អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, September 13, 2013

ជីវិតគឺជាអ្វី?

មនុស្សដែលគ្មានភាពរោលរាលស្ទុះស្ទាជឿជាក់ មិនអាចធ្វើការងារធំបាន។ (Ralph Waldo Emerson កវីជនជាតិអាមេរិក គ.ស. ១៨០៣-១៨៨២)
ចិត្តវិទូពោលថា ភាពរោលរាលជឿជាក់ចាត់ទុកជាលក្ខណៈពិសេសម្យ៉ាងរបស់អច្ឆរិយជន។ សង្កេតមើលចុះ ពេលធ្វើការងារ មនុស្សដែលជាអច្ឆរិយៈ តែងមានភាពរោលរាលណាស់។ ភាពរោលរាលរបស់គេ អាចពញ្ញាក់ជំរុញអារម្មណ៍អ្នកដទៃឲ្យចូលរួមសហការជាមួយនឹងគេ ហើយដោយសារពួកគេជឿជាក់ថា គ្រប់រឿងរ៉ាវអាចផ្លាស់ប្តូរទៅក្នុងមធ្យោយបាយដែលល្អបាន ដូច្នេះហើយ ទើបពួកគេមិនរួញរាពេលជួបប្រទះឧបសគ្គ។
យើងនឹងឃើញបានថាភាពរោលរាលជឿជាក់ ជាកម្លាំងជម្រុញនៃភាពជោគជ័យ។ អ្នកដែល សិក្សារៀនសូត្រដោយភាពស្ទុះស្ទាក៏នឹងមានលទ្ធផលការសិក្សាល្អណាស់។ អ្នកដែលសិក្សា ស្រាវជ្រាវដោយស្ទុះស្ទាក៏នឹងបានលទ្ធផលការងារដ៏អស្ចារ្យគួរឲ្យចម្លែកចិត្ត។ ត្រូវមានចំណង់ ចិត្តក្នុងការបម្រើប្រជាជនដ៏រោលរាល ទើបអាចសាងគុណូបការៈដ៏ធំធេងឲ្យដល់សង្គមបាន។ ត្រូវបតិបត្តិចំពោះអ្នកដទៃដោយភាពរោលរាលស្មោះស្ម័គ្រ ទើបអាចមានមិត្តភាពដ៏បរិសុទ្ធបាន។
ក្រៅពីនេះ ភាពរោលរាលជាឋាមពលដែលមានអានុភាពខ្លាំងណាស់ មនុស្សដែលមានភាព រោលរាលខ្លាំង តែងធ្វើឲ្យបុគ្គលដទៃរោលរាលទៅតាមដែរ ដូច្នេះ ទើបគេអាចបន្ទន់ចិត្តអ្នកដទៃ ឲ្យសហការជាមួយនឹងខ្លួនបាន។
បុគ្គលដែលមានភាពរោលរាលយ៉ាងពិតប្រាកដនឹងមានឋាមពលដ៏អស្ចារ្យ ដល់ថ្នាក់អាចក្រឡាប់ ភ្នំរំកិលមហាសមុទ្របានតែម្តង ព្រោះហេតុដូច្នេះ ពួកគេទើបមិនខ្លាចអ្នកដទៃជះទឹកត្រជាក់ដាក់ មិនខ្លាចឧបសគ្គបន្លា ព្រោះថាពួកគេមានបេះដូងដ៏ក្តៅរោលរាលមួយដួង មិនថាធ្លាក់នៅក្នុងស្ថាន ការណ៍ដែលអាក្រក់ប៉ុណ្ណា ពួកគេគង់នៅមានឋាមពល ដែលអាចប្រឈមមុខតស៊ូទៅទៀតបាន ដោយប្រាសចាកភាពញាប់ញ័រ។
បើមានបេះដូងដែលរោលរាល ក៏ត្រូវចាប់ផ្តើមពីការជឿជាក់ ចាប់ផ្តើមធ្វើការគ្រប់យ៉ាងដោយ សេចក្តីរោលរាល សេពគប់មនុស្សដោយចិត្តស្មោះស្ម័គ្រ ចាត់ការបញ្ហាដោយភាពស្ទុះស្ទា មិនឲ្យ យឺតយូរ នោះយើងនឹងមានបេះដូងដ៏រោលរាល។
មនុស្សដែលធ្វើការងារដោយប្រាសចាកសេចក្តីស្រឡាញ់ ចំពោះការងារនោះៗ តែធ្វើព្រោះចង់បានប្រាក់ ច្រើនតែ មិនសូវបានប្រាក់ ហើយមិនសូវមានសេចក្តីសុខក្នុងជីវិត ប៉ុន្មានឡើយ។ ………………………………………………………………………….(ស្វាប)
មនុស្សសម័យមុន ចាត់ទុកការសិក្សាថាជាសេចក្តីសុខម្យ៉ាងរបស់ជីវិត មានជម្រៅចិត្តដ៏ត្រជាក់ ស្រេប មិនគិតប្រណាំងប្រជែងដណ្តើមមុខមាត់ជាមួយនរណា នោះជាសេចក្តីសុខដែលមនុស្ស សម័យនេះគ្មានផ្លូវអាចចូលទៅពាល់ត្រូវបាន។
មនុស្សសម័យទំនើបនេះត្រូវធ្វើការងារឲ្យរមូមុខ គោលដៅនៃទង្វើការងារក៏ដើម្បីប្រាក់ និយាយ ងាយៗ ក៏គឺមនុស្សសម័យនេះចាត់ទុកការរកប្រាក់ជាសេចក្តីសុខម្យ៉ាងរបស់ជីវិត បានប្រាក់ កាន់តែច្រើនក៏កាន់តែមានសេចក្តីសុខ។ តែការដែលនឹងរកបា្រក់ឲ្យបានច្រើនៗ នោះ យើងត្រូវ សង្កត់សង្កិនខួរក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវសស្រាក់សស្រាំធ្វើការងារពីព្រលឹមទល់ព្រលប់ ធ្វើឲ្យ បានទទួលនូវសេចក្តីនឿយហត់លំបាកលំបិន ហើយមានអារម្មណ៍ថា ការធ្វើការងារនោះជាទុក្ខ ណាស់ កាន់តែរកប្រាក់បានច្រើនប៉ុណ្ណា ក៏កាន់តែទុក្ខច្រើនប៉ុណ្ណោះ។ មនុស្សដែលទ្រាំធ្វើការងារ ទាំងកើតទុក្ខជាមនុស្សដែលគួរឲ្យអាណិតណាស់ វាហាក់ដូចជាការធ្លាក់នរកទាំងរស់ដូច្នោះ ព្រោះជីវិតរបស់យើងក៏ចំបាច់ត្រូវជាប់ដៃជាមួយការងារជាងពាក់កណ្តាលជីវិតឯណោះ បើយើង ធ្វើការងារដោយប្រាសចាកសេចក្តីសុខក៏ដូចជាជីវិតត្រូវធ្លាក់នរកអស់រយៈពេលជាយូរជាង ពាក់កណ្តាលជីវិតដូច្នោះដែរ។
ការពិត ការធ្វើការងារជាសេចក្តីសុខម្យ៉ាង ដោយក្នុងប្រព័ន្ធការងារ យើងត្រូវប្រើខួរក្បាលគិត ប្រើដៃប្រឌិតរចនា ការធ្វើការងារទើបធ្វើឲ្យយើងភ្លើតភ្លើនរីករាយ ហើយលទ្ធផលការងារក៏នឹងនាំ សេចក្តីសុខមកឲ្យយើង។ បើយើងរំពឹងឃើញការពិតដូច្នេះ យើងក៏នឹងមានសេចក្តីសុខជាមួយ ការងារ មិនមែនមានសេចក្តីសុខជាមួយការរកប្រាក់ឡើយ។
ពេលធ្វើការ យើងធ្វើយ៉ាងពិតប្រាកដ ពេលលេងយើងលេងយ៉ាងពេញទំហឹង។ (ភាសិតបារាំង)
ការធ្វើការងារហើយនឹងការសម្រាកសម្រាន្តជារបស់គូនឹងគ្នា ពេលធ្វើការជាច្រើន កាយនិងចិត្ត របស់យើងតែងល្ហិតល្ហៃខ្លាំង ទើបត្រូវសម្រាកឲ្យបាត់នឿយហត់ មិនដូច្នោះទេប្រសិទ្ធិភាពការងារ ក៏នឹងធ្លាក់ចុះ ទន្ទឹមនឹងគ្នានេះ បើពឺតតែពីដើរលេងប៉ោឡែវាស់ល្ងាច ជីវិតក៏គ្មានខ្លឹមសារ ធ្វើឲ្យ ស្មុកចិត្ត មានអារម្មណ៍ថាជីវិតគ្មានគុណតម្លៃ គ្មានន័យ។
អេឌិសាន់ អ្នកប្រឌិតដ៏ល្បីឈ្មោះរបស់ពិភពលោកប្រាប់ថា “គាត់ចាត់ទុកការធ្វើការងារជាការ លេងល្បែងម្យ៉ាង ដូច្នោះហើយទើបមិនដែលមានអារម្មណ៍ថាធុញទ្រាន់នឹងការងារ”។
ឆេកស្ពៀរ៍ អ្នកនិពន្ធមានឈ្មោះល្បីរន្ទឺលោកពោលថា “ការលេងគឺជា ‘ការងារ’ របស់ពួកក្មេងៗ”
តើដែលឃើញក្មេងណាធុញទ្រាន់នឹងការងាររបស់ខ្លួនខ្លះទេ? តែលុះធំឡើង យើងតែងតែធុញ
នឹងការងារដែលខ្លួនឯងកំពុងធ្វើ ចូលចិត្តរអ៊ូថាការងារនោះច្រំដែលល្អិតល្អោចក្រៀមក្រោះគ្មាន
រសជាតិ ទាំងនេះក៏ព្រោះយើងមិនមានអារម្មណ៍រីករាយជាមួយនឹងការងារនោះឯង។ យើងមិន
បានបណ្តុះចំណូលចិត្តឲ្យឃើញថា “ការងារគឺការលេងល្បែងម្យ៉ាងនោះឯង”

ការងារគឺជាព្រឹត្តិកម្មរបស់មនុស្សម្នាក់ៗ។ ការងារដែលយើងកំពុងធ្វើគឺជាកំណត់ត្រានៃ ឧត្តមគតិ ទំនួលខុសត្រូវ បើនឹងពោលថា “ការងារគឺរូបថតនៃចិត្តគំនិតដ៏ពិតប្រាកដរបស់យើង” ក៏មិនខុស ឡើយ ឃើញលទ្ធផលការងារដែលមនុស្សម្នាក់ធ្វើទុក ក៏ដូចបានឃើញចិត្តគំនិតពិតប្រាកដរបស់ បុគ្គលនោះផងដែរ។
មិនថាស្ថិតនៅក្នុងស្ថានការណ៍ដូចម្តេចក្តី យើងក៏មិនគួរធុញទ្រាន់ការងារ ឧទាហរណ៍ថាយើង មានការចាំបាច់ត្រូវធ្វើការងារដដែលៗ នៅមួយកន្លែងគួរឲ្យជ្រក់ជ្រេញ តែកាលបើយើងចូល មកទទួលភារៈតួនាទីនេះហើយ យើងក៏ត្រូវធ្វើចិត្តឲ្យរីករាយជាមួយការងារឲ្យបាន ដូចជា ផ្លាស់ប្តូរវិធីធ្វើការងារឲ្យមានជីវិតជីវ៉ាច្រើនឡើង។
សរុបក៏គឺ យើងត្រូវបណ្តុះចំណូលចិត្តដល់ខ្លួនឯង ការងារសុចរិតគ្រប់យ៉ាងសុទ្ធតែមានន័យ មានសារៈសំខាន់ មានកិត្តិយស។ កាលបើគិតបានដូច្នេះហើយ យើងក៏នឹងមានចិត្តគំនិត ទទួលខុសត្រូវចំពោះការងារមុខនាទី មានការយកចិត្តទុកដាក់ក្នុងការងារ ចេះរចនាច្នៃប្រឌិត វិធីធ្វើការងារឲ្យសប្បាយរីករាយនិងមានប្រសិទ្ធិភាពខ្លាំងឡើង ធ្វើឲ្យមានសេចក្តីសុខជាមួយ នឹងការធ្វើការងារ។

0 comments: