អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, October 23, 2013

កង្វល់របស់​ខ្មែរ​​ជុំវិញ​​ក្រដាសដុល្លារ​​១០០​ថ្មី!

លើ​ទំព័រ​ហ្វេសបុក​​​មាន​បង្ហោះ​រូប​​លុយ​អាមេរិក​​ក្រដាស​១០០​ដុល្លារ​​ចេញ​ថ្មី​​ ជាមួយ​​កង្វល់​ថា​ ​វា​ថ្មី​ពេក​ គ្មាន​ស្ថាប័ន​ណា​មក​​បង្ហាញ​លក្ខណៈ​ពិសេស​ឲ្យ​ស្រួល​សម្គាល់​ថា​ នោះ​ជា​លុយ​សុទ្ធ​ ឬ​ក្លែងក្លាយ​ បើ​ទោះបី​លុយ​នោះ​មិន​ទាន់​ប្រើប្រាស់​នៅ​កម្ពុជា​​ទូលំទូលាយ​នៅ​ឡើយ​ក្ដី​។
ជាក់ស្ដែង​​កញ្ញា កែវ មុនីរ័ត្ន និស្សិត​ឆ្នាំ​ទី​៤​ នៅ​ធនាគារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្រដាស​ប្រាក់​​អាមេរិក​​នេះ​​​មិន​អាច​ទុក​ចិត្ត​ភ្លាម​បាន​​ទេ ព្រោះ​មិនដឹង​​លក្ខណៈ​សម្បត្តិ​របស់​វា​ថា​សុទ្ធ​យ៉ាង​ម៉េច​នោះ​ទេ ទាល់​តែ​ខាង​ធនាគារ​ជាតិ​​​បង្ហាញ​ជូន​​ទើប​ជា​ការ​ប្រសើរ​ និង​​អាច​​ប្រើ​ប្រាស់​​ដោយ​ទុកចិត្ត​បាន​។ មុនីរ័ត្ន​ បាន​បន្ថែម​យ៉ាង​នេះ​ថា៖ “ទាល់​តែ​គេ​​ប្រកាស​​ឲ្យ​ប្រើ​​ ទើប​ទុក​ចិត្ត​”​។
​យុវជន ធារិទ្ធ និស្សិត​នៅ​សាកល​វិទ្យាល័យ​​បញ្ញាសាស្ត្រ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា ខ្លួន​ធ្លាប់​ឃើញ​តាម​គេហទំព័រ​បរទេស​ ឃើញ​ថា​មាន​រូបភាព​​ស្អាត​ជាង​មុន​ ប៉ុន្តែ​មក​ដល់​ថ្ងៃ​​នេះ​ ខ្លួន​មិន​ទាន់​បាន​ឃើញ​​​ផ្ទាល់​ភ្នែក​ ឬ​កាន់​ផ្ទាល់​ដៃ​នៅ​​ឡើយ​​ទេ ហើយ​ក៏​មាន​កង្វល់​ដែរ​ថា បើ​លុយ​មក​ដល់​ហើយ​ ​​​មិន​ដឹងថា​​សម្គាល់​យ៉ាង​ម៉េចទើប​ដឹង​ថា ​សុទ្ធ ឬ​មិន​សុទ្ធ​នោះ​ទេ​។
ស្រដៀង​គ្នា​នេះ​ដែរ យុវជន ទិន កុលមែន ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ នៅ​សាកលវិទ្យាល័យ​​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ធ្លាប់​ឃើញ​គេ​បង្ហោះ​តាម​ហ្វេសបុក​​ ហើយ​ក៏​ទុក​ចិត្ត​ដែរ ព្រោះ​អ្នក​បង្ហោះ​នោះ​មាន​ប្រភព​ច្បាស់លាស់​។
“ប៉ុន្តែ​បើ​ដល់​ស្រុក​ខ្មែរ ជ្រុះ​ក៏​ប្រហែល​ជា​ខ្ញុំ​មិន​ហ៊ាន​រើស​ដែរ ព្រោះ​មិន​ទុកចិត្ត​ថា​ ជា​លុយ​សុទ្ធ​​ ឬ​​អត់​ យ៉ាង​ច្រើន​ទៅ​សួរ តែ​ខាង​ដូរ​លុយ​ទៅ​ បើ​គេ​ដូរ​មែន ​ទើប​ទុក​ចិត្ត​”។ នេះ​​ជា​​ការ​​បញ្ជាក់​​បន្ថែម​​របស់​​ កុល​មែន។
កុលមែន​ បាន​បន្ថែម​ថា៖ “​ប្រទេស​គេ រូបិយប័ណ្ណ​គេ គេ​ជូន​ដំណឹង​ដល់​ប្រជាជន​ជា​រឿង​ធម្មតា​ ប៉ុន្តែ​នេះ​ជា​លុយ​ដុល្លារ​ ។ ចំណែក​ឯ​កម្ពុជា​ សព្វ​ថ្ងៃ​ក៏​ប្រើ​ដុល្លារ​ដែរ​ ដូច្នេះ​​គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​​ឲ្យ​ដឹង​ពី​ចំណុច​សំខាន់​ៗ​នៃ​ លុយថ្មី​នោះ”។
យុវជន​ទាំង​៣​ខាង​លើ បាន​អំពាវនាវ​ថា បើសិនជា​លុយ​នោះ​ត្រូវ​បាន​ចរាចរ​នៅ​ប្រទេស​កម្ពុជា គួរ​តែ​មាន​ក្រសួង​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​​បញ្ជាក់​ឲ្យ​ដឹង​ពី​ចំណុច​ពិសេស​របស់​លុយ​សុទ្ធ​ផង​។
ទាក់ទិន​នឹង​បញ្ហា​នេះ លោកជំទាវ តាល់​ ណៃអ៊ីម អតីត​អគ្គនាយក​ ធនាគារ​ជាតិ​ បច្ចុប្បន្ន​លោក​ជំទាវ​បាន​ចូល​និវត្ត​​ហើយ ​បាន​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​នេះ​​ក្រដាស​ប្រាក់​បរទេស​ដែល​មិន​មែន​លុយ​ខ្មែរ ​មិន​មែន​ធនាគារ​ជាតិ​ជា​​អ្នក​បោះពុម្ព​ទេ ដូច្នេះ​ធនាគារ​របស់​អាមេរិក​ទើប​ដឹង​ថា​ ​លុយ​នោះ​មាន​ចំណុច​សំខាន់​អ្វី​ខ្លះ ដូចជា​ខ្សែ​សុវត្ថិភាព ឆ្នូត​ខៀវ​ដិត​ ជា​ការ​សម្គាល់​ជា​ដើម​។ បើសិនជា​មាន​ការ​ប្រើប្រាស់​នៅ​ស្រុក​គេ​មែន​ បន្តិច​ទៀត​នឹង​មាន​ការ​នាំ​មក​តាម​រយៈ​អ្នក​ប្រើប្រាស់​ដែល​ធ្វើ​ដំណើរ​មក​ ​​ស្រុក​ខ្មែរ​ ឬ​ក៏​ធនាគារ​ជាតិ​ អាច​នាំ​ចូល​មក​ជាដើម។
សម្រាប់​រឿង​សម្គាល់​ឲ្យ​ជាក់លាក់​បើសិនជា​មាន​ប្រើ​នៅ​ស្រុក​ខ្មែរ​មែន លោក​ជំទាវ​បានបញ្ជាក់​​ថា៖ “​បើ​មាន​ចរាចរ​មក​ដល់​ស្រុក​ខ្មែរ​មែន​ច្បាស់ណាស់​ថា ​ខាង​ស្ថានទូត​របស់​គេនឹង​​ពន្យល់​លក្ខណៈ​សុវត្ថិភាព​ និង​វិធី​សម្គាល់​ថា​ជា​លុយ​សុទ្ធ​ទៅ​តាម​ធនាគារ​មិន​ខាន”។
នា​ដើម​ខែ​​តុលា​ ឆ្នាំ​២០១៣​​​នេះ​ អាមេរិក​បាន​បោះ​ពុម្ព​ក្រដាស​ប្រាក់​មួយ​រយ​ដុល្លារ​ប្រភេទ​ថ្មី​នេះ​ជា​ ផ្លូវការ​ ហើយ​នឹង​ដាក់​ឲ្យ​ចរាចរ​នៅ​ទូទាំង​ពិភពលោក៕

0 comments: