អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 10, 2013

ព្រះសង្ឃជាង ១០០អង្គ និមន្តប្រោះព្រំ តាមដងវិថី ក្នុងក្រុងព្រះសីហនុ និងផ្លូវជាតិលេខ ៤

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ០៧:៥០

ព្រះសីហនុៈ ព្រះសង្ឃក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ប្រមាណជា ១២០អង្គ បាននិមន្តសូត្រមន្តប្រោះព្រំរួម គ្នា ដើម្បីរំដោះគ្រោះបណ្តេញឧបទ្រពនៅតាម បណ្តាដងវិថី ក្នុងក្រុងព្រះសីហនុ និងបណ្តោយផ្លូវជាតិ លេខ៤ ព្រម ទាំងបណ្តាចំណុច ដែលបានកើតនូវគ្រោះថ្នាក់ ចរាចរដ៏រន្ធត់នាពេលកន្លងមកផងដែរ។
ពិធីប្រោះតាមដងផ្លូវជាលើកទី២ បន្ទាប់ពីមានការប្រកាស អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេ ជោ ហ៊ុន សែន ត្រូវបានរៀបចំឡើង ដោយក្រុមការងារសង្គមតាមបណ្តាញហ្វេសប៊ុកព័ត៌មានជាតិ ដោយសេរី ថ្មីៗ និងប្រតិកម្មរហ័ស ដែលមានលោក ខ័ណ្ឌ ច័ន្ទសុផល ជាប្រធាន រួមនឹងសមាជិកក្នុងក្រុម មានព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្តប៉ាឆា ខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ឆឹម ជីវី និងសមាជិកក្រុមជាច្រើនទៀត ដោយ បានរៃអង្គាសថវិកាផ្ទាល់ខ្លួន សម្រាប់ចំណាយក្នុងកម្មវិធី។
ពិធីប្រោះព្រំ បានចាប់ផ្តើមឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ក្រោមកំដៅ ព្រះសូរ្យសែងដ៏សែនក្តៅនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីសាលាខេត្តព្រះសីហនុ អភិបាលរងខេត្ត និងថ្នាក់ ដឹកនាំ នៃមន្ទីរធម្មការខេត្តព្រះសីហនុ លោកនាយ កុយ លោកយាយ ណយ សំណាង ព្រមទាំងអាណាព្យាបាល ជនរងគ្រោះ ដែលបានជួបឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របុករថយន្តតារាចម្រៀង ខេមរៈ សិរី មន្ត កាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៣។
ក្បួនដង្ហែពិធីប្រោះព្រំ បានចាប់ផ្តើមចេញពីឆ្នេរអូរឈើទាល មុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដង្ហែរហូតដល់ វិមានឯករាជ្យ ទើបព្រះសង្ឃនិមន្តតាមរថយន្តចុះទៅប្រោះព្រំនៅឃ្លាំងលើក និងនិមន្តបន្តទៅប្រោះព្រំនៅតាម បណ្តាចំណុច ដែលកើតគ្រោះថ្នាក់ដ៏រន្ធត់នាពេលកន្លងមក ដូចជាកន្លែងគ្រោះថ្នាក់របស់ក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត កន្លែងក្រឡាប់ផ្ទុះឆេះនៅចំការដូងប្រេង របស់លោកឧកញ៉ា ម៉ុង ឬទ្ធី រហូតដល់វេលាម៉ោង ៧ និង៣០ នាទីយប់ទើបបញ្ចប់។
លោក ខ័ណ្ឌ ច័ន្ទសុផល ក៏ដូចជាសមាជិកក្នុងក្រុមរបស់ខ្លួន បានឲ្យដឹងថា ពិធីប្រោះព្រំនេះ ធ្វើឡើងតាមទំនៀម ទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ធ្វើឡើងដើម្បីនាំមកនូវសេចក្តីសុខសេចក្តីចម្រើន ហើយក៏ជាសារមួយជូនដល់អ្នក បើកបរទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីសុវត្ថិភាពនៅតាមដងផ្លូវទាំងខ្លួនឯង និងអ្នកដទៃ។
លោក ខ័ណ្ឌ ច័ន្ទសុផល ដែលនៅក្នុងបណ្តាញសង្គម មាននិន្នាការគាំទ្ររាជរដ្ឋាភិបាលនោះ បានហៅសកម្មភាព នេះថា ធ្វើឡើងតាមអនុសាសន៍សម្តេចតេជោ ហើយធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធជន រងគ្រោះទាំងអស់ បានទៅចាប់ជាតិ និងសោយសុខក្នុងគតិភពផងដែរ។
នៅតាមបណ្តាដងផ្លូវ មានប្រជាពលរដ្ឋ ជាពុទ្ធសាសនិក និងដែលកំពុងភ័យរអារចំពោះគ្រោះថ្នាក់ចរាចរ ដែល កើតមានស្ទើរតែរៀងរាល់ថ្ងៃផងនោះ យ៉ាងច្រើនកុះករបាននាំគ្នារៀបចំទឹក ដោយមានអប់ផ្កាភ្ញីផងនោះ ដាក់ តម្រៀបនៅតាមមុខប្រគេនព្រះសង្ឃប្រោះព្រំ ដើម្បីនាំមកនូវសិរីសួស្តី សេចក្តីសុខ ចំពោះខ្លួនផងដែរ ហើយពួក គាត់បានហៅកម្មវិធីនេះ ជាកម្មវិធីកម្របានជួប។
ព្រះបញ្ញាសោភ័ណ គៀត ចាន់ធុច បានមានសង្ឃដីកាក្នុងឱកាសនិមន្តប្រោះព្រំនោះថា ព្រះពុទ្ធសាសនា ជា សាសនាតថភាព ឆ្លុះបញ្ចាំងជាមួយវិទ្យាសាស្ត្រ ដូច្នេះពិធីប្រោះព្រំនេះ ជាការជំនួយផ្លូវចិត្ត និងដាស់នូវស្មារតី ហើយការសូត្រមន្តបង្សុកូលពិតជានាំមកនូវសេចក្តីសុខ។ តែកីមិនត្រូវបោះភ្លេចនោះ ព្រះទ្រង់បានសម្តែងខ្លួន ទីពឹងខ្លួន ដូច្នេះបើចង់បានសេចក្តីសុខ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរ បើកបរដោយការប្រុងប្រយ័ត្ន។
ព្រះតេជគុណ ក៏បានផ្តាំផ្ញជាសារដល់អ្នកបើកបរទាំងអស់ថា «កុំប្រជែងគ្នាយកល្បឿនលឿនឲ្យសោះ ព្រោះផ្លូវ របស់យើងនេះ មិនជាផ្លូវហាយវ៉េ ដូចប្រទេសជឿនលឿននោះទេ ដូច្នេះដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ ត្រូវយោគ យល់គ្នា គោរពសិទ្ធិ និងមានក្រមសីលធម៌ពេលបើកបរ»។
តារាកំប្លែងលោក ជួង ជី ហៅ នាយកុយ ជាឪពុកជនរងគ្រោះ ជី វីរៈ ខណៈចូលរួមធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ របស់កូននោះ ក៏បានសម្តែងនូវអារម្មណ៍រំភើប និងក្តុកក្តួល នៅពេលឃើញមានព្រះសង្ឃជាច្រើន បាននិមន្តសូត្រ មន្តប្រោះព្រំ និងមានប្រជាពលរដ្ឋកន្លែងកើតហេតុជាច្រើន បានគ្នាចូលរួមពិធីសូត្រមន្ត ព្រមទាំងចូលជាបច្ច័យ ម្នាក់១ម៉ឺនរៀល ៥ពាន់រៀល ដើម្បីចូលរួមរំលែកទុក្ខជាមួយលោក និងក្រុមគ្រួសារ។
នាយកុយ ក៏បានសម្តែងនូវជំនឿរបស់ខ្លួនតាមផ្លូវងងឹតផងដែរថា ពិធីសូត្រមន្តប្រោះព្រំនេះ នឹងនាំមកនូវសេចក្តី ជូនដល់ប្រជាពលរដ្ឋ «ព្រះសង្ឃជួយតាមផ្លូវងងឹត តែតាមផ្លូវភ្លឺ យើងគួរតែជួយខ្លួនឯង គោរពច្បាប់ចរាចរ បើ តាកុងងងុយដេក ត្រូវតែឈប់ដេក បើស្រវឹងគួរតែកុំបើកបរ»។
មិនខុសពីគ្នាប៉ុន្មានដែរ លោក គង់ សុភ័ណ អាជីវករនៅឃ្លាំងលើ បានសម្តែងអារម្មណ៍ក្លាចរអា និងស្ទើតែមិន ហ៊ានធ្វើដំណើរកម្សាន្ត នៅថ្ងៃឈប់សម្រាក ព្រោះគ្រោះថ្នាក់ចរាចរណ៍ បានកើតមានស្ទើររាល់ថ្ងៃ។
ខណៈអង្គុយថ្វាយបង្គព្រះសង្ឃ ដើម្បីទទួលការប្រោះព្រំនោះ លោក ក៏បានសម្តែងការសប្បាយចិត្ត និងមានជំនឿ ថា ការប្រោះព្រំនេះ នឹងនាមកនូវសេចក្តីសុខ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។ តែលោកក៏មិនភ្លេច ផងដែរ នូវការផ្តាំផ្ញើជាសារដល់អ្នកបើកបរទាំងអស់ ត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នានៅពេលបើកបរ ជាពិសេស គឺគោរពច្បាប់ចរាចរ ដែលមានស្រាបតែម្តង។
ស្រ្តីជាអាជីវករក្នុងក្រុងព្រះសីហនុម្នាក់ទៀត ក៏បានសម្តែងការសប្បាយចិត្តផងដែរ នៅពេលឃើញព្រះសង្ឃនិមន្ត សូត្រមន្តប្រោះព្រំបែបនេះ លោកស្រីមានជំនឿតាមសារ នៃការប្រោះព្រំ អ្នកបើកបរទាំងអស់នឹងប្រុងប្រយ័ត្នបាន ខ្ពស់ពេលបើកបរ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
បន្ទាប់ពីចំណាយពេលប្រហែលជា ៧ម៉ោង លើកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃពិធីប្រោះព្រំ លោក ខ័ណ្ឌ ច័ន្ទសុផល បានថ្លែងអរព្រះគុណ ដល់ព្រះសង្ឃទាំងអស់អង្គ ដែលបានចំណាយអស់ព្រះកាយពល និមន្ត សូត្រមន្តដោយថ្មើរ ជើង ក្រោមកំដៅថ្ងៃ ដ៏សែនក្តៅ សូត្រមន្តប្រោះព្រំ ដើម្បីនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ជូនប្រជាពលរដ្ឋ កម្ពុជា ហើយក៏សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជាកម្លាំងចិត្ត និងបានចូលរួមវិភាគទាន ថវិកាផ្ទាល់ខ្លួន ញាំងឲ្យដំណើរការ នៃការសូត្រមន្តប្រោះព្រំនេះ បានសម្រេចដោយជោគជ័យទាំងពីរលើក។
ពិធីនិមន្តសូត្រមន្តប្រោះព្រំតាមដងផ្លូវនេះ បានធ្វើរួចម្តងមកហើយ កាលពីថ្ងៃទី០៣ ខែមីនា នៅតាមបណ្តោយ វិថីព្រះនរោត្តម។
តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងរយៈ២ខែ ក្នុងដើមឆ្នាំ ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សរហូត ជិត២០នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត ជាក់ស្តែងកាលពីអំឡុងពេលចូលឆ្នាំចិន រថយន្តកាមរី បាឡែន ១គ្រឿង បានក្រឡាប់ផ្ទុះឆេះ បណ្តាលឲ្យយុវជន៦នាក់ បានស្លាប់បាត់បង់ជីវិត ហើយកាលពីរាត្រីថ្ងៃទី០៧ ខែ មីនា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀត ដោយរថយន្តកុងតឺន័រ បានបុកពេញទំហឹង ទៅលើរថ យន្តក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ស្លាប់រហូតដល់៧នាក់ ។ គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវនាពេលបច្ចុប្បន្ន កំពុងតែក្លាយជាក្តីកង្វល់ ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា។ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវក្តីកង្វល់របស់ សម្តេច និងបានស្នើឲ្យព្រះសង្ឃ ទូទាំងប្រទេស និមន្តប្រោះព្រំនៅតាមបណ្តាផ្លូវនានា ដែលឧស្សាហ៍កើតគ្រោះ ថ្នាក់ចរាចរ និងបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតច្រើនជាងគេ៕

0 comments: