គំនូសយ័ន្តតាំងពីបុរាណកាលតែងតែត្រូវបានជនជាតិខ្មែរចាត់ទុកថា
វត្ថុស័ក្តិសិទ្ធ ដែលអាចនាំមកនូវសិរីមង្គល
ឬការពារនូវឧបទ្រពចង្រៃគ្រប់ប្រភេទ
ឬក៏ជាការប្រមូលផ្តុំនូវថាមពលអាថ៌កំបាំងតាមរយៈសញ្ញានិមិត្តពិសិដ្ឋ
ដែលជំរុញឲ្យសាសនិកឈានទៅរកការរំដោះទុក្ខ ពោលគឺការត្រាសដឹង។
ខាងលើនេះ គឺជាគុណសម្បត្តិដ៏វិសេសវិសាល
និងមូលហេតុនៃការប្រើប្រាស់យ័ន្តខ្មែរដែលបានឲ្យកំណើតទៅយ័ន្តថៃ
និងលាវ/ឡាវ ចាប់តាំងពីចុងស.វទី១៣មក។
តាមឯកសារស្រាវជ្រាវ
យ័ន្តខ្មែរដែលមានច្រើនប្រភេទត្រូវបាននាំចូលក្នុងអតីតទឹកដីខ្មែរ
តាំងពីសម័យនគរភ្នំ ឬហ្វូ-ណន
តាមរយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាឥណ្ឌាធំៗ ព្រហ្មញ្ញសាសនា
និងព្រះពុទ្ធសាសនា។ ថ្វីត្បិតតែមានប្រភពពីឥណ្ឌា
ដែលជាទឹកដីកំណើតក្តី
ក៏ប៉ុន្តែនៅប្រទេសឥណ្ឌាមិនមានការនិយមប្រភេទយ័ន្តដូចនៅកម្ពុជាឡើយ
ដូចករណីអាវ និងមួកយ័ន្តជាដើម។
នេះសឲ្យឃើញថា យ័ន្តខ្មែរសព្វថ្ងៃនេះ គឺជាស្នាដៃផលិតឡើងដោយគ្រូខ្មែរយ៉ាងពិតៗ ដែលចេះបង្កើតនូវគំនូសយ័ន្តគ្រប់ប្រភេទ ដោយទេពកោសល្យខ្ពស់។ ជារៀងរាល់ដង នៅពេលដែលយាងទៅណាម្តងៗ ជាពិសេសនៅពេលធ្វើសឹកសង្គ្រាម ព្រះមហាក្សត្រខ្មែរតែងតែនិយមប្រើអាវ និងមួកយ័ន្ត ហើយការនិយមយ័ន្តនេះបានក្លាយទៅជាទម្លាប់យ៉ាងសំខាន់មួយសម្រាប់ ព្រះមហាក្សត្រខ្មែរ និងថៃ ដែលជានិច្ចកាល គឺធ្វើឡើងសម្រាប់ការពារនៅលើសមរភូមិ។
ដូចនេះគោលបំណងរបស់ការនិយមអាវ ឬពួកយ័ន្តរបស់ព្រះមហាក្សត្រខ្មែរ ដូចករណីអាវយ័ន្តរបស់ព្រះបាទអង្គឌួង កាលពីពាក់កណ្តាលស.វទី១៩ គឺដើម្បីការពារព្រះសុវត្ថិភាព និងបង្កើនឆន្ទះដ៏ម៉ោះមុត ដែលជាវិធានការចាំបាច់ ក្នុងការធ្វើសឹកសង្គ្រាមមួយដែលអាចនឹងកើតមានឡើង ដូចជាការធ្វើដំណើរជិតឆ្ងាយ តាមរយៈការទទួលនូវអំណោយស័ក្តិសិទ្ធិនៃគំនូសយ័ន្ត ដែលទ្រង់គ្រងលើព្រះកាយ។
វត្តមានរបស់អាវយ័ន្តខាងលើ គឺជាតឹកតាងជាក់ស្តែងមួយបង្ហាញឲ្យដឹងថា ខ្មែរចូលចិត្តប្រជាប្រិយ និយមយ័ន្ត ហើយទម្លាប់នេះបានក្លាយទៅជាវប្បធម៌ជាតិយ៉ាងប្រាកដ៕ (ម.ត្រាណេ)
0 comments:
Post a Comment