អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 29, 2013

ឈិន​ឡុង ជោគ​ជ័យ​​​តាំង​ពី​អាយុ​៥​ឆ្នាំ Trackback

ប្រិយមិត្ត ​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់​តារា​សម្ដែង​វាយតប់​បែប​កំប្លែង​ឈ្មោះ​ Jackie Chan​ ហៅ​ក្រៅ​ថា​ឈិនឡុង​តាម​រយៈ​រឿង​ហុង​កុង ​ឬ​រឿង​ហូលីវូដល្បី​ៗ​ផ្សេងៗ​រួច​មក​ហើយ។ ក៏​ប៉ុន្តែ​ប្រិយមិត្ត​មាន​ដឹង​ថា​តើ​គាត់​មាន​ប្រវត្តិ​មក​ពី​ណា​ ឬ​កាល​មុន​ពេល​ចូល​សម្ដែង​គាត់​បាន​ធ្វើ​អ្វី​ ឬ​ក៏​ជីវិត​គាត់​ទទួល​បាន​ភាព​ជោគជ័យ​លើ​អ្វី​ខ្លះ​ទេ?
ថ្ងៃ​នេះ​ Sabay​ នឹង​ណែ​នាំ​ឲ្យ​ប្រិយ​មិត្ត​បាន​ស្គាល់​តារា​សម្ដែង​អន្តរជាតិ​ដ៏​ល្បី​នេះ​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន។
ប្រវត្តិ​សង្ខេប
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទី​កន្លែង​កំណើតឪពុក​ម្ដាយអាជីព
Chan Kong-sang Jackie Chan៧ មេសា ១៩៥៤
(បច្ចុប្បន្ន​អាយុ​ ៥៨​ឆ្នាំ)
ស្រុក​ Victoria Peak​ នៃ​ទីក្រុង​ហុងកុងឪពុក​ Charles និង​ ម្ដាយ​ Lee Lee Chanតារា​សម្ដែង​ អ្នក​ដឹកនាំ​រឿង​ អ្នក​សរសេរ​សាច់រឿង​ តារា​ចម្រៀង
ដំណើរ​ជីវិត​កាល​នៅ​វ័យ​ក្មេង
Jackie Chan​ ឬ​ឈិនឡុង​គឺ​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ រាជការ​ធ្វើ​ការ​នៅ​ស្ថានទូត​បារាំង​ប្រចាំ​ទី​ក្រុង​ហុងកុង។​ កាល​នៅ​ក្មេង​ឪពុក​ម្ដាយ​គាត់​ហៅ​ឈ្មោះ​គាត់​ថា​ ប៉ាវ​ប៉ាវ។
Chan​ បាន​ចូលរៀន​នៅ​សាលា​បឋម​សិក្សា​ Nah-Hwa​ នៅ​លើ​កោះ​ហុងកុង​ ក៏​ប៉ុន្តែ​គាត់​រៀន​ធ្លាក់​ថ្នាក់​ទី​១។ ក្រោយ​មក​ឪពុក​ម្ដាយ​គាត់​ក៏​យក​គាត់​ចេញ​ពី​សាលា​នោះ។ នៅ​ក្នុង​ឆ្នាំ​១៩៦០​ ឪពុក​របស់​ Chan​ បាន​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ធ្វើ​ជា​ចុងភៅ​ រី​ឯ ​Chan​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​សិល្បៈ​ China Drama Academy​ នៃ​ទី​ក្រុង​ហុងកុង។ នៅ​សាលា​នោះ​ Chan​ បាន​ប្រឹង​ប្រែង​រហូត​ក្លាយ​ជា​សិស្ស​ពូកែ​ហើយ​ត្រូវ​បាន​ខាង​សាលា​ជ្រើស​ ឲ្យ​ចូល​រួម​ក្រុម​សម្ដែង​ប្រមូល​ផ្ដុំ​ដោយ​សិស្ស​ពូកែ​របស់​សាលា។
អាជីព​នៅ​ក្នុង​សិល្បៈ​ និង​ភាព​ជោគជ័យ
Jackie Chan​ ចាប់​សម្ដែង​តាំង​ពី​អាយុ​ ៥​ឆ្នាំ​មក​ម្ល៉េះ​។ ពេល​អាយុ​៨​ឆ្នាំ​ Chan​ បាន​សម្ដែង​នៅ​ក្នុង​រឿង​ “Little Fortunes”​ ហើយ​និង​ “Big and Little Wong Tin Bar”​ ក្នុង​ឆ្នាំ​១៩៦២​ ហើយ​ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង​ផ្សេងៗ​ជា​បន្តបន្ទាប់។  នៅ​ក្នុង​ឆ្នាំ​១៩៧១​ Chan​ បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សម្ដែង​ពេញ​វ័យ​នៅ​ពេល​គេ​មាន​អាយុ​ ១៧​ឆ្នាំ​ហើយ​បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ផលិតកម្ម​ Great Earth Film Company​។
ពេល​មាន​អាយុ​ ១៧​ឆ្នាំ​នោះ​ Chan​ បាន​ធ្វើ​ការ​ជា​អ្នក​សម្ដែង​ជំនួស​ឲ្យ​តារា​សម្ដែង​វាយ​តប់​ដ៏​ល្បី​ល្បាញ​ Bruce Lee​ ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ហៅ​គាត់​ថា​ លី​ ស៊ាវវ​ឡុង។ នៅ​ក្នុង​ឆ្នាំ​នោះ​ផង​ដែរ​ Chan​ ទទួល​បាន​ការ​សម្ដែង​ជា​តួ​ឯក​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង​ “Little Tiger of Canton”។នៅ​ក្នុង​ឆ្នាំ​ ១៩៧៦​ Chan​ បាន​សម្ដែង​នៅ​ក្នុង​រឿង​ជាមួយ​តារា​សម្ដែង​ លី​ ស៊ាវ​ឡុង​ ក្នុង​រឿង​ “Fist of Fury​” ដែល​ក្នុង​នោះ​ Chan​ សម្ដែង​ជា​តួ​ដែល​មាន​ឈ្មោះ​ថា​ ឈិន​ឡុង​ ដែល​ត្រូវ​បាន​ទស្សនិកជន​ហៅ​មក​ទល់​បច្ចុប្បន្ន​នេះ​ទៅ។ Chan​ ក៏​បាន​ថត​​រឿង​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់។
  • ជោគ​ជ័យ​ក្នុង​ហូលីវូដ​
Chan ​ បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដជា​លើក​ដំបូង​នៅ​ក្នុង​ទសវត្សរ៍​៨០។ ភាពយន្ត​ហូលីវូដ​ដំបូង​ដែល​ Chan​ បាន​ថត​គឺ​” Battler Creek Brawl​”។ ក្រោយ​មក​ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង​ “The Cannonball Gun”​ ដែល​រក​លុយ​បាន​ ១០០​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ឯ​ហុងកុង​វិញ​ ភាពយន្ត​របស់​ Chan​ ទទួល​បាន​ជោគជ័យ​ក្រៃលែង។ នៅ​ក្នុង​ឆ្នាំ​ ១៩៨៣​ Chan​ បាន​ចាប់​ផ្ដើម​សម្ដែង​ជា​តួ​វាយ​តប់​បែប​កំប្លែង​នៅ​ក្នុង​រឿង​ “Project A​” ជា​លើក​ដំបូង។​
ក្រោយ​មក​ Chan​ បាន​សម្ដែង​នៅ​ភាពយន្ត​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​បន្តបន្ទាប់​មាន​ដូច ​ជា​ “Police Story 2″​ ដែល​ធ្វើ​ឲ្យ​ Chan​ ឈ្នះ​ពាន​រង្វាន់​នៅ​ក្នុង​ឆ្នាំ​ ១៩៨៩​ ” Armour of God 2″ ​ និង​ “Police Story 3″​ ដែល​ Chan​ ទទួល​ពាន​រង្វាន់​មួយ​ទៀត​សម្រាប់​ការ​សម្ដែង​ក្នុង​ភាពយន្ត​នេះ​នៅ​ក្នុង​ ឆ្នាំ​ ១៩៩៣។
ភាព​ល្បីល្បាញ ​និង​ទេពកោសល្យ​ក្នុង​ការ​សម្ដែង​របស់​ Chan​ ធ្វើ​ឲ្យ​តារា​សម្ដែង​នេះ​ ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្លានៅ​ក្នុង​ហូលីវូដ។ ចន្លោះ​ឆ្នាំ​ ១៩៩៩ ​និង​២០០៧​ គឺជា​ឆ្នាំ​ដែល​ Chan​ លេច​មុខ​ក្នុង​រឿង​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ Chan​ មាន​សក្ដានុពល​ខ្លាំង​ក្នុង​ហូលីវូដ​ដែរ។ រឿង​ហូលីវូដ​ល្បី​ៗ​ដែល​ Chan​ បាន​សម្ដែង​មាន​ដូច​ជា​ “Rush Hour”​ ក្នុង​ឆ្នាំ​១៩៩៨​  “Rush Hour 2″​ ក្នុង​ឆ្នាំ​២០០១​ “Around The World in 80 Days​ “ក្នុង​ឆ្នាំ​២០០៤។
  • ផលិតកម្ម​ផ្ទាល់​ខ្លួន
នៅ ​ក្នុង​ឆ្នាំ​ ២០០៣​ ដោយ​សារ​តែ​មាន​ការ​មិន​ពេញ​ចិត្ត​នឹង​ ហូលីវូដ​ពីព្រោះ​ហូលីវូដ​មិន​ផ្តល់​សិទ្ធ​គ្រប់​គ្រាន់​ឲ្យ​ខ្លួន​ក្នុង​ការ ​គ្រប់គ្រង​លើ​ដំណើរការ​ភាពយន្ត​ និង​ការ​សម្ដែង​ Chan​ ក៏​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​ឈ្មោះ​ថា​ JCE Movies Limited (Jackie Chan Emperor Movies Limited)​ សហការ​ជាមួយ​នឹង​ Emperor Multimedia Group។
ភាពយន្ត​ដែល​ Chan​​ ផលិត ​និង​សម្ដែង​ខ្លួន​ឯង​ផ្ទាល់​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដូច​ជា​ “New Police Stor” (២០០៤), “The Myth” (២០០៥), “Rob-B-Hood” (២០០៦)។ ចំណែក​ឯ​ក្នុង​ឆ្នាំ​ ២០០៧​វិញ​ Chan​ ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង​ Rush Hour 3″​ ដែល​រក​ចំណូល​បាន​ដល់​ទៅ​ ២៥៥​លាន​ដុល្លារ​អាមេរិក។
បទ​ពិសោធន៍​ថ្មី
នៅ​ក្នុង​ឆ្នាំ​ ២០០៨​ Chan​ បាន​សម្ដែង​នៅ​ក្នុង​រឿង​ “The Forbidden Kingdom”​ ជាមួយ​នឹង​តារា​សម្ដែង​វាយ​តប់​បែប​កុង​ហ្វូ​គឺ​ Jet Li​។ ក្នុង​ឆ្នាំ​ដដែល​Chan​ បាន​បញ្ចូល​សំឡេង​ឲ្យ​តួ​តុក្កតា​គ្រូ​ក្បាច់​គុន​របស់​ខ្លា​ឃ្មុំ​ Panda​ នៅ​ក្នុង​រឿង​ “Kong Fu Panda” ​ ។ ក្នុង​ឆ្នាំ​ ២០០៩​ Chan​ បាន​សម្ដែង​ក្នុង​រឿង​ The “Karate Kid”​ ដែល​រឿង​នេះ ​បាន​ចេញ​នៅ​ឆ្នាំ​ ២០១០។ ភាពយន្ត​ទី​ ១០០​របស់​ Chan​ ដែល​មាន​ចំណង​ជើង​ថា​ “១៩១១” ​បាន​ចេញ​ចរាចរ​នៅ​ថ្ងៃ​ទី​ ២៦​ខែ​កញ្ញា​ឆ្នាំ​ ២០១១​ ដែល​ក្នុង​នោះ​ Chan​ គឺ​ជា​អ្នក​ផលិត​ អ្នក​រៀបចំ​សម្ដែង​ និង​ជា​អ្នក​សម្ដែង​ផ្ទាល់។
Chan ​​ បាន​ទទួល​ពាន​រង្វាន់​ Nickelodeon’s Kids’ Choice Awards​ នៅ​ក្នុង​ឆ្នាំ​ ២០១១​សម្រាប់​រឿង​  “The Karate Kid​”។ នៅ​ក្នុង​ឆ្នាំ​២០១២​ ខណៈ​ពេល​ចូលរួម​កម្មវិធី​ Cannes Film Festival​ លោក Chan​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចូល​និវត្តន៍​ពី​ការ​សម្ដែង​រឿង​វាយ​តប់​គ្នា​ ដោយ​សារ​តែ​ខ្លួន​មាន​វ័យ​ចាស់​ទៅ​ហើយ។ ក៏​ប៉ុន្តែ​ក្រោយ​មក​ Chan​ បាន​និយាយ​វិញ​ថា​ ខ្លួន​នឹង​មិន​ឈប់​សម្ដែង​តែ​ម្ដង​នោះ​ទេ​ គឺ​គ្រាន់​តែ​សម្ដែង​តិច​តួច​​ប៉ុណ្ណោះ​ ពី​ព្រោះ​ចង់​ថែ​រក្សា​រាងកាយ​របស់​ខ្លួន។
Chan​ បាន​ទទួល​ពាន​សរុប​ចំនួន​ ២៧​ ពី​ការ​សម្ដែង​និង​ការ​ដឹក​នាំ​របស់​លោក។

0 comments: