អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, October 23, 2013

“មហា​អាណាចក្រ​ខ្មែរ” ប្រើ​ទុន​​៧០​លាន​ដុល្លារ​គ្រាន់​តែ​​​ឆាក​ល្ខោន​​ឱ្យ​ខ្មែរ​អរ​បន្តិច​ប៉ុណ្ណោះ?

 

ជាង​​បី​ឆ្នាំ​​មក​ហើយ ​ដែល​ដំណឹង​នៃ​ការ​ថត​រឿង​កម្រិត​ពិភពលោក​ចំណាយ​​ទុន​ដល់​​ទៅ​ ៧០​លាន​ដុល្លារ​​នៅ​តែ​ស្ងាត់​ឈឹង​​ដដែល ខណៈ​​ទស្សនិកជន​​នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់។
មជ្ឈដ្ឋាន​សិល្បៈ ក៏​ដូច​ជា​ទស្សនិកជន​​ចូល​ចិត្ត​តាម​ដាន​វិស័យ​ភាពយន្ត​កំពុង​តែ​មាន​ការ ​ងឿង​ឆ្ងល់​ថា​​ តើ​ហេតុ​អ្វី​មក​ដល់​ពេល​នេះ​ហើយ​គ្មាន​ដំណឹង​ណា​បន្តិច​សោះ​ ទាក់ទង​ទៅ​នឹង​ការ​ថត​រឿង​ដ៏​អស្ចារ្យ​​មួយ​នេះ។ ម្យ៉ាង​ទៀត​ពួកគេ​កំពុង​តែ​ដាក់​ការ​សង្ស័យ​ថា​ រឿង​នេះ​ប្រហែល​ជា​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ​ ព្រោះ​មិន​មាន​ធនធាន និង​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់ ហើយ​ទំនង​​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​រំភើប​​ចិត្ត​ បន្តិច​តែ​ប៉ុណ្ណោះ។
អានអត្ថបទ៖ ភាពយន្ត​កម្រិត​ពិភពលោក”មហាអាណាចក្រ​ខ្មែរ”
ជា​និស្សិត​ផ្នែក​ច្បាប់ ​មក​ពី​សាកលវិទ្យាល័យ​ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​លោក រស់ សំណាង ឱ្យ​ដឹង​ថា​ លោក​តែង​តាម​ដាន​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម Facebook ក៏​ដូច​ជា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា ប៉ុន្តែ​មិន​បាន​ទទួល​ដំណឹង​ណា​បន្តិច​សោះ​ពី​ខ្សែ​ភាពយន្ត ​”មហា​អាណាចក្រ​ខ្មែរ”។
និស្សិត​ផ្នែក​ច្បាប់​រូប​នេះ​បន្ត​ថា ការ​ថត​រឿង​នេះ​​ទំនង​ជា​គេ​ធ្វើ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ភ្ញាក់ ​ផ្អើល​តែ​ប៉ុណ្ណោះ​ មិន​មាន​គម្រោង​ថត​អ្វី​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ព្រោះ​បើ​មិន​ដូច្នេះ​មក​ទល់​នឹង​ពេល​នេះ​ គួរ​តែ​មាន​តម្រុយ​អ្វី​ខ្លះ​ហើយ​ ​មិន​មែន​ស្ងាត់​ដូច្នេះ​​នោះ​ទេ។
ឆ្លើយ​តប​ទៅ​នឹង​​​ការ​លើក​ឡើង​ថា ​ខ្សែ​ភាពយន្ត​កម្រិត​ពិភពលោក ​ដែល​ចំណាយ​ដើម​ទុន​​ជាង ៧០​លាន​ដុល្លារ​ជា​ខ្សែ​ភាពយន្ត​ខ្យល់​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ឯកឧត្ដម ម៉ៅ អាយុទ្ធ បាន​ចូល​រួម​ធ្វើ​សន្និសីទកាសែត​ជា​មួយ​​ផលិតករ​ Hollywood អះអាង​ថា ​លោក​នៅ​តែ​មាន​ជំនឿ​ថា​​ខ្សែ​ភាពយន្ត​ខាង​លើ​នៅ​តែ​បន្ត​ថត បើ​ទោះ​ជា​ពេល​នេះ​​​មិន​ទាន់​មាន​គម្រោង​ច្បាស់លាស់​ស្ដី​ពី​ការ​ថត​រឿង​ដ៏ ​អស្ចារ្យ​មួយ​នេះ​ក៏​ដោយ។
អានអត្ថបទ៖ ៧០​លាន​ដុល្លារ​ថត​រឿង”មហាអាណាចក្រ​ខ្មែរ” ដល់​ណា​ហើយ?
យ៉ាង​ណា​ក៏​ដោយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ បាន​ទទួល​ស្គាល់​ថា​​​រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​នេះ​លោក​​​​ពិត​ជា​មិន​​បាន​ ​ទទួល​​​ដំណឹង​​បន្តិច​ណា​សោះ​ជុំ​វិញ​ការ​ថត​ខ្សែ​ភាពយន្ត​ចំណាយ​ជាង​៧០​ លាន​ដុល្លារ បន្ត​ទៀត​ឬ​យ៉ាង​ណា។
រដ្ឋលេខាធិការ​​ក្រសួង​ព័ត៌មាន​រូប​នេះ​បាន​ច្រាន​ចោល​ចំពោះ​ដំណឹង​លើក​ ឡើង​ថា ​ខ្សែ​ភាពយន្ត​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​កម្រិត​ពិភពលោក​ងាក​ទៅ​រក​ ដៃគូ​នៅ​ប្រទេស​ថៃ ដោយសារ​តែ​កម្ពុជា​មិន​មាន​ធនធាន​មនុស្ស និង​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់។ ឯកឧត្ដម​លើក​ឡើង​ថា ​​កម្ពុជា​មាន​ធនធាន​មនុស្ស និង​សម្ភារៈ​មួយ​ចំនួន​អាច​ចូល​រួម​ចំណែក​ជា​មួយ​នឹង​ផលិតករ​ Hollywood បាន​ទោះ​ជា​មិន​មាន​គ្រប់គ្រាន់​ក៏​ដោយ ហើយ​ការ​ទៅ​សហការ​នឹង​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​នេះ​មិន​អាច ​ទៅ​រួច​ទេ ព្រោះ​ការ​ថត​នេះ​ធ្វើ​ឡើង​នៅ​កម្ពុជា​ត្រូវ​តែ​សហការ​នឹង​រដ្ឋាភិបាល​ កម្ពុជា។
ដោយ​ឡែក​តារា​សម្ដែង​រៀម​ច្បង​ធ្លាប់​បាន​ចូល​រួម​សន្និសីទកាសែត​​រឿង ​”មហា​អាណាចក្រ​ខ្មែរ” កាល​ពី​កន្លង​ទៅ​លោក ទេព រិនដារ៉ូ ហាក់​សម្ដែង​ការ​អស់​សង្ឃឹម​លើ​ដំណើរការ​ថត​រឿង​នេះ។ លោក​បាន​លើក​ឡើង​​ថា ”បី​ឆ្នាំ​ជិត​បួន​ឆ្នាំ​ឥឡូវ​ហើយ បើ​​គេ​ថត​ប្រហែល​ជា​ដឹង​ដំណឹង​ខ្លះៗ​ហើយ តែ​ពេល​នេះ​ស្ងាត់​តែ​ម្ដង។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​មក​ពី​ខាង​បច្ចេកទេស​មើល​ទៅ​ បាន​ជា​មក​ដល់​ពេល​នេះ​​គ្មាន​ដំណឹង​អ្វី​សោះ​ដូច្នេះ ព្រោះ​អី​បើ​យើង​មើល​ទៅ​លើ​សម្ភារៈ​ដូច​ជា ដំរី សេះ​ ជា​ដើម​ខ្មែរ​យើង​គ្មាន​ច្រើន​ទេ”។
តារា​សម្ដែង​រូប​នេះ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ ផលិតករ ​Hollywood ថា ​ប្រហែល​ជា​ផ្អាក​គម្រោង​ថត​នៅ​កម្ពុជា​ ហើយ​រត់​ទៅ​ថត​នៅ​ប្រទេស​ថៃ​វិញ ដោយសារ​តែ​ថៃ គេ​មាន​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់​​សម្រាប់​ដំណើរការ​ថត។
ក្រុម​ហ៊ុន ​Hollywood ដឹក​នាំ​ដោយ​ លោក តូនី បាន​សហការ​ជា​មួយ​នឹង​ក្រសួង​ព័ត៌មាន ធ្វើ​សន្និសីទកាសែត​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ថត​រឿង ​“មហា​អាណាចក្រ​ខ្មែរ” នៅ​កម្ពុជា។ រឿង​នេះ​គ្រោង ​​ចំណាយ​ទុន​ ៧០​លានដុល្លារ​ដើម្បី ​ថត​បញ្ចប់ ដោយ​គ្រោង​រយៈ​ពេល​៣​ឆ្នាំ ពោល​គឺ​​មួយ​ឆ្នាំ​កន្លះ​រៀប​ចំ​ការ​ថត​ក៏​ដូច​ជា​បច្ចេកទេស ហើយ​មួយ​ឆ្នាំ​កន្លះ​ទៀត​​គឺ​ថត។ ទី​កន្លែង​នៃ​ការ​ថត​គឺ​នៅ​ខេត្ត​សៀមរាប និង​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា តែ​មក​ទល់​នឹង​ពេល​នេះ​កំពុងតែ​ស្ងាត់​នៅ​ឡើយ​។
តារា​សម្ដែង​បរទេស​ល្បីៗ​គ្រោង​នឹង​សម្ដែង​រឿង​នេះ​មាន​ដូច​ជា តួ​អង្គ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​សម្ដែង​ដោយ​ អ្នក​កីឡាកាស​​ល្បី​ល្បាញ​ ចន ស៊ីណា មាន​មាឌ​ធំ​ខ្ពស់ និង​តួ​ឯក​ស្រី​​គឺ​សម្ដែង​ដោយ​ តារា​ស្រី​កូរ៉េ នាង​ ហាន់ ជីអ៊ុន ព្រម​ទាំង​តារា ​Hollywood Angelina jolie និង លោក លី លានជា (Jet Li) ៕

0 comments: