អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, October 3, 2013

បុណ្យ​ភ្ជុំបិណ្ឌ(ភ្ជុំធំ)

"​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​" ត្រូវ​បាន​ចែង​ក្នុង​មាត្រា​ ៤៣​ ជំពូក​ទី​ ៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សមស្រប​ទៅតាម​ផ្នត់គំនិត ចំណង់​ចំណូលចិត្ត​និង​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​បុរាណកាល​យូរលង់​ណាស់​មក​ហើយ​នៃ​ដូនតា​ខ្មែរ ។ អាស្រ័យ​ដោយ​ពុទ្ធ​សាសនា​ត្រូវបាន​ចាត់ទុក​ថា​ជា​សាសនា​ផ្លូវការ ​ទើប​ពិធីបុណ្យ​នី​មួយៗ​នៅក្នុង​សាសនាព្រះពុទ្ធ បាន​ក្លាយ​ជា​បុណ្យ​ប្រពៃណី​ជាតិ​ ហើយ​បាន​ក្លាយជា​ថ្ងៃ​ឈប់សម្រាក​របស់​ជាតិ​ដោយ​ស្របច្បាប់ ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ជា​ពិធីបុណ្យដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ជាច្រើន​នៅក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​ ដែល​ត្រូវបាន​ប្រារព្ធធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ មិន​ដែល​អាក់ខាន​ឡើយ ។​
​ ប្រជាជន​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​កាន់បិណ្ឌ​ជា​រៀងរាល់ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​១​រោច ​ខែ​ភទ្របទ​ទៅដល់​ថ្ងៃ​១៤​រោច ខែ​ភទ្របទ គឺ​មាន​រយៈពេល​១៤​ថ្ងៃ (​យើង​តែង​និយម​ហៅ​ថា ថ្ងៃ​បិណ្ឌ​១ ​បិណ្ឌ​២...​បិណ្ឌ​១៤) និង​ថ្ងៃ​ទី​១៥ ជា​ថ្ងៃ​ចុង​ក្រោយ​ហៅ ថា​ "​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​" ។

​រំលឹក​តាម​សង្ឃដីកា​របស់​ព្រះ​សព​សម្ដេចព្រះ​មង្គលទេពាចារ្យ អ៊ុំ​ស៊ុម បាន​ឲ្យ​យើង​ដឹង​ថា : តាំងពី​ដើម​ឡើយ ​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យកាន់បិណ្ឌ​រយៈពេល ៣​ខែ ព្រោះ​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​ក្នុង​ការ​និមន្ត​បិណ្ឌ​បាត្រ​របស់​ព្រះសង្ឃ​នា​រដូវ​ស្សា ​ដែល​ពោរពេញ​ទៅដោយ​ភក់ជ្រាំ និង​ទ​ទឹក​ដល់​ស្បង់​ចីវរ ។ ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​បម្រែបម្រួល​និង​ផ្លាស់ប្ដូរ​ស្ថានភាព​សង្គម ​សេដ្ឋ​កិច្ច​របស់​ប្រជាជន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ក៏​បាន​ធ្វើឲ្យ​ការ​កាន់បិណ្ឌ​ចេះ​តែ​ខើច​ទៅៗ​រហូត​នៅ​សល់​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ។​

​ ពាក្យ​ថា ​"​ភ្ជុំ​បិណ្ឌ​"​ មានន័យ​ថា ការប្រមូល​ដុំ​បាយ​ ឬ​ការ​​ពូតដុំ​បាយ​ដែល​យើង​តែង​ហៅថា ​"​បាយ​បិណ្ឌ​"​ ។​ ចាប់​តាំង​ពីថ្ងៃ​បិណ្ឌ​ ១ ​ប្រជាជន​ខ្មែរ​មួយចំនួន​ភ្ញាក់​ពី​ព្រលឹម ​ឬ​ នាំគ្នា​ទទួលទានដំណេក​នៅ​ទី​វត្ត​អារាម​តែម្ដង ដើម្បី​ងាយស្រួល​ក្នុង​ការបោះ​បាយបិណ្ឌ ដោយ​ការដើរ​ជុំវិញ​ព្រះវិហារ​ប្រទក្សិណ​ បោះ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ព្រោះ​គេ​មានជំនឿថា ​វិញ្ញាណ​របស់​បងប្អូន​ ជីដូន​ជីតា ញាតិមិត្ត​ដែល​ស្លាប់​បាត់បង់​ជីវិត​ទៅ​នោះ​ អាចបានទៅកើតជា​ប្រេត ហើយ​ជា​រៀងរាល់​១​ឆ្នាំ​ម្ដង ប្រេត​ទាំងនោះ​ត្រូវបាន​គេ​ដោះលែង​ឲ្យមក​ទទួលយ​ក​នូវ​អានិសង្ស ដែល​បងប្អូន​សាច់សាលោហិត​ឧទ្ទិស​ទៅឲ្យ ហើយ​ប្រេត​ទាំងនោះ​អាច​ចេញ​មក​ទទួល​បាន​តែ​នៅពេល​ងងឹតៗ​គ្មាន​ពន្លឺ​ថ្ងៃ​ប៉ុណ្ណោះ ។ ក្រៅពី​ការបោះ​បាយបិណ្ឌ​ គេ​ក៏​នៅ​មាន​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ចូល​បច្ច័យ​បង្សុកូល ពូន​ភ្នំខ្សាច់​ដើម្បី​ឧទ្ទិស​មគ្គផល​ទាំងនោះ​ឲ្យបាន​ដល់​បព្វការីជ​ន​ និង​មាន​អ្នកខ្លះ​ទៀត​គេ​ជូន​ប្រាក់​កាស​ នំចំណី​ដល់​ចាស់ទុំ​ជនក្រីក្រ​ អ្នកសុំទាន​ ជនពិការ ​ឬ​យាយជី​ តាជី​ ដែល​នៅ​សំណាក់​ធម៌​ថែរក្សា​ក្នុង​ទី​វត្ត​ អារាមនោះ ។​
​ទោះមិនមែនជាការបង្រៀនរបស់ព្រះពុទ្ធក្តី ប៉ុន្តែតាមទំនៀមទម្លាប់ ប្រជាពុទ្ធសាសនិកខ្មែរមានជំនឿថា ក្នុង​រយៈពេល​១៥​ថ្ងៃ​ នៃ​ពិធី​កាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាជន​ខ្មែរ​តែងតែ​ឆ្លៀត​ពេល​ទៅ​វត្ត​យ៉ាង​ហោចណាស់​ក៏​បាន​ទៅ​វត្ត​ចំនួន​ម្ដង​ដែរ ទោះបីជា​មាន​ការ​មមាញឹក​ក្នុង​ការងារ​ចិញ្ចឹមជីវិត​យ៉ាងណាក៏ដោយ បើ​ពុំនោះ​ទេ​អ្នក​ទាំងនោះ​នឹង​ត្រូវ​បងប្អូន ជីដូន ជីតា ដែល​បាន​ស្លាប់​ទៅ​ជេរ​ដាក់​បណ្ដាសាឲ្យ​រង​ទុក្ខ​វទ​នា ក្រីក្រ​លំបាក​ព្រោះ​ប្រេត​ទាំងនោះ​ត្រូវ​ដើរ​រក​កុសល ផល​បុណ្យ​មាន​ជា​ទាន ​ម្ហូបអាហារ​នៅ​តាម​ទី​វត្ត​អារាម​នានា​ បើ​មិន​ឃើញ​ទេ នឹង​ខឹងសម្បា​ជា​មិនខានឡើយ​។ ហេតុដូចនេះ​ហើយ​ ទើប​នៅ​ទី​វត្ត​អារាម​នានា​ទូទាំង​ប្រទេស​តាំងពី​ព្រលឹម ​គេ​ឮ​សូរ​តែ​សំឡង​ខ្ញៀវ​ខ្ញារ សំឡេង​សូត្រធម៌​របស់​ព្រះសង្ឃ​យ៉ាង​គួរ​រីករាយ​ក្នុង​សន្ដាន​ចិត្ត​ជ្រះថ្លា​គ្រប់ៗ​គ្នា​។ ភ្ជាប់​ជាមួយ​នឹង​ការធ្វើ​ចង្ហាន់​ មាន​បង្អែម ចម្អាប គេ​តែង​និយម​វេច​នំ​អន្សម នំ​គម ផងដែរ ព្រោះ​នំ​ប្រភេទ​នេះ​អាច​រក្សា​ទុក​បាន​យូរ​ទៅ​ថ្ងៃមុខ​(​មតិ​ខ្លះ​អះអាងថា ជា​ឥទ្ធិពល​ពី​សាសនាព្រាហ្មណ៍ ព្រោះ​នំអន្សម នំគម​ ជា​តំណាងឲ្យលិង្គព្រះឥសូ​រនិង​យោ​នីនាង​ឧមា ​ដែល​ជា​គ្រឿង​សក្ការៈ​សម្រាប់​គោរព​បូជា​ក្នុង​សាសនាព្រាហ្មណ៍​) ។​
ជា​រៀងរាល់ឆ្នាំ ​ប្រជាជន​ខ្មែរ​គ្រប់រូប ដៃ​កាន់​ចង្ហាន់​ទៅ​ទីវត្ត​អារាម​ក្នុង​ទឹកមុខ​ញញឹម និង​មាន​សង្ឃឹម​ក្នុង​ចិត្ត​ថា នឹង​បាន​វេរ​ប្រគេន​ចង្ហាន់​ អុជ​ធូប ឧទ្ទិស​បន់ស្រន់​រំលឹក​គុណ​សូមឲ្យ​បងប្អូន ​ញាតិមិត្ត​ទាំងអស់​មក​ទទួលយក​នូវ​កុសល ផល​បុណ្យ​ដែល​ខ្លួន​បានឲ្យ កុំឲ្យ​ឈរ​មើលគេ កុំឲ្យ​ដណ្ដើ​មម្ហូបចំណី​របស់គេ ហើយ​ក៏​សុំឲ្យ​ជួយ​ថែរក្សា​កូនចៅ​ដែល​នៅ​រស់​ប្រកប​ដោយ​សេចក្ដីសុខ​ចម្រើន​តរៀង​ទៅ ៕​

0 comments: