អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Monday, March 11, 2013

ខ្មែរ​ឈាន​ទៅ​ជួស​ជុល​កាមេរ៉ា​អាជីព​បាន​ Trackback

កាមេរ៉ា ​អាជីព​ (professional camera) ​កម្រ​មាន​កន្លែង​ជួស​ជុល​ណាស់។ រាល់​ពេល​ខូច​ម្ដង​ៗ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​ផ្ញើ​ទៅ​ជួស​ជុល​នៅ​ហាង​ធំ​ៗ នៅ​ក្រៅ​ប្រទេស​ ជាពិសេស​នៅ​ក្រុង​​បាង​កក ប្រទេស​​ថៃ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ ហាង​​លក់​កាមេរ៉ា​ក្នុង​ស្រុក​ខ្មែរមួយ​​ចំនួន​​ចាប់​ផ្ដើម​​ចេះ​​ជួស​ជុល​ កាមេរ៉ា​បាន​ ស្របពេល​ចំណង់​​ចំណូល​ចិត្ត​ប្រើ​ប្រាស់​កាមេរ៉ា​មាន​ការ​កើន​ឡើង​ជា​លំដាប់ ពី​មួយ​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ។
កញ្ញា ​ស្រី​តូច​ អ្នក​លក់​របស់​ហាង​​យីហោ​ សប្បាយ​ណាស់​ផ្ដិត​រូប​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ ក្បែរ​ផ្សារ​ថ្មី​ ថ្លែង​ថា កន្លង​មក​មាន​អ្នក​និយម​ថត​រូប​ ស្ពាយ​យក​កាមេរ៉ា​អាជីព​របស់​គេ​ Canon ឬ​ Nikon ទៅ​ជួស​ជុល​ច្រើន​ដែរ​នៅ​ហាង​របស់​នាង​ បន្ទាប់​ពី​ពួកគេ​ធ្វើ​ឲ្យ​ចូល​ទឹក​ ឬ​ប្រើ​ប្រាស់​ខុស​ប្រក្រតី​ណាមួយ។
កញ្ញា ​ ស្រី​តូច ​បញ្ជាក់​ថា​ មេជាង​របស់​នាង​នឹង​ធ្វើ​ការ​ដោះ​ផ្លុំ​ ជូត​សម្អាត​ ព្រម​ទាំង​ដោះ​ដូរដាក់​​គ្រឿង​បន្លាស់​ថ្មី។ ប៉ុន្តែ​ក្នុង​ករណី​​ទំហំ​នៃ​ការ​ខូច​របស់​កាមេរ៉ា​ ឬ​ Lens​ គឺ​ហួស​ពី​សមត្ថភាព​របស់​មេជាង​ក្នុង​ស្រុក​ ហាង​របស់​នាង​ត្រូវ​ផ្ញើ​ទៅ​កាន់​ប្រទេស​សាំងហ្គាពួរ​ ដែល​មាន​ហាង​ធំ​ៗ ជំនាញ​ៗ​ ធ្វើ​​ការ​ជួស​ជុល​ជំនួស​វិញ។
អ្នក ​លក់​រូប​នេះ​​បន្ថែម​ថា៖ “ប្រសិន​ជា​កាមេរ៉ា​​​ធ្លាក់​ចូល​ទឹក​តែ​ម្ដង ហើយ​​ត្រាំ​​ក្នុង​​ទឹក​​យូរល្មម​​ដែរ​​ ជា​ធម្មតា​​កម្រ​មាន​កាមេរ៉ា​ណា​អាច​ជួស​ជុល​បានមក​វិញ​ណាស់​ គឺ​​ត្រូវ​តែ​ទិញ​តួ​ថ្មី​តែ​ម្ដង”។
ប៉ុន្តែ ​ទន្ទឹម​នឹង​មាន​ហាង​ក្នុង​ស្រុក​អាច​ជួស​ជុល​កាមេរ៉ា​ដែល​ខូច​មួយ​ចំនួន​ បាន​​ កញ្ញា​ ស្រី​តូច​ ឲ្យ​ដឹង​ថា​ តម្លៃ​នៃ​ការ​ជួស​ជុល​ក៏​ថ្លៃ​ដែរ​ ដូច្នេះ​​អ្នក​លក់​រូប​នេះ​ ឲ្យ​យោបល់​ថា​ ត្រូវ​ប្រយ័ត្ន​​ប្រយែង​ និង​ថ្នម​បំផុត​ក្នុង​ការ​ប្រើ​ប្រាស់​កាមេរ៉ា​​ប្រភេទ​អាជីព​​​នេះ៕

0 comments: