លើទំព័រហ្វេសបុកមានបង្ហោះរូបលុយអាមេរិកក្រដាស១០០ដុល្លារចេញថ្មី ជាមួយកង្វល់ថា វាថ្មីពេក គ្មានស្ថាប័នណាមកបង្ហាញលក្ខណៈពិសេសឲ្យស្រួលសម្គាល់ថា នោះជាលុយសុទ្ធ ឬក្លែងក្លាយ បើទោះបីលុយនោះមិនទាន់ប្រើប្រាស់នៅកម្ពុជាទូលំទូលាយនៅឡើយក្ដី។
ជាក់ស្ដែងកញ្ញា កែវ មុនីរ័ត្ន
និស្សិតឆ្នាំទី៤ នៅធនាគារជាតិបានឲ្យដឹងថា
ក្រដាសប្រាក់អាមេរិកនេះមិនអាចទុកចិត្តភ្លាមបានទេ
ព្រោះមិនដឹងលក្ខណៈសម្បត្តិរបស់វាថាសុទ្ធយ៉ាងម៉េចនោះទេ
ទាល់តែខាងធនាគារជាតិបង្ហាញជូនទើបជាការប្រសើរ
និងអាចប្រើប្រាស់ដោយទុកចិត្តបាន។ មុនីរ័ត្ន
បានបន្ថែមយ៉ាងនេះថា៖ “ទាល់តែគេប្រកាសឲ្យប្រើ
ទើបទុកចិត្ត”។
យុវជន ធារិទ្ធ និស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ
បានឲ្យដឹងស្រដៀងគ្នាដែរថា ខ្លួនធ្លាប់ឃើញតាមគេហទំព័របរទេស
ឃើញថាមានរូបភាពស្អាតជាងមុន ប៉ុន្តែមកដល់ថ្ងៃនេះ
ខ្លួនមិនទាន់បានឃើញផ្ទាល់ភ្នែក ឬកាន់ផ្ទាល់ដៃនៅឡើយទេ
ហើយក៏មានកង្វល់ដែរថា បើលុយមកដល់ហើយ មិនដឹងថាសម្គាល់យ៉ាងម៉េចទើបដឹងថា សុទ្ធ ឬមិនសុទ្ធនោះទេ។ស្រដៀងគ្នានេះដែរ យុវជន ទិន កុលមែន ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឲ្យដឹងថា ខ្លួនធ្លាប់ឃើញគេបង្ហោះតាមហ្វេសបុក ហើយក៏ទុកចិត្តដែរ ព្រោះអ្នកបង្ហោះនោះមានប្រភពច្បាស់លាស់។
“ប៉ុន្តែបើដល់ស្រុកខ្មែរ ជ្រុះក៏ប្រហែលជាខ្ញុំមិនហ៊ានរើសដែរ ព្រោះមិនទុកចិត្តថា ជាលុយសុទ្ធ ឬអត់ យ៉ាងច្រើនទៅសួរ តែខាងដូរលុយទៅ បើគេដូរមែន ទើបទុកចិត្ត”។ នេះជាការបញ្ជាក់បន្ថែមរបស់ កុលមែន។
កុលមែន បានបន្ថែមថា៖ “ប្រទេសគេ រូបិយប័ណ្ណគេ គេជូនដំណឹងដល់ប្រជាជនជារឿងធម្មតា ប៉ុន្តែនេះជាលុយដុល្លារ ។ ចំណែកឯកម្ពុជា សព្វថ្ងៃក៏ប្រើដុល្លារដែរ ដូច្នេះគួរតែមានការផ្សព្វផ្សាយឲ្យដឹងពីចំណុចសំខាន់ៗនៃ លុយថ្មីនោះ”។
យុវជនទាំង៣ខាងលើ បានអំពាវនាវថា បើសិនជាលុយនោះត្រូវបានចរាចរនៅប្រទេសកម្ពុជា គួរតែមានក្រសួង ឬស្ថាប័នមានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងពីចំណុចពិសេសរបស់លុយសុទ្ធផង។
ទាក់ទិននឹងបញ្ហានេះ លោកជំទាវ តាល់ ណៃអ៊ីម អតីតអគ្គនាយក ធនាគារជាតិ បច្ចុប្បន្នលោកជំទាវបានចូលនិវត្តហើយ បានឲ្យដឹងថា ចំពោះបញ្ហានេះក្រដាសប្រាក់បរទេសដែលមិនមែនលុយខ្មែរ មិនមែនធនាគារជាតិជាអ្នកបោះពុម្ពទេ ដូច្នេះធនាគាររបស់អាមេរិកទើបដឹងថា លុយនោះមានចំណុចសំខាន់អ្វីខ្លះ ដូចជាខ្សែសុវត្ថិភាព ឆ្នូតខៀវដិត ជាការសម្គាល់ជាដើម។ បើសិនជាមានការប្រើប្រាស់នៅស្រុកគេមែន បន្តិចទៀតនឹងមានការនាំមកតាមរយៈអ្នកប្រើប្រាស់ដែលធ្វើដំណើរមក ស្រុកខ្មែរ ឬក៏ធនាគារជាតិ អាចនាំចូលមកជាដើម។
សម្រាប់រឿងសម្គាល់ឲ្យជាក់លាក់បើសិនជាមានប្រើនៅស្រុកខ្មែរមែន លោកជំទាវបានបញ្ជាក់ថា៖ “បើមានចរាចរមកដល់ស្រុកខ្មែរមែនច្បាស់ណាស់ថា ខាងស្ថានទូតរបស់គេនឹងពន្យល់លក្ខណៈសុវត្ថិភាព និងវិធីសម្គាល់ថាជាលុយសុទ្ធទៅតាមធនាគារមិនខាន”។
នាដើមខែតុលា ឆ្នាំ២០១៣នេះ អាមេរិកបានបោះពុម្ពក្រដាសប្រាក់មួយរយដុល្លារប្រភេទថ្មីនេះជា ផ្លូវការ ហើយនឹងដាក់ឲ្យចរាចរនៅទូទាំងពិភពលោក៕
0 comments:
Post a Comment