អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Thursday, October 3, 2013

រវត្តិ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីដ៏ធំមួយរបស់បណ្តាបងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែគោរព ប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសថ្វាយ និងរៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ វស្សានៅតាមទីវត្តអារ៉ាម និងវេនឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វការីជន បានចែកស្ថានទៅបរលោកខាងមុខ។ ដើម្បីឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរ បានយល់កាន់តែច្បាស់អំពី បុណ្យ ភ្ជុំបិណ្ឌនេះ គេហទំព័រ ស៊ីវិល័យ បានជួបសម្ភាសជាមួយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំជម្រះទំនៀមទម្លាប់ខ្មែរនៃពុទ្ធសានិកបណ្ឌិត ធ្វើការបកស្រាយអំពីប្រវត្ដិបុណ្យភ្ជុំបិណ្ឌ នេះដូចតទៅ ៖

ពិធីបុណ្យភ្ជុំបិណ្ឌ :
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាប្រពៃណី ធំជាងគេមួយរបស់ប្រជាជនខ្មែរ។ បុណ្យនេះ មានលក្ខណៈជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសញាតិសន្ដាន ដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ ដែលនៅទីឆ្ងាយៗ។

ប្រវត្ដិនៃពិធីបុណ្យភ្ជុំបិណ្ឌ :
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យដ៏សារសំខាន់មួយ ដែលប្រារឰធ្វើពីថ្ងៃ “១រោច” ដល់ថ្ងៃ “១៥រោច” ខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹងខែកញ្ញា ឬតុលា។ រីឯថ្ងៃ១៥រោចហៅថាភ្ជុំបិណ្ឌ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះ ចាស់ៗបានលះបង់ផ្ទះសម្បែង កូនចៅ ទៅនៅវត្ដ សមាទានសីល៥ ចាំសីល៨ បម្រើព្រះសង្ឃសម្អាតទីអារ៉ាម។ ចំណែកឯប្រជាពលរដ្ឋ បានចែកវេនគ្នា ជាវេនចំនួន១៥ថ្ងៃ ឬបិណ្ឌ។ ក្នុងបិណ្ឌនីមួយៗ គេតែងធ្វើ ដូចជា ពេលយប់ជួបជុំពុទ្ធបរិស័ទ ប្រគេន ភេសជ្ជៈចំពោះព្រះសង្ឃ និងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការ គោរពព្រះរតនត្រ័យ និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ ពេលព្រឹកប្រគេនអាហារ ចំពោះព្រះសង្ឃឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ បុព្វការីជន ដែលធ្វើមរណកាលទៅហើយ។

ទាក់ទិនទៅនឹងប្រវត្ដិបុណ្យភ្ជុំបិណ្ឌនេះដែរ បើតាម គម្ពីរោកកុឌសូត្រ បានបរិយាយថា ព្រះបាទពិម្ពិសារមានញាតិមួយក្រុម បានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក ពេលលាចាកខាងមុខ ក៏កើតជា “ប្រេត” ។ លុះដល់ព្រះសម្ពុទ្ធ ព្រះនាមកុក្ក បានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះ ទៅសួរព្រះថា ចុះយើងខ្ញុំកាលណាបានអាហារបរិភោគ ព្រះពុទ្ធត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាកថាគត អ្នកទាំងឡាយនឹងបានអាហារបរិភោគ។ លុះដល់ព្រះពុទ្ធនាម នាគមនោ ក៏បានត្រាស់ដូចព្រះពុទ្ធមុខទៀត ដល់ពុទ្ធកាលព្រះកស្សបោ ក៏ត្រាស់ប្រាប់ដូចនេះទៀត ទើបតែដល់ព្រះសមណគោតមត្រាស់ដឹង ទ្រង់បានត្រាស់ថា ចាំមើលព្រះបាទពិម្ពិសារ ជាញាតិរបស់អ្នកទាំងឡាយហើយ។ លុះពិម្ពិសារបានថ្វាយទាន ជាដំបូងហើយ មិនផ្សាយទៅឱ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតទាំងឡាយ ដែលជាញាតិនោះស្រែកយំទ្រហឹង ក្នុងពេលរាត្រី។ ព្រះបាទពិម្ពិសារ ស្ដេចយាងទៅកាន់វត្ដវេឡុវិន ហើយទូលសួរព្រះពុទ្ធ ព្រះពុទ្ធត្រាស់ថា “ពួកប្រេត ជាញាតិរបស់ព្រះអង្គ នាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគក្នុងសាសនា តថាគត ប៉ុន្ដែព្រះអង្គធ្វើបុណ្យហើយ មិនបានផ្សាយទៅឱ្យ”។ ពេល ព្រះបាទពិម្ពិសារទ្រង់ជ្រាបហើយ ក៏បានធ្វើបុណ្យចាត់ចែងបញ្ជូនទៅឱ្យ។ ពួកប្រេតទាំងនោះ ក៏បានកើតនៅក្នុងទព្វវិមាន ដោយសុខរៀងដរាប តទៅ។ ចាប់តាំងពីពេលនោះមក ពិធីកាន់បិណ្ឌ ក៏ចាប់ផ្ដើមមានកំណើតឡើង រហូតមកទល់ពេលនេះ។

អ្នកសាងល្អបានល្អ អ្នកសាងអាក្រក់បានផលអាក្រក់ :
បើតាមគម្ពីព្រះពុទ្ធសាសនា បានចែងថា មនុស្សដែលស្លាប់ទៅ តែងទៅកើតទីផ្សេងៗ តាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅ តែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផល ដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។ គេតែងនិយមជ្រើសរើស ចំថ្ងៃរនោច ខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះ ឱ្យមករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភោគផល ដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឱ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដ ពុំមានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យ បញ្ជូនកុសលទៅឱ្យទេ ពួកគេនឹងអត់បាយ អត់ទឹក ស្រេកឃ្លាន រងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសាដល់បងប្អូនញាតិកាទាំងឡាយ ឱ្យហិនហោច ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។

ជំនឿចំពោះពិធីបុណ្យភ្ជុំបិណ្ឌ :
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងតែមានជំនឿទៅលើបុណ្យភ្ជុំបិណ្ឌ នេះជានិច្ច ទោះបីមានក្ដី ក្រក្ដី ទោះយ៉ាងណា ត្រូវធ្វើបុណ្យនេះ ដោយខានមិនបានមួយឆ្នាំម្ដងៗ គឺត្រូវយកនំចំណី ទៀន ធូប រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌនេះ កាលដើមឡើយ គឺធ្វើឡើងរយៈពេល៣ខែ គឺ៩០ថ្ងៃ ដោយគិតតាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ន បុណ្យភ្ជុំបិណ្ឌ ត្រូវកាត់បន្ថយនៅសល់តែ១៥ថ្ងៃប៉ុណ្ណោះ ព្រោះដោយសារពេលវេលាមិនអំណោយផល បងប្អូនយើងមានភាពមមាញឹកខ្លាំង ក្នុងមុខរបរទទួលទាន ដូច្នេះ ត្រូវកាត់បន្ថយ ឱ្យខ្លីទៅវិញ។ បុណ្យភ្ជុំបិណ្ឌនេះ មានអត្ថន័យធំធេងណាស់ សម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរយើង ព្រោះបុណ្យភ្ជុំបិណ្ឌនេះ ធ្វើឡើង ដើម្បីឧទ្ទិសថ្វាយដល់ វិញ្ញាណក្ខន្ធ បុព្វបុរស ញាតិកា ទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកើតជាប្រេត នរក ឬក៏សភាវផ្សេងៗ។ មួយវិញទៀតនោះ បុណ្យភ្ជុំបិណ្ឌជាបុណ្យជួបជុំបងប្អូន ញាតិផៅគ្រប់ទិសទី សម្ដែងនូវសេចក្ដីសាទររីករាយ គ្រប់ៗគ្នា និងអ្វីដែលសំខាន់នោះ កាលណាមនុស្សយើងមានសទ្ធាជ្រះថ្លា ក្នុងព្រះធម៌ ក្នុងការធ្វើបុណ្យធ្វើទាននោះ វាជាបច្ច័យមួយ ជួយធ្វើឱ្យមនុស្សយើង មានចិត្ដស្ងប់ រំលោះនូវភាពសៅហ្មងគ្រប់ៗគ្នា។ ពិធីសំខាន់ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ មានដូចជា ពិធីសូត្រមន្ដបង្សុកូល បោះបាយបិណ្ឌជាដើម។

ជំនឿលើពិធីពូនភ្នំខ្សាច់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ :
ទាក់ទិនទៅនឹងជំនឿ ដែលពុទ្ធបរិស័ទ លើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅ យល់ឃើញថា វាល្អហើយមានប្រយោជន៍ ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសលមួយ ជូនដល់ឧបការីជនទាំងឡាយ ដែលបានលាចាកលោកផងដែរ។

ជំនឿលើការបោះបាយបិណ្ឌ :
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នា ដើរទៅវត្ដអារ៉ាមនានា នៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណី ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ គេហៅថា “បោះបាយបិណ្ឌ”។ ការបោះបាយបិណ្ឌ ជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើង និយមធ្វើជារៀងរាល់ព្រឹកព្រហាម ដើម្បីបញ្ជូន ឬឧទ្ទិសកុសល ឱ្យទៅញាតិសន្ដានសាច់សាលោហិត ដែលបានចែកឋានទៅបរលោក។

ដំបូន្មានអ្នកជំនាញបុណ្យភ្ជុំបិណ្ឌ : ជាបុណ្យមួយដែលមានសារសំខាន់ណាស់ សម្រាប់ប្រជាជាតិខ្មែរយើង។ ដូច្នេះហើយបងប្អូនទាំងឡាយ ត្រូវតែប្រកាន់ខ្ជាប់នូវពិធីបុណ្យនេះ ជាដរាប ព្រោះជាបុណ្យដែលបង្កើតឡើង សម្រាប់ផ្ដល់ឱកាស ឱ្យពុទ្ធបរិស័ទទាំងឡាយ ធ្វើបុណ្យធ្វើទាន ឧទ្ទិសកុសលដល់បុព្វជន និងសាច់ញាតិ ដែលបានចែកឋានទៅ និងជាបុណ្យសាសនាមួយផងដែរ ដែលប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបាន

0 comments: