លោក ម៉ៅ វុត្ថា ដែលដើមឡើយគឺជាអតីតក្មេងវត្តរស់នៅវត្តបទុមវតីជាង ១០ ឆ្នាំមកនោះ បច្ចុប្បន្ន គឺជាអ្នកគ្រប់គ្រងឃ្លាំង និងជានាយកក្រុមហ៊ុន Ks Seastar Co. Ltd ដែលបាននាំចូលត្រីទាំងនេះពីបរទេស។
នៅឆ្នាំ១៩៩៧ លោកបានចាកចេញពីទីកន្លែងកំណើត និងអ្នកម្ដាយជាទីគោរព មកបន្តកាសិក្សា ក្នុង រាជធានីភ្នំពេញ ដោយសុំកុដិព្រះសង្ឃនៅវត្តវត្តបទុមវតី ស្នាក់អាស្រ័យ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ បន្ទាប់ពីលោកបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុប។
លោក ម៉ៅ វុត្ថា បានរៀបរាប់ថា ៖ “ដូចលោកដឹងស្រាប់ហើយការស្នាក់នៅ ក្នុងវត្តមិនមានភាពងាយស្រួលប៉ុន្មានទេ តែធ្វើម៉េច យើងជាកូនអ្នកក្រីក្រត្រូវតែតស៊ូ។ ហើយថ្ងៃខ្លះពេលទៅសាកលវិទ្យាល័យ ខ្ញុំត្រូវដើរក៏មានដែរ”។
តស៊ូរហូតទទួលបានបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ លោកបានបន្តការសិក្សាកម្រិតបរិញ្ញាបត្របន្ថែមទៀតលើផ្នែកអក្សរសាស្ត្រ អង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស និងផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាឌីម៉ង់ប្រព័ន្ធផ្សព្វ ផ្សាយ និងសារគមាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឆ្លៀតពេលទំនេរពីការសិក្សា លោកបានធ្វើការងារក្រៅម៉ោងនៅស្ថានីយទូរទស្សន៍ CTN ក្រសួងកិច្ចការនារី ក្រោយមកលោកបានបម្រើការងារជាបុគ្គលិកនៅមណ្ឌលព័ត៌មាន ស្ត្រីកម្ពុជា នៅសាលាក្តីខ្មែរក្រហម នៅអង្គការយុវតារាកម្ពុជា ដែលផ្ដោតសំខាន់ទៅលើយុវជន និងការអភិវឌ្ឍសហគមន៍ និងធ្វើជាអ្នកប្រឹក្សាឯករាជ្យ ក្នុងរយៈពេលខ្លី។
លោក វុត្ថា ក្នុងទូរកុងតឺន័នេះគឺសម្រាប់ក្លាសេត្រី
រហូតដល់ឆ្នាំ២០១២
តាមរយៈការណែនាំរបស់មិត្តភក្តិឲ្យស្គាល់គ្នាជាមួយពាណិជ្ជករជនជាតិ
ស៊ុយអែតម្នាក់ដែលមាន រោងចក្រកែច្នៃត្រីសាលម៉ុន នៅ ក្រុងបាងកក
លោកក៏បានក្តោបយកឱកាស និងប្រឡូកចូលក្នុងវិស័យអាជីវកម្ម
ដោយធ្វើជាអ្នកផ្គត់ផ្គង់ត្រី ក្នុងទីផ្សារកម្ពុជា។ក្រោយពេលបានបំពេញការងារសិក្សានៅរោងចក្រក្នុងក្រុងបាងកក និងធ្វើការធ្វើការស្រាវជ្រាវ ស៊ីជម្រៅលើគូប្រជែងនានាជាពិសេសទាក់ទងនឹងតម្លៃ ការវេចខ្ចប់ ការថែរក្សាទុកត្រី និងការដឹកជញ្ជូន លោកបានធ្វើអាជីវកម្មនេះមានដំណើរការយ៉ាងរលូននៅកម្ពុជា។
“ត្រី ដែលក្រុមហ៊ុនរបស់ខ្ញុំនាំចូលមានពីរប្រភេទ ក្នុងនោះមានត្រីសាលម៉ុន និងត្រីធូណាបើនិយាយអំពីត្រីសាលម៉ុន គេអាចចាត់ទុកថាជាស្តេចត្រីមួយប្រភេទ ដែលផ្តល់ជីវជាតិល្អបំផុតសម្រាប់សុខភាព ដោយសារវាមានសារធាតុ អូម៉េហ្គា៣ និងប្រូតេអ៊ីនច្រើន ជួយដល់សុខភាពពិសេសបេះដូង។ គេនិយមបរិភោគត្រីទាំងពីរប្រភេទនេះឆៅ តាមជនជាតិជប៉ុន ប៉ុន្តែគេក៏អាចចម្អិនតាមបែបម្ហូបអាហារនានាប្រកបដោយឱជារស សម្រាប់បរិភោគផងដែរ”។ នេះគឺជាការលើកឡើងរបស់លោក ម៉ៅ វុត្ថា ។
លោកបានបន្ថែមថា ត្រីទាំងអស់នេះដឹកមកតាមយន្តហោះបើជាប្រភេទស្រស់ឬក្លាស្សេ និងតាមកប៉ាល់ទឹកបើជាប្រភេទកក ព្រមទាំងចែកចាយបន្តដល់ក្រុមហ៊ុន និងផ្សារទំនើបនានា។ មកដល់ពេលនេះការបញ្ជាទិញត្រីពីអតិថិជន កាន់តែមានការកើនឡើងជាលំដាប់។ជាក់ស្ដែងពេល ចាប់បើកដំណើរការដំបូងក្រុមហ៊ុនលក់អស់ត្រឹម២០ កេស(១កេសស្នើ នឹង២០គីឡូក្រាម)ប៉ុណ្ណោះ តែបច្ចុប្បន្នបានកើនឡើង រហូតដល់ ៦០ កេស ជាប្រភេទត្រីស្រស់ និងត្រីកកជិត ២ តោន ក្នុងមួយសប្ដាហ៍។ លោកថា មានមូលហេតុពីរ ដែលធ្វើឲ្យការបញ្ជាទិញមានការកើនឡើង គឺ ទី១ គុណភាពត្រីល្អ ដោយសារការរក្សាទុកតាមលក្ខណៈបច្ចេកទេស ទី២ ជាមួយនឹងកម្រិតជីវភាពប្រជាពលរដ្ឋល្អប្រសើរ និងការយល់ដឹងពីសុវត្ថិភាពចំណីអាហារ ពួកគេជ្រើសរើសយកអាហារណាដែលផ្ដល់ប្រយោជន៍ដល់សុខភាព។
បច្ចុប្បន្ន លោក ម៉ៅ វុត្ថា វ័យ ៣៣ ឆ្នាំជាប្រធានក្រុមហ៊ុននាំចូលត្រី មានប្រភពពីប្រទេស ន័រវេ និងប្រទេសឥណ្ឌូនេស៊ី កំពុង ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន។ក្រុមហ៊ុនលោក ទទួលបានប្រាក់ចំណូលក្នុងរង្វង់៥ ទៅ ៦ ម៉ឺនដុល្លារ ក្នុងមួយខែ។
លោក ម៉ៅ វុត្ថា បានរៀបរាប់ថា ថ្វីត្បិតលោកបានធ្វើការងារសង្គមជាង ១០ ឆ្នាំក៏ពិតមែនតែបំណងប្រាថ្នាពិតប្រាកដរបស់លោកគឺការរកស៊ី ព្រោះការបង្កើតមុខរបរនឹងអាចជួយមនុស្សបានច្រើនគ្នា។ ម្យ៉ាងការបង្កើតមុខរបរនេះក៏ជាចំណុចដកបទពិសោធន៍ពិត និងការធ្វើតេស្តទៅលើសមត្ថភាពរបស់យើងផងដែរ។
លោកបានបន្ថែមថា កត្តា ដែលនាំឲ្យលោកខិតខំប្រឹងប្រែងដូចសព្វថ្ងៃ ដោយសារលោកចង់ផ្លាស់ប្តូរជីវិតរបស់ខ្លួនឯងឲ្យមានភាពល្អ ប្រសើរ ពិសេសគឺតបស្នងសងគុណអ្នកម្ដាយ ដែលបានខិតប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីចិញ្ចឹមបីបាច់លោកឲ្យ មានអនាគត។ លោកថា៖ “ខ្ញុំនៅតែចាំមិនភ្លេច គ្រាដែលម្ដាយខ្ញុំជិះឡាននៅបាំងក្រោយ ដែលមានតម្លៃថោក ពីបាត់ដំបងមកភ្នំពេញ ដើម្បីមកលេងកូននៅវត្ត ហើយឆ្លៀតដាក់របស់របរខ្លះៗយកមកលក់នៅភ្នំពេញ”។
ជាទីបញ្ចប់ លោក ម៉ៅ វុត្ថា បានផ្តាំផ្ញើទៅយុវជនថា ត្រូវមានគោលដៅពិតប្រាកដក្នុងចិត្ត និងប្រកាន់គោលជំហរមិនបោះបង់។ បើប្រកបអាជីវកម្ម ដែលមានគូរប្រជែងត្រូវដឹងពីចំណុចខ្លាំង ចំណុចខ្សោយ របស់យើង និងគេ។ ត្រូវដុសខាត់ព្រលឹង ឆន្ទៈ និងទស្សនៈវិស័យរបស់ខ្លួនតាមរយៈការកំណត់គោលដៅខ្លីៗ ហើយប្រឹងប្រែងឲ្យអស់លទ្ធភាព ដូចសុភាសិតខ្មែរពោលថា ព្យាយាមគង់អីនឹងបានសម្រេច៕
តើមិត្តយុវវ័យយល់យ៉ាងណាដែរ?
0 comments:
Post a Comment