អត្ថបទដែលលោកអ្នកកំពុងកាន់អាននេះ អាចជាព័ត៌មានសំខាន់ណាស់សម្រាប់អ្នកដែលរស់នៅ និងធ្វើការនៅតាមតំបន់លិចទឹក។ សូមធ្វើការបែងចែករបៀបនៃការយល់ដឹងទៅតាមដំណាក់កាល មុនទឹកជំនន់ ពេលទឹកជំនន់ និងក្រោយទឹកជំនន់។
ប្រការត្រូវធ្វើមុនពេលមានគ្រោះទឹកជំនន់
ការប៉ាន់ប្រមាណទំហំទឹកជំនន់ គឺជាការលំបាកខ្លាំងណាស់។ ហេតុនេះកម្រិតនៃការត្រៀម ឬប្រុងប្រយ័ត្នពិតជាពិបាកព្រៀងទុក។ ប៉ុន្ដែលោកអ្នកត្រូវមានវិធានការការពារមួយចំនួនដូចតទៅ។
- ត្រៀមទុកជាស្រេចនូវបង្វិច ឬឧបករណ៍សម្រាប់យកចេញ ឬដឹកជញ្ជូនចេញក្នុងករណីមានការជម្លៀសចេញពីលំនៅដ្ឋាន ទឹកលិច(សម្លៀកបំពាក់ ឱសថ ថ្នាំសង្កូវ សម្ភារៈថែទាំកុមារតូចៗជាដើម)។
- សូមសាកសួរយោបល់ពីអ្នកជំនាញខាងអគ្គិសនី អំពីរបៀបកាត់ផ្ដាច់អគ្គិសនីក្នុងផ្ទះ(ក្នុងករណីមានប្រើចរន្ដអគ្គិសនី)។
- ត្រៀមជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ដែលលោកអ្នកត្រូវតែធ្វើទៅរកទីតាំងសុវត្ថិភាព ឬលំនៅដ្ឋានបណ្ដោះអាសន្នមួយ មិនមានទឹកលិច។ សូមគិតគូរអំពីមធ្យោបាយដឹកជញ្ជូន និងការចំណាយនានាដែលអាចកើតមានទុកជាមុនផង។
- សូមគិតទុកជាមុននូវការត្រៀមទឹក និងចំណីអាហារសម្រាប់ទទួលទាន។ ការទទួលទានទឹកមិនស្អាត និងចំណីអាហារ មិនគ្រប់គ្រាន់ អាចនាំឱ្យមានជម្ងឺតម្កាត់។
- សូមត្រៀមកូនវិទ្យុតូចមួយនៅជាប់នឹងខ្លួនដែលអាចទទួលព័ត៌មានបាន រហ័សទាន់ចិត្ដពីស្ថានីយវិទ្យុ និងសារព័ត៌មានផ្សេងៗ អំពីស្ថានភាពទឹកឡើង និងការជួយសង្គ្រោះនានា។ ហើយត្រូវគិតអំពីថ្មពិលសម្រាប់ដាក់ប្ដូរ ឬបញ្ចូលសម្រាប់ស្ដាប់វិទ្យុនោះផង។
- សូមលើកវត្ថុ សម្ភារៈ ឧបករណ៍ និងសង្ហារិមទាំងឡាយដែលនៅផ្ទាល់នឹងដីដាក់លើទីតាំងខ្ពស់។ ហើយធានាឱ្យបានថា សារធាតុពុល ឬបំពុល ដូចជាថ្នាំសម្លាប់សត្វល្អិត ប្រេងឥន្ធនៈ(ប្រេងកាត ប្រេងសាំង ប្រេងម៉ាស៊ីន) ថ្នាំដាក់រុក្ខជាតិដំណាំនានា និងគ្រឿងឆេះនានា ដាក់នៅកន្លែងសុវត្ថិភាពមួយ។
- ជាចុងក្រោយបើអាចធ្វើបាន សូមត្រៀមការទប់ស្កាត់ការជ្រាបចូលនៃទឹកទៅក្នុងផ្ទះ តាមរយៈការទប់បាវដី ឬវិធី ប្រសិទ្ធភាពនានា។
- សូមស្ដាប់ការណែនាំ និងអនុសាសន៍របស់សាលាឃុំស្រុកដែលលោកអ្នកស្នាក់នៅ និងក្រសួងទទួលបន្ទុក ធ្វើការផ្សព្វផ្សាយដោយផ្ទាល់ និងតាមរយៈវិទ្យុ ទូរទស្សន៍(សម័យទំនើបនេះ អាចតាមប្រព័ន្ធអ៊ិនធ័រណែត)។
- សូមកុំរង់ចាំរហូតដល់ថ្នល់លិច ឬទឹកហូរដាច់អស់ ដែលធ្វើដំណើរលែងកើត ទើបចាកចេញពីលំនៅដ្ឋាន។ ជីវិតរបស់ លោកអ្នកមានតម្លៃថ្លៃជាងរថយន្ដនិងម៉ូតូរបស់លោកអ្នក។
- សូមដាក់ឱ្យមានការឃ្លាំមើល និងយាមកាមលំនៅដ្ឋានរបស់លោកអ្នកដោយមនុស្ស ឬវិធីផ្សេងៗតាមដែលអាចធ្វើទៅបាន។
- សូមគោរពតាមការចង្អុលបង្ហាញរបស់មន្ដ្រីសមត្ថកិច្ចដែលពាក់ពន្ធ័ នឹងរដ្ឋាករទឹក អគ្គិសនី និងស្ថាប័នសាម៉ីនានា បូករួមទាំងអ្នកជំនាញផ្សេងៗទៀតផងដែរ។
- សូមចុះឈ្មោះទៅក្នុងបញ្ជីអ្នករងគ្រោះដោយសារទឹកជំនន់ ដើម្បីទទួលបានឱកាសគាំទ្រ ឬឧបត្ថម្ភពីស្ថាប័នសង្គ្រោះ គ្រោះមហន្ដរាយដែលផ្ដល់ការឧបត្ថម្ភពេលមានទឹកជំនន់ និងក្រោយពេលមានទឹកជំនន់។
- សូមស្វែងរកទីជម្រកមានសុវត្ថិភាពនៅតាមទីទួល ផ្លូវជាតិ និងទីវត្ដអារាមខ្ពស់ ដែលមិនលិចទឹក តែសូមប្រុងប្រយ័ត្នចំពោះទីតាំងហាមឃាត់មួយចំនួនដែលសម្រាប់សាធារណៈ ប្រើប្រាស់។
- សូមហៅរកជំនួយពេលត្រូវការអ្វីមួយ សាកសួរអ្នកជំនាញ ឬសមត្ថកិច្ចទាក់ទងនឹងការសង្គ្រោះគ្រោះទឹកជំនន់។ អ្វីដែលជាការសំខាន់ផងដែរ គឺបន្ដស្ដាប់ព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយឱ្យបានជាប្រចាំ។
- សូមទទួលទានចំណីអាហារ និងទឹកដែលស្អាតមានអនាម័យ គ្មានជាតិពុល គ្មានមេរោគ តាមវិធីចម្អិន និងដាក់ ហាលថ្ងៃដើម្បីសម្លាប់មេរោគ។
- សូមរួសរាន់ទៅចុះឈ្មោះក្នុងបញ្ជីអ្នករងគ្រោះដោយសារទឹកជំនន់នៅតាម ភូមិសង្កាត់ដែលស្នាក់នៅ ដើម្បីទទួលបានជំនួយសង្គ្រោះ ប្រសិនបើមាន ឬក៏ដើម្បីទទួលព័ត៌មាននានា។
- សូមតាមដានព័ត៌មាន សេចក្ដីណែនាំ និងអនុសាសន៍របស់សាលាឃុំស្រុក និងក្រសួងពាក់ព័ន្ធនឹងការសង្គ្រោះអ្នករងគ្រោះ ដោយសារទឹកជំនន់។
- ពេលទឹកស្រកសូមវិលទៅរកលំនៅដ្ឋានវិញដោយប្រុងប្រយ័ត្ន ករណីចាំបាច់ត្រូវស្នើសុំការផ្ដល់យោបល់ ឬប្រឹក្សាអំពី អ្នកជំនាញនានា។
- សូមបន្ដស្ដាប់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានជាប្រចាំនៅប៉ុន្មាន ថ្ងៃក្រោយពីជួបគ្រោះទឹកជំនន់ ប្រយោជន៍ទទួលបានព័ត៌មានដំបូន្មាន និងចំណេះដឹងនានា(ការថែទាំសុខភាព សន្ដិសុខ សុវត្ថិភាព។ល។)
- សូមបោះបង់ចោលនូវចំណីអាហារដែលនៅសេសសល់ក្នុងផ្ទះ ដែលប៉ះជាមួយទឹកជំនន់ ទោះបីជានៅល្អក្ដី ខូចក្ដី បើលោកអ្នកទទួលទានអាចឆ្លងមេរោគ នាំឱ្យបង្កជម្ងឺតម្កាត់នានា។
- សូមប្រយ័ត្នប្រយែងក្នុងការទទួលទានទឹក ដែលសម្បូរទៅដោយមេរោគនានា ដូចជាគ្រុនពោះវៀន អាសន្នរោគ ព្រូន ។ល។ និងអាចមានសារធាតុពុលផ្សេងៗទៀត។
- សូមធ្វើការសម្អាតលំនៅដ្ឋានឱ្យល្អមុនពេលចូលស្នាក់នៅដោយ ការសម្លាប់មេរោគ ដាក់ថ្នាំសម្លាប់ដង្កូវទឹក ថ្នាំសម្លាប់សត្វ ល្អិត ឬថ្នាំលាងសម្អាតមេរោគ ទៅតាមអនុសាសន៍និងគោលការណ៍នៃការធ្វើអនាម័យ។
0 comments:
Post a Comment