អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 11, 2013

បក្ស​ប្រឆាំង​មីយ៉ាន់ម៉ា​តែងតាំង​អ្នកស្រី​អង់សានស៊ូជី​ជា​អ្នក​ដឹក​នាំ​សាជាថ្មី​ Trackback

​គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ​បាន​ប្រកាស​​តែងតាំង​អ្នក​ស្រី​អង់សានស៊ូជី​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​បក្ស​សាជាថ្មី​ម្ដង​ទៀត​ក្នុង​ឱកាស​សមាជ​បក្ស​​ថ្ងៃ​អាទិត្យ​នេះ។​
ក្នុង ​ចេតនា​សម្លឹង​ទៅ​រក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​​ឆ្នាំ​២០១៥​ខាង​មុខ សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​១២០​រូប​របស់​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​ ប្រទេស​មីយ៉ាន់ម៉ា​មួយ​នេះ​​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ​​ជ្រើសរើស​​អ្នក​ស្រី ស៊ូជី ដែល​ជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​​ទាំង​ក្នុង​ឆាក​ជាតិ​និង​អន្តរជាតិ​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​បក្ស​ឡើង​វិញ។
​ ​សមាជិក​បក្ស​ NLD (National League for Democracy) រាប់​រយ​នាក់​​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​យ៉ាងហ្គូន​ដើម្បី​ធ្វើ​ ​សន្និសីទ។ ប៉ុន្តែ​​ទន្ទឹម​នឹង​នេះ កិច្ចប្រជុំ​ក៏​បាន​បង្ហើប​ពី​បញ្ហា​ប្រឈម​របស់​បក្ស​ផង​ដែរ ដូច​ជា​កង្វះ​បទពិសោធន៍​ ព្រម​ទាំង​ការ​បែកបាក់​ផ្ទៃ​ក្នុង​ដែល​បណ្ដាល​ឱ្យ​សមាជិក​៤​រូប​រង​បម្រាម​ មិន​ឱ្យ​ចូល​រួម​ប្រជុំ​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ព្យាយាម​ប្រើ​ ឥទ្ធិពល​លើ​ការ​បោះឆ្នោត។
យ៉ាងណាក៏ដោយ ​អ្នកស្រី​ស៊ូជី វ័យ​៦៧​ឆ្នាំ​ដែល​​ឈ្នះ​រង្វាន់​ណូបែល​ សន្តិភាព​ក្នុង​ឆ្នាំ​១៩៩១​​ បាន​ជំរុញ​គណបក្ស​របស់​អ្នកស្រី​ឱ្យ​ឆក់​យក​ឱកាស​ ស្រប​ពេល​ដែល​បក្ស​ដែល​ធ្លាប់​ឈ្នះ​ការ​បោះឆ្នោត​សភា​ឆ្នាំ​១៩៩០​នេះ​កំពុង​ ត្រៀម​ខ្លួន​ប្រជែង​យក​ជោគជ័យ​ឱ្យ​បាន​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៥ ប្រសិន​បើ​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។
អតីត ​អ្នក​ទោស​នយោបាយ​ខាង​លើ​មាន​ប្រសាសន៍​ថា​៖ “ដើម្បី​ផលប្រយោជន៍​ជាតិ​ យើង​ត្រូវ​តែ​រួបរួម​គ្នា​។ ខ្ញុំ​សូម​ស្នើ​អ្នក​កុំ​ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​​មក​បំផ្លាញ​អនាគត​ របស់​ប្រទេស​ជាតិ”។​
បន្ទាប់​ពី​ត្រូវ​ ក្រុម​យោធា​កាន់​អំណាច​បញ្ឈប់​សកម្មភាព​អស់​២​ទសវត្ស​មក គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​វិល​មក​កាន់​ទីលាន​នយោបាយ ​វិញ​​ក្នុង​ឆ្នាំ​២០១២​ ក្រោយ​ពី​មាន​ការ​ធ្វើ​កំណែទម្រង់​ប្រទេស​ទាំង​ស្រុង​ពី​រដ្ឋាភិបាល៕

0 comments: