​ថ្ងៃ​អនាគត​ថា​​ រូប​គេ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​​អគ្គិសនី​ និង​ចង់​បន្ត​យក​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​អគ្គិសនី​បន្ត​ទៀត៕