អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, September 13, 2013

សេចក្តីក្លាហាននិងសេចក្តីព្យាយាម

ការសម្រេចចិត្តរបស់មនុស្សម្នាក់ខុសឫត្រូវ ច្រើនតែ ទៅសរុបគ្នានៅឯលទ្ធផលចុងក្រោយ តែកាលបើ សម្រេចចិត្តរួចស្រេចទៅហើយ យើងក៏ត្រូវតែពុះពារ ទៅតាមផ្លូវនោះយ៉ាងក្លាហាន។ ………………………………………………….(អ៊ិងមិង)
“ផ្លូវដែលយើងជ្រើសរើសខ្លួនឯង យើងត្រូវទទួលខុសត្រូវ និងដើរទៅឲ្យដល់ទីបំផុត” ទោះជា គ្រាន់តែជាពាក្យសម្តីខ្លីៗ ត្រឹមពីរបីប្រយោគ តែវាគួរឲ្យពេញចិត្តជាខ្លាំង ព្រោះវាបានផ្តល់នូវ មុំគំនិតសន្ធឹកសន្ធាប់។
ពិតណាស់ លើមាគ៌ាជីវិត យើងនឹងដើរដូចម្តេចក៏បាន តែដែលសំខាន់បំផុតនោះគឺ ត្រូវដើរឲ្យ ដល់គោលដៅ មិនថាជាការតាំងបណិធាន ការដំណើរជីវិត រឺការចាត់ការបញ្ហា យើងក៏គួរ ប្រកាន់ខ្ជាប់ឥរិយាបទដូច្នេះ ទើបជាមនុស្សដែលគួរឲ្យមានមោទនភាព។
ផ្លូវដើរតូចៗ កើតចេញពីដានជើងដែលមនុស្សដើរជាន់ ជាច្រើនដង ផ្លូវធំៗ កើតពីការសាងផ្លូវរបស់មនុស្ស តែទោះជាផ្លូវតូចឫធំ កាលបើឈានជើងដើរទៅហើយ យើងក៏ត្រូវដើរតទៅរឿយៗ ផ្លូវមួយនោះទើបអាចក្លាយ ជាផ្លូវដ៏ពិតប្រកដ។ ……………………………………………………..(អ៊ីមិង)
ក្នុងជីវិតរបស់មនុស្សយើងនេះ ជួនកាលយើងអាចជួបប្រទះសភាពការណ៍ចាល់ច្រកបាន ដូចគ្នា តែបើយើងមិនបាក់កម្លាំងចិត្តមិនទាន់អស់សង្ឃឹម ស៊ូមិនថយ នៅទីបំផុតក៏នឹងអាចរក ឃើញផ្លូវថ្មីដែលភ្លឺស្វាង ព្រោះថាផ្លូវកើតពីដានជើងដែលជាន់ទន្ទ្រាំរបស់មនុស្ស សូម្បីវិថីតូចៗ ដែលបត់បែនទៅមកលើចង្កេះភ្នំ បើមានមនុស្សដើរឆ្លងកាត់រាល់ថ្ងៃ នៅទីបំផុតវាក៏នឹងក្លាយជា មាគ៌ាដ៏ធំរាបស្មើបាន។
បើគិតនឹងរុករកវិថីជីវិតថ្មីដែលស្រស់ថ្លារុងរឿង យើងត្រូវមានឧស្សាហៈក្នុងការសិក្សា ត្រូវមាន សេចក្តីព្យាយាមប្រឹងប្រែង មិនគួរចាំតែដើរទៅតាមមាគ៌ាដែលបុគ្គលដទៃបានធ្វើទុករួចហើយ។
បើចិត្តយើងជឿជាក់ថាធ្វើបាន ទោះត្រូវរំកិលភ្នំលប់សមុទ្ទ្រ នៅទីបំផុតក៏សម្រេចទាល់តែបាន តែបើចិត្តយើងគិតថា ធ្វើមិនបាន ទោះងាយត្រឹមក្រឡាប់បាតដៃ ក៏គ្មានថ្ងៃ ទទួលបានផលសម្រេច។ ………………………………………….(សុនយ៉ាត់សេន)
ការជឿជាក់លើខ្លួនឯងក៏គឺការជឿជាក់លើសមត្ថភាពរបស់ខ្លួន កាលបើមានការជឿជាក់ក៏នឹង កើតកម្លាំង មានភាពស្វាហាប់ ក្លាហានអត់ធ្មត់ មិនភ័យខ្លាចរួញរា មិនខ្លាចសេចក្តីលំបាក មាន ចិត្តពុះពារដោយគិតថា “ជោគជ័យរឺបរាជ័យអាស្រ័យលើខ្លួនឯង” “ខ្លួនជាទីពឹងរបស់ខ្លួន” “ដួល ខ្លួនឯងក៏ក្រោកឡើងខ្លួនឯង” “ខ្ចីច្រមុះអ្នកដទៃដកដង្ហើមវាមិនស្រួលឡើយ”។
មានតែមនុស្សរឹងមាំប៉ុណ្ណោះទើបអាចតាំងជំហរនៅក្នុងសង្គមនេះបាន។ មានតែមនុស្សរឹងមាំ ប៉ុណ្ណោះទើបអាចទទួលជោគជ័យក្នុងអាជីពការងារបាន។ ក្នុងលោកនេះទោះជាមានភារកិច្ច ធំៗ ដែលមនុស្សម្នាក់ឯងមិនអាចសម្រេចបាន ត្រូវអាស្រ័យការរួមសហការគ្នាពីមនុស្សច្រើន គ្នាទើបអាចទទួលជោគជ័យបាន តែមនុស្សដែលជាមេដឹកនាំក៏ត្រូវមានភាពរឹងមាំអត់ធន់ ទើប មិនទទួលការប្រមាថមើលងាយពីជនដទៃ និងអាចបានទទួលការជួយឧបត្ថម្ភគាំទ្រពីអ្នកដទៃ។ ជឿជាក់ថាយើងទាំងអស់គ្នាគង់មិនមាននរណាចង់ជួយមនុស្សកំសាក មិនស្រលាញ់ការរីក ចម្រើន មិនមាននិន្នាការថានឹងបានទទួលជោគជ័យពិតទេ?
ព្រោះហេតុនេះ ការជឿជាក់លើខ្លួនឯងនិងភាពរឹងមាំអត់ធន់ ទើបជាបច្ច័យសំខាន់ក្នុងការឈាន ឆ្ពោះទៅកាន់ភាពជោគជ័យ។ ការជឿជាក់លើខ្លួនឯង ជាគ្រឿរ៉ាប់រងនូវជ័យជំនះ ចំណែកសេក្តី រឹងមាំអត់ធន់គឺជាឋាមពល កាលបើមានការជឿជាក់ ក៏នឹងជាហេតុឲ្យកើតកម្លាំងនៃសេចក្តីរឹងមាំ អត់ធន់ កាលបើមានកម្លាំងនៃសេចក្តីរឹងមាំអត់ធន់ ការជឿជាក់លើខ្លួនឯងក៏រឹតតែខ្លាំងទ្វេឡើង ទាំងពីរយ៉ាងគាំទ្រគ្នាទៅវិញទៅមក ធ្វើឲ្យអាចជម្នះឧបសគ្គបញ្ហាទាំងពួង រឿងដែលលំបាក លំបិនផ្សេងៗ ក៏អាចជោគជ័យបាន។
ចូរជឿជាក់ចុះថាអ្នកអាចធ្វើបាន ហើយអ្នកនឹងអាចធ្វើវាបានយ៉ាងពិតប្រាកដ។
បើចង់ភ្លក់រសជាតិដ៏ផ្អែមល្ងែមរបស់ជីវិត ក៏ត្រូវមានរបស់ផ្តោះប្តូរ របស់ទាំងនោះគឺសេចក្តីមានៈ ប្រឹងប្រែង តំណក់ញើសនិងសាច់ឈាម។
បើទ្រាំសេចក្តីលំបាកលំបិនមិនបាន យើងក៏នឹងត្រូវសេចក្តីទុក្ខលំបាកវាយប្រហារឲ្យដួលរលំ ទៅ។ ពេលនេះពួកយើងកំពុងរស់នៅក្នុងសង្គមដែលច្របូកច្របល់ ដូចកំពុងឈរនៅកណ្តាល ព្យុះកាចសាហាវ ព្យុះដែលនឹងញាំញីយើងគ្រប់ពេល ត្រូវតឿនខ្លួនឯងជានិច្ចថា យើងកំពុង ប្រឈមមុខជាមួយនឹងព្យុះអាក្រក់ ព្រោះហេតុនេះ យើងត្រូវជឿជាក់លើខ្លួនឯងទើបមិនត្រូវ ព្យុះបោកបក់ឲ្យដួលផ្ងាកក្រោយ។
ងើបមុខឡើង ដាស់ចិត្តវញ្ញាណរបស់ខ្លួនឲ្យហ៊ឹកហ៊ាក់ស្វាហាប់ ហើយយើងនឹងរកឃើញថា ខ្យល់ព្យុះគ្រាន់តែបក់ផាត់កេតខ្លួនយើងទៅប៉ុណ្ណឹងឯង។
ការជឿជាក់លើខ្លួនឯងជាកម្លាំងជំនឿដែលល្អបំផុត កុំដួលព្រោះឧបសគ្គ! បញ្ហាផ្សេងៗ ក្នុង លោកនេះសុទ្ធតែមានចម្លើយដ៏សមគួររបស់វាខ្លួនឯង ប្រដូចសោទាំងអស់តែងមានកូនសោ សម្រាប់ចាក់បើក។
ចូរជឿជាក់ចុះថាយើងអាចធ្វើបាន ហើយយើងនឹងអាចធ្វើបានពិតមែន។
សេចក្តីលំបាកឫងាយ សម្រេចឫដួលរលំនៃការងារ សុទ្ធតែអាស្រ័យលើទស្សនៈនិងការសម្រេចចិត្តរបស់យើង ខ្លួនឯង យើងមិនគួរវង្វេងនិងមន្តខ្មោចភូតសាតាន បណ្តោយ ឲ្យខ្លួនឯងច្រមូកច្រមុលនៅក្នុងអន្លង់នៃសេចក្តីអស់សង្ឃឹម។ …………………………………………………..(ជៀងខៃឆែក)
នរណាៗ ក៏ធ្លាប់មានកំឡុងពេលដែលកើតអារម្មណ៍ទន់ខ្សោយ គ្រាន់តែថាយើងនឹងមានវិធី សម្រួលអារម្មណ៍នឹកគិតឲ្យត្រឡប់មកប្រក្រតីវិញដូចម្តេចបានប៉ុណ្ណោះឯង បើយើងមាន ឋាមពលគ្រប់គ្រាន់ រឹងមាំគ្រប់គ្រាន់ យើងក៏អាចឆ្លងកាត់ពេលយីអ៊ុនដាក់អារក្សជាន់បានជានិច្ច។
លើមាគ៌ាជីវិត បើជួបឧបសគ្គ សុំត្រឹមយើងទទួលស្តាប់មតិរបស់អ្នកដទៃ ត្រួតពិនិត្យសភាព ការណ៍ជុំវិញខ្លួនឲ្យបានល្អិតល្អន់ ចាំទទួលហេតុការណ៍ផ្សេងៗ យ៉ាងស្ងប់ស្ងៀម ទោះឧបសគ្គ នោះធំធេងប៉ុណ្ណាយើងក៏អាចឆ្លងកាត់ផុតទៅបាន។
បូរាណប្រដៅថា “ចាល់ច្រកខ្លាំងក៏ចូរប្តូរវិថី ប្តូរវិថីពេលណាក៏សប្បាយយោធាពេលនោះ” ត្រូវ មានចិត្តមិនរួញរាថយក្រោយចំពោះឧបសគ្គ មាគ៌ាដ៏រលាក់ទើបអាចធ្វើឲ្យរាបស្មើបាន។
នៅកណ្តាលភាពងងឹតចូរកុំព្រឺខ្លាច សុំត្រឹមមានសេចក្តីជឿជាក់ និងសេចក្តីស្រឡាញ់ យើងក៏អាចឈានទៅខាងមុខបាន កុំរារេកដាច់ខាត កាលបើគិតឡើងភ្នំឲ្យដល់កំពូល យើងត្រូវតែ បញ្ចេញកម្លាំង ទន្ទឹមនេះដែរក៏ប្រយ័ត្នប្រយែង និងអត់ធន់។ ពេលយើងឡើងទៅកាន់តែខ្ពស់ ក៏កាន់តែអាចមើលឃើញ ទស្សនីយភាពខាងមុខកាន់តែច្បាស់។ ការតស៊ូដែលកើតឡើង តាមផ្លូវមានឳកាសបានជោគជ័យគ្រប់គ្រាទៅ។
វិថីដែលរលាក់រលែកគឺជាកន្លែងហាត់ពត់លត់ដំឲ្យយើងមានសេចក្តីអត់ធ្មត់។ មាគ៌ាដែលពេញ ទៅដោយអន្តរាយគឺជាកន្លែងហ្វឹកហាត់ឲ្យយើងកើតសេចក្តីក្លាហាន។ ផ្លូវដែលងងឹតធ្វើឲ្យយើង អាចវែកញែកចិត្តមនុស្សបានថាខ្ពង់ខ្ពស់រឺទាបថោក។
វិថីជីវិតរបស់មនុស្សយើងប្រៀបដូចផ្លូវដើរដែលរលាក់រលែក អន្តរាយ និងងងឹតងងុលរកភាព ជាក់លាក់មិនបាន មានតែមនុស្សដែលមិនខ្លាចសេចក្តីលំបាកលំបិនប៉ុណ្ណោះ ទើបអាចដើរលើ វិថីមួយនេះបានយ៉ាងក្លាហាន ហើយបោះជំហានទៅមុខយ៉ាងពុះពារមានៈ ហើយនៅទីបំផុតក៏ អាចច្នៃប្រឌិតអនាគតរបស់ខ្លួនឯងបានជោគជ័យ។
វិធីគេចវេះពីបរាជ័យដែលល្អបំផុតក៏គឺ សម្រេចចិត្តយក ជ័យជំនះមកជារបស់យើងឲ្យបានតែម្តងទៅ។ ……………………………………………(នប៉ូលេអុង)
ជោគជ័យដ៏ធំធេងកើតឡើងដោយសារយើងផ្ទេរកម្លាំងកាយចិត្តទាំងអស់ឆ្ពោះទៅកាន់គោលដៅ ដែលបានកំណត់ត្រាទុក ដោយហេតុនេះឯងទោះមនុស្សដែលមានសមត្ថភាពជាមជ្ឈឹម បើមាន ការផ្តោតចិត្តវិញ្ញាណមានការពុះពាមានៈ សេចក្តីប៉ុនប៉ងបំណងប្រាថ្នារបស់យើងក៏អាចក្លាយជា ការពិតបាន។
ឧបសគ្គបញ្ហា សេចក្តីលំបាកផ្សេងៗ ដែលយើងកំពុងជួបប្រទះ មិនមែនជាបច្ច័យដែលនាំឲ្យ បរាជ័យពិតប្រាកដឡើយ ផ្ទុយទៅវិញវាជាមេរៀនមិនអាចកាត់ថ្លៃបាន យើងគួរតែអគុណវាទើប ត្រឹមត្រូវព្រោះវាជាបច្ច័យដែលលត់ដំឲ្យយើងរឹងមាំឡើង មានបទពិសោធន៍កាន់តែច្រើនឡើង។
នៅចំពោះមុខមនុស្សដែលរឹងមាំពេញព្រៀបទៅដោយឋាមពលនៃវិរិយៈឧស្សាហៈ សេចក្តីទុក្ខ លំបាកនិងភ័យអន្តរាយខ្លាំងក្លាប៉ុណ្ណា ក៏មិនអាចបំផ្លិចបំផ្លាញគេបាន ដោយបណិធានដ៏ស្វាហាប់ នឹងដោយកម្លាំងពលំបុករុកទៅមុខមិនរួញរា ឧបសគ្គបញ្ហាទាំងពួងនឹងត្រូវបានទំលាយចុះ ចំពោះ មុខរបស់ពួកគេមានតែវិថីនៃភាពជោគជ័យរឹងមាំនិងរាបស្មើ។
មនុស្សដែលទន់ខ្សោយបំផុត បើលះបង់កម្លាំងកាយចិត្ត ពេញទំហឹងធ្វើរឿងអ្វីមួយ ក៏អាចទទួលផលសម្រេចបាន ផ្ទុយទៅវិញ មនុស្សដែលរឹងមាំបំផុត បើចាប់ការងារច្រើន យ៉ាងពេកក៏នឹងមិនទទួលផលសម្រេចអ្វីឡើយសូម្បីតែម្យ៉ាង។ ………………………………………………………………(ខារ៍ល)
ការដែលគម្រោងការម្យ៉ាងអាចសម្រេចជោគជ័យបាននោះ ត្រូវអាស្រ័យបច្ច័យជាច្រើនយ៉ាង តែបច្ច័យដែលសំខាន់បំផុតក៏គឺ ត្រូវមានសមាធិ ត្រូវលះបង់កម្លាំងកាយចិត្តដើម្បីការងារនោះ។
មានមនុស្សសួរម៉េងជឺថា “ធ្វើដូចម្តេចទើបនឹងមានចំណេះដឹង?” ម៉េងជឺតបថា “មិនបាច់ធ្វើអ្វីទាំង អស់ ក្រៅពីធ្វើចិត្តឲ្យទំនេរ” ចម្លើយរបស់ម៉េងជឺខ្លីៗ ងាយៗ តែស៊ីជម្រៅ។ ម៉េងជឺបង្រៀនឲ្យ មនុស្សយើងធ្វើចិត្តឲ្យទំនេរ ក៏គឺឲ្យមានសមាធិមិនគិតច្របូកច្របល់ ពេលចិត្តស្ងប់ហើយ នឹង អាចសិក្សារឺធ្វើអ្វីក៏ល្អទាំងអស់។
ភាពទាបខ្ពស់របស់ IQ មានលទ្ធផលចំពោះការគិតឲ្យបានឆាប់រហ័សក៏ពិត តែមិនអាចកំណត់ ខ្សែជ័យរបស់មនុស្សម្នាក់បានទេ ដូចជាទន្សាយរត់ប្រណាំងជាមួយអណ្តើកៗ ដឹងខ្លួនថាមិន អាចរត់បានលឿនដូចទន្សាយ តែដោយភាពពុះពារមានៈ នៅទីបំផុតក៏ដល់ខ្សែជ័យ ចំណែក ទន្សាយនោះក្រអើតក្រទមគិតអាងថាខ្លួនពួកែរត់លឿនមកតាំងពីកើត ទើបបានចិត្ត ដេកលក់ សប្បាយនៅពាក់កណ្តាលផ្លូវ ទើបនៅទីបំផុតក៏បរាជ័យចំពោះអណ្តើក។
បុគ្គលអច្ឆរិយៈទាំងក្នុងអតីតនិងអនាគត សុទ្ធតែជាមនុស្សដែលមានសមាធិល្អណាស់។ មនុស្ស យើងបើចង់បានទទួលជោគជ័យហើយនោះ គេក៏បែរមុខតម្រង់គោលដៅដែលសំខាន់ លះបង់ កម្លាំងកាយចិត្តដើម្បីការងារនោះ នៅទីបំផុតក៏ទទួលបាននូវជោគជ័យ។
មនុស្សយើងបើសាបសូន្យទ្រព្យសម្បត្តិមាសប្រាក់ទៅអស់រលីង ក៏ចាត់ទុកថាមនុស្សម្នាក់នោះបានស្លាប់ទៅហើយមួយផ្នែក តែបើមនុស្សយើងបាត់បង់ភាពក្លាហានអស់រលីងហើយនោះ ក៏ចាត់ទុកបានថាមនុស្សម្នាក់នោះបានស្លាប់ទៅហើយទាំងជីវិត។ (Miguel De Cervantes អ្នកនិពន្ធជនជាតិអេស្ប៉ាញ គ.ស. ១៥៧៤-១៦១៦)
បើមនុស្សម្នាក់មិនមានសេចក្តីក្លាហាន មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការពុះពារឧបសគ្គទៅឲ្យ ដល់គោលដៅដែលបានតាំងទុក មិនមានសេចក្តីរឹងមាំអត់ធន់ មិនមានសេចក្តីព្យាយាមប្រឹង ប្រែងតស៊ូដើម្បីប្រយោជន៍សុខរបស់ខ្លួនឯងនិងមនុស្សជាតិ មនុស្សម្នាក់នោះរមែងមិនបាន ជោគជ័យក្នុងជីវិត។
ជីវិតរបស់មនុស្សយើង សេចក្តីក្លាហាននឹងប្រាកដចេញមកជា ៣ រូបបែបគឺ សេចក្តីក្លាហាន ខាងរាងកាយ សេចក្តីក្លាហានផ្នែកចិត្តវិញ្ញាណ និងសេចក្តីក្លាហានខាងសតិបញ្ញា។
សេចក្តីក្លាហានធ្វើឲ្យមនុស្សយើងហានត្រដាងកាយតស៊ូដើម្បីសិទ្ធិរបស់ខ្លួនឯងហើយនឹង អ្នកដទៃ។សេចក្តីក្លាហានដែលមានកិត្តយសបំផុតគឺសេចក្តីក្លាហានកសាងប្រទេសជាតិ។
មនុស្សដែលមានសេចក្តីក្លាហានគឺជាមនុស្សដែលមានសន្តានចិត្តល្អ ចេះយល់ចិត្តថ្លើមអ្នក ដទៃមិនចងអាឃាតព្យាបាទ។
កាលបើមានសេចក្តីក្លាហានក៏រមែងមានការជឿជាក់ ហើយមិនសន្ទិះសង្ស័យ។
កាលបើមានសេចក្តីក្លាហានក៏រមែងមានសង្ឃឹម មិនទុទិដ្ឋិនិយម។
កាលបើមានសេចក្តីក្លាហានក៏រមែងមានសេចក្តីអត់ធ្មត់ មិនខ្លាចសេចក្តីលំបាក អាចពឹងកម្លាំង ស្មងរបស់ខ្លួនឯងបាន។
កាលបើមានសេចក្តីក្លាហាន ធ្វើខុសទើបហ៊ានទទួលខុស ធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែល កាន់តែសម្បូរបែបច្រើនឡើង។
ទាំងអស់នេះគឺជាសច្ចធម៌ដែលសេចក្តីក្លាហានប្រទានឲ្យ។
បើឈប់កណ្តាលផ្លូវ គីរីក៏ក្លាយជាទួលដំបូក បើមានៈព្យាយាម ដីមួយបង្គីក៏អាចក្លាយ ជាទីរាបដ៏ធំធេងបាន។ ………………………………………..(ខុងជឺ)
លៀងឈីឆៅ វាគ្មិនសម័យមុនពោលថា ” ជីវិតរបស់មនុស្សយើងមានឧបសគ្គ ៦០-៧០% មានភាពរលូន ៣០-៤០% ប៉ុណ្ណោះ ផ្លាស់ប្តូរទៅវិញទៅមកដូច្នេះជានិច្ច” បើមនុស្សយើង មានសេចក្តីព្យាយាម គ្រប់រឿងរ៉ាវរមែងសម្រេចសមប្រាថ្នា។ សេចក្តីព្យាយាមប្រៀបដូច ម៉ាស៊ីនរបស់គ្រឿងយន្ត ម៉ាស៊ីនឈប់កាលណា គ្រឿងយន្តក៏ឈប់ធ្វើការក្នុងពេលនោះ ដូចគ្នានឹងមនុស្សយើង បើខ្វះសេចក្តីព្យាយាមទម្លាក់ចោលការងារកណ្តាលទី ច្រើនតែ រួញរាព្រោះឧបសគ្គ មនុស្សប្រភេទនេះនឹងបានជោគជ័យដូចម្តេចទៅ?
សេចក្តីព្យាយាមជាឫសគល់នៃជោគជ័យ ការដែលយើងអត់ធ្មត់ចំពោះឧបសគ្គបញ្ហាទាំង ឡាយទាំងពួងបាន ក៏ព្រោះមានសេចក្តីព្យាយាមជាកម្លាំងគាំទ្រ កុំខ្ជិលច្រអូស កុំធ្វេសប្រហែស នៅទីបំផុតភាពជោគជ័យនឹងជារបស់យើងយ៉ាងពិតប្រាកដ។ ពីងពាងធ្វើសំបុក ត្រូវភ្លៀងខ្យល់ បំផ្លាញម្តងហើយម្តងទៀត តែវាក៏មិនបោះបង់ចោលសេចក្តីព្យាយាម នៅតែធ្វើសំបុកជារឿយៗ ទៅ នៅទីបំផុតក៏សម្រេច។ សត្វត្រចៀកកាំធ្វើសំបុក ត្រូវមនុស្សអាក្រក់លួចសម្បុកម្តងហើយ ម្តងទៀតតែវាក៏មិនព្រមឈប់ធ្វើនៅទីបំផុតវាក៏ធ្វើរួច។
នៅលើវិថីដ៏វែងអន្លាយរបស់មនុស្សយើង រឿងដែលមិនសមបំណង មិនរាបស្មើមានរាប់រយ ប្រការ ធ្វើយ៉ាងណាទើបអាចបង្វែបរាជ័យឲ្យក្លាយជាជ័យជំនះបាន រឿងនេះអាស្រ័យលើ សេចក្តីព្យាយាមរបស់យើងខ្លួនឯង។
យើងត្រូវហ៊ានប្រឆាំងអារម្មណ៍ដែលចង់សាកល្បង ហ៊ាននិយាយការពិត ហ៊ានសម្តែងខ្លួន ហ៊ានប្រើជីវិត ដែលស្មោះត្រង់សុចរិត មនុស្សក្លាហាន ពាក្យសម្តី និងទង្វើមានឯកភាពជាមួយគ្នាជានិច្ច។ ……………………………………………….(អ៊ិងមិង)
មនុស្សជាសត្វប្រសើរក៏ពិតមែន តែការជាមនុស្សក៏ជារឿងសែនលំបាក ក្រៅពីត្រូវសម្របខ្លួន ទៅតាមបរិដ្ឋានហើយនោះ នៅត្រូវផ្លាស់ប្តូរកែច្នៃបរិដ្ឋានឲ្យល្អប្រសើរឡើងទៀតផង។ ការសេព គប់សមាគមជាមួយអ្នកដទៃមិនត្រូវប្រើអារម្មណ៍ទេ ទន្ទឹមនឹងនោះក៏ត្រូវមានសមានចិត្ត ចំណែក ការដោះស្រាយបញ្ហា ត្រូវមានចិត្តទូលាយមានសតិ មានសេចក្តីព្យាយាម ជាមួយខ្លួនឯងក៏ត្រូវ តឹងរឹង ត្រូវត្រួតពិនិត្យ គិតក្នុងរឿងល្អ។ល។ ទាំងអស់នេះមិនមែនជារឿងងាយឡើយ តែក្នុង លោកនេះមិនមានអ្វីងាយស្រួលតែម្យ៉ាងរឺលំបាកតែម្យ៉ាង ក្នុងសេចក្តីលំបាកមានភាពងាយ ក្នុងភាពងាយមានសេចក្តីលំបាកច្របូកច្របល់គ្នាជានិច្ច។ ក្នុងរឿងការងារបើយើងពឹងកំលាំង ស្មងរបស់ខ្លួនឯង សេចក្តីលំបាកផ្សេងៗ រមែងកែខៃបាន ឯការដំណើរជីវិត បើយើងមាន គុណធម៌ មានសេចក្តីក្លាហាន ជីវិតរបស់យើងក៏នឹងបោះជំហានទៅក្នុងផ្លូវដែលល្អ។
មនុស្សក្លាហានឃើញថា ក្នុងលោកនេះមិនមានអ្វីធ្វើមិនបាន មិនមានសត្រូវឯណាឈ្នះមិនបាន។ ……………………………………………………………..(កួជឺអ៊ី)
បច្ចុប្បន្ននេះស្ថានភាពរបស់ពួកយើងលំបាកណាស់ តែបែបនេះឯងគឺជាឳកាសមាសដ៏ល្អបំផុត សម្រាប់សាកល្បងសេចក្តីក្លាហាននិងសេចក្តីព្យាយាមរបស់យើង។
កួជឺអ៊ី មន្ត្រីមានឈ្មោះល្បីក្នុងសម័យរាជវង្សថាំង បានសាងស្នាដៃដល់ប្រទេសជាតិជាច្រើន បច្ច័យសំខាន់ដែលអាចឲ្យគេឧទ្ទិសគុណូបការៈបានដូច្នោះក៏គឺសេចក្តីក្លាហានដាច់ខាតដែល ខ្ពង់ខ្ពស់ជាងអ្នកដទៃរបស់គេនោះឯង។
ជ័យជំនះមិនមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ ហើយជោគជ័យក៏មិនបាន ជ្រុះចុះមកពីលើមេឃ តែជារបស់ដែលផ្តូរមកដោយតំណក់ញើសនិងសាច់ឈាម។ ក្នុងខ្សែ ភ្នែករបស់អ្នកក្លាហាន ពួកគេមិនឃើញថាមានអ្វីដែលធ្វើមិនបាន គ្មានការងារអ្វីដែលធ្វើទៅ ហើយមិនបានផល តែមនុស្សមួយចំនួនក៏នៅតែជួបបរាជ័យ ទាំងនេះព្រោះមនុស្សទាំងនោះ ខ្វះការតាំងចិត្តពិតប្រាកដ ខ្វះសេចក្តីព្យាយាមនោះឯង។ បើយើងមានបណិធានដ៏ជាក់លាក់ មានចិត្តវិញ្ញាណដែលស៊ូមិនរាថយ មិនជោគជ័យមិនបោះបង់ចោល ការងារគ្រប់យ៉ាងរមែង ទទួលបាននូវជោគជ័យជាក់ជាមិនខាន។
រឿងដែលសំណាងល្អបំផុតរបស់មនុស្សយើង មិនមែននៅលើការដែលមិនធ្លាប់ដួលរលំនោះទេ តែនៅលើការដែលដួលរលំហើយអាចក្រោកឡើង វិញបាន ហើយឈានទៅមុខទៀតមិនដំអក់បង្អង់។ ………………………………………………….(ក្រេតស៍)
មនុស្សជាច្រើនតែងដកដង្ហើមធំយ៉ាងអស់អាល័យក្នុងជីវិតគិតថា “ជីវិតដូចក្តីសុបិន ក្តីសុបិន ដូចជីវិត” តែក៏មានមនុស្សជាច្រើនយល់ឃើញថាជីវិតដូចទានមួយដើម រាប់តាំងពីវិនាទីដំបូង ដែលអុជភ្លើងបំភ្លឺឡើង វាក៏ធ្វើតួនាទីដឹកនាំអ្នកដទៃឆ្ពោះទៅរកភាពភ្លឺស្វាងរហូតទៅ។
ជីវិតរបស់មនុស្សយើង ប្រៀបប្រដូចវិថីវ៉ាន់វេយ៍ដែលមានតែផ្លូវទៅតែម្យ៉ាងមិនមានផ្លូវត្រឡប់ ក្រោយ ទោះបីមាត់ថ្នល់មានសណ្ឋាគារតាំងនៅរាងគ្នារប៉េះរប៉ោះ តែសណ្ឋាគារទាំងនោះក៏ មិនអនុញ្ញាតឲ្យយើងស្នាក់នៅយូរប៉ុន្មាន។ ចូរស្រូតដំណើរឈានតទៅស្វែងរកសណ្ឋាគារ កន្លែងថ្មីដែលល្អជាង កុំរវល់អាឡោះអាល័យសណ្ឋាគារដែលស្នាក់អាស្រ័យម្តងមួយកាលនេះ ធ្វើអី ទោះវិថីខាងមុខពេញទៅដោយបន្លា តែយើងក៏មិនអាចធ្វើជាទាហានរត់ចោលទ័ពទៅ កន្លែងណាផ្សេងបានឡើយ។
កើតជាមនុស្ស ត្រូវហ៊ានលត់ដំខ្លួននៅកណ្តាលសេចក្តីទុក្ខលំបាក ជីវិតទើបរឹងមាំ ស្វាហាប់ មានជីវិតជីវ៉ា ហើយបើរវល់តែខ្លាចនោះកង្វល់នេះ ជីវិតក៏នឹងត្រូវសេចក្តីទុក្ខលំបាកទាំងនេះ កកេរស៊ីរហូតដល់ថ្ងៃក្សិណក្ស័យ។
បុគ្គលដែលបានទទួលជោគជ័យទាំងឡាយ ភាគច្រើនតែងតែទទួលផលសម្រេចបាន ព្រោះមានសេចក្តីព្យាយាម ពួកគេប្រើចិត្តដែល “ ហ៊ានលុកលុយ ហ៊ានតស៊ូ” ទៅជំនះគំនិត ប្រភេទ “ ធ្វើមិនបាន” ។ …………………………………………(ជៀងលី)
“ទេពកោសល្យ” ជារបស់ដែលនរណាៗ ក៏ចង់មាន តែអាស្រ័យពាក្យថាទេពកោសល្យតែម្យ៉ាង យើងនឹងទទួលបានជោគជ័យ មានកិត្តិយសឈ្មោះល្បីដូច្នោះឫ? គំនិតដូច្នេះមិនត្រឹមត្រូវប៉ុន្មាន ទេថែមទាំងគួរឲ្យអស់សំណើច ព្រោះថា “ទេពកោសល្យ” ជារបស់ដែលត្រូវអាស្រ័យសេចក្តី ព្យាយាមទើបនឹងអាចលើកកំពស់មុខមាត់បាន ប្រៀបដូចកូនឈើដែលជាដើមឈើដ៏រឹងមាំមួយ បើយើងយកទៅដាំនៅលើដីដែលឧត្តមសំបូរ វាក៏នឹងធំលូតលាស់ជាដើមឈើដែលរឹងមាំ តែ បើយើងមិនស្រោចទឹកវាសោះឡើយ មិនយូរប៉ុន្មានកូនឈើនោះក៏នឹងស្វិតស្រពោនស្លាប់ទៅ នៅទីបំផុត។
ពួកយើងទាំងឡាយជ្រាបយ៉ាងច្បាស់ថា ភាពជោគជ័យមិនបានធ្លាក់ចុះមកពីលើមេឃឡើយ “ភាពជោគជ័យកើតពីទេពកោសល្យ ១% សេចក្តីឧស្សាហ៍ព្យាយាម ៩៩%។ ភាពជោគជ័យ មិនមែនជារឿងចៃដន្យ បើខ្វះសេចក្តីប្រឹងប្រែងហាត់ពត់លត់ដំខ្លួនឯងយ៉ាងតឹងរឹងហើយនោះ ទេពកោសល្យដែលនៅក្នុងខ្លួនក៏មិនលេចចេញមក។ អេឌិសាន់តែងប្រាប់អ្នកនេះអ្នកនោះថា “ភាពជោគជ័យកើតពីទេពកោសល្យ ១% សេចក្តីព្យាយាមប្រឹងប្រែង ៩៩%” ពាក្យទាំងនេះ ត្រឹមត្រូវបំផុត គួរឲ្យគិតបំផុត។
“ទេពកោសល្យ” មិនមែនជារបស់មានគ្រប់គ្នាទេ តែសេចក្តីព្យាយាមជារបស់ដែលគ្រប់គ្នា អាចធ្វើបាន ព្រោះហេតុដូច្នេះ អ្នកមានខួរក្បាលល្អទើបមិនគួរបានចិត្ត អ្នកខួរក្បាលមិនល្អ ក៏មិនគួរក្រៀមក្រំរួញរាចិត្ត សុំត្រឹមមានសេចក្តីព្យាយាម នៅទីបំផុតក៏នឹងអាចទទួលជោគ ជ័យបានជាក់ជាមិនខាន។
កងទ័ពដែលគ្មានផ្លូវថយនឹងស៊ូស្លាប់។ ……………………………………(ខែស)
ការស៊ូដូចឆ្កែចាល់ច្រកជាការតស៊ូដែលគួរឲ្យខ្លាចណាស់ ពេលចាល់ច្រកពិតមែនហើយនោះ សភាវគតិនៃការយករួចរស់នឹងធ្វើឲ្យសព្វសត្វស៊ូស្លាប់ ពេលស៊ូស្លាប់បែរជាផុតស្លាប់ ដូច្នេះ ការសម្រេចចិត្តស៊ូស្លាប់ទើបជាបច្ច័យនៃជ័យជំនះ។
មិនថាធ្វើអ្វីក៏ដោយ យើងគួរមានកម្លាំងចិត្តស៊ូស្លាប់ ឈានទៅខាងមុខយ៉ាងក្លាហាន ទើបនឹង មានឋាមពល ហើយនឹងមានឳកាសបានទទួលជោគជ័យ។

សេចក្តីឧស្សាហ៍



អនាគតជារបស់មនុស្សដែលឧស្សាហ៍ធ្វើការងារ។ …………………………………………(យារ៍ត សាទ)
បើគិតចង់ឈានមុខក្នុងការងារ យើងត្រូវឧស្សាហ៍ព្យាយាម ផលតបស្នងរបស់សេចក្តីឧស្សាហ៍ មិនមែនសោះសូន្យយ៉ាងពិតប្រាកដ។ ប្រាជ្ញម្នាក់ពោលថា “អនាគតជារបស់មនុស្សដែលល្អែង ធ្វើការងារ” ដោយភាពជោគជ័យរបស់បុគ្គលអច្ឆរិយៈទាំងឡាយ យើងបានរកឃើញសច្ចៈមួយ ខគឺ ក្នុងលោកនេះគ្មានអ្វីដែលបានមកដោយមិនបាច់ចំណាយកម្លាំងទេ ដូច្នេះបើយើងឧស្សាហ៍ ប្រឹងប្រែង យើងក៏អាចប្តូរជតាកម្មរបស់ខ្លួនឯងបាន។ បុរាណពោលថា “ទេពកោសល្យ មិនមែន អ្វីគឺសេចក្តីមានៈប្រឹងប្រែង ឧស្សាហ៍ព្យាយាមនោះឯង” ពាក្យនេះជាអមតៈជានិច្ច។
ការធ្វើការងារនោះប្រៀបដូចការឡើងសង្វៀនប្រដាល់ ត្រូវបញ្ចេញកណ្តាប់ដៃយ៉ាងពេញកម្លាំង មនុស្សដែលចាំតែធ្វើត្រាប់អ្នកដទៃ ប្រាសចាកគំនិតច្នៃប្រឌិតថ្មីៗ ខ្វះមធ្យោបាយថ្មីៗ ក៏នឹងគ្មាន មុខនាទីថ្មីៗ។ បើគិតចង់ប្រើឋាមពលរបស់យើងផ្លាស់ប្តូរបរិដ្ឋានក្នុងបច្ចុប្បន្ន យើងត្រូវមាន ឋាមពលដ៏ហ៊ឹកហ៊ាក់ស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ ទើបនឹងអាចរុករើស្ថានការណ៍ថ្មីៗ ចេញមក បាន។
សេចក្តីខ្ជិលច្រអូសធ្វើឲ្យរឿងផ្សេងៗ កាន់តែលំបាកខ្លាំងឡើង សេចក្តីឧស្សាហ៍ធ្វើឲ្យរឿងផ្សេងៗកាន់តែងាយឡើង។ ……………………………………… (បេនចាមិន ហ្វ្រែងឃ្លិន)
មនុស្សផ្សេងពីសត្វតិរច្ឆានក៏ត្រង់ដែលមនុស្សចេះធ្វើការងារ។ ការងារធ្វើឲ្យមនុស្សកាន់តែឆ្លាត ព្រោះត្រូវប្រើខួរក្បាលគិត ប្រើដៃធ្វើ ទើបបានលទ្ធផលការងារចេញមក។
ទោះបីមនុស្សមានវឌ្ឍនាការរហូតផ្សេងពីសត្វតិច្ឆានយ៉ាងដាច់ស្រឡះហើយក៏ដោយ តែនៅក្នុង ក្រុមមនុស្សដូចគ្នាក៏នៅមានមនុស្សល្អែងនិងមនុស្សខ្ជិល ដូច្នេះទើបមានមនុស្សពូកែនិងមនុស្ស យកជាការមិនបាននៅក្នុងសង្គមជាមួយគ្នា។ ការពិតមនុស្សមិនមែនវាងវៃព្រោះទេពកោសល្យ ដែលអាទិទេពប្រគល់មកឲ្យ ហើយមនុស្សក៏មិនមែនយកជាការមិនបានព្រោះព្រហ្មលិខិតទុក ហើយនោះទេ បើមនុស្សគ្រប់គ្នាមានសេចក្តីឧស្សាហ៍ព្យាយាម មានមានៈពុះពារដូចគ្នា កម្រឹត IQ (Intelligence Quotient) របស់មនុស្សយើងក៏មិនផ្សេងគ្នាខ្លាំងណាស់ណាដែរ។
មនុស្សខ្ជិលច្រើនតែកំសាក មិនស៊ូបញ្ហា ចូលចិត្តរអ៊ូ ចូលចិត្តបន្ទោសនោះបន្ទោសនេះ ក្នុង ខ្សែភ្នែករបស់ពួកគេ លោកនេះមានតែរឿងលំបាកៗ ដែលមិនអាចធ្វើបានម្យ៉ាងឡើយ ខុស ពីមនុស្សល្អែង តស៊ូអត់ធ្មត់ ជឿជាក់លើខ្លួនឯងខ្ពស់ ក្នុងខ្សែភ្នែករបស់ពួកគេ ក្នុងលោកនេះ គ្មានអ្វីដែលហួសពីសេចក្តីព្យាយាមរបស់គេឡើយ។
អ្នកដែលមានចំណេះដឹងជ្រាលជ្រៅទូលំទូលាយគឺអ្នកដែល ល្អែងសិក្សាស្រាវជ្រាវ។អ្នកកីឡាដែលលេចធ្លោបំផុតក៏គឺអ្នកកីឡា ដែលហ្វឹកហាត់រាង្គកាយយ៉ាងយកចិត្តទុកដាក់។ មហាសេដ្ឋីដែល មានប្រាក់ច្រើនបំផុតគឺអ្នកដែលឧស្សាហ៍ប្រឹងប្រែងបំផុត។ ………………………………………………………………(វ័ងសើង)
យើងតែងតែបានឮមនុស្សរអ៊ូថា “អាយុប៉ុណ្ណេះទៅហើយ មូលដ្ឋានចំណេះដឹងអ្វីបន្តិចក៏គ្មាន តើនឹងរៀនអ្វីបានទៀតទៅ?” រឺ “ចាល់ច្រកដូច្នេះហើយនឹងគិតធ្វើអ្វីបានទៀតទៅ?” រឺ “ពេញខ្លួន មានតែរោគ ហាត់ប្រាណនឹងជួយអ្វីបានទៅ?” សម្លេងទំនងនេះសុទ្ធតែរបូតចេញពីមាត់របស់ មនុស្សដែលសុខចិត្តបណ្តោយឲ្យជីវិតធ្លាក់ដុនដាប។ ពេលនេះយើងមិនមានមូលដ្ឋានចំណេះ ដឹង តែបើយើងតាំងចិត្តសិក្សាស្រាវជ្រាវបាន ៤-៥ ឆ្នាំក៏រមែងកើនច្រើនឡើង។ ពេលនេះឋានៈ យើងមិនល្អ តែបើយើងឧស្សាហ៍ព្យាយាមធ្វើការរកស៊ី ៣-៤ ឆ្នាំខាងមុខរមែងមានប្រាក់ទុកដាក់ មួយចំនួន។ រាង្គកាយរបស់យើងទន់ខ្សោយណាស់ តែបើយើងតាំងចិត្តហ្វឹកហាត់ យូរថ្ងៃទៅ រាង្គកាយក៏រមែងរឹងមាំឡើង។
ក្នុងលោកនេះមានអ្វីខ្លះដែលបានមកដោយមិនបាច់ចំណាយកម្លាំង? ចង់បានជោគជ័យក៏ត្រូវ ឧស្សាហ៍ ចាំតែច្រណែនអ្នកដទៃ ចាំតែដកដង្ហើមធំ ចាំតែមើលងាយខ្លួនឯង នឹងជួយឲ្យអ្វីល្អ ប្រសើរឡើងខ្លះទៅ? បុរាណលោកពោលថា “គ្មានអ្វីគួរឲ្យសោកសៅស្មើនឹងចិត្តវិញ្ញាណដែល ប្រាសចាកឋាមពល” ហេតុអ្វីយើងចូលចិត្តគិតថាខ្លួនឯងធ្វើមិនបាន ចង់ឲ្យអ្នកដទៃមើលងាយ អញ្ចឹងរឺ? កុំធ្វើដូច្នោះឡើយ មិត្តអើយ មកពុះពារមានៈទាំងអស់គ្នាឡើង រ៉ាប់រងថាគ្មានអ្វីដែល យឺតហួសនោះឡើយ។
អាកាសដែលផ្ទេរចេញចូលរមែងស្រស់បស់ជានិច្ច។ ជីវិតដែលឧស្សាហ៍ព្យាយាមរមែងរុងរោចន៍ជានិច្ច។
មនុស្សគ្រប់គ្នាតែងមានក្តីសុបិន មានឧត្តមគតិ យើងគួរដាក់គម្រោងការដែលស្អាតល្អហើយ នឹងមានអនាគតដល់ខ្លួឯង បន្ទាប់មកទើបឈានទៅខាងមុខយ៉ាងពុះពារមានៈ ធ្វើដូច្នេះទើប អាចមានឳកាសបានភ្លក់រសជាតិដ៏ផ្អែមល្ហែមនៃលទ្ធផលជ័យជំនះ។ ជីវិតរបស់យើងទើបមាន សេចក្តីសុខ មានតម្លៃមានន័យយ៉ាងពិតប្រាកដ។
