អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, October 3, 2013

នំអន្សម រដូវភ្ជុំបិណ្ឌ

ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្ជុំបិណ្ឌម្ដងៗ ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់គ្រួសារតែងតែរៀបចំវេចនំ អន្សម ​(មិនដែលខាន)​មិន​ថាផ្ទះគេ ឬ ផ្ទះខ្ញុំនោះទេ។ សកម្មភាពនេះ យើងតែងសង្កេត​ឃើញនៅ​មុនថ្ងៃ​បុណ្យភ្ជុំ មួយឬពីរថ្ងៃ​ គឺគ្រប់ៗ​ផ្ទះ​ញាប់ដៃ​ញាប់ជើង ម្នីម្នាររៀប​ចំវេចនំដើម្បី​ទុកចូលរួម ក្នុង ឱកាស​ ភ្ជុំ​បិណ្ឌ ។ នំដែលយើងវេចរួមមានដូចជា៖ នំអន្សមជ្រូក អន្សម​ចេក នំគម នំ​បត់ ជាដើម ។

អត្ថន័យ ៖
“​អន្សម​” តាមវចនានុក្រមសម្ដេចសង្ឃពន្យល់ថា៖ ឈ្មោះនំធ្វើដោយអង្ករដំណើប ខ្ជប់ដោយ​ស្លឹក​ស្រស់​ (តាមធម្មតាច្រើន ប្រើស្លឹកចេក) មានរាងមូល រលស្មើជចុងស្មើដើម ចម្អិនដោយស្ងោរ ឬ អាំងក៏មាន។

មូលហេតុដែលនាំឲ្យវេចនំនេះ ៖
យោងតាមឯកសារ​មួយ​ចំនួន​បាន​ឲ្យដឹង​ថា ក្នុ​ង​​​សម័យ​​​ព្រះ​​បាទ​ជ័យ​វរន្ម័​ទី​៧​ប្រទេស​​កម្ពុជា​​​ប្រកាន់​​​​​ សាសនាព្រាហ្មណ៍​​​ ហើយ​​​របស់​​​ប្រើ​ប្រាស់ និង​សម្ភារ​​ភាគ​​ច្រើន​​តែង​​តែ​​មាន​​ទំនាក់​​​ទំនង​​នឹង​​សា​សនា​ តួយ៉ាង​ នំ​អន្សម​នេះជាដើម។
​ក្នុង​​សាសនាព្រាហ្មណ៍នំ​​អន្សម គឺ​​តំណាង​​ឲ្យ​​លិង្គ​​ព្រះ​ឥសូរ ចំណែកឯ​នំ​គមវិញ​ គឺ​តំណាង​​ឲ្យ​យោនី​ នាង​ឧមា​ដែល​​ជា​​ព្រះ​​ម​ហេសី​​របស់​​ព្រះ​ឥសូ។ ​ម្លោះ​​ហើយ​​ទើប​​យើង​​តែង​តែ​ឃើញ​​នំ​ប្រភេទ​នេះ​ក្នុងពិធី​បុណ្យទាន អមជា​មួយ​នឹង​ “នំគម” ដែល​ជានំប្រ​ពៃណី​ខ្មែរ​ផងដែរ។​​ ​ដោយសារ​ជំនឿ​សាសនា​ព្រាហ្មណ៍​ត្រូវបាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​ គ្រប់គ្នា​ទៅហើយនោះ (បើ​តាម​សាសនាព្រះ ពុទ្ធ ពុំមាន​យកនំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មានតែ​សាសនាព្រាហ្មណ៍​តែមួយ​ប៉ុណ្ណោះ)ទើប​ខ្មែរ​យើង​យកនំ​អន្សមជ្រូក អន្សមចេក នំគម នំ​បត់ ​ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំងពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វថ្ងៃនេះ​។​

“នំ​អន្សម​” មាន​ដើម​កំណើត​តាំង​ពីបុរ​មបុរា​ណ​នៅ​ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ​ និង​ត្រូវ​បាន​គេ​ឃើញ​វត្ត​មាន​នំមួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធី​បុណ្យ​ ប្រពៃណី​ខ្មែរ​ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ពិធី​រៀប​អាពាណ៍ពិពាណ៍ និង​ពិធី​បុណ្យ​សា​សនា​មួយ​ចំនួន​ទៀត។ ការដែល​យកនំ​ទាំងអស់នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មកពី​បុណ្យ​នេះក៏ដូចជា​ បុណ្យ​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញសាសនា​។

របៀបធ្វើនំអន្សមសង្ខេប៖
ដំបូង ​​​យើង​​​ត្រូវ​​​ហែក​​​ស្លឹក​​​ចេក​​ ឬ​ ស្លឹក​ផ្អាវ​ ហើយ​ហាល​ថ្ងៃ​ឲ្យ​ទន់​ល្អ​ចំពោះ​ស្លឹក​ចេក​។ បន្ទាប់​​​មក​​ត្រូវ​​យក​​វាមក​​ជូត​ឲ្យ​​ស្អាត​​និង​​ត្រូវ​​ត្រៀម​​ខ្សែ​ សំរាប់​​ចង​។ គេ​​អាច​​យក​​ដើម​​ចេក​​មក​​​ធ្វើ​​ជា​​ខ្សែ​ក៏​​បាន​​ ឬ​​ខ្សែចង​​ធម្មតា​​ក៏​បាន។ បន្ទាប់​មក​​​​ទៀត​​ ត្រូវ​​លាង​​អង្ករ​​ដំណើប​​ទុក​​ឲ្យ​ស្ងួត​ ហើយ​ទឹក​​អង្ករ​​ដំណើប​​នោះ​​ត្រូវ​​លាយ​អំបិល​​​តិចៗ​​ដើម្បី​​បង្កើន​​ឱ​ ជា​រស​ ហើយ​​ត្រូវ​​លាង​​សណ្តែក​​លឿង​​ទុក​​ឲ្យ​​ស្រស់​​ទឹក​។ បន្ទាប់​​ពី​នោះ​​ យើង​​ត្រូ​វ​​ហាន់​​សាច់​​ជ្រូក​​ជា​​ចង្វាយ​​វែង​​ល្មម​ (​ភាគ​​ច្រើន​​គេ​​យក​​សាច់​​ជ្រូក​​បី​ជាន់​ ​ដោយ​សា​រ​​វា​មាន​​ជាតិ​​ខ្លាញ់​​តិច​ៗ)​ ដោយ​​លាយ​​គ្រឿង​​ដូច​​ជា​​ម្រេច​ អំបិល​​ មើម​ខ្ទឹម​សរ​ជា​ដើម​។​​ ក្រោយមក ​យើង​អាច​​វេច​​បាន​​ហើយ​។ ការ​​វេច​​យើង​​ត្រូវ​​ចំណាយ​​ពេល​ពី​១​ ទៅ​ ២​ម៉ោង​អាស្រ័យ​​ទៅ​​លើ​​ចំនួន​​អង្ករ​​ដែល​​​យើង​វេច​។ ដំបូង​​យើង​​ត្រូវ​​លា​​ស្លឹក​​ចេក​​ទ្រាប់​​លើ​​គា្ន​ឲ្យ​​ក្រាស់​​ល្មម​​ ហើយ​​ត្រូវ​​ដាក់​​អង្ករ​​រាយ​​លើ​​ស្លឹក​​ចេក​​ បន្ទាប់​​មក​​រោយ​​សណ្តែក​​លឿង​​ពី​​លើ​​រួច​ដាក់​សាច់​​ជ្រូក​​ពី​​លើ​​ ហើយ​​បត់​​ចុង​​នៃ​​ស្លឹក​​ទាំង​​ពីរ​​ចូល​​គ្នា។ បន្ទាប់​​ពី​​វេច​ ​ហើយ​​យើង​​ត្រូវ​​ឆ្លង​​កាត់​​ដំណាក់​កាល​​មួយ​​ទៀត​​គឺ ​​ចង​។ ការ​​ចង​​នំ​​មិន​​មែន​​ជា​ការ​​ងាយ​​នោះ​​ទេ​​។ យើង​​ត្រូវ​​ចង​​ឲ្យ​​ណែន​​ល្អ ​​បើ​​មិន​​ដូ​ច្នេះ​​ទេ​នៅ​​ពេល​​ស្ងោរ​​ ទឹក​​អាច​​ចូល​ក្នុង​នំ​ ដែល​​អាច​​ធ្វើ​​ឲ្យ​អង្ករ​​រលាយ​​ចេញ​។ បន្ទាប់​​ពី​​ចង​​ហើយ​​យើង​​ត្រូវ​​យក​​ទៅ​​ស្ងោរ​ ។​ការ​​ស្ងោរ​​យើង​​ត្រូវ​​ចំណាយ​​ពេល​​ប្រមាណ​​ពី​៥​​ទៅ​៦​​ម៉ោង​​ទំ​រាំ​​ តែ​ឆ្អិន​​ល្អ។​ យើង​​ត្រូវ​​នៅ​ចាំ​មើល​​ជាប់​​ជា​​និច្ច​ យើង​​ត្រូវ​​មើល​​ភ្លើង​​ឲ្យ​​បាន​​ដិ​ត​​ដល់​ ហើយ​​ត្រូវ​​ប្រែ​​នំ​​ទៅ​ម្ខាង​​ទៀត​ ដើម្បី​ឲ្យ​នំ​បាន​​ឆ្អិន​​ល្អ​។

0 comments: