ត្រឹមតែអាយុ១៣ឆ្នាំសោះ
កុមារកម្ពុជាមួយរូបបានធ្វើឲ្យខ្លួនល្បីលើឆាកអន្តរជាតិ
និងបីឆ្នាំក្រោយមក គេបានសាងកេរ្តិ៍ឈ្មោះជាថ្មីម្ដងទៀត
នោះគឺទទួលបានអាហារូបករណ៍ទាំងវ័យក្មេង ទៅសិក្សានៅសាលាល្បីលំដាប់អន្តរជាតិ ក្នុងប្រទេសអូស្ត្រាលី។
ចន ចាន់វិសាល អាយុ១៧ឆ្នាំ
បានជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់វិទ្យាល័យ នៅសាលា Prince Alfred
College ក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នគេកំពុងរៀនថ្នាក់ទី១១
ជាមួយនឹងសិស្សបរទេសជាច្រើន ជាពិសេសសិស្សអូស្ត្រាលីតែម្ដង។
ចន ចាន់វិសាល អាយុ១៧ឆ្នាំ
វិសាល បានថ្លែងប្រាប់ពីអូស្ត្រាលីមកថា
រូបគេបានជាប់អាហារូបករណ៍មករៀននៅប្រទេសនេះ គឺ
ដោយសារមានគេទាក់ទងទៅអង្គការដែលខ្លួនរស់នៅ
ប៉ុន្តែអាចមកពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ខ្លួនធ្លាប់ឡើង
ច្រៀងបទ “Tell Me Why” ជាភាសាអង់គ្លេស លើឆាកអន្តរជាតិ
ឲ្យជនបរទេសរាប់រយនាក់ស្ដាប់កាលពីឆ្នាំ២០០៩ដែរ។យុវជនរូបនេះមានបងប្អូនសុទ្ធតែប្រុសៗចំនួនបួននាក់ ហើយខ្លួនគឺជាកូនច្បងក្នុងគ្រួសារមួយ ឯខេត្តកំពង់ចាម ដែលមានម្ដាយជាស្ត្រីមេម៉ាយ។ វិសាលត្រូវម្ដាយបញ្ជូនទៅឃ្វាលគោក្របីឲ្យគេ តាំងពីអាយុ១០ឆ្នាំម្ល៉េះដោយសារតែភាពក្រីក្រ។
វិសាលថា៖ “ម្ដាយរបស់ខ្ញុំបានយកខ្ញុំ និងប្អូនប្រុសរបស់ខ្ញុំពីររូបទៀតឲ្យទៅនៅជាមួយអង្គការ Sunrise Children’s Village ឯខេត្តកណ្ដាលឯណោះ។ គាត់មិនដែលមកលេងយើងទេ ដោយសារគាត់ក្រពេក គ្មានសោហ៊ុយនឹងធ្វើដំណើរមក មានតែយើងទេទៅលេងគាត់ឯស្រុក ពេលបុណ្យទានម្ដងៗ”។
ពេលទៅដល់អង្គការនោះភ្លាម វិសាលដែលបានរៀនថ្នាក់ទី៥ទៅហើយនៅស្រុកកំណើត បានបន្តរៀនថ្នាក់ចំណេះដឹងទូទៅនេះទៀត។ លើសពីនេះ គេបានរៀនកុំព្យូទ័រ ជាពិសេសភាសាអង់គ្លេសតែម្ដង។ ពេលទំនេរ កុមាររូបនេះបានរៀនច្រៀងបទភាសាអង់គ្លេស និងបានអនុវត្តនិយាយភាសាអង់គ្លេសជាមួយនឹងជនបរទេស ដែលទៅទស្សនកិច្ចនៅអង្គការរបស់ខ្លួនទៀតផង។ ពេលខ្លះ គេបានច្រៀងជាភាសាអង់គ្លេសឲ្យជនបរទេសទាំងនោះស្ដាប់ទៀតផង។
ដោយមើលឃើញពីទេពកោសល្យច្រៀងភាសាអង់គ្លេសបានយ៉ាងច្បាស់ វិសាលត្រូវបានជ្រើសរើសជាអ្នកចម្រៀងនាំមុខ (Main Vocalist) នៅពេលអង្គការ Sunrise Children’s Village ទៅសម្ដែងនៅOpera House នៅទីក្រុង Sydney ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៩។ វិសាល ដែលមានអាយុទើប១៣នៅឡើយ ធ្វើឲ្យទស្សនិកជនជាច្រើនហ៊ោកញ្ជ្រៀវ ក្រោយពីគេច្រៀងបទ “Tell Me Why”ចប់។ (ចុចត្រង់នេះ មើលការសម្ដែងរបស់វិសាល កាលពីនៅកុមារ)
យុវជនរូបនេះថា៖ “ពេលដែលសម្ដែងនៅមុខជនបរទេសរាប់រយនាក់កាលណោះ ខ្ញុំភ័យណាស់។ ខ្ញុំធ្លាប់តែសម្ដែងតែមុខមនុស្សពីរ ឬបីនាក់ ហើយមិនជាផ្លូវការអីចឹងទេ។ ដើម្បីបំបាត់ភាពភ័យនេះ ខ្ញុំបានលួចបិទភ្នែកខ្លះដែរ ពេលច្រៀង”។
វិសាលបន្ថែមថា៖ “នៅពេលច្រៀងចប់ភ្លាម ខ្ញុំឮគេទះដៃអបអរយ៉ាងកងរំពងបែបហ្នឹង ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំមិនដឹងថា និយាយពីអារម្មណ៍របស់ខ្ញុំយ៉ាងម៉េចទេពេលហ្នឹង ប៉ុន្តែខ្ញុំដឹងថា ខ្ញុំរំភើបណាស់”។
បទចម្រៀង “Tell Me Why” ច្រៀងដោយវិសាលក៏បានបង្ហោះលើ Youtube ផងដែរ និងមានមនុស្សចូលបើកមើលពុំសូវដាច់។
កាលពីឆ្នាំទៅមិញ វិសាលត្រូវបានគេទាក់ទងផ្ដល់អាហារូបករណ៍ឲ្យទៅសិក្សានៅសាលាមួយ នៅក្នុងប្រទេសអូស្ត្រាលី ឈ្មោះថា Prince Alfred College។ យុវជននេះបានរៀននៅថ្នាក់ទី១០ទៅហើយក្នុងស្រុកខ្មែរ ប៉ុន្តែពេលប្ដូរទៅសិក្សានៅបរទេស គេបានបន្ថយមករៀននៅថ្នាក់ទី៩វិញ ដើម្បីទុកពេលមួយឆ្នាំរៀនភាសាអង់គ្លេសបន្ថែម។ បច្ចុប្បន្ន វិសាលរៀនថ្នាក់ទី១១ហើយ នៅក្នុងប្រទេសនោះ។
វិសាលបញ្ជាក់បន្ថែមថា៖ “ការសិក្សានៅទីនេះគឺស្រដៀងនឹងយើងដែរ ដូចជាមានភូមិវិទ្យា ជីវវិទ្យា រូបវិទ្យា គណិតវិទ្យាអីចឹង។ ប៉ុន្តែទន្ទឹមនឹងនោះ ខ្ញុំបានរៀនភ្លេងបន្ថែមទៀត។ ខ្ញុំរៀនឧបករណ៍ភ្លេងប៉្យាណូ ប៉ុន្តែខ្ញុំក៏អាចលេងស្គរ និងហ្គីតាបានដែរ”។
អាហារូបករណ៍នេះបានរ៉ាប់រងគ្រប់បែបយ៉ាង ទាំងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុច និងអ្វីៗផ្សេងទៀត។ គេបានសម្របខ្លួនទៅនឹងបរិយាកាសថ្មី ក្នុងទឹកដីប្រទេសអភិវឌ្ឍន៍មួយនេះ។ នៅពេលរៀនចប់វិទ្យាល័យ វិសាលថា គេនឹងទទួលបានអាហារូបករណ៍បន្តទៅថ្នាក់ឧត្ដមទៀត។
យុវជនរូបនេះថា៖ “ពេលចូលវិទ្យាល័យ ខ្ញុំត្រូវរង់ចាំមើលជំនាញរបស់ខ្ញុំសិន។ បើខ្ញុំបានពិន្ទុល្អផ្នែកភ្លេង ខ្ញុំចាប់យកជំនាញតន្ត្រី ប៉ុន្តែបើខ្ញុំពូកែខាងគណិត ខ្ញុំនឹងចាប់យកជំនាញស្ថាបត្យកម្ម”។
0 comments:
Post a Comment