ក្នុងចំណោមអ្នកដែលទ្រទ្រង់ការពារលទ្ធិព្រះពុទ្ធសាសនា
គប្បីយើងរាប់ព្រះនាមរបស់ព្រះមហាក្សត្រនៃនគរមគធៈ
ដែលមានទីក្រុងឈ្មោះរាជគ្រិហ៍។
ទីក្រុងនេះជាមជ្ឈមណ្ឌលពុទ្ធនិយមទីមួយសម្រាប់ការផ្សព្វផ្សាយ។
ដោយការមានការគាំពារពីសំណាក់ព្រះរាជាទាំងឡាយនៃទីក្រុងនេះ
ព្រះពុទ្ធសាសនាក៏មានការលូតលាស់យ៉ាងខ្លាំងក្លាបំផុត
ពោលគឺបានយកជ័យជម្នះលើសាសនាផ្សេងៗទៀត។
ក្នុងពេលដែលព្រះពុទ្ធអង្គនៅមានព្រះជន្មនៅឡើយ
សហគមន៍សង្ឃរក្សាបាននូវសាមគ្គីសាមគ្គាយ៉ាងរឹងមាំ
ប៉ុន្តែពេលដែលទ្រង់បានសុគត ឬចូលព្រះនិព្វានផុតទៅ
សហគមន៍សង្ឃទាំងនោះត្រូវបានបែកបាក់
ហើយចៅអធិកាខេត្តប្រកាសរៀងៗខ្លួននូវស្វយ័តភាព
ហើយមិនចុះសម្រុងនឹងគ្នាឡើយ។
ព្រះភិក្ខុសង្ឃខ្លះបាននិមន្តទៅទេសនាពីកន្លែងមួយទៅកន្លែងមួយទៀត
។ ខ្លះទៀតគង់ប្រថាប់នៅក្នុងវត្តអារាម ចិញ្ចឹមជីវិតដោយខ្លួនឯងផ្ទាល់
ថែមទាំងទទួលឲ្យព្រះភិក្ខុសង្ឃគោចរណ៍ទាំងឡាយ
ឲ្យស្នាក់អាស្រ័យនៅរដូវវស្សាទៀតផង។
នេះដែលជាបច្ច័យដែលនាំឲ្យមានការលូតលាស់នៃលទ្ធិសាសនា។ គួរកត់សម្គាល់ផងដែរថា រូបភាពរបស់ព្រះពុទ្ធអង្គ បន្តិចម្តងបានប្រែក្លាយខុសពីសភាពដើម ដោយហេតុថា ជីវប្រវត្តិពិតៗរបស់ព្រះបរមគ្រូត្រូវបានជំនួសដោយអច្ឆរិយភាព ហើយទន្ទឹមនឹងនេះ រឿងព្រេងនិទានជាច្រើនដែលពាក់ព័ន្ធនឹងឆាកជីវិតរបស់ព្រះពុទ្ធអង្គ ឥឡូវនេះ ត្រូវក្លាយទៅជាប្រវត្តិសាស្ត្រ ហើយដំណើរការនេះចេះតែវិវត្តន៍ទៅមុខជានិច្ច។
ចំពោះអ្នកស្រែចំការតូចតាច ក្រីក្រ រាល់សកម្មភាពរបស់ព្រះពុទ្ធអង្គប្រកបដោយអច្ឆរិយៈភាព ហើយនៅទីបំផុតសម្រាប់ពួកគេ ទ្រង់បានក្លាយជាស្តេចចក្រវាឡដ៏ពិតៗមួយព្រះអង្គ មានន័យថា ព្រះសម្មាសម្ពុទ្ធជាព្រះអធិរាជឬស្តេចនៃពួកស្តេច។ ព្រះពុទ្ធអង្គ គឺជាមនុស្សលើសពីមនុស្សទាំងពួង ព្រះអង្គ គឺជាព្រះអាទិទេពកំពូល។
ចំពោះបញ្ហានេះ យើងមានភស្តុងតាងជាច្រើន ដែលបង្ហាញបញ្ជាក់យ៉ាងច្បាស់លាស់នូវគោលគំនិត ឬទស្សនទានរបស់ប្រជានុរាស្ត្រ នាសម័យបុរាណ ទាក់ទិននឹងប្រវត្តិ ឬសាវតាររបស់ព្រះពុទ្ធអង្គ។ នៅស.វទី៣ មុនគ.ស សន្តតិវង្ស មោរ្យៈ ដែលស្ថិតនៅនគរមគធៈ ដែលបានលាតសន្ធឹងការត្រួតត្រារហូតដល់ជ្រលងផ្នែកខាងក្រោមនៃទន្លេ គង្គា ហើយគ្រប់គ្រងដោយព្រះរាជាមួយព្រះអង្គកាន់លទ្ធិព្រះពុទ្ធសាសនា គឺព្រះបាទអសោក។ ព្រះរាជានេះយកកលទ្ធិព្រះពុទ្ធសាសនាធ្វើជាសាសនារបស់រដ្ឋ ហើយទ្រង់បានបញ្ជារបង្គាប់ឲ្យមានការសាងសង់នូវចក្រធម៌ថ្មធំមួយ ជានិមិត្តរូបនៃធម៌របស់ព្រះព្រះសម្មាសម្ពុទ្ធ។
ដូចនេះ ធម៌ចក្រថ្មខាងលើនេះ តំឲ្យឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ពុទ្ធសាសនិកជនដែលប្រាថ្នាឲ្យ មានការអភិវឌ្ឍន៍ផ្សព្វផ្សាយព្រះឱវាទ ឬធម៍របស់ព្រះពុទ្ធអង្គនៅគ្រប់ទិសទីទាំងអស់ក្នុងសកលលោកយើងនេះ។ ថ្វីត្បិតតែកងចក្រធម៌នេះដ៏ធំមហិមាធ្វើអំពីថ្ម ដែលគេមិនអាចបង្វិលដោយកម្លាំងមនុស្សបានក៏ដោយ តែអ្វីដែលសំខាន់ក្នុងមនោសញ្ចេតនារបស់អ្នកបួស ឬឧបាសក ឧបាសិកា គឺការបង្វិលជានិមិត្តរូបតែប៉ុណ្ណោះ។ គឺក្នុងបរិបទជំនឿសាសនានេះហើយ ដែលព្រះបាទអសោកមហារាជ ទ្រង់បានបង្រួបបង្រួមជាតិឥណ្ឌាជាធ្លុងមួយ ដោយឡែកក្នុងភូមិភាគនៃប្រទេសឥណ្ឌាខាងលើក្នុងរជ្ជកាលរបស់ព្រះអង្គ។ ហើយការបង្រួបបង្រួមជាតិនេះ ក៏ជាព្រឹត្តិការណ៍ដែលពុំធ្លាប់មានពីមុនឡើយ។
ព្រះមហាក្សត្រដ៏ធំនេះ គឺជានិមិត្តរូបនៃភាពរុងរឿងនៃវប្បធម៌បែបពុទ្ធនិយមដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ ព្រះអង្គត្រូវអ្នកប្រវត្តិវិទូចាត់ទុកថា ជាព្រះរាជាមួយព្រះអង្គមិនគ្រាន់តែជាស្តេចសឹក តែប៉ុណ្ណោះទេ ក៏ប៉ុន្តែតំណាងនូវក្រិត្យក្រមច្បាប់ ព្រមទាំងសីលធម៌ដ៏វិសេសវិសាលបំផុតផងដែរ។ រវាងឆ្នាំ ២៥៤ មុនគ.ស ទ្រង់បានកាន់លទ្ធិសាសនា ហើយបានក្លាយជាគតិបណ្ឌិតថ្នាក់ដែលមានចំណេះចេះដឹងខាងអាណាចក្រ និងខាងធម្មចក្រសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌា។
ការផ្លាស់ប្តូរសាសនានេះ ពោលគឺពីព្រហ្មញ្ញសាសនា ទៅជាព្រះពុទ្ធសាសនា បានធ្វើឲ្យស្តេចអង្គនេះឈប់ធ្វើសឹកសង្គ្រាមទៀត ហើយគ្រប់គ្រងព្រះរាជនគររបស់ទ្រង់ដោយសុខសន្តិភាព ដោយសីលធម៌ និងមនុស្សធម៌។ គេឃើញទ្រង់ប្រទាននូវអំណោយជាច្រើនទៅអ្នកក្រីក្រ យាងទៅសួរសុខទុកអ្នកមានជម្ងឺ និងព្រះភិក្ខុសង្ឃតាមបូជនីយដ្ឋាននានា។ ម្យ៉ាងវិញទៀត តាមរយៈបទបញ្ញាត្តិដែលព្រះអង្គបានចារលើថ្ម យើងក៏អាចដឹងអំពីព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ ដែលយកធម៌ព្រះពុទ្ធធ្វើជាត្រីវិស័យសម្រាប់គ្រប់គ្រង ដឹកនាំប្រទេសដែរ។
គេនៅចងចាំពាក្យមួយឃ្លានេះរបស់ទ្រង់ ដែលប្រកបដោយឧត្តមគតិគួរឲ្យចាប់អារម្មណ៍ ចំពោះការសម្លាប់គ្នាទៅវិញទៅមក ការកេណ្ឌប្រជាពលរដ្ឋក្នុងសង្គ្រាមវាតទឹកដី ទាំងនោះខ្ញុំមានអារម្មណ៍សោកស្តាយណាស់។ ក្នុងន័យនេះហើយ ព្រះអង្គបានសាងអំពើល្អ ហើយបញ្ឈប់នូវរាល់សោកនាដកម្មដែលបណ្តាលមកពីសង្គ្រាម។
ក្រោយពីព្រះបាទអសោកចូលទីវង្គត់ទៅចក្រភពរបស់ទ្រង់ត្រូវបាន បែកបាក់ខ្ទេចខ្ទាំ ហើយព្រះរាជាបាននិយមព្រហ្មញ្ញសាសនាជាង។ ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកលំប៉ិនយ៉ាងណាក៏ដោយ ក៏ព្រះភិក្ខុសង្ឃទាំងឡាយបានខិតខំផ្សព្វផ្សាយលទ្ធិព្រះពុទ្ធសាសនា ដែរ។ ដោយសារ ពួកគេចេះបត់បែនតាមលទ្ធិ តាមស្ថានភាពរបស់សង្គម ពោលគឺចេះសម្របសម្រួលតាមកាលៈទេសៈ រហូតដល់បញ្ចូលក្នុងព្រះពុទ្ធសាសនានូវសមាសភាពដែលមិនមែនជាសាសនារបស់ សាសនាខ្លួនថែមទៀតផង ព្រះពុទ្ធសាសនាក៏បានមានជីវិតរស់រានតទៅទៀត។
ឧទាហរណ៍ដ៏ជាក់ស្តែង គឺក្រោយពីព្រះបរមគ្រូចូលព្រះបរិនិព្វានមក ពុទ្ធសាសនិកត្រូវបានបែកចែកជាពីរក្រុម៖ ១- ភិក្ខុសង្ឃនិមន្តពីកន្លែងមួយទៅកន្លែងមួយទៀត ឬរស់នៅក្នុងព្រៃភ្នំ, ២- ក្រុមភិក្ខុសង្ឃ គង់នៅមួយកន្លែង។ ទាំងនេះជាហេតុដែលនាំឲ្យមាន ការបង្កើតឡើងភាពខុសគ្នានៃមុខងារជាទីរបស់ពុទ្ធសាសនិកក្នុងសង្គមជាតិ ឥណ្ឌា។
បរិបទនេះ គេក៏ឃើញមានការបង្កើតឡើងជាក្រិត្យក្រមនូវច្បាប់បំបួសថ្មី ៖ នរណាមួយដែលចង់ចូលបួសជាភិក្ខុសង្ឃត្រូវចូលហាត់ហ្វឹកហ្វឺនរៀនធម៌ អារិ៍ជាមុនសិន ហើយបន្ទាប់មកទើបទទួលកាបំបួស អ្វីមួយដែលជាពិធីការចាំបាច់ ដើម្បីចូលរួមក្នុងសហគមន៍សង្ឃខាងពុទ្ធសាសនា។ គឺស្ថានភាពនេះហើយ ដែលជាមូលហេតុនៃការលេចធ្លោឡើងនូវមនុស្សពីរជំពូក គឺសង្ឃ និងគ្រហស្ថ ហើយបន្ទាប់មកទៀត គេឃើញមានមនុស្សទៅដល់៤ក្រុម ឬឋានៈគឺ ព្រះចៅអធិការវត្ត, នេន, ព្រះភិក្ខុសង្ឃទេសនាធម៌ និងព្រះភិក្ខុសង្ឃដែលនិមន្តពីកន្លែងមួយទៅកន្លែងមួយទៀត ឬភិក្ខុសង្ឃធ្វើគោចរណ៍។
ម្យ៉ាងវិញទៀត នាសម័យនោះ គួរកត់សម្គាល់ថា ព្រះភិក្ខុសង្ឃដែលធ្វើគោចរណ៍ ក៏ចាប់ផ្តើមមានចំនួនតិចទៅៗជាលំដាប់ ហើយក្លាយខ្លួនជាភិក្ខុសង្ឃដែលគង់ប្រថាប់នៅក្នុងព្រះវិហារ ឬវត្តអារ៉ាម។ ដូច្នេះ ដើម្បីផ្តល់នូវជម្រកថ្មីសម្រាប់ព្រះភិក្ខុសង្ឃទាំងនោះ គេត្រូវសាងសង់ព្រះវិហារថ្មីដែលមានលក្ខណៈអចិន្ត្រៃមិនផ្លាស់ប្តូរ កន្លែងដែលមានវិន័យតឹងតែង ហើយមានហេដ្ឋារចនាសម្ព័ន្ធប្រាកដប្រជា។
ទាំងនេះសឲ្យឃើញថា ពីស្ថានភាពមួយដែលគ្មានឋាន ឬស្មើភាព ហើយគ្មានសណ្តាប់ធ្នាប់ និងសហគមន៍សង្ឃបានក្លាយទៅជាក្របខណ្ឌមួយមានឋានានុក្រមត្រឹមត្រូវ មានច្បាប់ទម្លាប់តឹងតែងសម្រាប់អ្នកបួស។ ក្នុងប្រវត្តិសាស្ត្រ គេឃើញសភាសង្ឃមានអំណាចខ្លាំងក្លាណាស់ក្នុងសង្គម ហើយបន្ទាប់មកពួកគ្រហស្ថក៏មានសិទ្ធិមិនតិចដែរ។ រូបភាពនៃវត្តអារ៉ាមពីមុន ដែលភិក្ខុសង្ឃសម្តែងធម៌ និងព្រះចៅអធិការវត្ត អ្នកផ្តល់អំណោយទាន និងអ្នកស្មូមស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ឥឡូវនេះស្ថានភាពនេះត្រូវបានផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។
ការស្ថាបនា និងការបង្កើនចំនួននៃមូលនិធិសាសនា ដែលមានលក្ខណៈជាអចិន្ត្រៃយ៍ស គឺជាកត្តាពង្រីកពង្រឹងអំណាចរបស់វត្តអារ៉ាមដោយមានការរីកចំរើននៃ ច្បាប់វិន័យសង្ឃ។ អ្វីៗដែលជាវិស័យក្នុងវត្តអារ៉ាម សហគមន៍សង្ឃត្រូវបានគិតគូយ៉ាងហ្មត់ចត់លំអិត ហើយរាល់ការខុសឆ្គងត្រូវទទួលនូវពិន័យត្រឹមត្រូវតាមច្បាប់បញ្ញាត្តិ ។ សូម្បីតែគម្ពីរធម៌វិន័យ ក៏ត្រូវបែងចែកជាពីរប្រភេទដែរ គឺព្រះធម៌ ឬលទ្ធិរបស់ព្រះពុទ្ធ និងវិន័យ គឺច្បាប់សម្រាប់ព្រះភិក្ខុសង្ឃសាមណេរផងទាំងឡាយ។
អំពីប្រភពនៃបុណ្យដែលទាក់ទិនទៅនឹងលទ្ធិព្រះពុទ្ធសាសនា សូមជម្រាបថា បុណ្យទាំងនោះគឺជាប្រពៃណីទំនៀមទម្លាប់ដែលត្រូវបានប្រសូត្រឡើង ក្រោយពីព្រះពុទ្ធអង្គសោយទីវង្គត ហើយបន្តិចម្តងក៏បានក្លាយទៅជាពិធីកម្ម។ ជារៀងរាល់ឆ្នាំ ហើយដោយមានកំណត់ពេលវេលាត្រឹមត្រូវផងនោះ ពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋានគ្រប់ទិសគ្រប់តំបន់បានអញ្ជើញមកទីតាំង ប្រវត្តិសាស្ត្រដែលព្រះពុទ្ធអង្គព្រះបរមគ្រូនៃយើង បានបំពេញសកម្មភាពមួយចំនួន ឬបានរស់នៅ ដូចជាកន្លែងដែលព្រះអង្គបានប្រសូត្រ ត្រាស់ដឹង ប្រទានធម៌សាសនាដំបូង និងចូលបរិនិព្វានជាដើម ដើម្បីជួបជុំគ្នា រំលឹកគុណដល់អរិយបុគ្គល។
សូមជម្រាបថា កន្លែងទាំងនោះដែលពាក់ព័ន្ធទៅនឹងឆាកជីវិតរបស់ព្រះពុទ្ធអង្គ ត្រូវពុទ្ធសាសនិកជនចាត់ទុកថា ជាកន្លែងពិសិដ្ឋ ព្រោះធ្លាប់ជាទឹកដីរបស់ព្រះ ដូច្នេះហើយ រហូតដល់បច្ចុប្បន្នភាព ទឹកដីទាំងនោះ នៅតែអូសទាញពួកទេសចរណ៍នៅឡើយ ឬសាសនិកជនគ្រប់សញ្ជាតិ។
ដូចនេះ គឺនៅលើទីតាំងពិសិដ្ឋទាំងនោះហើយ ដែលមានការចូលរួមពីសំណាក់ភិក្ខុសង្ឃ និងគ្រហស្ថជាលើកដំបូង ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធ គឺជាដើមកំណើតនៃការគោរពបូជា រួមដោយភាតរភាព ព្រះពុទ្ធអង្គ។ ចាប់តាំពីពេលនោះមក យើងក៏បានជួបប្រទះនូវការផ្សព្វផ្សាយនូវគម្ពីរគំនិតសាសនាថ្មីៗទៅ គ្រប់ទិសទី ជាពិសេសនៅជ្រោយសុវណ្ណភូមិយើងនេះ ដែលមានហ្វូ-ណន ឬនគរភ្នំ លិនយី ឬចម្ប៉ា នៅភូមា និងឥណ្ឌូនេស៊ី។ សូមរំឮកថា នាសម័យដើមប្រវត្តិសាស្ត្រនេះ ប្រទេសថៃ លាវ/ឡាវ និងវៀតណាមខាងត្បូងមិនទាន់ត្រូវបានប្រសូតឡើងនៅឡើយ។
ខាងលើនេះ ជាលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ការពាក់ព័ន្ធទៅនឹងកំណើតនូវប្រពៃណីបុណ្យទានក្នុងព្រះពុទ្ធសាសនា៕ (ម.ត្រាណេ)
0 comments:
Post a Comment