ពិតណាស់ មាគ៌ាជីវិតរបស់មនុស្សយើងនេះពេញទៅដោយឧបសគ្គបញ្ហា យើងត្រូវយកឈ្នះ សេចក្តីលំបាកទាំងនោះឲ្យបាន ត្រូវឈានទៅខាងមុខយ៉ាងក្លាហាន ទើបអាចទទួលជោគជ័យ ទើបទៅដល់គោលដៅកំពូលរបស់ជីវិត។ ជីវិតមនុស្សការពិតហើយនោះគឺជាប្រវត្តិការតស៊ូ មួយឆាក យើងមិនត្រឹមតែត្រូវតស៊ូជាមួយជីវិតប៉ុណ្ណោះទេ តែនៅត្រូវតស៊ូជាមួយធម្មជាតិ ត្រូវ តស៊ូដើម្បីអនាគតរបស់ខ្លួនឯង។
បើចង់មានជីវិតដែលមានតម្លៃមានន័យ យើងត្រូវមានឧត្តមគតិមានក្តីសុបិន។ នរណាគ្មាន ឧត្តមគតិដ៏ខ្ពង់ខ្ពស់ ក៏នឹងគ្មានអនាគតដ៏រុងរោចន៍ មិនបានទទួលជោគជ័យដ៏ស្រស់ស្អាត ហើយជីវិតក៏មិនស្រស់ស្រាយគ្មានជីវិតជីវ៉ា។
ឧស្សាហ៍មានប្រយោជន៍ លេងឥតប្រយោជន៍ ជីវិតនឹងមានអនាគតឫអត់ អាស្រ័យលើភាពឧស្សាហ៍ព្យាយាម។ ………………………………………………………..(ភាសិតចិន)
សេចក្តីឧស្សាហ៍ព្យាយាម ជាគុណធម៌ដ៏ប្រសើរមួយ។ សេចក្តីខ្ជិលច្រអូសជានិស្ស័យដែល មិនល្អម្យ៉ាង។ មនុស្សយើងបើចង់មានអនាគតដែលស្រស់ស្អាត ក៏ត្រូវធ្វើការយ៉ាងឧស្សាហៈ។ មនុស្សល្អែងតែងមានហេតុមានផល ទើបអារម្មណ៍ល្អសប្បាយចិត្ត មនុស្សខ្ជិលតែងរកពាក្យ ដោះសារការពារសេចក្តីខ្ជិលច្រអូសរបស់ខ្លួន ចូលចិត្តគេចវេសការពិត ជីវិតទើបពេញទៅ ដោយសេចក្តីទុក្ខលំបាក។
កសិករសស្រាក់សស្រាំធ្វើការងារធ្ងន់នៅក្រោមកម្តៅព្រះអាទិត្យរាល់ថ្ងៃ កម្មករធ្វើការងារ នៅក្នុងរោងចក្រឧស្សាហកម្មយ៉ាងប្រឹងប្រែង ពួកគេសុទ្ធតែជាមនុស្សឧស្សាហ៍ ជាមនុស្ស គួររាប់អាន។ អាជីពសុចរិតគ្រប់យ៉ាង សុទ្ធសឹងមានកិត្តិយស មានគុណតម្លៃ។ យើងត្រូវ ធ្វើការងារក្នុងមុខនាទីយ៉ាងពេញទំហឹង ត្រូវទទួលខុសត្រូវឲ្យដល់ទីបំផុត មិនគិតតូចគិតធំ មិនគិតតែប្រយោជន៍ហួសពេក ពេលបានជោគជ័យ យើងក៏នឹងមានសេចក្តីសុខយ៉ាងខ្លាំង តែបើដួលរលំក៏គ្មានអារម្មណ៍ខ្មាសខ្លួនឯង និងមិនគួរបន្ទោសអ្នកដទៃ រឺបន្ទោសមេឃដី តែ គួរសរុបមេរៀនពីការបរាជ័យ ដើម្បីជាមូលដ្ឋាននៃសេចក្តីសម្រេចក្នុងគ្រាតទៅ។
សម្រាប់មនុស្សខ្ជិលនោះតែងគិតចាំឆក់ឳកាសតែម្យ៉ាង តែងធ្វើការងារឲ្យរួចតែពីដៃ គ្មានការ ទទួលខុសត្រូវ គ្មានក្តីសុបិន គ្នាឧត្តមគតិ ប្រើជីវិតកន្លងទៅមួយថ្ងៃៗ យ៉ាងច្របូកច្របល់ ពេលត្រូវអ្នកដទៃដាស់តឿន គេក៏ធ្វើពុតថ្ងួចធ្ងរសុំការយល់ចិត្ត មនុស្សប្រភេទនេះគ្មានថ្ងៃ បានទទួលជោគជ័យយ៉ាងពិតប្រាកដ។
ចាំទុកថា បទសរុបរបស់មនុស្សខ្ជិលច្រអូសគឺ មានខ្សែជីវិតដែលបរាជ័យ។
ភាពឧស្សាហ៍ព្យាយាមជាដើមទុននៃសេចក្តីសម្រេច សេចក្តីខ្ជិលច្រអូសជាមូលហេតុនៃសេចក្តីដួលរលំ។ ……………………………………………(ភាសិតចិន)
សេចក្តីឧស្សាហ៍កើតចេញពីចិត្តវិញ្ញាណដែលស្ទុះស្ទា ស្វាហាប់ មានសេចក្តីព្យាយាមប្រឹង ប្រែង មិនថាលំបាកលំបិនប៉ុណ្ណា ក៏អាចពុះពារឧបសគ្គ ឈានទៅកាន់គោលដៅបានយ៉ាង ក្លាហាន មានចិត្តវិញ្ញាណនឹងនមិនឃ្លេងឃ្លោង អាចតាំងជំហរបានរហូតដល់ទីបំផុត។
ក្នុងជីវិតពិត មិនថាការសិក្សារៀនសូត្រ រឺការប្រកបអាជីពសុទ្ធតែត្រូវប្រឈមមុខជាមួយ សេចក្តីលំបាកទាំងអស់ហ្នឹង បើយើមិនស៊ូ រួញរានឿយណាយ ឈប់ពាក់កណ្តាលទី អ្វី ដែលខ្លួនបានប្រឹងប្រែងមកតាំងពីដើមក៏នឹងសោះសូន្យទទេភ្លាម។ សេចក្តីឆ្លៀវឆ្លាតរបស់ ខួរក្បាលគ្រាន់តែជាបច្ច័យម្យ៉ាងរបស់សរីរៈរាង្គកាយប៉ុណ្ណោះ ខួរល្អរឺមិនល្អ មិនអាចកំណត់ អនាគតរបស់មនុស្សម្នាក់បានទេ តែល្អែងរឺខ្ជិលនេះទេតើដែលអាចកាត់ក្តីភាពជោគជ័យ រឺដួលរលំរបស់មនុស្សយើងបាន។

0 comments: