មនុស្សមួយចំនួនប្រាកដជាសម្រេចចិត្ត ផ្អាកទៅបំពេញការងារមួយរយៈ បើសិនជាកន្លែងធ្វើការរបស់ខ្លួនកំពុងរងគ្រោះដោយទឹកជំនន់នៅឡើយ តែ ប៉ិល ថាវរៈ អាយុ៣២ ជាគ្រូបង្រៀនវិញ មិនខ្វល់ថាផ្លូវដែលត្រូវធ្វើដំណើរទៅបង្រៀននោះ ត្រូវទឹកជន់លិចកម្រិតណា នោះទេ លោកនឹងទៅកាន់សាលារបស់ខ្លួនឯស្រុកសំឡូត ក្នុងខេត្តបាត់ដំបង នៅសប្ដាហ៍ក្រោយនេះហើយ ដើម្បីទៅបង្រៀនសិស្សនៅទីនោះ។
ការសម្រេចចិត្តដ៏ប្រថុយប្រថានទៅបំពេញការងារទាំងស្ថានភាព គ្រោះធម្មជាតិមិនទាន់ប្រសើរនៅឡើយ គឺដោយសារលោកមិនចង់ឃើញសិស្សរបស់ខ្លួន ដែលរស់នៅតាមតំបន់ព្រៃភ្នំ រៀនមិនទាន់គេ។
ថាវរៈ ដែលមានស្រុកកំណើតនៅខេត្តព្រះវិហារ បានបួសជាសង្ឃតាំងពីក្មេង និងធ្វើដំណើរមកកាន់ខេត្តបាត់ដំបងកាលពី១០ឆ្នាំមុន ដោយគង់នៅក្នុងវត្តសង្កែ ដើម្បីទទួលបានការអប់រំ ទាំងខ្លួនស្ថិតក្នុងភេទបព្វជិត។ ព្រះតេជគុណអង្គនេះបានចូលសិក្សានៅវិទ្យាល័យអ៊ឹងធួង ក្នុងវត្តពោធិ៍វាល និងបានប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១០។
នៅឆ្នាំដដែលនោះដែរ ព្រះតេជគុណអង្គនេះបានប្រឡងចូលរៀនគ្រូមធ្យម នៅសាលាគរុកោសល្យភូមិភាគខេត្តបាត់ដំបង ដោយចាប់យកជំនាញឯកទេសភាសាអង់គ្លេស និងអក្សរសាស្ត្រខ្មែរ ហើយក៏បានជាប់ដូចបំណង។ ប៉ុន្តែលទ្ធផលដ៏ល្អនេះក៏បានបង្ខំឲ្យបព្វជិតដែលបានបួសតាំងពី តូច ត្រូវលាចាកព្រះផ្នួសដែរ ដោយសារការសិក្សាទាមទារឲ្យមានការហាត់រាំ និងធ្វើសកម្មភាពផ្សេង ដែលពិបាកសម្រាប់ភេទជាបព្វជិត។
ក្រោយពីសិក្សាចប់រយៈពេលពីរឆ្នាំ ថាវរៈចាប់បានប៉ុស្តិ៍បង្រៀននៅសាលាវិទ្យាល័យអូរចំ ស្ថិតក្នុងភូមិអូរចំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលជាតំបន់ភ្នំ និងស្ថិតនៅឆ្ងាយពីទីរួមខេត្តបាត់ដំបង។ លោកត្រូវធ្វើដំណើរដោយម៉ូតូលើផ្លូវភក់ និងថ្មជាច្រើនម៉ោង បើចង់មកលេងទីរួមខេត្តបាត់ដំបងម្ដងៗ។
លោកថា៖ “នរណាក៏ចង់ចាប់ប៉ុស្តិ៍បង្រៀនជិតៗដែរ ប៉ុន្តែគ្រូថ្មីដូចខ្ញុំមិនអាចទទួលបានប៉ុស្តិ៍នៅក្បែរៗនេះទេ។ ម្នាក់ៗមានការរារែកទៅបង្រៀននៅទីនោះ ប៉ុន្តែខ្ញុំវិញគិតថា បើម្នាក់ៗគិតតែសម្រុកមកធ្វើការនៅទីប្រជុំជន តើបាននរណាជួយបង្រៀនកូនខ្មែរនៅតាមជនបទដាច់ស្រយាលទៅ? ដូច្នេះ ខ្ញុំក៏បានសម្រេចចិត្តចាប់ប៉ុស្តិ៍ទៅបង្រៀននៅទីនោះតែម្ដង”។
ពេលចុះទៅបង្រៀននៅវិទ្យាល័យរបស់ខ្លួនដំបូង ថាវរៈមានអារម្មណ៍ស្រងេះស្រងោចជាខ្លាំង ដោយសារសាលារបស់លោកនៅក្បែរភ្នំ ស្ទើរជាប់ព្រំដែនថៃ និងខេត្តពោធិ៍សាត់ឯណោះ។ នៅពេលយប់ម្ដងៗ មានភាពស្ងាត់ជ្រងំ លោកឮតែសំឡេងសត្វយំ គ្មានភ្លើងអគ្គិសនី ឯទឹកស្អាតសម្រាប់ប្រើប្រាសក៏ពិបាករកទៀត។
ភាពលំបាកប៉ុនហ្នឹងហាក់ពុំទាន់គ្រប់គ្រាន់នៅឡើយ លោកបែរជាទទួលឲ្យសិស្សមួយចំនួន ដែលមានលំនៅឋានឆ្ងាយដាច់ស្រយាល មកស្នាក់នៅជាមួយទៀតផង ដើម្បីឲ្យយុវជនខ្មែរទាំងនោះទទួលបានការអប់រំដូចអ្នកនៅទីប្រជុំ ជនដែរ។
ថាវរៈបន្ថែមថា៖ “សិស្សសាលាខ្លះមានផ្ទះចម្ងាយតែ៦ទៅ៧គីឡូម៉ែត្រទេ ប៉ុន្តែគាត់ពិបាកធ្វើដំណើរមកកាន់សាលាណាស់ ដោយសារផ្លូវមានភាពលំបាក ដំថ្មកំប៉ិកកំប៉ុក។ បើមានភ្លៀងទៀត មិនអាចមកសាលារួចទេ ម្ល៉ោះហើយទើបគ្រូៗសម្រេចឲ្យសិស្សមួយចំនួនមកស្នាក់នៅជាមួយគ្រូ ឯសាលាតែម្ដងទៅ”។
ពេលទៅបង្រៀន៥ខែដំបូង គ្រូបង្រៀនស្រុកស្រែរូបនេះពុំទទួលបានប្រាក់ខែទេ គ្រាន់តែបានប្រាក់តំបន់៤ម៉ឺនរៀលប៉ុណ្ណោះ ដូច្នេះលោកត្រូវតស៊ូក្នុងស្ថានភាពនោះ ព្រោះគ្រួសារនៅខេត្តព្រះវិហារមិនមែនមានជីវភាពគ្រាន់បើឯណា។
ប៉ុន្តែការចំណាយនានាហាក់មិនសំខាន់ប៉ុន្មានទេសម្រាប់លោក អ្វីដែលសំខាន់គឺលោកចង់ឃើញកូនខ្មែររស់នៅតំបន់ជនបទ ទទួលបានការអប់រំដូចអ្នកនៅតាមទីប្រជុំជនដែរ ជាពិសេសឃើញពួកគេខិតខំសិក្សាលើមុខជំនាញភាសាអង់គ្លេស ដែលលោកបង្រៀន ឲ្យបានខ្លាំងក្លា ពីព្រោះភាសាបរទេសនេះអាចនឹងផ្ដល់ឱកាសការងារខ្ពស់។
លោកបន្ថែមទៀតថា៖ “តាមការសង្កេតរបស់ខ្ញុំ និងរបស់គ្រូដទៃទៀត កូនអ្នកចម្ការទាំងនេះមិនសូវខិតខំរៀនសូត្រប៉ុន្មានទេ។ សិស្សខ្លះគិតថា ការសិក្សាទម្រាំបានផលមកវិញ វាស៊ីពេលយូរ មិនដូចធ្វើចម្ការនោះទេ។ ពេលបង្រៀនម្ដងៗ ខ្ញុំព្យាយាមនាំយកអ្វីៗប្លែកៗ ពីពិភពខាងក្រៅទៅប្រាប់ដល់សិស្សទាំងអស់នោះ ដើម្បីលើកទឹកចិត្តពួកគេឲ្យខិតខំរៀនសូត្រ ប៉ុន្តែហាក់មិនសូវបានប្រយោជន៍ប៉ុន្មានទេ។ តែទោះបីយ៉ាងណា ខ្ញុំនៅតែបន្តជំរុញពួកគេហើយជំរុញទៀត មិនបោះបង់ឡើយ”។
លោកថា បើជាសំណាង ថ្ងៃណាមួយសិស្សខ្លះក្នុងតំបន់ព្រៃភ្នំនេះមានការផ្លាស់ប្ដូរ ផ្នត់គំនិតវិលមកឲ្យតម្លៃលើចំណេះដឹងវិញ លោកនឹងសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ ប៉ុន្តែលោកថា ការងារជួយជំរុញកូនខ្មែរឲ្យខិតខំរៀនសូត្រនេះ មិនទាន់ចប់នៅឡើយទេ។ លោកនឹងវិលត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញក្នុងខេត្តព្រះវិហារ ដើម្បីជួយបង្រៀនកូនខ្មែរនៅទីនោះ៕
0 comments:
Post a Comment